ច្បាប់ភូមិបាល
Page:ច្បាប់ភូមិបាល_ឆ្នាំ២០០១_138.pdf/1
ព្រះរាជក្រម
នស/រកម/០៨០១/១៤ !!
យើង
ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ
រាជហរិវង្ស ឧភតោសុជាត វិសុទ្ធពង្ស អគ្គមហាបុរសរតន៏
និករោត្តម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ
ព្រះចៅក្រុងកម្ពុជាធិបតី
- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្ដីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៩ ស្ដីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
- បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ច្បាប់ភូមិបាល ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០១ នាសម័យប្រជុំពេញអង្គលើកទី ៦ នីតិកាលទី ២ ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របតាមទម្រង់ និង គតិនៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០០១ នាសម័យប្រជុំពេញអង្គលើកទី ៥ នីតិកាលទី ១ ហើយដែលមានសេចក្ដីទាំងស្រុងដូចតទៅ:
1401
[ 3 ]បទប្បញ្ញត្តិទូទៅ
មាត្រា ១ .
edit- ច្បាប់នេះមានគោលដៅកំណត់អំពីរបបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២ .
edit- ចាត់ទុកជាអចលនវត្ថុ តាមន័យនៃច្បាប់នេះមានអចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនានិងអចលនវត្ថុតាមការកំណត់របស់ច្បាប់។
- អចលនវត្ថុពីកំណើតមានដីធម្មជាតិដូចជា ដីព្រៃឈើ ដីកាប់រាន ដីដាំដុះ ដីទុកទំនេរ ឬមិនអាចដាំដុះ ដីលិចទឹកដោយទឹកនៅនឹងឬទឹកហូរ និងសំណង់ឬការរៀបចំទាំងឡាយដែលស្ថិតនៅជាប់មួយកន្លែង កើតឡើងដោយអំពើរបស់មនុស្ស ហើយមិនអាចរំកិល ឬផ្លាស់ប្ដូរកន្លែងបាន។
- អចលនវត្ថុពីភ័ព្វវាសនាមានវត្ថុដែលជាប់នឹងដី ឬបញ្ចូលជាមួយសំណង់ទាំងឡាយដែលមិនអាចបែកចេញបានដោយមិនធ្វើឲ្យមានការខូចខាត ឬមិនដូរសភាពដើមដូចជា ដើមឈើ ឧបករណ៍តែងលំអជាដើម។
- អចលនវត្ថុតាមការកំណត់របស់ច្បាប់មានសិទ្ធិភណ្ឌិកទាំងឡាយលើអចលនវត្ថុនិងចលនវត្ថុទាំងឡាយដែលបានកំណត់ដោយច្បាប់ជាអចលនវត្ថុ។
មាត្រា ៣ .
edit- ជនគ្រប់រូបត្រូវគោរពទ្រព្យសម្បត្តិរបស់រដ្ឋ និងកម្មសិទ្ធិឯកជនស្របច្បាប់លើអចលនវត្ថុ។
- ការគ្រប់គ្រងផ្នែករដ្ឋបាលសុរិយោដីលើអចលនវត្ថុដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ និងការចេញប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុទូទាំងព្រះរាជាណាចក្រកម្ពុជា ជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
- បទបញ្ជា និងនីតិវិធីនៃការគ្រប់គ្រងអចលនវត្ថុដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនឹងត្រូវកំណត់ដោយអនុក្រឹត្យ។មាតិកាទី ១អំពីកម្មសិទ្ធិឯកជន និង កម្មសិទ្ធិសាធារណៈជំពូកទី ១អំពីគោលការណ៍នៃកម្មសិទ្ធិ
1402
ព្រះរាជក្រម
editនស/រកម/០៨០១/១៤
យើង ព្រះបាទសម្តេច នរោត្តម សីហនុ រាជហរិវង្ស ឧភតោសុជាត វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្តម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី
- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៩ ស្ដីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
- បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រកាសឱ្យប្រើច្បាប់ភូមិបាល ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០១ នាសម័យប្រជុំពេញអង្គលើកទី ៦ នីតិកាលទី ២ ហើយ ដែលព្រឹទ្ធសភាបានអនុម័តយល់ស្របតាមទម្រង់ និង គតិ នៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០០១ នាសម័យប្រជុំពេញអង្គលើកទី ៥ នីតិកាលទី ១ ហើយ ដែលមានសេចក្ដីទាំងស្រុងដូចតទៅ: ច្បាប់ភូមិបាលបទប្បញ្ញត្តិទូទៅ ។
មាត្រា ១ .
- ច្បាប់នេះមានគោលដៅកំណត់អំពីរបបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាការពារសិទ្ធិ នៃកម្មសិទ្ធិ និង សិទ្ធិផ្សេងៗទៀតលើអចលនវត្ថុស្របតាមបទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ២ .
- ចាត់ទុកជាអចលនវត្ថុ តាមន័យ នៃច្បាប់នេះមានអចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនា និង អចលនវត្ថុតាមការកំណត់របស់ច្បាប់ ។ អចលនវត្ថុពីកំណើតមានដីធម្មជាតិដូចជា ដីព្រៃឈើ ដីកាប់រាន ដីដាំដុះ ដីទុកទំនេរ ឬ មិនអាចដាំដុះ ដីលិចទឹកដោយទឹកនៅនឹង ឬ ទឹកហូរ និង សំណង់ ឬ ការរៀបចំទាំងឡាយ ដែលស្ថិតនៅជាប់មួយកន្លែង កើតឡើងដោយអំពើរបស់មនុស្ស ហើយមិនអាចរំកិល ឬ ផ្លាស់ប្ដូរកន្លែងបាន ។ អចលនវត្ថុពីភ័ព្វវាសនាមានវត្ថុ ដែលជាប់នឹងដី ឬ បញ្ចូលជាមួយសំណង់ទាំងឡាយ ដែលមិនអាចបែកចេញបានដោយមិនធ្វើឲ្យមានការខូចខាត ឬ មិនដូរសភាពដើមដូចជា ដើមឈើ ឧបករណ៍តែងលំអជាដើម ។ អចលនវត្ថុតាមការកំណត់របស់ច្បាប់មានសិទ្ធិភណ្ឌិកទាំងឡាយលើអចលនវត្ថុ និង ចលនវត្ថុទាំងឡាយ ដែលបានកំណត់ដោយច្បាប់ជាអចលនវត្ថុ ។
មាត្រា ៣.
- ជនគ្រប់រូបត្រូវគោរពទ្រព្យសម្បត្តិរបស់រដ្ឋ និង កម្មសិទ្ធិឯកជនស្របច្បាប់លើអចលនវត្ថុ ។ ការគ្រប់គ្រងផ្នែករដ្ឋបាលសុរិយោដីលើអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ និង ការចេញប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុទូទាំងព្រះរាជាណាចក្រកម្ពុជា ជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។ បទបញ្ជា និង នីតិវិធី នៃការគ្រប់គ្រងអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនឹងត្រូវកំណត់ដោយអនុក្រឹត្យ ។
មាតិកាទី ១ : អំពីកម្មសិទ្ធិឯកជន និង កម្មសិទ្ធិសាធារណៈ
editជំពូកទី ១ អំពីគោលការណ៍ នៃកម្មសិទ្ធិ
editមាត្រា ៤ .
- សិទ្ធិ នៃកម្មសិទ្ធិ ដែលចែងក្នុងមាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ អនុវត្តទៅលើអចលនវត្ថុទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា តាមលក្ខខណ្ឌ ដែលបានកំណត់ដោយច្បាប់នេះ ។
មាត្រា ៥ .
- គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែនដើម្បីប្រយោជន៍សាធារណៈ ។ ការដកហូតត្រូវធ្វើទៅតាមទម្រង់ និង នីតិវិធីបញ្ញត្តិដោយច្បាប់ និង បទបញ្ជា បន្ទាប់ពីបានផ្ដល់សំណងជាមុនដោយសមរម្យ និង យុត្តិធម៌ ។
មាត្រា ៦ .
- មានតែភោគៈត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះ ដែលអាចនាំឱ្យបានកម្មសិទ្ធិ ។ រដ្ឋក៏អាចផ្ដល់កម្មសិទ្ធិ នៃទ្រព្យអចលនវត្ថុ ដែលជារបស់រដ្ឋក្នុងព្រំដែនជាក់លាក់ ដែលបានកំណត់ដោយច្បាប់នេះដល់រូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលមានសញ្ជាតិខ្មែរ ។ រាល់ការផ្ទេរ ឬ ផ្លាស់ប្ដូរសិទ្ធិ នៃកម្មសិទ្ធិត្រូវធ្វើឡើងតាមវិធាន នៃនីតិរួម នៃការលក់ ការបន្តមរតក ការដូរ ឬ ប្រទានកម្ម ឬ តាមសេចក្ដីសំរេចរបស់តុលាការ ។
មាត្រា ៧ .
- របបកម្មសិទ្ធិលើអចលនវត្ថុមុនឆ្នាំ ១៩៧៩ មិនត្រូវបានទទួលស្គាល់ ។
មាត្រា ៨ .
- មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដី នៃព្រះរាជាណាចក្រកម្ពុជា ។ អ្នកមានឧបនិស្ស័យជាកម្មសិទ្ធិករលើដីនៅកម្ពុជាគឺពលរដ្ឋខ្មែរទាំងអស់ សមូហភាពដែនដីសាធារណៈ គ្រឹះស្ថានសាធារណៈ សហគមន៍ ឬ សមាគមកម្ពុជា សហគ្រាសសាធារណៈ និង ក្រុមហ៊ុនស៊ីវីល ឬ ពាណិជ្ជកម្មកម្ពុជា និង គ្រប់អង្គការកម្ពុជា ដែលបានទទួលស្គាល់ដោយច្បាប់ថាជានីតិបុគ្គល ។ ជនបរទេស ដែលបានក្លែងបន្លំប័ណ្ណសញ្ជាតិដើម្បីឱ្យក្លាយជាកម្មសិទ្ធិករលើដីនៅកម្ពុជានឹងត្រូវផ្ដន្ទាទោសដូចមានចែងក្នុងមាត្រា ២៥១ នៃច្បាប់នេះ ។ ទ្រព្យ ដែលបានមកក្នុងលក្ខខណ្ឌនេះត្រូវរឹបអូសយកទុកជាសម្បត្តិរដ្ឋ ដោយរដ្ឋមិនចេញសំណងឱ្យឡើយ ។
មាត្រា ៩ .
- ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅកម្ពុជា ហើយ ដែលមានភាគហ៊ុនចាប់ពី ៥១%ឡើងទៅ កាន់កាប់ដោយរូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ នីតិបុគ្គល នៃច្បាប់កម្ពុជាអាចជាកម្មសិទ្ធិករ នៃទ្រព្យជាដីបាន ។ មានតែចំនួនភាគរយ នៃប្រាក់ហ៊ុន ដែលមានចែងក្នុងលក្ខន្តិកៈ ក្រុមហ៊ុនប៉ុណ្ណោះទេ ដែលទទួលយកជាការបាន ។ រាល់ការព្រមព្រៀង ដែលចុះហត្ថលេខាជាលក្ខណៈឯកជនរវាងអ្នកចូលហ៊ុនទាំងឡាយ ដែលមានន័យផ្ទុយពីនេះត្រូវទុកជាមោឃៈ និង គ្មានអនុភាព ។ ប្រសិនបើចំនួនភាគរយ ដែលមានចែងក្នុងលក្ខន្តិកៈបានប្រែប្រួលបណ្ដាលឱ្យក្រុមហ៊ុនលែងមានសញ្ជាតិជាខ្មែរ ក្រុមហ៊ុនមានកាតព្វកិច្ចធ្វើការផ្លាស់ប្ដូរលក្ខន្តិកៈឱ្យបានសមស្របតាមស្ថានភាពជាក់ស្ដែង ហើយត្រូវផ្ដល់ពត៌មានទៅស្ថាប័នមានសមត្ថកិច្ចអំពីការប្រែប្រួលនេះដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន ។
មាត្រា ១០ .
- កម្មសិទ្ធិរបស់បុគ្គលតែម្នាក់ទោះជារូបវន្តបុគ្គលក្ដី ឬ នីតិបុគ្គលក្ដីគឺជាកម្មសិទ្ធិឯកត្តជន ។ កម្មសិទ្ធិរបស់បុគ្គលមួយក្រុម ដែលមានបុព្វសិទ្ធិរៀងៗខ្លួន តាមរយៈច្បាប់ ដែលមានបញ្ញត្តិអំពីកម្មសិទ្ធិនេះគឺជាកម្មសិទ្ធិសមូហភាព ។ កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ ដែលអនុវត្តសិទ្ធិរបស់ខ្លួនដោយសាមគ្គីគ្នាទៅលើទ្រព្យទាំងមូលគឺកម្មសិទ្ធិអវិភាគ ។ កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ ដែលអនុវត្តនូវសិទ្ធិឯកជនផ្ដាច់មុខលើភាគខ្លះ នៃទ្រព្យហើយភាគដទៃទៀតហៅថាភាគរួម ត្រូវដាក់នៅក្រោមបទបញ្ជានីត្យានុកូល ឬ តាមការព្រមព្រៀងគឺសហកម្មសិទ្ធិ ។ ប្រភេទ នៃកម្មសិទ្ធិនីមួយៗ ត្រូវបានកំណត់ដោយបទប្បញ្ញត្តិដោយឡែករបស់កម្មសិទ្ធិទាំងនោះ ។
មាត្រា ១១ .
- របបគតិយុត្ដ នៃកម្មសិទ្ធិអចលនវត្ថុប្រែប្រួលទៅតាមតម្រូវការរបស់សង្គមខ្មែរដូចជា ដីកសិកម្ម ព្រៃឈើ ផ្លូវទឹក ត្រពាំង បឹងបួ ឬ ធារទឹក ត្រើយសមុទ្រ ឬ ច្រាំងទន្លេ អចលនវត្ថុក្នុងទីក្រុង និង ដីសម្រាប់សាងសង់តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម ។ ច្បាប់ពិសេសត្រូវបំពេញបទប្បញ្ញត្តិទាំងឡាយ នៃអត្ថបទច្បាប់នេះ ឬ តាំងបដិប្បញ្ញត្តិដើម្បីរក្សានូវការចាំបាច់ខាងសង្គមសេដ្ឋកិច្ច ការរៀបចំដែនដី និង នគរូបនីយកម្ម ។ បទបញ្ជាទាំងឡាយនឹងបញ្ជាក់លំអិតនូវរបបផ្សេងៗ នៃកម្មសិទ្ធិ ដោយគោរពតាមបទប្បញ្ញត្តិ នៃច្បាប់ ។
ជំពូកទី ២ : អំពីកម្មសិទ្ធិសាធារណៈ
editមាត្រា ១២ .
- រដ្ឋជាកម្មសិទ្ធិករ នៃទ្រព្យសម្បត្តិទាំងឡាយក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងក្នុងមាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និង ទ្រព្យនិទាយាទភាពទាំងអស់ ឬ ទ្រព្យ ដែលម្ចាស់ប្រគល់ឲ្យរដ្ឋដោយស្ម័គ្រចិត្ត ឬ ទ្រព្យ ដែលមិនមែនជាកម្មវត្ថុ នៃការយកធ្វើជារបស់ឯកជនតាមច្បាប់ ឬ មិនមែនជាទ្រព្យ ដែលកំពុងកាន់កាប់ជារបស់ឯកជនស្របតាមបទប្បញ្ញត្តិ នៃជំពូកទី ៤ នៃច្បាប់នេះ ។
មាត្រា ១៣ .
- ក្រៅពីរដ្ឋ សមូហភាពដែនដីសាធារណៈ គ្រឹះស្ថានសាធារណៈ និង នីតិបុគ្គល នៃនីតិសាធារណៈ ដែលបានទទួលស្គាល់ដោយច្បាប់ថាជានីតិបុគ្គល អាចជាកម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុក្នុងលក្ខខណ្ឌ ដែលបានកំណត់ក្នុងជំពូកនេះ ។
មាត្រា ១៤ .
- ទ្រព្យមួយចំនួនរបស់រដ្ឋ ឬ របស់សមូហភាពដែនដីសាធារណៈ ដែលត្រូវបានដាក់នៅក្រោមរបបគតិយុត្តពិសេសគឺជាទ្រព្យសម្បត្តិសាធារណៈរបស់នីតិបុគ្គលសាធារណៈ ។ ទ្រព្យមួយចំនួនទៀតត្រូវគ្រប់គ្រងដូចកម្មសិទ្ធិឯកជន និង អាចជាកម្មវត្ថុ នៃកិច្ចការជំនួញ គឺជាទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គលសាធារណៈ ។
មាត្រា ១៥ .
- រាប់ចូលក្នុងសម្បត្តិសាធារណៈរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ :
- ទ្រព្យទាំងឡាយ ដែលបង្ហាញនូវការកើតឡើងពីធម្មជាតិដូចជា ព្រៃឈើផ្លូវទឹក ដែលនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន បឹងធម្មជាតិ ច្រាំងទន្លេ ដែលនាវា ឬ ក្បួនចេញចូលបាន បណ្ដែតបាន និង ត្រើយសមុទ្រ
- ទ្រព្យទាំងឡាយ ដែលជាកម្មវត្ថុ នៃការរៀបចំពិសេសសម្រាប់ប្រយោជន៍ទូទៅដូចជាតីរឋាន កំពង់ផែ ផ្លូវដែក ស្ថានីយរថភ្លើង និង ព្រលានយន្តហោះ
- ទ្រព្យទាំងឡាយណា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈតាមស្ថានភាពពីកំណើត ឬ ក្រោយពីបានរៀបចំដូចជាផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួនច្បារ និង ឧទ្យានសាធារណៈ និង ដីចំណី
- ទ្រព្យទាំងឡាយ ដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់សេវាសាធារណៈដូចជាសាលារៀន ឬ អគារសិក្សាសាធារណៈ អគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈទាំងឡាយ
- ទ្រព្យទាំងឡាយ ដែលបង្កើតជាដែនបំរុងធម្មជាតិការពារដោយច្បាប់
- បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌ និង ប្រវត្តិសាស្ត្រ
- អចលនវត្ថុជាព្រះរាជទ្រព្យ ដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជវង្សានុវង្ស ។ អចលនវត្ថុជាទ្រព្យត្រូវបានចាត់ចែងដោយព្រះមហាក្សត្រ កំពុងគ្រងរាជ្យ ។
មាត្រា ១៦ .
- ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានឡើយហើយ កម្មសិទ្ធិ នៃទ្រព្យទាំងនោះមិនអាចកំណត់អាជ្ញាយុកាលបានទេ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចឋិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេស នៃជំពូកទី ៤ នៃច្បាប់នេះបានទេ ។ ប៉ុន្តែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋអាចជាកម្មវត្ថុ នៃការអនុញ្ញាតឱ្យកាន់កាប់ ឬ ប្រើប្រាស់ជាបណ្ដោះអាសន្ន មិនទៀង ហើយអាចដកហូតវិញបាន បើមិនបានបំពេញកាតព្វកិច្ចបង់ពន្ធផ្សេងៗ លើកលែងតែបានអនុញ្ញាតតាមជំពូកទី ៣ នៃច្បាប់នេះ ។ ការអនុញ្ញាតទាំងនេះមិនអាចប្រែក្លាយទៅជាកម្មសិទ្ធិ ឬ ជាសិទ្ធិភណ្ឌិកជាប្រយោជន៍ដល់អ្នកកាន់កាប់ទ្រព្យទាំងនេះបានឡើយ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផលប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមរយៈច្បាប់អនុបយោគ ។
មាត្រា ១៧ .
- ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ អាចជាកម្មវត្ថុ នៃការលក់ ការដូរ ការបែងចែក ឬ ការផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់ ។ ទ្រព្យទាំងនោះអាចផ្ដល់ឲ្យតាមរយៈភតិសន្យា និង ជាកម្មវត្ថុ នៃកិច្ចសន្យា ដែលបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ ។ លក្ខខណ្ឌទាំងឡាយ និង នីតិវិធី នៃការលក់ និង ការគ្រប់គ្រងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈនឹងកំណត់ដោយអនុក្រឹត្យ ។ គ្មានការលក់ណាមួយអាចត្រូវបានសម្រេចដោយគ្មានអនុក្រឹត្យនេះឡើយ ។ ដីជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចជាកម្មវត្ថុ នៃសម្បទានក្នុងលក្ខខណ្ឌ ដែលមានចែងក្នុងជំពូកទី ៥ នៃច្បាប់នេះ ។ គ្មានការចាប់យកដីតាមទំនើងចិត្តណាមួយ អាចកើតឡើងទៅលើទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ឬ របស់នីតិបុគ្គលសាធារណៈបានឡើយ ចាប់ពីច្បាប់នេះចូលជាធរមាន ទោះបីស្របនឹងជំពូកទី ៤ នៃច្បាប់នេះក៏ដោយ ។ ប៉ុន្តែដីទំនេរ នៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចត្រូវបានបែងចែកទៅឱ្យបុគ្គល ដែលត្រូវការដីក្នុងគោលដៅសង្គមកិច្ចតាមលក្ខខណ្ឌ ដែលកំណត់ដោយអនុក្រឹត្យ ។
មាត្រា ១៨ .
- ត្រូវទុកជាមោឃៈ និង គ្មានអានុភាព ហើយមិនអាចត្រូវបានធ្វើនិយ័តកម្ម ទោះតាមរូបភាពណាក៏ដោយនូវ :
- រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ និង រាល់ការបំប្លែងការកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋទៅជាសិទ្ធិកម្មសិទ្ធិ ទោះបីការកាន់កាប់ និង ការបំប្លែងនេះ
កើតមាននៅពេលណាក៏ដោយ ដែលមិនស្របតាមលិខិតបទដ្ឋានគតិយុត្ត និង នីតិវិធី ដែលបានកំណត់កន្លងមក
- រាល់ការបំប្លែងទៅជាសិទ្ធិកម្មសិទ្ធិ នៃដីសម្បទាន ទោះជាការបំប្លែងនោះកើតឡើងមុនពេលច្បាប់នេះចូលជាធរមានក៏ដោយ លើកលែងតែសម្បទាន ដែលឆ្លើយតបទៅ នឹងប្រយោជន៍សង្គម
- រាល់សម្បទានមិនស្របនឹងបញ្ញត្តិទាំងឡាយ នៃជំពូកទី ៥
- រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ទោះជាតាមរូបភាពណាក៏ដោយ ដែលបានកើតឡើងក្រោយច្បាប់នេះត្រូវចូលជាធរមាន ។
មាត្រា ១៩ .
- បុគ្គលទាំងឡាយ ដែលមានប័ណ្ណ ឬ មានស្ថានភាពជាក់ស្ដែងឋិតនៅក្រោមឥទ្ធិពល នៃមាត្រា ១៨ នៃច្បាប់នេះមិនអាចទាមទារសំណងទូទាត់ ឬ សោហ៊ុយសម្រាប់ការថែទាំ ឬ ការរៀបចំ ដែលបានធ្វើលើអចលនវត្ថុ ដែលបានកាន់កាប់ដោយខុសច្បាប់បានឡើយ ។ លទ្ធកម្មណាមួយដោយខុសច្បាប់ និង ដោយចេតនា ឬ ដោយបោកប្រាស់លើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬ របស់នីតិបុគ្គលសាធារណៈ ត្រូវផ្ដន្ទាទោសដូចមានចែងក្នុងមាត្រា ២៥៩ នៃច្បាប់នេះ ។ ចំពោះការកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ ដែលបណ្ដាលឱ្យខូចខាត ឬ ធ្វើឱ្យយឺតយ៉ាវដល់ការងារ ដែលជាប្រយោជន៍ទូទៅ ពិសេសចំពោះការកាន់កាប់ដីចំណីផ្លូវកំរិតទោសនឹងត្រូវកំណត់ជាទ្វេ ។ ក្នុងគ្រប់ករណី បើជនល្មើសមិនបញ្ឈប់ការកាន់កាប់របស់ខ្លួនក្នុងរយៈពេល ដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចទេ អាជ្ញាធរអាចដំណើរការបណ្ដេញជនល្មើសចេញ ។
ជំពូកទី ៣ : អំពីកម្មសិទ្ធិរបស់សមូហភាព
editផ្នែកទី ១ : អំពីអចលនវត្ថុរបស់វត្ត
editមាត្រា ២០ .
- អចលនវត្ថុជាដី និង ជាសំណង់ ដែលមាននៅក្នុង និង ក្រៅបរិវេណវត្តអារាម នៃព្រះពុទ្ធសាសនាជាបេតិកភ័ណ្ឌប្រើប្រាស់ជានិច្ចកាលសម្រាប់ព្រះពុទ្ធសាសនា និង ដាក់ឱ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មការវត្ត ។
មាត្រា ២១.
- អចលនវត្ថុរបស់វត្តមិនអាចលក់ដូរ ឬ ធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុកាលឡើយ ។ អចលនវត្ថុរបស់វត្តអាចជួល ឬ ប្រវាស់បាន តែផលទុន ដែលបានមកពីការជួល ឬ ប្រវាស់នេះត្រូវទុកសម្រាប់តែកិច្ចការក្នុងសាសនាប៉ុណ្ណោះ ។ កិច្ចការពារទ្រព្យទាំងនេះត្រូវធានាដោយតំណាងគណៈកម្មការវត្ត ។ នីតិវិធី នៃការជ្រើសរើសគណៈកម្មការ និង តំណាងដើម្បីការពារប្រយោជន៍វត្ត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងធម្មការ និង សាសនា ។
មាត្រា ២២ .
- ទីកន្លែងសក្ការបូជា និង ទ្រព្យសម្បត្តិ នៃជំនឿសាសនាដទៃទៀតមិនស្ថិតនៅក្រោមរបប ដែលមានបញ្ញត្តិក្នុងមាត្រា ២០ និងមាត្រា ២១ នៃច្បាប់នេះឡើយ ។ ទ្រព្យទាំងនោះត្រូវគ្រប់គ្រងដោយសមាគម នៃសាសនិក ដែលបង្កើតឡើងទៅតាមបញ្ញត្តិ នៃច្បាប់ ។
ផ្នែកទី ២ : អំពីអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច
editមាត្រា ២៣ .
- សហគមន៍ជនជាតិដើមភាគតិច គឺជាក្រុមមនុស្ស ដែលរស់នៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសមាជិកទាំងអស់បង្ហាញនូវការឯកភាព នៃជាតិពន្ធុ សង្គមវប្បធម៌ និង សេដ្ឋកិច្ចប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និង ដាំដុះលើដី ដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាតទំនៀមទំលាប់ នៃការប្រើប្រាស់ជាសមូហភាព ។ ក្នុងពេលរង់ចាំការកំណត់ខាងផ្លូវច្បាប់នូវលក្ខន្តិកៈរបស់សហគមន៍ ក្រុម ដែលមានជាក់ស្ដែងមកទល់បច្ចុប្បន្ននេះនឹងបន្តគ្រប់គ្រងសហគមន៍ និង អចលនវត្ថុរបស់ខ្លួនតាមប្រពៃណី ហើយត្រូវអនុវត្តតាមបញ្ញត្តិ នៃច្បាប់នេះ ។
មាត្រា ២៤ .
- ចាត់ទុកជាសមាជិក នៃសហគមន៍ជនជាតិដើមភាគតិច ដែលអាចទទួលគុណប្រយោជន៍ពីការធានាសិទ្ធិ និង ការការពារ ដែលរៀបចំឡើងដោយច្បាប់នេះ រាល់បុគ្គល ដែលឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យ នៃជាតិពន្ធុ អំពីវប្បធម៌ និង សង្គមរបស់សហគមន៍ ដែលទទួលស្គាល់ដោយមតិភាគច្រើន នៃសមាជិកដទៃទៀត និង ដោយព្រមទទួលនូវសាមគ្គីភាព និង ភាពចំណុះ ដែលនាំឱ្យមានការចូលរួមក្នុងសហគមន៍ ។
មាត្រា ២៥ .
- ដីសហគមន៍ជនជាតិដើមភាគតិច គឺជាដីទាំងអស់ ដែលសហគមន៍បានរៀបចំនិវេសនដ្ឋាន និង ប្រកបរបរកសិកម្មប្រពៃណី ។ ដីសហគមន៍ជនជាតិដើមភាគតិចមិនមែនមានតែដី ដែលបានដាំដុះជាក់ស្ដែងនោះទេ ប៉ុន្តែមានដីបំរុងចាំបាច់ក្នុងការដូរវេនដំណាំថែមទៀត ដែលតម្រូវទៅតាមរបៀបទាញយកផល ដែលធ្លាប់ធ្វើកន្លងមក ហើយត្រូវបានទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល ។ ការវាស់វែង និង ការកំណត់ព្រំប្រទល់ នៃអចលនវត្ថុរបស់សហគមន៍ទាំងនោះត្រូវកំណត់ទៅតាមស្ថានភាពជាក់ស្ដែងដូចដែលបានអះអាងដោយសហគមន៍ ដោយមានការព្រមព្រៀងពីអ្នកជិតខាង និង ដែលបានកំណត់តាមនីតិវិធីក្នុងមាតិកាទី ៦ នៃច្បាប់នេះនឹងអនុក្រឹត្យពាក់ព័ន្ធ ។
មាត្រា ២៦ .
- កម្មសិទ្ធិ នៃអចលនវត្ថុ ដែលបានចែងក្នុងមាត្រា ២៥ ត្រូវបានផ្ដល់ដោយរដ្ឋជូនសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិសមូហភាព ។ កម្មសិទ្ធិសមូហភាពរួមមានរាល់សិទ្ធិ និង ការការពារកម្មសិទ្ធិដូចកម្មសិទ្ធិឯកជនដែរ ។ ប៉ុន្តែសហគមន៍នោះគ្មានសិទ្ធិចាត់ចែងនូវចំណែកណា មួយ នៃកម្មសិទ្ធិសមូហភាព ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យទៅបុគ្គល ឬ ក្រុមណាមួយបានឡើយ ។ ការអនុវត្តនូវសិទ្ធិជាកម្មសិទ្ធិទាក់ទង និង អចលនវត្ថុរបស់សហគមន៍ និង លក្ខខណ្ឌជាក់លាក់ នៃការប្រើប្រាស់ដីត្រូវស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរ ប្រពៃណី និង យន្តការ នៃការធ្វើសេចក្ដីសំរេចរបស់សហគមន៍ អនុលោមតាមទំនៀមទំលាប់របស់ពួកគេ ហើយត្រូវដាក់ឱ្យនៅក្រោមច្បាប់ នៃការអនុវត្តទូទៅទាក់ទងនឹងអចលនវត្ថុដូចជា ច្បាប់ការពារបរិស្ថានជាដើម ។ បញ្ញត្តិ នៃមាត្រានេះមិនមែនជាឧបស័គ្គដល់សកម្មភាពការងាររបស់រដ្ឋ ដែលជាតម្រូវការ នៃផលប្រយោជន៍ជាតិ ឬ តម្រូវការជាបន្ទាន់របស់ជាតិឡើយ ។
មាត្រា ២៧ .
- ដើម្បីសម្រួលការវិវត្តន៍វប្បធម៌ សេដ្ឋកិច្ច និង សង្គម នៃសមាជិកសហគមន៍ជនជាតិដើមភាគតិច និង ដើម្បីអនុញ្ញាតឱ្យពួកគេបានចេញដោយសេរីពីសហគមន៍ ឬ រួចផុតពីការបង្ខិតបង្ខំសិទ្ធិ នៃកម្មសិទ្ធិឯកត្តជន អាចនឹងត្រូវផ្ទេរជាពិសេសឱ្យពួកគេបានលើចំណែកសមស្របមួយ នៃដី ដែលប្រើ ដោយសហគមន៍ ប៉ុន្តែចំណែក នៃដី ដែលជាកម្មវត្ថុ នៃការយកធ្វើជាកម្មសិទ្ធិឯកជននោះ មិនអាចជាដី ដែលចូលក្នុងនិយមន័យទូទៅ នៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទេ ។
មាត្រា ២៨ .
- គ្មានអាជ្ញាធរណាមួយក្រៅពីសហគមន៍ អាចទទួលបានសិទ្ធិលើអចលនវត្ថុរបស់ជនជាតិដើមភាគតិចបានឡើយ ។
មាតិកាទី ២ : អំពីលទ្ធកម្ម នៃកម្មសិទ្ធិ
editជំពូកទី ៤ : អំពីការបង្កើតឡើងវិញនូវកម្មសិទ្ធិលើអចលនវត្ថុតាមលទ្ធកម្មពិសេស នៃភោគៈ
editមាត្រា ២៩ .
- ក្នុងក្របខ័ណ្ឌ នៃការបង្កើតឡើងវិញនូវកម្មសិទ្ធិលើអចលនវត្ថុនៅកម្ពុជាក្រោយសម័យមានវិបត្តិពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដោយមិនចំណុះទៅនឹងវិធានទូទៅ នៃអាជ្ញាយុកាលស្ដីពីកម្មសិទ្ធិលើអចលនវត្ថុ ភោគៈ នៃអចលនវត្ថុ ដែលត្រូវបានទទួលស្គាល់ចាប់ពីឆ្នាំ ១៩៨៩ អាចបង្កើតជាពិសេសនូវសិទ្ធិភណ្ឌិកលើអចលនវត្ថុ និង នាំទៅដល់លទ្ធកម្ម នៃកម្មសិទ្ធិដោយអ្នកកាន់ទ្រព្យក្នុងលក្ខខណ្ឌ ដែលបានកំណត់ដោយច្បាប់នេះ ។ ការចូលកាន់កាប់ភោគៈត្រូវបញ្ចប់ភោគៈត្រូវបញ្ចប់នៅពេល ដែលច្បាប់នេះចូលជាធរមាន ។
មាត្រា ៣០ .
- បុគ្គលទាំងឡាយ ដែលបានអាស្រ័យផល នៃភោគៈដោយសន្តិវិធី និង មិនមានការជំទាស់ចាប់ពី ៥ (ប្រាំ) ឆ្នាំ យ៉ាងតិចគិតមកដល់កាលបរិច្ឆេទ នៃការប្រកាសឱ្យប្រើច្បាប់នេះលើអចលនវត្ថុ ដែលមានលក្ខណៈត្រឹមត្រូវតាមច្បាប់ក្នុងការកាន់កាប់ជាឯកជន មានសិទ្ធិស្នើសុំប័ណ្ណកម្មសិទ្ធិជាស្ថាពរ ។ ក្នុងករណីមានការជំទាស់ដល់ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្ថាពរនេះ អ្នកតវ៉ាត្រូវយកភស្តុតាងមកបញ្ជាក់ថា ខ្លួនឯងផ្ទាល់បានបំពេញលក្ខខណ្ឌ នៃភោគៈដោយសន្តិវិធី និង មិនមានការជំទាស់ចាប់ពី៥ (ប្រាំ) ឆ្នាំ នៅលើអចលនវត្ថុ ដែលមានទំនាស់ ឬ យកភស្តុតាង ដែលថាខ្លួនបានទិញអចលនវត្ថុនោះពីភោគីដើម ឬ ពីសិទ្ធិវន្តស្របច្បាប់ ឬ អ្នកទទួលផ្ទេរកម្មសិទ្ធិ ឬ ពីសន្តតិជនរបស់ខ្លួន ។
មាត្រា ៣១ .
- បុគ្គល ដែលបានអាស្រ័យផល នៃភោគៈកន្លងមក គិតមកដល់កាលបរិច្ឆេទ ដែលច្បាប់នេះចូលជាធរមាន ប្រសិនបើបានបំពេញគ្រប់គ្រាន់នូវលក្ខខណ្ឌទាំងឡាយក្នុងការក្លាយទៅជាកម្មសិទ្ធិករ អាចត្រូវបានអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ចឱ្យបន្ថែមរយៈពេលកាន់កាប់ភោគៈរបស់ខ្លួនរហូតគ្រប់រយៈពេលស្របច្បាប់ ៥ (ឆ្នាំ) និង បានប័ណ្ណកម្មសិទ្ធិស្ថាពរ ។ ការអនុញ្ញាតឱ្យបន្តរយៈពេលមិនអាចត្រូវបានបដិសេធដោយអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើភោគៈបានមកដោយសន្តិវិធី និង មិនមានការជំទាស់ ។ អាជ្ញាធរមានសមត្ថកិច្ច ដែលបដិសេធដោយរំលោភនូវការអនុញ្ញាតឱ្យបន្តរយៈពេលត្រូវទទួលខុសត្រូវខ្លួនចំពោះមុខច្បាប់ ។ ការទទួលស្គាល់ដោយរំលោភដោយអាជ្ញាធរមានសមត្ថកិច្ច នូវភោគៈ ដែលមិនបំពេញលក្ខខណ្ឌ នៃច្បាប់ ត្រូវចាត់ទុកជាមោឃៈ និង គ្មានអានុភាព ។ អាជ្ញាធរ ដែលបានទទួលស្គាល់ដោយរំលោភនេះ ត្រូវទទួលខុសត្រូវដោយផ្ទាល់ខ្លួនចំពោះមុខច្បាប់ ។
មាត្រា ៣២.
- អចលនវត្ថុទាំងឡាយ ដែលមិនអាចក្លាយជាកម្មសិទ្ធិ នៃអ្នកកាន់កាប់ស្របតាមច្បាប់នេះក្នុងករណីភោគីបំពេញមិនបាននូវលក្ខខណ្ឌ នៃច្បាប់ ដោយហេតុមកពីលក្ខណៈសម្បត្តិរបស់ខ្លួនជាភោគីកេងបន្លំ ឬ ដោយឥរិយាបថរបស់ខ្លួនជាភោគី ដែលលួចលាក់នឹងច្បាប់ ឬ ដែលមិនចេញមុខ ឬ ជាភោគីដោយប្រើហឹង្សា ។ អចលនវត្ថុនោះត្រូវទុកជាសម្បត្តិរដ្ឋ ហើយមិនអាចឱ្យជនណាចូលកាន់កាប់ភោគីថ្មីសម្រាប់លទ្ធកម្ម នៃកម្មសិទ្ធិក្នុងលក្ខខណ្ឌ នៃជំពូកនេះបានឡើយ ។
មាត្រា ៣៣ .
- ក្នុងករណីមានការដកហូតអចលនវត្ថុដោយហឹង្សា ឬ ដោយប្រើអំណាចរំលោភរបស់អាជ្ញាធរ អចលនវត្ថុនោះត្រូវបានបង្វិលមករដ្ឋវិញ ហើយមិនអាចជាកម្មវត្ថុ នៃការកាន់កាប់ថ្មីបានឡើយ ប្រសិនបើគ្មានពាក្យបណ្ដឹងទាមទារពីភោគីស្របច្បាប់ នៃអចលនវត្ថុ ដែលត្រូវបានដកហូត ។ បណ្ដឹងទាមទារនេះមានរយៈពេល ៣ (បី) ឆ្នាំ ចាប់ពីថ្ងៃ ដែលរដ្ឋប្រកាសដកហូត ។
មាត្រា ៣៤.
- អ្នកកាន់កាប់ថ្មីលើអចលនវត្ថុ របស់នីតិបុគ្គលសាធារណៈ ឬ របស់បុគ្គលឯកជនដោយគ្មានប័ណ្ណ ក្រោយច្បាប់នេះចូលជាធរមានត្រូវចាត់ទុកជាអ្នកកាន់កាប់ដោយខុសច្បាប់ ហើយត្រូវទទួលទោសដូចមានចែងក្នុងមាត្រា ២៥៩ នៃច្បាប់នេះ ។
មាត្រា ៣៥.
- មានតែអាជ្ញាធរមានសមត្ថកិច្ចក្នុងនាមរដ្ឋ និង នីតិបុគ្គលសាធារណៈប៉ុណ្ណោះ ដែលអាចឱ្យអ្នកកាន់កាប់អចលនវត្ថុគ្មានប័ណ្ណ ឬ មានប័ណ្ណមិនគ្រប់គ្រាន់ចាកចេញពីទីតាំងអចលនវត្ថុនោះ ។ សាមញ្ញជន ឬ អាជ្ញាធរ ដែលមិនតាងនាមរដ្ឋ ឬ នីតិបុគ្គលសាធារណៈគ្មានសមត្ថកិច្ចដេញអ្នកកាន់កាប់ដោយសន្តិភាព មានប័ណ្ណត្រឹមត្រូវដោយប្រើកម្លាំងបានឡើយ ។ ការដេញអាចធ្វើបានតែតាមការបង្គាប់របស់តុលាការ យោងតាមបណ្ដឹងរបស់បុគ្គល ដែលបានប្ដឹងទាមទារទ្រព្យ ។ តុលាការត្រូវពិនិត្យបញ្ជាក់រូបភាព ប្រភព កាលបរិច្ឆេទ និង លក្ខខណ្ឌទាំងឡាយ នៃប័ណ្ណ ដែលបានបង្ហាញ ។ តុលាការមិនអាចប្រកែកក្នុងការបង្គាប់ឱ្យចាកចេញដើម្បីជាប្រយោជន៍ដល់បុគ្គល ដែលបង្ហាញប័ណ្ណត្រឹមត្រូវ និង ពេញលេញរបស់សុរិយោដីបានឡើយ ។
មាត្រា ៣៦ .
- បើវិធានការបណ្ដេញចេញ បង្គាប់ដោយតុលាការអាចបណ្ដាលឱ្យមានភាពវឹកវរ ឬ មានផលវិបាកធ្ងន់ធ្ងរដល់សង្គម អាជ្ញាធរមានសមត្ថកិច្ចអាចសុំព្យួរការអនុវត្តន៍ជាបណ្ដោះអាសន្នបាន ។
មាត្រា ៣៧ .
- លទ្ធកម្ម នៃកម្មសិទ្ធិលើអចលនវត្ថុដោយភោគៈអាចសម្រេចបាន ចំពោះតែគុណប្រយោជន៍ដល់បុគ្គល ដែលបានកាន់កាប់អចលនវត្ថុ ស្របតាមលក្ខខណ្ឌ នៃច្បាប់នេះ ។ លទ្ធកម្មនេះមិនអាចជាគុណប្រយោជន៍ដល់ភោគីកេងបន្លំឡើយ ។
មាត្រា ៣៨ .
- ដើម្បីក្លាយទៅជាកម្មសិទ្ធិលើអចលនវត្ថុបាន លុះត្រាតែភោគៈនោះត្រូវបានកាន់កាប់ដោយពិតប្រាកដ គ្មានហឹង្សា ដឹងឮជាសាធារណៈ គ្មានអាក់ខាន និង ដោយសុចរិត ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយពិតប្រាកដគឺថា ភោគីទោះកាន់កាប់ដោយខ្លួនឯងក្ដី ឱ្យអ្នកដទៃធ្វើឱ្យក្ដីត្រូវកាន់កាប់ឱ្យឃើញថា ការនោះប្រាកដជាធ្វើដើម្បីខ្លួនក្នុងគោលដៅខ្លួនជាភោគីយ៉ាងផ្ដាច់មុខ កុំឱ្យឃើញថាការ ដែលធ្វើនោះគឺធ្វើដោយសារសិទ្ធិណាមួយផ្សេងទៅវិញ ។ ប្រសិនបើភោគីពិតប្រាកដមិនចេញមុខ នៅពីក្រោយភោគីមិនពិតប្រាកដ ភោគីនោះមិនអាចទាមទារប័ណ្ណភោគៈដើម្បីធ្វើលទ្ធកម្មទៅជាកម្មសិទ្ធិបានឡើយ ។ ភោគៈនោះត្រូវចាត់ទុកជាមោឃៈ ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយគ្មានហិង្សាគឺថា ភោគៈ ដែលបានមកដោយហិង្សាមិនទុកជាភោគៈត្រឹមត្រូវតាមច្បាប់ឡើយ ។ ក៏ប៉ុន្តែ បើកាលណាគេប្រើហិង្សាក្នុងពេលមានតតិយជនឥតសិទ្ធិសោះមកដណ្ដើមនោះ ហិង្សានេះគ្មានឥទ្ធិពលអ្វីទៅលើភោគៈ ដែលគេបានដោយសន្តិភាពតាំងពីដើមមកនោះទេ ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយដឹងឮជាសាធារណៈគឺថា ភោគីត្រូវកាន់កាប់ដោយឥតលាក់បិទបាំងអ្នកទាំងពួង ដែលចង់តវ៉ាអំពីសិទ្ធិរបស់ខ្លួនលើវត្ថុនោះនឹងបានដឹងឮឃើញមិនខាន ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយគ្មានអាក់ខានគឺថាភោគីត្រូវធ្វើនូវកិច្ចការផងទាំងពួងតាមធម្មតាជាប្រក្រតីក្នុងរយៈពេលចាំបាច់ នៃការទាមទារលទ្ធកម្មកម្មសិទ្ធិ ។ ការអាក់ខានក្នុងរយៈពេលខ្លី ឬ បោះបង់ទុកឱ្យនៅទំនេរដើម្បីឱ្យមានជីជាតិឡើងវិញមិនមែនជាឧបសគ្គដល់លទ្ធកម្មកម្មសិទ្ធិនោះទេ ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយសុចរិតគឺថា ភោគីមិនដឹងពីសិទ្ធិជាយថាហេតុរបស់តតិយជនលើវត្ថុ ដែលខ្លួនកំពុងកាន់កាប់នោះសោះ ។
មាត្រា ៣៩ .
- ក្នុងការរង់ចាំដើម្បីឱ្យបានទៅជាកម្មសិទ្ធិពេញលេញ ភោគៈ ដែលស្របតាមបញ្ញត្តិ នៃច្បាប់នេះបង្កើតបានជាកម្មសិទ្ធិភណ្ឌិកលើអចលនវត្ថុ ។ ភោគៈនេះអាចជាកម្មវត្ថុ នៃការផ្លាស់ប្ដូរ ផ្ទេរសិទ្ធិ ឬ ជាកម្មវត្ថុ នៃកិច្ចការជំនួញ ។
មាត្រា ៤០ .
- ក្នុងការរង់ចាំការរៀបចំឡើងវិញនូវប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដី អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុចំពោះភោគៈ ដែលមានកន្លងមក មុនច្បាប់នេះចូលជាធរមាន ។ ប័ណ្ណសំគាល់សិទ្ធិនេះជាវត្ថុតាង នៃសិទ្ធិកាន់កាប់ ប៉ុន្តែមិនមែនជាប័ណ្ណ នៃកម្មសិទ្ធិទេ ហើយក៏មិនមែនជាលិខិត ដែលតវ៉ាមិនបាននោះដែរ ។ ប័ណ្ណសំគាល់សិទ្ធិនេះ អាចនឹងបង្កើតបានជាប័ណ្ណស្ថាពរ នៃកម្មសិទ្ធិ ដែលមានលក្ខណៈ មិនអាចតវ៉ាបាន លុះត្រាតែគ្មានការជំទាស់នៅពេលបង្កើតសៀវភៅគោលបញ្ជីដី ។ ក្នុងករណីមានការជំទាស់ទាមទារ ការកំណត់ថានរណាជាភោគីស្របច្បាប់ នៃអចលនវត្ថុនោះ ត្រូវផ្អែកលើការស៊ើបអង្កេតបន្ថែមនូវរាល់ភស្តុតាង ដែលពាក់ព័ន្ធទាំងអស់ ។ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុគឺជាភស្តុតាងមួយប៉ុន្តែមិនអាចកំណត់តែឯកឯងបានទេ ។
មាត្រា ៤១ .
- ត្រូវហាមឃាត់ការចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលមិនអាចយកធ្វើជារបស់ឯកជនបាន ឬ ដែលមិនបានកាន់កាប់តាមលក្ខខណ្ឌស្របច្បាប់ ។
មាត្រា ៤២ .
- បុគ្គលទាំងឡាយ ដែលមិនបានចុះបញ្ជីភោគៈស្របច្បាប់របស់ខ្លួន ដោយហេតុមិនបានដឹង ឬ ដោយធ្វេសប្រហែស អ្នកនោះនៅតែមានសិទ្ធិត្រូវបានការពារអំណាច នៃមាត្រា ២៩មាត្រា ៣០ និងមាត្រា ៣១ នៃច្បាប់នេះ ។
មាត្រា ៤៣ .
- ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចជាកម្មវត្ថុ នៃលទ្ធកម្មកម្មសិទ្ធិបានឡើយ ទោះក្នុងករណីណាក៏ដោយ ។ ស្ថានភាព នៃអ្នកកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅតែមិនទៀងទាត់ និង ខុសច្បាប់ដ ដែល ប្រសិនជាស្ថានភាពនោះមិនកើតចេញពីការអនុញ្ញាតតាមបែបផែន ដែលបានកំណត់ដោយច្បាប់ទេនោះ ។ បុគ្គលកាន់កាប់ខុសច្បាប់ត្រូវបង្ខំឱ្យចាកចេញជាបន្ទាន់ ហើយត្រូវទទួលទណ្ឌកម្ម ដែលបានកំណត់ក្នុងមាត្រា ២៥៩ នៃច្បាប់នេះ ។ បុគ្គលកាន់កាប់ខុសច្បាប់គ្មានសិទ្ធិទាមទារសំណងសម្រាប់ចំណាយលើការងារ និង ការកែលំអ ដែលខ្លួនបានធ្វើនៅលើអចលនវត្ថុនោះឡើយ ។
មាត្រា ៤៤ .
- ប័ណ្ណ ឬ ឯកសារសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬ របស់នីតិបុគ្គលសាធារណៈ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចឱ្យដល់បុគ្គលឯកជន ត្រូវទុកជាមោឃៈ និង គ្មានតម្លៃគតិយុត្ត ។ ភ្នាក់ងារ ដែលចេញប័ណ្ណ ឬ ឯកសារសំគាល់សិទ្ធិកាន់កាប់នេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងខាងស៊ីវិល និង ព្រហ្មទណ្ឌ ។ អាជ្ញាធរ ដែលព្រងើយកន្តើយចំពោះការរំលោភខុសច្បាប់តាមរបៀបនេះ ដែលខ្លួនបានដឹងចាត់ទុកជាអ្នករួមគំនិត ហើយត្រូវទទួលទោសដូចគ្នានឹងចារីដែរ ។
មាត្រា ៤៥ .
- ក្នុងករណី ដែលអាជ្ញាធរមានសមត្ថកិច្ចមិនព្រមចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុអ្នកកាន់កាប់អចលនវត្ថុនោះអាចធ្វើពាក្យប្ដឹងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។
មាត្រា ៤៦ .
- ការចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុដោយអាជ្ញាធរមានសមត្ថកិច្ច ឱ្យបុគ្គលក្រៅពីភោគីពិតប្រាកដដ ដែលបានកាន់កាប់អចលនវត្ថុ គឺជាបទល្មើស ដែលត្រូវទទួលទោសតាមបញ្ញត្តិ នៃមាត្រា ២៦១ នៃច្បាប់នេះ ។
មាត្រា ៤៧ .
- វិវាទរវាងភោគីចំពោះអចលនវត្ថុមួយ នឹងត្រូវដាក់ឱ្យធ្វើការស៊ើបអង្កេត និង ដោះស្រាយតាមនីតិវិធី ដែលបានកំណត់ ។ លទ្ធផល នៃការស៊ើបអង្កេតត្រូវដាក់ជូនគណៈកម្មការសុរិយោដី ដែលបង្កើតឡើងនៅក្រសួងរៀបចំដែនដី នគរូបនីកម្ម និង សំណង់ ។ គណៈកម្មការនេះត្រូវធ្វើសេចក្ដីសំរេចលើបដិវាទកម្មនោះ ។ ក្នុងករណីមិនសុខចិត្តគូវិវាទ អាចប្ដឹងទៅតុលាការបាន ។ ការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈកម្មការនេះ ត្រូវកំណត់ ដោយអនុក្រឹត្យ ។
ជំពូកទី ៥ : អំពីសម្បទានដី
editមាត្រា ៤៨ .
- សម្បទានដីជាសិទ្ធិស្របច្បាប់ ដែលបានចែងក្នុងឯកសារគតិយុត្តចេញដោយអាជ្ញាធរមានសមត្ថកិច្ច តាមអំណាចឆន្ទានុសិទ្ធិឱ្យរូបវន្តបុគ្គល ឬ នីតិបុគ្គល ឬ ក្រុមមនុស្សដើម្បីកាន់កាប់ដី និង ប្រើប្រាស់សិទ្ធិលើដីនោះតាមការកំណត់ នៃច្បាប់នេះ ។
មាត្រា ៤៩ .
- សម្បទានដីត្រូវឆ្លើយតបទៅនឹងប្រយោជន៍សង្គម ឬ ទៅនឹងប្រយោជន៍សេដ្ឋកិច្ច ។ សម្បទានដីឆ្លើយតបទៅនឹងប្រយោជន៍សង្គម អនុញ្ញាតឱ្យអ្នកទទួលប្រយោជន៍រៀបចំដីដើម្បីសង់លំនៅឋាន ឬ / និង ដាំដំណាំនៅលើដី ដែលជាកម្មសិទ្ធិរបស់រដ្ឋដើម្បីធានាការចិញ្ចឹមជីវិត ។ សម្បទានដីឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច អនុញ្ញាតឱ្យអ្នកទទួលប្រយោជន៍កាប់ឆ្ការ ទាញយកផលដោយធ្វើអាជីវកម្មកសិឧស្សាហកម្មលើដី នៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ៥០ .
- សម្បទានអាចមានរូបភាពផ្សេងទៀតដូចជាការអនុញ្ញាតឱ្យប្រើប្រាស់ រៀបចំ ឬ ធ្វើអាជីវកម្មដី ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ទោះជាភ្ជាប់ ឬ មិនភ្ជាប់ទៅនឹងការបំពេញសេវាសាធារណៈក៏ដោយមានជាអាទិ៍ សម្បទានរ៉ែ សម្បទានកំពង់ផែ សម្បទានព្រលានយន្ដហោះ សម្បទានរៀបចំតំបន់ឧស្សាហកម្ម សម្បទាននេសាទ ។ សម្បទានទាំងនេះមិនឋិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់នេះទេ ។
មាត្រា ៥១ .
- សម្បទានដីមិនអាចប្រគល់ឱ្យដោយឥតគិតថ្លៃទេ លើកលែងតែសម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម ដែលប្រគល់ឱ្យគ្រួសារក្រីក្រសម្រាប់តាំងទីលំនៅ ឬ / និង ដាំដំណាំចិញ្ចឹមជីវិត ។
មាត្រា ៥២ .
- សម្បទានដីអាចបង្កើតបានតែសិទ្ធិក្នុងរយៈពេលមួយជាកំណត់តាមកិច្ចសន្យា ដែលបានបង្កើតសម្បទាននោះស្របតាមបញ្ញត្តិ នៃច្បាប់នេះ ។ សម្បទានដីមិនអាចឈានដល់ការបង្កើតនូវសិទ្ធិជាកម្មសិទ្ធិលើដី ដែលបានផ្តល់ជាសម្បទានជាប្រយោជន៍ដល់សាមីជននោះទេ លើកលែងតែចំពោះសម្បទាន ដែលឆ្លើយតបទៅនឹងប្រយោជន៍សង្គម ។
មាត្រា ៥៣ .
- សម្បទានដីមិនអាចកើតចេញពីស្ថានភាពកាន់កាប់ដីជាក់ស្ដែងបានទេ ។ សម្បទានដីត្រូវសំអាងលើលិខិតគតិយុត្តជាក់លាក់ ដែលបានចេញមុនការកាន់កាប់ដីដោយអាជ្ញាធរមានសមត្ថកិច្ចគឺរដ្ឋ ឬ សមូហភាពដែនដីសាធារណៈ ឬ គ្រឹះស្ថានសាធារណៈ ដែលជាកម្មសិទ្ធិករ នៃដី ដែលត្រូវបានផ្តល់ជាសម្បទាន ។ សម្បទានត្រូវតែចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។
មាត្រា ៥៤ .
- សម្បទានដីត្រូវមានលក្ខខណ្ឌ ។ សម្បទានត្រូវតែអនុលោមទៅតាមបទប្បញ្ញត្តិ នៃច្បាប់នេះ ដែលជាសណ្ដាប់ធ្នាប់សាធារណៈ ។ លិខិតសម្បទានអាចមានខដោយឡែកផ្សេងទៀត ដែលមានតម្លៃជាកិច្ចសន្យា ។
មាត្រា ៥៥ .
- សម្បទានដីត្រូវបានដកហូតវិញដោយសេចក្ដីសំរេចខាងរដ្ឋបាល ក្នុងករណីលក្ខខណ្ឌច្បាប់មិនត្រូវបានគោរព ។ ករណីនេះសម្បទានិកមានសិទ្ធិប្ដឹងទៅតុលាការតាមនីតិវិធី ដែលច្បាប់បានកំណត់ ។ សម្បទានដីអាចត្រូវបានទុកជាមោឃៈដោយតុលាការ កាលបើសម្បទានិកមិនគោរពខដោយឡែក ដែលមានចែងក្នុងកិច្ចសន្យា ។
មាត្រា ៥៦ .
- សិទ្ធិរបស់សម្បទានិកលើដី ដែលបានផ្តល់ជាសម្បទានក្នុងអំឡុងពេល នៃសម្បទាន គឺជាសិទ្ធិ ដែលទទួលស្គាល់ដូចជាកម្មសិទ្ធិករ លើកលែងតែការផ្ទេរសិទ្ធិ ។ សម្បទានិកមានសិទ្ធិជាពិសេសក្នុងការការពារស្ថានភាពរបស់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ច ។ សម្បទានិកអាចការពារដី ដែលបានផ្តល់ជាសម្បទានឱ្យខ្លួនចំពោះការទន្ទ្រាន ឬ ការប៉ះពាល់ទោះជាតាមរូបភាពណាក៏ដោយ ។ សម្បទានិកអាចទាញយកនូវផលិតផលពីដីរបស់ខ្លួនធ្វើការរៀបចំដាំដុះស្របតាមគោលបំណង នៃសម្បទាន ។ សម្បទានិកមិនអាចកែប្រែគោលបំណង នៃសម្បទានធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធធម្មជាតិ និង ធ្វើអាជីវកម្ម ដែលមានលក្ខណៈជាការបំផ្លាញនៅចុងបញ្ចប់ នៃសម្បទានបានឡើយ ។
មាត្រា ៥៧ .
- ការផ្ទេរដីសម្បទានមិនអាចធ្វើឡើងតាមរយៈការផ្ទេរសិទ្ធិបានឡើយ ។ ការផ្ទេរដីសម្បទាន អាចកើតឡើងតែតាមរយៈការបង្កើតកិច្ចសន្យាថ្មី នៃសម្បទានដោយអាជ្ញាធរមានសមត្ថកិច្ច ជាគុណប្រយោជន៍ដល់អ្នកទទួលសិទ្ធិសម្បទានថ្មី ។ ក្នុងករណី ដែលសម្បទានិកទទួលមរណភាព ទាយាទទាំងឡាយរបស់ខ្មោចប្រសិនជាមានបំណង អាចនឹងបន្តប្រើប្រាស់សិទ្ធិទាំងនោះក្នុងរយៈពេលសម្បទាន ដែលនៅសល់ ។
មាត្រា ៥៨ .
- សម្បទានដីអាចធ្វើឡើងបានតែនៅលើដី ដែលជាចំណែក នៃទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ។ សម្បទានដីមិនអាចប៉ះពាល់ផ្លូវគមនាគមន៍ ដីចំណីផ្លូវ និង ដីចាំបាច់សម្រាប់ថែទាំក៏ដូចជាផ្លូវទឹក ត្រពាំង បឹង និង ដែនទឹកបំរុង ដែលមានប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ ។
មាត្រា ៥៩ .
- សម្បទានដីមានទំហំច្រើនបំផុតត្រឹមតែ ១០.០០០ (មួយម៉ឺន) ហិកតា ។ សម្បទានដី ដែលសំរេចហើយ ហើយមានទំហំលើសពីទំហំកំណត់ខាងលើ ជាកម្មវត្ថុ នៃការកាត់បន្ថយ ។ ប៉ុន្តែប្រសិនបើការកាត់បន្ថយនេះមានឥទ្ធិពលធ្វើឱ្យខូចប្រយោជន៍អាជីវកម្ម ដែលកំពុងមានដំណើរការ សម្បទានិកអាចនឹងទទួលបានការលើកលែងជាពិសេស ។ នីតិវិធី នៃការកាត់បន្ថយ និង ការលើកលែងជាពិសេសត្រូវកំណត់ដោយអនុក្រឹត្យ ។ ត្រូវបានហាមឃាត់ការចេញលិខិតសម្បទានដីច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬ ឱ្យនីតិបុគ្គលច្រើន តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬ នីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំ ដែលបានកំណត់នៅវាក្យខ័ណ្ឌខាងលើ ។
មាត្រា ៦០ .
- នីតិវិធី នៃការផ្តល់សម្បទានដីសម្រាប់ការសង់លំនៅឋាន និង សម្បទានដីកសិកម្មសម្រាប់ការចិញ្ចឹមជីវិត ឬ អាជីវកម្មកសិឧស្សាហកម្មត្រូវកំណត់ដោយអនុក្រឹត្យ ។
មាត្រា ៦១.
- រយៈពេល នៃសម្បទានដីត្រូវកំណត់ ៩៩ (កៅសិបប្រាំបួន) ឆ្នាំ យ៉ាងច្រើន ។
មាត្រា ៦២ .
- រាល់សម្បទានដីសម្រាប់ដាំដំណាំឧស្សាហកម្ម ត្រូវចាប់ផ្ដើមធ្វើអាជីវកម្មក្នុងរយៈពេល១២ (ដប់ពីរ) ខែ បន្ទាប់ពីការផ្តល់សម្បទាន បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ ។ ការខកខានធ្វើអាជីវកម្មរយៈពេលលើសពី ១២ (ដប់ពីរ) ខែ នាំឱ្យមានមោឃភាពសម្បទានប្រសិនបើការខកខាននោះពុំមានមូលហេតុត្រឹមត្រូវ ។ រាល់សម្បទានដី ដែលបានផ្តល់ឱ្យមុនច្បាប់នេះចូលជាធរមាន ហើយមិនបានធ្វើអាជីវកម្មចាប់ពី ១២ (ដប់ពីរ) ខែ ឡើងទៅ គិតពីថ្ងៃ ដែលច្បាប់នេះចូលជាធរមាន ត្រូវទុកជាមោឃៈប្រសិនបើការខកខានមិនបានធ្វើអាជីវកម្មនោះពុំមានមូលហេតុត្រឹមត្រូវ ។ រាល់ការមិនបានបំពេញកិច្ចតាមសៀវភៅបន្ទុកដោយសម្បទានិក នាំឱ្យមានការដកហូតសម្បទា ។ ក្នុងករណី នៃការដកហូតសម្បទាន ទោះជាមានមូលហេតុអ្វីក៏ដោយសម្បទានិកគ្មានសិទ្ធិទារសំណង នៃការខូចខាតណាមួយឡើយ ។
ជំពូកទី ៦ : អំពីរបៀបលទ្ធកម្ម នៃកម្មសិទ្ធិ
editមាត្រា ៦៣ .
- ការផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងបុគ្គលឯកជនតាមរយៈការលក់ ការដូរ ការធ្វើអំណោយ ឬ តាមរយៈសន្តតិកម្មត្រូវអនុវត្តតាមបញ្ញត្តិ នៃច្បាប់ ។
ផ្នែកទី ១ : អំពីលទ្ធកម្មដោយការលក់អចលនវត្ថុ
editមាត្រា ៦៤ .
- ការលក់អចលនវត្ថុគឺជាកិច្ចសន្យា ដែលអនុញ្ញាតឱ្យផ្ទេរសិទ្ធិជាកម្មសិទ្ធិ នៃអចលនវត្ថុពីអ្នកលក់ឱ្យអ្នកទិញ ដោយអ្នកទិញត្រូវបង់ប្រាក់ថ្លៃអចលនវត្ថុនោះទៅឱ្យអ្នកលក់ ។
មាត្រា ៦៥ .
- ការផ្ទេរកម្មសិទ្ធិមិនអាចជំទាស់ពីតតិយជនបាន លុះត្រាតែកិច្ចសន្យាលក់អចលនវត្ថុត្រូវបានធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់លិខិតយថាភូតធ្វើដោយអាជ្ញាធរមានសមត្ថកិច្ចហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី ។ កិច្ចសន្យាលក់តែឯកឯង មិនអាចចាត់ទុកជាការផ្ទេរកម្មសិទ្ធិទ្រព្យនោះពេញលក្ខណៈច្បាប់បានឡើយ ។
មាត្រា ៦៦ .
- បុគ្គល ដែលមានសញ្ជាតិខ្មែរ និង មានសមត្ថភាពចុះកិច្ចសន្យាអាចលក់ ឬ ទិញទ្រព្យជាអចលនវត្ថុបាន ។ បុគ្គល ដែលមិនអាចលក់បានគឺ :
- បុគ្គល ដែលមិនមែនជាកម្មសិទ្ធិករ នៃទ្រព្យ ដែលត្រូវលក់
- កម្មសិទ្ធិករ នៃទ្រព្យអវិភាគដោយគ្មានការយល់ព្រមពីកម្មសិទ្ធិករអវិភាគផ្សេងទៀត
- បុគ្គល ដែលមានអចលនវត្ថុជាកម្មវត្ថុ នៃការរឹបអូស ។
បុគ្គល ដែលមិនអាចទិញបានគឺ:
- អាណាព្យាបាលមិនអាចទិញទ្រព្យរបស់បាលិតខ្លួន
- ហិតូបត្ថម្ភកៈមិនអាចទិញទ្រព្យ ដែលខ្លួនគ្រប់គ្រង
- ចៅក្រម ឬ ភ្នាក់ងាររដ្ឋបាលមិនអាចទិញទ្រព្យ ដែលយុត្តាធិការរបស់ខ្លួន ឬ ដែលខ្លួនមានបេសកកម្មលក់
- បុគ្គល ដែលមានទ្រព្យត្រូវរឹបអូសមិនអាចទិញទ្រព្យនោះវិញបានទេ ។
មាត្រា ៦៧ .
- ការលក់រវាងសហព័ទ្ធត្រូវទុកជាមោឃៈ ។
មាត្រា ៦៨ .
- អ្នកលក់ត្រូវធានាជាមួយអ្នកទិញ ក្នុងកិច្ចសន្យា ចំពោះអចលនវត្ថុ ដែលកល់នូវរាល់វិការៈអាថ៌កំបាំងសំខាន់ៗ បើពុំនោះទេនាំឱ្យមានកតិកាភេទ នៃការលក់ ។
មាត្រា ៦៩ .
- ការផ្ទេរកម្មសិទ្ធិត្រូវចាត់ទុកជាបានសម្រេច ចាប់ពីពេល ដែលបានចុះបញ្ជីកិច្ចសន្យានោះនៅ អង្គភាពសុរិយោដី ។ ថ្លៃលក់ត្រូវតែចុះក្នុងកិច្ចសន្យាលក់ បើមិនដូច្នោះទេកិច្ចសន្យាលក់នោះត្រូវទុកជាមោឃៈ ។
កិច្ចសន្យាលក់អចលនវត្ថុនឹងអាចចុះបញ្ជីបាន លុះត្រាតែភាគីទាំងអស់បានបង្ហាញភស្តុតាងថារាល់ពន្ធដារលើទ្រព្យនោះត្រូវបានបង់រួច ។
ផ្នែកទី ២ : អំពីលទ្ធកម្មដោយការដូរអចលនវត្ថុ
editមាត្រា ៧០.
- ការដូរអចលនវត្ថុ គឺជាកិច្ចសន្យា ដែលភាគីទាំងសងខាងព្រមព្រៀងឱ្យអចលនវត្ថុគ្នាទៅវិញទៅមក ។
ការដូរអចលនវត្ថុអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ នៃទ្រព្យជាអចលនវត្ថុបាន ។
ការដូរនេះត្រូវមានលក្ខខណ្ឌដូចគ្នានឹងការលក់ដែរ ។
ផ្នែកទី ៣ : អំពីលទ្ធកម្មដោយសន្តតិកម្ម
editមាត្រា ៧១ .
- អាចផ្ទេរតាមរយៈសន្តតិកម្មឥតបណ្ដាំ សន្តតិកម្មមានបណ្ដាំ ឬ អច្ចយទាននូវ:
- ទ្រព្យជាអចលនវត្ថុ ដែលប័ណ្ណកម្មសិទ្ធិត្រូវបានរៀបចំជាស្ថាពរស្របតាមបញ្ញត្តិទាំងឡាយ នៃច្បាប់នេះ
- ភោគៈទាំងឡាយស្របតាមច្បាប់ដោយយោងទៅលើប័ណ្ណ ឬ ឯកសារគតិយុត្ត ឬ ភស្តុតាងផ្សេងៗទៀត
- រាល់អវយវភេទ នៃកម្មសិទ្ធិ និង រាល់សិទ្ធិភណ្ឌិកអចលនវត្ថុ ។
មាត្រា ៧២ .
- ក្នុងករណីសន្តតិកម្ម ការគិតរយៈពេលចាំបាច់ នៃការកាន់កាប់អចលនវត្ថុសម្រាប់លទ្ធកម្មកម្មសិទ្ធិពេញលេញដូច ដែលបានបញ្ញត្តិក្នុងមាត្រា ៣០ និងមាត្រា ៣១ នៃច្បាប់ នេះត្រូវរាប់ចាប់ពីពេល ដែលខ្មោចបានចូលកាន់កាប់ទ្រព្យនោះ ។
មាត្រា ៧៣ .
- ទ្រព្យជាអចលនវត្ថុ ដែលគ្រាន់តែកាន់កាប់ដោយជាក់ស្ដែង ហើយមិនទាន់បានចុះបញ្ជី ឬ បញ្ជាក់ដោយលិខិតរដ្ឋបាល ប៉ុន្តែត្រូវបានកាន់កាប់ស្របតាមលក្ខខណ្ឌ នៃច្បាប់ ក៏អាចជាកម្មវត្ថុ នៃការផ្ទេរតាមសន្តតិកម្មបានដែរ ។
មាត្រា ៧៤ .
- ក្នុងករណីទ្រព្យកាន់កាប់គ្មានប័ណ្ណត្រូវបានផ្ទេរតាមរយៈសន្តតិកម្ម ទាយាទ ដែលជាអ្នកកាន់កាប់ថ្មីអាចបន្តចាត់ចែងទ្រព្យនោះ និង ទទួលបាននូវកិច្ចការពារ ដោយហេតុថាស្ថានភាពរបស់ខ្លួនឆ្លើយតបទៅនឹងលក្ខខណ្ឌ នៃច្បាប់ ។
ក្នុងករណីនេះ អាជ្ញាធរមានសមត្ថកិច្ច ឬ ជនណាក៏ដោយមិនអាចយកលេសពីស្ថានភាព នៃការកាន់កាប់ជាក់ស្ដែងរបស់ខ្មោច ឬ យកលេសពីការខ្វះនូវការជំរះមរតកត្រឹមត្រូវ ដើម្បីធ្វើឱ្យប៉ះពាល់សិទ្ធិ នៃទាយាទ និង ជាពិសេសដើម្បីបដិសេធការទទួលស្គាល់ ឬ មិនបញ្ជាក់ការកាន់កាប់របស់គេបានឡើយ ។
មាត្រា ៧៥ .
- កាលបើអចលនវត្ថុជាមរតកប្រើប្រាស់សម្រាប់ជាលំនៅឋាន នៃគ្រួសាររបស់ខ្មោច ឬ ដីប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ជីវភាពដោយផ្ទាល់ ទាយាទមិនអាចសុំបែងចែក ឬ សម្រេចលក់ទ្រព្យនោះទេ លើកលែងមានការយល់ព្រមដោយច្បាស់ពីសហទាយាទទាំងអស់ ។ ក្នុងករណីមានការជំទាស់អំពីការបែងចែកមរតក សហទាយាទមានសិទ្ធិប្ដឹងទៅតុលាការដើម្បីសុំឱ្យដោះស្រាយទំនាស់នេះ ។
ការលក់ចំណែកសិទ្ធិរបស់សហទាយាទណាម្នាក់ត្រូវទុកជាមោឃៈ ប្រសិនបើគ្មានការយល់ព្រមច្បាស់លាស់ពីសហទាយាទទាំងអស់ ។ ម្យ៉ាងទៀតចំពោះសហទាយាទ ដែលបានលក់ចំណែកសិទ្ធិរបស់ខ្លួននេះត្រូវបាត់បង់សិទ្ធិ នៃសន្តតិកម្មលើទ្រព្យ ដែលបានលក់ ។ សហទាយាទណាម្នាក់ ដែលបានបំពានការហាមលក់មរតកនេះ ត្រូវទទួលខុសត្រូវតែម្នាក់ឯងលើអំពើរបស់ខ្លួនចំពោះអ្នកទិញ ។
មាត្រា ៧៦ .
- ទាយាទទាំងឡាយ ដែលមិនអាចបន្តនិរន្តរភាព នៃការកាន់កាប់ទ្រព្យជាមរតកបាន ដោយជាក់ស្ដែង ឬ ដោយគតិយុត្ត ឬ មិនចង់ទទួលបន្ទុកដោយខ្លួនឯង អាចធ្វើការផ្ទេរ ដោយប្រគល់សិទ្ធិឱ្យតតិយជនបាន ។
មាត្រា ៧៧ .
- បើអ្នកទទួលសម្បទានដីឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ចមិនមែនជាក្រុមហ៊ុន ហើយមានប័ណ្ណអចលនវត្ថុកាន់កាប់ដោយរូបវន្តបុគ្គលម្នាក់ ដែលទទួលមរណភាព សម្បទាននោះមិនអាចជាកម្មវត្ថុ នៃការបែងចែកដោយគ្មានការយល់ព្រមពីអាជ្ញាធររដ្ឋបាល ដែលបានផ្ដល់សម្បទានបានឡើយ ។
មាត្រា ៧៨ .
- ទ្រព្យទាំងឡាយ ដែលកម្មសិទ្ធិករស្លាប់ដោយគ្មានបន្សល់ទុកនូវទាយាទ ឬ អច្ចយលាភីត្រូវត្រឡប់មកជារបស់រដ្ឋ ហើយត្រូវបញ្ចូលក្នុងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។
មាត្រា ៧៩ .
- ការចាត់ចែងមរតកត្រូវស្ថិតនៅក្រោមវិធានទាំងឡាយ នៃទំលាប់ប្រពៃណីក្នុងរឿងនេះក្នុងពេលរង់ចាំការប្រកាសឱ្យប្រើក្រមរដ្ឋប្បវេណីថ្មី ។
ផ្នែកទី ៤ : អំពីលទ្ធកម្មដោយប្រទានកម្ម
editមាត្រា ៨០ .
- ប្រទានកម្មគឺជាកិច្ចសន្យា ដែលជនម្នាក់ហៅថាអ្នកឲ្យ ឬ ទាយកផ្ទេរនូវកម្មសិទ្ធិ នៃទ្រព្យរបស់ខ្លួនឱ្យទៅជនម្នាក់ទៀតហៅថាអ្នកទទួល ឬ បដិគ្គាហក ដែលព្រមទួលយកទ្រព្យនោះ ។
មាត្រា ៨១ .
- ប្រទានកម្មអចលនវត្ថុមិនអាចត្រូវបានជំទាស់ពីតតិយជនបាន លុះត្រាតែប្រទានកម្មនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់លិខិតយថាភូត ហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី ។
មាត្រា ៨២ .
- អចលនវត្ថុអាចជាកម្មវត្ថុ នៃប្រទានកម្មរវាងអ្នកនៅរស់ ឬ ប្រទានកម្មដោយហេតុមរណៈ ឬ អច្ចយទាន ។ ប្រសិនបើជាប្រទានកម្មទៅវិញទៅមក ប្រតិបត្តិការនេះបង្កើតបានជាការប្ដូរ ។
មាត្រា ៨៣.
- រដ្ឋអាចធ្វើអំណោយជាអចលនវត្ថុចំពោះតែរូបវន្តបុគ្គលដោយហេតុផលសង្គមកិច្ច ដើម្បីឱ្យស្នាក់នៅ ឬ ដាំដំណាំចិញ្ចឹមជីវិត ។ តម្លៃអចលនវត្ថុ ដែលផ្ដល់ឱ្យត្រូវបានកំណត់សមស្របទៅនឹងគោលដៅណាមួយ ដែលចង់បាន និង មិនអនុញ្ញាតឱ្យកេងយកកំរៃ ឬ ធ្វើមានបានមិនស្របទៅនឹងកំរិតជីវភាពសង្គម នៃអ្នកទទួល ។
ប្រទានកម្ម ដែលរដ្ឋបានធ្វើពីមុនមកហើយមិនអាចសើរើបានឡើយ ។
មាត្រា ៨៤ .
- ប្រទានកម្មជាអចលនវត្ថុមិនអាចដកហូតមកវិញបានឡើយ នៅពេល ដែលមានការព្រមទទួលហើយនោះ ។ ប្រទានកម្មនេះអាចធ្វើការផ្ទេរសិទ្ធិកម្មសិទ្ធិបានភ្លាម ។ ប៉ុន្តែទាយកអាចរក្សាទុកសម្រាប់ខ្លួននូវសិទ្ធិផលុបភោគ នៃទ្រព្យ សិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ នៃអចលនវត្ថុ ដែលត្រូវចែងក្នុងកិច្ចសន្យា និង ត្រូវចុះបញ្ជីនៅអង្គភាពសុរិយោដី ។
មាតិកាទី ៣ : អំពីរបបកម្មសិទ្ធិឯកជន
editជំពូកទី ៧ : អំពីសិទ្ធិ និង កាតព្វកិច្ច នៃកម្មសិទ្ធិករ
editផ្នែកទី ១ : អំពីការអាស្រ័យផល នៃកម្មសិទ្ធិ
editមាត្រា ៨៥ .
- កម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និង ចាត់ចែងទ្រព្យរបស់ខ្លួនផ្ដាច់មុខ និង ទូលំទូលាយ កុំឱ្យតែយកទ្រព្យនោះទៅប្រើប្រាស់ក្នុងបទណាមួយ ដែលច្បាប់បានហាមឃាត់ ។
មាត្រា ៨៦ .
- កម្មសិទ្ធិករ នៃទ្រព្យមិនអាចប្រើប្រាស់ទ្រព្យនោះក្នុងគោលដៅព្យាបាទ ឬ រំខានដល់តតិយជន និង ជាពិសេសដល់អ្នកជិតខាងរបស់ខ្លួនបានឡើយ ។
ការប្រើប្រាស់ទ្រព្យជាធម្មតា ដែលមានចរិតធម្មានុរូបមិនអាចចាត់ទុកជាការរំខាន ដែលបណ្ដាលឱ្យរាំងស្ទះដល់ការប្រើប្រាស់ទ្រព្យនោះបានឡើយ ។
មាត្រា ៨៧ .
- កម្មសិទ្ធិករ នៃដីអាចធ្វើនៅលើដី រាល់ការដាំដុះ ការរៀបចំ និង ការសាងសង់តាមបំណងរបស់ខ្លួនលើកលែងតែមានច្បាប់ហាមឃាត់ ។ ការរៀបចំ ឬ ការសាងសង់ទាំងនោះជាកម្មសិទ្ធិរបស់ខ្លួនទាំងអស់ស្របតាមបញ្ញត្តិ នៃផ្នែកទី ៣ នៃជំពូកនេះ ។
មាត្រា ៨៨ .
- កម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុអាចរៀបចំ ឬ កែប្រែបានដោយសេរីនូវប្រភេទ និង រចនាសម្ព័ន្ធដើម នៃទ្រព្យរបស់ខ្លួន ស្របតាមការប្រើប្រាស់ ដែលខ្លួនចង់ធ្វើតាមការកំណត់ នៃច្បាប់ ។
មាត្រា ៨៩ .
- ចាត់ទុកជាការកែប្រែប្រភេទ ឬ រចនាសម្ព័ន្ធដើម នៃទ្រព្យជាអចលនវត្ថុក្នុងន័យ នៃច្បាប់នេះមានជាអាទិ៍ ការគាស់រានដី ការកាប់ព្រៃឈើ ការដាំដំណាំលើដីនោះ ការចាក់បំពេញដី ការឈូសពង្រាបភ្នំ ការជីករុករក ការជីកយកដីចេញ ការជីកអណ្ដូងរ៉ែ ឬ កន្លែងយកថ្ម ការរៀបចំ ឬ ការធ្វើឱ្យស្ងួតដែនវារីជាតិ ការរៀបចំដីកសិកម្មទៅជាទីប្រជុំជន ការបង្កើតតំបន់ឧស្សាហកម្ម និង ការបង្កើតទីតាំងរោងចក្រ ។
មាត្រា ៩០ .
- កម្មសិទ្ធិករ នៃផ្ទៃដីគឺជាកម្មសិទ្ធិករ នៃផ្នែកក្រោមដី និង រាល់អ្វីៗ ដែលទាញយកផលបាន កុំឱ្យតែផ្ទុយនឹងបញ្ញត្តិ នៃមាត្រា ៨៨ និងមាត្រា ៨៩ នៃច្បាប់នេះ ។ ព្រំប្រទល់ នៃផ្នែកខាងក្រោមដីត្រូវបានកំណត់តាមបន្ទាត់ឈរ នៃផ្ទៃរាបខាងលើ ។
ប៉ុន្តែកម្មសិទ្ធិករមិនអាចទាមទារយកជាកម្មសិទ្ធិនូវបដិមាករ ចម្លាក់ក្រឡោត ឬ បុរាណវត្ថុគ្រប់ប្រភេទ ដែលបានរកឃើញ ។ ស្នាដៃទាំងនេះជាចំណែក នៃបេតិកភណ្ឌជាតិ ហើយត្រូវតែប្រគល់ឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។
មាត្រា ៩១ .
- កម្មសិទ្ធិករ នៃផ្ទៃដីក៏ជាកម្មសិទ្ធិករ នៃលំហអាកាស និង វត្ថុធាតុអចិន្ត្រៃយ៍ ដែលស្ថិតចំពីលើដីជាកម្មសិទ្ធិរបស់ខ្លួន លើកលែងតែបណ្ដាញខ្សែអគ្គិសនី និង ទូរគមនាគមន៍ ដែលត្រូវអនុវត្តតាមច្បាប់ដោយឡែក ។ ជាពិសេស កម្មសិទ្ធិករអាចកាប់មែកឈើអ្នកជិតខាង ដែលលយចូលមកលើកម្មសិទ្ធិរបស់ខ្លួន ឬ បេះយកផលផ្លែឈើនោះបាន ។
ប៉ុន្តែកម្មសិទ្ធិករមិនអាចហាមឃាត់ការហោះហើរដោយអាកាសយានគ្រប់ប្រភេទបានឡើយ ។
មាត្រា ៩២ .
- កម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុអាចបង្កើតបានជាប្រាតិភោគ នៃកិច្ចសន្យា ស្របតាមបញ្ញត្តិ ដែលបានកំណត់ក្នុងមាតិកាទី ៥ នៃច្បាប់នេះ ។
មាត្រា ៩៣ .
- កម្មសិទ្ធិករ នៃទ្រព្យអាចចាត់ចែងផលិតផល និង ការកើនឡើងតាមធម្មជាតិ ឬ តាមសិប្បនិម្មិត ដែលផ្សំគ្នា ឬ ដែលជាប់ជាមួយនឹងទ្រព្យនោះតាមវិធាន ដែលបានកំណត់ក្នុងផ្នែកទី២ និង ទី៣ នៃជំពូកនេះ ។
ផ្នែកទី ២ : អំពីឧបាគមន៍ផលិតផល និង ផលទុន នៃកម្មសិទ្ធិ
editមាត្រា ៩៤ .
កម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុមានសិទ្ធិទទួលផលគ្រប់បែបយ៉ាងពីទ្រព្យនោះមានផលធម្មជាតិ និង ផលស៊ីវិលតាមសិទ្ធិឧបាគមន៍ ។
ផលធម្មជាតិផល ដែលកើតពីដីដោយឯកឯង ឬ ដោយអំពើរបស់មនុស្ស ។
ផលស៊ីវិលគឺផលទុន ធនលាភ និង ការប្រាក់ ។
មាត្រា ៩៥ .
ផល ដែលកើតចេញពីដំណាំលើទ្រព្យជាដីរបស់កម្មសិទ្ធិករ នៃទ្រព្យនេះ លុះត្រាតែកម្មសិទ្ធិករនោះបានសងតម្លៃ នៃការភ្ជួររាស់ ពលកម្ម និង ពូជ ដែលបានធ្វើជាយថាហេតុដោយតតិយជន ។
ផ្នែកទី ៣ : អំពីការកើន នៃកម្មសិទ្ធិ
editអនុផ្នែកទី ១ : អំពីការកើនដោយអំពើរបស់មនុស្ស
editមាត្រា ៩៦ .
- សំណង់ ដំណាំ និង ការ្យទាំងឡាយ ដែលបានធ្វើនៅលើដី ឬ នៅក្រោមដី ត្រូវបានចាត់ទុកថាបានធ្វើដោយកម្មសិទ្ធិករ ដោយសោហ៊ុយផ្ទាល់ខ្លួនហើយជារបស់កម្មសិទ្ធិករនោះលើកលែងតែមានភស្តុតាងផ្ទុយពីនេះ ។
មាត្រា ៩៧ .
- កម្មសិទ្ធិករ នៃដី ដែលបានធ្វើការសាងសង់ ដាំដុះ ឬ រៀបចំដោយប្រើសម្ភារៈ ដែលមិនមែនជារបស់ខ្លួនត្រូវចេញថ្លៃសម្ភារៈទាំងនោះឱ្យម្ចាស់គេវិញ ។ កម្មសិទ្ធិករនោះអាចត្រូវផ្ដន្ទាទោសឱ្យសងជម្ងឺចិត្តផងដែរ ប្រសិនជាមាន ប៉ុន្តែម្ចាស់សម្ភារៈគ្មានសិទ្ធិដកយកសម្ភារៈនោះចេញឡើយ ។
មាត្រា ៩៨ .
- កាលបើដំណាំ សំណង់ និង ការរៀបចំទាំងឡាយត្រូវបានធ្វើឡើងដោយបំពានពីតតិយជន និង ដោយសម្ភារៈរបស់ខ្លួន កម្មសិទ្ធិករ នៃដីមានសិទ្ធិរក្សាទុករបស់នោះ ឬ បង្ខំឱ្យតតិយជននោះដកយកចេញបាន ។
ប្រសិនជាកម្មសិទ្ធិករ នៃដីសុំដកយកចេញនូវដំណាំ និង សំណង់ ដែលបានធ្វើដោយបំពានសោហ៊ុយ នៃការដកចេញជាបន្ទុករបស់តតិយជន ហើយគ្មានសំណងណាមួយសម្រាប់អ្នកនោះទេ ។ តតិយជននោះក៏អាចត្រូវផ្ដន្ទាទោសឱ្យសងជម្ងឺចិត្តផងដែរ ប្រសិនបើមានព្យសនកម្មជាយថាហេតុដល់កម្មសិទ្ធិករ នៃដី ។ ប្រសិនបើកម្មសិទ្ធិករចង់រក្សាទុកដំណាំ និង ការ្យទាំងនោះ កម្មសិទ្ធិករនោះត្រូវសងថ្លៃសម្ភារៈ និង ថ្លៃការងារដោយមិនគិតដល់តម្លៃលើស តិច ឬ ច្រើន ដែលដីអាចនឹងកើនតម្លៃនោះទេ ។
ចំពោះដំណាំ សំណង់ ឬ ការ្យទាំងឡាយណា ដែលបានធ្វើដោយតតិយជនដោយសុចរិតដូចមានចែងក្នុងមាត្រា ៣៨ នៃច្បាប់នេះ កម្មសិទ្ធិករមិនអាចសុំដកយកចេញនូវការ្យ ដំណាំ ឬ ការរៀបចំទាំងនោះបានឡើយ ។ កម្មសិទ្ធិករមានជំរើសពីរ ឬ មួយសងថ្លៃសម្ភារៈ និង ថ្លៃពលកម្ម ឬ មួយសងជាទឹកប្រាក់ស្មើនឹងតម្លៃលើស ដែលដីបានកើនតម្លៃក៏បាន ។
អនុផ្នែកទី ២ : អំពីការកើនដោយធម្មជាតិ
editមាត្រា ៩៩ .
- ដីដុះ ដែលកើនឡើងជាបន្តបន្ទាប់ បន្តិចម្ដងៗលើដីជាប់មាត់ទន្លេ ឬ ស្ទឹង ព្រែកហៅថាល្បាប់ ។
ល្បាប់ត្រូវបានជាប្រយោជន៍ដល់កម្មសិទ្ធិករ ដែលមានដីជាប់មាត់ទឹក ដែលនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន ឬ មិនបាន ។ ក្នុងករណីនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន កម្មសិទ្ធិករត្រូវទុកផ្លូវសម្រាប់ទាញពួរនាវាស្របទៅតាមបទបញ្ជាទាំងឡាយ ។
មាត្រា ១០០ .
- ចំពោះដី ដែលកើនឡើងដោយសារចរន្តទឹកហូរនាំល្បាប់បន្តិចម្ដងៗមើលមិនដឹងពីច្រាំងម្ខាងទៅគរនៅច្រាំងម្ខាងទៀត ជាប់ជាមួយនឹងដីអ្នកផ្សេង កម្មសិទ្ធិករ នៃដី ដែលជាប់នឹងដីដុះនោះទទួលបានគុណប្រយោជន៍ នៃល្បាប់នេះ ដោយមិនអាចឱ្យមានដីនៅច្រាំងម្ខាង ដែលបាត់ដីមកតវ៉ាយកដី ដែលបាត់នោះបានឡើយ ។
មាត្រា ១០១ .
- ប្រសិនជាទន្លេ ឬ ស្ទឹង ព្រែក ដែលនាវាចេញចូលបាន ឬ មិនបាននាំយកចេញដោយកម្លាំងទឹកជំនន់ភ្លាមៗនូវចំណែកដីដ៏ធំ និង អាចស្គាល់បាន ពីច្រាំងម្ខាងទៅភ្ជាប់នឹងដីខាងក្រោមខ្សែទឹក ឬ នឹងច្រាំងម្ខាងទៀត កម្មសិទ្ធិករ នៃដី ដែលបាក់ចេញអាចតវ៉ាយកជាកម្មសិទ្ធិរបស់ខ្លួនវិញបាន តែត្រូវដាក់ពាក្យប្ដឹងទារក្នុងរយៈពេលយ៉ាងយូរ ១ (មួយ) ឆ្នាំ គិតពីថ្ងៃកើតឡើងនូវព្រឹត្តិការណ៍នោះ បើហួសរយៈពេលនេះ បណ្ដឹងទាមទារមិនត្រូវបានទទួលយកមកដោះស្រាយឡើយ លើកលែងតែកម្មសិទ្ធិករ នៃដី ដែលមានដីបាក់ទៅភ្ជាប់នោះមិនទាន់បានកាន់កាប់នៅឡើយ ។
មាត្រា ១០២ .
- កោះធំ កោះតូច និង ដីដុះទាំងឡាយ ដែលនឹងកកើតថ្មីក្នុងផ្ទៃទន្លេ ឬ ស្ទឹង ព្រែក ដែលនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន ជារបស់រដ្ឋ ។
មាត្រា ១០៣ .
- កោះធំ កោះតូច និង ដីដុះទាំងឡាយ ដែលនឹងកកើតថ្មីក្នុងស្ទឹង ព្រែក ដែលនាវា ឬ ក្បូនចេញចូលមិនបាន បណ្ដែតមិនបាន ត្រូវបានកម្មសិទ្ធិករ នៃដីជាប់ច្រាំង ដែលមាន កោះ ឬ ដីដុះនោះ ។ ប្រសិនបើការដុះនោះមិនបានដុះជ្រុលទៅច្រាំងម្ខាងទេនោះ ត្រូវបានទៅកម្មសិទ្ធិករ ដែលមានដីជាប់ច្រាំងទាំងសងខាងគិតពីបន្ទាត់ពុះពាក់កណ្ដាលស្ទឹង ។
មាត្រា ១០៤ .
- ប្រសិនបើស្ទឹង ព្រែក ឬ ទន្លេបង្កើតជាផ្លូវទឹកថ្មីមួយកាត់យកដីកម្មសិទ្ធិអ្នកនៅជាប់មាត់ទឹកណាម្នាក់ ហើយបង្កើតបានជាកោះមួយ កម្មសិទ្ធិករនោះរក្សាបានសិទ្ធិជាកម្មសិទ្ធិ នៃដីរបស់ខ្លួន ដែលដាច់នោះដ ដែល ទោះបីជាកោះនោះដុះក្នុងទន្លេ ឬ ស្ទឹង ព្រែក ដែលនាវា ឬ ក្បូនចេញចូលបានបណ្ដែតបានក៏ដោយ ។
មាត្រា ១០៥ .
- ប្រសិនជាទន្លេ ឬ ស្ទឹង ព្រែកណាមួយ ដែលនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន បង្កើតជាផ្លូវទឹកថ្មីមួយដោយបោះបង់ចោលផ្លូវទឹកចាស់ កម្មសិទ្ធិករ ដែលមានដីជាប់ច្រាំងនោះ អាចធ្វើលទ្ធកម្មសិទ្ធិក្នុងផ្ទៃទន្លេ ឬ ស្ទឹង ព្រែកចាស់ ដែលគោកនោះបាន ហើយម្នាក់ៗត្រូវបានតាមសិទ្ធិរបស់ខ្លួនរហូតដល់ខ្សែបន្ទាត់ ដែលពុះពាក់កណ្ដាលទន្លេ ឬ ស្ទឹង ព្រែក នោះ ។ ថ្លៃដី នៃផ្លូវទឹកចាស់នោះត្រូវបានកំណត់ដោយអ្នកជំនាញ ដែលតែងតាំង ដោយតុលាការខេត្ត-ក្រុងទីនោះ តាមពាក្យស្នើសុំពីអាជ្ញាធរខេត្ត-ក្រុង ឬ ពីភាគី ដែលមានប្រយោជន៍ក្នុងរឿងនេះ ។
បើកម្មសិទ្ធិករនៅមាត់ទឹកនោះមិនចង់បានដីនោះតាមថ្លៃ ដែលអ្នកជំនាញកំណត់ទេអាជ្ញាធរត្រូវលក់ឡាយឡុងផ្លូវទឹកចាស់នោះឱ្យសាធារណជន ។ ថ្លៃ ដែលបានមកពីការលក់ដីនោះ ត្រូវយកទៅចែកឱ្យកម្មសិទ្ធិករ ដែលមានដីដាច់ទៅនោះ តាមសមាមាត្រ នៃដី ដែលខូចខាតរៀងៗខ្លួន ។
ផ្នែកទី ៤ : អំពីការជួលអចលនវត្ថុ
editមាត្រា ១០៦.
- បើកម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុអាចជួលទ្រព្យរបស់ខ្លួនឱ្យអ្នកដទៃបាន ។ ការជួលជាកិច្ចសន្យា ដែលកម្មសិទ្ធិករ នៃទ្រព្យមួយប្រគល់ទ្រព្យនោះឱ្យជនណាម្នាក់ប្រើប្រាស់ក្នុងរយៈពេលមួយ ដោយយកជាប្រាក់ឈ្នួលមកវិញយ៉ាងទៀងទាត់តាមសមាមាត្រ នៃរយៈពេលប្រើប្រាស់ ។ កិច្ចសន្យា នៃការជួលអចលនវត្ថុហៅថាភតិសន្យា ។
កិច្ចសន្យាជួលអចលនវត្ថុមានពីរយ៉ាងគឺ ការជួលរយៈពេលមិនកំណត់ និង ការជួលរយៈពេលកំណត់ ។ ការជួលរយៈពេលកំណត់មាន ការជួលរយៈពេលខ្លីអាចបន្តជាថ្មីបាន និង ការជួលរយៈពេលវែង ១៥ (ដប់ប្រាំ) ឆ្នាំ ឬ លើស ។
មាត្រា ១០៧ .
- កិច្ចសន្យាជួលរយៈពេលមិនកំណត់ ឬ រយៈពេលខ្លី ហើយអាចបន្តជួលជាថ្មីបានបង្កើតបានជាទំនាក់ទំនងផ្ទាល់ខ្លួនរវាងភតិសន្យាបតី និង អ្នកជួល ។
ការជួលបន្តឱ្យតតិយជនអាចធ្វើទៅបាន លុះត្រាតែមានការព្រមព្រៀងដោយជាក់លាក់ ឬ ការអនុញ្ញាតពីកម្មសិទ្ធិករ ។
មាត្រា ១០៨ .
- កិច្ចសន្យាជួលរយៈពេលវែងបង្កើតបានជាសិទ្ធិភណ្ឌិកលើអចលនវត្ថុ ។ សិទ្ធិនេះអាចត្រូវបានប្រគល់ឱ្យដោយមានថ្លៃ ឬ ផ្ទេរបន្តតាមរយៈសន្តតិកម្ម ។
ទ្រព្យ ដែលបានជួលរយៈពេលវែងអាចជាកម្មវត្ថុ នៃការរៀបចំ និង ការបំប្លែង កុំឱ្យការងារនោះមានអនុភាពបំផ្លាញ ឬ បំប្លែងជាសារវន្តនូវសភាពដើម នៃវត្ថុនោះ លើកលែងករណីមានចែងដោយឡែកក្នុងភតិសន្យា ។
នៅពេលផុតកំណត់ នៃការជួល ភតិសន្យាបតី ឬ ទាយាទទាំងឡាយរបស់ជននេះទទួលបានមកវិញនូវកម្មសិទ្ធិពេញលេញ នៃសំណង់ ដោយគ្មានការសងសោហ៊ុយក្នុងការរៀបចំ ឬ កែលំអទាំងឡាយ ដែលបានធ្វើដោយអ្នកជួល ។ ភតិសន្យាបតី ឬ ទាយាទមិនអាចបង្ខំអ្នកជួលឱ្យប្រគល់អចលនវត្ថុតាមស្ថានភាពដើមបានឡើយ បើសិនជាអ្នកជួលគោរពបទប្បញ្ញត្តិ នៃវាក្យខណ្ឌ ២ នៃមាត្រានេះ ។
មាត្រា ១០៩ .
- ភតិសន្យាត្រូវធ្វើឡើងតាមឆន្ទៈ នៃបណ្ដាភាគី និង តាមបញ្ញត្តិ នៃច្បាប់ ឬ បទបញ្ជាទូទៅជាធរមាន ។
ភតិសន្យាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ ។ ភតិសន្យាធ្វើឡើងដោយផ្ទាល់មាត់ត្រូវទុកជាបណ្ដោះអាសន្ន ហើយអាចត្រូវបានបញ្ឈប់នៅគ្រប់ពេលដោយជូនដំណឹងជាមុន ក្នុងរយៈពេលស្មើនឹងរយៈពេលបង់ប្រាក់ឈ្នួល ។<>
មាត្រា ១១០ .
មុនការចូលអាស្រ័យផលលើអចលនវត្ថុ អ្នកជួលត្រូវតែដឹងអំពីស្ថានភាព នៃអចលនវត្ថុ និង សម្ភារៈនៅនឹងកន្លែង ដែលបានរៀបចំតាមការព្រមព្រៀងជាមួយនឹងភតិសន្យាបតី ។ ការមិនបានពិនិត្យស្ថានភាពអចលនវត្ថុ និង សម្ភារៈនៅនឹងកន្លែងនៅពេលចូលអាស្រ័យផលត្រូវចាត់ទុកថាត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងភតិសន្យា ។
ទ្រព្យ ដែលជួលមិនត្រូវមានវិការៈអាថ៌កំបាំង ដែលធ្វើឱ្យការប្រើប្រាស់មិនអាចប្រព្រឹត្តទៅបានតាមធម្មតាឡើយ ។
មាត្រា ១១១ .
អ្នកជួលត្រូវធានាការថែទាំទ្រព្យជាធម្មតា និង ត្រូវសងមកវិញក្នុងស្ថានភាពមួយស្របតាមស្ថានភាព នៃអចលនវត្ថុ និង សម្ភារៈនៅនឹងកន្លែង នៅពេលផុតកំណត់ នៃកិច្ចសន្យាជួលដោយគិតទាំងតម្លៃ នៃការខូចខាត ដែលកើតពីការប្រើប្រាស់មិនធម្មតា លើកលែងករណីមានចែងដោយឡែកក្នុងភតិសន្យា ។
មាត្រា ១១២ .
ភតិសន្យាបតីមិនត្រូវធ្វើសកម្មភាព ឬ ឥរិយាបទអ្វី ដែលអាចធ្វើឱ្យបង្អាក់ ឬ រំខាន ដល់ការអាស្រ័យផលរបស់អ្នកជួលផ្ទុយពីភតិសន្យាឡើយ ។
មាត្រា ១១៣ .
បែបបទ នៃកិច្ចសន្យាជួលអចលនវត្ថុដើម្បីប្រើប្រាស់សម្រាប់ស្នាក់នៅ សម្រាប់ពាណិជ្ជកម្ម សម្រាប់ឧស្សាហកម្ម និង សម្រាប់កសិកម្មត្រូវកំណត់ដោយអនុក្រឹត្យ ។
ផ្នែកទី ៥ : អំពីវិធានដី
editមាត្រា ១១៤ .
សិទ្ធិ និង កាតព្វកិច្ច នៃកម្មសិទ្ធិករត្រូវបានកំរិតដោយវិធានដីទាំងឡាយសំដៅធានា ការពារផលប្រយោជន៍ទូទៅ ដែលកំណត់ដោយច្បាប់ ។
មាត្រា ១១៥ .
បែបបទសំណង់ និង លក្ខខណ្ឌទាំងឡាយ នៃការរៀបចំដែនដី និង នគរូបនីយកម្មចំពោះកម្មសិទ្ធិករនឹងកំណត់ដោយអនុក្រឹត្យ ។
មាត្រា ១១៦ .
ការប្រើប្រាស់កម្មសិទ្ធិ ដែលមិនស្របតាមវិធានដី តែជាប់កិច្ចសន្យាមុនការប្រកាសឱ្យប្រើច្បាប់នេះ មិនអាចប៉ះពាល់បានឡើយ ។ ប៉ុន្តែការប្រើប្រាស់នោះមិនអាចពង្រីកថែមនៅក្រោយពេលប្រកាសឱ្យប្រើវិធានដី ដែលបានកំរិត ឬ ហាមឃាត់បានឡើយ ។
ក្នុងករណីបន្ទាន់ ឬ តម្រូវការចាំបាច់ នៃផលប្រយោជន៍សាធារណៈ ច្បាប់អាចបញ្ញត្តិថែមទៀតនូវការអនុវត្តបន្ទាន់ នៃវិធានដី កំរិតពីការប្រើប្រាស់កម្មសិទ្ធិ ដែលមានលក្ខណៈជាសណ្ដាប់ធ្នាប់សាធារណៈ ។
ជំពូកទី ៨ : អំពីអវយវភេទ នៃកម្មសិទ្ធិ
editមាត្រា ១១៧ .
កម្មសិទ្ធិមានអវយវភេទ កាលណាការអាស្រ័យផលបានទៅបុគ្គលក្រៅពីកម្មសិទ្ធិករ នៃទ្រព្យ ។ សិទ្ធិ ដែលនៅសល់សម្រាប់កម្មសិទ្ធិករឈ្មោះថាអសារកម្មសិទ្ធិ ។
មាត្រា ១១៨ .
រូបភាព នៃអវយវភេទ នៃកម្មសិទ្ធិមាន : ផលុបភោគ សិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ និង សេវភាព ។
ផ្នែកទី ១ : អំពីផលុបភោគ
editមាត្រា ១១៩ .
ផលុបភោគគឺការអាស្រ័យផល នៃអចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ សម្រាប់រយៈពេលមួយកំណត់មិនឲ្យលើសពីមួយអាយុជីវិត នៃអ្នកបានសិទ្ធិអាស្រ័យផលនោះឡើយ ។
មាត្រា ១២០.
ផលុបភោគបង្កើតឡើងដោយច្បាប់ ឬ ដោយការព្រមព្រៀង ។ ផលុបភោគអាចបង្កើតឡើងដោយឥតកំណត់កាលក៏បាន ឬ មានកំណត់កាលក៏បាន ឬ រហូតដល់បំពេញបានសម្រេចនូវលក្ខខណ្ឌ ដែលបានកំណត់ក៏បាន ។
ប្រសិនបើលក្ខខណ្ឌ នៃរយៈពេលមិនបានបញ្ជាក់ ផលុបភោគត្រូវបានចាត់ទុកថាបង្កើតឡើងសម្រាប់រយៈពេលមួយអាយុជីវិត នៃអ្នកទទួលសិទ្ធិផលុបភោគ ។
កិច្ចសន្យាផលុបភោគនឹងយកជាការបាន លុះត្រាតែបានធ្វើលិខិតតាមរូបមន្តយថាភូត ។ កិច្ចសន្យានេះមិនអាចជំទាស់ពីតតិយជនបាន លុះត្រាតែបានចុះបញ្ជីសុរិយោដីរួចហើយ ។
មាត្រា ១២១ .
ផលុបភោគីមានសិទ្ធិអាស្រ័យផលគ្រប់ប្រភេទ ជាផលធម្មជាតិ ជាផលស៊ីវិល ដែលកើតចេញពីអចលនវត្ថុ ដែលខ្លួនមានសិទ្ធិ ។
មាត្រា ១២២ .
ផលធម្មជាតិ ដែលជាប់នឹងដី នៅពេលចាប់ផ្ដើមផលុបភោគត្រូវបានទៅផលុបភោគី ។ ផលធម្មជាតិ ដែលមានស្ថានភាពដូចគ្នា នៅពេលចប់ផលុបភោគ ត្រូវបានទៅអសារកម្មសិទ្ធិករដោយគ្មានការទូទាត់ទៅវិញទៅមកសម្រាប់ការងារភ្ជួររាស់ ឬ ច្រូតកាត់ ឬ ពូជធារអ្វីឡើយ ។ ប៉ុន្តែបើមានអ្នកជួល ឬ ប្រវាស់រួចហើយ នៅពេលចាប់ផ្ដើម ឬ នៅពេលបញ្ចប់ផលុបភោគ អ្នកជួល ឬ អ្នកប្រវាស់នេះមិនត្រូវបាត់បង់ចំណែក ដែលត្រូវបានមកខ្លួននោះទេ ។
មាត្រា ១២៣ .
ផលស៊ីវិលបានទៅផលុបភោគីសមាមាត្រទៅនឹងរយៈពេល នៃផលុបភោគ ។
មាត្រា ១២៤ .
ផលុបភោគីអាចអាស្រ័យផលដោយខ្លួនឯងផ្ទាល់នូវផលុបភោគ ឬ ជួល ឬ ប្រវាស់ ឬ ក៏ផ្ទេរសិទ្ធិរបស់ខ្លួនដោយយកថ្លៃ ឬ ដោយឥតយកថ្លៃឱ្យទៅអ្នកដទៃបាន ។
ក្នុងករណីជួល ឬ ប្រវាស់ កិច្ចសន្យាមិនត្រូវកំណត់ឱ្យហួសពី ៣ (បី) ឆ្នាំឡើយ ។ ប្រសិនបើចង់ជួល ឬ ប្រវាស់បន្ត កិច្ចសន្យាថ្មីត្រូវបញ្ចប់មុន ១ (មួយ) ឆ្នាំ នៃថ្ងៃចប់កិច្ចសន្យាផលុបភោគ ។
មាត្រា ១២៥
.
ផលុបភោគីអាស្រ័យផលពីការកើនជាយថាហេតុ ដោយល្បាប់ទៅលើដី ដែលខ្លួនមានសិទ្ធិផលុបភោគ ។
មាត្រា ១២៦ .
ផលុបភោគីប្រើប្រាស់នូវសេវភាពនានា និង សិទ្ធិទាំងឡាយ ដែលកម្មសិទ្ធិករអាចអាស្រ័យផលបាន លើកលែងតែសិទ្ធិចាត់ចែង ។
មាត្រា ១២៧ .
ផលុបភោគីប្រើប្រាស់សិទ្ធិតាមរបៀបដូចគ្នានឹងកម្មសិទ្ធិករ លើផលិតផល នៃកន្លែងយកថ្ម ដែលមានស្រាប់នៅលើដី ដែលដាក់ជាផលុបភោគ ។
មាត្រា ១២៨ .
ផលុបភោគីត្រូវបានទទួលថ្លៃ ដែលត្រូវបង់ឱ្យកម្មសិទ្ធិករ នៃដីសម្បទានិកអណ្ដូងរ៉ែក្នុងបរិវេណដីក្រោមសិទ្ធិផលុបភោគរបស់ខ្លួន ។
មាត្រា ១២៩ .
អសារកម្មសិទ្ធិករមិនអាចធ្វើឱ្យរំខានដល់សិទ្ធិរបស់ផលុបភោគី ទោះតាមរូបភាពណាក៏ដោយ ។
ចំណែកឯផលុបភោគីវិញ នៅពេលអស់សិទ្ធិអាស្រ័យផល មិនអាចទាមទារសំណង នៃការកែលំអ ដែលខ្លួនអះអាងថាបានធ្វើនៅលើអចលនវត្ថុជាប់ផលុបភោគបានឡើយ ទោះជាអចលនវត្ថុនោះបានកើនតម្លៃដោយសារការរៀបចំរបស់ខ្លួនក៏ដោយ ។
ផលុបភោគី ឬ ទាយាទរបស់ជននេះអាចដកយកចេញបាននូវកញ្ចក់ ផ្ទាំងគំនូរ និង គ្រឿងតុបតែងផ្សេងៗ ដែលខ្លួនបានដាក់តាំងនៅក្នុងអគារ ប៉ុន្តែត្រូវរៀបចំកន្លែងនោះឱ្យមានស្ថានភាពដូចដើមឡើងវិញ ។
មាត្រា ១៣០.
ផលុបភោគីត្រូវបានទទួលបន្ទុកតែលើការជួសជុលថែទាំប៉ុណ្ណោះ ។ ការជួសជុលធំៗជាបន្ទុករបស់អសារកម្មសិទ្ធិករ លើកលែងតែការខូចខាតណា ដែលបណ្ដាលមកពីការខ្វះស្មារតីថែទាំរបស់ផលុបភោគី ចាប់ពីទទួលបានផលុបភោគមក ។ ក្នុងករណីនេះផលុបភោគីត្រូវធ្វើដោយខ្លួនឯង ។
ការជួសជុលធំៗគឺ ការជួសជុលជញ្ជាំងទ្រ ក្លោងទ្វារ ការរៀបចំឡើងវិញនូវធ្នឹម ដំបូងទាំងស្រុង ការរៀបចំឡើងវិញនូវទំនប់ទឹក ជញ្ជាំងទប់ដី ឬ ទឹក និង របងទាំងមូល ។
ការជួសជុលក្រៅពីនេះជាការជួសជុលថែទាំ ។
មាត្រា ១៣១.
ទាំងអសារកម្មសិទ្ធិករ ទាំងផលុបភោគី គ្មានកាតព្វកិច្ចសង់ឡើងវិញនូវអ្វី ដែលបានទ្រុឌទ្រោម ឬ អ្វី ដែលបានបំផ្លាញដោយករណីប្រធានសក្ដិឡើយ ។
ប៉ុន្តែបើអចលនវត្ថុ ដែលបានដាក់ធានារ៉ាប់រងត្រូវវិនាសបណ្ដាលមកពីមហន្តរាយជាយថាហេតុអសារកម្មសិទ្ធិករ ឬ ផលុបភោគីអាចសុំយកថ្លៃធានារ៉ាប់រងទៅជួសជុល ឬ សាងសង់ឡើងវិញបាន ។
មាត្រា ១៣២.
ផលុបភោគីត្រូវទទួលក្នុងពេលខ្លួនអាស្រ័យផលនូវបន្ទុកប្រចាំឆ្នាំ នៃអចលនវត្ថុដូចជា ពន្ធ និង អាករ សោហ៊ុយធានារ៉ាប់រង ដែលត្រូវបង់ ។
ផលុបភោគីត្រូវបន្តអនុវត្តកិច្ចសន្យាធានារ៉ាប់រងធ្វើសាជាថ្មីឲ្យទាន់ពេលវេលា និង ចុះកិច្ចសន្យាធានារ៉ាប់រង ដែលមានប្រយោជន៍ដល់អចលនវត្ថុជាផលុបភោគរបស់ខ្លួន ទោះជាកិច្ចសន្យានោះកំពុងដំណើរការ នៅពេល ដែលផលុបភោគបានចាប់ផ្ដើមហើយក្ដី ឬ ទោះជាកិច្ចសន្យាធានារ៉ាប់រង ដែលត្រូវឲ្យធ្វើនាពេលក្រោយដោយអសារកម្មសិទ្ធិករក្ដី ។
មាត្រា ១៣៣.
ក្នុងពេលដំណើរការផលុបភោគ បើមានតតិយជនណាមកបៀតបៀនសិទ្ធិ នៃអសារកម្មសិទ្ធិករផលុបភោគីត្រូវជូនដំណឹងទៅអសារកម្មសិទ្ធិករ បើមិនដូច្នេះទេ ផលុបភោគីនោះត្រូវទទួលខុសត្រូវលើការខូចខាត ដែលបណ្ដាលមកពីរឿងនោះ ចំពោះអសារកម្មសិទ្ធិករដូចករណី ដែលខ្លួនបានធ្វើឲ្យខូចខាតដោយផ្ទាល់ ។
មាត្រា ១៣៤.
ផលុបភោគផុតរលត់ៈ
- ដោយមរណភាព នៃផលុបភោគី
- ដោយការផុតកំណត់រយៈពេល ឬ ការសម្រេចបាននូវលក្ខខណ្ឌ ដែលបានកំណត់ ។
- ដោយកិច្ចព្រមលះបង់សិទ្ធិរបស់ផលុបភោគី
- ដោយអចលនវត្ថុ ដែលជាប់ផលុបភោគ ត្រូវអន្តរាយទាំងស្រុង
- ដោយសេចក្ដីសំរេចរបស់តុលាការស្របតាមបទប្បញ្ញត្តិ នៃមាត្រា ១៣៥ នៃច្បាប់នេះ ។
មាត្រា ១៣៥.
ការបាត់បង់សិទ្ធិរបស់ផលុបភោគី អាចនឹងត្រូវបានប្រកាសដោយតុលាការតាមបណ្ដឹងរបស់អសារកម្មសិទ្ធករ ដោយហេតុថាផលុបភោគបានរំលោភលើការអាស្រ័យផល ពិសេសប្រសិនបើផលុបភោគនោះធ្វើឱ្យមានវិការភាពលើអចលនវត្ថុ ឬ ទុកឲ្យអចលនវត្ថុខូចខាតដោយមិនថែទាំ ។
ក្នុងករណីនេះ ម្ចាស់បំណុល នៃផលុបភោគីមានសិទ្ធិប្ដឹងទៅតុលាការដើម្បីសុំបន្តសិទ្ធិរបស់ផលុបភោគី ដោយធានាការជួសជុលនូវរាល់វិការភាព ដែលមាន និង ការធានាសម្រាប់អនាគត ។
ដោយយោលទៅតាមកាលៈទេសៈ និង ហេតុផលផ្សេងៗតុលាការអាចប្រកាសការរលត់ដាច់ខាត នៃផលុបភោគ ឬ គ្រាន់តែបង្គាប់ឱ្យប្រគល់អចលនវត្ថុឱ្យអសារកម្មសិទ្ធិករដោយបង់ប្រាក់ប្រចាំឆ្នាំឱ្យផលុបភោគី ឬ សិទ្ធិវន្តរបស់ជននេះនូវទឹកប្រាក់មួយចំនួនជាកំណត់រហូតដល់បញ្ចប់ផលុបភោគ ។
មាត្រា ១៣៦.
ការលក់អចលនវត្ថុ ដែលកំពុងជាប់ផលុបភោគដោយអសារកម្មសិទ្ធិករ មិនធ្វើឱ្យមានការផ្លាស់ប្ដូរណាមួយចំពោះផលុបភោគី ដែលកំពុងបន្តប្រើប្រាស់សិទ្ធិរបស់ខ្លួននោះទេ លើកលែងតែមានការលះបង់ដោយជាក់លាក់ពីផលុបភោគី ។
មាត្រា ១៣៧.
ប្រសិនបើផលុបភោគមានតែនៅលើអគារ ហើយអគារនោះត្រូវអន្តរាយជាយថាហេតុសិទ្ធិរបស់ផលុភោគីត្រូវរលត់ ហើយផលុបភោគីមិនអាចទាមទារសិទ្ធិផលុបភោគ លើដី ឬ លើសម្ភារៈសំណង់នោះទេ ។
ប៉ុន្តែបើផលុបភោគមានលើដី និង លើអគារ ហើយបើអគារនោះត្រូវអន្តរាយផលុបភោគនៅមានលើដីដ ដែល ។
ផ្នែកទី២ : អំពីសិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ
editមាត្រា ១៣៨.
សិទ្ធិប្រើប្រាស់គឺជាសិទ្ធិទទួលយកពីដីនូវបរិមាណផលចាំបាច់សម្រាប់សេចក្ដីត្រូវការរបស់អត្ថគាហកៈ និង គ្រួសាររបស់ខ្លួន ។
សិទ្ធិអាស្រ័យនៅគឺជាសិទ្ធិកាន់កាប់ផ្ទះនូវចំណែកចាំបាច់សម្រាប់រស់នៅរបស់អត្ថគាហកៈ និង គ្រួសាររបស់ខ្លួន ។
ទោះបីថ្ងៃក្រោយមក អត្ថគាហកៈនោះមានប្ដី ប្រពន្ធក្ដី ឬ មានកូនក្ដី ក៏សិទ្ធិទាំងពីរនេះនៅតែមានដល់អត្ថគាហកៈដ ដែល ។
មាត្រា ១៣៩.
សិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ កើតឡើង និង បាត់បង់ទៅវិញ តាមបែប នៃផលុបភោគដែរ ។
សិទ្ធិ នៃអ្នកប្រើប្រាស់ និង អ្នកអាស្រ័យនៅកំណត់ដោយខចែងក្នុងកិច្ចសន្យាតាមរូបមន្តលិខិតយថាភូត ឬ ដោយបញ្ញត្តិ នៃច្បាប់ ដែលចែងអំពីសិទ្ធិនេះ ។
មាត្រា ១៤០.
អត្ថហកៈ នៃសិទ្ធិប្រើប្រាស់ ឬ សិទ្ធិអាស្រ័យនៅ មិនអាចផ្ទេរ ឬ ជួលសិទ្ធិរបស់ខ្លួនទៅអ្នកផ្សេងទៀតបានឡើយ ។
សិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ ជាសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គល ។ សិទ្ធិនេះបញ្ចប់នៅពេលមរណភាព នៃអត្ថគាហកៈ ឬ ដោយអនុវត្តតាមលក្ខខណ្ឌ នៃកិច្ចសន្យា ។
មាត្រា ១៤១.
ប្រសិនបើអត្ថហកៈ នៃសិទ្ធិប្រើប្រាស់ប្រមូលយកផលទាំងអស់ នៃដី ឬ ប្រសិនបើអត្ថគាហកៈ នៃសិទ្ធិអាស្រ័យនៅកាន់កាប់គេហដ្ឋានទាំងមូល អ្នកនោះត្រូវទទួលបន្ទុកចំណាយសោហ៊ុយក្នុងការដាំដុះ ឬ ការជួសជុលថែទាំ និង បង់ពន្ធអាករ និង សោហ៊ុយធានារ៉ាប់រងដូចផលលុបភោគីដែរ ។
ប្រសិនបើអត្ថគាហកៈយកតែចំណែកណាមួយ នៃផល ឬ កាន់កាប់តែមួយចំណែក នៃគេហដ្ឋាន អ្នកនោះត្រូវចូលរួមចំណាយទៅតាមសមាមាត្រ ដែលខ្លួនអាស្រ័យផលនោះ ។
ផ្នែកទី ៣ : អំពីសេវភាព
editមាត្រា ១៤២.
សេវភាពដីគឺជាបន្ទុក ដែលផ្ទុកទៅលើដីមួយ ហៅដីបំរើ ឬ ដីក្រោមសម្រាប់ការប្រើប្រាស់ និង ប្រយោជន៍ នៃដីមួយទៀតហៅដីប្រើ ឬ ដីលើ ដែលជារបស់កម្មសិទ្ធិករផ្សេងទៀត ។
មាត្រា ១៤៣.
សេវភាពកើតពីធម្មជាតិ កើតពីច្បាប់ ឬ កើតពីការព្រមព្រៀងអាស្រ័យដោយស្ថានភាព នៃទីកន្លែង ដោយការកំណត់របស់ច្បាប់ ឬ ដោយការព្រមព្រៀងរវាងកម្មសិទ្ធិករ ។
អនុផ្នែកទី ១ : អំពីសេវភាពកើតពីធម្មជាតិ
editមាត្រា ១៤៤.
ដីក្រោមត្រូវទទួលទឹក ដែលហូរតាមធម្មជាតិពីដីលើ ។
កម្មសិទ្ធិករ នៃដីក្រោមមិនអាចលើកទំនប់ ភ្លឺ របាំង ឬ ការ្យដទៃផ្សេងទៀតទប់ការហូរនេះបានឡើយ ។
កម្មសិទ្ធិករ នៃដីលើមិនអាចធ្វើអ្វី ដែលធ្វើឱ្យកាន់តែធ្ងន់ដល់សេវភាព នៃដីក្រោមបានឡើយ ។
មាត្រា ១៤៥.
កម្មសិទ្ធិករ នៃដីលើមានសិទ្ធិប្រើប្រាស់ និង ចាត់ចែងទឹកភ្លៀង ដែលធ្លាក់មកលើដីរបស់ខ្លួនព្រមទាំងទឹក ដែលមានប្រភពផុសឡើងនៅទីនោះ លើកលែងតែក្នុងករណី ដែលមានចែងក្នុងវាក្យខណ្ឌចុងក្រោយ នៃមាត្រា ១៤៤ ។
មាត្រា ១៤៦.
កម្មសិទ្ធិករ នៃដី ដែលស្ថិតនៅជាប់ផ្លូវទឹកហូរត្រូវទុកឱ្យទឹកហូរទៅលើដីជិតខាង ហើយកម្មសិទ្ធិករ នៃដីជិតខាងក៏ត្រូវមានកាតព្វកិច្ចដូចគ្នា ចំពោះដីនៅឆ្ងាយទៅតាមតម្រូវការ នៃកសិកម្ម ។
អនុផ្នែកទី ២ : អំពីសេវភាពកើតពីច្បាប់
editមាត្រា ១៤៧.
សេវភាពកើតពីច្បាប់មានគោលដៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឬ ជាប្រយោជន៍ឯកជន ។
សេវភាពកើតពីច្បាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈត្រូវកំណត់ដោយច្បាប់ ឬ ដោយបទបញ្ជាពិសេស ដែលបង្ខំទៅលើកម្មសិទ្ធិករ ។
សេវភាពកើតពីច្បាប់ប្រើប្រាស់ជាប្រយោជន៍ឯកជនកំណត់ព្រំដែន ដែលកម្មសិទ្ធិករអាចធ្វើសកម្មភាពមួយចំនួនក្នុងដីរបស់ខ្លួន លើកលែងតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ នៃកម្មសិទ្ធិករដីជិតខាង ។
មាត្រា ១៤៨.
ការកំណត់ព្រំដី និង កម្មសិទ្ធិ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសាធារណៈត្រូវកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច យោងតាមសេចក្ដីត្រូវការជាក់ស្ដែង នៃផលប្រយោជន៍រួម ពិសេសតាមសេចក្ដីត្រូវការ នៃធ្វើចរាចរ ។
មុននឹងធ្វើរបង ឬ កសាងអាគារប្រភេទណាក៏ដោយ ដែលស្ថិតនៅជាប់នឹងផ្លូវសាធារណៈកម្មសិទ្ធិករចាំបាច់ត្រូវតែត្រួតពិនិត្យមើលនូវភាពសមស្រប នៃអគារនោះជាមួយនឹងប្លង់តម្រង់ជួរ ប្រសិនបើមាន ។ រាល់លិខិតអនុញ្ញាតកសាងសង់ត្រូវតែយកចិត្តទុកដាក់ដល់ខ្សែតម្រង់ជួរ ដែលមានរួចហើយ ។
អាជ្ញាធរមានសមត្ថកិច្ចអាចសំរេចធ្វើការផ្លាស់ប្ដូរទំហំផ្លូវបាន តាមតម្រូវការចាំបាច់សម្រាប់ផលប្រយោជន៍សាធារណៈ ។ នៅពេល ដែលអាជ្ញាធរធ្វើការសំរេចពង្រីកទំហំផ្លូវសំណង់ទាំងឡាយ ដែលស្ថិតនៅលើបន្ទាត់តម្រង់ជួរត្រូវបន្ថយទៅក្រោយ ។ បើជារបងធម្មតា ឬ ជាសំណង់ស្រាល អាជ្ញាធរតម្រូវឱ្យធ្វើការរំកិលចេញ ។ ប្រសិនបើជាអចលនវត្ថុ ដែលមិនអាចជាកម្មវត្ថុ នៃការផ្លាស់ប្ដូរ កែសំរួលរុះរើបាន អចលនវត្ថុនោះត្រូវឋិតក្នុងសភាពដ ដែលសិន រហូតដល់ពេលអាជ្ញាធរមានសមត្ថកិច្ចសំរេចអំពីការពង្រីក ដែលបានគ្រោងទុក ។ ការដកហូតកម្មសិទ្ធិមួយចំណែក ឬ ទាំងស្រុងអាចប្រព្រឹត្តទៅបានដោយអនុវត្តត្រឹមត្រូវតាមនីតិវិធី នៃច្បាប់ ។ ចំពោះដី ដែលបានកាន់កាប់ស្របច្បាប់ព្រមទាំងរបង និង សំណង់ទាំងឡាយ ដែលបានធ្វើឡើងត្រឹមត្រូវតាមបញ្ញត្តិ នៃច្បាប់ ម្ចាស់កម្មសិទ្ធិមានសិទ្ធិទាមទារឱ្យសងការខូចខាតរបស់ខ្លួន ។
មាត្រា ១៤៩.
កម្មសិទ្ធិករ ដែលចង់ធ្វើនៅលើដីរបស់ខ្លួននូវកិច្ចការ ដែលមានលក្ខណៈរំខានដល់ដីជិតខាងដូចជាការខួងអណ្ដូង ការជីកស្ទង់ដី ការជីករុករក ការគរទុកវត្ថុប្រកបដោយគ្រោះថ្នាក់ ដែលនាំឱ្យរំខាន ឬ ប៉ះពាល់ដល់សុខភាពត្រូវអនុលោមតាមបញ្ញត្តិ នៃបទបញ្ជាពិសេសស្ដីពីការកំណត់ចម្ងាយ ដែលត្រូវប្រតិបត្តិ ឬ ស្ដីពីការ្យ ដែលធ្វើសម្រាប់ទប់ជ្រែង ។
មាត្រា ១៥០.
កម្មសិទ្ធិករមិនអាចនឹងធ្វើប្រហោងទ្វារ ឬ បង្អួច កើយ ឬ យ៉ ត្រង់ចំគ្នាទៅវិញទៅមកចម្ងាយតិចជាងពីរម៉ែត្រពីដីអ្នកជិតខាងបានទេ ។
មាត្រា ១៥១.
កម្មសិទ្ធករមិនអាចដាំដើមឈើធំ តូច មានកំពស់លើសពី ២ (ពីរ) ម៉ែត្រ នៅប្របព្រំដីជាប់គ្នា ដែលមានចម្ងាយតិចជាងពីរម៉ែត្រពីព្រំដីបានទេ បើមិនដូច្នោះទេនឹងត្រូវបង្ខំឱ្យយកចេញ កាលបើមានបណ្ដឹងពីកម្មសិទ្ធិករ ដែលមានប្រយោជន៍ក្នុងរឿងនេះ ។
មាត្រា ១៥២.
កម្មសិទ្ធិករ ដែលដីរបស់ខ្លួនត្រូវបានបិទជិត និង គ្មានច្រកចេញចូលទៅផ្លូវសាធារណៈ ឬ មានច្រកមិនគ្រប់គ្រាន់សម្រាប់អាជីវកម្មកសិកម្ម ឧស្សាហកម្ម នៃកម្មសិទ្ធិរបស់ខ្លួន មានសិទ្ធិស្នើសុំបើកផ្លូវឆ្លង តាមដីអ្នកជិតខាងខ្លួន ដោយត្រូវចេញសំណងតាមសមាមាត្រចំពោះការខូចខាត ដែលបណ្ដាលមកពីកិច្ចការនោះ ។
មាត្រា ១៥៣.
ជាគោលការណ៍ ផ្លូវដូចមានចែងក្នុងមាត្រា ១៥២ ត្រូវយកកន្លែងណា ដែលមានចម្ងាយជិតជាងគេពីដីបិទជិតទៅផ្លូវសាធារណៈ ប៉ុន្តែត្រូវកំណត់កន្លែងណា ដែលមានការខូចខាតតិចបំផុតសម្រាប់កម្មសិទ្ធិករ នៃដី ដែលត្រូវទទួលរង ។
មាត្រា ១៥៤.
ប្រសិនបើដីបិទជិតកើតឡើងពីការបែងចែកដីតាមរយៈកាលក់ ការដូរ ការចែក ឬ ពីកិច្ចសន្យាផ្សេងទៀត ការបើកផ្លូវឆ្លងកាត់អាចសុំតែនៅលើដី ដែលនៅសល់ពីការបែងចែក ។
ប៉ុន្តែបើដី ដែលនៅសល់ពុំអាចបង្កើតបានជាផ្លូវគ្រប់គ្រាន់ បញ្ញត្តិ នៃមាត្រា ១៥២ និងមាត្រា ១៥៣ នៅតែអនុវត្តបានដ ដែល ។
មាត្រា ១៥៥.
កម្មសិទ្ធិករ ដែលចង់ប្រើទឹក ដែលខ្លួនមានសិទ្ធិដើម្បីប្រើប្រាស់ និង ស្រោចស្រពដីរបស់ខ្លួនអាចទទួលបានផ្លូវនាំទឹកឆ្លងកាត់ដី ដែលស្ថិតនៅចន្លោះកណ្ដាលបាន តែត្រូវចំណាយសោហ៊ុយសងការខូចខាតឱ្យម្ចាស់ដីនោះ ។
មាត្រា ១៥៦.
កម្មសិទ្ធិករអាចបញ្ចេញទឹកស្រោចស្រពរួចហើយចេញពីដីខ្លួនឆ្លងកាត់ដីក្រោមបាន តែត្រូវចំណាយសោហ៊ុយសងការខូចខាត ។
មាត្រា ១៥៧.
កម្មសិទ្ធិករ នៃដីលិចទឹកទាំងស្រុង ឬ មួយចំណែក អាចបង្ហូរទឹកមិនល្អចេញបានតែត្រូវធ្វើឱ្យបានត្រឹមត្រូវតាមវិធីអនាម័យ ។
មាត្រា ១៥៨.
កម្មសិទ្ធិករ នៃដីជាប់មាត់ទឹក ដែលចង់ប្រើប្រាស់ទឹកដើម្បីស្រោចស្រពដីរបស់ខ្លួនអាចមានសិទ្ធិធ្វើសិល្បៈការ្យចាំបាច់ទល់ទៅលើដី ដែលស្ថិតនៅជាប់មាត់ទឹកម្ខាងទៀតដើម្បីរៀបចំយកទឹកតែត្រូវទទួលបន្ទុកចេញសោហ៊ុយ នៃការខូចខាត ។
មាត្រា ១៥៩.
កម្មសិទ្ធិករ នៃដី ដែលព្រមឱ្យធ្វើការ្យអ្វីលើដីខ្លួននោះ អាចនឹងសុំប្រើទំនប់ ឬ របាំងទឹកនោះបាន ដោយត្រូវចេញសោហ៊ុយធ្វើ និង សោហ៊ុយថែទាំពាក់កណ្ដាល ។ កម្មសិទ្ធិករនេះមិនត្រូវទារសោហ៊ុយថ្លៃដីឡើយ បើបានទទួលហើយត្រូវតែបង្វិលសងគេវិញ ។
អនុផ្នែកទី ៣ : អំពីសេវភាពកើតពីការព្រមព្រៀង
edit- មាត្រា ១៦០.-
ត្រូវបានអនុញ្ញាតឱ្យកម្មសិទ្ធិករបង្កើតនៅលើដីរបស់ខ្លួនរាល់សេវភាពជាគុណប្រយោជន៍ដល់កម្មសិទ្ធិករ នៃដីផ្សេងទៀត ឱ្យតែសេវភាពនោះមិនផ្ទុយពីសណ្ដាប់ធ្នាប់សាធារណៈ ។ ការប្រើប្រាស់ និង វិសាលភាព នៃសេវភាពនេះត្រូវកំណត់ដោយកិច្ចព្រមព្រៀង ដែលបានបង្កើតសេវភាពនោះ ។
- មាត្រា ១៦១.-
សេវភាពកើតពីការព្រមព្រៀងអាចបង្កើតឡើងបានតែតាមលិខិតយថាភូតប៉ុណ្ណោះ ។ សេវភាពនេះមិនអាចតតិយជនជំទាស់បានទេ ក្រោយពីការចុះលេខាចារិកក្នុងបញ្ជីសុរិយោដី ។ ទំនាក់ទំនងសេវភាពរវាងដីបំរើ និង ដីប្រើនឹងត្រូវចប់នៅពេល ដែលដីណាមួយក្នុងចំណោមដីទាំងពីរត្រូវបានផ្ទេរឲ្យតតីយជនណាម្នាក់ បើការរក្សាទុកសេវភាពនោះមិនបានចែងច្បាស់ក្នុងលិខិតផ្ទេរកម្មសិទ្ធិទេ ។
- មាត្រា ១៦២.-
កម្មសិទ្ធិករ ដែលបានបង្កើតសេវភាពលើដីរបស់ខ្លួនត្រូវបានចាត់ទុកថាយល់ព្រមរាល់អ្វី ដែលចាំបាច់សម្រាប់សេវភាពនោះ ។ សេវភាព នៃការយកទឹកបង្កើតឡើងនៅកន្លែងប្រភពទឹកអនុញ្ញាតឱ្យអ្នកយកទឹកមានសិទ្ធិឆ្លងកាត់ដី ដែលមានប្រភពទឹកនោះបាន ។
- មាត្រា ១៦៣.-
កម្មសិទ្ធិករ នៃដីប្រើមានសិទ្ធិធ្វើរាល់ការ្យចាំបាច់ផ្សេងៗ លើដីបំរើដើម្បីប្រើ និង រក្សាទុកសេវភាពបាន ។
- មាត្រា ១៦៤.-
ការ្យចាំបាច់សម្រាប់ប្រើ និង រក្សាទុកសេវភាពគឺជាសោហ៊ុយ នៃកម្មសិទ្ធិករដីប្រើ លើកលែងតែមានការព្រមព្រៀងគ្នាផ្សេងពីនេះ ។
- មាត្រា ១៦៥.-
កម្មសិទ្ធិករ នៃដីបំរើមិនអាចធ្វើអ្វី ដែលមានបំណងបន្ថយការប្រើប្រាស់សេវភាព ឬ ធ្វើឲ្យសេវភាពមិនអាចប្រើបានឡើយ ។ កម្មសិទ្ធិករ នៃដីបំរើមិនអាចប្ដូរស្ថានភាព នៃការប្រើប្រាស់សេវភាព ដែលបានកំណត់ពីដំបូងមកបានទេ ។ ប៉ុន្តែបើទុកសេវភាពក្នុងស្ថានភាពដើមនាំឱ្យកម្មសិទ្ធិករ នៃដីបំរើចំណាយប្រាក់លើការជួសជុលថែទាំច្រើន កម្មសិទ្ធិករ នៃដីបំរើអាចសុំដាក់សេវភាពជំនួសនៅទីផ្សេងទៀតបាន ដែលស្រួលប្រើដូចគ្នា ហើយកម្មសិទ្ធិករ នៃដីប្រើមិនអាចបដិសេធបានឡើយ ។
- មាត្រា ១៦៦.-
ចំណែកឯកម្មសិទ្ទិករ នៃដីប្រើ អាចប្រើប្រាស់សេវភាពតែក្នុងព្រំដែន ដែលបានកំណត់ក្នុងកិច្ចសន្យា ដោយមិនអាចធ្វើនៅលើដីបំរើ ឬ ដីរបស់ខ្លួនឱ្យមានការប្រែប្រួលណាមួយ ដែលអាចមានឥទ្ធិពលធ្ងន់ធ្ងរដល់ស្ថានភាព នៃដីបំរើបានឡើយ ។
អនុផ្នែកទី ៤ : អពីការផុតរលត់ នៃសេវភាព
editមាត្រា ១៦៧.
សេវភាពផុតរលត់ដោយៈ
- ការបញ្ចប់កិច្ចព្រមព្រៀង ដែលបង្កើតសេវភាពនោះ
- ដីប្រើ និង ដីបំរើធ្លាក់ក្នុងដៃកម្មសិទ្ធិករតែម្នាក់ ឬ
- មហន្តរាយទាំងស្រុង នៃដី ដែលជាទីតាំងសេវភាពនោះ ។
មាតិកាទី ៤ : អំពីទម្រង់ នៃកម្មសិទ្ធិ
editជំពូកទី ៩ : អំពីកម្មសិទ្ធិអវិភាគ
edit- មាត្រា ១៦៨.-
កម្មសិទ្ធិអវិភាគគឺជាកម្មសិទ្ធិលើទ្រព្យតែមួយ ដែលជារបស់បុគ្គលច្រើននាក់ ។ បុគ្គលទាំងនោះជាកម្មសិទ្ធិករអវិភាគ ។ កម្មសិទ្ធិករអវិភាគម្នាក់ៗមានចំណែករបស់ខ្លួនក្នុងទ្រព្យនោះ ប៉ុន្តែទ្រព្យនោះមិនអាចពុះចែកគ្នាបានឡើយ ។
- មាត្រា ១៦៩.-
ភាគបែង នៃកម្មសិទ្ធិអវិភាគចាត់ទុកថាស្មើគ្នា ។ ក្នុងករណី ដែលការបែងចែកទ្រព្យមិនស្មើគ្នាកម្មសិទ្ធិករម្នាក់ៗមានសិទ្ធិ និង បន្ទុកសមាមាត្រទៅនឹងចំណែករបស់ខ្លួន ។ កម្មសិទ្ធិករម្នាក់ៗអាចលក់ចំណែក ឬ ចុះកិច្ចសន្យាផ្សេងៗលើចំណែករបស់ខ្លួនបាន ហើយម្ចាស់បំណុលរបស់គេម្នាក់ៗ អាចរឹបអូសចំណែក នៃទ្រព្យរបស់អ្នកនោះបាន ។
- មាត្រា ១៧០.-
កម្មសិទ្ធិករអវិភាគគ្រប់គ្រងរួមលើកម្មសិទ្ធិអវិភាគ លើកលែងតែមានកិច្ចព្រមព្រៀងផ្ទុយពីនេះ ។ កម្មសិទ្ធិករអវិភាគម្នាក់ៗមាននាទីគ្រប់គ្រងជាធម្មតាដូចជាការជួសជុលថែទាំ និង ការដាំដុះ បើកម្មសិទ្ធិករអវិភាគភាគច្រើនមិនបានចាត់ឱ្យធ្វើអ្វីផ្សេងទៀតទេ ។ កិច្ចការសំខាន់ៗដូចជាការប្ដូរដំណាំ និង ការជួសជុលធំៗអាចសម្រេចបាន លុះត្រាតែភាគច្រើន នៃកម្មសិទ្ធិករអវិភាគ ដែលមានចំណែករួមគ្នាលើសពីពាក់កណ្ដាល នៃទ្រព្យនោះបានយល់ព្រម ។
- មាត្រា ១៧១.-
កម្មសិទ្ធិករអវិភាគម្នាក់ៗត្រូវយកចិត្តទុកដាក់ថែទាំ និង ការពារប្រយោជន៍រួម ។ កម្មសិទ្ធិករអវិភាគអាស្រ័យផលពីទ្រព្យ និង ប្រើប្រាស់ទ្រព្យក្នុងព្រំដែន ដែលមិនប៉ះពាល់ដល់សិទ្ធិ នៃកម្មសិទ្ធិករអវិភាគឯទៀត ។ ការព្រមព្រៀងគ្នាពីកម្មសិទ្ធិករអវិភាគទាំងអស់ជាការចាំបាច់ សម្រាប់ការផ្ទេរសិទ្ធិ ការបង្កើតសិទ្ធិភណ្ឌិក ឬ ការផ្លាស់ប្ដូរគោលដៅ នៃទ្រព្យ លើកលែងតែមានវិធានផ្សេងពីនេះ ។
- មាត្រា ១៧២.-
ចំណាយលើការគ្រប់គ្រង ការបង់ពន្ធ និង បន្ទុកផ្សេងទៀតលើទ្រព្យអវិភាគត្រូវទទួលរ៉ាប់រងដោយកម្មសិទ្ធិករអវិភាគទាំងអស់តាមសមាមាត្រ នៃចំណែករៀងៗខ្លួន លើកលែងតែមានបញ្ញត្តិផ្ទុយពីនេះ ។
- មាត្រា ១៧៣.-
គ្មានជនណាមួយអាចត្រូវបានបង្ខំឲ្យនៅក្នុងអវិភាគកម្មបានទេ ។ កម្មសិទ្ធិករអវិភាគម្នាក់ៗអាចទាមទារឲ្យបែងចែកទ្រព្យអវិភាគនោះបាន ។ កម្មសិទ្ធិករអវិភាគទាំងឡាយអាចរក្សាទុកជាបណ្ដោះអាសន្ននូវស្ថានភាព នៃអវិភាគកម្មប៉ុន្តែស្ថានភាពបែបនេះមិនអាចចាប់បង្ខំឱ្យលើសពីរយៈពេល ៥ (ប្រាំ) ឆ្នាំបានឡើយ លើកលែងតែមានកិច្ចព្រមព្រៀងថ្មី ។
- មាត្រា ១៧៤.-
អវិភាគកម្មត្រូវចប់ដោយការបែងចែកទ្រព្យតាមរូបដើម ឬ ដោយការលក់ទ្រព្យហើយចែកថ្លៃគ្នា ឬ ដោយកម្មសិទ្ធិករអវិភាគម្នាក់ ឬ ច្រើននាក់ទទួលយកចំណែករបស់អ្នកដទៃ ។ ប្រសិនជាកម្មសិទ្ធិករអវិភាគមិនយល់ព្រមតាមអំពីរបៀប នៃការចែក អ្នកទាំងនោះត្រូវប្ដឹងទៅតុលាការ ដែលនឹងរៀបចំចែកទ្រព្យ ឬ បើទ្រព្យនោះ កាលបើចែកទៅនាំឱ្យថយថ្លៃច្រើនតុលាការអាចបង្គាប់ឱ្យលក់ទ្រព្យទាំងមូលទៅឱ្យតតិយជន ឬ ទៅឱ្យកម្មសិទ្ធិករ អវិភាគណាម្នាក់ក៏បាន ។
ជំពូកទី ១០ : អំពីសហកម្មសិទ្ធិ
edit- មាត្រា ១៧៥.-
សហកម្មសិទ្ធិគឺជាកម្មសិទ្ធិលើទ្រព្យជាអចលនវត្ថុរបស់បុគ្គលច្រើននាក់បែងចែកតាមឡូត៍ ដែលមា្នក់ៗបានមួយចំណែកជាឯកជនហើយមួយចំណែកទៀតជាផ្នែក នៃទ្រព្យរួម ។
- មាត្រា ១៧៦.-
សហកម្មសិទ្ធិករទាំងឡាយអាចរៀបចំបទបញ្ជាផ្ទៃក្នុង ដែលកំណត់របៀបគ្រប់គ្រង និង វិធាន នៃការថែទាំព្រមទាំងកាតព្វកិច្ចរបស់សហកម្មសិទ្ធិករ ជាពិសេសចំពោះផ្នែករួមដោយគោរពតាមបទប្បញ្ញត្តិទាំងឡាយ នៃច្បាប់នេះ ។ ក្នុងករណី ដែលគ្មានបទបញ្ជាផ្ទៃក្នុងនេះទេ សហកម្មសិទ្ធិត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិទាំងឡាយ ដែលបានកំណត់ពីមាត្រា ១៧៧ ដល់មាត្រា ១៨៥ នៃច្បាប់នេះ ។
- មាត្រា ១៧៧.-
សហកម្មសិទ្ធិករទាំងឡាយមានសិទ្ធិពេញលេញលើចំណែកឯកជនរបស់ខ្លួនដោយមិនបំពានទៅលើចំណែករួម និង មិនរំខាន ឬ រាំងស្ទះដល់ការប្រើប្រាស់ចំណែករួមដោយសហកម្មសិទ្ធិករដទៃទៀត ។ សហកម្មសិទ្ធិករទាំងនោះអាចផ្ទេរសិទ្ធិដោយសេរី ជួល ឬ បង្កើតផលុបភោគរៀបចំសិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ ដាក់ហ៊ីប៉ូតែក ដាក់បញ្ចាំនូវចំណែកឯកជនរបស់ខ្លួន ។ ប៉ុន្តែសហកម្មសិទ្ធិករមិនអាចបង្កើតសេវភាពលើចំណែកឯកជនរបស់ខ្លួននោះបានទេ ។
- មាត្រា ១៧៨.-
រាល់ចំណែក នៃអគារ ឬ ដីសម្រាប់ការប្រើប្រាស់ផ្ដាច់មុខ នៃសហកម្មសិទ្ធិករណាមួយបង្កើតបានជាចំណែកឯកជន ។ វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុត្រូវកំណត់អំពីប្រភេទ និង ទំហំ នៃចំណែកនោះ ។
- មាត្រា ១៧៩.-
រាល់ចំណែក នៃអគារ ឬ ដីសម្រាប់ការប្រើប្រាស់ ឬ ជាប្រយោជន៍ នៃសហកម្មសិទ្ធិករទាំងឡាយ ឬ សហកម្មសិទ្ធិករខ្លះក្នុងចំណោមនោះបង្កើតបានជាចំណែករួម ។ ទ្រព្យរួមមានជាអាទិ :
- - ដី ទីធ្លា ឧទ្យាន និង សួនច្បារ ផ្លូវ ច្រកចេញចូល
- - ជញ្ជាំង សសរទ្រទ្រង់សំខាន់ៗ នៃអគារ ឧបករណ៍រួមរាប់បញ្ចូលចំណែក នៃបណ្ដាញទឹក ភ្លើង បណ្ដាញឧស្ម័ន ដែលអាចឆ្លងកាត់ចំណែកឯកជន
- - ទូរួម បំពង់ និង ក្បាលបំពង់ផ្សែង
- - ទីកន្លែង នៃសេវារួម ។
សិទ្ធិបន្ទាប់បន្សំខាងក្រោមនេះក៏ត្រូវទុកជាកម្មសិទ្ធិរួមដែរ :
- - សិទ្ធិជីករុករកវត្ថុធាតុ ដែលមានក្នុងដី
- - សិទ្ធិស្ថាបនាអគារថ្មីក្នុងទីធ្លា ឧទ្យាន ឬ សួនច្បារ ដែលជាចំណែករួម
- - សិទ្ធិជីករុករកក្នុងទីធ្លា ឧទ្យាន ឬ សួនច្បារទាំងនោះ
- - សិទ្ធិ នៃអឌ្ឍសិទ្ធិភាព ដែលជាប់ទៅនឹងចំណែករួមទាំងឡាយ
- - សិទ្ធិលើកបន្តឱ្យខ្ពស់នូវអគារសម្រាប់ប្រើប្រាស់រួម ឬ ដែលមានកន្លែងច្រើនបង្កើតបានជាចំណែកឯកជនផ្សេងគ្នា ។ គ្មានករណីណាមួយ ដែលកម្មសិទ្ធិករ នៃអគារសហកម្មសិទ្ធិជាន់លើបំផុតអាចលើកបន្តសម្រាប់តែខ្លួនឯងផ្ទាល់ ឬ លក់សិទ្ធិ នៃការលើកបន្តនេះឡើយ ។
- - បទប្បញ្ញត្តិនេះមានលក្ខណៈជាសណ្ដាប់ធ្នាប់សាធារណៈ ។
- មាត្រា ១៨០.-
សហកម្មសិទ្ធិករ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណែករួម នៃអគារ ឬ ដីដោយបានកែប្រែដើម្បីការប្រើប្រាស់ជាឯកជន ឬ សម្រាប់លក់នឹងត្រូវបង្ខំឱ្យរៀបចំដូចសភាពដើមវិញ ។ សហកម្មសិទ្ធិករនោះត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងមាត្រា ២៥៧ នៃច្បាប់នេះ ។ ជនក្រៅសហកម្មសិទ្ធិករ ដែលដណ្ដើមយកចំណែករួមសម្រាប់ជាទីលំនៅឯកជនរបស់ខ្លួននឹងត្រូវបង្ខំឱ្យសងកន្លែង ដែលកាន់កាប់ខុសច្បាប់ ហើយត្រូវធ្វើឱ្យមានសភាពដូចដើមវិញ ។ ក្នុងករណីណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចមិនអាចចេញប័ណ្ណសំគាល់សិទ្ធិឱ្យបុគ្គលនោះបានឡើយ ពុំនោះទេនឹងចាត់ទុកអ្នកសមគំនិត និង ត្រូវទទួលខុសត្រូវរួមជាមួយដែរ ។ អាជ្ញាធរមានភារកិច្ចបង្ខំឱ្យអ្នកកាន់កាប់ដោយខុសច្បាប់រុះរើចេញ ។ បញ្ញត្តិទាំងនេះក៏មានគោលដៅដាក់ទោសអ្នកមិនទទួលស្គាល់កម្មសិទ្ធិ និង លក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈ និង ជាសារវ័ន្ត ហើយត្រូវអនុវត្តចំពោះការប៉ះពាល់ ដែលមានកន្លងមកមុនការប្រកាសឱ្យប្រើច្បាប់នេះ ។
- មាត្រា ១៨១.-
ចំណែករួមគឺជាកម្មសិទ្ធិអវិភាគរបស់សហកម្មសិទ្ធិករ ។ សហកម្មសិទ្ធិករត្រូវបានធានាការថែទាំចំណែករួម ។ បន្ទុក នៃការថែទាំនេះត្រូវចែកគ្នាតាមសមាមាត្រទៅនឹងតម្លៃ នៃឡូត៍នីមួយៗ ។
- មាត្រា ១៨២.-
ជញ្ជាំង ដែលខ័ណ្ឌចំណែកឯកជនត្រូវចាត់ទុកជាជញ្ជាំងអឌ្ឍសិទ្ធិដូចមានចែងក្នុងជំពូកទី១១ នៃច្បាប់នេះ ។
- មាត្រា ១៨៣.-
ចំណែករួម និង សិទ្ធិបន្ទាប់បន្សំទាំងឡាយមិនអាចជាកម្មវត្ថុ នៃការបែងចែក ឬ បង្ខំឱ្យលក់ដាច់ដោយឡែកពីចំណែកឯកជនបានឡើយ ។
- មាត្រា ១៨៤.-
សហកម្មសិទ្ធិករអាចបង្កើតអង្គការគ្រប់គ្រង ដែលអាចជាក្រុមប្រឹក្សាភិបាល ឬ / និង គណៈកម្មការគ្រប់គ្រងដើម្បីទទួលបន្ទុកកិច្ចការសហកម្មសិទ្ធិ ។ អង្គការគ្រប់គ្រងនេះត្រូវជ្រើសរើស ដោយមហាសន្និបាត ដែលមានការចូលរួមពីសហកម្មសិទ្ធិករទាំងអស់ដោយគិតតាមសមាមាត្រ នៃសារៈសំខាន់ នៃឡូត៍រៀងៗខ្លួន ។ អង្គការគ្រប់គ្រងធ្វើការសម្រេចចិត្តទាក់ទងទៅនឹងការថែទាំសហកម្មសិទ្ធិតាមមតិភាគច្រើន ។ សហកម្មសិទ្ធិករត្រូវគោរពតាមសេចក្ដីសំរេច ដែលបានដាក់ចេញដោយមហាសន្និបាតជាពិសេសទាក់ទងទៅនឹងការថែទាំ និង ការធ្វើឱ្យស្របទៅនឹងលក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈ នៃចំណែករួម ។ សហកម្មសិទ្ធិករណាម្នាក់ ដែលមិនព្រមគោរពតាមការសម្រេចរបស់មហាសន្និបាត និង ដោះខ្លួនពីចំណែក នៃបន្ទុក ដែលធ្លាក់មកលើខ្លួន អាចនឹងត្រូវបានប្ដឹងទៅតុលាការដើម្បីបង្ខំឱ្យបង់បន្ទុក ដែលត្រូវបង់ ។ ក្នុងករណីគ្មានការបង្កើតអង្គការគ្រប់គ្រង ការគ្រប់គ្រងសហកម្មសិទ្ធិករត្រូវរ៉ាប់រងផ្ទាល់ដោយសហកម្មសិទ្ធិករទាំងអស់ ដែលធ្វើការសម្រេចជាឯកច្ឆន្ទ ។ បើសិនគ្មានការ យល់ព្រមណាមួយអាចកើតឡើងរវាងសហកម្មសិទ្ធិករទេ ដែលជាហេតុនាំឱ្យការថែទាំមិនល្អ ឬ ថយតម្លៃ នៃសហកម្មសិទ្ធិ សហកម្មសិទ្ធិករទាំងអស់ក្រោយពីមានការព្រមព្រៀងគ្នាអាចប្ដឹងទៅតុលាការឱ្យចាត់អ្នកគ្រប់គ្រងសហកម្មសិទ្ធិម្នាក់ ។ ប្រាក់ឈ្នួលសម្រាប់អ្នកគ្រប់គ្រងជាបន្ទុក នៃសហកម្មសិទ្ធិករទាំងអស់ ។
- មាត្រា ១៨៥.-
អាជ្ញាធរមានសមត្ថកិច្ចអាចដាក់វិធានការឱ្យសហកម្មសិទ្ធិករ រ៉ាប់រងការថែទាំឱ្យល្អលើចំណែករួម ។ សោហ៊ុយ នៃការថែទាំជាបន្ទុក នៃសហកម្មសិទ្ធិករ ដោយគិតតាមសមាមាត្រទៅនឹងតម្លៃ នៃចំណែករៀងៗខ្លួន ។ សហកម្មសិទ្ធិករ ដែលមិនព្រមចូលរួមទទួលបន្ទុកនេះ ឬ មិនគោរពតាមលក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងមាត្រា ២៥៨ នៃច្បាប់ នេះ ។
ជំពូកទី ១១ : អំពីអឌ្ឍសិទ្ធិភាព
edit- មាត្រា ១៨៦.-
អឌ្ឍសិទ្ធិភាពគឺជាទម្រង់មួយ នៃកម្មសិទ្ធិរួមអនុវត្តទៅលើជញ្ជាំង និង កំពែង ដែលនៅត្រង់ព្រំខ័ណ្ឌចែកកម្មសិទ្ធិពីរជាប់គ្នា ។ កំពែងក្នុងន័យ នៃច្បាប់នេះគឺសំដៅទៅលើស្នាមភ្លោះ របង និង ភ្លឺ ។
ផ្នែកទី ១ : អំពីជញ្ជាំងអឌ្ឍសិទ្ធិ
edit- មាត្រា ១៨៧.-
ការជួសជុល និង ការសាងសង់ជញ្ជាំងអឌ្ឍសិទ្ធិឡើងវិញ ជាបន្ទុក នៃអ្នក ដែលមានសិទ្ធិលើទ្រព្យនោះតាមសមាមាត្រទៅនឹងសិទ្ធិ នៃកម្មសិទ្ធិករម្នាក់ៗ ។ រាល់កម្មសិទ្ធិករ ដែលពាក់ព័ន្ធអាចឱ្យរួចពីការចេញថ្លៃជួសជុល ឬ សាងសង់ជញ្ជាំងអឌ្ឍសិទ្ធិឡើងវិញ ដោយលះបង់សិទ្ធិ នៃអឌ្ឍសិទ្ធិរបស់ខ្លួនលើកលែងតែជញ្ជាំងអឌ្ឍសិទ្ធិទល់ទ្រអគារ ដែលជារបស់ខ្លួនប៉ុណ្ណោះ ។
- មាត្រា ១៨៨.-
កម្មសិទ្ធិករណាម្នាក់ នៃជញ្ជាំងអឌ្ឍសិទ្ធិមិនអាចចោះចូលជ្រៅទៅក្នុងជញ្ជាំងអឌ្ឍសិទ្ធិ ឬ ធ្វើការ្យអ្វី ដែលអាចបណ្ដាលឱ្យខូចខាតដល់ជញ្ជាំងអឌ្ឍសិទ្ធិ ដោយគ្មានការព្រមព្រៀងពីកម្មសិទ្ធិករម្ខាងទៀតឡើយ ។ ក្នុងករណីគ្មានការព្រមព្រៀងគ្នា តម្រូវឱ្យអាជ្ញាកណ្ដាលជាអ្នកជំនាញ ដែលនឹងកំណត់មធ្យោបាយចាំបាច់សម្រាប់ការ្យថ្មី ដែលមិនរំខានដល់សិទ្ធិរបស់កម្មសិទ្ធិករណាម្នាក់ ។
- មាត្រា ១៨៩.-
កម្មសិទ្ធិករម្នាក់ៗអាចសង់ជាប់នឹងជញ្ជាំងអឌ្ឍសិទ្ធិ និង ដាក់ធ្នឹម និង រនូត ចូលក្នុងជញ្ជាំងអឌ្ឍសិទ្ធិដោយទុកឱ្យដល់ប្រាំសង្ទីម៉ែត្រ តែការងារនេះមិនត្រូវធ្វើឱ្យខូចដល់សិទ្ធិរបស់អ្នកម្ខាងទៀតឡើយ ។ ប្រសិនបើកម្មសិទ្ធិករម្ខាងទៀតនោះមានបំណងសង់ពីម្ខាងត្រង់កន្លែងនោះមកវិញដែរ កម្មសិទ្ធិករនោះអាចមានសិទ្ធិទាមទារឱ្យបន្ថយធ្នឹម និង រនូតនោះមកត្រឹមពាក់កណ្ដាល នៃកំរាស់ជញ្ជាំងវិញ ។
- មាត្រា ១៩០.-
កម្មសិទ្ធិករ នៃអចលនវត្ថុ ដែលនៅជាប់ជញ្ជាំងណាមួយរបស់កម្មសិទ្ធិករដទៃ មានសិទ្ធិធ្វើជញ្ជាំងនោះឱ្យទៅជាជញ្ជាំងអឌ្ឍសិទ្ធិទាំងស្រុង ឬ មួយចំណែកដោយសងទៅកម្មសិទ្ធិករ នៃជញ្ជាំងនោះនូវតម្លៃពាក់កណ្ដាល នៃចំណែក ដែលខ្លួនចង់ធ្វើឱ្យទៅជាអឌ្ឍសិទ្ធិ បូកនឹងពាក់កណ្ដាលតម្លៃដី ដែលសង់ជញ្ជាំងពីលើនោះ ។
- មាត្រា ១៩១.-
កម្មសិទ្ធិករម្នាក់ៗអាចសង់បន្តជញ្ជាំងអឌ្ឍសិទ្ធិឱ្យខ្ពស់ជាងមុនបាន ប៉ុន្តែត្រូវចេញសោហ៊ុយក្នុងការសង់ ការជួសជុលថែទាំជញ្ជាំង ដែលខ្ពស់ហួសកំណត់ដើមនោះតែម្នាក់ឯង ។ ក្រៅពីនេះ កម្មសិទ្ធិករនោះត្រូវចេញសោហ៊ុយសម្រាប់បន្ទុក ដែលកើតមកពីការលើកកំពស់ហួសទៅលើនោះឱ្យសមតាមតម្លៃផង ។
- មាត្រា ១៩២.
ប្រសិនបើជញ្ជាំងអឌ្ឍសិទ្ធិមិនមាំមិនអាចទ្រទ្រង់កំពស់ ដែលលើកទៅលើនោះបានអ្នក ដែលចង់លើកឱ្យខ្ពស់នោះអាចរុះរើធ្វើជាថ្មីទាំងអស់ឡើងវិញដោយសោហ៊ុយផ្ទាល់ខ្លួន ។ ឯកំរាស់ជញ្ជាំង ដែលត្រូវធ្វើលើសពីកំរាស់ដើមត្រូវសង់ដាក់ខាងលើដីរបស់ខ្លួន ។
- មាត្រា ១៩៣.-
កម្មសិទ្ធិករម្ខាងទៀត ដែលមិនបានជួយក្នុងការសង់ឱ្យឡើងខ្ពស់ បើត្រូវការយកសំណង់នោះទុកជារបស់អឌ្ឍសិទ្ធិ នៃខ្លួនដែរ ត្រូវចេញថ្លៃសំណង់ ដែលលើកឱ្យខ្ពស់ពាក់កណ្ដាលបូកនឹងពាក់កណ្ដាល នៃថ្លៃដី ដែលសង់ជញ្ជាំងលើសពីកំរាស់ដើមនោះ ។
ផ្នែកទី ២ : អំពីស្នាមភ្លោះ របង ភ្លឺអឌ្ឍសិទ្ធិ
edit- មាត្រា ១៩៤.-
កំពែងអឌ្ឍសិទ្ធិ ដែលបានបង្កើតដោយស្នាមភ្លោះក្ដី ដោយរបងក្ដី ដោយភ្លឺក្ដី ត្រូវតែថែទាំដោយសោហ៊ុយរួម ។ តែបើកម្មសិទ្ធិករណាម្នាក់ចង់ដកខ្លួនចេញពីកាតព្វកិច្ចនេះកម្មសិទ្ធិករនោះអាចធ្វើបានដោយគ្រាន់តែលះបង់អឌ្ឍសិទ្ធិភាពរបស់ខ្លួនចោលប៉ុណ្ណោះ ។ ប៉ុន្តែបើស្នាមភ្លោះ ឬ ភ្លឺនោះ ជាកន្លែងសម្រាប់បង្ហូរទឹកជាធម្មតា សហកម្មសិទ្ធិករមិនអាចលះបង់អឌ្ឍសិទ្ធិរបស់ខ្លួនបានឡើយ ។
- មាត្រា ១៩៥.-
កម្មសិទ្ធិករ ដែលមានដីជាប់នឹងស្នាមភ្លោះ របង ឬ ភ្លឺណាមួយ ដែលមិនមែនជារបស់អឌ្ឍសិទ្ធិទេ មិនអាចតម្រូវឱ្យម្ចាស់ស្នាមភ្លោះ ម្ចាស់របង ម្ចាស់ភ្លឺនោះដាក់ស្នាមភ្លោះ របង ឬ ភ្លឺនោះជារបស់អឌ្ឍសិទ្ធិឱ្យខ្លួនបានឡើយ ។
- មាត្រា ១៩៦.-
កម្មសិទ្ធិករ នៃរបងអឌ្ឍសិទ្ធិអាចជួសជុល កែលំអឫរុះរើរបងនោះរហូតដល់ព្រំប្រទល់កម្មសិទ្ធិរបស់ខ្លួនបាន តែត្រូវធ្វើរបងត្រឹមដីរបស់ខ្លួនឡើងវិញ ។ សិទ្ធិនេះអាចប្រើបានក្នុងករណីបើស្នាមភ្លោះ ឬ ភ្លឺអឌ្ឍសិទ្ធិនោះ គ្រាន់តែប្រើប្រាស់ជារបងប៉ុណ្ណោះ ។
មាតិកាទី ៥ : អំពីប្រាតិភោគអចលនវត្ថុ
editមាត្រា ១៩៧.
ទ្រព្យជាអចលនវត្ថុអាចបង្កើតជាប្រាតិភោគសម្រាប់ដាក់ធានាការសងបំណុលដោយកម្មសិទ្ធិករ នៃទ្រព្យនោះតាមរយៈហ៊ីប៉ូតែក ឬ ការបញ្ចាំ ឬ ការដាក់ធានា ។
ជំពូកទី ១២ : អំពីហ៊ីប៉ូតែក
editមាត្រា ១៩៨.
ហ៊ីប៉ូតែកគឺជាប្រាតិភោគភណ្ឌិក ដែលបើកឱ្យម្ចាស់បំណុលប្ដឹងសុំឱ្យលក់អចលនវត្ថុនោះនៅពេលដល់កំណត់សង ទោះជាអចលនវត្ថុនោះនៅលើដៃជនណាក៏ដោយ ដើម្បីយកប្រាក់មកសងខ្លួន និង ម្ចាស់បំណុលដទៃទៀត ដែលជាអ្នកមានបុព្វសិទ្ធិ និង បុរិមាដោយមិនដកអចលនវត្ថុនោះពីកម្មសិទ្ធិករទេ ។
មាត្រា ១៩៩.
មានតែអចលនវត្ថុ ដែលបានចុះបញ្ជីសុរិយោដីទេ ទើបអាចជាកម្មវត្ថុ នៃហ៊ីប៉ូតែកបាន ។
មាត្រា ២០០.
ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធិករ នៃទ្រព្យ ដែលបានដាក់ហ៊ីប៉ូតែកជំនួសការសងបំណុលបានឡើយ ។
មាត្រា ២០១.
កិច្ចសន្យាហ៊ីប៉ូតែកត្រូវរៀបចំតាមរូបមន្តយថាភូត ចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ឬ អ្នកច្បាប់ណាម្នាក់ ដែលមាននីតិសម្បទាក្នុងរឿងនេះ ។ កិច្ចសន្យាត្រូវតែចុះបញ្ជីនៅអង្គភាពសុរិយោដី ។ អាជ្ញាធរមានសមត្ថកិច្ចក្នុងការតាក់តែងកិច្ចសន្យាហ៊ីប៉ូតែក និង ទម្រង់ នៃការចុះបញ្ជីនឹងកំណត់ដោយអនុក្រឹត្យ ។
មាត្រា ២០២.
កិច្ចសន្យាហ៊ីប៉ូតែកត្រូវសរសេរបញ្ជាក់ឱ្យច្បាស់ពីស្ថានភាព និង ប្រភេទ នៃទ្រព្យសេវភាព ឬ បន្ទុក ដែលកំណត់ដោយបទបញ្ជាទាំងឡាយ និង តម្លៃ នៃទ្រព្យនោះ ។
មាត្រា ២០៣.
ហ៊ីប៉ូតែកច្រើនបន្តបន្ទាប់គ្នាអាចត្រូវបានបង្កើតនៅលើទ្រព្យតែមួយ ។ ម្ចាស់បំណុលម្នាក់ៗប្រើសិទ្ធិតាមលំដាប់អាទិភាព នៃការចុះលេខាចារិកហ៊ីប៉ូតែករបស់ខ្លួន ។
មាត្រា ២០៤.
ប្រសិនបើកសិទ្ធិករ នៃទ្រព្យដាក់ហ៊ីប៉ូតែកមិនសងបំណុលពេលដល់កំណត់ត្រូវសងម្ចាស់បំណុលម្នាក់អាចប្ដឹងសុំឱ្យលក់ទ្រព្យនោះបានដោយមិនគិតពីលំដាប់ នៃហ៊ីប៉ូតែករបស់គេឡើយ ។ ម្ចាស់បំណុលហ៊ីប៉ូតែកនានានឹងត្រូវទទួលសំណងនៅពេលនោះដែរ តាមលំដាប់ នៃហ៊ីប៉ូតែកនីមួយៗ ។
មាត្រា ២០៥ .
ទ្រព្យ ដែលកំពុងដាក់បញ្ចាំមិនអាចដាក់ហ៊ីប៉ូតែកបានឡើយ ។
ជំពូកទី ១៣ : អំពីការបញ្ចាំអចលនវត្ថុ
editមាត្រា ២០៦ .
ការបញ្ចាំអចលនវត្ថុគឺជាកិច្ចសន្យា ដែលតាមកិច្ចសន្យានោះ កូនបំណុលប្រគល់ឱ្យម្ចាស់បំណុលរបស់ខ្លួននូវទ្រព្យមួយដើម្បីធានាការសងបំណុល ។ ម្ចាស់បំណុលមានសិទ្ធិសុំឱ្យលក់ទ្រព្យនោះដើម្បីសងបំណុលតាមបុព្វសិទ្ធិ និង បុរិមា ដែលខ្លួនមានជាងម្ចាស់ បំណុលដទៃទៀត ។
ការប្រើប្រាស់ទ្រព្យដាក់បញ្ចាំដោយម្ចាស់បំណុលអាចជំនួសការសងបំណុលនេះជាការប្រាក់តែមួយមុខ ឬ ជាប្រាក់ដើម និង ការប្រាក់ផងក៏បាន បើសិនមានចែងក្នុងកិច្ចសន្យាបញ្ចាំ ។
មាត្រា ២០៧ .
កិច្ចសន្យាបញ្ចាំអចលនវត្ថុត្រូវធ្វើជាលាយលក្ខណ៍អក្សរតាមរូបមន្តលិខិតយថាភូតដោយអាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវចុះបញ្ជីនៅអង្គភាពសុរិយោដី ។
មាត្រា ២០៨ .
ការបញ្ចាំអចលនវត្ថុចាត់ទុកជាបានការ ហើយតតិយជនមិនអាចជំទាស់បាន លុះត្រាតែកិច្ចសន្យាបញ្ចាំនោះបានធ្វើតាមបញ្ញត្តិដូចមានចែងក្នុងមាត្រា ២០៧ នៃច្បាប់នេះ ។
ការមិនបានចុះបញ្ជីនៅអង្គភាពសុរិយោដីនូវកិច្ចសន្យាបញ្ចាំបណ្ដាលឱ្យថ្លោះសិទ្ធិប្រាតិភោគភណ្ឌិក ហើយម្ចាស់បំណុលមានសិទ្ធិត្រឹមប្ដឹងទារសំណងតាមច្បាប់ជាធរមានប៉ុណ្ណោះ ។
មាត្រា ២០៩ .
ទ្រព្យជាប់កិច្ចសន្យាបញ្ចាំអចលនវត្ថុនឹងត្រូវសងមកកូនបំណុលវិញជាចាំបាច់ចាប់ពីពេល ដែលកូនបំណុលបានសងទាំងស្រុងរួចហើយ ។
ចំពោះកិច្ចសន្យា ដែលមិនបានបញ្ជាក់ពីកាលបរិច្ឆេទផុតកំណត់សងក្នុងរយៈពេល ១០ (ដប់) ឆ្នាំគិតពីថ្ងៃ ដែលបានចុះកិច្ចសន្យាបញ្ចាំមក បើម្ចាស់បំណុលមិនបានដាក់ពាក្យប្ដឹងទៅតុលាការដើម្បីទាមទារឱ្យសងបំណុលទេ ម្ចាស់បំណុលនោះត្រូវបាត់បង់ការធានា នៃការដាក់បញ្ចាំ ។
ចំពោះកិច្ចសន្យា ដែលបានបញ្ជាក់ថ្ងៃកំណត់ឱ្យសងក្នុងរយៈពេល ១០ (ដប់) ឆ្នាំ គិតពីថ្ងៃផុតរយៈពេលសងបំណុល បើម្ចាស់បំណុលមិនបានដាក់ពាក្យប្ដឹងទៅតុលាការដើម្បីទាមទារឱ្យសងបំណុលទេ ម្ចាស់បំណុលនោះត្រូវបាត់បង់ការធានា នៃការដាក់បញ្ចាំ ។
ការបាត់បង់ការធានា នៃការដាក់បញ្ចាំនេះតម្រូវឱ្យម្ចាស់បំណុលប្រគល់អចលនវត្ថុ និង ប័ណ្ណឱ្យកូនបំណុលវិញ តែកូនបំណុលពុំបានរួចពីការសងបំណុលឡើយ ហើយម្ចាស់បំណុលមានសិទ្ធិត្រឹមប្ដឹងទារសំណងតាមច្បាប់ជាធរមានប៉ុណ្ណោះ ។
ការលើកលែងបញ្ចាំ ឬ ការលុបបន្ទុកបញ្ចាំត្រូវធ្វើលេខាចារិកក្នុងបញ្ជីសុរិយោដីតាមការស្នើសុំរបស់កូនបំណុល ឬ ដោយឯកឯង ។
មាត្រា ២១០ .
ក្នុងករណីណាក៏ដោយ ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធិករ នៃទ្រព្យជាប់កិច្ចសន្យាបញ្ចាំបានឡើយ ។ ខសន្យាណា ដែលផ្ទុយនឹងបទប្បញ្ញត្តិនេះត្រូវទុកជាមោឃៈ ។
មាត្រា ២១១ .
កិច្ចសន្យាបញ្ចាំអចលនវត្ថុអនុញ្ញាតឱ្យម្ចាស់បំណុលមានសិទ្ធិត្រឹមតែប្ដឹងទៅតុលាការឱ្យដាក់លក់អចលនវត្ថុដោយបង្ខំប៉ុណ្ណោះ ដើម្បីសងខ្លួនជាអាទិភាព ដោយបុរិមា និង បុព្វសិទ្ធិមុនម្ចាស់បំណុលដទៃទៀត ។
បើសិនជាក្នុងរយៈពេល នៃកិច្ចសន្យាបញ្ចាំ ម្ចាស់បំណុល ដែលទទួលបញ្ចាំទិញអចលនវត្ថុ ដែលដាក់បញ្ចាំ កិច្ចសន្យាទិញនេះត្រូវចុះបញ្ជីនៅអង្គភាពសុរិយោដី ពុំនោះទេនឹងត្រូវចាត់ទុកជាមោឃៈ ។
មាត្រា ២១២ .
ម្ចាស់បំណុល ដែលបានកាន់កាប់ទ្រព្យដាក់បញ្ចាំ អាចមានសិទ្ធិអាស្រ័យផលពីទ្រព្យនោះដូចជាផលុបភោគីដែរ លុះត្រាតែមានចែងក្នុងកិច្ចសន្យាដាក់បញ្ចាំ ។ ម្ចាស់បំណុលមានកាតព្វកិច្ចថែទាំរក្សាទុកទ្រព្យនោះឱ្យដូចជាទ្រព្យរបស់ខ្លួន ។ បើទ្រព្យនោះខូចខាតដោយអំពើ ឬ កំហុសណាមួយរបស់ខ្លួន ខ្លួនត្រូវសងតម្លៃខូចខាតនោះដោយកាត់ប្រាក់ក្នុងបំណុលបាន ។
មាត្រា ២១៣ .
នៅពេលផុតរយៈពេល នៃកិច្ចសន្យាបញ្ចាំ ដោយកូនបំណុលបានសងប្រាក់អស់វិញក្ដី ឬ ដោយផុតរយៈពេលប្ដឹងដូចមានក្នុងមាត្រា ២០៩ ក្ដី ម្ចាស់បំណុលត្រូវសងមកកូនបំណុលវិញនូវទ្រព្យ ឬ តម្លៃ នៃទ្រព្យ ប្រសិនបើទ្រព្យនេះត្រូវបានវិនាសដោយអំពើ ឬ កំហុសណាមួយរបស់ម្ចាស់បំណុល ។
មាត្រា ២១៤ .
នៅថ្ងៃចប់កិច្ចសន្យាបញ្ចាំ ហើយកូនបំណុលមកសុំលោះទ្រព្យវិញតែម្ចាស់បំណុលមិនព្រមឱ្យលោះ ម្ចាស់បំណុលត្រូវជំពាក់កូនបំណុលវិញនូវផល ឬ ផលទុន ដែលបានមកពីទ្រព្យដាក់បញ្ចាំដោយគិតចាប់តាំងពីថ្ងៃ ដែលកូនបំណុលសុំលោះមក ។
មាត្រា ២១៥ .
បើទ្រព្យជាដី ហើយកិច្ចសន្យាបញ្ចាំមិនបានចែងឱ្យច្បាស់លាស់ពីថ្ងៃកំណត់សងទេ ម្ចាស់បំណុលនៅតែមានសិទ្ធិយកផល ឬ ផលទុន ដែលជាផលកើតមកពីការយកចិត្តទុកដាក់របស់ខ្លួនពីការងាររបស់ខ្លួន និង ពីទុនរបស់ខ្លួន ក្នុងរដូវ ដែលកូនបំណុលសុំលោះ ។
ប៉ុន្តែបើទ្រព្យជាផ្ទះ ហើយកិច្ចសន្យាបញ្ចាំមិនបានចែងឱ្យច្បាស់លាស់ពីថ្ងៃកំណត់សងទេម្ចាស់បំណុលត្រូវប្រគល់ទ្រព្យដាក់បញ្ចាំនោះឱ្យកូនបំណុលគិតពីថ្ងៃ ដែលកូនបំណុលបានសងបំណុល ។
មាត្រា ២១៦ .
ការប្រាក់ត្រូវបានបញ្ចប់ចាប់ពីថ្ងៃ ដែលកូនបំណុលបានសងបំណុលរួច មុនការបញ្ចប់កិច្ចសន្យា ។ ការស្នើសងបំណុលត្រូវបង្ហាញពីចំនួន និង ត្រូវកត់ត្រាក្នុងលិខិត ដែលមានចុះហត្ថលេខាដោយមេឃុំ ឬ ចៅសង្កាត់ជាមួយនឹងហត្ថលេខាកូនបំណុល និង សាក្សីពីរនាក់ ។
មាត្រា ២១៧ .
ការបង់ពន្ធដារនៅតែជាបន្ទុក នៃកូនបំណុល លើកលែងតែមានការព្រមព្រៀងគ្នាផ្សេងពីនេះរវាងម្ចាស់បំណុល និង កូនបំណុល ។
មាត្រា ២១៨.
បើកូនបំណុលបានសងបំណុលគ្រប់ចំនួនហើយ ម្ចាស់បំណុលមិនអាចរក្សាទុកទ្រព្យ ដែលបានដាក់បញ្ចាំ ដោយយកលេសថាកូនបំណុលនៅជំពាក់បំណុលមួយផ្សេងទៀតបានទេ ទោះជាបំណុលក្រោយនេះដល់កំណត់ទារហើយក៏ដោយ លើកលែងតែមានកិច្ចសន្យាបញ្ចាំថ្មីមួយទៀតលើទ្រព្យដ ដែលនេះ ហើយបានរៀបចំតាមទម្រង់ នៃច្បាប់ទៀតផង ។
កូនបំណុលអាចប្រើសិទ្ធិខាងលើនេះ លើទាយាទ ឬ លើសិទ្ធិវន្ដ នៃម្ចាស់បំណុលបាន ។
ជំពូកទី ១៤ : អំពីការដាក់ធានា
editមាត្រា ២១៩ .
ការដាក់ធានាគឺជាកិច្ចសន្យាមួយ ដែលបានសម្រេចឡើងដើម្បីធានាការសងបំណុល ដែលក្នុងនោះកូនបំណុលប្រគល់ទៅឱ្យម្ចាស់បំណុលរបស់ខ្លួន មិនមែនជាទ្រព្យទេតែជាប័ណ្ណកម្មសិទ្ធិ នៃទ្រព្យនោះ ដែលបានចុះនិទ្ទេសក្នុងបញ្ជីសុរិយោដី ។
មាត្រា ២២០ .
កិច្ចសន្យាដាក់ធានាត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរតាមរូបមន្តយថាភូត និង ត្រូវចុះលេខាចារិកក្នុងបញ្ជីសុរិយោដី ។
មាត្រា ២២១ .
ក្នុងករណីណាក៏ដោយ ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធិករ នៃទ្រព្យជាប់កិច្ចសន្យាដាក់ធានាបានឡើយ ។ ខសន្យាណា ដែលផ្ទុយនឹងបទប្បញ្ញត្តិត្រូវទុកជាមោឃៈ ។
កិច្ចសន្យាដាក់ធានាអនុញ្ញាតឱ្យម្ចាស់បំណុលមានសិទ្ធិត្រឹមតែប្ដឹងទៅតុលាការឱ្យដាក់លក់អចលនវត្ថុដោយបង្ខំតែប៉ុណ្ណោះ ដើម្បីសងខ្លួនជាអាទិភាពដោយបុរិមា និង បុព្វសិទ្ធិមុនម្ចាស់បំណុលដទៃទៀត ។
មាត្រា ២២២ .
បើកូនបំណុលបានសងបំណុល និង ការប្រាក់រួចហើយតាមពេលកំណត់ ឬ មុនពេលកំណត់ម្ចាស់បំណុលត្រូវបង្វិលប័ណ្ណកម្មសិទ្ធិមកកូនបំណុលវិញដោយធ្វើលេខាចារិកលើកលែងបន្ទុកក្នុងបញ្ជីសុរិយោដី ។
មាត្រា ២២៣ .
កូនបំណុលត្រូវរក្សាទុក គ្រប់គ្រង និង ប្រើប្រាស់ទ្រព្យរបស់ខ្លួន ប៉ុន្តែមិនអាចធ្វើអ្វី ដែលនាំឱ្យបន្ថយតម្លៃទ្រព្យនោះបានជាដាច់ខាត ។
មាត្រា ២២៤.
សិទ្ធិវន្ត នៃកូនបំណុល និង សិទ្ធិវន្ត នៃម្ចាស់បំណុលមានកាតព្វកិច្ច និង សិទ្ធិដូចគ្នានឹងកូនបំណុល ឬ ម្ចាស់បំណុលរបស់ខ្លួនដែរ ។
មាត្រា ២២៥ .
ទាយាទ ឬ ប្រតិសិទ្ធិ នៃកូនបំណុលព្រមទាំងសមាជិកទាំងឡាយ នៃគ្រួសារ ដែលអាចប្រកាសថាជាសហកម្មសិទ្ធិករ នៃទ្រព្យដាក់ធានា មានកាតព្វកិច្ច និង សិទ្ធិដូចគ្នានឹងកូនបំណុលដែរ ។
មាតិកាទី ៦ : អំពីសុរិយោដី
editជំពូកទី ១៥ : អំពីរដ្ឋបាលសុរិយោដី
editមាត្រា ២២៦ .
កម្មសិទ្ធិលើអចលនវត្ថុត្រូវបានធានាដោយរដ្ឋ ។ តាមគោលដៅនេះ រដ្ឋបាលសុរិយោដីក្រោមការគ្រប់គ្រងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់មានសមត្ថកិច្ចធ្វើអត្តសញ្ញាណកម្មទ្រព្យ កសាងប្លង់សុរិយោដី ចេញប័ណ្ណកម្មសិទ្ធិ ចុះបញ្ជីដី និង ផ្ដល់ពត៌មានដល់ជនទាំងឡាយអំពីស្ថានភាពក្បាលដីទាក់ទងនឹងប្រភេទ ទំហំ កម្មសិទ្ធិករ និង បន្ទុកផ្សេងៗ ដែលអាចមានលើក្បាលដីនោះ ។
មាត្រា ២២៧ .
ក្បាលដី ឬ ឯកតាសុរិយោដី គឺជាផ្ទៃដីមួយជាក់លាក់ស្ថិតនៅក្នុងឃុំ ឬ សង្កាត់តែមួយមិនពុះបំបែកដោយព្រំជាប់មិនដាច់ជារបស់ជនម្នាក់ ឬ ច្រើននាក់ក្នុងករណីអវិភាគកម្មហើយប្រើប្រាស់ក្នុងរូបភាពតែមួយ ។
ចាត់ទុកជាព្រំជាប់មិនដាច់ ដែលនាំឱ្យបំបែកក្បាលដីជាច្រើនក្បាលនោះគឺរបងផ្លូវសាធារណៈ ប្រឡាយ និង ផ្លូវទឹក ដែលមានទទឹងយ៉ាងតិចពីរម៉ែត្រ ។
មាត្រា ២២៨ .
ការរៀបចំ និង ការប្រព្រឹត្តទៅ នៃរដ្ឋបាលសុរិយោដី ត្រូវកំណត់ដោយអនុក្រឹត្យស្របតាមបទប្បញ្ញត្តិ នៃច្បាប់នេះ ។
មាត្រា ២២៩ .
រដ្ឋបាលសុរិយោដីមានភារកិច្ចដូចតទៅ :
- ធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធតាមបញ្ញត្តិ នៃអនុក្រឹត្យស្ដីពីនីតិវិធី នៃការកសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដី
- ធ្វើការពង្រឹងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ តាមនីតិវិធី ដែលនឹងបញ្ញត្តិដោយអនុក្រឹត្យ
- អនុវត្តការអង្កេតវាស់វែងសុរិយោដី នៃក្បាលដីរួមមាន ការកំណត់ព្រំដីការបំបែកក្បាលដី ការបង្រួមក្បាលដី និង ការកឺតម្រូវព្រំប្រទល់ នៃក្បាលដី និង ជាទូទៅរាល់ការប្រែប្រួលអំពីទំហំ ដែលបណ្ដាលមកពីធម្មជាតិ ឬ ដោយស្ម័គ្រចិត្ត
- កសាងសៀវភៅគោលបញ្ជីដីហើយធ្វើលេខាចារិកឈ្មោះកម្មសិទ្ធិករ និង រាល់ទិន្នន័យប្រមូលបានទាក់ទងទៅនឹងលក្ខណៈរូប ទំហំ និង អត្តសញ្ញាណ នៃអចលនវត្ថុ ទាំងនោះ
- ធ្វើចរន្តការនូវរាល់ការផ្លាស់ប្ដូរប្រែប្រួលទាក់ទងទៅនឹងសិទ្ធិ ដែលកើតឡើងដោយកិច្ចសន្យាផ្ទេរដូចជា ការលក់ ការឱ្យ ការដូរ សន្តតិកម្ម ឬ ពាក់ព័ន្ធនឹងការដូរ ប្រភេទ ឬ ស្ថានភាព នៃដីដូចជា ការសាងសង់ ការចាក់បំពេញដី ការជីកកកាយយកដីជាដើម
- អភិរក្សនូវរាល់ឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី បញ្ជីឈ្មោះកម្មសិទ្ធិករ សៀវភៅគោលបញ្ជីដី និង រាល់ឯកសារគតិយុត្តិទាក់ទងទៅនឹងក្បាលដីនីមួយៗ
- ចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុជូនកម្មសិទ្ធិករ និង លិខិតបញ្ជាក់ផ្សេងៗទៀតទាក់ទងទៅនឹងក្បាលដី
- មានកាតព្វកិច្ចប្រគល់ជូនជន ដែលបានដាក់ពាក្យស្នើសុំប្លង់ថតចម្លង និង ឯកសារពត៌មានទាក់ទងទៅនឹងទីតាំង អត្តសញ្ញាណ ព្រំដី និង សិទ្ធិ ដែលទាក់ទងទៅនឹងក្បាលដី
- ធ្វើលេខាចារិកនូវរាល់ហ៊ីប៉ូតែក ការបញ្ចាំ ការដាក់ធានា ការជួលរយៈពេលវែង ឬ សេវភាព ដែលបានបង្កើតឡើងលើទ្រព្យជាអចលនវត្ថុ ហើយផ្ដល់ពត៌មានទៅគ្រប់ជន ដែលសាកសួរមករដ្ឋបាលសុរិយោដី អំពីស្ថានភាព នៃកម្មសិទ្ធិ ដែលជាកម្មវត្ថុ នៃការដាក់ហ៊ីប៉ូតែកដាក់បញ្ចាំ ដាក់ធានា ការជួលរយៈពេលវែង ឬ សេវភាពនោះ ។
មាត្រា ២៣០ .
សោហ៊ុយសេវាផ្សេងៗ ដែលទាក់ទងទៅនឹងការបំពេញភារកិច្ចខាងលើត្រូវកំណត់ដោយប្រកាសរួមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
មាត្រា ២៣១ .
រដ្ឋបាលសុរិយោដីថ្នាក់កណ្ដាលជាអគ្គនាយកដ្ឋានសុរិយោដី និង ភូមិសាស្ត្រទទួលបន្ទុករៀបចំសម្របសម្រួល និង ត្រួតពិនិត្យប្រតិបត្តិការទាំងឡាយ នៃការវាស់វែងសុរិយោដី ដែលធ្វើឡើងលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា និង រាល់ប្រតិបត្តិការកសាងប្លង់សុរិយោដី កសាងបញ្ជីឈ្មោះកម្មសិទ្ធិករ កសាងសៀវភៅគោលបញ្ជី និង ចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ។ ក្រៅពីនេះអគ្គនាយកដ្ឋានសុរិយោដី និង ភូមិសាស្ត្រត្រូវកំណត់វិធី និង ស្តង់ដាទាក់ទងនឹងឯកសារ ។
មាត្រា ២៣២ .
រដ្ឋបាលសុរិយោដីខេត្ត -ក្រុង ឬ ស្រុក-ខ័ណ្ឌនីមួយៗត្រូវប្រតិបត្តិរាល់ការណែនាំពីរដ្ឋបាលសុរិយោដីថ្នាក់កណ្ដាល ។ រដ្ឋបាលសុរិយោដីខេត្ត-ក្រុង ឬ ស្រុក-ខ័ណ្ឌ ទទួលធ្វើសម្រង់សុរិយោដីដោយសហការជាមួយអាជ្ញាធរមូលដ្ឋានដទៃទៀត កាន់កាប់សៀវភៅគោលបញ្ជីដីធ្លី ធ្វើចរន្តការជាប្រចាំក្រោមការត្រួតពិនិត្យពីរដ្ឋបាលសុរិយោដីថ្នាក់កណ្ដាលរក្សាទុកឯកសារ និង ផ្ដល់ពត៌មានដល់អ្នកស្នើសុំ ។
មាត្រា ២៣៣ .
រដ្ឋបាលសុរិយោដីស្រុក-ខ័ណ្ឌ ត្រូវផ្ញើច្បាប់ចម្លង នៃសម្រង់ឯកសារសុរិយោដីដល់ឃុំ ឬ សង្កាត់ ដែលពាក់ព័ន្ធ ។ មេឃុំ ឬ ចៅសង្កាត់ត្រូវអនុញ្ញាតឱ្យជនគ្រប់រូបពិគ្រោះយោបល់ហើយត្រូវរាយការណ៍ទៅរដ្ឋបាលសុរិយោដីស្រុក-ខ័ណ្ឌនូវរាល់ការផ្លាស់ប្ដូរ ដែលទាក់ទងទៅនឹងស្ថានភាព នៃកម្មសិទ្ធិករក្នុងមូលដ្ឋានរបស់ខ្លួន ។
ជំពូកទី ១៦ : អំពីសម្រង់សុរិយោដី
editមាត្រា ២៣៤ .
សម្រង់សុរិយោដីត្រូវធ្វើតាមបច្ចេកទេស និង វិធីសាស្ត្រកំណត់ដោយអនុក្រឹត្យ ។
មាត្រា ២៣៥ .
ក្នុងករណីចាំបាច់រដ្ឋបាលសុរិយោដីអាចស្នើសុំទៅអាជ្ញាធរដែនដី ឬ អង្គភាពយោធា ឬ នគរបាលឱ្យជួយជ្រោមជ្រែងដល់កិច្ចប្រតិបត្តិការធ្វើសម្រង់សុរិយោដីនៅនឹងកន្លែង ។
គ្មានសមត្ថកិច្ចណាក្រៅពីរដ្ឋបាលសុរិយោដី មានសិទ្ធិកំណត់កម្មសិទ្ធិករ នៃក្បាលដី ប្រភេទដី ឬ ទំហំដីបានឡើយ ។
មាត្រា ២៣៦ .
ជនទាំងឡាយ ជាពិសេសកម្មសិទ្ធិករ និង ជន ដែលពាក់ព័ន្ធមានកាតព្វកិច្ចចូលរួម និង សហការក្នុងការធ្វើសម្រង់សុរិយោដី ។ ជនទាំងនោះត្រូវជួយសម្រួលដល់កិច្ចប្រតិបត្តិការវាស់វែងសុរិយោដី និង ធ្វើអត្តសញ្ញាណកម្មកម្មសិទ្ធិករ ហើយត្រូវរាយការណ៍ពីការផ្លាស់ប្ដូរទាំងអស់ ដែលកើតមានទាក់ទងនឹងក្បាលដីរបស់ខ្លួន និង ស្ថានភាព នៃទីតាំង និង រាល់ការផ្ទេរសិទ្ធិ នៃកម្មសិទ្ធិ ។
មាត្រា ២៣៧ .
ក្នុងករណីមានវិវាទកម្មអំពីទំហំ នៃក្បាលដី ឬ ឈ្មោះ នៃកម្មសិទ្ធិករកើតឡើងក្នុងពេលប្រតិបត្តិការធ្វើសម្រង់សុរិយោដី អ្នកទទួលខុសត្រូវ នៃរដ្ឋបាលសុរិយោដី ត្រូវអញ្ជើញសាមីខ្លួនមកសម្រុះសម្រួល ។ ចំពោះវិវាទកម្ម ដែលកើតក្នុងតំបន់កំពុងធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ គណៈកម្មការរដ្ឋបាលមានភារៈសម្រុះសម្រួលវិវាទកម្មនេះ ។ បើការព្រមព្រៀងមិនអាចប្រព្រឹត្តទៅបាន អ្នកទទួលខុសត្រូវត្រូវបន្តធ្វើអង្កេតវាស់វែងសុរិយោដី ហើយកសាងកំណត់ហេតុ នៃវិវាទនោះ តែមិនមានសិទ្ធិអារកាត់ទេ ។
កាលបើវិវាទកម្មកើតមាននៅពេលប្រគល់ប័ណ្ណ រដ្ឋបាលសុរិយោដីត្រូវប្រកាន់យកតែឈ្មោះកម្មសិទ្ធិករ ដែលបានចុះក្នុងបញ្ជីរបស់ខ្លួនប៉ុណ្ណោះ ។ គ្មានករណីណា ដែលរដ្ឋបាលសុរិយោដីអាចកែប្រែ ឬ ប្រគល់ប័ណ្ណឱ្យបុគ្គលផ្សេងទៀតបានឡើយ ។
ជំពូកទី ១៧ : អំពីបញ្ជីឯកសារសុរិយោដី
editមាត្រា ២៣៨ .
រដ្ឋបាលសុរិយោដីមានកាតព្វកិច្ចកសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដី ។
ប្លង់សុរិយោដីគ្របដណ្ដប់តំបន់ ដែលបានធ្វើការវិនិច្ឆ័យ ដោយមានកំណត់ព្រំប្រទល់កម្មសិទ្ធិសាធារណៈ ឬ / និង កម្មសិទ្ធិឯកជនទាំងអស់ ហើយមានបញ្ជាក់អំពីប្រភេទដីដូចជា ដីដាំដុះ ដីព្រៃ ដីលិចទឹក ដីសរាប់សំណង់ឧស្សាហកម្មជាដើម ។ ការកសាងប្លង់សុរិយោដីត្រូវអនុវត្តតាមនីតិវិធី ដែលត្រូវចែងក្នុងអនុក្រឹត្យស្ដីពីនីតិវិធី នៃការសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដី ។ ក្បាលដីកម្មសិទ្ធិនីមួយៗត្រូវមានលេខរបស់វា ។
សៀវភៅគោលបញ្ជីដីបង្ហាញចំពោះលេខក្បាលដីកម្មសិទ្ធិនីមួយៗនូវឈ្មោះកម្មសិទ្ធិករ និង មធ្យោបាយ នៃការធ្វើអត្តសញ្ញាណកម្មក្បាលដី ការពិពណ៌នាអំពីកម្មសិទ្ធិ ទំហំ ក្បាលដី សេវភាព និង បន្ទុកផ្សេងៗលើក្បាលដី ។ រាល់ការកែប្រែទិន្នន័យទាំងឡាយត្រូវតែបានចុះបញ្ជីនៅពេល ដែលរដ្ឋបាលសុរិយោដីបានទទួលដំណឹងនេះ ។ បញ្ជីនេះ ត្រូវបានកាន់កាប់ជា ៣ (បី) ច្បាប់ ដែលមួយច្បាប់ត្រូវបានរក្សាទុកនៅរដ្ឋបាលសុរិយោដីថ្នាក់កណ្ដាល និង ពីរច្បាប់ទៀតរក្សាទុកនៅរដ្ឋបាលសុរិយោដីខេត្ត- ក្រុង និង ស្រុក-ខ័ណ្ឌ ។
សៀវភៅគោលបញ្ជីដីបង្ហាញចំពោះលេខប័ណ្ណកម្មសិទ្ធិនូវហ៊ីប៉ូតែក ការបញ្ចាំ ការដាក់ ធានា និង ការជួលរយៈពេលវែង ដែលអាចដាក់បន្ទុកលើកម្មសិទ្ធិនោះ ។
មាត្រា ២៣៩ .
ប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដីមានតម្លៃត្រឹមត្រូវតាមច្បាប់ និង មានអានុភាពច្បាស់លាស់ ។ ប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដីមិនត្រូវមានការឆូតលុប ការសរសេរត្រួត ការកែ លើកលែងតែមានការបញ្ជាក់ច្បាស់លាស់ ។
រដ្ឋបាលសុរិយោដីគ្រប់លំដាប់ថ្នាក់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងការកាន់កាប់នូវបញ្ជីដី និង ភាពជាក់លាក់ នៃប្រតិបត្តិការសម្រង់សុរិយោដី និង កិច្ចការអភិរក្សឯកសារ ។
មាត្រា ២៤០ .
ការសាកសួរពត៌មានសុរិយោដីមិនអាចត្រូវបានប្រកែកចំពោះជន ដែលមានការទាក់ទងឡើយ ។ ពត៌មាន ដែលបានចុះក្នុងសៀវភៅគោលបញ្ជីដីជាកម្មវត្ថុ នៃការប្រគល់ ច្បាប់ចម្លងដោយត្រូវបង់ប្រាក់ ដែលបានកំណត់ក្នុងមាត្រា ២៣០ នៃច្បាប់នេះ ។
ជំពូកទី ១៨ : អំពីប័ណ្ណពត៌មានសុរិយោដី
editមាត្រា ២៤១ .
រដ្ឋបាលសុរិយោដីអាចចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនប័ត្របញ្ជាក់ហ៊ីប៉ូតែក សលាកប័ត្រពត៌មាន និង លិខិតបញ្ជាក់សុរិយោដីអំពីប្រភេទ ស្ថានភាពគតិយុត្តិ លក្ខណៈរូប និង បន្ទុក នៃក្បាលដី ដោយផ្អែកលើឯកសារ និង សៀវភៅគោលបញ្ជីដី ។
មាត្រា ២៤២.
វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុត្រូវចេញឱ្យចំពោះតែកម្មសិទ្ធិករ ឬ អ្នកមានសិទ្ធិស្របច្បាប់លើអចលនវត្ថុនោះតែប៉ុណ្ណោះ ។
មាត្រា ២៤៣ .
សលាកប័ត្រពត៌មានសុរិយោដីអាចត្រូវបានផ្ដល់ឱ្យជន ដែលបានស្នើសុំ ។ ភ្នាក់ងារ ដែលបានផ្ដល់ពត៌មាននេះត្រូវទទួលខុសត្រូវចំពោះការផ្ដល់ពត៌មានមិនត្រឹមត្រូវដល់អ្នកស្នើសុំ ។ ពត៌មាន ដែលផ្ដល់ឱ្យមិននាំឱ្យជាប់ការទទួលខុសត្រូវដល់រដ្ឋបាលសុរិយោដីទេ ។
មាត្រា ២៤៤ .
លិខិតបញ្ជាក់សុរិយោដីគឺជាមូលដ្ឋាន នៃការអះអាងជាផ្លូវការមួយ នៃលិខិតគតិយុត្តិ ។
កម្មសិទ្ធិអចលនវត្ថុកើតឡើងដោយលិខិតលក់ ឲ្យ ដូរ ឬ ជំរះមរតក ដែលត្រូវបានធ្វើឡើងដោយបុគ្គល ដែលមាននីតិសម្បទាដូចមានចែងក្នុងមាត្រា ៦៥ នៃច្បាប់នេះ ។ លិខិតទាំងនោះត្រូវតែតំកល់ទុកនៅរដ្ឋបាលសុរិយោដី ។
មាត្រា ២៤៥ .
លិខិតលក់ ឲ្យ ដូរ ឬ ជំរះមរតកធ្វើឡើងជាឯកជនមិនអាចចុះបញ្ជីបានឡើយ ។ តតិយជនមិនអាចជំទាស់បាន លុះត្រាតែលិខិតនោះធ្វើឡើងតាមបែបបទ ដែលបានកំណត់ក្នុងមាត្រា ២៤៤ នៃច្បាប់នេះ ។
មាត្រា ២៤៦ .
ប្រសិនបើលិខិតលក់ ឲ្យ ដូរ ឬ ជំរះមរតក បានធ្វើឡើងតាមរូបមន្តយថាភូតដោយ
បុគ្គល ដែលមាននីតិសម្បទា ប៉ុន្តែមិនបានចុះបញ្ជីនៅសុរិយោដីទេ លិខិតនោះនៅតែតតិយជនអាចជំទាស់បាន ហើយកម្មសិទ្ធិករ និង សិទ្ធិវន្តត្រូវទទួលខុសត្រូវដោយខ្លួនឯង ក្នុងការខកខានចុះបញ្ជីនេះ ។
មាតិកាទី ៧ : អំពីទោសប្បញ្ញត្តិ
editជំពូកទី ១៩ : អំពីការប៉ះពាល់កម្មសិទ្ធិ
editមាត្រា ២៤៧ .
រាល់ការប៉ះពាល់កម្មសិទ្ធិ និង សិទ្ធិច្បាប់ផ្សេងៗទៀតលើអចលនវត្ថុអាចជាបទល្មើសព្រហ្មទណ្ឌអនុលោមតាមបញ្ញត្តិ នៃច្បាប់នេះ ហើយការខូចខាតទាំងឡាយ ដែលបណ្ដាលមកពីអំពើនេះត្រូវដោះស្រាយដោយសំណងរដ្ឋប្បវេណី ។
មាត្រា ២៤៨ .
ត្រូវចាត់ទុកជាការប៉ះពាល់កម្មសិទ្ធិ និង សិទ្ធិស្របច្បាប់ផ្សេងៗទៀតលើអចលនវត្ថុជាបទល្មើសព្រហ្មទ័ណ្ឌក្នុងន័យច្បាប់នេះមាន :
- រាល់អំពើប្រព្រឹត្តដោយជាក់ស្ដែង រំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិនទទួលស្គាល់ប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី
- រាល់អំពើប្រព្រឹត្តដោយជាក់ស្ដែង រារាំងអ្នកកាន់កាប់ដោយសន្តិភាព ឬ ភោគី នៃទ្រព្យមួយនៅក្នុងតំបន់មិនទាន់មានប្លង់សុរិយោដី ដែលរបបកម្មសិទ្ធិមិនទានបានពង្រឹងជាស្ថាពរតាមបញ្ញត្តិ នៃច្បាប់នេះ
- រាល់ការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ ឬ មិនប្រក្រតីលើអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមិនស្របតាមមាត្រា ១៧មាត្រា ១៨ និងមាត្រា ១៩ នៃច្បាប់នេះ
- រាល់ការបំប្លែងពីសម្បទានមកជាកម្មសិទ្ធិ លើកលែងសម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម ។
មាត្រា ២៤៩ .
ការប៉ះពាល់កម្មសិទ្ធិក្នុងន័យ នៃមាត្រាខាងលើអាចជាទង្វើរបស់អាជ្ញាធរមានសមត្ថកិច្ច ឬ ជាទង្វើរបស់សាមញ្ញជន ដែលធ្វើដោយម្នាក់ឯង ឬ ដោយផ្សំគំនិតជាមួយភ្នាក់ងាររបស់អាជ្ញាធរ ។
មាត្រា ២៥០ .
មន្ត្រី ឬ អាជ្ញាធរមានសមត្ថកិច្ច ដែលបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់លើអចលនវត្ថុត្រូវទទួលទោសរដ្ឋបាលបន្ថែមលើទោសព្រហ្មទណ្ឌ និង សំណងរដ្ឋប្បវេណី ។
ផ្នែកទី ១ : អំពីការប៉ះពាល់កម្មសិទ្ធិសាធារណៈ ឬ ឯកជនដោយសាមញ្ញជន
editអនុផ្នែកទី ១ : អំពីការប៉ះពាល់កម្មសិទ្ធិឯកជន
editមាត្រា ២៥១ .
ជនណា ដែលបានក្លែងប័ណ្ណក្នុងគោលបំណងយកទៅប្រើប្រាស់ជាផ្លូវការ ទោះជាក្នុងរូបភាពអ្វីក៏ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។
មាត្រា ២៥២ .
ជនណា ដែលបានបំភាន់មន្ត្រីសុរិយោដីក្នុងការបំពេញបេសកកម្ម ឬ បំភាន់អាជ្ញាធរក្នុងការចុះបញ្ជីដីត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០ (ប្រាំសែន) រៀល ដល់ ៣.០០០.០០០ (បីលាន) រៀល ឬ / និង ដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៦ (ប្រាំមួយ) ខែ ។
មាត្រា ២៥៣ .
ជនណា ដែលប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ទោះជាមិនទាន់បានធ្វើប័ណ្ណ ឬ កំពុងមានទំនាស់ក៏ដោយ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ / និង ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ) ឆ្នាំ ដោយពុំទាន់គិតបញ្ចូលនូវទោសប្រព្រឹត្តអំពើហិង្សាប្រឆាំងមនុស្ស ។ បន្ថែមលើទោសខាងលើ អ្នកប្រព្រឹត្តអំពើហិង្សាត្រូវទទួលខុសត្រូវចំពោះសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ដែលបណ្ដាលមកពីអំពើហិង្សារបស់ខ្លួន ។
បើអំពើហិង្សាខាងលើត្រូវបានបញ្ជាពីជនដទៃទៀតក្រៅពីអ្នកបង្ក ហើយជននោះមិនបានចូលរួមផ្ទាល់ក្ដី អ្នកបញ្ជានេះក៏ត្រូវទទួលការផ្ដន្ទាទោសដូចអ្នកប្រព្រឹត្តអំពើហិង្សាផ្ទាល់ដែរ ។
មាត្រា ២៥៤ .
គ្មានករណីណាមួយ ដែលអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងឯកជន ដើម្បីធានាចំពោះការគោរពប័ណ្ណកម្មសិទ្ធិ ឬ ចំពោះការប្រតិបត្តិសេចក្ដីសំរេចរបស់តុលាការក្នុងការបណ្ដេញចេញ ឬ ក្នុងការបង្គាប់ឱ្យចាកចេញបានឡើយ ។ ជនណា ដែលប្រើកម្លាំងឯកជនក្នុងហេតុផលនេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៣.០០០.០០០ (បីលាន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ) ឆ្នាំ ។
មាត្រា ២៥៥ .
ជនណា ដែលបានលួចលក់ ឬ លួចបញ្ចាំអចលនវត្ថុ ដែលមិនមែនជារបស់ខ្លួនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ៣ (បី) ឆ្នាំ ដោយមិនគិតដល់ព្យសនកម្ម ដែលបណ្ដាលមកពីអំពើរបស់ខ្លួន ។
មាត្រា ២៥៦ .
កម្មសិទ្ធិករណា ដែលបានធ្វើការដាំដុះលើដីរបស់ខ្លួន ឬ ប្រគល់ដី ឬ ជួលដីឱ្យតតិយជនដាំដុះដោយចេតនានូវមុខដំណាំ ដែលច្បាប់ ឬ បទបញ្ជាហាមឃាត់ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដល់ ៤៥.០០០.០០០ (សែសិប ប្រាំលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន ។
មាត្រា ២៥៧ .
សហកម្មសិទ្ធិករអវិភាគ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណែករួម ដូចមានចែងក្នុងមាត្រា ១៨០ នៃច្បាប់នេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀលដល់ ៩.០០០.០០០ (ប្រាំបួនលាន) រៀល ។ ក្នុងករណីមិនរាងចាលត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ទ្វេដង ។
មាត្រា ២៥៨ .
សហកម្មសិទ្ធិករ ដែលមិនព្រមចូលរួមទទួលបន្ទុកថែទាំចំណែករួម នៃសហកម្មសិទ្ធិខ្លួន ឬ មិនគោរពតាមលក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈដូចមានចែងក្នុងមាត្រា ១៨៥ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥០០.០០០ (ប្រាំសែន) រៀល ដល់៣.០០០.០០០ (បីលាន) រៀល ។
អនុផ្នែកទី ២ : អពីការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ
editមាត្រា ២៥៩ .
ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។
ចារីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះជាបន្ទាន់ ។ ចារីគ្មានសិទ្ធិទារកំរៃអំពីពលកម្ម ឬ ការរៀបចំ ដែលបានធ្វើលើទ្រព្យនោះឡើយ ។
ក្នុងករណី ដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ មុនច្បាប់នេះចូលជាធរមានហើយមានឯកសារសំអាង និង បញ្ជាក់ជាក់លាក់ថា ខ្លួនបានទិញពីជនណាម្នាក់អាចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គល ដែលបានលក់ទ្រព្យសម្បត្តិសាធារណៈនេះដោយខុសច្បាប់ និង ដើម្បីជាប្រយោជន៍របស់ខ្លួន ដែលបានរងគ្រោះដោយសារទង្វើនេះ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនេះពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈបានឡើយ ។
មាត្រា ២៦០ .
ជនណា ដែលបានលើកចេញ ឬ រំកិលចេញ ឬ បំផ្លាញចោលនូវបង្គោលស៊ីម៉ងត៍ដៅចំណុចឋានលេខា និង ទីតាំងផ្លាកសញ្ញាសុរិយោដី ត្រូវទទួលការព្រមានពីអាជ្ញាធរមានសមត្ថកិច្ច ។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០ (ប្រាំសែន) រៀល ដល់ ៣.០០០.០០០ (បីលាន) ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៦ (ប្រាំមួយ) ខែ ដោយមិនគិតដល់ព្យសនកម្ម ដែលបណ្ដាលមកពី អំពើរបស់ខ្លួន ។
ផ្នែកទី ២ : អំពីការប៉ះពាល់កម្មសិទ្ធិសាធារណៈ ឬ ឯកជនដោយអាជ្ញាធររដ្ឋបាល
editមាត្រា ២៦១ .
មន្ត្រី ឬ អាជ្ញាធរ ដែលបានប្រើអំណាចដោយរំលោភ ទោះមានបញ្ជាក្ដី ឬ គ្មានបញ្ជាក្ដី ដើម្បីដកហូតអចលនវត្ថុពីអ្នកកាន់កាប់ដោយសន្តិភាព ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។
ចាត់ទុកជាការរំលោភមាន ការក្លែងបន្លំ ការកសាងប័ណ្ណដោយបំពាន ការកៀបសង្កត់ ឬ វិធានការសម្ភារៈ ដើម្បីបណ្ដេញចេញធ្វើឡើងចំពោះអ្នកកាន់កាប់អចលនវត្ថុ ។
បើការដកហូតអចលនវត្ថុបានប្រព្រឹត្តទៅដោយអំពើហិង្សា ចារីត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ) ឆ្នាំ ថែមទៀត ។
អ្នកបញ្ជាដោយរំលោភត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផ្ទាល់ដែរ ។
មាត្រា ២៦២ .
អាជ្ញាធរមានសមត្ថកិច្ច ឬ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរំលោភយកទ្រព្យជាអចលនវត្ថុក្នុងមណ្ឌល ដែលខ្លួនមានភារកិច្ចការពារសណ្ដាប់ធ្នាប់សាធារណៈ និង សន្តិសុខមកធ្វើជារបស់ខ្លួន ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៣.០០០.០០០ (បីលាន) រៀល ដល់ ៣០.០០០.០០០ (សាមសិបលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។
មាត្រា ២៦៣ .
អាជ្ញាធរមានសមត្ថកិច្ច ដែលព្រងើយកន្តើយ ឬ បណ្ដោយឱ្យសាមញ្ញជនប្រព្រឹត្តដោយរំលោភសិទ្ធិរបស់កម្មសិទ្ធិករ របស់ភោគី ឬ របស់អ្នកកាន់កាប់ដោយសន្តិភាពត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។
មាត្រា ២៦៤ .
ការរំលោភធ្វើឡើងដោយមន្ត្រីសុរិយោដីត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ៥.០០០.០០០ (ប្រាំលាន) រៀល និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។
រាប់ចូលជាការរំលោភ ការផ្ដល់ទិន្នន័យជាផ្លូវការខុស ការចេញប័ណ្ណកម្មសិទ្ធិខុស ការបិទបាំងហ៊ីប៉ូតែក ឬ បន្ទុកផ្សេងៗ ការបោះគោលព្រំដីខុសដោយចេតនា និង រាល់ការធ្វេសប្រហែសក្នុងការធ្វើលេខាចារិកលើឯកសារសុរិយោដី ។
មាត្រា ២៦៥ .
រាល់ការប៉ះពាល់ធ្វើឡើង ដោយប្រឆាំងនឹងសិទ្ធិលើដីរបស់សហគមន៍ជនជាតិដើមភាគតិចដោយអាជ្ញាធរ ដែលទទួលខុសត្រូវគ្រប់គ្រងតំបន់ ដែលអចលនវត្ថុនោះតាំងនៅ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀល ដល់ ៩.០០០.០០០ (ប្រាំបួនលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។
មាត្រា ២៦៦ .
ការប៉ះពាល់អចលនវត្ថុរបស់វត្ត ដោយបុគ្គល ដែលទទួលបន្ទុកគ្រប់គ្រងត្រូវបង្ខំឱ្យសងទ្រព្យនោះវិញ និង ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀលដល់ ៩.០០០.០០០ (ប្រាំបួនលាន) រៀល ។
មាតិកាទី ៨ : អវសានប្បញ្ញត្តិ
editមាត្រា ២៦៧ .
បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។
មាត្រា ២៦៨ .
ច្បាប់នេះត្រូវបានប្រកាសជាប្រញាប់ ។
សទ្ទានុក្រម (LEXIQUE)
edit
ក . ខ . គ. ឃ . ង
editកម្មសិទ្ធិ (propriété) : សិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ ។ សិទ្ធិនេះរួមបញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និង សិទ្ធិចាត់ចែងលើទ្រព្យ ។
កម្មសិទ្ធិករ (Propriétaire) : ម្ចាស់កម្មសិទ្ធិលើទ្រព្យ និង មានសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផល និង សិទ្ធិចាត់ចែងលើទ្រព្យ ដែលជារបស់ខ្លួន ។
កតិកាភេទ (Rescision) : កិរិយាបដិសេធកិច្ចសន្យាណាមួយដោយមកពីកិច្ចសន្យានោះមានវិការៈដល់ឫសគល់ នៃការព្រមព្រៀងគ្នា ។ ក្នុងទីនោះកតិកាភេទ បានន័យថាបដិសេធកិច្ចសន្យាលក់ចោល ដោយមកពីលក់អចលនវត្ថុមានវិការៈអាថ៌កំបាំង ។
កាតព្វកិច្ច (Obligation) : ចំណង នៃសិទ្ធិ ដែលបង្ខំជនម្នាក់ឱ្យផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិណាមួយឱ្យបំពេញនូវកិច្ចការណាមួយ ឬ ឱ្យឈប់បំពេញនូវកិច្ចការណាមួយដល់ជនម្នាក់ទៀត ។
ការជំរះមរតក (Règlement des successions) : កិរិយាធ្វើបញ្ជីទ្រព្យសម្បត្តិរបស់ខ្មោច ឲ្យដឹងថានៅសល់ប៉ុន្មាន បាត់ប៉ុន្មាន ដើម្បីនឹងចែកគ្នារវាងទាយាទ និង ទាយាទ ។
ការ្យ (Ouvrage) : ផលអ្វីទាំងពួង ដែលកើតមកពីស្នាដៃជាង ឬ ស្នាដៃសិល្បករ ។ ឧទាហរណ៍ : តុ ទូ ជាការ្យរបស់ជាង ឯប្រលោមលោកជាការ្យរបស់អ្នកនិពន្ធ ។
កើយ (Balcon) : រានហាលតូចគ្មានសរសរទ្រពីក្រោមទេតែមានបង្កាន់ដៃព័ទ្ធជុំវិញ ។
កូនបំណុល (Debiteur) : ជនជំពាក់ប្រាក់ ឬ ជំពាក់កាតព្វកិច្ចគេ ។
កំពែង (Cloture) : ស្នាមភ្លោះ របង ភ្លឺ ។
ច . ឆ . ជ . ឈ. ញ
editចរន្តការ (Mise a jour) : ការកត់ត្រាទុកជាប្រចាំក្នុងឯកសារសុរិយោដីនូវរាល់ការប្រែប្រួល ឬ ការផ្លាស់ប្ដូរដោយយោងតាមឯកសារគតិយុត្ដ ។
ចារី (Auteur) : អ្នកប្រព្រឹត្ត អ្នកដៃដល់ ។
ច្បាប់ (Loi) : លិខិតបទដ្ឋានគតិយុត្ត ដែលអនុម័តដោយអង្គការនីតិបញ្ញត្តិ (សភា) និង ចូលជាធរមានតាមរយៈព្រះរាជក្រមប្រកាសឲ្យប្រើ ។
ឆន្ទានិសិទ្ធិ (Pouvoir discretionnaire) : អំណាច ដែលប្រគល់ដល់អាជ្ញាធរឲ្យរើសយកមធ្យោបាយណាមួយតាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ ។
ជនជាតិដើមភាគតិច (Indigène) : ជនជាតិខ្មែរដើម ។
ដ . ឋ . ឌ . ឍ. ណ
editត . ថ . ទ . ធ . ន
editតតិយជន (Tiers, tièrce) : ជនទីបី ឬ ភាគីទីបីក្នុងរឿង ។ អ្នកដទៃ ឬ អ្នកក្រៅ ។ ឧទាហរណ៍ : អ្នកលក់ និង អ្នកទិញ ជាភាគីទី១ និង ទី២ ។ អ្នកផ្សេងទៀតក្រៅពីអ្នកលក់ និង អ្នកទិញ ហៅថាតតិយជន ។
តីរឋាន (Quai) : ការ្យ ដែលបានកសាងនៅក្នុងកំពង់ផែ ឬ លើច្រាំងទន្លេសម្រាប់នាវាចូលចត សម្រាប់អ្នកដំណើរឡើងចុះនាវា និង សម្រាប់ផ្ទុកទំនិញ និង ដាក់ទំនិញចុះ ។
តែងតាំង (Nommer) : ឲ្យមុខការ ឲ្យគុណភាព ផ្ដល់ឋានៈនាទី ។ ឧទាហរណ៍ : ឈ្មោះ "ក" បានតែងតាំងឈ្មោះ "ខ" ជាទាយាទរបស់ខ្លួន ។
ថ្លោះសិទ្ធិ (Decheance du droit) : ប្រាស់ចាកសិទ្ធិ បាត់បង់សិទ្ធិដោយហេតុទណ្ឌកម្ម ឬ ដោយហេតុមិនបានបំពេញលក្ខខណ្ឌ ដែលច្បាប់ ឬ កិច្ចសន្យាតម្រូវឲ្យបំពេញក្នុងរយៈពេលមានកំណត់ ។
ទាយាទ (Heritier) : អ្នក ដែលច្បាប់តម្រូវឲ្យទទួលមរតកពីជនណាម្នាក់ ។ ឧទាហរណ៍ : កូនជាទាយាទរបស់ឪពុក ម្ដាយ ចៅជាទាយាទរបស់ជីដូន ជីតា ដែលឥតមានបច្ឆាញាតិជាតំណវង្ស ។
ទ្រព្យសម្បត្តិសាធារណៈ (Domaine public) : ទ្រព្យ ដែលត្រូវរក្សាឲ្យគង់រូបតាមធម្មជាតិជារបស់វាដើម្បីទុកឲ្យអ្នករួមសង្គមប្រើប្រាស់ជាអង្វែងទៅដូចជា : ស្ពាន ថ្នល់ ... ។ ល ។ ទ្រព្យទាំងអស់នេះស្ថិតនៅជាប្រយោជន៍សាធារណៈមិនអាចលក់ ដូរ និង គ្មានកំណត់អាជ្ញាកាលទេ ។
ទ្រព្យសម្បត្តិឯកជន (Domaine privé) : ទ្រព្យរបស់សង្គម ដែលមិនសម្រាប់ឱ្យជនក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទេ ជាសម្បត្តិ ដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន ។
ធនលាភ (Rente) : ផល ដែលផ្ដល់ឲ្យមករាល់ឆ្នាំ ដូចជាការប្រាក់ ឈ្នួលដីឈ្នួលផ្ទះជាដើម ។
ធម្មានុរូប (Legitime) : ដែលមានគុណភាពជាអ្វីមួយតាមច្បាប់ ។ ឧទាហរណ៍ : ចៅហ្វាយស្រុកជាអាជ្ញាធរធម្មានុរូប ។ កូន ដែលកើតពីឪពុក-ម្ដាយ ដែលមានខាន់ស្លា ហៅថាកូនធម្មានុរូប ឬ កូនមានខាន់ស្លា ។
និទាយាទភាព (Desherence) : ភាពឥតអ្នកត្រូវទទួលមរតក ។
និទ្ទេស (Mention) : សេចក្ដី ដែលចុះដោយសង្ខេបនៅលើរឹមទំព័រ ឬ នៅខាងចុងទំព័រ នៃលិខិតណាមួយ ។
និរាករណ៏ (Abrogation) : ការលុបចោលលែងឲ្យប្រើច្បាប់នោះតទៅទៀត ។
នីត្យានុកូល (Légal) : ដែលកើតមកពីច្បាប់ ដែលច្បាប់តាក់តែងមក ។
នីតិបុគ្គល (Personne morale) : ក្រុមមនុស្ស ដែលច្បាប់ទទួលស្គាល់ថាជាបុគ្គលដែរតែដទៃពីសមាជិក នៃខ្លួន ។ ឧទាហរណ៍ : ពុទ្ធិកសមាគមជានីតិបុគ្គល ក្រុមហ៊ុនធ្វើស្ករ ក៏ជានីតិបុគ្គលដែរ ។
នីតិបុគ្គល នៃនីតិសាធារណៈ (Personne morale du droit privé) : ក្រុមរាជការសាធារណៈ ។ ឧទាហរណ៍ : រដ្ឋ ខេត្ត ឃុំ ឬ គ្រឹះស្ថានសាធារណៈ ដូចជាសកលវិទ្យាល័យជាដើម ។
នីតិបុគ្គល នៃនីតិឯកជន (Personne morale du droit privé) : សមាគម ក្រុមហ៊ុន ក្រុមមូលនិធិ ។
នីតិវិធី (Procédure) : វិធី ដែលតុលាការប្រើប្រាស់ ដើម្បីចាត់ចែងរឿងក្ដីតាំងពីដើមរហូតដល់ចប់ ។
នីតិសម្បទា (Habilité) : សមត្ថភាព ដែលច្បាប់បើកឲ្យជនម្នាក់ៗមានយ៉ាងគ្រប់គ្រាន់ដើម្បីធ្វើការអ្វីមួយ ។
ប . ផ . ព . ភ . ម
edit
បទបញ្ជា (Règlement) : លិខិតបទដ្ឋាន ដែលចេញដោយអង្គការ ឬ អាជ្ញាធរមានសមត្ថកិច្ច ។ បទ
ប្បញ្ញត្តិ (Disposition) : សេចក្ដីបញ្ញត្តិរបស់ច្បាប់ ឬ របស់មាត្រាណាមួយ នៃច្បាប់ខសំខាន់របស់លិខិតក្នុងតុលាការ ។
បដិគាហក (Donataire) : អ្នកទទួលអំណោយ
បដិប្បញ្ញត្តិ (Derogation) : ការតាំងបញ្ញត្តិផ្ទុយ ឬ មិនស្រប ។
ប័ណ្ណ (Titre) : លិខិត ដែលមានរូបមន្តយថាភូត ( ដែលមានរូបភាព និង ទម្រង់ត្រឹមត្រូវតាមច្បាប់) សម្រាប់បញ្ជាក់សិទ្ធិណាមួយ ។
ប្លង់សុរិយោដី ឬ ផែនទីសុរិយោដី ឬ ប្លង់ក្បាលដី (Plan cadastral) : ប្លង់រួម នៃដីតំបន់ណាមួយ ដែលមន្ត្រីជំនាញសុរិយោដីបានវាស់វែង គួរបំពេញយ៉ាងត្រឹមត្រូវ និង គ្រប់គ្រាន់តាមបទដ្ឋានបច្ចេកទេស ហើយដាក់លេខក្បាលដី ឬ ដីឡូត៍យ៉ាងច្បាស់លាស់ ។
បន្ទុក / ភារៈ / ធុរៈ (Charges) : មុខការ / មុខងារ / អាណត្តិ / ប្រតិកម្ម ដែលជនណាម្នាក់ធ្វើ ឬ បំពេញ ។
បាលិត (Pupille) : កូនកំព្រាជាអនីតិជន ដែលស្ថិតនៅក្រោមអាណាព្យាបាល នៃជនណាម្នាក់ ។
បុព្វសិទ្ធិ (Prerogative) : សិទ្ធិជាពិសេស ដែលឱ្យដាច់ទៅលើមុខងារ ឬ ទៅលើក្រុមនីមួយៗ លើសពីអ្នកដទៃ ។
បុរិមា (Préference) : សិទ្ធិ ដែលបើកឲ្យជនណាម្នាក់បានអ្វីមួយមុនជនឯទៀត ។
បេតិកភណ្ឌ (Patrimoine) : ទ្រព្យ ដែលជនម្នាក់ៗមាន និង បំណុល ដែលជនម្នាក់ៗជំពាក់គេ ។ ទាំងទ្រព្យ ទាំងបំណុលរបស់ជនម្នាក់ៗហៅថា "បេតិកភណ្ឌ" ។
ប្រតិសិទ្ធិ (Ayant cause) : អ្នកទទួលសិទ្ធិបន្តពីគេដើម្បីប្រកបការរបស់ខ្លួនផង និង ជំនួសគេផង ប្រធាន
សក្កិ (Force majeure) : ព្រឹត្តិការណ៍ ដែលកើតឡើងដោយមិនដឹងជាមុនមិនអាចប៉ាន់ស្មានជាមុនបាន និង មិនអាចជំនះបាន ។
ប្រទានកម្ម (Donation) : ការឲ្យ-អំណោយ ។
ប្រាតិភោគភណ្ឌិក (Sureté réelle) : ការយកទ្រព្យទៅធានាបំណុល ។ ឧទា: ការបញ្ចាំស្រែជាប្រាតិភោគភណ្ឌិកអចលនវត្ថុ ។ ការបញ្ចាំខ្សែមាសជា ប្រាតិភោគភណ្ឌិកចលនវត្ថុ ។ (ក្រមរដ្ឋប្បវេណីចាស់ប្រើប្រាតិភោគប្រត្យក្ស) ។
ផលទុន (Revenu) : ផល ឬ ចំណេញ ដែលកើតមកពីប្រាក់ទុន ឬ ពីមូលនិធិ ដែលគេយកទៅប្រកបមុខរបរណាមួយ ។
ផលធម្មជាតិ (Fruit naturel) : ផលិតផល ដែលកើតអំពីដីធ្លី ឬ កូនសត្វស្រុក ដែលកើតពីមេបាវា ។
ផលស៊ីវិល (Fruit civil) : ប្រាក់ ដែលបានមកពីវត្ថុ ឬ ពីប្រាក់ដូចជាការប្រាក់ ឬ ឈ្នួលផ្ទះជាដើម ។
ផលុបភោគ (Usufruit) : សិទ្ធិបរិភោគ និង ប្រើប្រាស់ផល និង ផលទុន ដែលកើតមកពីទ្រព្យជាកម្មសិទ្ធិរបស់អ្នកដទៃ ។
ផលុបភោគី (Usufruitier) : អ្នកបាននូវផលុបភោគ អ្នកស៊ីផល ។
ព្យសនកម្ម (Préjudice) : ការខូចខាត ឬ សេចក្ដីវិនាសអន្តរាយដល់រូបកាយក្ដី ដល់សំភារៈក្ដី ដល់ទឹកចិត្តក្ដី ដែលបណ្ដាលមកពីអំពើរបស់អ្នកដទៃ ។
ព្រឹត្តិការណ៍ (Evenement) : អ្វីៗ ដែលកើតមានឡើង ឬ ដែលប្រព្រឹត្តទៅ ។
ភតិសន្យាបតី (Bailleur) : ម្ចាស់អចលនវត្ថុ ដែលដាក់អចលនវត្ថុជួលឲ្យអ្នកដទៃ ។
ភាគី (Partie) : គូក្ដី គូសញ្ញា ជនម្ខាងៗ នៃកិច្ចសន្យា ។
ភោគៈ (Possession) : សិទ្ធិ ដែលជនម្នាក់ៗមានលើទ្រព្យណាមួយជាបណ្ដោះអាសន្ន មិនទាន់ស៊ប់ជារបស់ខ្លួនមែនទែនទេ ។ "ភោគៈ" ជាពាក្យផ្ទុយនឹងកម្មសិទ្ធិ ដែលជាសិទ្ធិពេញបរិបូរណ៍របស់ជនម្នាក់ៗលើទ្រព្យណាមួយ ។ ឧទា: ដីមានប្លង់សុរិយោដី ជាដីកម្មសិទ្ធិ ឯដីមិនទាន់មានប្លង់សុរិយោដី គឺភោគៈ ។
ភោគី (Possesseur) : អ្នកទទួលភោគៈ ។
មធ្យោបាយ (Moyen) : អ្វី ដែលជាគ្រឿងសម្រាប់យកទៅដោះស្រាយកិច្ចការ ឬ បញ្ហាណាមួយ ។
មាតិកា (Titre) : មេសេចក្ដី ដើមសេចក្ដី ចំណែកធំៗ នៃច្បាប់ ។
អត្ថបទច្បាប់ចែកចេញជាគន្ថី គន្ថីចែកចេញជាមាតិកា ។ មាតិកាចែកចេញជាជំពូក ជំពូកនិមួយៗចែកចេញជាផ្នែក ។
យ . រ . ល . វ
edit
យថាហេតុ (Eventualité) : ហេតុ ដែលពឹងផ្អែកទៅលើព្រឹត្តិការណ៍ណាមួយ គឺថាបើព្រឹត្តិការណ៍នោះកើតឡើងយ៉ាងណា ហេតុនោះក៏ត្រូវធ្វើយ៉ាងនោះដែរ ។
យ៉ (Saillie) : ចំណែកផ្ទះ ដែលចេញពីជញ្ជាំងទៅខាងមុខ ។
រូបមន្ត (Formule) : ការងារ ដែលត្រូវបំពេញឲ្យមានរូបតាមច្បាប់កំណត់ ។
រូបវន្តបុគ្គល (Personne physique) : បុគ្គល ដែលមានរូបមែនៗ គឺមនុស្សមែនៗ ផ្ទុយនឹងនីតិបុគ្គល ដែលជាមនុស្សដោយសន្មតតាមរបៀបច្បាប់ ។
លេខាចារឹក (Inscription) : ការកត់ត្រារឿងហេតុអ្វីមួយចូលក្នុងសៀវភៅ ឬ បញ្ជីតាមរូបមន្ត ដែលបានកំណត់ដើម្បីគ្រប់គ្រងអចលនវត្ថុឲ្យបានត្រឹមត្រូវតាមច្បាប់ ។
លក្ខខណ្ឌ (Condition) : គុណភាព ដែលត្រូវមាន ឬ ខ ដែលត្រូវបំពេញឲ្យគ្រប់ចំនួន ដើម្បីឲ្យបានសម្រេចបំណងណាមួយ ។
លក្ខណៈ (Caractère) : ភិនភាគ ឬ កពារ កិរិយា បែបបទ ។
លទ្ធកម្ម (Acquisition) : ការបានឡើងជាភោគី ឬ ជាកម្មសិទ្ធិករ នៃវត្ថុណាមួយដោយការងាររបស់ខ្លួនក្ដី ដោយទិញក្ដី ដោយដូរក្ដី ដោយសន្តតិកម្មក្ដី ។
លិខិតយថាភូត (Acte authentique) : លិខិតធ្វើតាមរូបមន្ត នៃច្បាប់ ដូចជាលិខិតបញ្ជាក់ជាដើម ។
វិធាន (Regle) : មូលសាស្ត្រ ច្បាប់ បន្ទាត់ ។
វិធានការ (Mesure) : មធ្យោបាយ សេចក្ដីប្រយ័ត្ន របៀបចាត់ចែងឡើងដើម្បីបង្ការ ឬ ទប់ទល់នឹងអ្វីមួយ ។
វិការៈអាថ៌កំបាំង (Vice cache) : គុណវិបត្តិ ឬ ការខូចខាត នៃវត្ថុអ្វីមួយ ដែលបានលក់ ហើយ ដែលគេពិនិត្យមើលលើកដំបូងទៅគ្មានឃើញថាវត្ថុនោះខូចខាតទេ ប៉ុន្តែពេលយកវត្ថុនោះទៅប្រើប្រាស់ ប្រើពុំកើតឡើយ ។
ស . ហ . ឡ
editសន្តតិកម្ម (Succession) : ការផ្ទេរតាមច្បាប់នូវទ្រព្យរបស់អ្នកស្លាប់ឲ្យទៅអ្នករស់ ។ មតិក ឬ ទ្រព្យរបស់ខ្មោច ដែលត្រូវបានទៅទាយាន (អ្នកបន្តមតិក) ។
សៀវភៅគោលបញ្ជីដី (Régistre foncier) : បញ្ជីគោលសម្រាប់កត់ត្រានូវខ្លឹមសារ នៃទិន្នន័យ ដែលបង្កើតជាស្ថានភាព នៃសិទ្ធិទាក់ទងទៅនឹងទ្រព្យណាមួយ ។ ទាក់ទង នឹងស្ថានភាពនេះ ជាទូទៅត្រូវបានកាន់កាប់ និង ធ្វើចរន្តការតាមលំដាប់ពេលវេលា ។
សំរង់សុរិយោដី (Relevé cadastral) : សេចក្ដីដកស្រង់នូវទិន្នន័យពាក់ព័ន្ធនឹងបច្ចេកទេស និង គតិយុត្តក្នុងវិស័យសុរិយោដី ពីស្ថានភាពជាក់ស្ដែងលើដីយកមកកសាងជាឯកសារសុរិយោដីដើម្បីធានាសិទ្ធិស្របច្បាប់របស់កម្មសិទ្ធិករ ។
សម្បទាន (Concession) : អចលនវត្ថុ (ដីធ្លី) ដែលរដ្ឋផ្ដល់ឲ្យរូបវន្តបុគ្គល ឬ នីតិបុគ្គល សម្រាប់សង់លំនៅឋាន ឬ / និង បង្កបង្កើនផលដោះស្រាយជីវភាពរស់នៅក្នុងទំហំដីតូច ពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម) ឬ សម្រាប់ធ្វើការដាំដុះធ្វើអាជីវកម្មកសិឧស្សាហកម្មក្នុងទំហំដីធំទូលាយ ពិសេសសម្រាប់អ្នកវិនិយោគទុន (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច) តាមរយៈកិច្ចសន្យាផ្ដល់សម្បទានដោយត្រូវបង់ប្រាក់ជូនរដ្ឋ ។
សម្បទានិក (concessionnaire) : អ្នកទទួលបានសម្បទាន ។
សមាមាត្រ (Proportion) : ការ ឬ របស់អ្វីមួយ ដែលសម ដែលល្មមនឹងការ ឬ នឹងរបស់មួយទៀត ។ ឧទា: ទណ្ឌកម្ម ដែលតុលាការបានផ្ដន្ទានេះមានសមាមាត្រនឹងអំពើ ដែលជននោះបានប្រព្រឹត្តហើយគឺថាសមរម្យនឹងអំពើនោះហើយ ។
សមូហភាព (Collectivité) : ជនទាំងឡាយ ដែលមករួមគ្នាជាក្រុម ឬ ជាសម្ព័ន្ធមួយ ។ មនុស្សទាំងអស់ក្នុងឃុំ ឬ ក្នុងស្រុក ឬ ក្នុងក្រុងណាមួយហៅថាសមូហភាព ។
សហកម្មសិទ្ធិ (Co-propriété) : កម្មសិទ្ធិតែមួយជារបស់ប្រជាជនច្រើននាក់ ។ ឧទា: ជនច្រើននាក់រួបរួមគ្នាទិញរថយន្តមួយ ។ រថយន្តនោះជាសហកម្មសិទ្ធិរបស់ជនទាំងឡាយ ដែលទិញនោះ ។
សហកម្មសិទ្ធិករ (Co-propriétaire) : អ្នក ដែលមានសហកម្មសិទ្ធិ ។
សហគមន៍ (Communauté) : អ្វីៗ ដែលជនទាំងឡាយយកមករួមគ្នា ។ ទ្រព្យសហគមន៍គឺទ្រព្យ ដែលប្ដី-ប្រពន្ធរកបានជាមួយគ្នា ។
សហទាយាទ (Co-heritier) : អ្នក ដែលត្រូវចូលរួមក្នុងការចែកមតិកណាមួយ ។
សហព័ទ្ធ (Conjoint) : ប្ដី ឬ ប្រពន្ធ ឬ ទាំងប្ដីទាំងប្រពន្ធ ។
ស្ថាពរ (Definitif) : មាំមួន ជាប់រហូត ។ ឧទា: សាលក្រមជាស្ថាពរគឺសាលក្រម ដែលកាត់សេចក្ដីជាស្រេចដាច់ខាតមិនត្រូវរុះរើទៀតទេ គីថា គូក្ដីមិនអាចប្ដឹងឧទ្ធរណ៍ ប្ដឹងសារទុក្ខបានឡើយ ។
សិទ្ធិវន្ត (Ayant-droit) : អ្នកមានសិទ្ធិលើវត្ថុណាមួយ ។
សិល្បៈការ្យ ឬ ការ្យសិល្បៈ (Ouvrage d'art) : សំណង់ធំៗមានសារៈសំខាន់ ធ្វើអំពីដែក ឬ / និង ស៊ីម៉ងត៍ដូចជា ស្ពាន អង់តែនវិទ្យុ-ទូរទស្សន៍ ផ្លូវរូងក្នុងដី ឬ ភ្នំ ។
សេវភាព (Servitude) : បន្ទុក ដែលផ្ទុកលើអចលនវត្ថុមួយ (ដីបំរើ ឬ ដីក្រោម) ដើម្បីជាប្រយោជន៍ដល់អចលនវត្ថុមួយទៀត (ដីប្រើ ឬ ដីលើ) ដែលជារបស់កម្មសិទ្ធិករផ្សេងទៀត ។ ឧទា: ស្រែក្រោមមានសេវភាពខាងទទួលទឹកពីស្រែលើ ។ ស្រែក្រោមហៅថាស្រែបំរើ ហើយស្រែលើហៅថាស្រែប្រើ ។
ហិតូបត្ថម្ភកៈ (Curateur) : ជន ដែលច្បាប់ចាត់ឲ្យឃុំគ្រងទ្រព្យរបស់អនីតិជន ឬ ទ្រព្យរបស់ ជនល្ងីល្ងើជាដើម ។
ហ៊ីប៉ូតែក (Hypotheque) : [មើលពាក្យ អ៊ីប៉ូតែក ឬ និក្ខេប]
អ
editអច្ឆយទាន (Legs) : សំបុត្របណ្ដាំ ដែលផ្ដាំឲ្យចែកទ្រព្យមតិកណាមួយឲ្យទៅជនណាម្នាក់ ឬ ច្រើននាក់ ។
អឌ្ឍសិទ្ធិ (Mitoyen) : ដែលមានសិទ្ធិពាក់កណ្ដាលម្នាក់ ដែលជារបស់ជនពីរនាក់ និង ជាព្រំ នៃកម្មសិទ្ធិ នៃជនទាំងពីរនាក់នោះផង ។ ឧទា: ជញ្ជាំងអឌ្ឍសិទ្ធិគឺជញ្ជាំងរបស់ជនពីរនាក់ ដែលមានផ្ទះជាប់គ្នា ។
អឌ្ឍសិទ្ធិភាព (Mitoyenneté) : ភាព ដែលជាអឌ្ឍសិទ្ធិ ។
អត្តសញ្ញាណ (Identité) : សញ្ញាទាំងអស់ នៃជនម្នាក់ៗ ដែលជាគ្រឿងសំគាល់កុំឲ្យភាន់ច្រឡំ និង ជនម្នាក់ទៀត ។
អត្តាធិនភាព (Emancipation) : ការបើកឲ្យក្មេង ដែលនៅក្នុងអនីតិភាពនៅឡើយគ្រប់គ្រងខ្លួន និង ទ្រព្យសម្បត្តិខ្លួនដោយខ្លួនឯង ។
អត្ថគាហក (Beneficiaire) : អ្នក ដែលបានចំណេញ ឬ បានកំរៃពីវត្ថុណាមួយ ពីគុណប្រយោជន៍អ្វីមួយ ឬ ពីឯកសិទ្ធិណាមួយ ។
អនុបយោគ (Desaffectation) : ការលែងប្រើតាមការចាត់ការលុបនូវគម្យស្ថាន នៃអគារសាធារណៈ ។ នៅទីនេះច្បាប់អនុបយោគ ជាច្បាប់ ដែលរំសាយពីប្រភេទទ្រព្យសម្បត្តិមួយទៅប្រភេទទ្រព្យសម្បត្តិមួយទៀត ដូចជារំសាយពីទ្រព្យសម្បត្តិសាធារណៈមកជាសម្បត្តិឯកជនរបស់រដ្ឋជាដើម ។
អវយវភេទ (Demembrement) : ការបាក់បែកអវយវៈ ។ ក្នុងច្បាប់ អវយវភេទបានន័យថា ការផ្ទេរសិទ្ធិរបស់ខ្លះរបស់ខ្លួនលើកម្មសិទ្ធិណាមួយឲ្យទៅអ្នកដទៃ ។
អវិភាគកម្ម (Indivision) : ភាព ដែលចែកគ្នាមិនបាន ។ ឧទា: ផ្ទះមួយជាមរតករបស់កូន ៥នាក់ ពុះផ្ទះនោះចែកគ្នា ផ្ទះនោះនឹងអន្តរាយជាមិនខាន ។ ដូច្នេះនេះជាមរតកអវិភាគ ។
អសារកម្មសិទ្ធិ (Nue-propriété) : កម្មសិទ្ធិ ដែលឥតឲ្យផលដល់ម្ចាស់កម្មសិទ្ធិទេ ដោយហេតុថា ម្ចាស់កម្មសិទ្ធិនោះឲ្យសិទ្ធិខ្លួនទៅអ្នកដទៃស៊ីផល នៃកម្មសិទ្ធិនេះទាំងអស់ ។
អាណាព្យាបាល (Tuteur) : បុគ្គល ដែលមានភារកិច្ចតំណាងឲ្យអនីតិជន ។
អាជ្ញាធរ (Autorité) : អ្នកទ្រទ្រង់អំណាច អ្នករាជការ ដែលកាន់អំណាច ។
អាជ្ញាយុកាល (Prescription) : មធ្យោបាយម្យ៉ាងសម្រាប់ដោះខ្លួនឲ្យរួចផុតពីកាតព្វកិច្ចណាមួយ កាលណាបើម្ចាស់កាតព្វកិច្ចនោះបណ្ដែតបណ្ដោយឲ្យជំពាក់យូរ ពេកមិនទារ ។
អ៊ីប៉ូតែក, ហ៊ីប៉ូតែក, និក្ខេប : (En: Mortgage, Fr: Hypothèque) មនុស្សម្នាក់ដែលដាក់បញ្ចាំដីឬ អាគារនានា(ឬនៅក្នុងករណីនិក្ខេប ចលនវត្ថុគឺចលនទ្រព្យ) ដើម្បីប្ដូរ យកប្រាក់ខ្ចី ។ តាមធម្មតានិក្ខេប មានជាទម្រង់ណាមួយក្នុងចំណោម ទាំងបីនេះ ៖ ១. កម្មសិទ្ធិលើទ្រព្យ សម្បត្តិផ្ទេរដោយជាក់ស្ដែងទាំង មូលឬមួយភាគទៅឲ្យអ្នកឲ្យ ខ្ចីប្រាក់ ។ ២. កម្មសិទ្ធិគ្មានផ្លាស់ប្ដូរ អ្វីទាំងអស់ ហើយនិក្ខេបមានផល ដូចគ្នានឹងសិទ្ធិឃាត់ទុកដែរ ។ ៣. ទ្រព្យសម្បត្តិត្រូវគេដាក់ទៅក្នុង អាណត្តិព្យាបាលភាពជាមួយ មនុស្សឯករាជ្យមួយរហូតទាល់តែ បំណុលបានសងរួចរាល់ ។