គតិលោក/ភាគទី៤/6

113266គតិលោក, ភាគទី៤និទានពីសត្វកណ្ដុរ ២ ជាសម្លាញ់គ្នាឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


និទានពីសត្វកណ្ដុរ ២ ជាសម្លាញ់គ្នា




និទាននេះមានដំណាលក្នុងក្បួនបារាំងសែស


មានសត្វកណ្ដុរ ២ តួជាសំឡាញ់គ្នា កណ្ដុរ ១ នៅក្នុងផ្ទះ កណ្ដុរ ១ នៅព្រៃ ។ ថ្ងៃមួយកណ្ដុរព្រៃបបួលកណ្ដុរផ្ទះជាការសប្បាយ តាមភាសាជាមិត្រនឹងគ្នា កាលដែលកំពុងបរិភោគចំណីនោះ បានឮសូរមនុស្សគេគោះទ្វារ គោះបង្អួចលាន់ម៉ុងម៉ាំង ឯកណ្ដុរទាំងពីរក៏កើតក្ដីតក់ស្លុតភិតភ័យ មើលឆ្វេងមើលស្ដាំ ហើយសំងំស៊ីទៅទៀត លុះស៊ីទៅ ក៏ឮសព្ទសន្ធឹកជើងមនុស្សដើរចូលមក កណ្ដុរទាំងពីរក៏រឹងតែភិតភ័យឡើងទៀត រកតែផ្លូវនឹងគេចរត់ ការដែលអាស្រ័យស៊ីលៀងនោះក៏ពុំមានឱជារសពីសាឡើយ ព្រោះក្ដីភ័យខ្លាចក្រែងមនុស្ស ឬសត្វឆ្មាវាយាយី ម្ល៉ោះហើយក៏ស៊ីបន្តិចបន្តួចបន្ទាន់ពេល រត់ទៅកាន់លំនៅនៃអាត្មាទីទៃៗ ។ ថ្ងៃក្រោយ កណ្ដុរព្រៃបបួលកណ្ដុរផ្ទះទៅស៊ីលៀងឯទីវាលស្រែព្រៃវិញ ឯគ្រឿងម្ហូបចំណីរបស់កណ្ដុរព្រៃនោះពុំសូវល្អ ព្រោះជាជាតិអ្នកថោកទាប ការដែលបរិភោគនោះពុំមានមនុស្ស ឬសត្វណាដើរទៅជិតខាង នាំឲ្យភ្ញាក់ផ្អើលឡើយ កណ្ដុរទាំងពីរស៊ីលៀងដោយសប្បាយ ដរាបដល់ឆ្អែតស្កប់ស្កល់រៀងខ្លួន ។ លុះរួចការស៊ីលៀងហើយ កណ្ដុរផ្ទះនិយាយចំអកត្មះតិះដៀលថា «ម្ហូបចំណីរបស់មិត្រឯងនេះ អន់ទន់ទាបភាពអ្នកព្រៃ ដោយក្ដីពុំចេះចាត់ចែងឲ្យល្អដូចអ្នកស្រុកឡើយ ស៊ូម្ហូបចំណីខ្ញុំឯងនេះមិនបានទេ » ។

ឯកណ្ដុរព្រៃក៏តបថា « មែនហើយមិត្រឯងថានោះក្នុងថ្ងៃមុខ ខ្ញុំបាទទៅទទួលទានភោជនាហាររបស់មិត្រឯង ឯម្ហូបចំណីមិត្រឯងសុទ្ធសឹងតែល្អៗ តែលេបទៅស្ទើរតែស្ទះបំពង់កស្លាប់ជាម្ដង ស៊ីទាំងភ័យទាំងភិតបាត់រសជាតិឆ្ងាញ់ពីសា ក្នុងការលៀងនោះ ឯម្ហូបចំណីរបស់ខ្ញុំអន់ទន់ទាបពិត តែបរិភោគទៅឥតក្ដីតក់ស្លុតភ័យភិត គិតទៅយល់ថាវិសេសជាងចំណីល្អចំណីខ្ពស់ ព្រោះឥតមានក្ដីតក់ស្លុតជាអារម្មណ៍នាំឲ្យស៊ីបាយមិនបាននោះឯង ឬមិត្រឯងយល់ថាចំណីនរណាវិសេសលើសចំណីនរណា » ។ ឯកណ្ដុរផ្ទះឮដូច្នោះក៏ពុំអាចតបតថាអ្វីទៅទៀតឡើយ ហើយក៏លាកណ្ដុរព្រៃវិលទៅកាន់លំនៅនៃអាត្មាវិញហោង ។

រឿងនិទាននេះ បានគតិយ៉ាងណា ចូរឯងថាទៅមើល ។

កូនសិស្សឆ្លើយថា រឿងនេះបានគតិដូចមនុស្សបរិភោគអាហារ ដែលកើតឡើង ដោយផ្លូវសម្មាអាជីវៈ នឹងផ្លូវមិច្ឆាអាជីវៈ គឺថាបុគ្គលណាស្វែងរកស៊ីដោយការខុសគន្លងធម៌ មានលួចប្លន់ឆកុហកជាដើម ហើយបានវត្ថុនោះមក កាលនឹងបរិភោគ ក៏មានវិប្បដិសារីរឭកឃើញនូវអំពើដែលខ្លួនប្រព្រឹត្តអាក្រក់នោះ ក៏កើតក្ដីក្ដៅក្រហាយចិត្តភិតស្លុតឡើង វត្ថុនោះទោះជាល្អជាប្រពៃយ៉ាងណា ក៏ទៅជាឥតឱជារស ដូចគ្នានឹងវត្ថុរបស់កណ្ដុរផ្ទះ ដែលលួចគេស៊ីនោះឯង ឯវត្ថុរបស់កណ្ដុរព្រៃ ជាវត្ថុពុំល្អ តែបរិភោគទៅឥតក្ដីក្ដៅក្រហាយតក់ស្លុតនឹងអារម្មណ៍អ្វី ព្រោះវត្ថុនោះកើតដោយផ្លូវសម្មាអាជីវៈ បានមកដោយធម៌មែន បុគ្គលណាស្វែងរកស៊ីចិញ្ចឹមជីវិតដោយប្រពៃ លះក្ដីកោងឆឬលួចប្លន់គេ ឬលះបង់ផ្លូវជំនួញទាំង ៥ ប្រការមានលក់ដូរគ្រឿងប្រហារជាដើម វត្ថុដែលបានមកដោយធម៌ មានប្រកបការធ្វើស្រែចំការជាដើម ហើយកាលនឹងបរិភោគក៏ឥតមានក្ដីវិប្បដិសារី ភិតភ័យដោយអារម្មណ៍ឯណាមួយឡើយ ម្ល៉ោះហើយសេចក្ដីសុខកាយសប្បាយចិត្តក៏មានឡើង ទោះវត្ថុនោះពុំឆ្ងាញ់ពីសាក្ដី ក៏កើតមានរសពីសាឡើង ដូចវត្ថុរបស់កណ្ដុរព្រៃនោះឯង ។

ចប់តម្រាសម្មាអាជីវៈមិច្ឆាអាជីវៈនឹងជាគតិទី ៤ ។