គតិលោក/ភាគទី៤/4

គតិលោក, ភាគទី៤ by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
និទាន​ពី​ក្អែក​គោក​ត្រាប់​តាម​ក្អែក​ទឹក


និទាន​ពី​ក្អែក​គោក​ត្រាប់​តាម​ក្អែក​ទឹក




មាន​ក្អែក​គោក​មួយ អាស្រ័យ​នៅ​ក្នុង​ដង​ព្រៃ​មួយ​អន្លើ​ដោយ​ក្អែក​មេ​ជា​ភរិយា ថ្ងៃ​មួយ​ចៅ​បក្សា​លា​នាង​ភរិយា​ចេញ​ទៅ​រក​អាហារ បរិភោគ​តាម​ដោយ​មាត់​បឹង លុះ​ទៅ​ដល់​បឹង ១ បាន​ឃើញ​នូវ​ហ្វូង​ក្អែក​ទឹក​នឹង​ស្មោញ​ទាំងឡាយ ហែល​មុជ​ចាប់​ត្រី​បរិភោគ​តាម​ដោយ​សភាព​ដូច្នោះ ក្អែក​គោក​នោះ​គិត​ថា ក្អែក​ទឹក​អស់​នេះ គេ​ក៏​ជា​ជាតិ​បក្សី​ដូច​អញ​ដែរ ហេតុអ្វី​ក៏​គេ​មុជ​ចាប់​ត្រី​អាស្រ័យ​បាន អញ​សោត​ជា​ក្អែក​ដូច​គេ​ដែរ គួរ​ខ្មាស​គេ​ណាស់ បើ​ដូច្នេះ​គួរ​តែ​ចុះ​មុជ​ចាប់​ត្រី​នឹង​គេ​អាស្រ័យ កុំ​ឲ្យ​អាពួក​ក្អែក​ទឹក​នោះ​មើល​ងាយ​បាន គិត​ហើយ ក្អែក​គោក​ក៏​សម្លប​ស្លាប​ចុះ​មុជ​ទឹក​ធ្វើ​អាការ​ដូច​ក្អែក​ទឹក ខំ​ប្រឹង​មុជ​ទៅ​ប៉ះ​លើ​សារាយ​ណែន​ណាន់ សារាយ​នោះ​ក៏​ព័ន្ធ​ក​ក្អែក​ស្រោប​កាយ​ជិត​ជុំ​រុំ​ព័ទ្ធ​ប្រាណ ក្អែក​រើ​ខ្លួន​ពុំ​បាន ក៏​ឈ្លក់​ទឹក​ដល់​នូវ​មរណកាល កណ្ដាល​គង្គា​ក្នុង​គ្រា​នោះ​ហោង ។ រឿង​និទាន​នេះ មាន​សេចក្ដី​ពិស្ដារ​នៅ​ក្នុង​កាក​ជាតក ឯណោះ​ឯង​ស្ដាប់​មើល​ចុះ រឿង​ក្អែក​គោក​នេះ តើ​ឯង​ដាក់​ទុក​ជា​គតិ​ដូចម្ដេច មាន​ឧទាហរណ៍​យ៉ាង​ណា​ចូរ​ថា​ទៅ​មើល ។

កូន​សិស្ស​អធិប្បាយ​ថា ជាតិ​ក្អែក​ទឹក ជា​សត្វ​ធ្លាប់​ហែល​ធ្លាប់​មុជ​ទឹក តាម​សន្ដាន​វា អាច​ដឹង​កាល​ដឹង​ការ​ស្វែង​រក​អាហារ​ខាង​ជើង​ទឹក ប្រព្រឹត្ត​ទៅ​បាន​ឥត​ទាស់​ឥត​ទាល់ តាម​ភាព​ធម្មតា​វា​ជា​សត្វ​មុជ​ទឹក​ទើប​វា​រក​ស៊ី​តាម​ជើង​ទឹក​ឥត​ក្ដី​អន្តរាយ ក៏​ជា​ក្អែក​គោក​នោះ​ជា​សត្វ​ធ្លាប់​រកស៊ី​តាម​ជើង​គោក តាម​ភាព​ធម្មតា​វា​ជា​សត្វ​គោក ដល់​ខ្លួន​ទៅ​រក​ស៊ី​ខាង​ជើង​ទឹក​ឯណា​ក៏​បាន ព្រោះ​ខ្លួន​មិន​ធ្លាប់ នេះ​ប្រៀប​ដូច​មនុស្ស​យើង​ដែល​កើត​ក្នុង​វង្ស​អ្នក​ស្រែ​អ្នក​ចំការ ធ្លាប់​ស្ទាត់​ក្នុង​ការងារ​ខាង​ជើង​គោក​ហើយ ដល់​ខ្លួន​ពុំ​ចេះ​អក្សរ​ពុំ​ចេះ​លេខ ពុំ​ចេះ​ដឹង​ក្នុង​ក្បួន​ដើរ​ទូក​ក្ដារ​ឡើយ ហើយ​ទៅ​ឃើញ​គេ​រក​ស៊ី​ជួញ​ប្រែ​ដើរ​ទូក​ថ្វែរ ទូក​ប៉ុកចាយ កើត​នឿយ​ណាយ​ចោល​ការ​ស្រែ​ចំការ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​នោះ​បង់ ទៅ​ប្រកប​ការ​ផ្លូវ​ជួញ​ប្រែ ដែល​ខ្លួន​មិន​ធ្លាប់​ប្រព្រឹត្ត​នោះ​វិញ ការ​អស់​នោះ​ឯណា​ឡើយ​នឹង​សំរេច​បាន​ព្រោះ​ខ្លួន​មិន​ធ្លាប់ ។

តែ​ខំ​ប្រព្រឹត្ត​ទៅ​ក៏​គង់​ជាប់​សារាយ​ដូច​ក្អែក​គោក​នោះ​ឯង គួរ​គិត​មើល​ទៅ​ទៀត​ចុះ ។


ចប់​តម្រា​រកស៊ី​ខុស​ទី ២ ។