ច្បាប់ស្ដីពី សារពើពន្ធ
នស/រកម/០២៩៧.០៣/២៤ | |
---|---|
ព្រះរាជក្រម | |
យើង | |
ព្រះបាទសម្តេចនរោត្តមសីហនុ | |
រាជហរិវង្ស ឧភតោសុជាត វិសុទ្ធពង្ស អគ្គមហាបុរសរតន៏ | |
និករោត្តម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ | |
ព្រះចៅក្រុងកម្ពុជាធិបតី |
- -បានឃើញ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- -បានឃើញ ព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ស្ដីពីការតែងតាំងនាយករដ្ឋមន្ត្រីទី១ និងនាយករដ្ឋមន្ត្រីទី២
- -បានឃើញ ព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
- -បានឃើញ ព្រះរាជក្រមលេខ០២ នស-៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- -បានឃើញ ព្រះរាជក្រឹត្យលេខ នស-រកត-១០៩៤-៨៣ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៤ ស្ដីពីការកែសំរួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា
- -បានឃើញ ព្រះរាជក្រឹត្យលេខ នស-រកត-១០៩៤-០៩ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩៤ ស្ដីពីការកែសំរួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា
- -បានឃើញ ព្រះរាជក្រមលេខ នស-រកម-០១៩៦-១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ស្ដីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- -តាមសេចក្ដីក្រាបបង្គំទូលស្នើសុំអំពីសម្ដេចនាយករដ្ឋមន្ត្រី ទាំងពីរ និងអំពីទេសរដ្ឋមន្ត្រីទទួលបន្ទុកនីតិសម្បទានិងអភិវឌ្ឍន៍ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ប្រកាសអោយប្រើ ច្បាប់ស្ដីពីសារពើពន្ធ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៩៧ នាសម័យប្រជុំលើក ទី៧ នីតិកាលលើកទី១ដែលមានសេចក្ដីទាំងស្រុងដូចតទៅ : ច្បាប់ ស្ដីពីសារពើពន្ធ
== ជំពូកទី ១៖ បទប្បញ្ញត្តិស្ដីពីពន្ធលើប្រាក់ចំណូល ==
ផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅ
editមាត្រា១:
បទប្បញ្ញត្តិស្ដីពីពន្ធលើប្រាក់ចំណេញ ដូចមានចែងនៅក្នុង ច្បាប់ ស្ដីអំពីហិរញ្ញវត្ថុសំរាប់ឆ្នាំ ១៩៩៤ ដែលប្រកាស អោយប្រើដោយព្រះរាជក្រមលេខ០២ នស ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៣ ច្បាប់ស្ដី ពីការកែតំរូវ នៃច្បាប់ហិរញ្ញវត្ថុ សំរាប់ ឆ្នាំ១៩៩៤ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ០៨ នស ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ច្បាប់ស្ដីពី ហិរញ្ញវត្ថុ សំរាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ១១ នស ៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤ និង ច្បាប់ស្ដីពីការកែតំរូវនៃហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ១៩៩៥ ដែលប្រកាសអោយប្រើ ដោយ ព្រះរាជក្រម លេខ ជស/រកម/០៩៩៥/០១ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ ត្រូវបានធ្វើវិសោធនកម្មដូចតទៅដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋ។
មាត្រា២:
ពន្ធលើប្រាក់ចំណេញ គឺជាបំណុលរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជានិង ប្រាក់ចំណូលប្រភពបរទេស និងរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
មាត្រា៣:
សំរាប់គោលដៅនៃបទប្បញ្ញត្តិស្ដីពីសារពើពន្ធ :
- ១- ពាក្យ «អ្នកជាប់ពន្ធនិវាសនជន» សំដៅដល់
- ក- រូបវន្តបុគ្គលដែលស្នាក់នៅ ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី១៨២ថ្ងៃនៅក្នុង ឆ្នាំប្រតិទិន
- ខ- នីតិបុគ្គល ឬក្រុមអាជីវកម្មដែលត្រូវបានបង្កើត ឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ គ្រឹះស្ថានអចិន្ត្រៃយ៍ត្រូវចាត់ទុកជានីតិបុគ្គលនិវាសនជនចំពោះតែ ប្រាក់ចំណូលប្រភពកម្ពុជា។
- ២- ពាក្យ «អនិវាសនជន» មានន័យថា ដែលមិនមែនជានិវាសនជនកម្ពុជា។
- ៣- ពាក្យ «នីតិបុគ្គល» សំដៅដល់សហគ្រាស ឬអង្គការនានា ដែលប្រកបអាជីវកម្ម ទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់ រាជរដ្ឋាភិបាលក្ដី។ ពាក្យ «នីតិបុគ្គល» រួមបញ្ចូលផងដែរ នូវស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ ឬអង្គការមិនស្វែងរក ចំណេញ។ ចំពោះបុគ្គលអនិវាសនជន ពាក្យ «នីតិបុគ្គល» សំដៅដល់គ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ «នីតិបុគ្គល» ពុំរាប់បញ្ចូលទេ នូវក្រុមអាជីវកម្ម ឬសហគ្រាស ឯកបុគ្គល។
- ៤- ពាក្យ «គ្រឹះស្ថានអចិន្ត្រៃយ៍» សំដៅដល់ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅក្នុងព្រះរាជាណាចក្រ កម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈ នេះបុគ្គលអនិវាសនជនប្រកបអាជីវកម្មរបស់ខ្លួន។ ពាក្យ «គ្រឹះស្ថានអចិន្ត្រៃយ៍» រួមបញ្ចូលផងដែរ នូវសមាគម ឬរូបភាពទំនាក់ទំនងផ្សេងទៀត ដែលតាមរយៈនេះ បុគ្គលអនិវាសនជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
- ៥- ពាក្យ «ក្រុមអាជីវកម្ម» សំដៅដល់ក្រុមសមូហនាមដែលមានម្ចាស់ភាគទុនជារូបវន្តបុគ្គលនិវាសនជន យ៉ាងច្រើន១០នាក់ ហើយក្នុងនោះចំណែកសមាមាត្ររបស់ម្ចាស់ភាគទុននៅក្នុងខ្ទង់មូលធន ប្រាក់ចំណេញ និងការខាតបង់ ត្រូវស្របតាមលក្ខណៈវិនិច្ឆ័យ ដែលត្រូវកំណត់ដោយអនុក្រឹត្យ។ ក្នុងនិយម ន័យនេះ «ក្រុមអាជីវកម្ម» មិនអាចជាសមាជិករបស់ក្រុមហ៊ុនបុគ្គលណាមួយ ហើយក៏មិនរាប់បញ្ចូល ផងទេនូវក្រុមហ៊ុនដើមទុន គ្រឹះស្ថានអចិន្ត្រៃយ៍ ឬសហគ្រាសឯកបុគ្គល។
- ៦- ពាក្យ «សហគ្រាសឯកបុគ្គល» សំដៅដល់សហគ្រាសអាជីវកម្ម ដែលជាកម្មសិទ្ធិ១០០ភាគរយរបស់រូបវន្តបុគ្គលណាម្នាក់។ ក្នុងនិយមន័យនេះ ប្ដី ប្រពន្ធ និងកូនក្នុងបន្ទុក ត្រូវចាត់ទុកថាជារូបវន្តបុគ្គល តែម្នាក់។
- ៧- ពាក្យ «អាជីវកម្ម» សំដៅដល់សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលដៅទាញយកប្រាក់ចំណូលអំពីការផលិត និងលក់ទំនិញ ការផ្គត់ផ្គង់សេវា ភតិសន្យា ការជួលឬការលក់ទ្រព្យសម្បត្តិឬសកម្មភាពផ្សេងទៀត។
- ៨- ពាក្យ «ភាគលាភ» សំដៅដល់ចំណែកជាសាច់ប្រាក់ ឬជាទ្រព្យដែលនីតិបុគ្គលបានចែកអោយអ្នកចូលហ៊ុនទៅតាមកំរិត នៃភាគកម្មរបស់ខ្លួននៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល លើកលែងតែភាគលាភជាប័ណ្ណភាគហ៊ុន និងការបែងចែកនានា ក្នុងពេលជំរះបញ្ជីរំលាយក្រុមហ៊ុនទាំងស្រុង។ ចំណែកណាមួយដែលចាត់ទុកថាជាភាគលាភ ឬមិនមែនជាភាគលាភ ត្រូវផ្អែកតាមល័ក្ខខ័ណ្ឌខាងលើនេះ ដោយពុំគិតថានីតិបុគ្គលមាន ឬគ្មានប្រាក់ចំណូល ឬប្រាក់ចំណេញចរន្ត ឬលទ្ធផលយោងសារជាថ្មីឡើយ។
- ៩- ពាក្យ «អ្នកចូលហ៊ុន» សំដៅដល់បុគ្គលដែលមានចំណែកភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់ នីតិ បុគ្គល។ សំរាប់គោលដៅនៃពន្ធនេះ នីតិបុគ្គលណាមួយ ទោះបីមិនមែនជាក្រុមហ៊ុនដើមទុនក្ដី ត្រូវចាត់ទុកដូចជាក្រុមហ៊ុនដើមទុន ហើយបុគ្គលដែលមានចំណែកភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់ នីតិបុគ្គល ឬក៏បុគ្គលអាចបានទទួលប្រាក់ចំណូល ឬប្រាក់ចំណេញ ក្នុងឋានៈជាអ្នកបានចូលរួមក្នុងនីតិបុគ្គលនោះត្រូវចាត់ទុកថា ជាអ្នកចូលហ៊ុនរបស់នីតិបុគ្គលដែរ។
- ១០- ពាក្យ «សហគ្រាសវិនិយោគ» សំដៅដល់សហគ្រាសដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្គាល់ថា ជាសហគ្រាសវិនិយោគ និងដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ។
- ១១- ពាក្យ «បុគ្គលទាក់ទិន» សំដៅដល់:
- ក- សមាជិកណាម្នាក់ក្នុងគ្រួសារអ្នកជាប់ពន្ធ
- ខ- សហគ្រាសដែលគ្រប់គ្រងលើអ្នកជាប់ពន្ធ ឬសហគ្រាសត្រូវបានអ្នកជាប់ពន្ធគ្រប់គ្រង ឬក៏សហគ្រាសនោះ និងអ្នកជាប់ពន្ធស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា។ ពាក្យ «គ្រប់គ្រង» មានន័យថាមានកម្មសិទ្ធិចាប់ពី៥១ភាគរយឡើងទៅលើតំលៃ ឬសិទ្ធិបោះឆ្នោតនៃភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់សហគ្រាស។ ដើម្បីកំណត់ទំហំនៃការគ្រប់គ្រងរបស់អ្នកជាប់ពន្ធជារូបវន្តបុគ្គល ណាម្នាក់ ត្រូវគិតបញ្ចូលទាំងអស់ នូវកម្មសិទ្ធិលើភាគកម្មនៅក្នុងដើមទុនផ្ទាល់សរបស់រូបវន្តបុគ្គល នោះ និងកម្មសិទ្ធិផ្ទាល់ ឬប្រយោលរបស់សហព័ន្ធអ្នកជាប់ពន្ធ។
មាត្រា៤:
របបកំណត់ពន្ធមានដូចតទៅ :
- ១- ការកំណត់ពន្ធលើប្រាក់ចំណេញ ត្រូវអនុវត្តតាមរបបពិត របបបំព្រួញ និងរបបម៉ៅការ។
- ២- វិធាន និងនីតិវិធីដើម្បីចាត់បញ្ចូលអ្នកជាប់ពន្ធអោយស្ថិតក្នុងរបប កំណត់ពន្ធណាមួយ នៃរបបទាំង៣ខាងលើនេះ ត្រូវកំណត់ដោយអនុក្រឹត្យ ដោយផ្អែកលើទ្រង់ទ្រាយអាជីវកម្ម ប្រភេទសកម្មភាពអាជីវកម្មនិងកំរិតផលរបរ។
ផ្នែកទី ២៖ ប្រាក់ចំណេញជាប់ពន្ធ និងអត្រាពន្ធ
editមាត្រា៥:
ឆ្នាំជាប់ពន្ធត្រូវបានកំណត់ដូចខាងក្រោម:
- ១- ពន្ធលើប្រាក់ចំណេញអនុវត្តចំពោះរបបពិត ត្រូវគណនាចេញពីលទ្ធផលនៃតុល្យការសំរេចបានក្នុងឆ្នាំសារពើពន្ធកន្លងទៅ។
- ២- ប្រសិនជាពុំមានតុល្យការណាមួយបានបញ្ឈប់ក្នុងកំឡុងនៃឆ្នាំណា មួយទេនោះ ពន្ធដែលត្រូវបង់សំរាប់ឆ្នាំជាបន្ទាប់ ត្រូវគិតយកលើប្រាក់ចំណេញក្នុងរយៈវេលាដែលកន្លងទៅ ចាប់តាំងពីថ្ងៃផុតរយៈពេលជាប់ពន្ធដែលកន្លងហួសទៅនោះ។ ចំពោះសហគ្រាសថ្មី ត្រូវគិតចាប់តាំងពីថ្ងៃដែលផ្ដើមធ្វើ ប្រតិបត្តិការមកទល់នឹងថ្ងៃទី ៣១ ខែធ្នូ នៃឆ្នាំដែលត្រូវគិតពន្ធ។
- ៣- កាលបើមានធ្វើតុល្យការជាច្រើនតៗគ្នាក្នុងកំឡុងនៃឆ្នាំមួយ ដដែលនោះ លទ្ធផលនៃតុល្យការទាំងឡាយនេះ ត្រូវបូករួមគ្នាធ្វើជាមូលដ្ឋាន នៃពន្ធដែលត្រូវបង់។
- ៤- ពន្ធលើប្រាក់ចំណេញអនុវត្តចំពោះរបបបំព្រួញ និងរបបម៉ៅការ ត្រូវគណនាតាមវិធីគណនេយ្យ មូលដ្ឋានសាច់ប្រាក់នៅក្នុងឆ្នាំប្រតិទិនកន្លងមក។
- ៥- សេច
ក្ដីណែនាំនានា ស្ដីអំពីការធ្វើរបាយការណ៍ ការដាក់លិខិតប្រកាសចុងក្រោយសំរាប់សហគ្រាសដែលបញ្ឈប់អាជីវកម្ម ឬរៀបចំឡើងវិញ ឬត្រូវបានលក់ ឬផ្ទេរក្នុងឆ្នាំប្រតិទិន ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មាត្រា៦:
វិធានគណនេយ្យត្រូវបានកំណត់ដូចខាងក្រោម :
- ១- ចំពោះអ្នកជាប់ពន្ធតាមរបបបំព្រួញដែលប្រើវិធីគណនេយ្យ មូលដ្ឋានសាច់ប្រាក់ ប្រាក់ចំណូលត្រូវគិតបញ្ចូលនៅក្នុងឆ្នាំដែលបានទទួលជាក់ស្ដែង នូវសាច់ប្រាក់ ឬទ្រព្យដទៃទៀត ទោះបីជាការទូទាត់បានធ្វើឡើងសំរាប់ឆ្នាំផ្សេងទៀតក្ដី។ ឯចំណាយ ឬការកាត់កងនានា អាចផាត់ចេញនៅក្នុងឆ្នាំដែលចំណាយឬខ្ទង់ផ្សេងទៀត ត្រូវបានទូទាត់សងជាក់ស្ដែង លើកលែងតែចំណាយទូទាត់មុន និងទាយជ្ជទានអោយដល់រំលស់។
- ២- ចំពោះអ្នកជាប់ពន្ធតាមរបបពិតដែលប្រើវិធីគណនេយ្យតាមប្លង់គណនេយ្យ ទូទៅ ប្រាក់ចំណូលត្រូវគិតបញ្ចូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើង ទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់ទូទាត់ក្ដី។ ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវបន្ទុករបស់អ្នកជាប់ពន្ធបានកើតឡើង លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ខ្ទង់ចំណាយនោះ បានកើតឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញ ច្បាស់លាស់។
- ៣- ចំពោះអ្នកជាប់ពន្ធតាមរបបពិត ចំណាយនានាធ្វើឡើងចំពោះបុគ្គលទាក់ទិន ដែលស្ថិតក្រោមរបបបំព្រួញមិនអនុញ្ញាតអោយផាត់ចេញមុនការទូទាត់ ជាក់ស្ដែងឡើយ។
- ៤- ចំពោះធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក ត្រូវបានអនុញ្ញាតអោយធ្វើសំវិធានធនសំរាប់ឥណទេយ្យជាប់សង្ស័យ ដើម្បីកំណត់ប្រាក់ចំណេញជាប់ពន្ធ។ វិធាន និងនីតិវិធីស្ដីពីការកាត់កងនានាត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៧:
ប្រាក់ចំណេញជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការគ្រប់ ប្រភេទ ដែលសហគ្រាសសំរេចបាន រួមបញ្ចូលទាំងតំលៃលើសបានមកពីការលក់ចំណែកនានានៃទ្រព្យសកម្ម ក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ព្រមទាំងប្រាក់ចំណូលអំពីកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ឬវិនិយោគ ការប្រាក់ ថ្លៃឈ្នួល និងសួយសារផង។
មាត្រា៨:
ប្រាក់ចំណេញជាប់ពន្ធ កើតចេញពីចំនួនលើសនៃផលដុលដែលសំរេចបាន អាស្រ័យដោយមានការចំណាយដើម្បីនាំមកវិញ និងរក្សាទុកនូវចំណេញ។
មាត្រា៩:
ប្រាក់ចំណូលលើកលែងពន្ធ ត្រូវបានកំណត់ដូចតទៅ:
- ១- វៀរលែងតែមានបទប្បញ្ញត្តិផ្ទុយ និងលើកលែងតែប្រាក់ចំណូលដែលត្រូវជាប់ពន្ធតាមមាត្រា២២នៃច្បាប់ នេះ ពន្ធលើប្រាក់ចំណេញមិនត្រូវអនុវត្តចំពោះ :
- ក- ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬប្រាក់ចំណូលស្ថាប័នរាជរដ្ឋាភិបាល
- ខ- ប្រាក់ចំណូលរបស់អង្គការណាមួយដែល :
- -ត្រូវបានរៀបចំឡើង និងដំណើរការសំរាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ
- -គ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន
- គ- ប្រាក់ចំណូលរបស់អង្គការពលករ ឬសភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬកសិកម្ម ក្នុងករណីដែលប្រាក់ចំណូលរបស់អង្គការទាំងនោះ មិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូល ហ៊ុន ឬរូបវន្តបុគ្គល
- ឃ- ប្រាក់ចំណេញដែលបានមកពីការលក់ផលិតផលកសិកម្ម ដែលបុគ្គលមិនមែនជាអ្នកជាប់ពន្ធតាមរបបពិតផលិតបានដោយខ្លួនឯង ទោះបីផលិតផលនោះមិនទាន់កែច្នៃ ឬកែច្នៃហើយក៏ដោយទៅតាមទំលាប់នៃការងារកសិកម្ម។ ប្រតិបត្តិការតាមមធ្យោបាយឧស្សាហកម្ម រួមទាំងការកែច្នៃការរក្សាគុណភាព ការវេចខ្ចប់សំរាប់លក់ ពុំត្រូវបានចាត់ទុកជាទំលាប់នៃការងារកសិកម្មឡើយ។
- ២- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវកំណត់ដោយប្រកាសអំពីនីតិវិធីនៃការស្នើសុំលើកលែងពន្ធ ភាពបាត់បង់លក្ខណៈលើកលែងពន្ធ ការប្រកាសសារពើពន្ធ និងការចុះបញ្ជី។
មាត្រា១០:
ប្រាក់ចំណូលរបស់ក្រុមអាជីវកម្ម ត្រូវបានកំណត់ដូចតទៅ :
- ១- ចំពោះក្រុមអាជីវកម្ម ក្នុងការកំណត់ប្រាក់ចំណូលរបស់ខ្លួនសំរាប់ឆ្នាំជាប់ពន្ធណាមួយ សមាជិកម្នាក់ៗ ត្រូវគិតដាច់ដោយឡែកពីគ្នានូវចំណែករៀងៗខ្លួននៅក្នុងខ្ទង់ចំណូល ចំណេញ ខាត ការកាត់កង ឥណទាន និងវិភាគទានសប្បុរសធម៌ក្នុងឆ្នាំនោះ។ សំរាប់គោលដៅនេះ ខ្ទង់នីមួយៗត្រូវរក្សាចរិតលក្ខណៈ នៅដដែលហើយត្រូវចាត់ទុកថាបានបែងចែកនៅក្នុងឆ្នាំជាប់ពន្ធ ទោះបីជាមាន ឬគ្មានការបែងចែក ជាក់ស្ដែងក្ដី។ ការខាតបង់ដែលត្រូវយោងទៅឆ្នាំមុខ នឹងត្រូវកំណត់ឡើងក្រោយពីបានបែងចែកខ្ទង់ នានាហើយ។
- ២- វិធានសំរាប់កំណត់ចំនួនទឹកប្រាក់ដែលត្រូវបែងចែក ការចាត់ចែងចំពោះវិភាគទានផ្សេងៗ និងការកែតំរូវទៅលើចំណែកជាមូលដ្ឋានរបស់សមាជិកម្នាក់ៗនៃក្រុម អាជីវកម្មនៅក្នុងឆ្នាំជាប់ពន្ធណាមួយ ត្រូវកំណត់ដោយអនុក្រឹត្យ។
ផ្នែកទី ៣៖ ការកាត់កង
editមាត្រា១១:
ការកាត់កងដែលអនុញ្ញាត ត្រូវបានកំណត់ដូចតទៅ :
- ១- វៀរលែងតែបទប្បញ្ញតិដូចមានចែងក្នុងមាត្រា១២ ដល់មាត្រា១៨នៃច្បាប់នេះ ចំណាយដែលអនុញ្ញាតអោយកាត់កង រួមមានបន្ទុកដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ ដើម្បីប្រកបអាជីវកម្ម។
- ២- ថ្លៃឈ្នួល ការប្រាក់ ការប៉ះប៉ូវ ការទូទាត់ ឬកំរៃនានា ដែលបានបើកអោយអ្នកទទួលខុសត្រូវ ឬអភិបាលសហគ្រាស សមាជិកភាគទុន ឬសមាជិករបស់ក្រុមអាជីវកម្ម សមាជិកនៃគ្រួសារអ្នកជាប់ពន្ធ ឬបុគ្គលទាក់ទិនផ្សេងទៀត ក្នុងករណីមានភស្ដុតាងបញ្ជាក់ថា ការទូទាត់នោះបានអនុវត្តចំពោះការបំពេញសេវាជាក់ស្ដែង ហើយក្នុងកំរិតសមហេតុសមផលផងដែរ។
- ៣- ប្រាក់ដែលបានទូទាត់លើអាគារថ្មី ឬទ្រព្យសកម្មដទៃទៀត ការកែលំអជាប់លាប់ ឬកែលំអនានាក្នុងនោះមានទាំងការប្រាក់ និងប្រាក់ពន្ធអាករ ដែលបានជាប់ក្នុងរយៈពេលសាងសង់ ឬទិញចូលផង។ ទឹកប្រាក់នេះ ត្រូវកត់ត្រាចូលក្នុងគណនីទ្រព្យសកម្មដែលពាក់ព័ន្ធ ហើយត្រូវកាត់កងតាមការរំលស់ដូចមានចែងក្នុងមាត្រា១៣នៃច្បាប់ នេះ។
មាត្រា១២:
ត្រូវបានអនុញ្ញាតអោយកាត់កងនូវចំណាយលើការប្រាក់ ដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ ដើម្បីប្រកបអាជីវកម្ម ប៉ុន្តែមិនអោយលើសពីផលបូកនៃចំណូលការប្រាក់របស់អ្នកជាប់ពន្ធ និង៥០ភាគរយនៃប្រាក់ចំណូលសុទ្ធ ក្រៅពីការប្រាក់របស់អ្នកជាប់ពន្ធនៅក្នុងឆ្នាំ ជាប់ពន្ធ។ ចំណូលសុទ្ធក្រៅពីការប្រាក់ គឺជាប្រាក់ចំណូលដុលក្រៅពីការចំណូលការប្រាក់ ដកខ្ទង់ចំណាយនានាដែលអនុញ្ញាតអោយផាត់ចេញ លើកលែងតែចំណាយការប្រាក់។
ចំណាយការប្រាក់ដែលសល់ពីការកាត់កងខាងលើ ត្រូវចាត់ទុកជាចំណាយការប្រាក់សំរាប់ឆ្នាំជាប់ពន្ធបន្ទាប់ហើយ ការផាត់ចេញ ត្រូវអនុវត្តតាមខ្លឹមសារនៃមាត្រានេះដូចគ្នា។
មាត្រា១៣:
ល័ក្ខខ័ណ្ឌនៃរំលស់ទ្រព្យរូបី ត្រូវបានកំណត់ដូចតទៅ :
- ១- ទាយជ្ជទានអោយដល់រំលស់ត្រូវគណនាតាមវិធីរំលស់ស្មើភាគ ឬវិធីរំលស់ថយជាលំដាប់។ ទ្រព្យរូបីដែលអាចរំលស់បាន គឺទ្រព្យរូបីប្រើប្រាស់ក្នុងអាជីវកម្ម ដែលតែងតែបាត់បង់តំលៃដោយការប្រើប្រាស់ ឬភាពហួសសម័យ។ ដីធ្លីមិនមែនជាទ្រព្យអាចរំលស់បានទេ។
- ២- ទ្រព្យរូបីទាំងអស់ ត្រូវបានបែងចែកជា៤ប្រភេទ :
- ក- ប្រភេទទី១ រួមមាន អាគារ និងសំណង់ ដែលជាឧបសម្ព័ន្ធនៃអាគារនោះ។ ទ្រព្យនីមួយៗក្នុងប្រភេទនេះ ត្រូវរំលស់តាមវិធីស្មើភាគតាមអត្រា ៥ ភាគរយ ក្នុង១ឆ្នាំ។
- ខ- ប្រភេទទី២ រួមមានទ្រព្យដែលមានអាយុកាលប្រើប្រាស់ត្រឹម៤ឆ្នាំ ហើយអត្រារំលស់ស្មើភាគលើទ្រព្យនីមួយៗ គឺ ២៥ ភាគរយ។
- គ- ប្រភេទទី៣ រួមមានទ្រព្យដែលមានអាយុកាលប្រើប្រាស់លើសពី ៤ឆ្នាំ ដល់៨ឆ្នាំ ហើយអត្រា រំលស់ស្មើភាគលើទ្រព្យនីមួយៗគឺ ១២,៥ ភាគរយ។
- ឃ- ប្រភេទទី៤ រួមមានទ្រព្យរូបីឯទៀតទាំងអស់ ហើយអត្រារំលស់ស្មើភាគលើទ្រព្យនីមួយៗ គឺ ១០ ភាគរយ។
- ៣- អ្នកជាប់ពន្ធដែលជ្រើសយកវិធីរំលស់ថយជាលំដាប់ ត្រូវប្រើអត្រារំលស់ស្មើនឹង ២០០ ភាគរយ នៃអត្រារំលស់តាមវិធីស្មើភាគ ហើយត្រូវអនុវត្តលើតំលៃសរុបមិនទាន់រំលស់អស់នៃទ្រព្យទាំងអស់នៅ ក្នុងប្រភេទនីមួយៗ។ ត្រូវបានអនុញ្ញាតអោយប្រើវិធីរំលស់ថយជាលំដាប់តែចំពោះទ្រព្យ ប្រភេទទី២ ទី ៣ និងទី៤ តែប៉ុណ្ណោះ។
- ៤- សហគ្រាសដែលស្ថិតក្រោម ច្បាប់វិនិយោគ ត្រូវប្រើវិធីរំលស់ស្មើភាគចំពោះទ្រព្យគ្រប់ប្រភេទ។
- ៥- នីតិវិធីក្នុងការបង្កើតប្រភេទទ្រព្យ ការបញ្ចូលទ្រព្យថ្មីទៅក្នុងប្រភេទណាមួយ ការបញ្ចេញទ្រព្យពីប្រភេទណាមួយ ហើយនិងការចាត់ចែងចំពោះបញ្ហាជួសជុលព្រមទាំងចំណាយផ្សេងៗត្រូវ កំណត់ដោយអនុក្រឹត្យ។
- ៦- អ្នកជាប់ពន្ធដែលស្ថិតក្រោមច្បាប់ពន្ធលើប្រាក់ចំណេញនៅមុនថ្ងៃ ទី០១ ខែមករា ឆ្នាំ១៩៩៧ ត្រូវធ្វើការជ្រើសរើសដែលមិនអាចកែប្រែវិញបាន នូវវិធីរំលស់តាមវិធីស្មើភាគ ឬតាមវិធីរំលស់ថយជាលំដាប់ចំពោះទ្រព្យដែលមិនទាន់រំលស់អស់ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧។ ចំពោះអ្នកជាប់ ពន្ធថ្មីការជ្រើសរើសត្រូវធ្វើឡើងយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំចុះបញ្ជី។
មាត្រា១៤:
ចំពោះទ្រព្យអរូបីដែលរួមមានប្រកាសនីយប័ត្រតក្កកម្ម សិទ្ធិចំលង គំនូរប្លង់ គំរូ និងសិទ្ធិអាជីវកម្មដែលមានអាយុកាលមានកំណត់ អត្រារំលស់លើទ្រព្យនីមួយៗ ត្រូវគណនាដោយផ្អែកលើអាយុកាលរបស់ទ្រព្យនោះ តាមវិធីរំលស់ស្មើភាគ។ បើសិនជាអាយុកាលនៃទ្រព្យអរូបីមិនអាចកំណត់បានរំលស់ប្រចាំឆ្នាំ ត្រូវអនុវត្តតាមអត្រា១០ ភាគរយ លើតំលៃទ្រព្យអរូបី។
មាត្រា១៥:
ការរំលស់ធនធានធម្មជាតិ ត្រូវបានកំណត់ដូចតទៅ :
១- ទាយជ្ជទានអោយដល់ការរំលស់លើធនធានធម្មជាតិមានជាអាទិ៍ ប្រេងកាត និងឧស្ម័នធម្មជាតិត្រូវបានកំណត់ដូចតទៅ :
ក- ចំណាយក្នុងការរុករក និងអភិវឌ្ឍន៍ ក្នុងនោះមានទាំងការប្រាក់ដែលជាប់ទាក់ទងដល់ចំណាយ នោះផងត្រូវបូកបញ្ចូលទៅក្នុងគណនីទ្រព្យសកម្មនៃធនធាននោះ។
ខ- ទឹកប្រាក់រំលស់លើធនធានធម្មជាតិនីមួយៗ ដែលត្រូវផាត់ចេញនៅក្នុងឆ្នាំជាប់ពន្ធណាមួយ ត្រូវ គណនាដោយយកសមតុល្យ នៃគណនីធនធានធម្មជាតិ ទៅគុណនិងផលចែករវាងបរិមាណដែលបានផលិតចេញអំពីធនធានធម្មជាតិនៅ ក្នុងឆ្នាំ និងចំនួនប៉ាន់ស្មាននៃផលិតផលសរុបដែលអាចទាញយកបានពីធនធាននោះ។
២- នីតិវិធីសំរាប់កំណត់ចំនួនប៉ាន់ស្មាននៃផលិតផលសរុប ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា១៦:
ត្រូវបានអនុញ្ញាតអោយផាត់ចេញនូវវិភាគទានសប្បុរសធម៌ដែលបាន បរិច្ចាគអោយអង្គការនានា ដូចមានចែងក្នុងមាត្រា៩នៃច្បាប់នេះ ប៉ុន្តែមិនត្រូវអោយលើសពី៥ភាគរយនៃប្រាក់ចំណេញជាប់ពន្ធមុនពេល កាត់កងវិភាគទានសប្បុរសធម៌ទាំងនោះឡើយ។
លក្ខណៈវិនិច្ឆ័យនៃវិភាគទានសប្បុរសធម៌ ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា១៧:
ក្នុងករណីដែលមានការខាតបង់នៅក្នុងឆ្នាំជាប់ពន្ធណាមួយ ការខាតបង់នោះត្រូវចាត់ជាបន្ទុកសំរាប់ឆ្នាំជាប់ពន្ធបន្ទាប់ ហើយត្រូវកាត់ចេញពីប្រាក់ចំណេញសំរេចបាននៅក្នុងឆ្នាំជាប់ពន្ធ បន្ទាប់ នោះ។ បើប្រាក់ចំណេញនេះមិនគ្រប់គ្រាន់សំរាប់ទូទាត់ជាស្ថាពរទេ ចំណែកនៃការខាតបង់ដែលនៅសេល សល់ត្រូវយោងទៅឆ្នាំជាប់ពន្ធបន្តបន្ទាប់រហូតដល់ឆ្នាំជាប់ពន្ធ ទី៥។
នៅពេលណាដែលការខាតបង់មានលើសពីមួយឆ្នាំ មាត្រានេះត្រូវអនុវត្តចំពោះការខាតបង់ទាំងឡាយតាមលំដាប់ដែលការខាត បង់បានកើតឡើង។
មាត្រា១៨:
ក្នុងករណីសហគ្រាសចាប់ពី២ឡើងទៅ ទោះបីជាបានបង្កើត ឬរៀបចំឡើងនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលស្ថិតក្រោមកម្មសិទ្ធិរួមគ្នា ក្នុងករណីចាំបាច់ រដ្ឋបាលសារពើពន្ធអាចធ្វើការបែងចែកប្រាក់ចំណូលដុល ប្រាក់ផាត់ចេញ ឬអត្ថប្រយោជន៍ផ្សេងៗក្នុងចំណោមសហគ្រាស និងម្ចាស់កម្មសិទ្ធិទាំងនោះ ដើម្បីទប់ស្កាត់ការចៀសវាង ឬគេចវេសពន្ធ ឬក៏ដើម្បីឆ្លុះ បញ្ចាំងអោយបានច្បាស់លាស់ នូវប្រាក់ចំណូលរបស់សហគ្រាស ឬរបស់ម្ចាស់កម្មសិទ្ធិ។
សំរាប់គោលដៅនៃមាត្រានេះ សហគ្រាសចាប់ពី២ឡើង ទៅត្រូវស្ថិតក្រោមកម្មសិទ្ធិរួមគ្នា បើសិនជាមានបុគ្គលណាម្នាក់មានកម្មសិទ្ធិចាប់ពី ២០ភាគរយឡើងទៅ លើតំលៃ ឬភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់សហគ្រាសនីមួយៗ។
មាត្រា១៩:
សំរាប់បទប្បញ្ញត្តិស្ដីពីពន្ធលើប្រាក់ចំណេញ ចំណាយដែលមិនអនុញ្ញាតអោយផាត់ចេញ មាន:
- ១- ចំណាយលើសកម្មភាពទាំងឡាយដែលជាទូទៅចាត់ទុកជាការកំសាន្ត ការសំរាកលំហែ ការទទួល ភ្ញៀវ ឬការប្រើប្រាស់មធ្យោបាយណាមួយដែលជាប់ទាក់ទងនឹងសកម្មភាពទាំងនេះ។
- ២- ចំណាយសំរាប់ការរស់នៅផ្ទាល់ខ្លួន ឬក្រុមគ្រួសារ លើកលែងតែអត្ថប្រយោជន៍បន្ថែមជាប្រាក់ ឬជាវត្ថុដែលប្រាក់ពន្ធត្រូវបានកាត់ទុកតាមបទប្បញ្ញត្តិស្ដីពី ពន្ធលើប្រាក់បៀវត្ស។
- ៣- ប្រាក់ពន្ធដែលបទប្បញ្ញត្តិស្ដីពីពន្ធលើប្រាក់ចំណេញបានកំណត់ និងពន្ធកាត់ទុកដែលបទប្បញ្ញតិស្ដីពីពន្ធលើប្រាក់បៀវត្សបាន កំណត់។
- ៤- ការខាតបង់លើការលក់ ឬដោះដូរទ្រព្យសម្បត្តិ ទោះដោយផ្ទាល់ ឬប្រយោលក្ដីរវាងបុគ្គលទាក់ទិន។
- ៥- ចំណាយនានា វៀរលែងតែចំណាយដែលកើតមានហើយ ហើយអ្នកជាប់ពន្ធអាចបញ្ជាក់ច្បាស់លាស់នូវចំនួនទឹកប្រាក់ និងគោលដៅអាជីវកម្មស្របទៅតាមបែបបទដែលត្រូវកំណត់ដោយអនុក្រឹត្យ។
ផ្នែកទី ៤៖ អត្រាពន្ធ និងប្រាក់ពន្ធត្រូវបង់
editមាត្រា២០:
អត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំមានដូចតទៅ:
- ១-២០ ភាគរយ ចំពោះប្រាក់ចំណេញដែលសំរេចបានដោយនីតិបុគ្គល។
- ២-៣០ ភាគរយ ចំពោះប្រាក់ចំណេញដែលសំរេបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិ ឬសំរេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ រួមទាំងព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតំលៃនានា។
- ៣-៩ ភាគរយ ចំពោះសហគ្រាសវិនិយោគដែលផុតរយៈពេលលើកលែងពន្ធ។
- ៤-០ ភាគរយ ចំពោះសហគ្រាសវិនិយោគដែលស្ថិតនៅក្នុងរយៈពេលលើកលែងពន្ធ។
- ៥- តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ខាងក្រោម ចំពោះប្រាក់ចំណេញដែលសំរេចបានដោយរូបវន្ត បុគ្គល និងចំណែក ដែលត្រូវបែងចែកអោយសមាជិកម្នាក់ៗរបស់ក្រុមអាជីវកម្ម ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល:
- ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ អត្រាពន្ធ
- ពី ០៛ ដល់ ៦.០០០.០០០៛ 0,00%
- ពី ៦.០០០.០០១ ដល់ ១៥.០០០.០០០៛ ៥%
- ពី ១៥.០០០.០០១៛ ដល់ ១០២.០០០.០០០៛ ១០%
- ពី ១០២.០០០.០០១៛ ដល់ ១៥០.០០០.០០០៛ ១៥%
- លើសពី ១៥០.០០០.០០០៛ ២០%
មាត្រា២១:
ពន្ធលើសហគ្រាសធានារ៉ាប់រង ត្រូវបានកំណត់ដូចតទៅ :
- ១- ចំពោះសហគ្រាសដែលមានសកម្មភាពជាសំខាន់ក្នុងការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិតទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ដូចតទៅ :
- ក- ៥ ភាគរយនៃបុព្វលាភធានារ៉ាប់រងដុល ដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តនូវហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា
- ខ- តាមអត្រាកំណត់ក្នុងមាត្រា២០នៃច្បាប់នេះ ចំពោះសកម្មភាពដទៃទៀត ដែលមិនមែនជាការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត។
- ២- វិធាន និងនីតិវិធីនៃការបង់ពន្ធលើប្រាក់ចំណេញរបស់សហគ្រាសធានារ៉ាប់រង ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មាត្រា២២:
ចំពោះអាជីវកម្មមិនទាក់ទិន ពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ដូចតទៅ:
- ១- ពន្ធលើប្រាក់ចំណេញ ត្រូវបានកំណត់ស្មើនឹង ២០ ភាគរយ លើចំនួនប្រាក់ចំណូលជាប់ពន្ធនៃអាជីវកម្មមិនទាក់ទិនរបស់អង្គការ នានា ដូចមានចែងក្នុងមាត្រា៩នៃច្បាប់នេះ។
- ២- សំរាប់គោលដៅនៃពន្ធលើប្រាក់ចំណេញ ពាក្យ «ប្រាក់ចំណូលជាប់ពន្ធនៃអាជីវកម្មមិនទាក់ទិន» គឺជាផលដករវាងប្រាក់ចំណូលដុលសំរេចបានពីអាជីវកម្មមិនទាក់ទិន ដែលអង្គការណាមួយបានធ្វើជាទៀង ទាត់និងការកាត់កងនានា ទាក់ទិនផ្ទាល់ទៅនឹងការធ្វើអាជីវកម្ម ដែលបទប្បញ្ញត្តិស្ដីពីពន្ធលើប្រាក់ចំណេញបានអនុញ្ញាត។
- ៣- ពាក្យ «អាជីវកម្មមិនទាក់ទិន» សំដៅដល់អាជីវកម្មខាងពាណិជ្ជកម្ម ឬឧស្សាហកម្ម ឬអាជីវកម្មផ្សេងទៀតរបស់អង្គការ ដើម្បីស្វែងរកប្រាក់ចំណេញ ឬមូលនិធិ ហើយពុំមានទាក់ទិនជាសំខាន់ដល់គោលដៅ ឬមុខងារដែលជាមូលដ្ឋាននៃការលើកលែងពន្ធ ដូចមានចែងក្នុងមាត្រា៩នៃច្បាប់នេះ។
មាត្រា២៣:
ពន្ធបង់មុនលើការបែងចែកភាគលាភ ត្រូវបានកំណត់ដូចតទៅ :
- ១- បើសិនជាសហគ្រាសណាមួយបែងចែកភាគលាភអោយទៅអ្នកចូលហ៊ុនក្នុងស្រុក និងអ្នកចូលហ៊ុនបរទេសរបស់ខ្លួននៅក្នុងឆ្នាំជាប់ពន្ធ សហគ្រាសនោះត្រូវកាត់ទុក និងត្រូវបង់ប្រាក់ពន្ធដែលមានចំនួនស្មើនឹងផលគុណនៃទឹកប្រាក់ ភាគលាភបំប៉ោងទៅតាមអត្រាពន្ធលើប្រាក់ចំណេញគុណនឹងអត្រាពន្ធលើ ប្រាក់ចំណេញប្រចាំឆ្នាំ ដូចមានចែងក្នុងមាត្រា២០នៃច្បាប់នេះ។
- ២- ប្រាក់ពន្ធដែលបានកាត់ទុកខាងលើនេះ ត្រូវក្លាយជាឥណទានពន្ធនៃពន្ធលើប្រាក់ចំណេញរបស់សហគ្រាសដែល បែងចែកភាគលាភសំរាប់ឆ្នាំជាប់ពន្ធដែលបានធ្វើការកាត់ទុកនោះ។
បើសិនជាឥណទានពន្ធមានចំនួនលើសពីប្រាក់ពន្ធលើប្រាក់ចំណេញ ចំនួនលើសនោះត្រូវយោងទៅមុខហើយក្លាយទៅជាឥណទានពន្ធសំរាប់ឆ្នាំ បន្ទាប់។ ដោយឡែកចំពោះពន្ធកាត់ទុកលើការបែងចែកភាគលាភដោយសហគ្រាសធានា រ៉ាប់រង ដែលជាប់ពន្ធតាមមាត្រា២១នៃច្បាប់នេះ មិនអាចប្រើជាឥណទានពន្ធបានទេ។
- ៣- សហគ្រាសណាមួយ (តទៅនេះហៅថា «សហគ្រាសទីមួយ») ដែលមានកម្មសិទ្ធិចាប់ពី ២០ភាគរយឡើងទៅលើដើមទុនផ្ទាល់របស់សហគ្រាសទីពីរ ត្រូវតែបង្កើតនូវគណនីភាគលាភ។ ពេលណាសហគ្រាសទីមួយបានទទួលភាគលាភបានបង់ពន្ធរួចហើយពីសហគ្រាសទី ពីរ សហគ្រាសទីមួយត្រូវកត់ត្រាចំនួនប្រាក់ភាគលាភនោះទៅក្នុងគណនី ភាគលាភរបស់ខ្លួន។ ពេលណាសហគ្រាសទីមួយបែងចែកភាគលាភជាបន្តទៀតទៅអ្នកចូលហ៊ុនរបស់ ខ្លួន ទឹកប្រាក់បែងចែកដែលត្រូវដកចេញពីគណនីភាគ លាភមិនត្រូវមានការកាត់ទុកពន្ធដូចក្នុងកថាខ័ណ្ឌ១ នៃមាត្រានេះទេ។
- ៤- រូបវន្តបុគ្គល ឬសហគ្រាស ដែលបានទទួលភាគលាភអំពីសហគ្រាស ដែលមានកាតព្វកិច្ចកាត់ពន្ធទុកតាមកថាខ័ណ្ឌ១នៃមាត្រានេះ ឬក៏បានទទួលភាគលាភដកចេញពីគណនីភាគលាភ ដូចមានចែងក្នុងកថាខ័ណ្ឌ៣ នៃមាត្រានេះ មិនត្រូវកត់ត្រាភាគលាភនេះក្នុងប្រាក់ចំណូលទេ។
ផ្នែកទី ៥៖ ពន្ធដទៃទៀត
editមាត្រា២៤:
ពន្ធអប្បបរមា ត្រូវបានកំណត់លើអ្នកជាប់ពន្ធតាមរបបពិត។ ពន្ធអប្បបរមា ជាពន្ធមួយដាច់ដោយឡែក និងផ្សេងពីពន្ធលើប្រាក់ចំណេញ។ ពន្ធនេះត្រូវបង់ដោយអ្នកជាប់ពន្ធតាមរបបពិត ទោះបីអ្នកជាប់ពន្ធនោះបានទទួលលក្ខណសម្បត្តិជាសហគ្រាសវិនិយោគក៏ ដោយ។
ពន្ធអប្បបរមាត្រូវកំណត់តាមអត្រា ១ភាគរយលើផលរបរប្រចាំឆ្នាំ រួមបញ្ចូលទាំងពន្ធអាករនានា ហើយត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។
ពន្ធអប្បបរមា អាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំដែលបាន បង់ជាក់ស្ដែងតាមវិធានដែលមានចែងក្នុងមាត្រា៣៧ មាត្រា៣៨ និងមាត្រា៣៩នៃច្បាប់នេះ។
ផ្នែកទី ៦៖ ពន្ធកាត់ទុក និងប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
editមាត្រា២៥:
ពន្ធកាត់ទុកទូទៅត្រូវបានកំណត់ដូចតទៅ :
- ១- អ្នកបើកប្រាក់និវាសនជនដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុអោយដល់បុគ្គលនិវាសនជនត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោម លើចំនួនទូទាត់មុនការកាត់ទុកប្រាក់ ពន្ធ:
- ក- អត្រា ១៥ ភាគរយចំពោះ :
- - ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពីគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល
- - សួយសារចំពោះទ្រព្យអរូបី និងភាគកម្មក្នុងធនធានរ៉ែ ប្រេងកាត ឬឧស្ម័នធម្មជាតិ ហើយនិងការប្រាក់ដែលបង់ទៅអោយរូបវន្តបុគ្គល ឬសហគ្រាស លើកលែងតែការប្រាក់ដែលបង់ទៅអោយធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក
- ខ- អត្រា ១០ ភាគរយ ចំពោះប្រាក់ចំណូលពីការអោយជួលចលន ឬអចលនទ្រព្យ
- គ- អត្រា ៥ ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់អោយទៅរូបវន្តបុគ្គលនិវាសនជន ដែលមានគណនីសន្សំគ្មានកាលកំណត់។
- ក- អត្រា ១៥ ភាគរយចំពោះ :
- ២- ការកាត់ទុកក្នុងមាត្រានេះ មិនត្រូវអនុវត្តទេចំពោះការទូទាត់ ចំពោះប្រាក់ចំណូលលើកលែងពន្ធដូចមានចែងក្នុងមាត្រា៩ នៃច្បាប់នេះ។
- ៣- សំរាប់គោលដៅនៃមាត្រានេះ និងមាត្រា២៦នៃច្បាប់នេះ ពាក្យ «អ្នកបើកប្រាក់និវាសនជន» សំដៅ ដល់:
- ក- សហគ្រាសនិវាសនជន ឬក្រុមអាជីវកម្មនិវាសនជន
- ខ- រូបវន្តបុគ្គល ចំពោះតែការបើកប្រាក់ទាំងឡាយ ដែលរូបវន្តបុគ្គលនោះធ្វើឡើងក្នុងការប្រកបអាជីវកម្មនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
មាត្រា២៦:
អ្នកបើកប្រាក់និវាសនជន ដែលបានទូទាត់ប្រាក់ចំណូលប្រភពកម្ពុជាអោយទៅបុគ្គលអនិវាសនជន ត្រូវកាត់ទុក និងបង់នូវប្រាក់ពន្ធចំនួន ១៤ ភាគរយនៃទឹកប្រាក់ត្រូវបើក ៖
- ក- ការប្រាក់
- ខ- សួយសារ ថ្លៃឈ្នួលនិងប្រាក់ចំណូលផ្សេងៗ ទាក់ទិននឹងការប្រើប្រាស់ទ្រព្យសម្បត្តិ
- គ- ការទូទាត់ចំពោះសេវាគ្រប់គ្រងនិងសេវាបច្ចេកទេសនានាដែលនិងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ឃ- ភាគលាភ ។
មាត្រា២៧:
ពន្ធកាត់ទុកដែលបានអនុវត្តលើការបែងចែកនានាតាមមាត្រា២៣នៃច្បាប់ នេះ ពន្ធកាត់ទុកលើការទូទាត់អោយដល់រូបវន្តបុគ្គលនិវាសនជនតាមមាត្រា២៥ នៃច្បាប់នេះ និងពន្ធកាត់ទុកលើការទូទាត់អោយដល់បុគ្គលអនិវាសនជនតាមមត្រា២៦នៃ ច្បាប់នេះ ត្រូវចាត់ទុកថាជាពន្ធចុងក្រោយសំរាប់អ្នកទទួលការទូទាត់ ឬការបែងចែកដែលមានបញ្ជាក់ក្នុងមាត្រាទាំងឡាយនេះ។
មាត្រា ២៨:
សហគ្រាសដែលជាប់ពន្ធលើប្រាក់ចំណេញតាមរបបពិត ក្នុងនោះមានទាំងសហគ្រាសវិនិយោគដែលជាប់ពន្ធលើប្រាក់ចំណេញតាម អត្រា ៩ ភាគរយ មានកាតព្វកិច្ចបង់ប្រាក់រំដោះប្រចាំខែសំរាប់ពន្ធលើប្រាក់ចំណេញ តាមអត្រា ១ ភាគរយនៃផលរបរ គិតរួមបញ្ចូលទាំងពន្ធអាករគ្រប់ប្រភេទដែលសំរេចបានក្នុងខែមុន។ ប្រាក់រំដោះនេះ នឹងត្រូវបានយកមកកាត់កងពីពន្ធលើប្រាក់ចំណេញ នៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។
ផ្នែកទី ៧៖ កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
editមាត្រា២៩:
អ្នកជាប់ពន្ធតាមរបបពិត និងរបបបំព្រួញមានកាតព្វកិច្ច :
- ១- អ្នកជាប់ពន្ធលើប្រាក់ចំណេញដែលត្រូវបង់ពន្ធតាមរបបពិត ឬរបបបំព្រួញ ត្រូវផ្ញើជូនជារៀងរាល់ឆ្នាំទៅរដ្ឋបាលសារពើពន្ធ នូវលិខិតប្រកាសប្រាក់ចំណេញដែលខ្លួនសំរេចបានក្នុងឆ្នាំ សារពើពន្ធមុន។ លិខិតប្រកាសនោះ ត្រូវចុះបញ្ជីជាដាច់ខាតក្នុងរយៈពេល៣ខែ ក្រោយពីដំណាច់ឆ្នាំសារពើពន្ធ។
- ២- អ្នកជាប់ពន្ធតាមរបបពិតត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់ជាមួយ នូវៈ
- ក- តារាងតុល្យការ
- ខ- គណនីលទ្ធផល
- គ- តារាងពត៌មានបន្ថែម។
- ៣- អ្នកជាប់ពន្ធតាមរបបបំព្រួញ ត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវឯកសារនានាតាមគំរូដែលរដ្ឋបាលសារពើពន្ធបាន ផ្ដល់ជូន។
- ៤- ចំពោះសហគ្រាសដែលមានការខាតបង់ ក៏ត្រូវដាក់លិខិតប្រកាសសារពើពន្ធតាមបែបបទ និងក្នុងរយៈវេលាដូចគ្នាដែរ។
មាត្រា៣០:
អ្នកជាប់ពន្ធតាមរបបម៉ៅការ មានកាតព្វកិច្ចៈ
- ១- អ្នកជាប់ពន្ធតាមរបបម៉ៅការ ត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនររដ្ឋបាលសារពើពន្ធជារៀងរាល់ ឆ្នាំយ៉ាងយឺតបំផុតនៅថ្ងៃទី៣១ ខែតុលា តាមគំរូដែលរដ្ឋបាលសារពើពន្ធបានផ្ដល់ជូន។
- ២- ចំនួនប្រាក់ចំណេញម៉ៅការត្រូវកំណត់ដោយរដ្ឋបាលសារពើពន្ធ បន្ទាប់ពីបានត្រួតពិនិត្យ និងពិភាក្សាជាមួយអ្នកជាប់ពន្ធ ឬអ្នកតំណាង។ ប្រាក់ចំណេញម៉ៅការនេះ ត្រូវគិតតាមអត្រាចំណេញទៅតាម ប្រភេទនិងតាមមុខរបរអាជីវកម្ម ដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ៣- កំរិតពន្ធលើប្រាក់ចំណេញម៉ៅការ ត្រូវកំណត់ជាស្ថេរវន្តសំរាប់រយៈពេលមួយមានកំណត់៣ខែ ៦ខែ ឬ១ឆ្នាំ។
- ៤- អ្នកជាប់ពន្ធលើប្រាក់ចំណេញតាមរបបម៉ៅការ ត្រូវបង់ពន្ធនេះជារៀងរាល់ខែ តាមពេលវេលាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ។
មាត្រា៣១:
បុគ្គល ឬអ្នកទទួលភារៈបើកប្រាក់ដែលកាត់ទុកប្រាក់ពន្ធតាមមាត្រា២៥ និងមាត្រា២៦នៃច្បាប់នេះ ឬដែលបានកាត់ទុកប្រាក់ពន្ធពីភាគលាភតាមមាត្រា២៣នៃច្បាប់នេះ ត្រូវដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់ពន្ធដែលបានកាត់ទុកជូនរដ្ឋបាលសារពើពន្ធ ទៅតាមទំរង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលបានធ្វើការកាត់ទុក។
មាត្រា៣២:
បុគ្គលដែលមានកាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ត្រូវដាក់លិខិតប្រកាសសារពើពន្ធ និងប្រាក់រំដោះពន្ធលើប្រាក់ចំណេញជូនរដ្ឋបាលសារពើពន្ធ ទៅតាមទំរង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥នៃខែបន្ទាប់ពីខែដែលបំណុលបានកើត ឡើង។
ផ្នែកទី ៨៖ ប្រភពប្រាក់ចំណូល
editមាត្រា៣៣:
វៀរលែងតែមានបទប្បញ្ញត្តិផ្ទុយនៅក្នុងច្បាប់នេះ ប្រាក់ចំណូលដូចខាងក្រាមត្រូវចាត់ទុកថាមានប្រភពក្នុង ព្រះរាជាណាចក្រកម្ពុជាៈ
- ១- ការប្រាក់ដែលបង់ដោយសហគ្រាសនិវាសនជន ក្រុមអាជីវកម្មនិវាសនជន ឬស្ថាប័នរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
- ២- ភាគលាភដែលបានបែងចែកដោយសហគ្រាសនិវាសនជននៃព្រះរាជាណាចក្រកម្ពុជា។
- ៣- ប្រាក់ចំណូលពីសេវាកម្មដែលបានបំពេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៤- ប្រាក់ចំណូលដែលបានមកពីការអោយជួលចលន ឬអចលនទ្រព្យដែលប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៥- ប្រាក់សួយសារដែលបានមកពីការប្រើប្រាស់ ឬសិទ្ធប្រើប្រាស់ទ្រព្យអរូបីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៦- ផលចំណេញពីការលក់អចលនទ្រព្យ ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬផលចំណេញពីការផ្ទេរផលប្រយោជន៍ណាមួយនៃអចលនទ្រព្យ ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៧- ផលចំណេញពីការលក់ចលនទ្រព្យក្រៅពីសារពើភ័ណ្ឌ ក្នុងករណីដែលអ្នកលក់ជានិវាសនជន នៃព្រះរាជាណាចក្រកម្ពុជា។
- ៨- បុព្វលាភធានារ៉ាប់រង ឬធានារ៉ាប់រងបន្តចំពោះហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា។
មាត្រា៣៤:
និយមន័យនៃប្រាក់ចំណូលប្រភពបរទេស ត្រូវកំណត់ឡើងដោយយកនិយមន័យប្រាក់ ចំណូលដូចមានចែងក្នុងមាត្រា៣៣នៃច្បាប់មកប្រើ ហើយក្នុងនោះពាក្យ “ព្រះរាជាណាចក្រកម្ពុជា” ត្រូវជំនួសដោយពាក្យ “ប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជា”។
មាត្រា៣៥:
ក្នុងករណីដែលគ្មានពត៌មានគ្រប់គ្រាន់ ដើម្បីកំណត់ប្រភពចំណូល ឬបើសិនជាវិធាននានាដែលមានរួចមកហើយ ពុំអាចឆ្លុះបញ្ចាំងឲ្យបានច្បាស់លាស់នូវប្រាក់ចំណូលពីប្រភពណា មួយបានទេ នោះរដ្ឋបាលសារពើពន្ធជាអ្នកកំណត់ប្រភពនៃប្រាក់ចំណូលនោះ។
ផ្នែកទី ៩៖ គណនាប្រាក់ពន្ធប្រចាំឆ្នាំត្រូវបង់
editមាត្រា៣៦:
អ្នកជាប់ពន្ធនិវាសនជន ដែលបានទទួលប្រាក់ចំណូលប្រភពបរទេស និងបានបង់ពន្ធតាមច្បាប់ពន្ធដារបរទេស ត្រូវបានទទួលនូវឥណទានពន្ធសំរាប់កាត់កងពីប្រាក់ពន្ធលើប្រាក់ ចំណេញ ដែលត្រូវបង់នៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែលុះណាតែមានការបង្ហាញឯកសារបញ្ជាក់អំពីការបង់ពន្ធនៅ បរទេសនោះ។
ដើម្បីគណនាប្រាក់ពន្ធដែលត្រូវបង់នៅព្រះរាជាណាចក្រកម្ពុជា មុនពេលកាត់ឥណទានពន្ធនេះ ត្រូវយកចំនួនសរុបនៃប្រាក់ចំណូលដែលបានទទួលអំពីប្រភពកម្ពុជា និងប្រភពបរទេសមកគិត។
ឥណទានពន្ធត្រូវបានកំណត់ដាច់ដោយឡែកពីគ្នា សំរាប់ប្រាក់ពន្ធដែលបានបង់ដោយនិវាសនជនកម្ពុជានៅប្រទេសក្រៅ នីមួយៗ។ ប៉ុន្តែឥណទានពន្ធដែលអនុញ្ញាតឲ្យកាត់កងសំរាប់ឆ្នាំជាប់ពន្ធ គឺចំនួនដែលទាបជាងគេក្នុងចំណោម:
- ក- ប្រាក់ពន្ធដែលបានបង់ជាក់ស្ដែងនៅប្រទេសក្រៅណាមួយ
- ខ- ចំនួនដែលបានមកពីការយកប្រាក់ពន្ធលើប្រាក់ចំណេញសរុបពីគ្រប់ ប្រភពសំរាប់រយៈពេលជាមួយគ្នាដែលគណនាតាមអត្រាពន្ធក្នុង មាត្រា ២០នៃច្បាប់នេះ ទៅគុណនឹងផលចែករវាងប្រាក់ចំណូលដែលបានទទួលនៅប្រទេសក្រៅនោះ និងប្រាក់ចំណូលសរុបពីគ្រប់ប្រភព។
ឥណទានពន្ធបរទេសអាចផ្ដល់អោយបាន លុះណាតែអ្នកជាប់ពន្ធនិវាសនជនបានបំពេញបែបបទព្រមទាំងផ្ដល់ឯកសារ នានាកំណត់ដោយរដ្ឋបាលសារពើពន្ធ ជាពិសេសសេចក្ដីបញ្ជាក់របស់អ្នកទូទាត់ប្រាក់ពន្ធនៅបរទេស និងរដ្ឋបាលសារពើពន្ធបរទេសនោះ។ ក្នុងករណីឥណទានពន្ធមានចំនួនលើសពីបំណុលពន្ធ ចំនួនលើសនោះអាចយោងទៅប្រើនៅឆ្នាំបន្តបន្ទាប់រហូតដល់ឆ្នាំទី៥ គិតពីឆ្នាំបន្ទាប់នៃឆ្នាំដែលឥណទានពន្ធនោះបានកើតឡើង។ បើសិនជាមានឥណទានពន្ធច្រើនឆ្នាំ ត្រូវយកឥណទានពន្ធទាំងនោះមកប្រើតាមលំដាប់ឆ្នាំដែលបានកើតឡើង។
មាត្រា៣៧:
ការគណនាបំណុលពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ដូចតទៅ:
- ១- គណនាបំណុលពន្ធសរុបតាមមាត្រា២០នៃច្បាប់នេះ។
- ២- ដកឥណទានពន្ធបរទេសតាមមាត្រា៣៦នៃច្បាប់នេះ ប៉ុន្តែមិនឲ្យលើសបំណុលពន្ធក្នុងកថាខណ្ឌ១នៃមាត្រានេះទេ។
- ៣- ដកប្រាក់ពន្ធដែលអ្នកជាប់ពន្ធបានបង់លើការបែងចែកភាគលាភតាម មាត្រា២៣នៃច្បាប់នេះ ប៉ុន្តែមិនអោយលើសពីបំណុលពន្ធក្រោយការកាត់កងឥណទានពន្ធបរទេស ដូចក្នុងកថាខ័ណ្ឌ២នៃមាត្រានេះទេ។
មាត្រា៣៨:
ការគណនាប្រាក់ពន្ធត្រូវបង់ ឬឥណទានពន្ធសំរាប់ឆ្នាំជាប់ពន្ធ ត្រូវបានកំណត់ដូចតទៅៈ
- ១- ក្នុងករណីដែលលទ្ធផលគណនាតាមមាត្រា៣៧នៃច្បាប់នេះ មានចំនួនច្រើនជាងផលបូកនៃចំនួនប្រាក់ពន្ធដែលបានកាត់ទុកក្នុង នាមអ្នកជាប់ពន្ធតាមមាត្រា២៥នៃច្បាប់នេះ និងចំនួនប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ដែលអ្នកជាប់ពន្ធបានបង់ប្រចាំឆ្នាំតាមមាត្រា២៨នៃច្បាប់នេះ អ្នកជាប់ត្រូវបង់បន្ថែមចំនួនដែលលំអៀងនោះ ជូនរដ្ឋបាលសារពើពន្ធ។
- ២- ប្រសិនបើលទ្ធផលគណនាតាមមាត្រា៣៧នៃច្បាប់នេះ មានចំនួនតិចជាងផលបូកនៃចំនួនប្រាក់ពន្ធដែលបានកាត់ទុកក្នុងនាម ជាអ្នកជាប់តាមមាត្រា២៥នៃច្បាប់នេះ និងចំនួនប្រាក់រំដោះពន្ធលើប្រាក់ចំណេញដែលអ្នកជាប់ពន្ធបានបង់ សំរាប់ឆ្នាំជាប់ពន្ធតាមមាត្រា២៨នៃច្បាប់នេះ ក្រោយពីបានគិតបំណុលពន្ធអប្បបរមារួចហើយ អ្នកជាប់ពន្ធអាចសុំបង្វិលសងវិញនូវចំនួនដែលលំអៀង ឬយោងទៅប្រើជាប្រាក់រំដោះសំរាប់ឆ្នាំបន្ទាប់។
- ៣- មុននឹងធ្វើការទូទាត់ប្រាក់ពន្ធតាមកថាខ័ណ្ឌ១ ឬក៏សុំបង្វិលសងតាមកថាខ័ណ្ឌ២ អ្នកជាប់ពន្ធត្រូវតែកំណត់ជាមុននូវបំណុលពន្ធអប្បបរមា តាមនីតិវិធីដែលមានចែងក្នុងមាត្រា៣៩ នៃច្បាប់នេះ។
មាត្រា៣៩:
ការគណនាប្រាក់ពន្ធអប្បបរមា ប្រាក់ពន្ធត្រូវបង់ ឬឥណទានពន្ធសំរាប់ឆ្នាំជាប់ពន្ធត្រូវបានកំណត់ដូចតទៅៈ
- ១- អ្នកជាប់ពន្ធត្រូវបង់ពន្ធអប្បបរមានៅពេលធ្វើការទូទាត់ប្រាក់ ពន្ធលើប្រាក់ចំណេញ។ ពន្ធអប្បបរមាត្រូវបង់ អាចត្រូវបានកាត់បន្ថយ ដោយបំណុលពន្ធលើប្រាក់ចំណេញក្នុងឆ្នាំជាប់ពន្ធជាមួយគ្នាតាម មាត្រា២០នៃច្បាប់នេះ។
- ២- ក្នុងករណីបំណុលពន្ធលើប្រាក់ចំណេញ លើសពីបំណុលពន្ធអប្បបរមា:
- ក- អ្នកជាប់ពន្ធត្រូវទូទាត់ប្រាក់ពន្ធ ត្រូវបង់តាមមាត្រា៣៧នៃច្បាប់នេះ នៅពេលដាក់លិខិតប្រកាសសារពើពន្ធ
- ខ- ប្រសិនបើចំនួនទឹកប្រាក់ដែលបានកាត់ទុកតាមមាត្រា២៥ និងមាត្រា២៨នៃច្បាប់នេះ មានចំនួនលើសពីបំណុលពន្ធអប្បបរមា អ្នកជាប់ពន្ធអាចស្នើសុំជាឥណទានពន្ធបាន
- គ- ក្នុងករណីដូចក្នុងកថាខ័ណ្ឌ២នៃមាត្រានេះ អ្នកជាប់ពន្ធ មិនជាប់ពន្ធអប្បបរមាទេ។
- ៣- ប្រសិនបើបំណុលពន្ធលើប្រាក់ចំណេញតិចជាងបំណុលពន្ធអប្បបរមា:
- ក- ឥណទានពន្ធរបស់អ្នកជាប់ពន្ធតាមកថាខ័ណ្ឌ២ មាត្រា៣៨នៃច្បាប់នេះ ត្រូវបានកាត់បន្ថយដោយទឹកប្រាក់លំអៀងខាងលើ
- ខ- ឥណទានពន្ធដែលបានកាត់បន្ថយចុះក្នុងការអនុវត្តតាមវាក្យខ័ណ្ឌ ក នៃកថាខ័ណ្ឌនេះ ត្រូវចាត់ជាការទូទាត់ប្រាក់ពន្ធអប្បបរមាសំរាប់ឆ្នាំជាប់ពន្ធ។
ជំពូកទី ២៖ បទប្បញ្ញត្តិស្ដីពីពន្ធលើប្រាក់បៀវត្ស
editផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅ
editមាត្រា៤០:
បទប្បញ្ញត្តិស្ដីពីពន្ធលើប្រាក់បៀវត្ស ដូចមានចែងក្នុង ច្បាប់ ពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ ១១ នស.៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ១៩៩៤ ត្រូវបានវិសោធនកម្មដូចតទៅ ដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋ។
មាត្រា៤១:
ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលបានទទួលក្របខ័ណ្ឌនៃការបំពេញសកម្មភាពបំរើការងារ។
រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។
រូបវន្តបុគ្គលអនិវាសនជន ត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា។
មាត្រា៤២:
សំរាប់គោលដៅនៃបទប្បញ្ញត្តិស្ដីពីពន្ធលើប្រាក់បៀវត្ស:
- ១- ពាក្យ “និវាសនជន” ក្នុងករណីដែលប្រើចំពោះនិយោជិក អ្នកជាប់ពន្ធ ឬរូបវន្តបុគ្គល មានន័យថា ដែលស្នាក់នៅ ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា លើសពី១៨២ថ្ងៃនៅក្នុងឆ្នាំប្រតិទិន។
- ២- ពាក្យ “អនិវាសនជន” មានន័យថាដែលមិនមែនជានិវាសនជន។
- ៣- វៀរលែងតែមានបទប្បញ្ញត្តិផ្ទុយ ការប្រើពាក្យនិយោជិត អ្នកជាប់ពន្ធ និងរូបវន្តបុគ្គល គឺសំដៅដល់ទាំងនិវាសនជន និងអនិវាសនជន ដូចមានចែងក្នុងមាត្រានេះ។
- ៤- ពាក្យ “និយោជក” រួមមានស្ថាប័នរដ្ឋ នីតិបុគ្គលនិវាសជន ក្រុមអាជីវកម្មនិវាសនជន គ្រឹះស្ថាន
អចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា អង្គការមិនមែនស្វែងរកចំណេញ ឬរូបវន្តបុគ្គលនិវាសនជនដែលប្រកបអាជីវកម្ម។
- ៥- ពាក្យ “និយោជិត” សំដៅដល់រូបវន្តបុគ្គលដែលបានទទួលប្រាក់បៀវត្សអំពីសកម្មភាពបំរើ ការងាររបស់ខ្លួន រួមបញ្ចូលទាំងមន្ត្រីរាជការ មន្ត្រីជ្រើសតាំងដោយការបោះឆ្នោត និងអ្នកទទួលខុសត្រូវ ឬអភិបាលរបស់សហគ្រាសផង។
- ៦- ពាក្យ “ប្រាក់បៀវត្សប្រភពកម្ពុជា” មានន័យថាប្រាក់បៀវត្សដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញ សកម្មភាពបំរើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះប្រាក់បៀវត្ស ដែលអនិវាសនជនបានទទួលក្នុងការផ្ដល់ជំនួយបច្ចេកទេស ត្រូវចាត់ទុកថាមានប្រភពនៅក្នុងប្រទេសដែល អ្នកទូទាត់ប្រាក់បៀវត្សនោះស្នាក់នៅ។
- ៧- ពាក្យ “បរទេស” :
- ក- ពេលណាប្រើជាមួយរូបវន្តបុគ្គល មានន័យថា ដែលជាអនិវាសនជន
- ខ- ចំពោះការកំណត់ប្រភពប្រាក់ចំណូលមានន័យថា ក្រៅព្រះរាជាណាចក្រកម្ពុជា។
- ៨- ពាក្យ “ប្រាក់បៀវត្ស” សំដៅដល់លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ៈប៉ូវ នានា និងអត្ថប្រយោជន៍បន្ថែម ដែលបានទូទាត់អោយដល់និយោជិត ឬដែលបានទូទាត់ ដើម្បី ជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិត ចំពោះការបំពេញសកម្មភាពបំរើការងារ។
ផ្នែកទី ២៖ ប្រាក់បៀវត្សលើកលែងពន្ធ
editមាត្រា៤៣:
ការលើកលែងពន្ធលើប្រាក់បៀវត្សរបស់មន្ត្រីរាជការទូត និងមន្ត្រីបរទេសដទៃទៀតត្រូវបានកំណត់ដូចតទៅ:
- ១- ត្រូវបានលើកលែងពន្ធលើប្រាក់បៀវត្ស ចំពោះ:
- ក- ប្រាក់បៀវត្សដែលមន្ត្រី និងនិយោជិតនៃបេសកកម្មទូត ឬកុងស៊ុលរបស់រាជរដ្ឋាភិបាលបរទេសណាមួយដែលកាន់លិខិតឆ្លងដែនការទូត ឬផ្លូវការរបស់ប្រទេសនោះ បានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារជាផ្លូវការនៅក្នុង ព្រះរាជាណាចក្រកម្ពុជា
- ខ- ប្រាក់បៀវត្សដែលតំណាងមន្ត្រី និងនិយោជិតបរទេសរបស់អង្គការអន្តរជាតិ និងរបស់ទីភ្នាក់ងារខាងសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃទៀត បានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារជាផ្លូវការនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
- ២- ការលើកលែងពន្ធក្នុងមាត្រានេះ ត្រូវឈរលើគោលការណ៍បដិការរវាងរដ្ឋាភិបាលដែលពាក់ព័ន្ធ។
៖
មាត្រា៤៤:
ត្រូវបានលើកលែងពន្ធ:
- ១- ប្រាក់សំណងដោយពិតប្រាកដនូវចំណាយខាងវិជ្ជាជីវៈ ដែលបានចាយដោយនិយោជិតតាមសេចក្ដី បង្គាប់និងសំរាប់ជាប្រយោជន៍នៃនិយោជក ហើយដែលបានបំពេញល័ក្ខខ័ណ្ឌដូចតទៅ:
- ក- បានចាយក្នុងផលប្រយោជន៍ផ្ទាល់ និងដាច់ខាតរបស់សហគ្រាស
- ខ- មិនបង្ហាញលក្ខណៈហួសប្រមាណ ឬស្ដុកស្ដម្ភហួសហេតុ
- គ- បានបង្ហាញជាភស្តុតាងដោយវិក្កយបត្ររាយលំអិត និងបានទូទាត់ស្រេចបាច់ ហើយដែលបានធ្វើក្នុងនាមអ្នកបានទទួលប្រាក់សំណងនូវចំណាយពិត ប្រាកដ។
- ២- ប្រាក់បំណាច់នៃការបញ្ឈប់លែងអោយធ្វើការក្នុងកំរិតដែលបានបញ្ញត្តិក្នុង ច្បាប់ការងារ។
- ៣- លាភការបន្ថែមមានលក្ខណៈខាងសង្គមកិច្ច ក្នុងករណីដែលបានបញ្ញត្តិក្នុងច្បាប់ការងារ។
- ៤- ការផ្គត់ផ្គង់អោយដោយឥតយកថ្លៃ ឬយកថ្លៃទាបជាងថ្លៃដើមនូវឯកសណ្ឋាន ឬបរិក្ខារសំរាប់វិជ្ជាជីវៈពិសេស។
- ៥- ប្រាក់បំណាច់ម៉ៅការសំរាប់ចំណាយបេសកកម្ម និងការធ្វើដំណើរ។ ប្រាក់បំណាច់នេះមិនត្រូវត្រួតគ្នាជាមួយប្រាក់សំណងពិតប្រាកដ នូវចំណាយដូចមានចែងក្នុងមាត្រានេះឡើយ។
ផ្នែកទី ៣៖ មូលដ្ឋានគិតពន្ធប្រចាំខែ ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងការកំណត់ប្រាក់ពន្ធប្រចាំខែ
editមាត្រា៤៥:
វៀរលែងតែអត្ថប្រយោជន៍បន្ថែមដែលត្រូវកំណត់ពន្ធតាមមាត្រា៤៨នៃ ច្បាប់នេះ មូលដ្ឋានគិតពន្ធប្រចាំខែរបស់និវាសនជន គឺជាប្រាក់បៀវត្សជាប់ពន្ធដោយផាត់ចេញនូវ:
- ១- ប្រាក់កាត់ទុកដែលជាកាតព្វកិច្ចក្នុងការប្រតិបត្តិការតាមច្បាប់ ការងារ ដើម្បីបង្កើតបេឡាសោធន និងធានាសុខុមាលភាពសង្គម។
- ២- ការទូទាត់នានា ដែលត្រូវបានលើកលែងពន្ធដូចមានចែងក្នុងមាត្រា៤៤នៃច្បាប់នេះ។
មាត្រា៤៦:
ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ត្រូវបានកំណត់ដូចតទៅ:
- ១- ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែរបស់និយោជិត និវាសនជនរួមមាន:
- ក- ប្រាក់បៀវត្សដែលបានទទួលពីប្រភពកម្ពុជា
- ខ- ប្រាក់បៀវត្សដែលទទួលពីប្រភពបរទេស
- គ- ប្រាក់បុរេប្រទាន ប្រាក់អោយខ្ចី ឬប្រាក់រំដោះដែលនិយោជកបានបើកអោយនិយោជិត។ ប្រាក់បុរេប្រទាន ប្រាក់អោយខ្ចី ឬប្រាក់រំដោះត្រូវបូកបន្ថែមលើបៀវត្សជាប់ពន្ធនៃប្រាក់ខែដែល ប្រាក់ទាំងនោះបានបើកហើយត្រូវកាត់បន្ថយពីប្រាក់បៀវត្សក្នុងខែ ដែលនិយោជិតបានបង់សងវិញ។
- ២- ផ្អែកលើការបង្ហាញភស្តុតាងនៃស្ថានភាពគ្រួសារ និយោជិតនិវាសនជនណាមួយដែលមាន:
- ក- កូនស្ថិតនៅក្នុងបន្ទុកនាពេលដែលត្រូវបង់ពន្ធ ត្រូវបានទទួលការបន្ថយមូលដ្ឋានកំណត់ពន្ធចំនួន ៧៥.០០០រៀល(ប្រាំពីរម៉ឺនប្រាំពាន់រៀល) ក្នុងកូនម្នាក់ៗក្នុងមួយខែ។
- ខ- សហព័ទ្ធដែលធ្វើការតែជាមេផ្ទះ ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានកំណត់ពន្ធចំនួន៧៥.០០០រៀល (ប្រាំពីរម៉ឺនប្រាំពាន់រៀល) សំរាប់តែម្នាក់ក្នុងមួយខែ។
- ៣- ចំពោះអ្នកជាប់ពន្ធអនិវាសនជន ប្រាក់បៀវត្សជាប់ពន្ធរួមមានប្រាក់បៀវត្សប្រភពកម្ពុជា ដែលត្រូវជាប់ពន្ធតាមបទប្បញ្ញត្តិទាំងឡាយនៃជំពូកនេះ។
មាត្រា៤៧:
សំរាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងត្រូវកាត់ទុកដោយនិយោជក តាមអត្រាកំណើនតាមថ្នាក់ដូចតទៅ:
:ភាគបៀវត្សប្រចាំខែត្រូវបង់ពន្ធ អត្រាពន្ធ លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ : ពី ០៛០០ ដល់ ១.៣០០.០០០៛០០ ០.០% ០៛០០ : ពី ១.៣០០.០០១៛០០ ដល់ ២.០០០.០០០៛០០ ៥.០០% ៦៥.០០០៛០០ : ពី ២.០០០.០០១៛០០ ដល់ ៨.៥០០.០០០៛០០ ១០.០០% ១៦៥.០០០៛០០ : ពី ៨.៥០០.០០១៛០០ ដល់ ១២.៥០០.០០០៛០០ ១៥.០០% ៥៩០.០០០៛០០ : លើសពី ១២.៥០០.០០០៛០០ ២០.០០% ១.២១៥.០០០៛០០
មាត្រា៤៨:
ចំពោះអត្ថប្រយោជន៍បន្ថែម ជារៀងរាល់ខែនិយោជកត្រូវកាត់ទុក និងបង់ប្រាក់ពន្ធតាមកាលកំណត់ តាមអត្រា២០ភាគរយនៃតំលៃសរុបរបស់អត្ថប្រយោជន៍បន្ថែម ដែលបានផ្ដល់អោយនិយោជិតទាំងអស់។ តំលៃនៃអត្ថប្រយោជន៍បន្ថែម គឺជាតំលៃទីផ្សាររួមទាំងពន្ធអាករទាំងអស់។
មាត្រា៤៩:
វៀរលែងតែអត្ថប្រយោជន៍បន្ថែមដែលត្រូវកំណត់ពន្ធតាមតាមមាត្រា៤៨នៃ ច្បាប់នេះ សំរាប់អ្នកជាប់ពន្ធអនិវាសនជន ប្រាក់ពន្ធត្រូវកាត់ទុកដោយអ្នកបើកប្រាក់អោយតាមអត្រា ១៥ ភាគរយលើរាល់ការទូទាត់ប្រាក់បៀវត្សជាប់ពន្ធដែលមានចែងក្នុងកថា ខ័ណ្ឌ៣ មាត្រា៤៦នៃច្បាប់នេះ។ ពន្ធកាត់ទុកគឺជាពន្ធចុងក្រោយនៃពន្ធលើប្រាក់បៀវត្សសំរាប់ អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។
មាត្រា៥០:
អ្នកជាប់ពន្ធនិវាសនជនដែលបានទទួលប្រាក់បៀវត្សប្រភពបរទេស និងបានបង់ពន្ធតាមច្បាប់ពន្ធដារបរទេស ត្រូវបានទទួលនូវឥណទានពន្ធសំរាប់កាត់កងពីប្រាក់ពន្ធលើប្រាក់ បៀវត្ស ដែលត្រូវបង់នៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែលុះណាតែមានការបង្ហាញឯកសារបញ្ជាក់អំពីការបង់ពន្ធនៅបរទេស នោះ។
- ក- ដើម្បីគណនាប្រាក់ពន្ធដែលត្រូវបង់នៅព្រះរាជាណាចក្រកម្ពុជា មុនពេលកាត់ឥណទានពន្ធនេះ ត្រូវយកចំនួនសរុបប្រាក់បៀវត្សដែលបានទទួលអំពីប្រភពកម្ពុជា និងប្រភពបរទេសមកគិត
- ខ- ឥណទានពន្ធ ត្រូវបានកំណត់ដាច់ដោយឡែកពីគ្នា សំរាប់ប្រាក់ពន្ធដែលបានបង់ដោយនិវាសនជនកម្ពុជានៅប្រទេសក្រៅ នីមួយៗ។ ប៉ុន្តែឥណទានពន្ធផ្ដល់អោយសំរាប់ពន្ធលើប្រាក់បៀវត្សដែលបានបង់នៅ ប្រទេសក្រៅ គឺជាចំនួនដែលទាបជាងគេក្នុងចំណោម:
- -ប្រាក់ពន្ធដែលបានបង់ជាក់ស្ដែងនៅប្រទេសក្រៅណាមួយ
- -ចំនួនដែលបានមកពីការយកប្រាក់ពន្ធលើប្រាក់បៀវត្សសរុបពីគ្រប់ ប្រភពក្នុងរយៈពេលជាមួយគ្នា ដែលគណនាតាមអត្រាកំណើនតាមថ្នាក់ក្នុងមាត្រា៤៧នៃច្បាប់នេះ ទៅគុណនឹងផលចែករវាងប្រាក់បៀវត្សដែលបានទទួលនៅប្រទេសក្រៅ និងប្រាក់បៀវត្សសរុបពីគ្រប់ប្រភព។
ការបង្វិលសងឥណទានពន្ធបរទេសអាចធ្វើទៅបាន លុះណាតែអ្នកជាប់ពន្ធនិវាសនជនបានបំពេញបែបបទព្រមទាំងផ្ដល់ឯកសារ នានាកំណត់ដោយរដ្ឋបាលសារពើពន្ធ ជាពិសេសសេចក្ដីបញ្ជាក់របស់និយោជកនិងរដ្ឋបាលសារពើពន្ធនៃទីកន្លែង បំរើការងារនៅបរទេស។
ផ្នែកទី ៤៖ កាតព្វកិច្ចរបស់និយោជក និងនិយោជិត
editមាត្រា៥១:
ការបើកបៀវត្ស បង្កើតជាហេតុបណ្ដាលអោយជាប់ពន្ធ។
មាត្រា៥២:
បំណុលពន្ធ និងកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធត្រូវបានកំណត់ដូចត ទៅ:
- ១- ពន្ធនេះ គឺជាបំណុលរបស់រូបវន្តបុគ្គលដែលបានទទួលប្រាក់បៀវត្ស រួមទាំងរូបវន្តបុគ្គលបរទេសផងវៀរលែងតែមានបទប្បញ្ញត្តិផ្ទុយដែល មានចែងក្នុងកិច្ចព្រមព្រៀងអន្តរជាតិ។
- ២- ពន្ធលើប្រាក់បៀវត្សត្រូវប្រមូលតាមរបៀបកាត់ទុកជាមុនជារៀងរាល់ខែ ដោយនិយោជកនៅរាល់ពេលបើកប្រាក់បៀវត្ស។
- ៣- ប្រសិនបើនិយោជកស្នាក់នៅបរទេស តំណាងសារពើពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនិយោជកបានចាត់តាំង គឺជាអ្នកទទួលភារៈកាត់ទុកពន្ធលើប្រាក់បៀវត្សមុនពេលបើកប្រាក់ បៀវត្សទៅអោយនិយោជិត និងបង្វែរប្រាក់ពន្ធទាំងនោះជូនរដ្ឋ។
- ៤- និយោជិក ឬតំណាងនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់និយោជកបរទេស ហើយនិងនិយោជិតត្រូវទទួលខុសត្រូវរួមគ្នាក្នុងការបង់ពន្ធលើប្រាក់ បៀវត្សក្នុងព្រះរាជាណាចក្រកម្ពុជាដោយពុំកំណត់ថាប្រាក់បៀវត្ស បានបើកអោយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេសឡើយ។ ក្នុងករណីមិនបានកាត់ទុកប្រាក់ពន្ធលើប្រាក់បៀវត្ស និយោជកត្រូវទទួលខុសត្រូវចំពោះច្បាប់នេះ ទោះបីជាប្រាក់ពន្ធត្រូវបានបង់ដោយនិយោជិតរួចហើយក្ដី។
មាត្រា៥៣:
ប្រាក់ពន្ធកាត់ទុកដែលទាក់ទងដល់ការបើកប្រាក់បៀវត្សធ្វើឡើងក្នុង ខែណាមួយ ត្រូវបង់យ៉ាងយឺតបំផុតនៅថ្ងៃទី១៥ នៃខែបន្ទាប់ ជូនទៅរដ្ឋបាលសារពើពន្ធនៅទីកន្លែងនៃលំនៅដ្ឋាន ឬគ្រឹះស្ថានជាគោលដើមនៃអ្នកទទួលភារៈកាត់ទុកប្រាក់ពន្ធនេះ។
មាត្រា៥៤:
គ្រប់និយោជកដែលបើកប្រាក់បៀវត្សត្រូវជាប់ពន្ធ ត្រូវទទួលបំពេញភារកិច្ច:
- ១- កាត់ទុកប្រាក់ពន្ធមុនពេលបើកបៀវត្ស។
- ២- រាយការណ៍ជូនរដ្ឋបាលសារពើពន្ធ និងនិយោជិត អំពីស្ថានភាពប្រាក់ពន្ធដែលបានកាត់ទុក។
- ៣- កាន់កាប់ និងថែរក្សាបញ្ជីការដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជំពូកទី ៣៖ បទប្បញ្ញត្តិស្ដីពីអាករលើតំលៃបន្ថែម
editផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅ
editមាត្រា៥៥:
ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៨ តទៅ នឹងត្រូវបង្កើតអាករលើតំលៃបន្ថែមចំពោះការផ្គត់ផ្គង់ជាប់អាករ ដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋ។
មាត្រា៥៦:
សំរាប់គោលដៅនៃបទប្បញ្ញត្តិស្ដីពីអាករលើតំលៃបន្ថែម:
- ១- ពាក្យ “ទំនិញ” សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស។
- ២- ពាក្យ “សេវា” សំដៅដល់ការផ្ដល់អ្វីមួយដែលមានតំលៃក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។
- ៣- ពាក្យ “ការផ្គត់ផ្គង់ទំនិញ” សំដៅដល់ការផ្ទេរសិទ្ធិប្រើប្រាស់ ឬសិទ្ធិចាត់ចែងក្នុងឋានៈជាម្ចាស់កម្មសិទ្ធិទំនិញ ទោះបីមានសំណង ឬគ្មានសំណងក្ដី។ ការផ្គត់ផ្គង់សេវាបន្ទាប់បន្សំដែលទាក់ទិននឹងការផ្គត់ផ្គង់ទំនិញ ត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់ទំនិញ។
- ៤- ពាក្យ “ការផ្គត់ផ្គង់សេវា” សំដៅដល់ការផ្គត់ផ្គង់ដែលមិនមែនជាការផ្គត់ផ្គង់ទំនិញ ដីធ្លី ឬប្រាក់កាសដែលធ្វើឡើងដើម្បីបានទទួលសំណងអ្វីមួយ។ ការផ្គត់ផ្គង់ទំនិញបន្ទាប់បន្សំដែលទាក់ទិននឹងការផ្គត់ផ្គង់ សេវាត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់សេវា។
- ៥- ពាក្យ “បុគ្គល” សំដៅដល់បុគ្គល ឬក្រុមបុគ្គលដែលធ្វើអាជីវកម្ម ហើយនិងបុគ្គលណាមួយទៀតដែលទាក់ទិនជាមួយបុគ្គលនោះ។
- ៦- ពាក្យ “ទាក់ទិន” ចំពោះបុគ្គលណាមួយ មានន័យថា:
- ក- បុគ្គលណាមួយដែលមានកម្មសិទ្ធិចាប់ពី ២០ភាគរយឡើងទៅលើតំលៃ ឬសិទ្ធបោះឆ្នោតនៃភាគកម្មនៅក្នុងដើមទុនផ្ទាល់នៃបុគ្គលដែលលើកយក មកពិចារណា
- ខ- មានការគ្រប់គ្រងរួមគ្នា ឬមាននាយករួមគ្នាជាមួយបុគ្គល
- គ- ជាសមាជិកគ្រួសារ ឬជាសហព័ទ្ធ ឬជាសមាជិកក្រុមគ្រួសារនៃសហព័ទ្ធរបស់បុគ្គល
- ឃ- បានទិញចាប់ពី៣០ភាគរយឡើងទៅនៃធាតុចេញសរុបរបស់បុគ្គល ក្នុងរយៈពេលបីខែបន្តបន្ទាប់។
- ៧- ពាក្យ “អាករ” ក្នុងជំពូកនេះសំដៅដល់អាករលើតំលៃបន្ថែម។
មាត្រា៥៧:
ការផ្គត់ផ្គង់មិនជាប់អាករ មានដូចតទៅ:
- ១- សេវាប្រៃសណីយ៍សាធារណៈ
- ២- សេវារបស់មន្ទីរពេទ្យ និងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងទន្តសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រនិងទន្តសាស្ត្រដែល ទាក់ទិននឹងការបំពេញសេវាទាំងនេះ។
- ៣- សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ។
- ៤- សេវាធានារ៉ាប់រង។
- ៥- សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ៦- ការនាំចូលសំភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកំរិតតំលៃដែលត្រូវកំណត់ដោយប្រកាសរបស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ៧- សកម្មភាពមិនស្វែងរកចំណេញ ដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មាត្រា៥៨:
ការផ្គត់ផ្គង់មិនជាប់អាករចំពោះបេសកកម្មទូត និងអង្គការអន្តរជាតិ ត្រូវបានកំណត់ដូច តទៅ
- ១- ការនាំចូលនូវទំនិញសំរាប់ ឬដោយបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលនានា សំរាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន ត្រូវកំណត់ថាជាការផ្គត់ផ្គង់មិនជាប់អាករ។ ការផ្គត់ផ្គង់មិនជាប់អាករត្រូវបានផ្ដល់អោយតែក្នុងករណីមានការ បញ្ជាក់អំពីប្រធានបេសកកម្ម ជូននាយកដ្ឋានពន្ធដារថា ទំនិញទាំងនោះបាននាំចូលមកសំរាប់គោលដៅនៃការប្រើប្រាស់ខាងលើនេះ មែន។
- ២- ការនាំចូលទំនិញសំរាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិក ផ្លូវការនៃបេសកកម្ម អង្គការ ដូចមានចែងក្នុងកថាខ័ណ្ឌ១ នៃមាត្រានេះត្រូវកំណត់ថា ជាការផ្គត់ផ្គង់មិនជាប់អាករចំពោះតែមុខទំនិញ ទាំងឡាយដែលមានចុះក្នុងបញ្ជីរាយមុខទំនិញ ដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
- ៣- ការផ្គត់ផ្គង់មិនជាប់អាករនៅក្នុងមាត្រានេះ ត្រូវឈរលើគោលការណ៍បដិការរវាងរដ្ឋាភិបាលពាក់ ព័ន្ធ។
ផ្នែកទី ២៖ គោលការណ៍ទូទៅនៃអាករលើតំលៃបន្ថែម
editមាត្រា៥៩:
បុគ្គលជាប់អាករ សំដៅដល់បុគ្គលដែលត្រូវជាប់ពន្ធតាមរបបពិត ហើយដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ដូចមានចែងក្នុងមាត្រា៦០នៃច្បាប់នេះ។
បុគ្គលដែលជាប់ពន្ធតាមរបបបំព្រួញ អាចស្នើសុំអោយចាត់ជាបុគ្គលជាប់អាករបាន។ ល័ក្ខខ័ណ្ឌ និងនីតិវិធីសំរាប់ការស្នើសុំនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សំរាប់គោលដៅនៃជំពូកនេះ និយោជិតមិនត្រូវចាត់ទុកថាជាបុគ្គលជាប់អាករទេ ចំពោះសកម្មភាពដែលបានបំពេញក្នុងឋានៈជានិយោជិត។
មាត្រា៦០:
លើកលែងតែមានបទប្បញ្ញត្តិផ្ទុយនៅក្នុងជំពូកនេះ ពាក្យ “ការផ្គត់ផ្គង់ជាប់អាករ” សំដៅ ដល់:
- ១- ការផ្គត់ផ្គង់ទំនិញ ឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ២- ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ។
- ៣- ការផ្ដល់ជាអំណោយ ឬការផ្គត់ផ្គង់ក្រោមតំលៃពិតនូវទំនិញ ឬសេវាដោយបុគ្គលជាប់អាករ។
- ៤- ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រ កម្ពុជា។ វិធាន និងនីតិវិធីសំរាប់ការអនុវត្តមាត្រានេះ ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៦១:
តំលៃជាប់អាករត្រូវបានកំណត់ដូចតទៅ:
- ១- តំលៃជាប់អាករនៃការផ្គត់ផ្គង់ គឺជាថ្លៃទំនិញ ឬសេវាដែលអ្នកលក់យកពីអ្នកទិញ។ តំលៃជាប់អាកររួមមានបន្ទុកដឹកជញ្ជូន ហើយនិងខ្ទង់ដទៃទៀត ដែលត្រូវទូទាត់អោយអ្នកលក់ចំពោះការផ្គត់ផ្គង់នោះរួមបញ្ចូលទាំង អាករពិសេសលើទំនិញ និងសេវាកម្មមួយចំនួន លើកលែងតែអាករតំលៃបន្ថែម។ នីតិវិធីសំរាប់ធ្វើការកែតំរូវតំលៃជាប់អាករនៅពេលផ្គត់ផ្គង់ ឬក្រោយពេលផ្គត់ផ្គង់ ត្រូវកំណត់ដោយអនុក្រឹត្យ។
- ២- ក្នុងករណីដែលការទូទាត់ចំពោះការផ្គត់ផ្គង់ជាប់អាករជាសំណងអ្វីមួយ ក្រៅពីប្រាក់កាស ដើម្បីជាផលប្រយោជន៍ផ្ទាល់ ឬប្រយោលដល់អ្នកលក់ សំណងនោះត្រូវគិតបញ្ចូលក្នុងតំលៃជាប់អាករតាមតំលៃទីផ្សារ។
- ៣-តំលៃជាប់អាកររបស់ទំនិញនាំចូល គឺជាតំលៃគយ រួមបញ្ចូលទាំងតំលៃធានារ៉ាប់រង និងដឹកជញ្ជូនដោយបូកបន្ថែមនូវពន្ធគយ និងអាករពិសេសលើទំនិញ និងសេវាមួយចំនួន។ បើសិនជាគ្មានតំលៃគយកែតំរូវនេះទេ ត្រូវកំណត់យកតាមតំលៃទីផ្សារ។
- ៤- បើសិនជាតំលៃជាប់អាកររបស់ទំនិញ ឬសេវាដែលបានផ្គត់ផ្គង់មិនតំណាងអោយតំលៃពិតទេនោះ រដ្ឋបាលសារពើពន្ធ អាចកំណត់ចេញនូវតំលៃមួយសំរាប់ទំនិញ ឬសេវា ហើយតំលៃនោះ ត្រូវចាត់ទុកជាតំលៃត្រឹមត្រូវ រហូតដល់ពេលមានភស្តុតាងបញ្ជាក់ផ្សេង ដែលរដ្ឋបាលសារពើពន្ធបានយល់ព្រមផង។
- ៥- តំលៃជាប់អាករនៃទំនិញប្រើរួចហើយ ដែលបុគ្គលជាប់អាករបានទិញពីអ្នកប្រើប្រាស់ ដើម្បីលក់ជា ប្រចាំ ឬលក់ជំនួសមុខអោយអ្នកប្រើប្រាស់ គឺជាចំនួនលំអៀងរវាងថ្លៃលក់ និងថ្លៃទិញ ឬប្រាក់កំរៃដែលបានមកពីការលក់ទំនិញនោះ។
មាត្រា៦២:
ពេលផ្គត់ផ្គង់ត្រូវបានកំណត់ដូចតទៅ:
- ១- អាករលើតំលៃបន្ថែមត្រូវដល់កំណត់ និងត្រូវបង់នៅពេលផ្គត់ផ្គង់។
- ២- ពេលផ្គត់ផ្គង់ទំនិញ និងសេវា គឺជាពេលដែលអ្នកលក់ត្រូវចេញវិក្ក័យបត្រ ឬជាពេលដែលអ្នកលក់បានចេញវិក្ក័យបត្រ ប្រសិនបើវិក្ក័យបត្រនោះត្រូវបានចេញមុនពេលដែលអ្នកលក់ត្រូវចេញ វិក្ក័យបត្រ។
- ៣- វិក្ក័យបត្រអាករលើតំលៃបន្ថែម ត្រូវចេញយ៉ាងយឺតបំផុត៧ថ្ងៃក្រោយការបញ្ជូនទំនិញ ឬការបំពេញសេវា ឬក្រោយការទូទាត់ ក្នុងករណីដែលការទូទាត់ធ្វើឡើងមុនការបញ្ជូនទំនិញ ឬការបំពេញសេវា។
ប្រសិនបើការបញ្ជូនទំនិញពុំមានវិក្ក័យបត្រភ្ជាប់ជាមួយទេ ត្រូវមានភ្ជាប់ឯកសារបញ្ជូនទំនិញដែលបានកត់ត្រាត្រឹមត្រូវក្នុង ទិនានុប្បវត្តិបញ្ជូនទំនិញ។
- ៤- ចំពោះការផ្គត់ផ្គង់ទំនិញឬសេវាដែលធ្វើឡើងជាបន្ត ឬដែលមានការទូទាត់ច្រើនលើក ពេលផ្គត់ផ្គង់ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ៥- ចំពោះការនាំចូលទំនិញ ពេលផ្គត់ផ្គង់គឺជាពេលដែលអ្នកនាំចូលដាក់លិខិតប្រកាសជូនអាជ្ញាធរគយទៅតាមគោលការណ៍ជាធរមាន។
មាត្រា៦៣:
ទីកន្លែងផ្គត់ផ្គង់ ត្រូវបានកំណត់ដូចតទៅ:
- ១- ការផ្គត់ផ្គង់ទំនិញ ត្រូវចាត់ទុកថាបានធ្វើឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា បើសិនជាទំនិញនោះត្រូវបានប្រគល់អោយ ទោះមានលក្ខណៈជាការផ្ទេរសិទ្ធិប្រើប្រាស់ ឬសិទ្ធិចាត់ចែងក្ដី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីដែលការផ្គត់ផ្គង់ត្រូវមានការដឹកជញ្ជូន ការផ្គត់ផ្គង់ ត្រូវចាត់ទុកថា បានធ្វើឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺបើសិនជាទំនិញស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដែលការដឹកជញ្ជូនត្រូវបានចាប់ផ្ដើម។
- ២- ការផ្គត់ផ្គង់សេវាត្រូវចាត់ទុកថាបានធ្វើឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា បើសិនជាសេវានោះបានបំពេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឡែកតែ:
- ក- ការផ្គត់ផ្គង់សេវាជាប់ទាក់ទងនឹងអចលនទ្រព្យ ត្រូវកំណត់ថាសេវានោះបានធ្វើឡើងនៅទីកន្លែងដែលទ្រព្យនោះស្ថិតនៅ
- ខ- ការផ្គត់ផ្គង់សេវាជាប់ទាក់ទងនឹងការដឹកជញ្ជូន ត្រូវកំណត់ថាសេវានោះបានធ្វើឡើងនៅទីកន្លែងនៃការដឹកជញ្ជូននោះ។
- ៣- ទំនិញត្រូវចាត់ទុកថាបាននាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា បើសិនជាទំនិញនោះត្រូវបាននាំចូលមកក្នុងតំបន់ត្រួតពិនិត្យគយនៃ ព្រះរាជាណាចក្រកម្ពុជា។
ផ្នែកទី ៣៖ អត្រាអាករនិងការកំណត់ប្រាក់អាករ
editមាត្រា៦៤:
អត្រាអាករត្រូវបានកំណត់ដូចតទៅ:
- ១- អាករលើតំលៃបន្ថែមត្រូវកំណត់តាមអត្រា ១០ ភាគរយ លើតំលៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
- ២- អាករលើតំលៃបន្ថែមត្រូវកំណត់តាមអត្រា ០ ភាគរយ លើតំលៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗ ចំពោះទំនិញនាំចេញពីព្រះរាជាណាចក្រកម្ពុជា ហើយនិងការផ្គត់ផ្គង់សេវាជាប់អាករ ដែលបានបំពេញនៅក្រៅព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុង
មាត្រា៦៣ នៃច្បាប់នេះ។
- ៣- រដ្ឋបាលសារពើពន្ធអាចប្រើប្រាស់ឯកសារមួយចំនួន ដើម្បីបញ្ជាក់ថាមានការនាំចេញជាក់ស្ដែងមែនក្នុងនោះមានជាអាទិ៍ សេចក្ដីបញ្ជាក់ការនាំចេញរបស់ទីចាត់ការគយ និងរដ្ឋាករ ឯកសារនាំចូលរបស់ប្រទេសនាំចូល លិខិតឥណទានបានប្រើប្រាស់ និងការទូទាត់ដែលធនាគារក្នុងស្រុកបានទទួល។
មាត្រា៦៥:
ឥណទានអាករលើធាតុចូល និងការផ្គត់ផ្គង់មិនជាប់អាករ ត្រូវបានកំណត់ដូចតទៅ:
- ១- ប្រាក់អាករដែលបុគ្គលជាប់អាករបានបង់លើទំនិញ និងសេវាសំរាប់ប្រើប្រាស់ក្នុងអាជីវកម្មដែលបុគ្គលជាប់អាករម្នាក់ ទៀតបានផ្គត់ផ្គង់អោយ ឬប្រាក់អាករដែលបានបង់ដោយបុគ្គលជាប់អាករក្នុងឋានៈជាអ្នក នាំចូលលើទំនិញ ឬសេវានាំចូលសំរាប់ប្រើប្រាស់នៅក្នុងអាជីវកម្មរបស់ខ្លួន ត្រូវក្លាយជាឥណទានអាករលើធាតុចូលសំរាប់កាត់កងចេញពីអាករលើធាតុ ចេញ។ ធាតុចូលមានន័យថា ទំនិញ ឬសេវាដែលបានទិញចូល ហើយធាតុចេញមានន័យថា ទំនិញ ឬសេវាដែលបានលក់ចេញ។
- ២- ក្នុងករណីទំនិញ និងសេវាទិញចូលត្រូវបានប្រើប្រាស់មួយចំណែកជាការផ្គត់ផ្គង់ជាប់ អាករ និងមួយចំណែកទៀតជាការផ្គត់ផ្គង់មិនជាប់អាករ ឥណទានអាករត្រូវបានអនុញ្ញាតអោយតែចំពោះចំណែកដែលបានប្រើប្រាស់ជា ការផ្គត់ផ្គង់ជាប់អាករ។
មាត្រា៦៦:
ប្រាក់អាករត្រូវបានកំណត់ដូចតទៅ:
- ១- អាករដែលបានកំណត់ក្នុងមាត្រា៦៤ នៃច្បាប់នេះ ត្រូវចាត់ទុកជាបំណុលរដ្ឋនៅពេលផ្គត់ផ្គង់។
- ២- ប្រាក់អាករត្រូវបង់ជូនរដ្ឋ ស្មើនឹងប្រាក់អាករលើធាតុចេញសរុបតាមអត្រាក្នុងមាត្រា៦៤ នៃច្បាប់ នេះដកឥណទានអាករលើធាតុចូលដែលបានអនុញ្ញាតសរុបក្នុងខែជាមួយគ្នា។
មាត្រា៦៧:
ក្នុងករណីអចលនកម្មរូបី នៃអាជីវកម្មណាមួយដែលបានទទួលឥណទានអាករ ដូចក្នុងមាត្រា ៦៥ នៃច្បាប់នេះ ត្រូវឈប់ប្រើប្រាស់នៅក្នុងអាជីវកម្មរបស់បុគ្គលជាប់អាករ ទ្រព្យនោះត្រូវចាត់ទុកថា បានលក់និងត្រូវជាប់អាករតាមតំលៃទីផ្សារនៅពេលឈប់ប្រើការនោះ។
មាត្រា៦៨:
សំណើសុំឥណទានអាករលើធាតុចូល ត្រូវភ្ជាប់មកជាមួយនូវ:
- ១- វិក្កយបត្រអាករលើតំលៃបន្ថែមដែលបានធ្វើឡើងស្របតាមមាត្រា៧៨ នៃច្បាប់នេះ។
- ២- ប្រតិវេទន៍គយសំរាប់ការនាំចូលដែលអាជ្ញាធរគយបានបញ្ជាក់ត្រឹមត្រូវ។ ប្រតិវេទន៍នោះ ត្រូវមានចុះឈ្មោះបុគ្គលជាប់អាករដែលជាអ្នកទទួលទំនិញ ឬជាអ្នកនាំចូល និងចំនួនប្រាក់ពន្ធអាករដែលបានបង់នៅពេលនាំចូល។
មាត្រា៦៩:
អាករលើធាតុចូលដែលមិនអនុញ្ញាតអោយប្រើជាឥណទាន រួមមានប្រាក់អាករដែលបុគ្គលជាប់អាករបានបង់លើការចំណាយទទួល ភ្ញៀវ កំសាន្ត ឬសំរាកលំហែ ការទិញរថយន្ត ឬការទិញផលិតផលតេលសិលាមួយចំនួន។
ផ្នែកទី ៤៖ ការបង់ប្រាក់អាករ
editមាត្រា៧០:
លិខិតប្រកាសអាករលើតំលៃបន្ថែមសំរាប់ខែណាមួយ ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ហើយត្រូវបង់ប្រាក់អាករទៅតាមចំនួនដែលប្រកាសនៅពេលដាក់លិខិត ប្រកាសនោះ។
មាត្រា៧១:
បើសិនជាអាករលើធាតុចូលដែលបុគ្គលជាប់អាករបានបង់តាមមាត្រា៦៤នៃ ច្បាប់នេះ មានចំនួនខ្ពស់ជាងអាករលើធាតុចេញ ដែលបុគ្គលនោះប្រមូលសំរាប់ខែណាមួយ:
- ១- ចំនួនលើសត្រូវប្រើជាឥណទានអាករចំពោះប្រាក់អាករលើតំលៃបន្ថែមដែលបុគ្គលនៅជំពាក់ខែកន្លងទៅ។
- ២- ចំនួនលើសដែលនៅសល់ទៀតនោះ ត្រូវចាត់ទុកជាឥណទានអាករលើធាតុចូលនៃមាត្រា៦៥នៃច្បាប់នេះសំរាប់ខែបន្ទាប់។
មាត្រា៧២:
រដ្ឋបាលសារពើពន្ធអាចបង្វិលសងនូវឥណទានអាករលើធាតុចូលលើសប្រចាំខែ តាមការស្នើសុំរបស់បុគ្គលជាប់អាករដែលមានសកម្មភាពនាំចេញជា សំខាន់ ប្រសិនបើបុគ្គលនោះបានបង្ហាញឯកសារបញ្ជាក់ច្បាស់លាស់ក្នុងការ នាំចេញ ហើយនិងបានប្រតិបត្តិត្រឹមត្រូវនូវកាតព្វកិច្ចកាន់បញ្ជិកា និងឯកសារផ្សេងទៀត។
មាត្រា៧៣:
បើសិនជាបុគ្គលជាប់អាករ មានឥណទានអាករលើធាតុចូលលើសចាប់ពី៣ខែឡើងទៅបុគ្គលនោះអាចដាក់ ពាក្យសុំបង្វិលសងប្រាក់អាករនៅដំណាច់ខែទី៣ ឬនៅក្នុងខែណាមួយជាបន្តមក ទៀត។ ដើម្បីអោយមានតំលៃអនុវត្តសំរាប់ខែណាមួយ ពាក្យសុំត្រូវដាក់ស្នើក្នុងរយៈពេល២០ថ្ងៃក្រោយដំណាច់ខែទាំងនោះ។
មាត្រា៧៤:
បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា អាចដាក់ពាក្យសុំបង្វិលសងប្រាក់ដោយអាករលើទំនិញដែលបានទិញនៅ ក្នុងស្រុក ដែលនឹងមានចុះនៅក្នុងបញ្ជីរាយមុខទំនិញ កំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ការបង្វិលសងប្រាក់អាករ អាចអនុវត្តទៅបានតែក្នុងករណីមានការបញ្ជាក់អំពីប្រធាន បេសកកម្មជូនទៅរដ្ឋបាលសារពើពន្ធថា ទំនិញត្រូវបានទិញមកសំរាប់យកទៅប្រើប្រាស់នៅក្នុងការបំពេញមុខងារ ជាផ្លូវការរបស់អង្គភាពសាមី។
មាត្រា៧៥:
ការទទួលខុសត្រូវចំពោះការប្រមូល និងការបង់អាករ ត្រូវបានកំណត់ដូចតទៅ:
- ១- បុគ្គលជាប់អាករ ឬអ្នកនាំចូលមានកាតព្វកិច្ចត្រូវបង់អាករដែលកំណត់ដោយមាត្រា៦៤ នៃច្បាប់នេះលើរាល់ការផ្គត់ផ្គង់ជាប់អាករដែលបុគ្គលជាប់អាករ ឬអ្នកនាំចូលបានអនុវត្ត។
- ២- ល័ក្ខខ័ណ្ឌពិសេសបញ្ជាក់អំពីការទទួលខុសត្រូវរបស់អ្នកទិញចំពោះ ប្រាក់អាករ ក្នុងករណីដែលអ្នកផ្គត់ផ្គង់គ្មានធ្វើអាជីវកម្មនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ឬក្នុងករណីដែលមានឧបសគ្គផ្សេងទៀតដល់ការប្រមូលប្រាក់អាករអំពី អ្នកផ្គត់ផ្គង់ ត្រូវកំណត់ដោយអនុក្រឹត្យ។
- ៣- បុគ្គលណាមួយដែលបានធ្វើការផ្គត់ផ្គង់ទំនិញ និងសេវាក្នុងនាមម្ចាស់កម្មសិទ្ធិ និងមិនមែនក្នុងឋានៈជានិយោជិតរបស់គេទេនោះ ហើយដែលមានការគ្រប់គ្រងលើការផ្គត់ផ្គង់ ត្រូវចាត់ទុកថាជាបុគ្គលជាប់អាករសំរាប់ការផ្គត់ផ្គង់នោះ។
ផ្នែកទី ៥៖ បទប្បញ្ញត្តិខាងរដ្ឋបាល
editមាត្រា៧៦:
គោលការណ៍ស្ដីពីការចុះបញ្ជី ត្រូវបានកំណត់ដូចតទៅ:
- ១- បុគ្គលជាប់អាករដូចមានចែងក្នុងមាត្រា៥៩ នៃច្បាប់នេះ ត្រូវធ្វើការចុះបញ្ជីសំរាប់អាករលើតំលៃបន្ថែមអោយបានស្រេចបាច់ ក្នុងរយៈពេល៣០ថ្ងៃ ក្រោយថ្ងៃដែលបុគ្គលនោះក្លាយជាបុគ្គលជាប់អាករ។ វិធាន និងនីតិវិធីសំរាប់ការចុះបញ្ជីនេះ ត្រូវកំណត់ដោយអនុក្រឹត្យ។
- ២- ចំពោះបុគ្គលដែលមានការតំរូវអោយធ្វើការចុះបញ្ជី ហើយដែលមិនបានធ្វើការចុះបញ្ជីនោះ រដ្ឋបាលសារពើពន្ធអាចធ្វើការចុះបញ្ជីបុគ្គលនោះ ចាប់តាំងពីពេលដែលបុគ្គលនោះត្រូវមកធ្វើការចុះបញ្ជី។ បុគ្គលដែលត្រូវបានចុះបញ្ជីតាមបែបនេះ ត្រូវមានការទទួលខុសត្រូវចំពោះប្រាក់អាករទាំងអស់ក្នុងមាត្រា ៦៤នៃច្បាប់នេះ ចាប់តាំងពីកាលបរិច្ឆេទដែលបុគ្គលនោះត្រូវមកធ្វើការចុះបញ្ជី។
- ៣- បើសិនជាបុគ្គលជាប់អាករណាមួយដែលបានចុះបញ្ជីតាមមាត្រានេះ យល់ឃើញថាខ្លួនមិនត្រូវជាបុគ្គលជាប់អាករសំរាប់ឆ្នាំចរន្ត និងឆ្នាំបន្ទាប់ទេ បុគ្គលនោះអាចដាក់ពាក្យសុំលុបការចុះបញ្ជីវិញ។
- ៤- សំរាប់ក្រុមបុគ្គលទាក់ទិន២នាក់ ឬច្រើននាក់ ដែលក្នុងនោះបុគ្គលម្នាក់ ឬច្រើននាក់មិនមែនជាបុគ្គលជាប់អាករទេនោះ រដ្ឋបាលសារពើពន្ធអាចចាត់ទុកបុគ្គលជាប់អាករណាមួយថាបានចុះបញ្ជី សំរាប់សកម្មភាពសេដ្ឋកិច្ចទាក់ទិនទាំងមូល ឬភាគណាមួយ។ បើសិនជាគ្មានបុគ្គលទាក់ទិនណាម្នាក់ជាបុគ្គលជាប់អាករនោះទេ រដ្ឋបាលសារពើពន្ធអាចចុះបញ្ជីនូវបុគ្គលក្នុងក្រុមម្នាក់ ឬច្រើននាក់សំរាប់សកម្មភាពសេដ្ឋកិច្ចទាក់ទិនទាំងមូល ឬភាគណាមួយ។
- ៥- សំរាប់គោលដៅនៃការចុះបញ្ជី និងដោយមានការយល់ព្រមពីរដ្ឋបាលសារពើពន្ធផង ចំពោះបុគ្គលជាប់អាករមួយក្រុមដែលជាប់ទាក់ទិនគ្នា ដូចមានចែងក្នុងមាត្រា៥៦ នៃច្បាប់នេះ សកម្មភាពរបស់សមាជិកនានានៅក្នុងក្រុម អាចចាត់ទុកជាសកម្មភាពរបស់សមាជិកជ្រើសតាំងតែម្នាក់ប៉ុណ្ណោះ។ ក្នុងករណីនេះ សមាជិកម្នាក់ៗនៅក្នុងក្រុម ត្រូវមានការទទួលខុសត្រូវរួមគ្នា និងយ៉ាងពេញលេញ ចំពោះការប្រតិបត្តិតាមបទប្បញ្ញត្តិនៃជំពូកនេះ។
មាត្រា៧៧:
គោលការណ៍ស្ដីពីវិក្ក័យប័ត្រអាករលើតំលៃបន្ថែម ត្រូវបានកំណត់ដូចតទៅ:
បានផ្ដល់បង្កាន់ដៃទទួលប្រាក់លំអិតសំរាប់បញ្ជីបេឡា ឬក៏ឯកសារផ្សេងទៀតដែលត្រូវកំណត់ដោយអនុក្រឹត្យ
- ៦- ចំពោះការនាំចូល ប្រតិវេទន៍គយដែលបានបំពេញត្រឹមត្រូវ និងដែលមានសេចក្ដីបញ្ជាក់អំពីការបង់ពន្ធប្រាក់អាករ ត្រូវប្រើប្រាស់ជាឯកសារត្រួតពិនិត្យ ដើម្បីកំណត់លក្ខណៈអាចទទួលបាននូវឥណទានអាករ។
មាត្រា៧៨:
ការមិនបានចេញវិក្ក័យប័ត្រអាករលើតំលៃបន្ថែម ត្រូវរងទោសទណ្ឌដូចតទៅ:
- ១- ក្រៅអំពីទោសទណ្ឌដទៃទៀត បើសិនជារដ្ឋបាលសារពើពន្ធរកឃើញជាលើកទី២ថា គ្រឹះស្ថានណាមួយរបស់បុគ្គលជាប់អាករ មិនបានចេញវិក្ក័យប័ត្រតាមតំរូវការនោះ រដ្ឋបាលសារពើពន្ធ អាចបិទគ្រឹះស្ថាននោះ ក្នុងរយៈពេលមានកំណត់មួយដែលមិនលើសពីប្រាំពីរថ្ងៃ។
- ២- បើសិនជាគ្រឹះស្ថានណាមួយដែលធ្លាប់ត្រូវបានបិទដូចក្នុងកថា ខ័ណ្ឌ១នៃមាត្រានេះ នៅតែប្រព្រឹត្តបទល្មើសបែបនោះជាថ្មីទៀត គ្រឹះស្ថាននោះអាចត្រូវបានបិទជាថ្មីទៀត ក្នុងរយៈពេលមានកំណត់មួយដែលមិនលើសពីប្រាំពីរថ្ងៃ។
មាត្រា៧៩:
គោលការណ៍ស្ដីពីបញ្ជីកំណត់ត្រាពត៌មាន សំរាប់អាករលើតំលៃបន្ថែម ត្រូវបានកំណត់ដូចតទៅ:
- ១- សំរាប់គោលការណ៍បទប្បញ្ញត្តិទាំងឡាយក្នុងជំពូកនេះ បុគ្គលជាប់អាករត្រូវរក្សាទុកនូវច្បាប់ចំលងវិក្ក័យប័ត្រទាំងអស់ ដែលបានធ្វើចេញ និងវិក្ក័យប័ត្រទាំងអស់ដែលបានទទួល។
- ២- បុគ្គលជាប់អាករត្រូវកត់ត្រា និងរក្សាទុកអោយបានត្រឹមត្រូវនូវបញ្ជី កំណត់ត្រានៃរាល់កិច្ចការជំនួញដែលបានធ្វើ ហើយត្រូវមានគណនីតាមដានទឹកប្រាក់អាករ ដែលបានប្រមូលលើការលក់ និងទឹកប្រាក់អាករដែលបានបង់លើការទិញនានារបស់ខ្លួន ព្រមទាំងសេចក្ដីកែតំរូវផ្សេងៗលើតំលៃលក់ ឬទឹកប្រាក់អាករទៅតាមបែបបទដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ។
- ៣- កិច្ចការដូចមានចែងក្នុងកថាខ័ណ្ឌ២នៃមាត្រានេះ ត្រូវធ្វើប្រចាំថ្ងៃ ហើយត្រូវធ្វើការបូកសរុប និងគណនាសមតុល្យនៅដំណាច់ខែនីមួយៗ។ បុគ្គលជាប់អាករ ត្រូវធ្វើជារៀងរាល់ខែ នូវសំរង់អាករលើតំលៃបន្ថែម ទៅតាមបែបបទកំណត់ដោយរដ្ឋបាលសារពើពន្ធ។
- ៤- វិក្ក័យប័ត្រ កំណត់ត្រា និងឯកសារផ្សេងទៀតដែលជាប់ទាក់ទងនឹងអាករនេះ ត្រូវរក្សាទុកតាមលំដាប់ថ្ងៃខែ តាមបែបបទ និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់ ក្នុងរយៈពេល១០ឆ្នាំយ៉ាងតិចក្រោយការបញ្ចប់កិច្ចការជំនួញចុងក្រោយ បំផុត ដែលជាប់ទាក់ទងនឹងឯកសារទាំងនេះ។
- ៥- ឯកសារ និងកំណត់ត្រាទាំងអស់ដែលត្រូវរក្សាទុកតាមមាត្រានេះ ហើយនិងឯកសារ និងកំណត់ត្រាឯទៀតដែលទាក់ទងនឹងអាជីវកម្មរបស់បុគ្គល ត្រូវផ្ដល់អោយរដ្ឋបាលសារពើពន្ធត្រួតពិនិត្យនៅពេលមានសំណើ។
មាត្រា៨០:
បទប្បញ្ញត្តិនានានៃជំពូកនេះ ដែលទាក់ទងនឹងការនាំចូល ត្រូវគ្រប់គ្រងដោយទីចាត់ការ គយនិងរដ្ឋាករ ទៅតាមបែបបទដែលត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៨១:
វិធាននៃការបញ្ឈប់អាជីវកម្ម ត្រូវបានកំណត់ដូចតទៅ:
១- ក្នុងរយៈពេល១០ថ្ងៃ ក្រោយការបញ្ឈប់អាជីវកម្មដែលបុគ្គលជាប់អាករបានធ្វើការចុះបញ្ជី បុគ្គលនោះត្រូវដាក់លិខិតប្រកាសមួយទៅតាមទំរង់ដែលបានកំណត់ ជូនរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវពត៌មានលំអិតអំពីការលក់ និងការទិញនានា ក្រោយពីការធ្វើប្រកាសសារពើពន្ធចុងក្រោយបំផុតនិងពត៌មានលំអិតអំពី ទំនិញទាំងអស់នៅក្នុងស្ដុកដែលមិនទាន់បង់អាករ ឬដែលបានទទួលឥណទានអាកររួចហើយ ព្រមទាំងបង់ប្រាក់អាករដល់កំណត់ទាំងនោះ។ ២- វិធាន និងនីតិវិធីសំរាប់ការបញ្ឈប់អាជីវកម្ម ការលុបឈ្មោះពីបញ្ជី ហើយនិងការទទួលខុសត្រូវរបស់អ្នកតំណាងតាមផ្លូវការ ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៨២:
ការផ្ទេរអាជីវកម្មពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ស្របតាមល័ក្ខខ័ណ្ឌដែលត្រូវកំណត់ដោយអនុក្រឹត្យ មិនត្រូវជាប់អាករលើតំលៃបន្ថែមទេ។ វិធាន និងនីតិវិធីនៃការជូនដំណឹងអំពីការផ្ទេរការចុះបញ្ជីរបស់បុគ្គល អ្នកទទួលអាជីវកម្ម ការទទួលខុសត្រូវរបស់បុគ្គលអ្នកផ្ទេរអាជីវកម្ម ការទទួលខុសត្រូវរបស់បុគ្គលអ្នកទទួលអាជីវកម្ម និងកិច្ចរក្សាកំណត់ត្រាផ្សេងៗ ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៨៣:
គោលការណ៍អនុវត្តចំពោះកិច្ចសន្យាដែលបានធ្វើមុនកាលបរិច្ឆេទចូលជាធរមាននៃអាករត្រូវបានកំណត់ដូចតទៅ:
- ១- ត្រូវដាក់អោយអនុវត្តនូវអាករតាមមាត្រា៥៥នៃច្បាប់នេះ លើការផ្គត់ផ្គង់ជាប់អាករនានា ក្រោមកិច្ចសន្យាដែលបានធ្វើឡើងមុនកាលបរិច្ឆេទចូលជាធរមាននៃ អាករនេះ បើសិនជាការផ្គត់ផ្គង់ត្រូវបានធ្វើឡើងនៅចំ ឬនៅក្រោយកាលបរិច្ឆេទចូលជាធរមាននៃអាករ។
- ២- ចំពោះការផ្គត់ផ្គង់ជាប់អាករដូចមានចែងក្នុងកថាខ័ណ្ឌ១នៃមាត្រា នេះ ប្រាក់អាករលើតំលៃបន្ថែមដែលបានកត់ត្រាក្រៅពីកិច្ចសន្យា ត្រូវចាត់ទុកជាសំណងបន្ថែមចំពោះមុខទំនិញ ឬសេវាដែលបានទិញ និងជាកាតព្វកិច្ចតាមផ្លូវច្បាប់បេសកកម្មរបស់អ្នកទិញចំពោះអ្នក លក់។
មាត្រា៨៤:
ឥណទានអាករចំពោះទំនិញស្ដុក ត្រូវបានកំណត់ដូចតទៅ:
- ១- ចំពោះបុគ្គលទើបបានចុះបញ្ជី ហើយនៅថ្ងៃចុះបញ្ជីនោះ មានស្ដុកទំនិញដែលបានបង់អាករលើតំលៃបន្ថែម ឬអាករលើផលរបបរួចហើយ បុគ្គលនោះអាចដាក់ពាក្យសុំអោយរដ្ឋបាលសារពើពន្ធអនុញ្ញាតនូវឥណទាន អាករចំពោះប្រាក់អាករដែលបានបង់លើស្តុកទាំងនោះ បន្ទាប់ពីរដ្ឋបាលសារពើពន្ធបានត្រួតពិនិត្យឃើញថាវិក្ក័យប័ត្រ ឬច្បាប់ចំលងនៃប្រតិវេទន៍គយរបស់ទំនិញទាំងនោះមានលក្ខណៈត្រឹមត្រូវ។
- ២- បើមានការឯកភាពចំពោះលក្ខណៈត្រឹមត្រូវនៃឯកសារទាំងនោះហើយ រដ្ឋបាលសារពើពន្ធអាចអនុញ្ញាតនូវឥណទានអាករ ចំពោះការផ្គត់ផ្គង់ដែលបានធ្វើក្នុងកំឡុង៦០ថ្ងៃ មុនថ្ងៃចុះបញ្ជី ឬមុនថ្ងៃដែលច្បាប់នេះចូលជាធរមាន។
ឥណទានអាករនេះអាចយកទៅប្រើប្រាស់ក្នុងប្រកាសសារពើពន្ធទាំងឡាយ សំរាប់អាករនេះ ទៅតាមល័ក្ខខ័ណ្ឌដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ។
ជំពូកទី ៤៖ វិសោធនកម្មលើច្បាប់ស្ដីពីហិរញ្ញវត្ថុសំរាប់ឆ្នាំ១៩៩៤ និងលើច្បាប់ស្ដីពីការកែតំរូវនៃច្បាប់ហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ១៩៩៥
editផ្នែកទី ១៖ បទប្បញ្ញត្តិស្ដីពីការកែប្រែអាករពិសេសលើទំនិញមួយចំនួនមកជាអាករពិសេសលើទំនិញ និងសេវាមួយចំនួន
editមាត្រា៨៥:
ចាប់ពីថ្ងៃប្រកាសអោយប្រើច្បាប់នេះ អាករពិសេសលើទំនិញមួយចំនួននៃច្បាប់ស្ដីពីការកែប្រែតំរូវនៃ ច្បាប់ហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រង១៩៩៥ ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៩៩៥/០១ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ ត្រូវហៅថា “អាករពិសេសលើទំនិញ និងសេវាមួយចំនួន” វិញ ហើយមាត្រាមួយចំនួនត្រូវបានធ្វើវិសោធនកម្មដូចមានចែងក្នុងជំពូក នេះ។
មាត្រា១៨នៃច្បាប់ដូចយោងខាងលើ ត្រូវបានកែប្រែដូចតទៅ:
- - ៣០ភាគរយ សំរាប់រថយន្តដែលមានបញ្ជាក់ក្នុងតារាងពន្ធគយ លេខសំគាល់៨៧.០៣ ដែលមានស៊ីឡាំងដ្រេធំជាង ២.០០០cc ព្រមទាំងគ្រឿងបន្លាស់សំរាប់ប្រភេទរថយន្តទាំងនេះ
- - ២០ភាគរយ សំរាប់ផលិតផលតេលសិលា និងរថយន្តដែលមានបញ្ជាក់ក្នុងតារាងពន្ធគយ លេខសំគាល់ ៨៧.០៣ ដែលមានស៊ីឡាំងដ្រេពី ២.០០០cc ចុះក្រោម ព្រមទាំងគ្រឿងបន្លាស់សំរាប់ប្រភេទរថយន្តទាំងនេះ
- - ១០ភាគរយ សំរាប់ភេសជ្ជៈ បារីគ្រប់ប្រភេទ សណ្ឋាគារ និងសេវាលំហែកំសាន្តផ្សេងៗ ព្រមទាំងយានយន្តគ្រប់ប្រភេទ និងគ្រឿងបន្លាស់ដែលមានបញ្ជាក់ក្នុងតារាងពន្ធគយ លេខសំគាល់ ៨៧.០២ ៨៧០៤-២១ ដល់ ៨៧០៤-៩០ ៨៧០៦ ៨៧០៨ ៨៧១៤ និង ៨៧១១ ដែលមានស៊ីឡាំងដ្រេចាប់ពី ១២៥cc ឡើងទៅ។
- - ២ភាគរយ សំរាប់ថ្លៃលក់សំបុត្រក្នុងស្រុក លើការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសពីក្នុងព្រះរាជាណាចក្រ កម្ពុជាទៅបរទេស សេវាទូរគមនាគមន៍ពីក្នុងព្រះរាជាណាចក្រកម្ពុជាទៅបរទេស។
ពាក្យ “ថ្លៃលក់កត់ត្រាក្នុងវិក្កយបត្រ” ក្នុងកថាខ័ណ្ឌ២ នៃមាត្រា២១ នៃច្បាប់ដូចយោងខាងលើត្រូវបានកែប្រែជា “ថ្លៃលក់ចេញពីរោងចក្រកត់ត្រាក្នុងវិក្ក័យបត្រ”។ បន្ថែមកថាខ័ណ្ឌខាងក្រោមមាត្រា២១ នៃច្បាប់ដូចយោងខាងលើ: “៣- សេវាផ្គត់ផ្គង់នៅព្រះរាជាណាចក្រកម្ពុជា គឺថ្លៃក្នុងវិក្ក័យប័ត្រនៃសេវាដែលបានផ្គត់ផ្គង់”។ ពាក្យ “ចំពោះទំនិញផលិត” ក្នុងកថាខ័ណ្ឌ២ ក្នុងមាត្រា២២ នៃច្បាប់ដូចយោងខាងលើ ត្រូវបានកែប្រែជា “ចំពោះទំនិញផលិត និងសេវាផ្គត់ផ្គង់”។ បន្ថែមកថាខ័ណ្ឌខាងក្រោមក្នុងមាត្រា២៣ នៃច្បាប់ដូចយោងខាងលើ: “៣- អ្នកផ្គត់ផ្គង់ ចំពោះសេវាផ្គត់ផ្គង់នៅព្រះរាជាណាចក្រកម្ពុជា”។ បន្ថែមកថាខ័ណ្ឌខាងក្រោមក្នុងមាត្រា២៤ នៃច្បាប់ដូចយោងខាងលើ: “៣- ចំពោះសេវាទូរគមនាគមន៍ និងដឹកជញ្ជូននៅព្រះរាជាណាចក្រកម្ពុជា ត្រូវមានបញ្ជីដោយឡែកដែលមានការចុះកាលបរិច្ឆេទ និងតំលៃនៃសេវា ដែលបានផ្គត់ផ្គង់ពីចំណុចនៅក្នុងព្រះរាជាណាចក្រកម្ពុជាទៅចំណុចនៅ ក្រៅព្រះរាជាណាចក្រកម្ពុជា”។
ផ្នែកទី ២ បទប្បញ្ញត្តិស្ដីពីការកែប្រែអាករលើផលរបរ
editមាត្រា៨៦:
អាករលើផលរបរដែលមានចែងក្នុង ច្បាប់ស្ដីពីហិរញ្ញវត្ថុសំរាប់ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ ០២នស ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៣ ត្រូវបានកែប្រែដូចតទៅ:
- ១- លុបកថាខ័ណ្ឌ២ ក្នុងមាត្រា៣៩ នៃច្បាប់ដូចយោងខាងលើ។
- ២- ពាក្យ “តំលៃក្រៅគយ” ក្នុងមាត្រា៤៦ នៃច្បាប់ដូចយោងខាងលើ ត្រូវបានកែប្រែជា “តំលៃមានពន្ធគយ និងអាករពិសេសលើទំនិញ និងសេវាមួយចំនួន”។
- ៣- បន្ថែមកថាខ័ណ្ឌខាងក្រោមក្នុងមាត្រា៤៧ នៃច្បាប់ដូចយោងខាងលើ:
“នាយកដ្ឋានពន្ធដារអាចប្រមូលអាករលើការប្រើប្រាស់ និងអនុវត្តទោសទណ្ឌលើរាល់ទំនិញដែលដាក់លក់នៅក្នុងទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលអ្នកលក់ពុំមានឯកសារបញ្ជាក់គ្រប់គ្រាន់ថាបានបង់អាករលើការ ប្រើប្រាស់នៅពេលនាំចូល”។
- ៤- បន្ថែមកថាខ័ណ្ឌ ង ដូចខាងក្រោមក្នុងមាត្រា៤៩ នៃច្បាប់ដូចយោងខាងលើ:
” ង- ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ តទៅ អ្នកជាប់ពន្ធទាំងអស់ត្រូវ: ប្រើវិធាននៃពេលផ្គត់ផ្គង់ដូចមានចែងក្នុងមាត្រា៦២ នៃច្បាប់នេះដែលចែងអំពីអាករលើតំលៃបន្ថែមដើម្បីកំណត់កាលបរិច្ឆេទ ដែលអាករត្រូវក្លាយជាបំណុលរបស់អ្នកជាប់ពន្ធចំពោះរដ្ឋ។ ចេញវិក្ក័យបត្រស្របតាមវិធាន និងនីតិវិធីដូចមានចែងក្នុងមាត្រា៦២នៃច្បាប់នេះ ដែលចែងអំពីអាករលើតំលៃបន្ថែម។ ចាត់ទុកថាបានរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ និងទទួលរងទោសទណ្ឌតាមមាត្រា១៣៣ នៃច្បាប់នេះ ក្នុងករណីមិនប្រតិបត្តិការតាមមាត្រា៤៩ កថាខ័ណ្ឌ ង នេះ”។
- ៥- ក្នុង ច្បាប់ស្ដីពីការកែតំរូវនៃច្បាប់ហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រង ឆ្នាំ១៩៩៥ ត្រូវបន្ថែមមួយកថាខ័ណ្ឌក្នុងមាត្រា៣៣ ថា:
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៨ តទៅ:
- - អ្នកជាប់ពន្ធតាមរបបពិតប្រាកដ មិនត្រូវជាប់អាករ លើផលរបរទេ
- - អ្នកជាប់ពន្ធតាមរបរផ្សេងទៀត ត្រូវជាប់អាករលើផលរបរតាមអត្រា ២ភាគរយ
- - មាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ មាត្រា៤៧ និងមាត្រា៤៨ នៃច្បាប់ស្ដីអំពីហិរញ្ញវត្ថុសំរាប់ឆ្នាំ១៩៩៤ និងមាត្រា៣៧ នៃច្បាប់ស្ដីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ត្រូវទុកជានិរាករណ៍។
ជំពូកទី ៥៖ បទប្បញ្ញត្តិស្ដីពីវិធាន និងនីតិវិធីសារពើពន្ធ
editផ្នែកទី១៖ បទប្បញ្ញត្តិទូទៅ
editមាត្រា៨៧: ត្រូវបានបង្កើតដោយបទប្បញ្ញត្តិទាំងឡាយនៃជំពូកនេះ នូវសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងរបស់រដ្ឋបាលសារពើពន្ធ នីតិវិធីនៃការពិនិត្យឡើងវិញនូវប្រាក់ពន្ធបានបង់ នីតិវិធីដោះស្រាយវិវាទបទល្មើសនិងទោសទណ្ឌសារពើពន្ធ។ បទប្បញ្ញត្តិទាំងឡាយនៃជំពូកនេះ ត្រូវអនុវត្តចំពោះពន្ធគ្រប់ប្រភេទ វៀងលែងតែពន្ធដោយឡែកណាមួយដែលមានចែងផ្សេង។ មាត្រា៨៨: សំរាប់គោលដៅនៃជំពូកនេះ
- ១- ពាក្យ “ពន្ធ” មានន័យថា ពន្ធ និងអាករទាំងឡាយ។
- ២- ពាក្យ “បុគ្គល” មានន័យថា រូបវន្តបុគ្គល ឬនីតិបុគ្គល។
- ៣- ពាក្យ “អ្នកជាប់ពន្ធ” មានន័យថា ជាបុគ្គលដែលមានកាតព្វកិច្ចត្រូវបង់ពន្ធ។
- ៤- ពាក្យ “រដ្ឋបាលសារពើពន្ធ” មានន័យថា ជាអង្គការចាត់តាំងនៃនាយកដ្ឋានពន្ធដារ។
- ៥- ពាក្យ “លិខិតប្រកាសសារពើពន្ធ” មានន័យថា ជាឯកសារដែលបទប្បញ្ញត្តិស្ដីពីពន្ធដារបានតំរូវអោយ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក បំពេញទៅតាមល័ក្ខខ័ណ្ឌដែលមានចែងនៅក្នុងច្បាប់នេះ។
- ៦- ពាក្យ “ភ្នាក់ងារកាត់ទុក” មានន័យថា ជាបុគ្គលដែលបទប្បញ្ញត្តិស្ដីពីពន្ធដារតំរូវអោយធ្វើការកាត់ទុក និងបង់ប្រាក់ពន្ធចូលថវិកាក្នុងនាមនៃតតិយជន។
- ៧- ពាក្យ “សកម្មភាពសេដ្ឋកិច្ច” មានន័យថាជាសកម្មភាពរបស់បុគ្គលដែលធ្វើជានិច្ចកាលជាប់បន្ត ឬមួយដងមួយគ្រា ដើម្បីរក ឬមិនរកចំណេញ ក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាអោយដល់បុគ្គលដទៃ ក្នុងគោលដៅដើម្បីបានអត្ថប្រយោជន៍អ្វីមួយ។
មាត្រា៨៩: បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងអន្តរជាតិទាក់ទិននឹងបញ្ហាពន្ធ ដែលរដ្ឋសភាបានអនុម័តយល់ព្រម ហើយត្រូវមានវិសាលភាពគ្របដណ្ដប់លើបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា៩០: លិខិតប្រកាសសារពើពន្ធទាំងអស់ ក៏ដូចជាឯកសារ និងលិខិតទាក់ទងផ្សេងៗ ដែលចាំបាច់សំរាប់ការកំណត់ពន្ធ ការប្រមូលពន្ធ និងការបង្ខំអោយប្រតិបត្តិតាមច្បាប់ពន្ធ ឬដែលជាប់ទាក់ទងនឹងបែបបទផ្សេងទៀតក្នុងការកំណត់ពន្ធត្រូវធ្វើជា ភាសាខ្មែរ។
ផ្នែកទី ២៖ សិទ្ធិនិងកាតព្វកិច្ច
editមាត្រា៩១:
សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ត្រូវបានកំណត់ដូចតទៅ:
- ១- អ្នកជាប់ពន្ធមានសិទ្ធិដូចតទៅ:
- ក- ត្រូវបានទុកជាការសំងាត់ ហើយត្រូវបានយកមកប្រើប្រាស់តែក្នុងគោលដៅដែលមានបញ្ជាក់នៅក្នុង បទប្បញ្ញត្តិស្ដីពីពន្ធដារ នូវពត៌មាននានាទាក់ទិននឹងកិច្ចការអាជីវកម្មរបស់ខ្លួន ដែលបានផ្ដល់អោយរដ្ឋបាលសារពើពន្ធ ដូចមានចែងក្នុងមាត្រា៩៤ នៃច្បាប់នេះ
- ខ- ទទួលពត៌មានជាប្រចាំអំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ ហើយនិងនីតិវិធីនៃការកំណត់ពន្ធដូចមានចែងក្នុងមាត្រា៩៦ និងមាត្រា១១៨ នៃច្បាប់នេះ
- គ- ទទួលពត៌មានអំពីសិទ្ធិរបស់ខ្លួន រួមទាំងសិទ្ធិក្នុងការប្ដឹងតវ៉ា ដូចមានចែងក្នុងមាត្រា១១៨និងមាត្រា១២២ នៃច្បាប់នេះ
- ឃ- ប្ដឹងតវ៉ាដូចមានចែងនៅក្នុងច្បាប់នេះ ចំពោះរាល់សេចក្ដីសំរេចរបស់រដ្ឋបាលសារពើពន្ធ ដូចមានចែងក្នុងមាត្រា១១៨ និងមាត្រា១២២ នៃច្បាប់នេះ
- ង- បង់ពន្ធមិនអោយលើសពីបទប្បញ្ញត្តិស្ដីពីពន្ធដារកំណត់ ដូចមានចែងក្នុងមាត្រា១០៧ នៃច្បាប់នេះ។
- ២- អ្នកជាប់ពន្ធ មានកាតព្វកិច្ចដូចតទៅ:
- ក- ចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ ដូចមានចែងក្នុងមាត្រា១០១ នៃច្បាប់នេះ
- ខ- ដាក់លិខិតប្រកាសសារពើពន្ធ និងផ្ដល់ពត៌មានតាមការតំរូវនៃបទប្បញ្ញត្តិស្ដីពីពន្ធដារ ដូចមានចែងក្នុងមាត្រា៩៨ និងមាត្រា១០៤ នៃច្បាប់នេះ
- គ- បង់ពន្ធតាមកាលបរិច្ឆេទកំណត់ ដូចមានចែងនៅក្នុងបទប្បញ្ញត្តិស្ដីពីពន្ធដារ
- ឃ- កាន់កាប់ ថែរក្សា និងត្រូវបង្ហាញបញ្ជី លិខិតយុត្តិកា និងឯកសារផ្សេងៗ ដល់រដ្ឋបាលសារពើពន្ធដូចមានចែងនៅក្នុងបទប្បញ្ញត្តិស្ដីពីពន្ធដារ និងមាត្រា៩៨ នៃច្បាប់នេះ
- ង- បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធ តាមកាលបរិច្ឆេទដែលមានចុះនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាល សារពើពន្ធ ដូចមានចែងក្នុងមាត្រា៩៩ នៃច្បាប់នេះ
- ច- បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗ ដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទ ដូចមានចែងក្នុងបទប្បញ្ញត្តិស្ដីពីពន្ធដារ ឬដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ ដូចមានចែងនៅក្នុងបទប្បញ្ញត្តិស្ដីពីពន្ធដារ និងមាត្រា១០៧ មាត្រា១៣០ មាត្រា១៣១ និងមាត្រា១៣២ នៃច្បាប់នេះ
មាត្រា៩២:
អំណាចរបស់រដ្ឋបាលសារពើពន្ធ មានដូចខាងក្រោម:
- ១- កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដូចមានចែងក្នុងមាត្រា១១៦ និងមាត្រា១១៧ នៃច្បាប់នេះ។
- ២- តំរូវអោយអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក បង្ហាញខ្លួន ដូចមានចែងក្នុងមាត្រា៩៩ នៃច្បាប់នេះ។
- ៣- កំណត់បញ្ជី ឯកសារចាំបាច់នានា និងលិខិតយុត្តិការ ដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវកាន់រក្សាទុក និងផ្ដល់ជូនរដ្ឋបាលសារពើពន្ធ ដូចមានចែងក្នុងមាត្រា៩៨ និងមាត្រា១០០ នៃច្បាប់នេះ។
- ៤- ទាមទារអោយអ្នកជាប់ពន្ធ ឬតតិយជនផ្ដល់ពត៌មានទាក់ទិននឹងអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដូចមានចែងក្នុងមាត្រា៩៩ នៃច្បាប់នេះ។
- ៥- ចូលលំនៅដ្ឋាន ឬគ្រឹះស្ថានអាជីវកម្មរបស់អ្នកជាប់ពន្ធ ភ្នាក់ងារកាត់ទុក ឬតតិយជនដើម្បីទទួលបាននូវពត៌មានទាក់ទិននឹងអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដូចមានចែងក្នុងមាត្រា១០០ នៃច្បាប់នេះ។
- ៦- ទទួលពីស្ថាប័នរដ្ឋទាំងឡាយនូវពត៌មានស្ដីពី ឬដែលទាក់ទិនអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដូចមានចែងក្នុងមាត្រា១១៦ នៃច្បាប់នេះ។
- ៧- អនុវត្តវិធានការតឹងទារចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក នៅពេលដែលបុគ្គលនោះមិនបានបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗ តាមការតំរូវនៃច្បាប់នេះ ដូចមានចែងក្នុងមាត្រា១១៩ ដល់មត្រា១១៥ នៃច្បាប់នេះ។
- ៨- កំណត់ឡើងវិញនូវកិច្ចការជំនួញរវាងអ្នកជាប់ពន្ធទាំងឡាយដែលមានជាប់ ទាក់ទង ដូចមានចែងក្នុងបទប្បញ្ញត្តិស្ដីពីពន្ធដារ។
រដ្ឋបាលសារពើពន្ធ មានកាតព្វកិច្ចដូចតទៅ:
- ១- ប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការដកប្រាក់ផ្សេងៗ ដូចមានចែងក្នុងមាត្រា៩៣នៃច្បាប់នេះ។
- ២- រក្សាការសំងាត់នូវពត៌មានដែលអ្នកជាប់ពន្ធ ឬតតិយជនបានផ្ដល់អោយ ហើយផ្ដល់ពត៌មានទាំងនេះអោយដល់តែបុគ្គលណា ដែលបទប្បញ្ញត្តិស្ដីពីពន្ធដារបានកំណត់ប៉ុណ្ណោះ ដូចមានចែងក្នុងមាត្រា៩៤ មាត្រា១២៨ និងមាត្រា១៣៨ នៃច្បាប់នេះ។
- ៣- ផ្ដល់ពត៌មានដល់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក សំដៅធានាអោយការអនុវត្តបានសមស្របទៅតាមបទប្បញ្ញត្តិស្ដីពីពន្ធដារ ដូចមានចែងក្នុងមាត្រា៩៦ នៃច្បាប់នេះ។
- ៤- បង្វិលសងវិញ ឬចាត់ទុកជាឥណទានពន្ធ នូវប្រាក់ពន្ធដែលបង់លើស ដូចដែលមានចែងក្នុងបទប្បញ្ញត្តិស្ដីពីពន្ធដារ។
- ៥- ផ្ដល់លិខិតជូនដំណឹងស្ដីពីការកំណត់ពន្ធអោយអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដូចមានចែងនៅក្នុងមាត្រា១១៦ ដល់មាត្រា១១៨ នៃច្បាប់នេះ។
ផ្នែកទី ៣៖ រដ្ឋបាលសារពើពន្ធ
editមាត្រា៩៣:
ស្ថាប័នទាំងឡាយដែលទទួលខុសត្រូវគ្រប់គ្រងការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារមានដូចខាងក្រោម:
- - នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- - ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាល ដែលបទប្បញ្ញត្តិស្ដីពីពន្ធដារបានផ្ដល់អំណាចអោយ។
រដ្ឋបាលសារពើពន្ធមានកាតព្វកិច្ចប្រមូលពន្ធ អនុវត្តទោសទណ្ឌតាមការកំណត់នៃបទប្បញ្ញត្តិស្ដីពីពន្ធដារនិងប្ដឹង ទៅតុលាការ ក្នុងករណីមានការរំលោភច្បាប់។
មាត្រា៩៤:
រដ្ឋបាលសារពើពន្ធ ហើយនិងបុគ្គលគ្រប់រូបដែលជា ឬធ្លាប់ជាមន្ត្រី និងភ្នាក់ងារនៃរដ្ឋបាលសារពើពន្ធ ត្រូវរក្សាសំងាត់នូវពត៌មានទាក់ទងនឹងអ្នកជាប់ពន្ធ ដែលបានទទួលនៅក្នុងពេលបំពេញភារកិច្ចជាផ្លូវការ ហើយអាចផ្ដល់ពត៌មានអោយទៅបុគ្គលដែលមាត្រានេះបានអនុញ្ញាតប៉ុណ្ណោះ។
មន្ត្រី និងភ្នាក់ងារនៃរដ្ឋបាលសារពើពន្ធ អាចផ្ដល់ពត៌មានទាក់ទិននិងអ្នកជាប់ពន្ធអោយចំពោះតែ:
- ១- មន្ត្រី និងភ្នាក់ងារផ្សេងទៀតរបស់រដ្ឋបាលសារពើពន្ធ នៅក្នុងពេល និងក្នុងគោលដៅបំពេញភារកិច្ចតាមបទប្បញ្ញត្តិស្ដីពីពន្ធដារ។
- ២- អាជ្ញាធរព្រហ្មទណ្ឌ សំរាប់គោលដៅប្ដឹងចោទប្រកាន់អំពីបទល្មើសពន្ធដារ។
- ៣- តុលាការនៅក្នុងដំណាក់ការជំរៈក្ដី ដើម្បីកំណត់ពន្ធត្រូវបង់របស់អ្នកជាប់ពន្ធ ឬក៏ការទទួលខុសត្រូវចំពោះការរំលោភបទប្បញ្ញត្តិស្ដីពីពន្ធដារ។
- ៤- អាជ្ញាធរពន្ធដាររបស់ប្រទេសណាមួយទៀត ស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ។
បុគ្គលដែលបានទទួលពត៌មានពីបុគ្គលម្នាក់ទៀត ដែលបានការអនុញ្ញាតអោយផ្ដល់ពត៌មាន ដូចមានចែងក្នុងកថាខ័ណ្ឌ២ នៃមាត្រានេះ ត្រូវរក្សាសំងាត់លើពត៌មាននោះទៅតាមការកំណត់នៃមាត្រានេះ លើកលែងតែកំរិតអប្បបរមាណាមួយ ដែលចាំបាច់ត្រូវអនុញ្ញាតអោយផ្ដល់ពត៌មាននេះ។ ពត៌មានទាក់ទិននឹងអ្នកជាប់ពន្ធអាចផ្ដល់អោយទៅបុគ្គលម្នាក់ទៀតបាន បើសិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធ។
មាត្រា៩៥:
លិខិតស្នាម ឬការជូនដំណឹងដែលរដ្ឋបាលសារពើពន្ធផ្ដល់ទៅអោយអ្នកជាប់ពន្ធ មានលក្ខណៈជាការដាក់អោយអ្នកជាប់ពន្ធនោះមានកាតព្វកិច្ចចំពោះ រដ្ឋបាលសារពើពន្ធ លុះណាតែលិខិត ស្នាម ឬការជូនដំណឹងនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរ និងត្រូវបានប្រគល់អោយដល់អ្នកជាប់ពន្ធ។
ក្នុងករណីដែលបទប្បញ្ញត្តិស្ដីពីពន្ធដារ តំរូវអោយរដ្ឋបាលសារពើពន្ធផ្ដល់ដំណឹងជាលាយលក្ខណ៍អក្សរទៅអោយ បុគ្គល លិខិតជូនដំណឹងនោះ ត្រូវបានចាត់ទុកថាបានប្រគល់យ៉ាងត្រឹមត្រូវ លុះណាតែលិខិតនោះត្រូវបានប្រគល់អោយដោយផ្ទាល់ដល់បុគ្គលនោះ ឬក៏បានផ្ញើតាមប្រៃសណីយ៍ជាលិខិតអនុសិដ្ឋទៅអាស័យដ្ឋានតាមផ្លូវ ច្បាប់របស់បុគ្គលនោះ។
កាលបរិច្ឆេទនៃការជូនដំណឹង ឬឯកសារផ្សេងៗ គឺជាកាលបរិច្ឆេទនៃការប្រគល់អោយដល់ដៃបុគ្គល។ ក្នុងករណីលិខិតជូនដំណឹងត្រូវបានផ្ញើតាមលិខិតអនុសិដ្ឋ កាលបរិច្ឆេទនៃការជូនដំណឹង គឺជាកាលបរិច្ឆេទនៃការបោះត្រាលើលិខិតអនុសិដ្ឋរបស់ការិយាល័យ ប្រៃសណីយ៍ ដែលលិខិតអនុសិដ្ឋនោះត្រូវបានទទួលដោយអ្នកជាប់ពន្ធ។ លិខិតជូនដំណឹងត្រូវចាត់ទុកថាបានប្រគល់ទទួលត្រឹមត្រូវ កាលបើល័ក្ខខណ្ឌក្នុងកថាខ័ណ្ឌ២ នៃមាត្រានេះត្រូវបានបំពេញរួចហើយ ទោះបីជាបុគ្គលដែលត្រូវបានជូនដំណឹងនោះ បដិសេធការប្រគល់ដោយផ្ទាល់ ឬដោយលិខិតអនុសិដ្ឋក្ដី។ ក្នុងករណីដែលអាស័យដ្ឋានរបស់បុគ្គលត្រូវបានផ្លាស់ប្តូរ ហើយបុគ្គលមិនបានជូនដំណឹងដល់រដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្ដូរ នោះទេ លិខិតជូនដំណឹងដែលបានបញ្ជូនទៅអាស័យដ្ឋាន ដែលបានស្គាល់ចុងក្រោយបង្អស់ មត្រូវចាត់ទុកថាបានប្រគល់ទទួលត្រឹមត្រូវ។
មាត្រា៩៦:
រដ្ឋបាលសារពើពន្ធត្រូវបានរៀបចំសៀវភៅពន្យល់ខ្លីៗស្ដីពីខ្លឹមសារសំខាន់ៗ នៃប្រភេទពន្ធនីមួយៗ។
ចំពោះប្រភេទពន្ធណាមួយ ដែលរដ្ឋបាលសារពើពន្ធកំណត់ថា គួរចុះធ្វើការពន្យល់ណែនាំនោះ មន្ត្រីពន្ធដារនៅតាមមូលដ្ឋាន ត្រូវចុះអប់រំដល់អ្នកជាប់ពន្ធអោយបានយល់អំពីកាតព្វកិច្ច និងសិទ្ធិរបស់អ្នកជាប់ពន្ធទាំងនោះ។
មាត្រា៩៧:
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកសាងប្រព័ន្ធលើកទឹកចិត្តមួយសំរាប់មន្ត្រីភ្នាក់ងារ រដ្ឋបាលសារពើពន្ធ។នីតិវិធីសំរាប់ដំណើរការប្រព័ន្ធលើកទឹកចិត្តនេះ ត្រូវកំណត់ដោយប្រកាស។
មាត្រា៩៨:
អ្នកជាប់ពន្ធត្រូវកាន់កាប់ កត់ត្រា និងរក្សាទុកបញ្ជី លិខិតយុត្តិការ និងឯកសារហិរញ្ញវត្ថុផ្សេងៗ ដូចដែលបទប្បញ្ញត្តិស្ដីពីពន្ធដារកំណត់ និងត្រូវដាក់បញ្ជី និងឯកសារទាំងនោះតាមការតំរូវ ជូនរដ្ឋបាលសារពើពន្ធ ដើម្បីពិនិត្យ។
ចំពោះអ្នកជាប់ពន្ធដែលពុំមានកាតព្វកិច្ចកាន់កាប់បញ្ជីគណនេយ្យតាម ប្លង់គណនេយ្យទូទៅនៃព្រះរាជាណាចក្រកម្ពុជា ត្រូវកាន់ទិនានុប្បវត្តិដោយកត់ត្រាចុះតាមលំដាប់ថ្ងៃ ខែ នូវចំណូល និងចំណាយផ្សេងៗទាំងអស់ដែលទាក់ទិននឹងអាជីវកម្ម ទៅតាមទំរង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់។
បុគ្គលដែលត្រូវកាន់កាប់ កត់ត្រា ឬរក្សាទុកបញ្ជី ឯកសារនានា ឬទិនានុប្បវត្តិដែលបានកំណត់ដោយបទប្បញ្ញត្តិស្ដីពីពន្ធដារ ឬបទប្បញ្ញត្តិដទៃ ត្រូវរក្សាទុកបញ្ជី ឬឯកសារទាំងនោះ ក្នុងរយៈពេល១០ឆ្នាំ គិតពីដំណាច់ឆ្នាំជាប់ពន្ធ។ វិក្កយបត្រត្រូវតែចេញអោយលើរាល់កិច្ចការជំនួញរវាងអ្នកជាប់ពន្ធ និងបុគ្គលដទៃទៀត។ វិធាន និងខ្លឹមសារនៃវិក្ក័យប័ត្រ ត្រូវកំណត់ដោយអនុក្រឹត្យ។ អ្នកជាប់ពន្ធត្រូវកត់ត្រាសេចក្ដីរាយលំអិត នៃវិក្ក័យប័ត្រអោយបានត្រឹមត្រូវចូលក្នុងទិនានុប្បវត្តិ។
មាត្រា៩៩:
ក្នុងគោលដៅកំណត់ប្រាក់ពន្ធត្រូវបង់របស់បុគ្គលណាម្នាក់ ឬដើម្បីប្រមូលពន្ធសារពើពន្ធអាចធ្វើលិខិតជូនដំណឹងដល់អ្នកជាប់ ពន្ធ ឬតតិយជនអោយ:
- - ផ្ដល់ពត៌មានដែលទាក់ទិននឹងអ្នកជាប់ពន្ធ ដូចមានចែងក្នុងលិខិតជូនដំណឹង ដូចជាពត៌មានមានស្ដីពីអ្នកផ្គត់ ផ្គង់អតិថិជន ឬគណនីនៅធនាគារ។
- - បង្ហាញខ្លួនទៅតាមពេលវេលា និងទីកន្លែងដែលមានបញ្ជាក់នៅក្នុងលិខិតជូនដំណឹង ដើម្បីផ្ដល់ពត៌មាន និងដើម្បីបង្ហាញ ឬផ្ដល់ឯកសារ ឬទិន្នន័យ ដែលបុគ្គលនោះគ្រប់គ្រង ដែលមានបញ្ជាក់យ៉ាងច្បាស់លាស់នៅក្នុងលិខិតជូនដំណឹង។
បន្ថែមលើពត៌មានដែលបានតំរូវដូចមានចែងក្នុងកថាខ័ណ្ឌ១ នៃមាត្រានេះ លិខិតជូនដំណឹងត្រូវមានចុះឈ្មោះ និងលេខអត្តសញ្ញាណកម្មនៃបុគ្គលអ្នកជាប់ពន្ធ (បើសិនជាមាន) ហើយនិងហត្ថលេខារបស់រដ្ឋបាលសារពើពន្ធ ដែលចេញលិខិតជូនដំណឹង។
មាត្រា១០០:
ចំពោះមុខ សំរាប់ការស៊ើបអង្កេតនីមួយៗដោយមានលិខិតបញ្ជាបេសកកម្ម រដ្ឋបាលសារពើពន្ធមានសិទ្ធិចូលទៅក្នុងគ្រឹះស្ថានអាជីវកម្ម ទីកន្លែងដែលបានចាត់ទុកថាជាគ្រឹះស្ថានអាជីវកម្ម ជាកន្លែងដែលបើកសាធារណៈ ឬទីកន្លែងដទៃទៀត ដើម្បីធ្វើការកំណត់ប្រាក់ពន្ធត្រូវបង់របស់បុគ្គលណាម្នាក់ ឬដើម្បីប្រមូលពន្ធ:
- - នៅក្នុងពេលម៉ោងអាជីវកម្ម
- - នៅគ្រប់ពេលទាំងអស់ស្របតាមល័ក្ខខ័ណ្ឌ និងហេតុផលដែលមានបញ្ជាក់នៅក្នុងដីកាដែលចៅក្រមបានចេញអោយ។
រដ្ឋបាលសារពើពន្ធដែលបានចូលដោយស្របច្បាប់ទៅក្នុងទីកន្លែង ដូចដែលមានចែងក្នុងកថាខ័ណ្ឌ១ នៃមាត្រានេះ អាច:
- - ធ្វើសំរង់ ឬចំលងឯកសារនានាដែលស្ថិតនៅក្នុងកន្លែងនោះ
- - រឹបអូសឯកសារនានា ឬវត្ថុតាងដទៃទៀត ដែលអាចក្លាយជាពត៌មានសំរាប់កំណត់ប្រាក់ពន្ធត្រូវបង់របស់បុគ្គល ណាម្នាក់
- - ដាក់ឧបករណ៍សំរាប់ត្រួតពិនិត្យផ្សេងៗ ឬបោះត្រាបិទសំគាល់ឃាត់ទុកទំនិញ បើសិនជាមានជាប់ទាក់ទងដល់ការអនុវត្តពន្ធណាមួយ
- - ធ្វើសារពើភ័ណ្ឌទ្រព្យសកម្ម វត្ថុធាតុដើម ផលិតផលកំពុងផលិត ផលិតផលសំរេច និងស្តុកដទៃទៀត។
រដ្ឋបាលសារពើពន្ធអាចតំរូវអោយស្ថាប័នធនាគារដែលស្ថិតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ផ្ដល់ពត៌មានអំពីគណនីរបស់អ្នកជាប់ពន្ធនៅធនាគារ។ ពេលចូលទៅធ្វើការស៊ើបអង្កេត រដ្ឋបាលសារពើពន្ធត្រូវមានអាកប្បកិរិយាសមរម្យ ចៀសវាងប្រការដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស និងអាជីវកម្មរបស់អ្នកជាប់ពន្ធ។ ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតដល់ទីកន្លែងនេះពុំត្រូវអនុវត្តអោយហួសកំរិតនៃការ ចាំបាច់ឡើយ។
មាត្រា១០១:
បុគ្គលទាំងឡាយត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងកំឡុង ១៥ថ្ងៃ ក្រោយពីបុគ្គលនោះចាប់ផ្ដើមធ្វើសកម្មភាពសេដ្ឋកិច្ច។
បុគ្គលទាំងឡាយត្រូវជូនដំណឹងទៅរដ្ឋបាលសារពើពន្ធក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីការផ្លាស់ប្ដូរអាសយដ្ឋាន ទ្រង់ទ្រាយ នាមករណ៍ កម្មវត្ថុអាជីវកម្ម ការផ្ទេរ ការបញ្ឈប់អាជីវកម្មសមាសភាពអ្នកគ្រប់គ្រង ឬអ្នកទទួលបន្ទុកកិច្ចការពន្ធដាររបស់សហគ្រាស។
មាត្រា១០២:
នៅពេលបានអនុវត្តការចុះបញ្ជីរួចរាល់ហើយ រដ្ឋបាលសារពើពន្ធត្រូវចេញនូវលិខិតបញ្ជាក់ការចុះបញ្ជីមួយ ដែលមានចុះលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់បុគ្គល។ លេខអត្តសញ្ញាណកម្មនេះ ត្រូវយកទៅប្រើប្រាស់លើគ្រប់ឯកសារទាក់ទិននឹងពន្ធដារ។
គ្រប់នាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រូវតែប្រើលេខអត្តសញ្ញាណកម្មក្នុងមាត្រានេះ។ រាល់កិច្ចសន្យាជាមួយស្ថាប័នរដ្ឋ ត្រូវតែមានចុះលេខអត្តសញ្ញាណកម្មសារពើពន្ធ ទើបទុកជាបាន ការ។
មាត្រា១០៣:
រដ្ឋបាលសារពើពន្ធមានសិទ្ធិចុះបញ្ជីចំពោះបុគ្គលទាំងឡាយណាដែល ច្បាប់បានកំណត់អោយចុះបញ្ជី ហើយពុំបានមកចុះបញ្ជី ក្នុងករណីនេះរដ្ឋបាលសារពើពន្ធអាចកំណត់កាលបរិច្ឆេទមានប្រសិទ្ធភាព នៃការចុះបញ្ជី។
ផ្នែកទី ៤៖ ប្រកាសសារពើពន្ធ
editមាត្រា១០៤:
អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធទៅតាមទំរង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់។
លិខិតប្រកាសសារពើពន្ធ ត្រូវចុះហត្ថលេខាដោយអ្នកជាប់ពន្ធ ឬតំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ។
មាត្រា១០៥:
បុគ្គលណាមួយដែលបានបើកប្រាក់អោយទៅបុគ្គលផ្សេងទៀត ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធ នូវលិខិតប្រកាសពត៌មានស្ដីពីការបើកប្រាក់នោះ ទៅតាមបែបបទដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ។
មាត្រា១០៦:
បុគ្គលដែលជាតំណាងអ្នកជាប់ពន្ធ ត្រូវមានសិទ្ធជំនួសមុខអោយអ្នកជាប់ពន្ធដើម្បី:
- - ដាក់លិខិតប្រកាសសារពើពន្ធ
- - បង្ហាញរបាយការណ៍ ឬលិខិតស្នាមផ្សេងៗ
- - បង់ពន្ធអាករទាំងឡាយដែលកំណត់ដោយបទប្បញ្ញត្តិស្ដីពីពន្ធដារ
- - ធ្វើបណ្ដឹងតវ៉ា និងបណ្ដឹងឧទ្ទរណ៍
- - បំពេញរាល់កាតព្វកិច្ចដែលអ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះមុខបទប្បញ្ញត្តិស្ដីពីពន្ធដារ។
អ្នកជាប់ពន្ធអាចធ្វើការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរទៅអោយ បុគ្គលម្នាក់ទៀត អោយធ្វើសកម្មភាពជំនួសមុខខ្លួនក្នុងបញ្ហាពន្ធដារ ដោយមានសិទ្ធិ និងកាតព្វកិច្ច ដូចមានចែងក្នុងកថាខ័ណ្ឌ១ នៃមាត្រា នេះ។ អ្នកជាប់ពន្ធអាចកំណត់ព្រំដែនសិទ្ធិអំណាចនៃការផ្ទេរសិទ្ធិនេះ។ រដ្ឋបាលសារពើពន្ធអាចតំរូវអោយបុគ្គលដែលធ្វើសកម្មភាពក្នុងនាមអ្នក ជាប់ពន្ធលើមូលដ្ឋាននៃការផ្ទេរ សិទ្ធិដាក់ជូនពិនិត្យនូវភស្តុតាងជាលាយលក្ខណ៍អក្សរនៃការផ្ទេរ សិទ្ធិនោះ។ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចទទួលខុសត្រូវដោយផ្ទាល់ ចំពោះរាល់សកម្មភាពរបស់បុគ្គលដែលជា តំណាងតាមផ្លូវច្បាប់របស់ខ្លួន ឬបុគ្គលដែលបានទទួលការផ្ទេរសិទ្ធិពីខ្លួន រហូតដល់ពេលណាដែលសារពើពន្ធបានទទួលសេចក្ដីបញ្ជាក់ជាលាយលក្ខណ៍ អក្សរពីអ្នកជាប់ពន្ធ ស្ដីពីការលុបចោលនូវការផ្ទេរសិទ្ធិ នោះ។ បុគ្គលដែលជាតំណាងរបស់អ្នកជាប់ពន្ធ ត្រូវចុះបញ្ជីនូវទំនាក់ទំនងរបស់ខ្លួននៅរដ្ឋបាលសារពើពន្ធ ក្នុងកំឡុងពេល១៥ថ្ងៃ ក្រោយពេលដែលទំនាក់ទំនងនោះបានកើតឡើង។
ផ្នែកទី ៥៖ ការប្រមូលពន្ធ
editមាត្រា១០៧:
ការបង់ពន្ធត្រូវបានកំណត់ដូចតទៅ:
- ១- ប្រាក់ពន្ធត្រូវដល់កំណត់ និងត្រូវបង់នៅក្នុងរយៈពេលដែលបទប្បញ្ញត្តិស្ដីពីពន្ធដារបានតំរូវ អោយធ្វើការដាក់លិខិតប្រកាសសារពើពន្ធ។
- ២- បំណុលសារពើពន្ធ ត្រូវដល់កំណត់ និងត្រូវបង់ក្នុងរយៈពេល៣០ថ្ងៃ ក្រោយពីការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធ។
- ៣- ប្រាក់ពន្ធត្រូវដល់កំណត់ និងត្រូវបង់ក្នុងរយៈពេល៣ថ្ងៃ ក្រោយពីការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធ ដូចមានចែងក្នុងកថាខ័ណ្ឌ៤ មាត្រា១១៦ នៃច្បាប់នេះ។
- ៤- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកំណត់ដោយប្រកាសនូវវិធាន និងនីតិវិធី ដើម្បី:
- ក- កំណត់កាលបរិច្ឆេទទារបំណុលពន្ធ ដើម្បីចៀសវាងការខាតបង់ដោយទារបំណុលពន្ធមិនបាន។
- ខ- ចាត់ទុកបំណុលពន្ធជាប្រាក់ពន្ធដែលមិនអាចប្រមូលបាន។
មាត្រា១០៨:
ប្រសិនបើអភិបាល ឬបណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាសណាមួយដឹងឭ ឬមានចេតនាធ្វើអោយសហគ្រាសមិនរាយការណ៍ ឬរាយការណ៍បន្ថយនូវប្រាក់ពន្ធ ដោយរំលោភទៅលើបទប្បញ្ញត្តិស្ដីពីពន្ធដារ ឬមិនអោយបង់ពន្ធកាត់ទុកជូនរដ្ឋបាលសារពើពន្ធ អភិបាល ឬបណ្ណាធិការ ឬកម្មសិទ្ធិករទាំងនោះ ត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះប្រាក់ពន្ធដែលត្រូវបង់។
ផ្នែកទី ៦៖ អំណាចរបស់រដ្ឋបាលសារពើពន្ធក្នុងការប្រមូលប្រាក់ពន្ធ
editមាត្រា១០៩:
ប្រសិនបើបុគ្គលដែលមានកាតព្វកិច្ចបង់ពន្ធតាមការតំរូវនៃ បទប្បញ្ញត្តិស្ដីពីពន្ធដារ ធ្វេសប្រហែស ឬបដិសេធមិនព្រមបង់ពន្ធក្រោយពេលដែលលិខិតជូនដំណឹងរំលឹកការទារ បំណល់ពន្ធត្រូវបានប្រគល់ត្រឹមត្រូវ រដ្ឋបាលសារពើពន្ធ ត្រូវមានសិទ្ធឃុំគ្រងលើទ្រព្យសម្បត្តិបុគ្គលនោះសមស្របនឹងបំណុល ពន្ធ។
សិទ្ធិឃុំគ្រងលើទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធ កើតមានឡើងនៅថ្ងៃដែលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ ត្រូវបានប្រគល់ទៅអោយអ្នកជាប់ ពន្ធដូចមានចែងក្នុងមាត្រា៩៥ នៃច្បាប់នេះ។
បើល័ក្ខខ័ណ្ឌទាំងឡាយនៃមាត្រានេះត្រូវបានបំពេញត្រឹមត្រូវហើយនោះ សិទ្ធិឃុំគ្រងលើទ្រព្យសម្បត្តិដូចមានចែងក្នុងកថាខ័ណ្ឌ១ មានសុពលភាព និងអាទិភាពលើសិទ្ធិដទៃទៀតទាំងអស់ដែលមានពីមុនមក ឬដែលកើតឡើងក្រោយសិទ្ធិឃុំគ្រងលើទ្រព្យសម្បត្តិរបស់អ្នកជាប់ ពន្ធ។
បុគ្គលទាំងឡាយអាចធ្វើការតវ៉ាទៅរដ្ឋបាលសារពើពន្ធ ដើម្បីសុំអោយលើកសិទ្ធិឃុំគ្រងលើទ្រព្យសម្បត្តិរបស់ខ្លួនដូចមាន ចែងក្នុងកថាខ័ណ្ឌ១ នៃមាត្រានេះ ដោយលើកឡើងនូវកំហុសឆ្គងក្នុងការដាក់សិទ្ធិ នោះ។
ប្រសិនបើរដ្ឋបាលសារពើពន្ធបានពិនិត្យឃើញថាការដាក់សិទ្ធិឃុំគ្រង លើទ្រព្យសម្បត្តិនោះ មានការខុស ឆ្គង រដ្ឋបាលសារពើពន្ធត្រូវចេញលិខិតបញ្ជាក់អំពីការលើកសិទ្ធិឃុំគ្រង លើទ្រព្យសម្បត្តិក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីពិនិត្យឃើញ ព្រមទាំងចុះក្នុងលិខិតបញ្ជាក់នោះថា ការដាក់សិទ្ធិឃុំគ្រងនោះមានការ ខុសឆ្គង។
មាត្រា១១០:
រដ្ឋបាលសារពើពន្ធ ត្រូវធ្វើលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធទៅអ្នកជាប់ពន្ធ យ៉ាងតិច១៥ថ្ងៃ មុនអនុវត្តវិធានការតឹងទារ។
មាត្រា១១១:
ការរឹបអូសទ្រព្យសម្បត្តិអ្នកជាប់ពន្ធ ត្រូវបានកំណត់ដូចតទៅ:
- ១- ប្រសិនបើអ្នកជាប់ពន្ធមិនបានបង់បំណុលពន្ធក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ រដ្ឋបាលសារពើពន្ធអាចរឹបអូសទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធ ដើម្បីធានាបំណុលពន្ធព្រមទាំងសោហ៊ុយចំណាយក្នុងការប្រមូលពន្ធនោះ។ សំរាប់គោលដៅនៃច្បាប់នេះ ពាក្យ”ការរឹបអូស” សំដៅដល់ការរឹបអូសតាមគ្រប់មធ្យោបាយ និងការលក់ទ្រព្យសម្បត្តិអ្នកជាប់ពន្ធដោយរដ្ឋបាលសារពើពន្ធ តែមិនត្រូវរឹបអូសទ្រព្យសម្បត្តិអោយហួសពីបំណុលពន្ធ និងចំណាយក្នុងការប្រមូលពន្ធឡើយ។
- ២- បុគ្គលដែលមានភារៈកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធ ដែលត្រូវរដ្ឋបាលសារពើពន្ធរឹបអូស ដូចក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ មិនអាចបង្វិលទ្រព្យសម្បត្តិនោះទៅអោយអ្នកជាប់ពន្ធវិញ ឬក៏យកទ្រព្យសម្បត្តិនោះទៅធ្វើការទូទាត់ផ្សេងៗបានទេ លើកលែងតែការទូទាត់ដែលរដ្ឋបាលសារពើពន្ធបានអនុញ្ញាត។
- ៣- រដ្ឋបាលសារពើពន្ធអាចអនុវត្តការរឹបអូសទ្រព្យសម្បត្តិរបស់អ្នកជាប់ ពន្ធដែលកាន់កាប់ និងគ្រប់គ្រងដោយបុគ្គលដទៃទៀត យ៉ាងតិច១៥ថ្ងៃក្រោយពេលជូនដំណឹងដល់អ្នកកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិនោះ។
- ៤- បុគ្គលអ្នកកាន់កាប់ និងគ្រប់គ្រងលើទ្រព្យសម្បត្តិដែលត្រូវរឹបអូស ត្រូវប្រគល់ទ្រព្យសម្បត្តិនោះ ឬក៏បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម ការប្រាក់ និងសោហ៊ុយចំណាយក្នុងការប្រមូលពន្ធជូនរដ្ឋបាលសារពើពន្ធលើកលែងតែ ចំណែកទ្រព្យសម្បត្តិណាមួយ ដែលស្ថិតនៅក្នុងដំណើរការជំរៈបញ្ជីរំលាយសកម្មភាពអាជីវកម្ម។
- ៥- បុគ្គលដែលមិនបានប្រគល់ទ្រព្យសម្បត្តិដូចមានចែងក្នុងកថាខ័ណ្ឌ៤ នៃមាត្រានេះ ត្រូវទទួលខុសត្រូវលើចំនួនទឹកប្រាក់នៃតំលៃទ្រព្យសម្បត្តិនោះ ប៉ុន្តែមិនលើសពីចំនួនទឹកប្រាក់ដែលជាកម្មវត្ថុនៃការរឹបអូសនោះ ទេ។
- ៦- បុគ្គលណាដែលបានប្រតិបត្តិតាមការតំរូវក្នុងកថាខ័ណ្ឌ២ និងកថាខ័ណ្ឌ៤ នៃមាត្រានេះ ត្រូវបានរួចផុតអំពីការទទួលខុសត្រូវចំពោះអ្នកជាប់ពន្ធ ឬតតិយជន លើទ្រព្យសម្បត្តិ ប្រាក់ពន្ធ ឬកាតព្វកិច្ច ផ្សេងទៀតដែលបានប្រគល់ជូនទៅរដ្ឋបាលសារពើពន្ធ។
- ៧- ប្រសិនបើរដ្ឋបាលសារពើពន្ធមានមូលដ្ឋានត្រឹមត្រូវជឿជាក់ថា ការប្រមូលពន្ធអាចមានឧបសគ្គ រដ្ឋបាលសារពើពន្ធអាចទាមទារអោយអ្នកជាប់ពន្ធបង់ពន្ធភ្លាម ហើយបើអ្នកជាប់ពន្ធមិនបានបំពេញតាមការទាមទារនេះទេ អាចរឹបអូសទ្រព្យសម្បត្តិអ្នកជាប់ពន្ធភ្លាម។
- ៨- ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដូចមានកំណត់ក្នុងអនុក្រឹត្យ ត្រូវបានរួចផុតពីការរឹបអូស។
- ៩- ការលក់ទ្រព្យសម្បត្តិរឹបអូស ត្រូវធ្វើឡើងតាមការដាក់អោយដេញថ្លៃ។ សោហ៊ុយចំណាយផ្សេងៗក្នុងការលក់ទ្រព្យសម្បត្តិគឺជាបន្ទុករបស់អ្នក ជាប់ពន្ធ។
មាត្រា១១២:
ទ្រព្យសម្បត្តិដែលត្រូវរឹបអូសដោយច្បាប់នេះ ត្រូវរឹបអូស កាន់កាប់ និងទទួលខុសត្រូវដោយរដ្ឋបាលសារពើពន្ធតែប៉ុណ្ណោះ។ ស្ថាប័នផ្សេងៗរបស់រាជរដ្ឋាភិបាល មិនអាចប្រើច្បាប់នេះ ដើម្បីរឹបអូស ឬកាន់កាប់ទ្រព្យសម្បត្តិនោះដោយផ្ទាល់ឡើយ។ បើមានការលក់នូវទ្រព្យសម្បត្តិដែលបានរឹបអូសដោយច្បាប់នេះ ចំណែកណាមួយនៃប្រាក់លក់បានដែលលើសអំពីបំណុលពន្ធរបស់អ្នកជាប់ ពន្ធនៅក្រោមច្បាប់នេះ ត្រូវបង្វិលទៅម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិនោះវិញ។
មាត្រា១១៣:
ការរឹបអូសក្នុងមាត្រា១១១ នៃច្បាប់នេះ អាចមានទាំងការឃាត់ទុកគណនីរបស់អ្នកជាប់ពន្ធនៅធនាគារ តាមលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ ហើយដែលមានប្រសិទ្ធភាពអនុវត្តភ្លាម ក្រោយពីការប្រគល់លិខិតនោះទៅអោយធនាគារ។
តាមរយៈការជូនដំណឹងអោយឃាត់ទុកគណនីធនាគារនេះ ធនាគារមិនអាចបើកគណនីថ្មីទៀតអោយអ្នកជាប់ពន្ធដដែលបានទេ ហើយក៏មិនអាចធ្វើការទូទាត់ផ្សេងៗចេញពីគណនីនោះបានឡើយ លើកលែងតែបង់ប្រាក់ដែលរដ្ឋបាលសារពើពន្ធកំណត់អោយ ដើម្បីទូទាត់ប្រាក់ពន្ធត្រូវបង់ ការប្រាក់ ហើយនិងពន្ធបន្ថែមផ្សេងទៀត។
គណនីធនាគារដែលបានឃាត់ទុកអាចបើកអោយប្រើវិញបាន លុះត្រាតែមានលិខិតជូនដំណឹងរដ្ឋបាលសារពើពន្ធ។
ធនាគារដែលមិនបានអនុវត្តតាមលិខិតជូនដំណឹងក្នុងកថាខ័ណ្ឌ១ នៃមាត្រានេះ ត្រូវទទួលខុសត្រូវចំពោះរដ្ឋបាលសារពើពន្ធ នូវកំរិតទឹកប្រាក់ដែលមាននៅក្នុងគណនីរបស់អ្នកជាប់ពន្ធ នៅពេលដែលលិខិតជូនដំណឹងត្រូវបានប្រគល់អោយ។
មាត្រា១១៤:
ការរឹបអូសនៅក្នុងមាត្រា១១១ នៃច្បាប់នេះ អាចរួមបញ្ចូលផងដែរនូវការបញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូល។ ការបញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូល សំដៅដល់ការឃាត់ទុកដោយរដ្ឋបាលគយ នូវទំនិញនាំចូល បញ្ជូនអោយអ្នកជាប់ពន្ធ និងទំនិញដែលត្រូវនាំចេញដោយអ្នកជាប់ពន្ធតាមលិខិតជូនដំណឹងរបស់ រដ្ឋបាលសារពើពន្ធ ដែលមានប្រសិទ្ធភាពអនុវត្តភ្លាម ក្រោយពេលដែលលិខិតនោះបានប្រគល់អោយរដ្ឋបាលគយ។
រដ្ឋបាលសារពើពន្ធអាចរឹបអូស និងលក់ទំនិញរបស់អ្នកជាប់ពន្ធ ដែលបានឃាត់ទុកដោយរដ្ឋបាលគយទៅតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុង មាត្រា១១១ នៃច្បាប់នេះ។
ការអនុញ្ញាតិអោយប្រតិបត្តិការនាំចេញ-នាំចូលរួចពីការបញ្ឈប់ ត្រូវអនុវត្តតាមលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ។
ទំនិញឃាត់ទុកដោយរដ្ឋបាលគយ ដែលមិនមែនជារបស់អ្នកជាប់ពន្ធ ត្រូវបានរួចផុតពីការឃាត់ទុកដោយមានការយល់ព្រមពីរដ្ឋបាល សារពើពន្ធ។
មាត្រា១១៥:
ការរឹបអូសក្នុងមាត្រា១១១ នៃច្បាប់នេះ អាចមានទាំងការចេញលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចស្នើសុំអោយទុកជាមោឃៈ នូវលិខិតអនុញ្ញាតនិងអាជ្ញាប័ណ្ណផ្សេងៗរបស់អ្នកជាប់ពន្ធ ដើម្បីអនុវត្តសកម្មភាពណាមួយ។
ផ្នែកទី ៧៖ ការកំណត់ពន្ធ
editមាត្រា១១៦:
ចំនួនប្រាក់ពន្ធត្រូវបានកំណត់ដូចតទៅ:
- ១- ក្នុងករណីដែលប្រាក់ពន្ធរបស់អ្នកជាប់ពន្ធត្រូវបានបង់តាមវិធី កាត់ទុក ហើយអ្នកជាប់ពន្ធគ្មានកាតព្វកិច្ចធ្វើប្រកាសសារពើពន្ធទេនោះ ការកំណត់ពន្ធរបស់អ្នកជាប់ពន្ធ គឺជាការកំណត់ចំនួនប្រាក់ពន្ធដែលបានកាត់ទុកនៅក្នុងឆ្នាំ ប្រតិទិន។
- ២- ក្នុងករណីដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកមានកាតព្វកិច្ចត្រូវដាក់លិខិតប្រកាសសារពើពន្ធ ការកំណត់ពន្ធរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក គឺជាការកំណត់ពន្ធដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកបានគណនានៅលើលិខិតប្រកាសសារពើពន្ធ ដែលដាក់ជូនរដ្ឋបាលសារពើពន្ធ។
- ៣- ក្នុងករណីដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ ប៉ុន្តែមិនបានធ្វើលិខិតប្រកាស មិនបានរក្សាទុកអោយបានត្រឹមត្រូវនូវបញ្ជីកាគណនេយ្យ ឬឯកសារផ្សេងទៀតតាមការតំរូវ ឬមិនបានផ្ដល់ពត៌មានចាំបាច់ជូនរដ្ឋបាលសារពើពន្ធ ដើម្បីកំណត់ពន្ធអោយបានត្រឹមត្រូវការកំណត់ពន្ធរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក គឺជាការកំណត់ពន្ធជាឯកតោភាគី ដែលរដ្ឋបាលសារពើពន្ធបានធ្វើ និងបានប្រគល់អោយបុគ្គលនោះ។ ការកំណត់ពន្ធជាឯកតោភាគី ត្រូវផ្អែកលើ:
- ក- ពត៌មានដែលមានចុះនៅក្នុងលិខិតប្រកាសសារពើពន្ធនានា ឬឯកសារផ្សេងទៀតដែលអ្នកជាប់ពន្ធបានដាក់ជូនរដ្ឋបាលសារពើពន្ធ។
- ខ- ពត៌មានដែលមានចុះក្នុងលិខិតប្រកាសពត៌មាន
- គ- ពត៌មានផ្សេងទៀត ដែលរដ្ឋបាលសារពើពន្ធបានទទួល។
- ៤- បើសិនជាមានមូលដ្ឋានបញ្ជាក់ថា ការប្រមូលពន្ធអាចមានឧបសគ្គ រដ្ឋបាលសារពើពន្ធអាចធ្វើការកំណត់ពន្ធលើអ្នកជាប់ពន្ធនៅពេលណា មួយក៏បាន។
មាត្រា១១៧:
ការកំណត់ពន្ធឡើងវិញ និងរយៈពេលកំណត់ពន្ធឡើងវិញត្រូវបានដំណើរការដូចតទៅ:
- ១- ចំពោះការកំណត់ពន្ធដែលផ្អែកតាមកថាខ័ណ្ឌ១ នៃមាត្រា១១៦ នៃច្បាប់នេះ រដ្ឋបាលសារពើពន្ធអាចធ្វើការកំណត់ពន្ធឡើងវិញក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីឆ្នាំប្រតិទិនដែលការកាត់ទុកបានកើតឡើង។
- ២- ចំពោះការកំណត់ពន្ធដែលផ្អែកតាមកថាខ័ណ្ឌ២ និងកថាខ័ណ្ឌ៣ នៃមាត្រា១១៦ នៃច្បាប់នេះរដ្ឋបាលសារពើពន្ធអាចធ្វើការកំណត់ពន្ធឡើងវិញក្នុង រយៈពេលណាមួយខាងក្រោមនេះ:
- ក- ក្នុងរយៈពេល៣ឆ្នាំ ក្រោយថ្ងៃដាក់លិខិតប្រកាសសារពើពន្ធ
- ខ- ក្នុងរយៈពេល១០ឆ្នាំ ក្រោយកាលបរិច្ឆេទដែលតំរូវអោយដាក់លិខិតប្រកាសសារពើពន្ធ ប្រសិនបើមានភស្តុតាងបញ្ជាក់ថាមានអំពើរាំងស្ទះដល់ការអនុវត្ត បទប្បញ្ញត្តិស្ដីពីពន្ធដារ
- គ- ក្នុងរយៈពេលណាមួយក៏បានតាមការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកជាប់ពន្ធ។
- ៣- អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក អាចស្នើសុំធ្វើការកែតំរូវលិខិតប្រកាសសារពើពន្ធ ក្នុងរយៈ ពេល៣ឆ្នាំក្រោយពីកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសសារពើពន្ធតាម កថាខ័ណ្ឌ២ នៃមាត្រា១១៦ នៃច្បាប់នេះដោយផ្អែកលើមូលដ្ឋាននៃការភ័ន្តច្រឡំ ឬការភ្លាំងភ្លាត់ ដែលអ្នកជាប់ពន្ធបានធ្វើនៅក្នុងលិខិតប្រកាសពីមុន។ ប្រសិនបើលទ្ធផលប្រកាសសារពើពន្ធកែតំរូវនោះ បណ្ដាលអោយមានការបង្វិលសងប្រាក់ពន្ធ ឬឥណពន្ធ រដ្ឋបាលសារពើពន្ធអាចធ្វើការពិនិត្យបញ្ជាក់តាមនីតិវិធីត្រួតពិនិត្យ សារពើពន្ធ។
- ៤- អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក អាចស្នើសុំអោយរដ្ឋបាលសារពើពន្ធធ្វើការកែតំរូវការកំណត់ពន្ធឡើង វិញ ក្នុងរយៈពេល៣ឆ្នាំ ក្រោយកាលបរិច្ឆេទដែលរដ្ឋបាលសារពើពន្ធកំណត់ពន្ធឡើងវិញ ដោយផ្អែកលើពត៌មានបន្ថែមដែលអ្នកជាប់ពន្ធ ឬរដ្ឋបាលសារពើពន្ធមិនបានទទួលក្នុងពេលកំណត់ពន្ធឡើងវិញនោះ។
- ៥- ក្នុងករណីដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកធ្វើការកែតំរូវកំណត់ពន្ធរបស់ខ្លួនឬស្នើសុំ អោយរដ្ឋបាលសារពើពន្ធកែតំរូវការកំណត់ពន្ធឡើងវិញ អាជ្ញាយុកាលនៃការកំណត់ពន្ធឡើងវិញ ក្នុងកថាខ័ណ្ឌ១ និងកថាខ័ណ្ឌ២ នៃមាត្រានេះ ត្រូវចាប់ផ្ដើមគិតពីកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសសារពើពន្ធ កែតំរូវ ឬកាលបរិច្ឆេទដែលរដ្ឋបាលសារពើពន្ធធ្វើការកែតំរូវការកំណត់ពន្ធឡើង វិញ។
មាត្រា១១៨: ការកំណត់ពន្ធឡើងវិញត្រូវបានដំណើរការតាមនីតិវិធីដូចតទៅ: ១- រដ្ឋបាលសារពើពន្ធត្រូវជូនលិខិតជូនដំណឹងស្ដីពីការកំណត់ពន្ធឡើងវិញដល់អ្នកជាប់ពន្ធ។ ២- អ្នកជាប់ពន្ធមានរយៈពេល៣០ថ្ងៃ ដើម្បីឆ្លើយតបចំពោះការកំណត់ពន្ធឡើងវិញទៅការិយាល័យរបស់នាយកដ្ឋាន ពន្ធដារ ដែលទទួលបន្ទុកធ្វើការកំណត់ពន្ធឡើងវិញនោះ។ ក្នុងរយៈពេលនេះ អ្នកជាប់ ពន្ធអាចទទួលយក ឬជំទាស់ចំពោះការកំណត់ពន្ធឡើងវិញ។ អ្នកជាប់ពន្ធត្រូវចាត់ទុកថាយល់ព្រមចំពោះការកំណត់ពន្ធឡើងវិញ បើសិនជាពុំបានឆ្លើយតប។ ៣- បើសិនជាមានការជំទាស់ចំពោះការកំណត់ពន្ធឡើងវិញ អ្នកជាប់ពន្ធត្រូវដាក់ពាក្យតវ៉ាទៅប្រធាននាយកដ្ឋានពន្ធដារ តាមនីតិវិធីដែលមានចែងក្នុងមាត្រា១២០នៃច្បាប់នេះ។ ៤- ការិយាល័យទទួលបន្ទុកការកំណត់ពន្ធឡើងវិញរបស់នាយកដ្ឋានពន្ធដារ ត្រូវបញ្ជូនលទ្ធផលនៃការកំណត់ពន្ធឡើងវិញទៅការិយាល័យប្រមូលពន្ធ ក្នុងរយៈពេល៣០ថ្ងៃ ក្រោយការចេញលិខិតជូនដំណឹងស្ដីពីការកំណត់ពន្ធឡើងវិញ។
មាត្រា១១៩: នៅពេលដែលអ្នកជាប់ពន្ធមិនបានរក្សាទុកឯកសារគ្រប់គ្រាន់ ឬក៏មិនអាចផ្ដល់ពត៌មានគ្រប់គ្រាន់ រដ្ឋបាលសារពើពន្ធមានសិទ្ធកំណត់ពន្ធលើអ្នកជាប់ពន្ធ ដោយផ្អែកលើមូលដ្ឋាននៃពត៌មានជាក់លាក់ ដែលរដ្ឋបាលសារពើពន្ធមាន។ បន្ទុកភស្តុតាងដើម្បីបញ្ជាក់ថា ប្រាក់ពន្ធដែលរដ្ឋបាលសារពើពន្ធកំណត់មិនត្រឹមត្រូវគឺស្ថិតនៅលើ អ្នកជាប់ពន្ធ។ នៅពេលណាដែលប្រាក់ចំណូលជាប់ពន្ធ ឬប្រាក់ចំណូលដែលបានប្រកាសដោយអ្នកជាប់ពន្ធ មានភាពខុសគ្នាច្រើន ធៀបទៅនឹងការទិញទ្រព្យសកម្ម ឬវត្ថុនានាដែលធ្វើអោយឃើញចំណាយរបស់អ្នកជាប់ពន្ធលេចធ្លោឡើងនោះ រដ្ឋបាលសារពើពន្ធមានសិទ្ធិកំណត់ដោយផ្អែកលើមូលដ្ឋាននៃប្រាក់ចំណូល ប៉ាន់ស្មានសមស្របទៅនឹងទំហំនៃចំណាយ ដើម្បីទិញទ្រព្យសកម្ម ឬវត្ថុនានាដែលលេចធ្លោនោះ។ បន្ទុកភស្តុតាងដើម្បីបញ្ជាក់ថាប្រាក់ពន្ធដែលរដ្ឋបាលសារពើពន្ធ កំណត់មិនត្រឹមត្រូវ គឺស្ថិតនៅលើអ្នកជាប់ពន្ធ។
ផ្នែកទី ៨៖ ដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធ
editមាត្រា១២០:
វិធាននៃដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធអំពីបញ្ហាសារពើពន្ធ ត្រូវបានកំណត់ដូចតទៅ:
- ១- អ្នកជាប់ពន្ធដែលមិនបំពេញចិត្តនឹងការកំណត់ឡើងវិញ ឬសេចក្ដីសំរេចផ្សេងទៀតដែលធ្វើឡើងដោយរដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅប្រធាននាយកដ្ឋានពន្ធដារ។ ការតវ៉ាត្រូវមានកំរិតព្រំដែនតែត្រឹមដើមហេតុ ឬពត៌មានផ្សេងទៀតដែលមាននៅក្នុងការកំណត់ពន្ធឡើងវិញ សេចក្ដីសំរេច ឬនីតិវិធីនៃវិធានការកំណត់ពន្ធឡើងវិញប៉ុណ្ណោះ។
- ២- ការតវ៉ាខាងរដ្ឋបាលត្រូវធ្វើជាលាយល័ក្ខអក្សរទៅតាមទំរង់ដែលមាន ចែងក្នុងមាត្រា១២១ នៃច្បាប់នេះ និងត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធក្នុងរយៈពេល៣០ថ្ងៃ ក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹងទារបំណុលពន្ធ របស់រដ្ឋបាលសារពើពន្ធ។
- ៣- ការតវ៉ាខាងរដ្ឋបាលពុំធ្វើអោយអ្នកជាប់ពន្ធរួចផុតពីកាតព្វកិច្ច បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗដែលបញ្ជាក់នៅក្នុងលិខិតជូនដំណឹងទារបំណុលពន្ធ ឡើយ។
មាត្រា១២១:
ការតវ៉ាខាងរដ្ឋបាលអាចនឹងទទួលយកបាន បើសិនជាក្នុងពាក្យតវ៉ានោះមានខ្លឹមសារដូចខាងក្រោម:
- ១- លេខអត្តសញ្ញាណកម្មរបស់អ្នកជាប់ពន្ធដែលធ្វើពាក្យតវ៉ា បើសិនជាមាន។
- ២- សេចក្ដីយោងទៅរកការកំណត់ សេចក្ដីសំរេច ឬលទ្ធផលដែលជាកម្មវត្ថុនៃពាក្យតវ៉ា។
- ៣- ដើមហេតុ ឬអំពើដែលជាកម្មវត្ថុនៃពាក្យតវ៉ា។
- ៤- ហេតុផលនៃការតវ៉ា។
- ៥- កាលបរិច្ឆេទ និងហត្ថលេខារបស់អ្នកជាប់ពន្ធ និងហត្ថលេខារបស់តំណាងមានការអនុញ្ញាតរបស់អ្នកជាប់ពន្ធ បើសិនជាមានភាពចាំបាច់។
មាត្រា១២២:
រដ្ឋបាលសារពើពន្ធត្រូវចេញសេចក្ដីសំរេចជាថ្មីក្នុងរយៈពេល៦០ថ្ងៃ ក្រោយពីថ្ងៃបានទទួលពាក្យតវ៉ា ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវទាំងស្រុង ឬចំណែកណាមួយនៃការកំណត់ពន្ធ ឬសេចក្ដីសំរេចផ្សេងៗដែលអ្នកជាប់ពន្ធតវ៉ា។ រដ្ឋបាលសារពើពន្ធត្រូវបញ្ជាក់ផងដែរនូវមូលដ្ឋាននៃការសំរេចនេះ។
ប្រសិនបើអ្នកជាប់ពន្ធមិនយល់ព្រមលើសេចក្ដីសំរេចថ្មីនេះរបស់ រដ្ឋបាលសារពើពន្ធនោះ អ្នកជាប់ពន្ធអាចដាក់ពាក្យតវ៉ាទៅគណៈកម្មាធិការសម្រុះសម្រួល សារពើពន្ធក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ។
មាត្រា១២៣:
ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសេចក្ដីស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
មាត្រា១២៤:
អ្នកជាប់ពន្ធមានសិទ្ធិប្ដឹងទៅតុលាការមានសមត្ថកិច្ច ជំទាស់នឹងសេចក្ដីសំរេចរបស់គណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធក្នុង រយៈពេល៣០ថ្ងៃ ក្រោយពីបានទទួលដំណឹងស្ដីពីសេចក្ដីសំរេច នោះ។
អ្នកជាប់ពន្ធនឹងត្រូវតំកល់ទុកនៅរតនាគារជាតិនូវប្រាក់ចំនួនស្មើ នឹងប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗដែលទាក់ទិននឹងវិវាទតាមការកំណត់របស់រដ្ឋបាល សារពើពន្ធមុននឹងដាក់ពាក្យបណ្ដឹងទៅតុលា ការ។
ផ្នែកទី ៩៖ បទល្មើសបទប្បញ្ញត្តិស្ដីពីពន្ធដារ
editមាត្រា១២៥:
អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ត្រូវបានចាត់ទុកថាមានការធ្វេសប្រហែស បើសិនជាប្រាក់ពន្ធដែលបានបង់មានចំនួនតិចជាងប្រាក់ពន្ធដែលបាន កំណត់ដោយបទប្បញ្ញត្តិស្ដីពីពន្ធដារ មិនលើស ពី ១០ ភាគរយ។
អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ត្រូវបានចាត់ទុកថាមានការធ្វេសប្រហែស បើសិនជាមិនបានដាក់លិខិតប្រកាសសារពើពន្ធ ឬមិនបានបង់ពន្ធតាមកាលបរិច្ឆេទដែលច្បាប់បានកំណត់។
មាត្រា១២៦:
អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ត្រូវបានចាត់ទុកថាមានការធ្វេសប្រហែសធ្ងន់ធ្ងរ បើសិនជាប្រាក់ពន្ធដែលបានបង់ មានចំនួនតិចជាងប្រាក់ពន្ធដែលបានកំណត់ដោយបទប្បញ្ញត្តិស្ដីពី ពន្ធដារលើសពី១០ភាគរយ។
មាត្រា១២៧:
ការគេចវេសពន្ធគឺជាបទល្មើសដោយចេតនា ដោយដឹងជាមុន មានការរៀបចំទុកនិងច្រើនដងទៅលើបទប្បញ្ញត្តិស្ដីពីពន្ធដារ ក្នុងបំណងបន្ថយ ឬបំបាត់ប្រាក់ពន្ធដែលបទប្បញ្ញត្តិស្ដីពីពន្ធដារតំរូវអោយបង់។
ត្រូវបានចាត់ទុកថាជាការគេចវេសពន្ធផងដែរ ក្នុងករណីដែលការធ្វេសប្រហែសធ្ងន់ធ្ងរ ដូចមានចែងក្នុងមាត្រា១២៦នៃច្បាប់នេះ បានប្រព្រឹត្តឡើងៈ
- ១- ពីរលើកដាច់ពីគ្នា ក្នុងរយៈពេល៣ឆ្នាំនៃឆ្នាំប្រតិទិន។
- ២- បីលើក ឬច្រើនជាងនេះដាច់ពីគ្នា ក្នុងរយៈពេលណាមួយក៏ដោយ។
មាត្រា១២៨:
អំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ រួមមានៈ
- ១- ករណីដែលបុគ្គល:
- ក- មិនបានរក្សាបញ្ជីកាគណនេយ្យនិងឯកសារផ្សេងទៀតឬមិនបានចេញវិក្ក័យបត្រលើកិច្ចការជំនួញ
- ខ- មិនអនុញ្ញាតអោយរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជីកាគណនេយ្យឬឯកសារផ្សេងៗ
- គ- មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ
- ឃ- មិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្ដូរក្នុងការចុះបញ្ជី ដូចមានចែងក្នុងច្បាប់នេះ
- ង- កសាងឬផ្ដល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬពត៌មានក្លែងបន្លំផ្សេងៗ។
- ច- លាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ជីគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬពត៌មានផ្សេងៗទៀត
- ឆ- ព្យាយាមធ្វើអោយរាំងស្ទះដល់ការកំណត់និងការប្រមូលពន្ធ
- ជ- មិនបានដាក់លិខិតប្រកាសសារពើពន្ធដែលគ្មានប្រាក់ពន្ធត្រូវបង់ ក្នុងរយៈពេល៣០ថ្ងៃ ក្រោយកាលបរិច្ឆេទដែលច្បាប់បានកំណត់
- ឈ- ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងឡាយខាងលើ។
- ២- ករណីដែលមន្ត្រីរាជការ:
- ក- ធ្វើអោយធ្លាយពត៌មានសំងាត់ដោយគ្មានការអនុញ្ញាត
- ខ- ព្យាយាមធ្វើអោយរាំងស្ទះដល់ការកំណត់និងការប្រមូលពន្ធ។
- គ- ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងឡាយខាងលើ។
មាត្រា១២៩:
ក្រៅពីទោសទណ្ឌផ្នែករដ្ឋបាលផ្សេងទៀត បុគ្គលណាមួយបានធ្វើសកម្មភាពគេចវេសពន្ធដូចមានចែងក្នុងមាត្រា១២៧ នៃច្បាប់នេះ ឬធ្វើការរាំងស្ទះដល់ការគ្រប់គ្រងប្រព័ន្ធសារពើពន្ធ ដូចមានចែងក្នុងមាត្រា១២៨ នៃច្បាប់នេះ ត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសផ្នែកព្រហ្មទណ្ឌលើ បទប្បញ្ញត្តិ ស្ដីពីពន្ធដារ។
ផ្នែកទី ១០៖ ពន្ធបន្ថែម
editមាត្រា១៣០:
ពន្ធបន្ថែមត្រូវអនុវត្តចំពោះបទល្មើសបទប្បញ្ញត្តិស្ដីពីពន្ធដារ។
ពន្ធបន្ថែមសំរាប់ការបង់ពន្ធខ្វះ ឬការបង់យឺត ត្រូវគណនាដាច់ដោយឡែកពីពន្ធបន្ថែមសំរាប់ការរាំងស្ទះការអនុវត្ត បទប្បញ្ញត្តិស្ដីពីពន្ធដារ។
ក្នុងករណីមានការបង់ពន្ធខ្លះ ពន្ធបន្ថែម និងការប្រាក់ត្រូវដល់កំណត់ និងត្រូវបង់តាមបែបបទដូចប្រាក់ពន្ធដែលបានបង់ខ្វះនោះ។
ទោះជាក្នុងករណីណាក៏ដោយ ការដាក់អោយអនុវត្តពន្ធបន្ថែម មិនមានផលប៉ះពាល់ដល់ការអនុវត្តទោសទណ្ឌចំពោះបទល្មើសផ្នែក ព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារឡើយ។
មាត្រា១៣១:
ចំពោះបុគ្គលដែលមានការធ្វេសប្រហែស ប្រាក់ពន្ធបន្ថែមត្រូវស្មើនឹង ១០ ភាគរយនៃចំនួនប្រាក់ពន្ធដែលបង់ខ្វះ បូកបន្ថែមការប្រាក់២ភាគរយនៃចំនួនប្រាក់ពន្ធដែលបង់ខ្វះសំរាប់ខែ នីមួយៗ ឬចំណែកនៃខែដែលចំនួនប្រាក់ពន្ធខ្វះមិនទាន់បានបង់។
ចំពោះបុគ្គលដែលមានការធ្វេសប្រហែស ប្រាក់ពន្ធបន្ថែមត្រូវស្មើនឹង ២៥ ភាគរយនៃចំនួនប្រាក់ពន្ធដែលបង់ខ្វះ បូកបន្ថែមការប្រាក់ ២ភាគរយ នៃចំនួនប្រាក់ពន្ធដែលបង់ខ្វះសំរាប់ ខែនីមួយៗ ឬចំណែកនៃខែ ដែលប្រាក់ពន្ធខ្លះមិនទាន់បានបង់។
ក្នុងករណីការកំណត់ពន្ធជាឯកតោភាគី ប្រាក់ពន្ធបន្ថែមត្រូវស្មើនឹង ៤០ ភាគរយនៃចំនួនប្រាក់ពន្ធដែលបង់ ខ្វះ បូកបន្ថែមការប្រាក់២ ភាគរយ នៃចំនួនប្រាក់ពន្ធដែលបង់ខ្វះសំរាប់ខែនីមួយៗ ឬចំណែកនៃខែដែលប្រាក់ពន្ធខ្លះមិនទាន់បានបង់។
ការប្រាក់មិនត្រូវអនុវត្តទេ ក្នុងរយៈពេលកំណត់ពន្ធឡើងវិញតាមមាត្រា ១១៨ នៃច្បាប់នេះ ឬក្នុងរយៈពេល៣០ថ្ងៃក្រោយការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធ។
មាត្រា១៣២:
ចំពោះបុគ្គលដែលមិនបានបង់ពន្ធតាមកាលកំណត់ ពន្ធបន្ថែមត្រូវកំណត់តាមអត្រា១០ភាគរយ នៃទឹកប្រាក់ពន្ធបង់យឺត បូកនឹងការប្រាក់ ២ភាគរយ នៃទឹកប្រាក់ពន្ធបង់យឺតសំរាប់ខែនីមួយៗ ឬចំណែកនៃខែដែលចំនួនទឹកប្រាក់ពន្ធនោះនៅមិនទាន់បានបង់។
បើសិនជាបុគ្គលមិនបានបង់ពន្ធក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយពេលបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ ពន្ធបន្ថែមត្រូវកំណត់តាមអត្រា ២៥ ភាគរយនៃទឹកប្រាក់ពន្ធបង់យឺត បូកនឹងការ ប្រាក់ ២ ភាគរយ នៃទឹកប្រាក់ពន្ធបង់យឺតសំរាប់ខែនីមួយៗ ឬចំណែកនៃខែដែលចំនួនប្រាក់ពន្ធនោះនៅមិនទាន់បានបង់។
ក្នុងករណីការកំណត់ពន្ធជាឯកតោភាគី សំរាប់ការមិនដាក់លិខិតប្រកាសប្រាក់ពន្ធបន្ថែមត្រូវស្មើ ៤០ ភាគរយនៃចំនួនទឹកប្រាក់ពន្ធដែលបានកំណត់ បូកបន្ថែមការប្រាក់ ២ ភាគរយ នៃចំនួនប្រាក់ពន្ធដែលបានកំណត់សំរាប់ខែនីមួយៗ ឬចំណែកនៃខែដែលប្រាក់ពន្ធមិនទាន់បានបង់។
ការប្រាក់យឺតយ៉ាវត្រូវគិតចាប់ពីថ្ងៃទី ០១ នៃខែបន្ទាប់ពីខែដែលត្រូវបង់ពន្ធ។ ចំពោះពន្ធលើប្រាក់ចំណេញ ការប្រាក់យឺតយ៉ាវត្រូវគិតចាប់ពីថ្ងៃទី ០១ នៃខែបន្ទាប់ដែលជាខែផុតរយៈពេលកំណត់សំរាប់ការដាក់លិខិតប្រកាស លទ្ធផលប្រចាំឆ្នាំ។
ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវស្មើនឹង ១០០ ភាគរយនៃប្រាក់ពន្ធត្រូវបង់។
មាត្រា១៣៣:
ចំពោះការប្រព្រឹត្តអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្ដីពី ពន្ធដារ ពន្ធបន្ថែមត្រូវកំណត់ដូចខាងក្រោមនេះ សំរាប់អំពើនីមួយៗ:
- ១- ២.០០០.០០០ រៀល (ពីរលានរៀល) ចំពោះបុគ្គល អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកក្រោមរបបពិត ឬមន្ត្រីរាជការ។
- ២- ៥០០.០០០ រៀល (ប្រាំសែនរៀល) ចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកក្រោមរបបបំព្រួញ ឬរបបម៉ៅការ។
=== ផ្នែកទី ១១៖ អំពីបទល្មើសព្រហ្មទណ្ឌ ===,,,,,,,,,,,,,,,,,,,,,,,,,,,,,
មាត្រា១៣៤:
លើកលែងតែចំពោះបទល្មើសមានចែងក្នុងមាត្រា ១៣៩ និងមាត្រា ១៤០ នៃច្បាប់នេះការប្ដឹងចោទប្រកាន់ និងទាមទារការដាក់ទោសចំពោះបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដី ពន្ធដារត្រូវធ្វើឡើងដោយប្រធាននាយកដ្ឋានពន្ធដារ ដោយមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មាត្រា១៣៥:
ដោយមិនទាន់គិតដល់ទោសទណ្ឌផ្សេងទៀត អភិបាល បណ្ណាធិការ កម្មសិទ្ធិកររបស់សហគ្រាសណាមួយ ឬបុគ្គលទទួលខុសត្រូវអោយសហគ្រាសណាមួយដែលបានប្រព្រឹត្តអំពើគេច វេសពន្ធដូចមានចែងក្នុងមាត្រា ១២៧ នៃច្បាប់នេះ ត្រូវរងការផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០រៀល (ដប់លានរៀល) ដល់ ២០.០០០.០០០ (ម្ភៃលានរៀល) ឬជាប់ពន្ធនាគារ ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំឬទោសទាំងពីរនេះ។
មាត្រា១៣៦:
ដោយមិនទាន់គិតដល់ទោសទណ្ឌផ្សេងទៀត បុគ្គលណាដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិ ស្ដីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៨ នៃច្បាប់នេះ ត្រូវរងការផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល (ប្រាំលានរៀល) ដល់ ១០.០០០.០០០ រៀល (ដប់លានរៀល) ឬជាប់ពន្ធនាគារពី ១ ខែដល់ ១ ឆ្នាំ ឬទោសទាំងពីរនេះ។
មាត្រា១៣៧:
បុគ្គលណាដែលមានចេតនាជួយជ្រោមជ្រែង ឬអូសទាញបុគ្គលម្នាក់ទៀតអោយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌចំពោះ ច្បាប់នេះ ឬក៏ដោយចេតនាបានផ្ដល់គំនិត ឬជំរុញបុគ្គលម្នាក់ទៀតអោយប្រព្រឹត្តបទល្មើសបែបនេះ ត្រូវជាប់ពិរុទ្ធ ហើយត្រូវទទួលរងការផ្ដន្ទាទោសដូចគ្នានឹងការប្រព្រឹត្តបទល្មើស ផ្ទាល់ខ្លួនផងដែរ។
មាត្រា១៣៨:
ដោយមិនទាន់គិតដល់ទោសទណ្ឌផ្សេងទៀត បុគ្គលណាដែលបានបំពានមាត្រា ៩៤ នៃច្បាប់នេះ ត្រូវជាប់ពិរុទ្ធអំពីបទល្មើសនឹងច្បាប់ ហើយត្រូវទទួលរងការផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល (ប្រាំលានរៀល) ដល់ ១០.០០០.០០០ រៀល (ដប់លានរៀល) ឬជាប់ពន្ធនាគារពី ១ ខែ ដល់ ១ ឆ្នាំ ឬទោសទាំងពីរនេះ។
មាត្រា១៣៩:
បុគ្គលណាដែលបានទទួលការចាត់តាំងជាអ្នកអនុវត្តបទប្បញ្ញត្តិស្ដីពី ពន្ធដារ ហើយដោយចេតនាបានប្រព្រឹត្តអំពើដូចខាងក្រោមនេះ ត្រូវជាប់ពិរុទ្ធអំពីបទល្មើសនឹងច្បាប់ ហើយត្រូវទទួលរងការផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល (ប្រាំលានរៀល) ដល់ ១០.០០០.០០០ រៀល (ដប់លានរៀល) ឬជាប់ពន្ធនាគារពី ១ ខែ ដល់ ១ ឆ្នាំ ឬទោសទាំងពីរនេះ:
- ១- ដកប្រាក់ពន្ធសំរាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬការប្រើប្រាស់ណាផ្សេង ដែលគ្មានចែងក្នុងបទប្បញ្ញត្តិស្ដីពីពន្ធដារ។
- ២- ធ្វើរបាយការណ៍មិនត្រឹមត្រូវអំពីចំនួនប្រាក់ពន្ធដែលខ្លួនប្រមូលបាន ឬទទួលបាន។
- ៣- ប្រើប្រាស់តួនាទីជាមន្ត្រីពន្ធដារ ដើម្បីទទួលយកប្រាក់ ឬប្រយោជន៍ផ្សេងទៀតពីអ្នកជាប់ពន្ធ ឬបុគ្គលផ្សេងទៀត។
- ៤- ប្រមូល ឬព្យាយាមប្រមូលប្រាក់ពន្ធ ដោយគ្មានការអនុញ្ញាត។
បុគ្គលណាដែលបានទទួលការចាត់តាំងជាអ្នកអនុវត្តបទប្បញ្ញត្តិស្ដីពី ពន្ធដារ ហើយដោយចេតនា បានទាមទារប្រាក់លើសពីច្បាប់អនុញ្ញាត ត្រូវទទួលទោសវីតិក្រមតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។ បុគ្គលណាដែលបានទទួលការចាត់តាំងជាអ្នកអនុវត្តបទប្បញ្ញត្តិស្ដីពី ពន្ធដារ ហើយដោយចេតនា បានទាម ទារ ឬទទួលសំណូក ត្រូវទទួលទោសពីបទស៊ីសំណូកតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។ អ្នកសូកត្រូវទទួលទោសពីបទសូកតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
មាត្រា១៤០:
បើសិនជាអ្នកជាប់ពន្ធយល់ឃើញថា ខ្លួនបានទទួលរងនូវការខូចខាតខាងហិរញ្ញវត្ថុ ឬការរងគ្រោះផ្ទាល់ខ្លួនអំពីសកម្មភាពខុសឆ្គង ឬខុសច្បាប់ពីសំណាក់រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធអាចប្ដឹងទាមទារសំណងនៃការខូចខាត ឬការរងគ្រោះនោះទៅតុលាការក្នុងរយៈពេលបីឆ្នាំ ក្រោយកាលបរិច្ឆេទនៃការខូចខាតខាងហិរញ្ញវត្ថុ ឬការរងគ្រោះផ្ទាល់ខ្លួនចុងក្រោយបំផុត។
ជំពូកទី ៦៖ អវសានប្បញ្ញត្តិ
editមាត្រា១៤១:
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។
មាត្រា១៤២:
ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់។
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧
បានបង្គំទូលថ្វាយនិងជំរាបជូន ព្រះហស្តលេខា សម្ដេចនាយករដ្ឋមន្ត្រីទី១ និងទី២ នរោត្តម សីហនុ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ បានយកសេចក្ដីក្រាបបង្គំទូលថ្វាយ នីតិសម្បទានិងអភិវឌ្ឍន៍និងជា សូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហត្ថលេខ នាយករដ្ឋមន្ត្រីទី ១ នាយករដ្ឋមន្ត្រីទី ២ ហត្ថលេខា ព្រះហស្តលេខា ហត្ថលេខា គាត ឈន់ នរោត្តម រណឫទ្ធិ ហ៊ុន សែន