រឿងនាយដង្ខៅនឹងកូនឈ្នួល
មាននាយដង្ខៅម្នាក់ ទៅជួញបានចំណេញមក មានក្ដីសប្បាយចិត្ត គិតនឹងលៀងអស់បណ្ដាមហាជនជាញាតិមិត្រក្នុងលំនៅនៃអាត្មា ទើបប្រើបោយឲ្យទៅផ្សារទិញម្ហូបចំណីហើយផ្ដាំថា « ចូរចៅឯងទិញត្រីទិញសាច់រើសរកតែល្អៗ យកមកឲ្យយើងធ្វើម្ហូបលៀងពួកញាតិមិត្តដែលនៅជិតនេះ ឲ្យសប្បាយម្ដង » ។ ឯចៅបោយក៏ទទួលពាក្យនាយ យកប្រាក់អំពីនាយស្ពាយត្រកដើរទៅផ្សារធំ លុះទៅដល់ផ្សារ ចៅបោយគិតថា នាយអញគាត់ផ្ដាំថាឲ្យទិញយកតែសាច់យ៉ាងល្អៗ បើដូច្នេះ គួរអញទិញសាច់អណ្ដាតសត្វចុះ សាច់អណ្ដាតនោះល្អហើយ គិតហើយចៅបោយទិញសុទ្ធតែអណ្ដាតសត្វទាំងឡាយ មានអណ្ដាតគោជាដើម បានហើយក៏ដោតជាត្រណោតយូរមកដល់ផ្ទះ ជូននាយដង្ខៅនោះ ។
នាយដង្ខៅយល់អណ្ដាតសត្វដូច្នោះ ក៏ស្ដីបន្ទោសទៅថា « យើងឲ្យទៅទិញយកសាច់ល្អៗ ចុះហេតុអ្វីចៅទិញយកតែអណ្ដាតគោ អណ្ដាតជ្រូក អណ្ដាតពពែមកដូច្នេះ នេះហើយឬជាសាច់ល្អ ? ចៅបោយក៏អធិប្បាយថា « សាច់អណ្ដាតនេះហើយលោកនាយ ដែលជាសាច់ល្អលើសសាច់ទាំងពួង បានជាខ្ញុំបាទថាល្អនោះ ព្រោះខ្ញុំបាទយល់ថា លោកអ្នកបានយសបានសក្តិ បានមាសបានប្រាក់បានខ្ញុំកំដរ បានជាមេជាបាគេក្នុងលោកនេះ សឹងអាស្រ័យបានដោយអណ្ដាតក្រលៀសពោលឡើង ហេតុនេះ ទើបលោកសន្មតថាអណ្ដាតនេះ ជាសាច់ល្អលើសលែងសាច់នានា បានជាខ្ញុំបាទទិញយកមកនេះ » ។ នាយដង្ខៅបានឮចៅបោយឆ្លើយតបដោយវោហារដូច្នោះ ក៏ទាល់សេចក្ដីមិនអាចថាអ្វីតទៅទៀតឡើយ បានក្ដីខ្មាសនឹងពាក្យចៅបោយនោះ លុះដល់ព្រឹកឡើង ក៏បើកប្រាក់ឲ្យចៅបោយទៅទិញសាច់ម្ដងទៀត បានផ្ដាំថា ចូរចៅទិញយកសាច់អាក្រក់ៗមកចុះ យើងនឹងធ្វើម្ហូបលៀងភ្ញៀវ។
ចៅបោយទទួលប្រាក់ទទួលពាក្យហើយ ក៏ទៅផ្សារ ដល់ហើយក៏ទិញអណ្ដាតសត្វដូចកាលមុនបានហើយ ក៏នាំយកមកជូននាយដង្ខៅៗយល់អណ្ដាតសត្វដូចមុនដូច្នោះ ក៏ស្ដីបន្ទោសថា ពីម្សិលមិញយើងឲ្យទៅទិញសាច់ល្អៗ ចៅឯងទិញយកអណ្ដាតសត្វមក ហើយពោលថាអណ្ដាតនេះហើយ ជាសាច់ល្អលើសលែងសាច់ឯទៀតៗ ឥឡូវថ្ងៃនេះ យើងផ្ដាំថាឲ្យទិញសាច់អាក្រក់ៗ ហេតុអ្វីក៏ចៅទិញអណ្ដាតសត្វដែលចៅអួតថាជាសាច់ល្អនោះមកទៀត ។
ចៅបោយក៏ឆ្លើយកែសំនួនថា « សាច់អណ្ដាតនេះហើយលោកនាយ ដែលជាសាច់អាក្រក់លើសលែងសាច់ឯទៀតៗ បានជាខ្ញុំបាទថាអាក្រក់នោះ ព្រោះអណ្ដាតនេះឯង វាក្រលៀវក្រលៀសពោលបង្កាច់បង្កីនគេ ត្មះតិះដៀល ជេរប្រទេច ផ្ដាសា ស្ដីមុសាកុហកបញ្ឆុកបញ្ឆោតគេ ញុះញង់ស៊កសៀត បំបែកបំបាក់គេទៅផ្សេងៗ ហេតុនេះឯងទើបលោកសន្មតថា អណ្ដាតនេះជាសាច់ក្រកលើសលែងសាច់នានាក្នុងលោកិយនេះ បានជាខ្ញុំបាទទិញមកតាមប្រសាសន៍ដែលលោកនាយផ្ដាំ ថាឲ្យទិញសាច់អាក្រក់នោះឯង ។ នាយដង្ខៅ បានស្ដាប់ពាក្យចៅបោយពោលដូច្នោះ ក៏ទាល់សេចក្ដីពុំអាចថាអ្វីទៅទៀតបាន ដោយអាត្មាចាញ់ប្រាជ្ញាចៅបោយ ដោយប្រការដូច្នេះហោង ។ រឿងនេះ បានគតិដល់បុគ្គលដែលធ្វើជានាយចៅហ្វាយឬជាគ្រូអាចារ្យមេបាគេ កាលនឹងប្រើបាវប្រើសិស្សឲ្យទៅយកអ្វីៗ គប្បីបញ្ជាក់ពាក្យបណ្ដាំឲ្យអ្នកបំរើនោះស្ដាប់ចូលចិត្តសេចក្ដីឲ្យបានច្បាស់ ទើបការនោះមិនប្រែខ្វែងទៅបាន ។
មួយទៀត ជាតិអ្នកតូចនឹងទទួលពាក្យបណ្ដាំអ្នកធំនោះ ច្រើនតែរហ័សហួស ស្ដាប់មិនទាន់ជាក់ប្រញាប់តែមឹតរត់ទៅ មិនដឹងជាយកអ្វីហៅនរណាឲ្យទៅ ម្ល៉ោះហើយប្រមាណយកផ្ដេសផ្ដាសទៅ មិនត្រូវនឹងពាក្យបណ្ដាំលោក ដូចយ៉ាងកូនសិស្សលោកព្រះមហាវិមលធម្ម ឈ្មោះចៅឡុង លោកគ្រូប្រើឲ្យសួររកចិត្រមូលភ្លើងនឹងលោកអាចារ្យអួង ចៅឡុងស្ដាប់មិនច្បាស់ ក៏រត់ទៅដល់ផ្ទះម៉ាស៊ីនទឹកកក រងមើលក្រែងភ្លើងឆេះផ្ទះ លុះពុំឃើញមានអ្វី ក៏វិលមកទូលលោកវិញថា ភ្លើងម៉ាស៊ីនទឹកកកមិនមានឆេះផ្ទះគេទេ ។
លោកគ្រូបានឮដូច្នោះ ក៏ថា អញឲ្យសួរលោកអាចារ្យអួង ជាលោកមានចិត្តមូលភ្លើងឬទេ បើលោកមាន ឲ្យសុំលោកបន្តិចមកនឹងធ្វើថ្នាំ ចុះហេតុអ្វីក៏ចៅទៅដល់ផ្ទះម៉ាស៊ីនទឹកកក ហើយថាភ្លើងឆេះផ្ទះ អាណាគេប្រើឯងឲ្យទៅមើលភ្លើងឆេះផ្ទះនោះ ចៅឯងជាមនុស្សស្ដាប់ការគេមិនជាក់ មិនសួរសព្ទឲ្យចូលចិត្តសិន លោកព្រះមហាវិមលធម្មក៏បន្ទោសចៅនោះ ដោយប្រការផ្សេងៗហោង ។
មានរឿងចៅម្នាក់ទៀត ឈ្មោះសោម ចៅនោះជាកូនសិស្សលោកសម្ដេចព្រះសុគន្ធាធិបតី ថ្ងៃមួយមានពួកទាយកអ្នកមុខអ្នកការ គេមកថ្វាយទានដល់លោកៗប្រើចៅនោះថា « ចូរទៅយកពានមួយមកដើម្បីនឹងដាក់ស្លាបារី ចែកពួកទាយកអាស្រ័យ » ។ ឯចៅនោះស្ដាប់សព្ទមិនច្បាស់ ក៏ផ្ដាសចេញទៅលីពាងទឹកមួយចូលមកនាកណ្ដាលជំនុំប្រជុំជនធ្ងន់ណាស់ ក៏ទូលថា « សូមមេត្តាប្រោសឲ្យដាក់ត្រង់ណាពាងនេះ » ។ ឯមហាជនទាំងឡាយមានលោកសម្ដេចព្រះសុគន្ធាធិបតីជាប្រធាន ក៏សើចកងរំពងឡើងថា ចៅនេះជាមនុស្សរហ័សហួសជ្រួសសេចក្ដី គេប្រើឲ្យយកពាន ពុំមានសបសួរឲ្យជាក់ច្បាស់ ផ្ដាសទៅយកឯពាងទឹកមកវិញ បានក្ដីអៀនខ្មាសនាកណ្ដាលជំនុំហោង ។ មួយទៀត លោកអ្នកធំប្រើថ្លែងសព្ទមិនអស់ចុងអស់ដើម ពាក្យសព្ទនោះជួនស្របគ្នា អ្នកបំរើស្ដាប់បានហើយ តែចង់បង្កាច់ឲ្យខុសវិញក៏បាន នឹងបន្ទោសអ្នកបំរើវិញពុំបាន ដូចនិទានចៅវាយគងមានទំនងសព្ទស្របគ្នានោះឯង នឹងសំដែងឲ្យចូលចិត្តរឿងច្រឡំសព្ទនោះថា :
មានឧបាសកម្នាក់នៅក្នុងជនបទមួយ គិតបំបួសកូនក្នុងខែបឋមាសាធ បានទៅនិយាយជួលភ្លេងពិណពាទ្យគេជាដាច់ខាត លុះដល់ថ្ងៃចូលរោងប្រជុំញាតិនឹងចំរើនពុទ្ធមន្តហៅព្រលឹងនាគនោះ ពួកអ្នកភ្លេងនាំគ្រឿងភ្លេងចូលមកព្រមគ្នាទាំងអស់ តែអ្នកចេះវាយគងមកពុំបាន ព្រោះប្រពន្ធឆ្លងទន្លេ ផ្ដាំតែពាក្យមកនឹងអ្នកភ្លេងផងគ្នាថា ឲ្យជំរាបអ្នកដើមបុណ្យផងថា មកពុំបានទេ ព្រោះប្រពន្ធឆ្លងទន្លេ ឲ្យអ្នកដើមបុណ្យគិតរកជួលគេឯទៀតចុះ ។
ឯអ្នកដើមបុណ្យនឹងបណ្ដាលមហាជនទាំងឡាយ បានឮថាអ្នកវាយគងនោះ ខានពុំបានមកដូច្នោះក៏ប្រជុំពិគ្រោះគ្នាថា នឹងទៅរកជួលមនុស្សចេះវាយគងជួសចៅនោះ ពិគ្រោះទៅរកពុំបាន ព្រោះស្រុកក្រៅមនុស្សចេះភ្លេងមានតិចនាក់ ហើយពេលនោះក៏ជួនល្ងាចណាស់ហើយ នឹងទៅរកអ្នកចេះឯណាៗក៏ពុំទាន់ ម្ល៉ោះហើយ ពួកអ្នកធ្វើបុណ្យទាំងនោះ ពុំសូវរីករាយសប្បាយ ព្រោះមិនពេញក្ដីប្រាថ្នានៃអាត្មាទីទៃៗ ។
គ្រាកាលនោះ មានអាម្នាក់មាននាមពុំប្រាកដសន្មតហៅ ចៅប្លមបាយបុណ្យ ចៅនោះដើរទៅដល់យល់រោងគេធ្វើបុណ្យក៏គិតថា អ្នកស្រុកនេះ គេធ្វើបុណ្យគួរអញចូលទៅប្រចុបប្រចែង យកបាយចំណីបារីស្លាអាស្រ័យ គិតហើយក៏ចូលទៅក្នុងរោងបុណ្យអង្គុយនៅទីដ៏គួរ សួរគេថា « អ្នកបង អ្នកប្អូនអើយ ! ចុះគេធ្វើបុណ្យអីនេះអ្នក?។ ពួកអ្នករោងប្រាប់ថា « គេធ្វើបុណ្យបំបួសនាគណាអ្នក » ។ ចុះអ្នកឯងមកពីស្រុកណាទៅណា ? ។ ចៅនោះក៏ប្រាប់ថា « ខ្ញុំមកពីក្រុងភ្នំពេញនឹងទៅសួរបងប្អូនឯស្រុកលើ ចុះខ្ញុំឮគេនិយាយពីគ្រោះគ្នាអ៊ូៗនោះ តើគេពិគ្រោះពីរឿងអ្វី ? ។ ពួកអ្នករោងប្រាប់ថា « ឱអ្នកអើយ ការបុណ្យនេះបានទៅ និយាយជួលភ្លេងពិណពាទ្យ គេជាការស្រេចហើយ ឥឡូវចូលរោងថ្ងៃនេះ ស្រាប់តែអ្នកដែលវាយគង គ្នាមានធុរៈដោយប្រពន្ធឆ្លងទន្លេមកពុំរួច ហេតុនោះ ទើបគេនាំគ្នាពិគ្រោះឆោឡោ ដើម្បីនឹងរកអ្នកចេះវាយគង អើអ្នកអត់ទោសចុះ ខ្លួនអ្នកនេះតើចេះវាយគងដែរឬ ? ចៅនោះក៏ទទួលថា « ក្រអ្វីសព្វបើវាយគង ខ្ញុំឯងក៏ចេះវាយបាន» ។ ឯពួកអ្នករោងបានឮពាក្យចៅនោះថា ចេះដូច្នោះ ក៏ត្រេកអរគឹកគងឡើង ប្រាប់គ្នាថា « អ្នកវាយគងនោះបានហើយ » ។ ខ្លះសួរថា « អ្នកយកថ្លៃប៉ុន្មានក្នុងរវាងបុណ្យនេះ » ។
ចៅនោះថា « ខ្ញុំបាទយកកំលាំងចូលចាប់កុសលផង ត្រង់ថ្លៃថ្នូរនោះខ្ញុំមិនយកទេ សូមទានតែបាយចំណីអាស្រ័យជាកំលាំងចុះ » ។
អ្នកដើមបុណ្យឮដូច្នោះ ក៏ត្រេកអរពេញចិត្តដោយគិតថាសមក្ដីប្រាថ្នា ទើបរៀបបាយចំណីស្លាបារី អញ្ជើញចៅនោះបរិភោគតាមក្ដីរាប់អាន ចៅនោះបានបរិភោគបាយចំណីបរិបូណ៌ លុះសូរេចកិច្ចបាយហើយ អ្នកដើមបុណ្យក៏ថាអញ្ជើញអ្នកទៅឯទីភ្លេង ដ្បិតពេលនេះល្មមហ៊ុំរោងហើយ ។ ចៅនោះក៏ស្រវាយកស្លាបារីអំពីជើងពាន ដាក់ថ្នក់ដាក់ហោប៉ៅអាវ ហើយក្រោកដើរទៅជាមួយនឹងអ្នកដើមបុណ្យ ។ នាំទៅដល់ក៏ប្រាប់ពួកអ្នកភ្លេងថា ខ្ញុំបានអ្នកវាយគងហើយ ចូរកុំមានក្ដីរង្កៀសអ្វីឡើយ ដោយពុំមែនវង់ជាមួយគ្នា សូមមេត្តាលេងយកតែបុណ្យទៅ ត្រង់ពិរោះ មិនពិរោះនោះគ្មាននរណាថាអ្វីទេ ។ ឯអ្នកភ្លេងទាំង ៤ នាក់ក៏ព្រមតាមអធ្យាស្រ័យ ទើបថាអញ្ជើញអ្នកចូលមកចុះ ឯអ្នកដើមបុណ្យថា អញ្ជើញអ្នកចូលក្នុងវង់គងនេះចុះ ។ ឯចៅនោះបែរមើលនាយមើលអាយ ហើយលើកដៃឡើងថា « ខ្ញុំបាទចេះតែវាយគងធំៗ ឮមូងៗនោះទេ ត្រង់គងវង់ផ្លែតូចៗនេះខ្ញុំមិនចេះទេ » ។
ឯបណ្ដាមហាជនទាំងឡាយ បានឮពាក្យចៅនោះថាដូច្នោះ ក៏សើចកងរំពងឡើង អ្នកខ្លះខឹងលួចជេរថា ខ្មោចអាចង្រៃវាកោងឆយកបាយមួយថាសស៊ីតែម្ដង ថាវាចេះវាយគង ឯងនឹកស្មានថាវាចេះវាយគងភ្លេងនេះ ឥឡូវវាថាចេះវាយតែគងមូងៗមួយៗនោះវិញ អាណាត្រូវការអីនឹងវាយគងមូងនោះ តែកូនក្មេងក៏ចេះវាយបានទូទៅទាំងស្រុក ឱពុទ្ធោអើយពួកយើងនេះចាញ់កលអានេះជាម្ដង ឯអ្នកដើមបុណ្យក៏ថា ណ្ហើយចុះការនេះ ឯងសួរដេញគេមិនអស់ចុងអស់ដើម គេក៏គេចកែប្រែទៅបានយ៉ាងនេះ នឹងបន្ទោស ឬនឹងអូសយកបាយចំណីវិញឯណាក៏បាន គឺក្ដីខុសមាននៅលើខ្លួនឯងតែម្ដង ថាហើយអ្នកដើមបុណ្យក៏ឲ្យអ្នកភ្លេង ៤ នាក់លេងភ្លេងតាមទំនៀមទៅហោង ។
អ្នកធំក៏ខូចចិត្ត អ្នកតូចក៏ខិល រំកិលផុតបន្ទោស ហេតុនោះនឹងប្រើត្រូវប្រយ័ត្នសព្ទស្រប កុំឲ្យអ្នកតូចវាប្រកបគេចកែប្រែទៅបាន ។
ចប់តម្រាគតិប្រើមិនអស់ការ ទី ៣៦ ។