ប្រវត្តិពង្សាវតារ
ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កំណើតកើតនៅស្រុកទន្លេធំ គឺភូមិរកាកោង ខេត្តមុខកំពូល មាតាឈ្មោះ យាយ មុំ បិតាឈ្មោះបញ្ចងកែ ឧកញ៉ាកើតថ្ងៃចន្ទ ខែអាសាធឆ្នាំវកពុទ្ធសករាជកន្លងទៅបាន ២៤០៣ វស្សាគឺថ្ងៃ ២២ សូយេត ឆ្នាំ ១៨៥៩ កាលអាយុ ១០ ឆ្នាំនៅវត្តសិក្សាអក្សរខ្មែរ អាយុ ១៥ ឆ្នាំចេញរៀនប្រែព្រះបរិយត្តិបួសជាសាមណេរនៅវត្តព្រែកពោធិ៍បួសបាន ១ វស្សា សឹកចាកភេទជាសាមណេរ រួចទៅរៀននិងលោកព្រះអាចារ្យពេជស្រុកព្រះត្រពាំង អាយុ ១៨ ឆ្នាំទៅរៀននឹងលោកគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ អាយុ ១៩ ឆ្នាំ ទៅរៀននឹងលោកគ្រូព្រះអាចារ្យសុខ វត្តកែវ ស្រុកបាត់ដំបង, អាយុ ២០ ឆ្នាំបានបួសជាភិក្ខុនៅវត្តកែវ ១ វស្សា ទើបលាព្រះឧបជ្ឈាយាចារ្យទៅរៀននៅស្រុកបាងកកក្រុងស្យាម រៀនបាន ៧ វស្សា ក៏វិលមកស្រុកខ្មែរវិញក្នុងអំណាចលោកព្រះយ៉ាកថាថន (ញ៉ុញ) នៅវត្តកណ្ដាល ស្រុកបាត់ដំបង រួមបាន ១០ វស្សា លាសិក្ខាបទសឹកមកមានបុត្រភរិយា នៅភូមិជ្វាធំ លោក កថាថន (ឈុំ) ចិញ្ចឹមជាទីហ្លួងវិចិត្រវោហារបាន តែងបានប្រែបាលីជាសម្រាយមានឈ្មោះ ៤៤ ឈ្មោះជាសៀវភៅខ្លះ ចារស្លឹករឹតខ្លះ លុះអាយុបាន ៥៥ ឆ្នាំ រាជការក្រុងភ្នំពេញ ឲ្យយកមកតាំងទីជា ឧកញ៉ាសុត្តន្តប្រីជាប្រោសឲ្យជួយតែងសព្វវចនាធិប្បាយខ្មែរ នៅទីសាលាបាលី ក្នុងរវាងអាយុ ៥៥ ឆ្នាំ ដល់អាយុ ៦៥ ឆ្នាំបានលារាជការ វិលមកនៅស្រុកបាត់ដំបងដើមវិញ លុះនៅថ្ងៃ ១០ កើត ខែអស្សុជ ឆ្នាំជូត ឆស័ក មានរោគក្អក បណ្ដាកូនចៅរាល់គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំរកគ្រូរក្សាពុំចេះធូរឡើយ, លុះដល់ថ្ងៃអាទិត្យ ១២ កើត ខែកត្តិក ឆ្នាំជូត ឆស័ក ក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង ៨ ព្រឹក គឺថ្ងៃ ៨ ណូវ៉ម ឆ្នាំ ១៩២៤ ។