គតិលោក/ភាគទី៣/4

113177គតិលោក,​ភាគ​ទី៣រឿង​ធនិយថេរ​និង​នាយ​សមុហបញ្ជីឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ធនិយថេរ​និង​នាយសមុហបញ្ជី




រឿង​និទាន​នេះ មាន​សេចក្ដី​ពិស្ដារ​នៅ​ក្នុង​ព្រះ​គម្ពីរ​សុត្តន្តបិដក​ឯ​ណោះ ឯង​ស្ដាប់​មើល​ចុះ លោក​អ្នក​មាន​សតិសម្បជញ្ញៈ ពិចារណា​មើល​វត្ថុ​មើល​សម័យ​កាល​គួរ​ដល់​កាល​នេះ សឹង​ចំរើន​នូវ​យស​សក្ដិ​បរិបូណ៌​បាន អ្នក​មាន​សតិ​ស្មារតី​នេះ មិន​ដែល​ភ្លាត់​ភ្លើ​ទៅ​ក្នុង​ការ​ភ្នាក់ងារ​ដែល​ខ្លួន​ធ្វើ គឺ​នឹង​ដើរ​ក្ដី អង្គុយ​ក្ដី ដេក​ក្ដី ឈរ​ក្ដី ឬ​លើក​ដៃ លើក​ជើង លាត​បត់​ដៃ​បត់​ជើង​ក្ដី ឬ​បរិភោគ​ភោជនាហារ​ជា​វត្ថុ​ទន់ ឬ​រឹង​ក្ដី កាល​ទំពា​ស៊ី​ក្ដី កាល​លេប​ចូល​ទៅ​ក្នុង​ពោះ​ក្ដី តែ បើ​ពុំ​មាន​សតិ​ស្មារតី​នឹក​ជា​មុន​ហើយ ការ​អស់​នោះ​សឹង​ភ្លាត់​ទៅ​ផ្សេងៗ មាន​ដួល​ឬ​ប៉ះ​ត្រូវ​បន្លា​ជា​ដើម បើ​ខាង​បរិភោគ​ផឹក​ស៊ី​សោត មាន​ស្លាក់​ឆ្អឹង​ត្រី ត្រូវ​ម្ទេស​ហើរ​ជា​ដើម អ្នក​គ្មាន​សតិ​បញ្ញា​នោះ លោក​ថា ជា​មនុស្ស​ប្រមាទ សេចក្ដី​ប្រមាទ​មួយ​នេះ មាន​នៅ​លើ​បុគ្គល​​ណា ហើយ​បុគ្គល​នោះ​នឹង​តាំង​ខ្លួន​ឲ្យ​មាំមួន​ពុំ​បាន បើ​ធ្វើការ​អ្វី​ការ​នោះ​ខូច​បង់​វិញ, ដូច​និទាន​ស្មៀន​កាន់​ភ្នាក់ងារ​រក្សា​ឈើ​រាជការ របស់​ព្រះបាទ​ពិម្ពិសារ​រាជ​នោះ​ឯង ។ រឿង​នោះ​មាន​សេចក្ដី​ថា កាល​ណោះ​មាន​ព្រះ​មហាថេរ ១ អង្គ​ឈ្មោះ​ព្រះ​ធនិយថេរ ជា​កូន​អ្នក​ស្មូន​ឆ្នាំង ថ្ងៃ ១ ព្រះ​ថេរ​នោះ​ឆ​យក​ឈើ​រាជការ​អំពី​នាយ​សមុហបញ្ជី​ថា បណ្ដា​ឈើ​ព្រៃ​ព្រឹក្សា​លតាវល្លិ​ទាំង​ឡាយ​នោះ ព្រះ​បាទ​ពិម្ពិសាររាជ ស្ដេច​ទ្រង់​ព្រះ​សទ្ធា​បាន​វេរ​ថ្វាយ ដល់​ព្រះ​ភិក្ខុ​សង្ឃ​មាន​ព្រះ​សម្មាសម្ពុទ្ធ​ជា​ប្រធាន​ហើយ ឥឡូវ​អាត្មា​ភាព​ត្រូវ​ការ​ឈើ​ធ្វើ​កុដិ ចូរ​អ្នក​ឯង​ចាត់ចែង​ឈើ​គ្រឿង​ទព្វសម្ភារៈ​អស់​នេះ ដល់​អាត្មា​ភាព​ចុះ។


ឯ​នាយ​សមុហបញ្ជី​នោះ ជា​មនុស្ស​ពុំ​មាន​សតិ​សម្បជញ្ញៈ​ពិចារណា​ឲ្យ​យល់​ការ​ថា ឈើ​នេះ​គឺ​គេ​កាប់​ចាំង​អារ​កាត់ ជា​គ្រឿង​ទព្វសម្ភារៈ​ស្រេច ជា​របស់​រាជការ​ត្រូវការ, មួយ​ទៀត​សូម្បី​ង​មាន​សំបុត្រ ១ ច្បាប់​ជំរាប​សួរ​ទៅ​ដល់​មហាមាត្យ​ជា​ធំ ឲ្យ​ក្រាប​ទូល​ថា ឈើ​នោះ ឥឡូវ​លោក​សង្ឃ​មក​យក​ទៅ​ធ្វើ​កុដិ ជា​ទ្រង់​ប្រគេន​ឬ​ម្ដេច​យ៉ាង​នេះ​ពុំ​មាន និមិត្ត​តែ​ព្រះ​ធនិយថេរ​មក​ឆ​ដូច្នោះ​ក៏​ឆោត​តាម លើក​យក​ឈើ​អស់​នោះ​ឲ្យ​ទៅ​ព្រះ​ធនិយថេរ ដោយ​អំពើ​ចិត្ត​ឥត​ពិគ្រោះ។ ឯ​ព្រះ​ធនិយថេរ​ក៏​ដឹកនាំ​យក​ឈើ​នោះ​ទៅ ធ្វើ​កុដិ​តាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន។ លុះ​នៅ​មក នាយ​ជាង​ចៅ​ភ្នាក់ងារ​ធ្វើ​រាជការ​ជួសជុល​ព្រះ​រាជ​តំណាក់ អស់​ឈើ​នឹង​ធ្វើ​តទៅ​ទៀត ទើប​ជំរាប​ដល់​មហាមាត្យ ៗ ក៏​ឲ្យ​ទៅ​ភ្នាក់ងារ​ទៅ​នាំ​យក​ឈើ​នោះ។ ឯ​នាយ​សមុហបញ្ជី​ក៏​តប​មក​ថា ឈើ​អស់​នោះ​ពុំ​មាន​ទេ ដ្បិត​ព្រះ​ធនិយថេរ​លោក​មក​យក​ទៅ​ធញវើ​កុដិ​ផុត​អស់​ហើយ។


ពាក្យ​អស់​នោះ​ពុំ​ស្ងាត់ ក៏​ឮ​ជ្រាប​ដល់​ព្រះ​បាទ​ពិម្ពិសាររាជ ៗ ស្ដេច​ទ្រង់​បន្ទោស​នាយ​សមុហបញ្ជី​ជា​នាយ​ស្មៀន​នោះ ជា​អនេក​បរិយាយ​ផ្សេងៗ ហើយ​ទ្រង់​នាំ​ហេតុ​នោះ ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ តាម​រឿង​ព្រះ​ធនិយថេរ​ទៅ​ឆ​យក​ឈើ​រាជការ​មក​ធ្វើ​កុដិ។


ទើប​សម្ដេច​ព្រះ​ជិនស្រី​ទ្រង់​យក​វត្ថុ​និទាន​នោះ​ជា​បឋម​អទិន្នាទាន​បារាជិក បញ្ញត្ត​សិក្ខាបទ​អទិន្នាទាន​បារាជិក​ដល់​ភិក្ខុ​ទាំង​ឡាយ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​តមក ។ រឿង​នេះ​មាន​សេចក្ដី​ពិស្ដារ​នៅ​ក្នុង​គម្ពីរ​ព្រះ​វិនយ​បិដក​ឯ​ណោះ គួរ​ចូល​ចិត្ត​ចុះ។ ក៏​ឯ​រឿង​និទាន​បុគ្គល​មាន​បញ្ញា​ចេះ​ពិចារណា​មើល​ជុំវិញ​នោះ សឹង​ចំរើន​រុងរឿង​បាន ដូច​និទាន​នាយ​តម្រួត​ទី ៣ ដែល​វិនិច្ឆ័យ​រឿង​ក្ដី​ព្រះ​អជាតសត្រូវ​ជា​រាជ​កុមារ​នោះ​ឯង។

បណ្ឌិតវគ្គោ និដ្ឋិតោ

រឿង​បណ្ឌិត​វគ្គ​នេះ​មាន​វត្ថុ​និទាន​នៅ​ច្រើន​ណាស់ យើង​ពុំ​ឈ្នះ​នឹង​ពណ៌នា​ឲ្យ​ពិស្ដារ​ទៅ​បាន សំដែង​មក​តែ​ប៉ុណ្ណោះ ជា​ន័យ​សង្ខេប​ទុក​ជា​បែប ឲ្យ​ចៅ​ឯង​គិត​មើល​ជា​គតិលោក​យោគ​ទៅ​តាម​ហេតុ​ដែល​កើត​ឡើង មាន​ឡើង​តទៅ​ខាង​មុខ​ទៀត​ចុះ។

ក្នុង​បណ្ឌិត​វគ្គ សន្មត​ចប់​តែ​ប៉ុណ្ណោះ​ហោង

បង​អើយ​បណ្ឌិត លោក​ត្រិះរិះ​គិត អាការ​រាក់​ជ្រៅ​ផ្លូវ​ណា​ចម្រើន ក្រវើន​ត្រាច់​ទៅ ផ្លូវ​ណា​មិន​ត្រូវ មិន​ត្រាច់​ទៅ​ត្រាច់។ ហេតុ​ណា​កើត​ផល ផល​ណា​មក​ពាល់ ប្រាជ្ញ​ប្រៀប​ផ្សំ​សាច់ ឆ្លុះ​កិច្ច​ឈ្លេច​កល យល់​មួយ​រំពេច សតិ​មិន​ភ្លេច មិន​ភ្លាត់​តាម​ភ្លើន។ កូន​សិស្ស​សួរ​គ្រូ​ថា សូម​ទាន​រឿង​គតិ​ពាល​គតិ​ប្រាជ្ញ "ពាល​នាំ​ឲ្យ​កាច ប្រាជ្ញ​នាំ​ឲ្យ​ស្លូត" នោះ​ខ្ញុំ​ចូលចិត្ត​ហើយ តែ​គតិ​មនុស្ស​ឆោត​ល្ងង់​នោះ ក្ដី​ឃ្លាន​បាយ ឃ្លាន​មាន ឃ្លាន​ស្រឡាញ់ ៣ ប្រការ​នោះ លោក​គ្រូ​អធិប្បាយ​ពុំ​ទាន់​ពិស្ដារ។ ក៏​ឯ​កិរិយា​ឆោត​នោះ អ្នក​ខ្លះ​ពុំ​មាន​ក្ដី​ឃ្លាន ៣ ប្រការ​នោះ​ទេ តែ​នៅ​ឆោត​ក៏​មាន សូម​ទាន​អធិប្បាយ​តទៅ​ទៀត"។ គ្រូ​តប​ថា "សេចក្ដី​ឆោត​ប៉ុន្មាន ៗ នោះ​នៅ​រួម​ក្នុង​គតិ​គ្មាន​សតិសម្បជញ្ញៈ​នេះ​ឯង អ្នក​គ្មាន​សតិ​បញ្ញា​នឹង​ពិចារណា​មើល​ហេតុ មើល​បច្ច័យ មើល​ចុង​មើល​ដើម​ផ្សំ​ហេតុ​ប្រៀប​ផល​ឲ្យ​ដល់​គ្នា​ហើយ អ្នក​នោះ​នៅ​ក្នុង​ឆោត​មិន​លែង"។


-យើង​សួរ​ឯង​វិញ បញ្ហា​ថា​អ្វី​ដែល​ជ្រៅ​ក្រៃលែង​ជ្រៅ, អ្វី​រាក់​ក្រៃលែង​រាក់​នោះ ចូរ​ឯង​សំដែង​ទៅ​មើល?។

កូន​សិស្ស​តប​ថា "ជ្រៅ​ក្រៃលែង​ជ្រៅ​នោះ បាន​ខាង​ព្រះ​ញាណ​ព្រះ​ពុទ្ធ ឬ​ព្រះ​សទ្ធម្ម​គម្ភីរ​ភាព, ឯ​រាក់​ហើយ​ក្រៃលែង​រាក់​នោះ​បាន​ខាង​បញ្ញា​កូន​ក្មេង"។

គ្រូ​ឆ្លើយ​ថា "អើ បញ្ញា​កូន​ក្មេង​តូច​ដូច​ទឹក​រាក់​ពិត, ក៏​ឯ​ជាតិ​ទារក​ទាំង​ឡាយ បញ្ញា​នៅ​រាក់​សតិ​សម្បជញ្ញៈ​នៅ​ពុំ​កើត​ឡើង​ក្លាហាន ទើប​បាន​នៅ​ឆោត ឯង​ស្ដាប់​មើល​ចុះ ជាតិ​ទារក​ដែល​យំ​កាល​ណា ចាស់ៗ លោម​បញ្ឆោត​ថា អា​វ៉ា​កុំ​យំ ចាំ​ម៉ែ​ទៅ​វាយ​អា​នោះ​ឲ្យ​មេ​នោះ​ឲ្យ ជួន​ណា​ថា ស្ដោះ​ទឹក​មាត់​មក​លើ​បាត​ដៃ សិម​ម៉ែ​វាយ​ឲ្យ ជួន​ណា​បញ្ឆោត​ថា កុំ​យំ​ខ្លាច​ទីងមោង​វា​មក​ខាំ, ជួន​ណា​ថា កុំ​ដេក​នៅ​លើ​គេ ក្រែង​តា​ព្រេង​ចាក់​ទឹក​បាយ លើ​ក្បាល ជួន​ណា​ថា កុំ​លេង​អង្ករ​វា​មុខ​រឹង, ចាស់ៗ បញ្ឆោត​យ៉ាង​នេះ ទើប​ឆោត​ឲ្យ​ចាស់ៗ​បញ្ឆោត​បាន។ ជាតិ​មនុស្ស​ទាំង​ឡាយ​ដែល​ឆោត​នោះ ព្រោះ​ពុំ​មាន​សតិសម្បជញ្ញៈ​ដូច​ទារក​នោះ​ឯង។ ក៏​ឯ​ក្ដី​ឃ្លាន ក្ដី​ប្រាថ្នា​របស់​មនុស្ស​នោះ ជា​ផ្លូវ​ឲ្យ​អា​ពាល​វា​បញ្ឆោត​បាន ដូច​បាន​សំដែង​មក​ហើយ ក្នុង​ពាល​វគ្គ​ខាង​ក្រោយ។