គតិលោក/ភាគទី៦/6

គតិលោក, ភាគទី៦
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​ឆ្កែ​វង្វែង​ម្ចាស់​នឹង​មហាឥសី
115785គតិលោក, ភាគទី៦រឿង​ឆ្កែ​វង្វែង​ម្ចាស់​នឹង​មហាឥសីឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ឆ្កែ​វង្វែង​ម្ចាស់​នឹង​មហាឥសី



មាន​សុនខ ១ ទៅ​លេង​ព្រៃ​ជា​មួយ​នឹង​ម្ចាស់​វង្វែង​បាត់​ម្ចាស់ រក​ផ្លូវ​នឹង​ទៅ​ផ្ទះ​ពុំ​ឃើញ សុនខ​នោះ ដើរ​រុក​រក​ក្នុង​ព្រៃ​អត់​បាយ ៣ ថ្ងៃ​ពុំ​បាន​ជួប​ប្រទះ​នឹង​មនុស្ស​ម្នាក់​ឡើយ វង្វែង​ដើរ​ទៅ​ដល់​ព្រៃ​ហិមពាន្ត​បាន​ឃើញ​អាស្រម​សាលា ព្រះ​មហាឥសី អ្នក​សាង​ព្រឹទ្ធ​តាំង​នៅ​ទី ១ ក៏​ចូល​ទៅ​នៅ​អាស្រ័យ​នឹង​មហា​ឥសី​នោះ ព្រះ​មហាឥសី​ក៏​មេត្តា​អាណិត​ឲ្យ​ទាន​អាហារ​ដែល​សេស​សល់​អំពី​លោក គឺ​អាហារ​ដែល​បាន​មក​ពី​សាច់​ឆ្អឹង​សត្វ​ជា​សាច់​សំណល់​អំពី​រាជសីហ៍ ខ្លា ឬ​សត្វ​ហត្ថី​លិង្គ​ជា​ដើម​នោះ ។

សុនខ​នោះ​ក៏​បាន​នៅ​ជា​សុខ​សប្បាយ ពុំ​បាន​គិត​វិល​ទៅ​ស្រុក​វិញ​ឡើយ ឯ​ព្រះ​មហាឥសី​ថ្ងៃ ១ លោក​គិត​ថា សុនខ​នេះ ជា​ជាតិ​សត្វ​ស្រុក អាស្រ័យ​ចិញ្ចឹម​ជីវិត​ដោយ​សារ​តែ​មនុស្ស ឥឡូវ​មក​នៅ​នឹង​អញ​ជា​អ្នក​នៅ​ព្រៃ អាស្រ័យ​តែ​ផ្លែ​ឈើ​មើម​ឈើ​ជា​អាហារ​នឹង​បាន​បាយ​ត្រី​សាច់​ឯ​ណា​ចិញ្ចឹម​វា មួយ​ទៀត​ជាតិ​សត្វ​ស្រុក​នឹង​មក​នៅ​ព្រៃ​ឯ​ណា​ក៏​បាន ព្រោះ​ព្រៃ​សឹង​ប្រកប​ដោយ​ភ័យ​អន្តរាយ កើត​អំពី​ពាឡ​ម្រឹគ​មាន​ខ្លា​រាជសីហ៍​ជា​ដើម បើ​ដូច្នេះ គួរ​តែ​អញ​ប្រសិទ្ធី​កាយ​សុនខ​នេះ ឲ្យ​ក្លាយ​ទៅ​ជា​រាជសីហ៍​គ្រាន់​គ្នា​បាន​នៅ​អាស្រ័យ​ជា​មួយ នឹង​ហ្វូង​សីហៈ​ផង​ទាំងឡាយ​គិត​ហើយ​ព្រះ​មហាឥសី ហៅ​ឆ្កែ​នោះ​មក​ជិត​ហើយ​តាំអ​បរិកម្ម​ព្រះ​គាថា ប្រសិទ្ធី​រូប​សុនខ​ឲ្យ​ក្លាយ​ជា​កាយ​សីហៈ​ឡើង​បាន ១ រំពេច ឯ​សីហ​សុនខ​បាន​សម្រេច​ក្ដី​ប្រាថ្នា​ហើយ ក៏​ត្រេក​អរសាទរ​ក្រៃ​ពេក​ទើប​ក្រាប​លា​ព្រះ​មហាមុនី ចរលីលា​បោល​ចូល​ព្រៃ​ទៅ​នៅ​អាស្រ័យ​នឹង​ហ្វូង​សិហៈ​ទាំងឡាយ​ក្នុង​ព្រៃ ១ លុះ​នៅ​យូរ​មក ចៅ​សីហ​សុនខ​ចង់​បាន​នាង​រាជសីហ៍​ជា​កូន​ក្រមុំ​ចៅ​កេសរ​រាជសីហ៍ ទើប​ចូល​ទៅ​និយាយ​ដណ្ដឹង​ត​កេសរ​រាជសីហ៍​ជា​បិតា​ថា "បពិត្រ​លោក​ដ៏​ចម្រើន ! ខ្លួន​ខ្ញុំ​បាទ​នេះ មាន​ចិត្ត​ប្រតិព័ទ្ធ​ស្រឡាញ់​កូន​ក្រមុំ​លោក​ជា​ភរិយា សូម​លោក​ប្រោស​មេត្តា​ដល់​ខ្ញុំ​បាទ​ចុះ" ។ ឯ​កេសរ​រាជសីហ៍​ឮ​ដូច្នោះ​ក៏​តប​ថា "អើ​ចៅ ៗ ស្រឡាញ់​កូន​យើង ៗ ក៏​ឥត​បើ​ថា​អ្វី ព្រោះ​ការ​លោកិយ​តែង​មាន​ជា​ធម្មតា តែ​ថា​ពួក​យើង​ពុំ​ទាន់​ស្គាល់​ពូជ​ពង្សវង្ស​ចៅ​ឯង​នេះ​ឡើយ មិន​ដឹង​ជា​ពូជ​ធារ​ចៅ​ឯង​តើ​ដូច​ម្ដេច បើ​ដូច្នេះ ចាំ​យើង​ទៅ​សួរ​ដល់​ព្រះ​មហា​ឥសី​ជា​ម្ចាស់​ចៅ​ឯង​សិន" ។ ឯ​ចៅ​សីហ​សុនខ​បាន​ឮ​កេសរ​រាជសីហ៍ ថា​ចាំ​ទៅ​សួរ​ពូជ​ពង្ស​ខ្លួន នឹង​ព្រះ​ឥសី​ដូច្នោះ​ក៏​គិត​ថា អាត្មា​អញ​នេះ​ជា​ជាតិ​ពូជ​សុនខ​ពិត​ឥឡូវ​គេ​ថា នឹង​ទៅ​សួរ​ដល់​ព្រះ​មហា​ឥសី ៗ សោត​លោក​ជា​អ្នក​កាន់​សីល​សាង​ព្រឹទ្ធ បើ​គេ​សួរ​លោក​ហើយ កាល​ណា​ឡើយ លោក​នឹង​លាក់​កេរ្តិ៍​អញ​នេះ​បាន គង់​លោក​ប្រាប់​គេ​ដោយ​ត្រង់ ថា​អញ​ជា​ជាតិ​សុនខ​ពិត កាល​បើ​គេ​ដឹង​ថា​អញ​ជា​ជាតិ​សុនខ​ហើយ ម្ដេច​ឡើយ​គេ​នឹង​ឲ្យ​កូន​ក្រមុំ​គេ​នោះ ជា​ភរិយា​អញ​បើ​ដូច្នេះ មាន​តែ​អញ​ទៅ​ខំ​សម្លាប់​មហាឥសី​នោះ ចេញ​ជា​ការ​កាត់​ផ្លូវ​មិន​ឲ្យ​ពួក​អស់​នេះ​ទៅ​សួរ ទៅ​បញ្ជាក់​បាន គិត​ហើយ​សីហ​សុនខ​លា​កេសរ​សីហៈ​ម្នីម្នា បោល​ទៅ​កាន់​សំណាក់​ព្រះ​ឥសី ដល់​ហើយ​ក៏​សំញេញ​ធ្មេញ បញ្ចេញ​សព្ទ​សំដែង​អាការ នឹង​លោ​លោត​ទៅ​ខាំ​ព្រះ​មហាឥសី ៗ បែរ​ទៅ​យល់​អាការ​កិរិយា​សីហ​សុនខ​ដូច្នោះ ក៏​ជ្រាប​ហេតុ​នោះ​មួយ​រំពេច​ទើប​គិត​ថា អា​សត្វ​នេះ​កោង​កាច​ណាស់ វា​គិត​នឹង​មក​សម្លាប់​ឯង​វិញ បើ​ដូច្នេះ​នឹង​ទុក​វា​ជា​រាជសីហ៍​ត​ទៅ​ឯ​ណា​បាន គួរ​ប្រសិទ្ធី​កាយ​វា​ឲ្យ​ក្លាយ​ទៅ​ជា​ឆ្កែ​ដូច​ដើម​វិញ គិត​ហើយ​ព្រះ​តាបស​តាំង​ពិធី​ប្រសិទ្ធី​កាយ​សីហៈ​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​សុនខ​ដូច​កាល​មុន​ហោង ។ ឯ​សីហៈ​នោះ លុះ​ប្រែ​កាយ​ក្លាយ​កើត​ជា​ឆ្កែ​វិញ​ដូច្នោះ ក៏​កើត​ក្ដី​អៀន​ខ្មាស​ក្ដៅ​ចិត្ត​នឹង​ស្ថិត​នៅ​ក្នុង​សំណាក់​ព្រះ​តាបស​នោះ​ពុំ​បាន ក៏​បោល​ចោល​លំ​នៅ​រត់​ទៅ​តាម​យថាកម្ម​នៃ​អាត្មា​វិញ​ហោង ។

រឿង​នេះ បាន​គិត​ដល់​បុគ្គល​អកតញ្ញូ មិន​ដឹង​គុណ​លោក​អ្នក​មាន​គុណ​លើ​ខ្លួន បាន​នូវ​ទុក្ខ​វេទនា​ក្ដៅ​ក្រហាយ​ចិត្ត​ប្រចក្ស​ក្នុង​លោក​នេះ ។

មួយ​ទៀត ជាតិ​អ្នក​ថោក​ទាប​ហើយ ទោះ​បី​លោក​លើក​ខ្លួន​ឡើង ក៏​លូត​ខ្ពស់​ទៅ​ពុំ​បាន សន្ដាន​ទាប​ក៏​ទាប​នៅ​ដដែល​វិញ ក្នុង​បទ​លោក​ថា អាស្រ័យ​កំណើត​ម៉ែ​ឪ​ថោក​ទាប ដូច​មាន​បាលី​ក្នុង​គម្ពីរ​លោក​នីតិ​ថា

មាតា ហីនស្ស ទុភាសា

បិតា ហីនស្ស ទុក្រិយា

ឧភោ មាតាបិតរោហិ

នាទុភាសា ច ទុក្រិយា ។

ប្រែ​ថា បើ​មាតា​ហីន​ជាតិ​កើត​បុត្រា បុត្រ​នោះ​មាន​វាចា​ភាសា​ទាប ។ បើ​បិតា​ហីន​ជាតិ​មាត្រទុរភាព​បុត្រ​នោះ​ទាប​កិរិយា​អាក្រក់​នៅ បើ​ម៉ែ​ឪ​ហីន​ជាតិ​ទាំង​ពីរ​នាក់ បុត្រ​នោះ​អប្ប​ល័ក្ខណ៍​ទាំង​ពីរ​ផ្លូវ ទាំង​កិរិយា​ភាសា​ក៏​ហ្មង​សៅ តាម​គន្លង​ម៉ែ​ឪ​ផ្លូវ​ដូច​គ្នា ។

មួយ​ទៀត​ថា

ទុជនោ ទោសមាទាយ

ទុតនូមិវ សូករោ

សុជនោ សុគុណគ្គាហោ

ហំសោវ ខីរមិច្ឆតា ។

ជន​ជួ​កាន់​យក​តែ​ទោស​ទុក្ខ ដូច​កល​ជ្រូក​ស្រុក​ប៉ង​អាចម៍ ជន​ល្អ​កាន់​យក​គុណ​ឧត្ដម ដូច​ហង្ស​ប៉ង​ចំ​ចឹក​ទឹក​ដោះ ។ ចប់​តម្រា​គតិ​ជន​ជួ​អកតញ្ញូ​ទី ២៨ ។