គតិលោក/ភាគទី៩/2

113192គតិលោក, ភាគទី៩ចំណងជើងរឿងឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​សត្វ​ត្រចៀក​កាំ​នឹង​គ្រាប់​ធ្មៃ




និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំងសែស

មាន​សត្វ​ត្រចៀក​កាំ​មួយ ហើរ​ទៅ​ឃើញ​អ្នក​ចំការ​ម្នាក់​ព្រួស​ដាំ​គ្រាប់​ធ្មៃ គ្រាប់​ក្រចៅ​នៅ​ទី​មួយ ក៏​គិត​ឃើញ​ថា គ្រាប់​ពូជ​នេះ​កើត​ឡើង​ជា​សត្រូវ​ដល់​ពួក​សកុណ​បក្សី​នានា លុះ​គិត​ដូច្នោះ​ហើយ ក៏​ហើរ​ទៅ​ប្រាប់​បក្សី​ចាប​ទាំងឡាយ​ថា "ម្នាល​ចាប​ទាំង​ឡាយ​អ្នក​ឯង​រាល់​គ្នា បាន​ឃើញ​សត្រូវ​របស់​ខ្លួន​ហើយ​ឬ ? ចាប​ទាំងឡាយ​បាន​ឮ​ហើយ​ក៏​សួរ​ថា "សត្រូវ​របស់​យើង​នោះ​នៅ​ឯ​ណា​ហៈ ? ។ ត្រចៀក​កាំ​ប្រាប់​ថា "អ្នក​ទាំងឡាយ​បាន​ឃើញ​មនុស្ស​ម្នាក់ គេ​ព្រួស​គ្រាប់​ធ្មៃ​គ្រាប់​ក្រចៅ​ឬ​ទេ ? គ្រាប់​ពូជ​នោះ​ហើយ ជា​សត្រូវ​ដល់​អ្នក​ទាំង​ពួង នែ​អ្នក​ទាំង​ឡាយ ឯ​គ្រាប់​ពូជ​នោះ​តែ​ដុះ​ធំ​ឡើង​កាល​ណា គេ​កាប់​យក​ទៅ​កូត​ថ្ពូត​ធ្វើ​ជា​សំណាញ់​ជា​លប់ ដាក់​យក​ពួក​ចាប​ទាំងឡាយ​ទៅ​ប្រហារ​បរិភោគ​តាម​ក្ដី​ប្រាថ្នា ហេតុ​នោះ បាន​ជា​យើង​ពោល​ថា​គ្រាប់​ពូជ​នោះ ជា​សត្រូវ​របស់​ចាប​ព្រាប​ទាំងឡាយ​នឹង​កើត​មាន​ទៅ​ខាង​មុខ អើ​បើ​អ្នក​ទាំងឡាយ​ចង់​បាន​ក្ដី​សុខ​ទៅ​ខាង​មុខ គួរ​តែ​នាំ​គ្នា​ចុះ​ទៅ​ស៊ី​គ្រាប់​ពូជ​នោះ ឬ​ជួយ​ចឹក​ពាំ​នាំ​គ្រាប់​ពូជ​នោះ ទៅ​ចោល​ឯ​ទី​មាន​ស្មៅ​ឲ្យ​អស់ កុំ​ឲ្យ​ពូជ​នេះ​ដុះ​ឡើង​បាន បើ​បណ្ដោយ​ឲ្យ​កើត​ហើយ ក្ដី​អន្តរាយ​ចំពោះ​នឹង​មាន​ដល់​អ្នក​ទាំងឡាយ ទៅ​មុខ​មិន​ខាន​ឡើយ" ។ ឯ​ហ្វូង​ចាប​នោះ ទុក​ជា​បាន​ឮ​ពាក្យ​ត្រចៀក​កាំ​ប្រាប់​ដូច្នោះ ក៏​ពុំ​មាន​អើ​ពើ​ធ្វើ​តាម​ឡើយ នាំ​គ្នា​ព្រងើយ​កន្តើយ​ដោយ​ភាព​កំជិល ភាព​សប្បាយ មិន​យល់​ក្ដី​ទុក​ទៅ​ខាង​មុខ​នឹង​បៀត​បៀន​ខ្លួន​ឡើយ លុះ​នៅ​យូរ​មក​ក្រចៅ​ធ្មៃ​នោះ ដុះ​ចំរើន​ធំ​ឡើង​ដល់​ចាស់​កំណត់​ពេញ​ការ ចៅ​ម្ចាស់​ចំការ ក៏​កាប់​យក​ទៅ​កូត​ថ្ពូត​ជា​ខ្សែ​ហើយ​ចង​ជា​សំណាញ់ បាន​ជា​លប់​យក​ទៅ​ដាក់​ចាប​នៅ​ទី​វាល​មួយ ។ ចាប​ទាំងឡាយ មិន​ស្គាល់​ជា​លប់​បាន​ឃើញ​ស្រូវ​ដែល​គេ​បាច​សាច​ជា​នុយ ក៏​នាំ​គ្នា​ចុះ​ស៊ី នាយ​លប់​ក៏​ទាញ​លប់​វាត់​ត្រសោប​រួប​យក​ចាប​ទាំង​ហ្វូង​នោះ​បាន ហើយ​ចាប់​ដាក់​ទ្រុង យក​ទៅ​លក់​ទៅ​ប្រហារ​ស៊ី​ហោង ។

ឯ​ចាប​ទាំងឡាយ កាល​ត្រូវ​លប់ ត្រូវ​ទ្រុង​គេ​ហើយ ទើប​នាំ​គ្នា​គិត​ដល់​ឱវាទ នៃ​សត្វ​ត្រចៀកកាំ​ដែល​បាន​និយាយ​ប្រាប់​ឲ្យ​គិត​បំផ្លាញ​គ្រាប់​ធ្មៃ គ្រាប់​ក្រចៅ កុំ​ឲ្យ​ដុះ​បាន ហើយ​ខ្លួន​ពុំ​នាំ​ពា​អើ​ពើ​ធ្វើ​តាម​ទៅ​ប្រមាទ​គ្រាប់​ធ្មៃ គ្រាប់​ក្រចៅ​ថា មិន​អាច​ចង​ព័ទ្ធ​ខ្លួន​បាន​ទេ ឥឡូវ​នេះ ត្រូវ​ដូច​ពាក្យ​ត្រចៀកកាំ​នោះ​ហើយ ឱ​យើង​អើយ ផុត​ផ្លូវ​កែ​ខៃ ដល់​នូវ​អាយុ​ខ័យ​ក្ស័យ​វិនាស​ពិត​ហើយ នោស​នេះ​នឹង​បន្ទោស​នរណា​គឺ​បន្ទោស​ខ្លួន​ឯង​មិន​តាម​ឱ​វាទ​ត្រចៀក​កាំ ដែល​ពោល​ប្រាប់​ពោល​ប្រើ​នោះ​ឯង ។ ចាប​ទាំងឡាយ ក៏​សោក​ស្ដាយ​គំនិត​ស្ដាយ​ជីវិត​ពន់​ពេក នាំ​គ្នា​ស្រែក​ទ្រាំ​តាម​យថាកម្ម​ហោង ។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​មិន​យល់​ក្ដី​អន្តរាយ​នឹង​មក​ដល់​ខ្លួន ទោះ​មាន​គេ​ប្រាប់ ក៏​មិន​ជឿ មិន​ស្ដាប់ មិន​ប្រព្រឹត្ត​ទៅ​តាម បាន​ក្ដី​ប្រមាទ​ថា​សត្រូវ​នៅ​ឆ្ងាយ​នៅ​តូច មិន​ដល់​មក​ខ្លួន​ទេ ដូច​យ៉ាង​រោគ​ពិស កាល​កើត​នៅ​តូច​មិន​ទាន់​ចេញ​កំឡាំង​នោះ​មិន​គិត​ខ្វល់​ខ្វាយ​រក​ពេទ្យ​ហ្ម​គ្រូ​ថ្នាំ​ឲ្យ​មើល ឲ្យ​រក្សា​ខ្លួន​ទេ ប្រមាទ​នៅ​ទាល់​តែ​រោគ​ពិស​នោះ កើត​កាយ​ផ្សាយ​ពិស​ពេញ​កំឡាំង បាន​នូវ​ក្ដី​ទុក្ខ​វេទនា ជា​សហ័ស​មួយ​ទៀត ដូច​បុគ្គល​ពាល​ធ្វើ​នូវ​អំពើ​បាបកម្ម បើ​បាប​នោះ​នៅ​មិន​ទាន់​ឲ្យ​ផល ក៏​សំគាល់​ថា​បាន​គ្មាន​ថា​បារ​ផ្អែម​ដូច​ទឹក​ឃ្មុំ លុះ​បាប​នោះ ឲ្យ​ផល​ដល់​កាល​ណា ទើប​ស្រែក​ទួញ​យំ​រង​ទុក្ខ​ក្នុង​កាល​នោះ ។ បទ​នេះ​រួម​ដោយ​ពាក្យ​បាលី​ក្នុង​លោក​នីតិ​ថា

មធុវ មញ្ញតិ ពាលោ
យាវ បាបំ ន បច្ចតិ
យទា ច បច្ចតិ បាបំ
ថេ ទុក្ខំ និគច្ឆតិ

ប្រែ​ថា បាប​ពុំ​ទាន់​ឲ្យ​ផល​ដល់​កាល​ណា ពាល​គិត​ថា​បាប​នោះ​ដូច​ទឹក​ឃ្មុំ លុះ​បាបកម្ម​ឲ្យ​ផល​ដល់​ប្រជុំ ទើប​ពាល​រង​ទុក្ខ​ធំ​ក្នុង​កាល​នោះ ។ ចប់​តម្រា​ប្រមាទ​សត្រូវ​នៅ​តិច​តូច​ធ្លាយ ជា​គតិ​ទី ៥៤ ។