រឿងស្រីផិតប្ដីបិទមិនឲ្យប្ដីដឹង
មួយទៀត មាយាស្រីខូចនោះជាការជ្រៅពេកណាស់ កម្របុរសជាប្ដីនឹងដឹងដល់ ដូចយ៉ាងមេស្វាអូវវាប្រចុបប្ដីឲ្យជឿចៅជាកូន ជាក្មួយ ជាញាតិសន្ដាន ធ្វើឲ្យប្ដីអស់ក្ដីរង្គៀស អស់ក្ដីសង្ស័យ យកអាសហាយឲ្យនៅជាមួយផងបាន មួយទៀត ស្រីខ្លះវាចេះបង្រ្គបទៅលើម៉ែឪវិញក៏មាន ដូចនិទានបុរាណមានមកថា :
កាលនោះ មានត្រកូល ១ តាំងលំនៅៗខាងធ្លាផ្សារធំប្រជុំមនុស្សច្រើន ត្រកូលនោះមានកូនប្រសាស្រីម្នាក់ មេនោះជាស្រីអ្នកលេងគប់ប្រុសសហាយវា ចេះរកឧបាយបិទមិនឲ្យប្ដីដឹង កាលណាវាចង់ដេកនឹងសហាយ វាឲ្យអាសហាយនោះមកដេកចាំនៅរានខាងជ្រុងរបងផ្ទះ លុះដល់រាត្រីស្ងាត់ ប្ដីដេកលក់ វាក៏លបចុះទៅដេកនឹងសហាយនោះឯង ។
ថ្ងៃមួយក្នុងពេលយប់ចូលជាមជ្ឈឹមយាម តាព្រាហ្មណ៍ជាអាពុកក្មេកចុះទៅបង្គន់ ដោយគាត់ហើមពោះ គាត់អុជទៀនកាន់ដើរទៅដល់រាននោះ បានឃើញមេកូនប្រសា ដេកឱបប្រុសសហាយ ទើបគាត់គិតថា អញនឹងស្រែកឡូឡាឡើងក្នុងកាលឥឡូវនេះ យល់មិនគួរ អញគិតយកតែរបស់សំខាន់ទុកឲ្យកូនអញវាមើលជាភ័ស្តុតាងចុះ តាព្រាហ្មណ៍ដើរលបៗទៅដោះយកកងជើង អំពីជើងមេកូនប្រសានោះបានម្ខាង ហើយក៏វិលមកឡើងផ្ទះដោយប្រញាប់ មិនទាន់បានប្រាប់ឲ្យគេឯងនៅជិតខាងដឹងឮឡើយ គាត់ក៏យកកងនោះដាក់ក្នុងប្រអប់ស្លា។
ឯមេនោះក្នុងខណៈដែលដេកនឹងប្រុសសហាយហើយ ដែលអាពុកក្មេកដោះយកកងជើងទៅនោះ វានឹងបានដេកលក់ក៏ទេ វាដឹងជាឪពុកក្មេកមកដោះយកកងដែរ តែវាក្លែងសម្ងំធ្វើជាលក់ដោយអៀននឹងអាពុកទាន់ លុះអាពុកទៅផ្ទះហើយ ទើបវាដាស់ប្រុសសហាយនោះ ឲ្យក្រោកឡើងប្រាប់ឲ្យរត់ទៅ ខ្លួនវាក៏ត្រឡប់ឡើងទៅលើផ្ទះ ចូលទៅដេកនឹងប្ដី ហើយដាស់ប្ដីឲ្យភ្ញាក់ឡើង ទើបវាក្លែងពោលថាក្ដៅណាស់ ដេកមិនលក់ទេ ហើយវាបបួលចៅប្ដីទៅដេកនៅរានខាងរបងផ្ទះ ដែលវាដេកនឹងប្រុសសហាយនោះ លុះដល់ពេលទៀបនឹងភ្លឺ មេនោះវាក្លែងស្រែកឡូឡាឡើងថា ហេតុអ្វីមកកំហែងខ្ញុំតែផ្ដាសដូច្នេះ ។
ឯចៅប្ដីបានឮដូច្នោះ ក៏ភ្ញាក់ឡើងភិតភ័យតក់ស្លុត ទើបសួរភរិយាៗប្រាប់ថា ខ្ញុំនឹងអ្នកដេកនៅនេះ បិតាអ្នកជាមនុស្សចាស់ទុំពុំមានក្ដីអៀនខ្មាស ចុះមកចាប់ជើងខ្ញុំដោះយកកងជើងខ្ញុំទៅ ។
ឯចៅប្ដីបានស្ដាប់ពាក្យភរិយាថាដូច្នោះ ក៏ខឹងនឹងអាពុកខ្លួន ទើបម្នីម្នាឡើងទៅលើផ្ទះ ហើយនិយាយនឹងអាពុកថា « គួរឬ, ឪឯងធ្វើអំពីមិនគួរយ៉ាងនេះ » ។
ឯបិតាក៏បើកប្រអប់យកកងមកឲ្យកូនមើល ហើយប្រាប់ថា «វេលាយប់មិញនេះ ភរិយាចៅឯងវានាំប្រុសសហាយមកដេកនៅលើរានខាងផ្ទះ វាដេកលក់ទាំងពីរនាក់ អញចុះទៅឃើញ អញគិតថានឹងស្រែកឡូឡាឡើង ខ្លាចវាបានក្ដីខ្មាស់អស់ពួកអ្នកស្រុក ទើបអញដោះយកតែកងជើងម្ខាងជាទីអាងមក ទុកឲ្យកូនឯងមើលជាសាក្សី», បិតានិយាយមិនទាន់អស់សេចក្ដី កូនមិនជឿក៏ពោលកាត់ថា«ខ្ញុំបាទប្ដីនឹងប្រពន្ធនាំគ្នាចុះទៅដេកនៅរាននោះ ឪឯងជាមនុស្សចាស់មិនពិគ្រោះមើលឲ្យមែនទែន ចូលទៅលួចដោះយកកងប្រពន្ធខ្ញុំ ហើយមកពោលដាក់ទោសកូនប្រសាថាគប់ប្រុសសហាយ ឲ្យបានក្ដីអាស្រូវបារាយខ្មាសគេយ៉ាងនេះ គួរឬធ្វើជាចាស់មកពាលោពោលបង្ខូចគេយ៉ាងនេះ ប្រពន្ធខ្ញុំវាដេកនឹងសហាយឯណាវាដេកនិងខ្ញុំទេតើ»។
ឯបិតានោះ លុះឮកូនថាមិនជឿពាក្យខ្លួនដូច្នោះក៏ស្ងៀម ទើបនិយាយថា « អើយើងជាចាស់មិនពិគ្រោះ ទៅយកអំពើអាក្រក់មកទំលាក់ដាក់លើប្រពន្ធចៅឯងមែន ណ្ហើយចុះ យើងខុសហើយ យើងសូមខេមាទោសផងចុះ» ។
ចៅប្ដីមិនដឹងកលមាយាភរិយាខ្លួនធ្វើល្មើសគប់ប្រុសសហាយ ហើយក្លែងកំហែងបិតាវិញថា បិតាញុះញង់បំបាក់បំបែកប្រពន្ធខ្លួន អស់ក្បួនស្រីមាយាតែត្រឹមនេះ ។
មានស្រីខ្លះចិត្តសាវ៉ាប្រព្រឹត្តជួ ហើយត្រឡប់ជាកែខ្លួនវិញក៏មាន ។