បណ្ឌិតវគ្គ
កូនសិស្សសួរគ្រូថា រឿងមនុស្សពាលមានឧបាយកល នឹងមានអំណាចបៀតបៀនយាយីមហាជនក្នុងព្រះនគរនេះ លោកគ្រូអធិប្បាយមកច្រើនរឿង ច្រើនបែប ខ្ញុំករុណាបានស្ដាប់ក៏ចូលចិត្តថា ពាលនេះគួរចៀសវាងរាងចាលខ្លាចវាហើយ ក៏ឯមនុស្សដែលលោកបញ្ញត្តិនាម ហៅថាអ្នកប្រាជ្ញនោះ តើមានលក្ខណៈយ៉ាងណា មានកិរិយាដូចម្ដេច ។
គ« ឱ មនុស្សដែលហៅថា អ្នកប្រាជ្ញបាននោះ » ។ យើងនឹងសួរទៅឯងវិញ ក្នុងចិត្តឯង តើសំគាល់រូបលោកអ្នកណា ដែលគួរហៅថា អ្នកប្រាជ្ញបាន » ។
« សូមទានខ្ញុំករុណាសំគាល់ថា លោកអាចារ្យដែលចេះព្រះត្រៃបិដក១ លោកអាចារ្យដែលចេះព្រះកម្មដ្ឋាន ១ លោកទាំង ២ នេះហៅថាអ្នកប្រាជ្ញ ? ។
« អើឯងថានេះត្រូវដែរ តែមិនទាន់ចំ ក៏ឯលោកអ្នកចេះព្រះត្រៃបិដក ព្រះកម្មដ្ឋាននោះ បើចេះហើយតែនៅមិនទាន់ទូន្មានខ្លួនឲ្យស្លូតត្រង់បាន នៅប្រកបដោយលោភៈទោសៈមោហៈទិដ្ឋិ ខឹងឃោរជេរពោលប្រទេសផ្ដាសា វាយគេ កាច់មួលព្រះពុទ្ធភាសិត ពុំប្រព្រឹត្តតាមក្រិត្យបន្ទាត់ព្រះវិន័យជាដើម យ៉ាងនេះ តើនឹងហៅថាអ្នកប្រាជ្ញបានឬដូចម្ដេច » ។
« ករុណា បើលោកចេះព្រះត្រៃបិដក ចេះព្រះកម្មដ្ឋានហើយ ចិត្តនោះនៅមានលោភៈ ទោសៈ មោហៈ ជាដើមយ៉ាងនេះ ក៏ពុំបានរាប់ហៅថា ជាអ្នកប្រាជ្ញឡើយ ហៅថាពាលវិញ » ។
« អើដូចយ៉ាងកបិលភិក្ខុ បួសក្នុងពុទ្ធសាសនាព្រះពុទ្ធកស្សបៈជាម្ចាស់នោះ គឺជាភិក្ខុចេះព្រះត្រៃបិដកចប់ ទាំងប្រាំបីហ្មឺនបួនពាន់ ធ្វើជាអាចារ្យធំ តែពុំប្រព្រឹត្តតាមធម៌តាមវិន័យ ស្រដីកាច់មួលព្រះពុទ្ធវចនៈទៅផ្សេងៗ លុះអស់អាយុទៅ ក៏ធ្លាក់ទៅសោយទុក្ខវេទនាក្នុងមហានរករងទុក្ខអស់ពុទ្ធន្តរ ១ លុះដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់យើង បានត្រាស់ក្នុងលោកនេះ នោះកបិលភិក្ខុបានរួចចាកជាតិជាសត្វនរក មកកើតជាត្រីធមានពណ៌ដូចមាស តែមានមាត់នោះស្អុយ អសោចិទូទៅ រឿងនិទាននេះ មានពិស្ដារក្នុងគម្ពីរធម្មបទ ឯងស្ដាប់មើលចុះ នេះលោកអាចារ្យចេះព្រះត្រៃបិដកហើយ នឹងថាជាអ្នកប្រាជ្ញបានឬមិនបាន » , មួយទៀត ខាងលោកដែលចេះព្រះកម្មដ្ឋាននោះដូចយ៉ាងទេវទត្តត្ថេរ គឺបានទៅបួសក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានរៀនព្រះកម្មដ្ឋានស្ទាត់ជំនាញ ញ៉ាំងឈានលោកិយឲ្យកើត អាចសំដែងបាដិហារ្យ ធ្វើព្រះបាទអជាតសត្រូវរាជកុមារឲ្យជ្រះថ្លាបាន ដល់ក្រោយមក កើតលោភចិត្តប្រព្រឹត្តធ្វើលោហិតុប្បាទ ព្រមទាំងសង្ឃភេទកម្ម ជាកម្មយ៉ាងធំផង ផែនដីមិនអាចទ្រទ្រង់ទុកបាន ក៏បើកស្រូបទំលាក់ចុះទៅសោយទុក្ខវេទនា ក្នុងមហាអវីចីនរកអស់ផែនដីនេះជាកំណត់ រឿងនេះ ឯងស្ដាប់មើលចុះទេវទត្តនោះ ជាមនុស្សពាលឬអ្នកប្រាជ្ញ » ។
« ករុណាខ្ញុំស្ដាប់បានហើយ លោកចេះព្រះត្រៃបិដក ចេះព្រះកម្មដ្ឋានចប់ក្ដី តែចិត្តនៅពាលក៏ឈ្មោះថា ពាលដដែល សូមទាននិមន្តលោកគ្រូម្ចាស់ សំដែងលក្ខណធម៌អ្នកប្រាជ្ញឲ្យពិស្ដារបន្តិចទៅមើលទាន » ។
« ឱលក្ខណៈអ្នកប្រាជ្ញនោះ បើនិយាយដោយគតិធម៌វិញនោះ លោកចែកបុគ្គលជាពីរចំពូក គឺព្រះអរិយបុគ្គលទាំងឡាយ មានអង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាដើមនោះ ហៅថា ជាអ្នកប្រាជ្ញប្រសើរវិសេសលើសលោក ចំពូក ១ កល្យាណបុថុជ្ជន គឺបុថុជ្ជនដែលមានគុណគឺបណ្ឌិតគប្បីរាប់នោះ ហៅថាអ្នកប្រាជ្ញប្រពៃ ចំពូក ១ ។
ឯអ្នកប្រាជ្ញចំណែកខាងព្រះអរិយបុគ្គលក្នុងទីនេះ យើងមិនសំដែងឲ្យពិស្ដារទេ ព្រោះមាននៅក្នុងចំណែកគតិធម៌នោះហើយ ក្នុងប៉ែកនេះ សំដែងតែពួកអ្នកប្រាជ្ញ ចំណែកខាងកល្យាណបុថុជ្ជនចំពូក ១ ព្រោះជាគតិលោក » ។