រឿងស្វារពឹសលិង្គ និងមហាឥសី
មានសត្វពានរមួយ អាស្រ័យនៅខាងបណ្ណសាលា អាស្រមនៃព្រះមហាឫសីបរមពោធិសត្វ ស្វានោះជាសត្វឡេះឡោះ រពឹសក្នុងការសេពកាម តែឃើញព្រះឥសី លោកតាំងសមាធិគង់ស្ងៀមកាលណាវាតែងលោតទៅរក ហើយយកអង្គជាតិវាដាក់ក្នុងរន្ធត្រចៀក រន្ធច្រមុះនៃព្រះបរមពោធិសត្វ ធ្វើអាការការលោកិយទៅតាមភាពពាលផ្សេងៗ ។
ឯបរមពោធិសត្វ បានយល់ស្វាធ្វើអាការដូច្នោះ ព្រះអង្គនឹងបានប្រហារទះទាត់ស្វានោះចេញ ក៏ឥតអង្គឺមាន ព្រោះព្រះទ័យតាំងនៅក្នុងកិច្ចចំរើនឈានសមាធិគុណ ឯកិរិយាពានរបៀតបៀនធ្វើនូវអសទ្ធម្មជាផ្លូវមេថុននឹងសោតទ្វារ ឃានទ្វារ នៃព្រះមហាឥសីបរមពោធិសត្វ នោះតែរឿយៗរៀងៗមក ។ លុះនៅយូរមក មានកាលថ្ងៃមួយ ចៅពានរចេញទៅស្វែងរកអាហារនឹងបរិភោគ បានទៅឃើញអណ្ដើកខ្មៅ ១ ហាមាត់ដេកលក់នៅក្នុងទី ១ ពានរជាសត្វរពឹស ក៏ចូលទៅហើយ ដាក់អង្គជាតិខ្លួនទៅក្នុងមាត់អណ្ដើក ធ្វើអសទ្ធម្មដោយទ្វារមាត់អណ្ដើកនោះឯង ។
ឯអណ្ដើកនោះ លុះភ្ញាក់ដឹងខ្លួនហើយ ក៏ខាំសង្កត់អង្គជាតិស្វានោះ ខ្ជាប់ពុំលែងឡើយ ឯពានរក៏ឈឺពើតឡើង តាំងបើកមាត់អណ្ដើកឲ្យហាក៏បើកពុំបាន អណ្ដើកក៏រឹតតែខាំសង្កត់ចុះ ពានរនិយាយអង្វរលួងលោមឲ្យអណ្ដើកលែងដូចម្ដេចៗ អណ្ដើកក៏ពុំលែងឡើយ ចៅពានរបានក្ដីទុក្ខវេទនាពន់ពេកណាស់ ទើបគិតថា ក្ដីទុក្ខអញម្ដងនេះ ជាទុក្ខធំបំផុតនឹងរកលោកអ្នកឯណា ជាពេទ្យជួយបន្ទោរបង់រោគនេះយល់ពុំមាន មានតែព្រះឥសីលាទើបអាចជួយកែរោគនេះបាន គិតហើយចៅពានរឱនកាយទ្រអណ្ដើកដោយដៃទាំងពីរ ដើរឱនៗកំប្រោនប្រាណចូលទៅកាន់ទីឋាននៃព្រះបរមពោធិសត្វ ៗ បែរទៅយល់ពានរទ្រអណ្ដើកមកដូច្នោះ ក៏ជ្រាបហេតុនោះមួយរំពេចថា អាស្វានេះវាជាសត្វរពឹស ធ្លាប់មកបៀតបៀនអញតែរឿយៗ ឥឡូវទៅត្រូវលើមាត់អណ្ដើកៗកាលណានឹងអត់បានដូចអញ គង់វាខាំផ្ចាលយ៉ាងនេះមិនលែង គិតហើយព្រះឥសីក៏ត្រាសសួរចំអកទៅកាន់ស្វានោះថា « ហៃចៅក្របីអើយ ថ្ងៃនេះចៅទៅស្វែងអាហារភោក្ដារ ចៅបានផ្លែខ្នុរ ឬផ្លែធូរេនយកមកប្រគេនអាត្មាចៅក្របី ?
ឯពានរឈឺនឹងអណ្ដើក វាមឹតខាំខ្លាំងណាស់ក៏ធ្វើមុខជូរខំទូលទៅថា « បពិត្រលោកព្រះតាបសមានធម៌សប្បុរសប្រសើរអើយ ខ្ញុំព្រះករុណានេះបាននូវក្ដីទុក្ខវេទនា កើតអំពីអណ្ដើកវាខាំពូជឈឺស្ទើរនឹងស្លាប់ហើយ ព្រះគុណអើយ ជួយប្រោសមេត្តាបង្កាមាត់អណ្ដើក ឲ្យពូជខ្ញុំបានបើកចេញអំពីមាត់អណ្ដើក ក្នុងគ្រានេះទៅ ឲ្យតែខ្ញុំបានរួចអំពីទុក្ខនេះហើយ ចាប់ដើមអំពីថ្ងៃនេះទៅ ខ្ញុំរាងចាលហើយ ខ្ញុំលែងប្រព្រឹត្តការអសទ្ធម្មតទៅទៀតហើយ ព្រះករុណា » ។
ឯព្រះបរមពោធិសត្វ បានឮស្វាពោលពាក្យដូច្នោះ ក៏មានព្រះហឫទ័យអាសូរករុណា ទើបត្រាស់ទៅកាន់អណ្ដើកនោះថា « ហៃបាកច្ឆបៈអើយ ចៅឯងជាកស្សបគោត្រ ឯខាងចៅក្របីជាកោណ្ឌញ្ញគោត្រ គោត្រទាំងពីរក៏ពុំឆ្ងាយអំពីគ្នា ហេតុនោះចូរអាណិតមេត្តាអត់ទោសចៅក្របីនេះម្ដងទៅចុះ ចូរលែងខាំអង្គជាតិចៅក្របីនេះទៅ ដោយគ្នាទទួលខុសហើយ ទទួលរាងចាលហើយ » ។ ឯអណ្ដើកបានស្ដាប់ពាក្យពោធិសត្វហើយ ក៏ហាមាត់បើកឲ្យស្វានោះរួចចាកក្ដីទុក្ខក្នុងកាលនោះហោង ។
ចៅពានរបានរួចអំពីមាត់អណ្ដើកហើយ ក៏កើតអៀនខ្មាសពោធិសត្វ ទើបក្រាបសំពះពោធិសត្វ ហើយចេញចាកទីនោះទៅនៅទី ១ ឆ្ងាយអំពីអាស្រមបរមពោធិសត្វ ពុំបានមកបៀតបៀនពោធិសត្វតទៅទៀតឡើយ ចាប់ដើមពីថ្ងៃនោះហោង ។
រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរតិកនិបាតឯណោះ ក្នុងតម្រានេះ ខ្ញុំបាទទាញមកសំដែងតែប៉ុណ្ណោះដោយសង្ខេប ទុកជាបែបគតិដល់បុគ្គលអ្នកល្មោភក្នុងកិលេសកាមប្រព្រឹត្តការទៅក្នុងព្រង់១ដែលពុំមែនជាទ្វារមេថុនតាមធម្មតាលោកិយ បានសេចក្ដីក្ដៅក្រហាយក្រោយ ដូចនិទានចៅពានរដែលសំដែងទុកមកនេះ អ្នកមានប្រាជ្ញាគួរពិចារណាទៅទៀតចុះ ។
ស្វាអើយចៅស្វា ចៅល្មោភតណ្ហា មិនថាទ្វារអ្វីឃើញតែចន្លោះ ទៅបោះប៉ោលថ្មី ត្រូវកាឡកិណីលើមាត់អណ្ដើក ។ កើតក្ដៅក្រហាយ ខំខ្វេះកកាយមិនងាយរបើក បង់កេរ្តិ៍បង់ខ្មាស ផ្ដាសព្រោះចិត្តចើក ទៅលេងអណ្ដើក អន្តរធានខ្លួន ។
ចប់តម្រារពឹសលិង្គ ជាគតិទី ៤១ ។
ចប់ភាគទី ៧ តែប៉ុណ្ណេះ ។