ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
Error: Numeric value expected
ព្រះរាជក្រម
នស/រកម/០៥០៨/០១៧ !!
យើង
ព្រះបាទសម្តេច នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិទ្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោតាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
- បានទ្រង់យល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/ រកត/ ០៧០៤/ ១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ ព្រះរាជក្រមលេខ នស/ រកម/ ០១៩៦/ ០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្ដីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានអនុម័តកាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០០៨ នាសម័យប្រជុំរដ្ឋសភា លើកទី ៧ នីតិកាលទី ៣ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០០៨ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី ៤ នីតិកាលទី ២ ហើយក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ តាមរយៈសេចក្ដីសម្រេចលេខ០៩៦/ ០០១/២០០៨ កបធ.ច ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០៨ ដែលមានសេចក្ដីទាំងស្រុង ដូចតទៅនេះ៖
[ 2 ]ច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
[ 3 ]== ជំពូកទី ១៖ អំពីបទប្បញ្ញត្តិទូទៅ ==
មាត្រា ១.-
ច្បាប់នេះមានគោលបំណងកំណត់ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
មាត្រា ២.-
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាពដើម្បីបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
មាត្រា ៣.-
ឃុំ សង្កាត់ត្រូវគ្រប់គ្រងតាមច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ លើកលែងតែបញ្ហាទាំងឡាយណាដែលបានចែងក្នុងច្បាប់នេះ។
មាត្រា ៤.-
ភ្នំពេញ ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញ ចែកជាខណ្ឌ។
ខណ្ឌ ចែកជាសង្កាត់។
មាត្រា ៥.-
ខេត្ត ចែកជាក្រុង និងជាស្រុក។
ក្រុង ចែកជាសង្កាត់។
ស្រុក ចែកជាឃុំ និងជាសង្កាត់។
មាត្រា ៦.-
ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការកំណត់ឈ្មោះខេត្ត ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
[ 4 ] ការកំណត់ព្រំប្រទល់រាជធានីភ្នំពេញ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៧.-
ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការកំណត់ឈ្មោះក្រុង ស្រុក ខណ្ឌ ត្រូវសម្រេចដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៨.-
ការបង្កើតរដ្ឋបាលឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនដី របស់ខ្លួន។
មាត្រា ៩.-
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជានីតិបុគ្គលនៃនីតិសាធារណៈ។
មាត្រា ១០.-
នីតិបុគ្គលនីមួយៗ ត្រូវមានក្រុមប្រឹក្សាមួយជាតំណាងដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើង ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
មាត្រា ១១.-
នីតិបុគ្គលនីមួយៗត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
មាត្រា ១២.-
ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរួមមាន :
- ភាពជាតំណាងសាធារណៈ
- ស្វ័យភាពរបស់មូលដ្ឋាន
- ការពិគ្រោះយោបល់ និងការចូលរួម
[ 5 ]
- ការឆ្លើយតប និងគណនេយ្យភាព
- ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅក្នុងមូលដ្ឋាន
- ការលើកស្ទួយសមធម៌
- តម្លាភាព និងសុចរិតភាព
- វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច។
មាត្រា ១៣.-
នីតិបុគ្គលទទួលសិទ្ធិអំណាចរបស់ខ្លួន ដោយរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានដទៃទៀត ដែលស្របនឹងច្បាប់នេះ។
ជំពូកទី ២៖ អំពីក្រុមប្រឹក្សា
editផ្នែកទី ១ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
editមាត្រា ១៤.-
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើង តាមការបោះឆ្នោតអសកល ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលហៅកាត់ថា “ក្រុមប្រឹក្សា”។
មាត្រា ១៥.-
ក្រុមប្រឹក្សាមានអាណត្តិប្រាំ (០៥)ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។
អាណត្តិរបស់ក្រុមប្រឹក្សា ត្រូវគិតចាប់ពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងផុតកំណត់ថ្ងៃបោះឆ្នោតបន្ទាប់។
[ 6 ]
មាត្រា ១៦.-
ក្នុងពេលរង់ចាំក្រុមប្រឹក្សាថ្មីចូលកាន់មុខតំណែង ក្រុមប្រឹក្សាដែលចប់អាណត្តិមានសិទ្ធិអនុវត្តតែកិច្ចការរដ្ឋបាល ប្រចាំថ្ងៃតែប៉ុណ្ណោះ។
មាត្រា ១៧.-
ក្រុមប្រឹក្សានីមួយៗ ត្រូវមានប្រធានម្នាក់។
ប្រធានក្រុមប្រឹក្សា គឺជាបេក្ខជនដែលស្ថិតនៅលំដាប់លេខរៀងលើគេនៃបញ្ជីបេក្ខជនដែលមាន អាសនៈច្រើនជាងគេ នៅក្នុងក្រុមប្រឹក្សា។
ក្នុងករណីដែលបញ្ជីបេក្ខជនមានអាសនៈស្មើគ្នានៅក្នុងក្រុមប្រឹក្សា ប្រធានក្រុមប្រឹក្សា ត្រូវជ្រើសរើសយកបេក្ខជន ដែលមានលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលមានសំឡេងឆ្នោតបានការច្រើន ជាងគេ។
មាត្រា ១៨.-
ចំនួនសមាជិកក្រុមប្រឹក្សានីមួយៗ ត្រូវកំណត់ដោយផ្អែកតាមកត្តាប្រជារាស្ត្រនឹងកត្តាភូមិសាស្ត្រ ដូចខាងក្រោម :
- ក្រុមប្រឹក្សារាជធានីភ្នំពេញ មានចំនួនសមាជិកមិនលើសពីម្ភៃមួយ (២១) រូប
- ក្រុមប្រឹក្សាខេត្ត មានចំនួនសមាជិកពីប្រាំបួន (០៩)រូប ដល់ម្ភៃមួយ(២១)រូប
- ក្រុមប្រឹក្សាក្រុង មានចំនួនសមាជិកពីប្រាំពីរ (០៧)រូប ដល់ដប់ប្រាំ (១៥)រូប
- ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មានចំនួនសមាជិកពីប្រាំពីរ (០៧)រូប ដល់ដប់ប្រាំបួន (១៩) រូប។
ចំនួនជាក់ស្ដែងនៃសមាជិកក្រុមប្រឹក្សានីមួយៗ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេលយ៉ាងតិចមួយរយម្ភៃ (១២០)ថ្ងៃ មុនពេលផុតកំណត់អាណត្តិរបស់ក្រុមប្រឹក្សា។ ក្នុងករណីគ្មានអនុក្រឹត្យ ចែងអំពីចំនួនសមាជិកក្រុមប្រឹក្សាអាណត្តិបន្ទាប់ទេនោះចំនួនសមាជិក សរុបរបស់ក្រុមប្រឹក្សា សម្រាប់ក្រុមប្រឹក្សានីមួយៗ ត្រូវយកតាមចំនួនសរុបចុងក្រោយនៃក្រុមប្រឹក្សាអាណត្តិចាស់។
[ 7 ]
មាត្រា ១៩.-
ក្រុមប្រឹក្សានីមួយៗត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មាត្រា ២០.-
ក្រុមប្រឹក្សានីមួយៗ ត្រូវបង្កើត ជំរុញ និងធ្វើឱ្យ មានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មាត្រា ២១.-
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ត្រូវបំពេញតាមលក្ខខណ្ឌ និងមានលក្ខណសម្បត្តិ ដូចខាងក្រោម :
- មានសញ្ជាតិខ្មែរពីកំណើត
- មានអាយុយ៉ាងតិចម្ភៃប្រាំ(២៥)ឆ្នាំ គិតមកដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធបោះឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា។
មាត្រា ២២.-
សមាជិកក្រុមប្រឹក្សាម្នាក់ ត្រូវបាត់បង់សមាជិកភាពពីសមាជិកក្រុមប្រឹក្សាក្នុងករណីណាមួយ ដូចខាងក្រោម :
- សាមីខ្លួនបាត់បង់លក្ខណសម្បត្តិ និងលក្ខខណ្ឌ សម្រាប់ឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
- សាមីខ្លួនសុំលាឈប់ពីក្រុមប្រឹក្សា តាមការដាក់ពាក្យសុំលាឈប់ជាលាយលក្ខណ៍អក្សរទៅប្រធានក្រុមប្រឹក្សា
- សាមីខ្លួនទទួលមរណភាព
- សាមីខ្លួនមិនបានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ជាប់ៗគ្នា ចាប់ពី ពីរ (០២) ដងឡើងទៅ ដោយគ្មានច្បាប់អនុញ្ញាត
[ 8 ]
- សាមីខ្លួនត្រូវបណ្ដេញចេញពីសមាជិកក្រុមប្រឹក្សា អនុលោមតាមច្បាប់ នីតិវិធី ឬបទបញ្ជាផ្ទៃក្នុង ឬ ក្រមសីលធម៌របស់ក្រុមប្រឹក្សា
- សាមីខ្លួនត្រូវតុលាការផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ
- សាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវសម្រេច និងប្រកាសពីការបាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ក្នុងករណីដូចខាងលើនេះ។
មាត្រា ២៣.-
នៅពេលដែលមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពី ក្រុមប្រឹក្សា ត្រូវជ្រើសរើសបេក្ខជនលំដាប់លេខរៀងបន្ទាប់ ពីក្នុងបញ្ជីបេក្ខជនជាមួយមកជំនួសក្នុងរយៈពេលយ៉ាងយូរដប់បួន (១៤)ថ្ងៃ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ២៤.-
ប្រសិនបើក្រុមប្រឹក្សាណាមួយអនុវត្តផ្ទុយពីបទប្បញ្ញត្តិណាមួយនៃ រដ្ឋធម្មនុញ្ញ ឬច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើការណែនាំជាលាយលក្ខណ៍អក្សរដល់ ក្រុមប្រឹក្សានោះឱ្យគោរព និងអនុវត្តបទប្បញ្ញត្តិទាំងនោះ នៅក្នុងអំឡុងពេលជាក់លាក់ និងសមហេតុផល។
ក្នុងករណីក្រុមប្រឹក្សានោះនៅតែមិនព្រមអនុវត្តតាមការណែនាំ រាជរដ្ឋាភិបាលត្រូវរំសាយក្រុមប្រឹក្សានោះដោយអនុក្រឹត្យតាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ២៥.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត “គ.ជ.ប” ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្នុងករណីណាមួយដូចខាងក្រោម :
- ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបង្កើតថ្មីដូចមានចែងក្នុងមាត្រា ៦ និងមាត្រា ៧ នៃច្បាប់នេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរពីររយសែសិប (២៤០) ថ្ងៃ
- ក្រុមប្រឹក្សាដែលត្រូវរំសាយតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់នៃច្បាប់នេះត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរមួយរយ ម្ភៃ(១២០)ថ្ងៃ។
[ 9 ]
- ក្រុមប្រឹក្សាដែលកើតឡើងដោយការបោះឆ្នោតឡើងវិញខាងលើនេះ មានអាណត្តិស្មើនឹងអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សានោះ។
មាត្រា ២៦.-
ការបោះឆ្នោតឡើងវិញមិនត្រូវអនុញ្ញាតឱ្យធ្វើឡើយ ប្រសិនបើអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សាមានរយៈពេលមិនលើសពីមួយ រយប៉ែតសិប(១៨០)ថ្ងៃ។
មាត្រា ២៧.-
ក្នុងករណីដែលមានក្រុមប្រឹក្សាណាមួយត្រូវរំសាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចាត់វិធានការដើម្បីគ្រប់គ្រងជំនួស រហូតដល់មានក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។
មាត្រា ២៨.-
សមាជិកក្រុមប្រឹក្សានៅក្នុងមុខតំណែង ត្រូវទទួលប្រាក់ឧបត្ថម្ភ ដែលត្រូវបើកចេញពីគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សានោះ។
ប្រាក់ឧបត្ថម្ភខាងលើនេះ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផ្នែកទី ២ តួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា
editមាត្រា ២៩.-
ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញមុខងារភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្មតាមច្បាប់នេះ ឬ ដែលស្របតាមច្បាប់នេះ។
មាត្រា ៣០.-
ក្រុមប្រឹក្សា មានសិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងបញ្ញត្តិ និងសេចក្ដីសម្រេចខាងប្រតិបត្តិ។
[ 10 ]
មាត្រា ៣១.-
ក្រុមប្រឹក្សា ត្រូវបំពេញមុខងារ និងភារកិច្ច ដោយធ្វើសេចក្ដីសម្រេចនៅក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន និងត្រូវធានាថាសេចក្ដីសម្រេចនោះត្រូវបានអនុវត្ត។
មាត្រា ៣២.-
ក្រុមប្រឹក្សា ប្រើប្រាស់សិទ្ធិអំណាចបញ្ញត្តិរបស់ខ្លួនដោយការធ្វើដីកា ស្របទៅតាមបទប្បញ្ញត្តិដូចមានចែងក្នុងផ្នែកទី ៣ ជំពូកទី ២ នៃច្បាប់នេះ។
មាត្រា ៣៣.-
ក្រុមប្រឹក្សា ប្រើប្រាស់សិទ្ធិអំណាចប្រតិបត្តិរបស់ខ្លួនដោយធ្វើសេចក្ដីសម្រេច នៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។
មាត្រា ៣៤.-
ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់ អំពីជម្រើសជាអាទិភាព ដើម្បីធ្វើសេចក្ដីសម្រេច ធានា បានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រុមប្រឹក្សាអាចធ្វើការអង្កេតលើករណីទាំងឡាយណា ដែលខ្លួនយល់ឃើញថាមានសារៈសំខាន់ដល់ប្រជាពលរដ្ឋដែលខ្លួនជាតំណាង ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើអង្កេតនោះ រួចហើយត្រូវផ្ដល់គោលការណ៍ណែនាំអនុវត្តដល់គណៈអភិបាលនិងអភិបាល។
មាត្រា ៣៥.-
ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលអំពីការ ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាននានា។
មាត្រា ៣៦.-
រៀងរាល់កិច្ចប្រជុំរបស់ខ្លួន ក្រុមប្រឹក្សាត្រូវធ្វើសេចក្ដីសម្រេច ឬ ដីកាតាមការចាំបាច់ទាក់ទិនទៅនឹង :
[ 11 ]
- ការរៀបចំដើម្បីទទួលមុខងារ ភារកិច្ច និងធនធានថ្មី ស្របតាមច្បាប់នេះ
- មុខងារជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សា
- មុខងារជាជម្រើសរបស់ក្រុមប្រឹក្សា
- កម្មវិធីវិនិយោគបី(៣)ឆ្នាំរំកិលប្រចាំឆ្នាំ និងផែនការអភិវឌ្ឍរយៈពេលប្រាំ (៥)ឆ្នាំ រួមទាំងសមាសភាពនៃផែនការនោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សារួមគ្នា ប្រភេទក្រុមប្រឹក្សាផ្សេងៗទៀត ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា
- គម្រោងថវិកាប្រចាំឆ្នាំ និងក្របខ័ណ្ឌចំណាយចំណាយរយៈពេលមធ្យម
- បញ្ហាហិរញ្ញវត្ថុផ្សេងទៀត
- ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធាន រួមទាំងគណៈកម្មាធិការ អង្គភាពនិងបុគ្គលិករបស់ក្រុមប្រឹក្សា
- ការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិ
- ដំណើរការពិគ្រោះយោបល់ជាមួយសាធារណជនក្នុងដែនសមត្ថកិច្ចរបស់ក្រុម ប្រឹក្សា និងការផ្សព្វផ្សាយព័ត៌មាននានាជូនប្រជាពលរដ្ឋ
- កិច្ចការផ្សេងៗទៀត ដែលកំណត់ដោយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានដែលបានធ្វើឡើងស្របតាមច្បាប់នេះ។
មាត្រា ៣៧.-
ក្រុមប្រឹក្សាត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍរយៈពេលប្រាំ(៥)ឆ្នាំ ដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ តាមការរៀបចំកម្មវិធីវិនិយោគបី(៣)ឆ្នាំរំកិលប្រចាំឆ្នាំ។
មាត្រា ៣៨.-
ក្នុងការរៀបចំ និងការអនុវត្តផែនការអភិវឌ្ឍ ក្រុមប្រឹក្សាត្រូវពិគ្រោះយោបល់ជាមួយ :
- ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- ប្រភេទក្រុមប្រឹក្សាផ្សេងទៀតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល
- អ្នកពាក់ព័ន្ធនានា។
[ 12 ] នីតិវិធីនៃការពិគ្រោះយោបល់នៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីបានពិភាក្សាជាមួយក្រសួងផែនការ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។
មាត្រា ៣៩.-
ក្រុមប្រឹក្សាត្រូវរៀបចំផែនការអភិវឌ្ឍ ដែលរួមមាន :
- ចក្ខុវិស័យរបស់ក្រុមប្រឹក្សា ដោយបង្ហាញពីគោលដៅ និងគោលបំណងសម្រាប់អភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
- ការប៉ាន់ប្រមាណពីកម្រិតនៃការអភិវឌ្ឍដែលមានស្រាប់នៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន និងការប៉ាន់ប្រមាណពីតម្រូវការពីតម្រូវការអភិវឌ្ឍសំខាន់ៗរួមមាន :
- តម្រូវការរបស់ក្រុមប្រឹក្សានៅក្នុងការរៀបចំទទួលយកនូវការផ្ទេរមុខងារ ភារកិច្ច និងធនធានថ្មីៗ
- សេវា មធ្យោបាយ សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាមូលដ្ឋាននិងចាំបាច់នានា
- ការកាត់បន្ថយភាពក្រីក្រ
- តម្រូវការផ្សេងៗរបស់ស្ត្រី បុរស យុវវ័យ កុមារ ក្រុមជនងាយទទួលរងគ្រោះរួមទាំងជនក្រីក្រ ជនជាតិដើមភាគតិច។
- ក្របខ័ណ្ឌអភិវឌ្ឍដែលត្រូវចែងអំពីគោលការណ៍ណែនាំជាមូលដ្ឋានក្នុង ការប្រើប្រាស់ និងគ្រប់គ្រងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិនៅតំបន់នោះ:
- ផែនការគ្រប់គ្រងគ្រោះមហន្តរាយ
- ផែនការហិរញ្ញវត្ថុ ដោយត្រូវរាប់បញ្ចូលទាំងផែនការអភិវឌ្ឍមូលធន ការគ្រោងថវិកាសម្រាប់រយៈពេលដប់ពីរ(១២)ខែ ចាប់ពីពេលរៀបចំផែនការ និងសម្រាប់រយៈពេលបី (៣)ឆ្នាំ ចាប់ពីពេលរៀបចំផែនការ ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ
- យុទ្ធសាស្ត្រអនុវត្តផែនការអភិវឌ្ឍ ដើម្បីធានាឱ្យមានតម្លាភាពនិងគណនេយ្យភាព ចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
[ 13 ]
- សូចនាករបំពេញការងារសំខាន់ៗ និងគោលដៅនានាទាក់ទិននឹងអាទិភាព និងទិសដៅអភិវឌ្ឍន៍នីមួយៗដូចមានចែងក្នុងផែនការអភិវឌ្ឍ
ក្រុមប្រឹក្សាត្រូវកំណត់ឱ្យ ដាច់ពីគ្នានៅក្នុងផែនការអភិវឌ្ឍ និងថវិកានូវមុខងារជាជម្រើស និងមុខងារជាកាតព្វកិច្ច។ បែបបទ នីតិវិធីជាក់ស្ដែងនៃការរៀបចំ ការគ្រប់គ្រង និងការអនុវត្តផែនការអភិវឌ្ឍរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីបានពិគ្រោះពិភាក្សាជាមួយក្រសួងផែនការ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។
មាត្រា ៤០.-
ក្រុមប្រឹក្សា ត្រូវតាមដាន និងវាយតម្លៃជារៀងរាល់ឆ្នាំ ទៅលើការអនុវត្តផែនការអភិវឌ្ឍរបស់ខ្លួន ដោយរាប់ទាំងផ្នែកនៃផែនការអភិវឌ្ឍដែលស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ :
- ក្រុមប្រឹក្សាភេទរួមគ្នា
- ប្រភេទក្រុមប្រឹក្សាផ្សេងៗទៀត
- ក្រសួង ស្ថាប័ន អង្គភាពនានារបស់រាជរដ្ឋាភិបាល
- អ្នកពាក់ព័ន្ធនានា។
មាត្រា ៤១.-
ក្រុមប្រឹក្សា ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងជាបន្ទាន់នូវផែនការអភិវឌ្ឍបន្ទាប់ពីបានអនុម័តរួចហើយភ្លាម។
សាធារណជន អាចពិនិត្យឯកសារផែនការនេះ នៅការិយាល័យរបស់ក្រុមប្រឹក្សាដោយឥតគិតថ្លៃ ឬ អាចស្នើសុំជាវឯកសារផែនការនេះពីក្រុមប្រឹក្សា ដោយគិតត្រឹមតម្លៃដើម។
មាត្រា ៤២.-
ក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងដែលផ្ដោតទៅលើតម្រូវការអភិវឌ្ឍសំខាន់ៗបំផុតរួមមាន :
[ 14 ] - តម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំសម្រាប់ទទួលមុខងារ ភារកិច្ច និងធនធានថ្មីៗ - សេវា មធ្យោបាយ សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាមូលដ្ឋាន និងចាំបាច់ - ការកាត់បន្ថយភាពក្រីក្រ - តម្រូវការផ្សេងៗរបស់ស្ត្រី បុរស យុវវ័យ និង កុមារ ក្រុមជនងាយទទួលរងគ្រោះដោយរួមបញ្ចូលទាំងជនក្រីក្រជាតិដើមភាគតិច។
មាត្រា ៤៣.-
ក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុ ឱ្យមានតម្លាភាព និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋខ្លួន។
មាត្រា ៤៤.-
រាជធានី ខេត្ត ក្រុង ស្រុក ត្រូវមានថវិកាផ្ទាល់របស់ខ្លួន ដែលហៅកាត់ថា ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
ខណ្ឌ និងសង្កាត់ចំណុះរាជធានី ត្រូវមានថវិការបស់ខ្លួននៅក្នុងថវិការបស់រាជធានី។
សង្កាត់ចំណុះក្រុង ត្រូវមានថវិការបស់ខ្លួនក្នុងថវិការបស់ក្រុង។
ក្រុមប្រឹក្សាត្រូវអនុម័តលើថវិការបស់រដ្ឋបាលថ្នាក់ក្រោមថ្នាក់ ស្របតាមនីតិវិធីនិងប្រតិទិននៃការកសាងថវិការដ្ឋជារៀងរាល់ឆ្នាំ។
ក្រុមប្រឹក្សាត្រូវអនុម័តក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
ការគ្រប់គ្រងនិងការអនុវត្តគម្រោងថវិកាប្រចាំឆ្នាំ ត្រូវផ្អែកតាមច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងស្របតាមច្បាប់នេះ និងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
ថវិកាត្រូវរៀបចំឡើងដោយគោរពតាមគោលការណ៍សំខាន់ៗទាំងអស់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
[ 15 ] ថវិការដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតែមានតុល្យភាពរវាងចំណូល និងចំណាយ។
មាត្រា ៤៥.-
ក្នុងការគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុ ក្រុមប្រឹក្សាត្រូវធានាអនុវត្តតាមបទដ្ឋាន វិធានប្រព័ន្ធ និងនីតិវិធី ដែលបានកំណត់ទាក់ទិនទៅនឹង :
- ការរៀបចំ ការអនុម័ត និងការអនុវត្តថវិកា
- គណនេយ្យ និងរបាយការណ៍
- ទ្រព្យសកម្ម និងទ្រព្យអសកម្ម
- តម្លាភាព និងគណនេយ្យភាព
- ការគ្របគ្រង:
- ចំណូលផ្ទាល់
- ចំណូលដែលចែករំលែក មូលនិធិផ្ទេរពីថវិកាជាតិ និងថ្លៃសេវាសម្រាប់អនុវត្តមុខងារជាភ្នាក់ងារក្នុងនាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល
- ចំណូលពីប្រភេទផ្សេងៗទៀត។
- លទ្ធកម្មសាធារណៈ
- ការធ្វើសវនកម្មផ្ទៃក្នុង
- ការធ្វើសវនកម្មផ្ទៃក្រៅ
- តម្រូវការផ្នែកហិរញ្ញវត្ថុសាធារណៈផ្សេងៗទៀត។
បទដ្ឋាន វិធាន ប្រព័ន្ធ និងនីតិវិធីសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវកំណត់ដោយច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងស្របតាមច្បាប់នេះ និងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មាត្រា ៤៦.-
រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យ
[ 16 ]សម្បត្តិរដ្ឋដែលបានផ្ទេរមកឱ្យខ្លួន ឬ ដែលបានទទួលដោយមធ្យោបាយផ្ទាល់ខ្លួនផ្សេងទៀតឱ្យមានប្រសិទ្ធភាព។
នីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មាត្រា ៤៧.-
ក្នុងករណីដែលមានការរំលោភអំណាចកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវមានភារកិច្ចរាយការណ៍ជាលាយល័ក្ខណ៍អក្សរជាបន្ទាន់ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៤៨.-
ការរំលោភអំណាចកើតឡើងនៅពេលដែលអ្នកជាប់ឆ្នោតណាម្នាក់ ឬ អ្នកដែលបានទទួលការតែងតាំងនៅក្នុងក្រសួង ស្ថាប័ន ឬ ភ្នាក់ងាររបស់រដ្ឋ ឬ ក្នុងក្រុមប្រឹក្សាណាមួយ ឬ ជនណាម្នាក់ ដែលបានប្រព្រឹត្តអំពើដោយចេតនា ហើយដែលមិនអាចធ្វើយុត្តិកម្មបានដូចជា :
- ការប្រើប្រាស់តួនាទី ឬ អំណាចរបស់ខ្លួន ដើម្បីកេងប្រវ័ញ្ច ឬ ធ្វើទុក្ខបុកម្នេញដល់បុគ្គលណាម្នាក់ ឬ ក្រុមមនុស្ស ឬ ទ្រព្យសម្បត្តិសាធារណៈ ឬ ធនធានសាធារណៈណាមួយ
- ការមិនបានប្រើប្រាស់តួនាទី ឬ អំណាចរបស់ខ្លួន ដើម្បីទប់ស្កាត់ជនម្នាក់ទៀតដែលស្ថិតនៅក្រោមអំណាច ឬ ការត្រួតពិនិត្យរបស់ខ្លួន នៅពេលដែលខ្លួនបានដឹងអំពីកំហុសឆ្គងរបស់ជននោះ ដែលបានកេងប្រវ័ញ្ច ឬ ធ្វើទុកបុកម្នេញដល់បុគ្គលណាម្នាក់ ឬ ក្រុមមនុស្ស ឬទ្រព្យសម្បត្តិសាធារណៈ ឬ ធនធានសាធារណៈ។
មាត្រា ៤៩.-
ការរំលោភអំណាច រួមមានសកម្មភាពណាមួយ ដូចខាងក្រោម :
- ការរំលោភសិទ្ធិស្របច្បាប់ ឬ សិទ្ធិមនុស្សរបស់ជនណាម្នាក់
[ 17 ]
- ការកាន់កាប់ ឬ ការរឹបអូសទ្រព្យសម្បត្តិសាធារណៈ ឬ ទ្រព្យសម្បត្តិឯកជន និងធនធានធម្មជាតិមកធ្វើជារបស់ខ្លួនដោយខុសច្បាប់
- ការធ្វើឱ្យអន្តរាយដល់បរិស្ថាន ធនធានធម្មជាតិ
- ការដកយកថវិកា ឬ ទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់ ឬ ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋមិនត្រឹមត្រូវ
- ការស្នើសុំ ឬ ការទទួលប្រាក់ ឬ រង្វាន់អ្វីមួយជាថ្នូរនឹងការធ្វើ ឬ មិនធ្វើកិច្ចការណាមួយ ដែលស្ថិតនៅក្នុងវិសាលភាពនៃភារកិច្ចផ្លូវការរបស់ជននោះ ហើយដែលការចំណាយ ឬ រង្វាន់ នោះមិនបានកំណត់នៅក្នុងច្បាប់
- ភាពមិនប្រក្រតីនៅក្នុងការអនុវត្តច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬប្រកាស
- ការមិនប្រក្រតីនៅក្នុងការអនុវត្តដីការបស់ក្រុមប្រឹក្សា
- ការធ្វើសេចក្ដីសម្រេចនៅក្នុងវិសាលភាពនៃភារកិច្ចផ្លូវការ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬ ផលប្រយោជន៍គ្រួសាររបស់ខ្លួន។
មាត្រា ៥០.-
ក្រុមប្រឹក្សាត្រូវរៀបចំ និងអនុម័តរបាយការណ៍ប្រចាំឆ្នាំដែលពាក់ព័ន្ធ :
- ដីកា និងសេចក្ដីសម្រេចនានាដែលបានដាក់ចេញ
- សកម្មភាពនានាដែលបានអនុវត្ត
- របាយការណ៍ហិរញ្ញវត្ថុ
- ការវាយតម្លៃការបំពេញការងាររបស់គណៈអភិបាល និងបុគ្គលិកក្រុមប្រឹក្សា
- លទ្ធផលនៃការតាមដាន និងវាយតម្លៃ ដូចមានចែងក្នុងមាត្រា ៤០ នៃច្បាប់នេះ
- វិធានការចាំបាច់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការងាររបស់ក្រុមប្រឹក្សា ក្រុមប្រឹក្សាត្រូវពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំឆ្នាំខាងលើនេះ មិនឱ្យលើសពីសែសិបប្រាំ (៤៥) ថ្ងៃ បន្ទាប់ពីដំណាច់ឆ្នាំ។
មាត្រា ៥១.-
ក្រុមប្រឹក្សា ត្រូវបង្កលក្ខណៈងាយស្រួលដល់សាធារណជនក្នុងការជូនព័ត៌មានជា
[ 18 ] សាធារណៈអំពីរបាយការណ៍ របៀបវារៈប្រជុំ កំណត់ហេតុប្រជុំ ដីកា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសទាំងអស់ដែលពាក់ព័ន្ធនឹងក្រុមប្រឹក្សា និងឯកសារដទៃទៀតរបស់ក្រុមប្រឹក្សា។
មាត្រា ៥២.-
ក្រុមប្រឹក្សានីមួយៗមានក្ដារព័ត៌មានជាសាធារណៈ ឬ មធ្យោបាយផ្សព្វផ្សាយព័ត៌មានផ្សេងទៀតនៅការិយាល័យកណ្ដាលរបស់ខ្លួន និងនៅតាមទីកន្លែងនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមការចាំបាច់ ហើយទីកន្លែងទាំងនោះមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋទទួលបាន ព័ត៌មានជាសាធារណៈទាំងនោះ។
ផ្នែកទី ៣៖ ដីការបស់ក្រុមប្រឹក្សា
editមាត្រា ៥៣.-
ដីកា គឺជាវិធានខាងផ្លូវច្បាប់ដែលបានអនុម័តដោយក្រុមប្រឹក្សា។
យោងតាមបទប្បញ្ញត្តិនៃច្បាប់នេះ ក្រុមប្រឹក្សាប្រើប្រាស់សិទ្ធិអំណាចបញ្ញត្តិរបស់ខ្លួន តាមការធ្វើសេចក្ដីសម្រេចដើម្បីដាក់ចេញនូវដីកាតាមការចាំបាច់។
មាត្រា ៥៤.-
ដីការបស់ក្រុមប្រឹក្សា មានវិសាលភាពដើម្បីកំណត់ ដើម្បីហាមឃាត់ ឬ ដើម្បីត្រូវពិនិត្យលើសកម្មភាព លើនីតិវិធី ឬ លើកិច្ចការណាមួយ ដែលស្ថិតនៅក្នុងវិសាលភាពនៃមុខងារ ភារកិច្ច និងធនធានរបស់ក្រុមប្រឹក្សារួមមាន :
- តួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា
- មុខងារ ឬ ភារកិច្ច ដែលប្រគល់ឱ្យក្រុមប្រឹក្សា
- មុខងារ ឬ ភារកិច្ច ដែលបានធ្វើប្រតិភូកម្មទៅឱ្យក្រុមប្រឹក្សា ក្នុងករណីដែលការធ្វើប្រតិភូកម្មនោះ មិនបានដកចេញនូវសិទ្ធិអំណាចខ្លះ ឬ ទាំងអស់ដើម្បីដាក់ចេញដីកា
- កិច្ចការណាមួយដែលច្បាប់នេះ ឬ ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាសដទៃទៀត តម្រូវឱ្យក្រុមប្រឹក្សាដាក់ចេញដីកា។
[ 19 ]
មាត្រា ៥៥.-
ដីកាដែលដាក់ចេញដោយក្រុមប្រឹក្សា ត្រូវប្រតិបត្តិ និងអនុវត្តនៅក្នុងដែនសមត្ថកិច្ចទាំងមូលរបស់ខ្លួន លើកលែងតែដីកាចែងផ្សេងពីនេះ ឬ លើកលែងតែច្បាប់ណាមួយបានតម្រូវឱ្យ ដកចេញពីដីកានូវតំបន់ដែលបានកំណត់ព្រំប្រទល់ច្បាស់លាស់។
មាត្រា ៥៦.-
ដីកាដែលក្រុមប្រឹក្សា បានអនុម័តរួច ត្រូវចូលជាធរមាននៅថ្ងៃដែលក្រុមប្រឹក្សាប្រកាសផ្សាយដីកានោះ។
ដីកា អាចកំណត់យកកាលបរិច្ឆេទណាមួយនាពេលអនាគត សម្រាប់ការចូលជាធរមាននូវដីកាទាំងមូល ឬ ផ្នែកខ្លះនៃដីកា។
ដីកា មិនអាចមានប្រតិកម្ម និងមិនអាចចូលជាធរមានមុនពេលដែលដីកាត្រូវបានអនុម័ត និងប្រកាសផ្សាយនោះឡើយ។
មាត្រា ៥៧.-
ដីកា ដែលចែងផ្ទុយពីបទប្បញ្ញត្តិណាមួយនៃរដ្ឋធម្មនុញ្ញ ឬ ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ដីកានោះនឹងមិនមានសុពលភាពបានឡើយ។
មាត្រា ៥៨.-
ដីកាណាមួយដែលធ្វើឡើងដោយមានការរើសអើងក្នុងន័យជាអវិជ្ជមាន ឬ អនុវត្តចំពោះតែបុគ្គលណាម្នាក់ ឬ ក្រុមមនុស្សណាមួយ ដោយផ្អែកលើកត្តាជាតិសាសន៍ សាសនា ភេទ អាយុ ពណ៌សម្បុរ ជាតិ ឬ ជាតិកំណើត ឬ អសមត្ថភាពខាងស្មារតី ឬ ខាងកាយសម្បទា ដីកានោះមិនមានសុពលភាពបានឡើយ។
មាត្រា ៥៩.-
ដីកាអាចបង្កើតបទប្បញ្ញត្តិសម្រាប់ការពិន័យជាប្រាក់ចំពោះការ ប្រព្រឹត្តល្មើស ឬការមិនគោរពតាមបទប្បញ្ញត្តិមួយ ឬ ច្រើននៃដីកានោះបាន។
បែបបទ នីតិវិធីនៃការរៀបចំបទប្បញ្ញត្តិ សម្រាប់ការពិន័យជាប្រាក់ដោយដីការបស់
[ 20 ]ក្រុមប្រឹក្សា និងកម្រិតនៃប្រាក់ពិន័យនេះ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៦០.-
ក្រុមប្រឹក្សានីមួយៗត្រូវអនុវត្តទៅតាមនីតិវិធីក្នុងការរៀបចំតាក់តែង ការកែប្រែការលុបចោលដីការបស់ខ្លួន។
ការកែប្រែដីកា ឬ ការលុបចោលដីការបស់ក្រុមប្រឹក្សា ត្រូវសម្រេចដោយដីការបស់ក្រុមប្រឹក្សា។
នីតិវិធីនៃការរៀបចំ ការកែប្រែ និងការលុបចោលដីការបស់ក្រុមប្រឹក្សា ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៦១.-
ក្រុមប្រឹក្សា ត្រូវអនុវត្ត និងពង្រឹងការអនុវត្តដីកាទាំងអស់របស់ខ្លួន។
ក្នុងករណីចាំបាច់ ក្រុមប្រឹក្សាអាចពង្រឹងការអនុវត្តដីការបស់ខ្លួនតាមរយៈ ឬ ដោយមានកិច្ចសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌។
មន្ត្រីនគរបាលយុត្តិធម៌ត្រូវជួយក្រុមប្រឹក្សា ដើម្បីពង្រឹងការអនុវត្តដីការបស់ក្រុមប្រឹក្សា នៅពេលដែលមានការស្នើសុំជាលាយលក្ខណ៍អក្សរពីក្រុមប្រឹក្សា។
ផ្នែកទី ៤ អង្គប្រជុំ និង បទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សា
editមាត្រា ៦២.-
អង្គប្រជុំចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ត្រូវប្រារព្ធធ្វើឡើងនៅក្នុងរយៈពេលមិនឱ្យលើសពីដប់បួន(១៤)ថ្ងៃ បន្ទាប់ពីថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផល ជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
ក្រសួងមហាផ្ទៃ ត្រូវចាត់តាំងមន្ត្រីមួយរូបឱ្យ ធ្វើជាអធិបតីក្នុងអង្គប្រជុំចូលកាន់តំណាងរបស់ក្រុមប្រឹក្សា។
[ 21 ]
មាត្រា ៦៣.-
ប្រធានក្រុមប្រឹក្សា គឺជាប្រធានអង្គប្រជុំទាំងអស់របស់ក្រុមប្រឹក្សា។
មាត្រា ៦៤.-
ប្រធានអង្គប្រជុំរបស់ក្រុមប្រឹក្សា មានភារកិច្ច :
- ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា ដោយមិនលំអៀង
- គោរព អនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុងសម្រាប់អង្គប្រជុំរបស់ក្រុមប្រឹក្សា។
មាត្រា ៦៥.-
ក្នុងករណីប្រធានក្រុមប្រឹក្សាអវត្តមាន ត្រូវជ្រើសយកសមាជិកក្រុមប្រឹក្សាដែលស្ថិតនៅលេខរៀងលំដាប់ បន្តបន្ទាប់នៃបញ្ជីបេក្ខជនជាមួយប្រធានក្រុមប្រឹក្សាធ្វើជាអធិបតី នៃអង្គប្រជុំ។
ក្នុងករណីសមាជិកក្រុមប្រឹក្សា ដែលស្ថិតក្នុងលំដាប់លេខរៀងបន្តបន្ទាប់នៃបញ្ជីបេក្ខជនជាមួយប្រធាន ក្រុមប្រឹក្សាអវត្តមាន ត្រូវជ្រើសរើសយកសមាជិកក្រុមប្រឹក្សាដែលស្ថិតនៅលេខរៀងលើគេនៃ បញ្ជីបេក្ខជនដែលជាប់ឆ្នោតលំដាប់ទី ២ ក្នុងក្រុមប្រឹក្សា ដើម្បីធ្វើជាអធិបតីនៃអង្គប្រជុំ។
ករណីសមាជិកក្រុមប្រឹក្សា ដែលស្ថិតនៅលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលជាប់ឆ្នោតលំដាប់ទី ២ ក្នុងក្រុមប្រឹក្សាវត្តមាន ត្រូវជ្រើសយកសមាជិកក្រុមប្រឹក្សាដែលស្ថិតក្នុងលេខរៀងលំដាប់ បន្តបន្ទាប់នៃបញ្ជីបេក្ខជនជាមួយនោះឱ្យធ្វើជាអធិបតីនៃអង្គប្រជុំ។
មាត្រា ៦៦.-
រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សានឹងមានសុពលភាពទៅបាន លុះត្រាតែមានវត្តមានសមាជិកក្រុមប្រឹក្សាមិនតិចជាងពាក់កណ្ដាលនៃ សមាជិកក្រុមប្រឹក្សាទាំងមូល។
សមាជិកក្រុមប្រឹក្សាគ្រប់ៗរូបដែលមានវត្តមាននៅក្នុងអង្គប្រជុំ មានសិទ្ធិបោះឆ្នោតមួយសំឡេងដើម្បីអនុម័តរាល់សេចក្ដីសម្រេចរបស់ ក្រុមប្រឹក្សា។
ក្រុមប្រឹក្សាត្រូវអនុម័តដីកា ឬ សេចក្ដីសម្រេច ដោយសំឡេងលើសពីពាក់កណ្ដាល
[ 22 ] នៃចំនួនសមាជិក្រុមប្រឹក្សាទាំងមូល។
មាត្រា ៦៧.-
ក្នុងករណីមានសំឡេងឆ្នោតស្មើគ្នា សំឡេងរបស់អធិបតីនៃអង្គប្រជុំក្រុមប្រឹក្សាមានឧត្ដមានុភាព។
មាត្រា ៦៨.-
អង្គប្រជុំរបស់ក្រុមប្រឹក្សា ត្រូវធ្វើឡើងជាសាធារណៈ។
ក្រុមប្រឹក្សាអាចប្រជុំជាសម្ងាត់បាន។
កិច្ចដំណើរការនៃការប្រជុំជាសម្ងាត់ ត្រូវកំណត់ដោយសេចក្ដីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៦៩.-
អង្គប្រជុំរបស់ក្រុមប្រឹក្សាត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រជុំ តាមប្រភេទក្រុមប្រឹក្សានីមួយៗ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចេញសេចក្ដីណែនាំអំពីគំរូបទបញ្ជាផ្ទៃ ក្នុងសម្រាប់ការប្រជុំ តាមប្រភេទក្រុមប្រឹក្សានីមួយៗ។
មាត្រា ៧០.-
អង្គប្រជុំសាមញ្ញលើកទី ១ របស់ក្រុមប្រឹក្សា ត្រូវប្រារព្ធឡើងមិនឱ្យហួសពីដប់ប្រាំ(១៥)ថ្ងៃ បន្ទាប់ពីអង្គប្រជុំចូលកាន់តំណែងរបស់ក្រុមប្រឹក្សា។
មាត្រា ៧១.-
ក្នុងកិច្ចប្រជុំលើកទី ២ របស់ខ្លួន ក្រុមប្រឹក្សាត្រូវចាត់វិធានការដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងសម្រាប់ ការប្រជុំរបស់ខ្លួនតាមទម្រង់ជាដីកា។
ក្រុមប្រឹក្សាអាចអនុម័តយកគំរូបទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រជុំ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយមានការកែប្រែ ឬ ដោយមិនមានការកែប្រែ។
[ 23 ]
មាត្រា ៧២.-
ក្រុមប្រឹក្សា ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រជុំរបស់ខ្លួន។
សេចក្ដីសម្រេចទាំងឡាយណាដែលធ្វើឡើងមិនស្របនឹងបទបញ្ជាផ្ទៃក្នុង សម្រាប់ការប្រជុំរបស់ក្រុមប្រឹក្សា សេចក្ដីសម្រេចនោះពុំមានសុពលភាពឡើយ។
មាត្រា ៧៣.-
សមាជិកក្រុមប្រឹក្សា មានសេរីភាពក្នុងការបញ្ចេញមតិក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន។
គ្មានសមាជិកក្រុមប្រឹក្សាណាម្នាក់ត្រូវបានចាប់ខ្លួន ឬ ឃុំខ្លួន ឬ ប្រឈមនឹងសកម្មភាព ឬ ចំណាត់ការណាមួយដោយសារតែហេតុផលនៃការបញ្ចេញមតិ ឬ ការបោះឆ្នោតរបស់ខ្លួនក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាឡើយ។
មាត្រា ៧៤.-
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រជុំសាមញ្ញនៅក្នុងដែនដីរបស់ខ្លួនយ៉ាងហោចណាស់ចំនួនដប់ពីរ (១២)ដង ជារៀងរាល់ឆ្នាំ។
អង្គប្រជុំសាមញ្ញក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រារព្ធឡើងមិនឱ្យមុនម្ភៃប្រាំ (២៥)ថ្ងៃ ឬ លើសពីសាមសិបប្រាំ (៣៥) ថ្ងៃ បន្ទាប់ពីអង្គប្រជុំសាមញ្ញលើកមុនរបស់ក្រុមប្រឹក្សាបានឡើយ។
មាត្រា ៧៥.-
ក្រុមប្រឹក្សា ត្រូវអនុម័តប្រតិទិននៃការប្រជុំសាមញ្ញរបស់ខ្លួន សម្រាប់រយៈពេលដប់ពីរ (១២)ខែ មិនឱ្យហួសពីអង្គប្រជុំសាមញ្ញលើកទី ២ និងសម្រាប់រយៈពេលជាបន្តបន្ទាប់ទៀតក្នុងរយៈពេលដប់ពីរ (១២) ខែម្ដងៗ ដោយបញ្ជាក់អំពីកាលបរិច្ឆេទ និងទីកន្លែងជាក់លាក់។
មាត្រា ៧៦.-
ក្រុមប្រឹក្សា ត្រូវផ្សព្វផ្សាយជាសាធារណៈ និងជាបន្ទាន់នូវប្រតិទិននៃការប្រជុំសាមញ្ញរបស់ខ្លួន។
[ 24 ]
មាត្រា ៧៧.-
ក្រុមប្រឹក្សា អាចកោះប្រជុំវិសាមញ្ញនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានតាមការ ចាំបាច់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ឬ ពិសេសណាមួយ។
ផ្នែកទី ៥ ទង្វើមិនស្របច្បាប់ ដោយក្រុមប្រឹក្សា ឬដោយបុគ្គលិករបស់ក្រុមប្រឹក្សា
editមាត្រា ៧៨.-
សកម្មភាព ឬ សេចក្ដីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សា ឬ សមាជិកក្រុមប្រឹក្សា ឬ គណៈកម្មាធិការ ឬ គណៈអភិបាល ឬ អភិបាល ឬ បុគ្គលិក ដែលធ្វើឡើងហួសពីសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា ឬ ហួសពីសិទ្ធិអំណាចរបស់សមាជិកក្រុមប្រឹក្សា ឬ របស់គណៈកម្មាធិការ ឬ របស់គណៈអភិបាល ឬ របស់អភិបាល ឬ របស់បុគ្គលិករបស់ក្រុមប្រឹក្សាគឺជាទង្វើមិនស្របច្បាប់។
មាត្រា ៧៩.-
សកម្មភាព ឬ សេចក្ដីសម្រេចទាំងឡាយណាដែលខុសច្បាប់ សកម្មភាព ឬ សេចក្ដីសម្រេចនោះ ពុំមានសុពលភាពឡើយ។
មាត្រា ៨០.-
ការចំណាយទាំងឡាយណាដែលធ្វើឡើងដោយក្រុមប្រឹក្សា ឬ ក្នុងនាមក្រុមប្រឹក្សាដើម្បីអនុវត្តសកម្មភាព ឬ សេចក្ដីសម្រេចណាមួយដែលមិនស្របច្បាប់ គឺជាការចំណាយមិនស្របច្បាប់។
មាត្រា ៨១.-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុម ប្រឹក្សា និងគណៈអភិបាលអំពីសកម្មភាព ឬ សេចក្ដីសម្រេចមិនស្របច្បាប់ណាមួយ ដែលធ្វើឡើងដោយក្រុមប្រឹក្សា ឬ សមាជិកក្រុមប្រឹក្សា ឬ គណៈកម្មាធិការ ឬ គណៈអភិបាល ឬ អភិ
[ 25 ] បាល ឬ បុគ្គលិកក្រុមប្រឹក្សានោះ។ ក្រោយទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃក្រុមប្រឹក្សា ឬ គណៈអភិបាល ត្រូវឆ្លើយបំភ្លឺតបវិញក្នុងរយៈពេលយ៉ាងយូរមួយ (០១)ខែ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវឆ្លើយតបវិញក្នុងរយៈពេលយ៉ាងយូរមួយ (០១)ខែ បើសិនក្រសួងយល់ឃើញថាទង្វើនោះមិនស្របច្បាប់។
មាត្រា ៨២.-
មុនពេលចេញដីកា ឬ សេចក្ដីសម្រេច ឬ កិច្ចព្រមព្រៀងណាមួយ ក្រុមប្រឹក្សា ឬ គណៈអភិបាលអាចលើកសំណើជាលាយលក្ខណ៍អក្សរសុំយោបល់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រសិនបើយល់ឃើញថាបញ្ហាទាំងនោះជាបញ្ហារសើប ឬ មិនច្បាស់លាស់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវឆ្លើយតបវិញនៅក្នុងរយៈពេលមួយ(០១)ខែ បន្ទាប់ពីបានទទួលសំណើនោះ។
មាត្រា ៨៣.-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវផ្ដល់យោបល់ដល់ក្រុមប្រឹក្សា និងគណៈអភិបាលអំពីវិធានការចាំបាច់ដើម្បីឲ្យក្រុមប្រឹក្សា គណៈអភិបាលធ្វើសកម្មភាព ឬ ធ្វើសេចក្ដីសម្រេចឲ្យបានស្របច្បាប់ឡើងវិញ។
មាត្រា ៨៤.-
ក្នុងករណីដែលក្រុមប្រឹក្សាបានអនុវត្តរួចហើយនូវសកម្មភាព ឬ សេចក្ដីសម្រេចមិនស្របច្បាប់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវណែនាំក្រុមប្រឹក្សា ឱ្យចាត់វិធានការចាំបាច់នានានៅក្នុងក្របខ័ណ្ឌសិទ្ធិអំណាចរបស់ ខ្លួន ដើម្បីធ្វើសកម្មភាព ឬ សេចក្ដីសម្រេចឱ្យបានស្របច្បាប់ឡើងវិញនៅក្នុងរយៈពេលមួយ(០១)ខែ។
ក្រុមប្រឹក្សា ត្រូវផ្សព្វផ្សាយដោយសាធារណៈភ្លាមនូវការណែនាំរបស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃទាក់ទងនឹងបញ្ហានេះ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
[ 26 ]
មាត្រា ៨៥.-
ក្នុងករណីដែលក្រុមប្រឹក្សាមិនអាចធ្វើឱ្យសកម្មភាព ឬ សេចក្ដីសម្រេចមិនស្របច្បាប់ឱ្យស្របតាមច្បាប់ឡើងវិញនៅក្នុងសិទ្ធិ អំណាចរបស់ខ្លួននោះ ក្រុមប្រឹក្សាត្រូវលុបចោលសកម្មភាព ឬ សេចក្ដីសម្រេចមិនស្របច្បាប់នៅក្នុងអង្គប្រជុំរបស់ខ្លួន និងត្រូវផ្សព្វផ្សាយជាសាធារណៈពីការលុបចោលនោះ។
ជនណា ឬ បុគ្គលណាដែលបានទទួលរងនូវការខូចខាត ឬ បានបង់ពន្ធ ឬ កម្រៃដោយសារតែសកម្មភាព ឬ សេចក្ដីសម្រេចមិនស្របច្បាប់នោះអាចទាមទារឲ្យក្រុមប្រឹក្សាផ្ដល់ សំណង និងការបង់ប្រាក់មកវិញឱ្យបានគ្រប់ចំនួន។
ជនណាដែលត្រូវបានក្រុមប្រឹក្សាបដិសេធមិនផ្ដល់សំណង ឬ ការបង់ប្រាក់មកឲ្យវិញក្នុងរយៈពេលពីរ(០២)ខែ ជននោះអាចជូនដំណឹង និងអាចប្ដឹងតវ៉ាទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីសម្របសម្រួល ដោះស្រាយ។
ក្នុងករណីដែលជនណាមិនឯកភាពតាមការសម្របសម្រួលដោះស្រាយរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជននោះមានសិទ្ធិប្ដឹងទៅតុលាការ។
មាត្រា ៨៦.-
ការចំណាយ ឬ ផលប៉ះពាល់ពីសេចក្ដីសម្រេចមិនស្របច្បាប់ណាមួយ ដែលធ្វើឡើងដោយក្រុមប្រឹក្សា ឬ ក្នុងនាមក្រុមប្រឹក្សាត្រូវទទួលសងនូវការចំណាយ ឬ សងការខូចខាតដែលមានផលប៉ះពាល់ពីសេចក្ដីសម្រេច ឬ សកម្មភាពមិនស្របច្បាប់នោះមកវិញ នៅក្នុងរយៈពេលមួយ(០១)ខែ។
មាត្រា ៨៧.-
ក្នុងករណីដែលការចំណាយមិនស្របច្បាប់ធ្វើឡើង ដើម្បីអនុវត្តសេចក្ដីសម្រេច ឬ សកម្មភាពរបស់ក្រុមប្រឹក្សាឬគណៈកម្មាធិការណាមួយ ឬ គណៈអភិបាល ហើយដែលជាសមាជិកក្រុមប្រឹក្សា ឬ គណៈអភិបាលទាំងមូលបានគាំទ្រសកម្មភាព ឬ សេចក្ដីសម្រេចនោះ សមាជិកក្រុមប្រឹក្សាម្នាក់ៗ ឬ គណៈអភិបាលម្នាក់ៗនោះ ត្រូវទទួលសងនូវចំណែកដែលមិនស្របច្បាប់ឱ្យបានគ្រប់ចំនួនមកវិញ ក្នុងចំណែកស្មើៗគ្នា។
[ 27 ] ក្នុងករណីដែលការចំណាយមិនស្របច្បាប់ មិនបានធ្វើឡើងដើម្បីអនុវត្តសេចក្ដីសម្រេច ឬ សកម្មភាពរបស់ក្រុមប្រឹក្សា ឬ គណៈកម្មាធិការណាមួយ ឬ គណៈអភិបាលនោះទេការចំណាយមិនស្របច្បាប់ទាំងអស់ ត្រូវទទួលសងឱ្យបានគ្រប់ចំនួនពីសមាជិកក្រុមប្រឹក្សាជាក់លាក់ណាមួយ ឬ ពីអភិបាល ឬ អភិបាលរង ឬ ពីបុគ្គលិកជាក់លាក់ណាមួយដែលទទួលខុសត្រូវចំពោះសកម្មភាព ឬ សេចក្ដីសម្រេចនោះ។
មាត្រា ៨៨.-
ក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចធ្វើប្រតិភូកម្មទៅឱ្យក្រុមប្រឹក្សាស្រុកដើម្បីពិនិត្យ នីត្យានុកូលភាពនៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ តាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់នេះ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ផ្នែកទី ៦ ការដោះស្រាយវិវាទនៅមូលដ្ឋាន
editមាត្រា ៨៩.-
ក្នុងប្រឹក្សាត្រូវចាត់វិធានការសមស្រប ដើម្បីដោះស្រាយវិវាទនៅមូលដ្ឋានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មាត្រា ៩០.-
វិវាទនៅមូលដ្ឋាន គឺជាវិវាទមានលក្ខណៈឯកជនរវាងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែន សមត្ថកិច្ចរបស់ក្រុមប្រឹក្សាជាមួយគ្នា ឬ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាផ្សេងគ្នា។
មាត្រា ៩១.-
ការដោះស្រាយវិវាទ ត្រូវផ្អែកតាមពាក្យបណ្ដឹងរបស់ភាគីណាមួយ ឬ ភាគីទាំងសង្ខាងនៅក្នុងវិវាទទៅក្រុមប្រឹក្សាដែលភាគច្រើននោះ ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានោះ។
[ 28 ]
មាត្រា ៩២.-
ក្រុមប្រឹក្សាត្រូវសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ដោយផ្អែកតាមលក្ខណៈដែលអាចទទួលយកបានដោយភាគីនៅក្នុងវិវាទ ទាំងសងខាង។
ក្នុងករណីភាគីណាមួយនៅក្នុងវិវាទ មិនអាចទទួលយកបាននូវការសម្រុះសម្រួលដោះស្រាយក្រុមប្រឹក្សាត្រូវ ណែនាំភាគីនោះអំពីនីតិវិធីតាមផ្លូវច្បាប់សម្រាប់បន្តដោះស្រាយ វិវាទនោះ។
មាត្រា ៩៣.-
ក្នុងករណីមានសំណូមពរ ឬ ការតវ៉ានានាពីប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវពិនិត្យ និងដោះស្រាយសំណូមពរ ឬ ការតវ៉ានោះឱ្យបានសមស្រប។
ក្នុងករណីសំណូមពរ ឬ ការតវ៉ានោះស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវចាត់វិធានការដោះស្រាយ រួចហើយត្រូវជូនដំណឹងទៅប្រជាពលរដ្ឋវិញ។
ករណីសំណូមពរ ឬ ការតវ៉ានោះមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវធ្វើសេចក្ដីរាយការណ៍ជូនក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬ ក្រុមប្រឹក្សាដែលពាក់ព័ន្ធ ដើម្បីដោះស្រាយ។
មាត្រា ៩៤.-
ក្នុងការសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ក្រុមប្រឹក្សាមិនត្រូវធ្វើសេចក្ដីសម្រេចទៅលើបញ្ហាទាំងឡាយនាដែល ពាក់ព័ន្ធ ករណីដូចខាងក្រោម :
- ការលែងលះ
- អំពើហិង្សាក្នុងគ្រួសារដែលមានលក្ខណៈជាបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិម
- បទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ឬ ករណីដែលស្ថិតនៅក្នុងក្របខ័ណ្ឌសណ្ដាប់ធ្នាប់សាធារណៈ
- វិវាទដែលកំពុងដោះស្រាយដោយតុលាការ ឬ ដែលមានសេចក្ដីសម្រេចគឺតុលាការ
- វិវាទដែលច្បាប់ ឬ ដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័ន ឬ យន្តការ
[ 29 ]ជាក់លាក់ណាមួយសម្រុះសម្រួលដោះស្រាយ។
មាត្រា ៩៥.-
នីតិវិធីក្នុងការដោះស្រាយវិវាទនៅមូលដ្ឋាន ត្រូវផ្អកតាមច្បាប់ ឬ អនុក្រឹត្យ។
ផ្នែកទី ៧៖ បទប្បញ្ញត្តិពិសេសសម្រាប់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ដែលស្ថិតក្នុងស្រុក
editមាត្រា ៩៦.-
ក្រុមប្រឹក្សាស្រុក ត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យក្នុងស្រុករបស់ខ្លួន។
មាត្រា ៩៧.-
ដើម្បីបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពសម្រាប់ការអភិវឌ្ឍតមបែបប្រជាធិបតេយ្យនៅ ក្នុងស្រុក ក្រុមប្រឹក្សាសង្កាត់ត្រូវ :
- ជួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់នីមួយៗឱ្យបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាព សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
- រួមមួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីជំរុញឱ្យមានការចូលរួមពីសាធារណជន នៅក្នុងដំណើរការអភិបាលកិច្ចនៅក្នុងស្រុក និងឃុំ សង្កាត់
- ស្វែងយល់និងឆ្លើយតប ចំពោះតម្រូវការក្នុងស្រុករបស់ខ្លួន និងសំណើរបស់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់។
មាត្រា ៩៨.-
ក្រុមប្រឹក្សាស្រុកត្រូវមានគណនេយ្យភាព ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់និងប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកអំពីជម្រើស សេចក្ដីសម្រេច ការអនុវត្តរបស់ខ្លួន ព្រមទាំងផលប៉ះពាល់នៃជម្រើស សេចក្ដីសម្រេច និងការអនុវត្តទាំងនោះ។
[ 30 ]
មាត្រា ៩៩.-
ក្រុមប្រឹក្សាស្រុក ត្រូវពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់និងអ្នកពាក់ព័ន្ធនានា ដើម្បីវាយតម្លៃឱ្យបានទៀងទាត់ពីសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ និងធ្វើការបណ្ដុះបណ្ដាល កសាងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ និងបុគ្គលិករបស់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងធ្វើការអប់ំបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់នីមួយៗឱ្យបានទៀងទាត់ ដើម្បីបង្កើត ជំរុញនិងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវទទួលស្គាល់គុណភាពនៃការអប់រំបណ្ដុះបណ្ដាល ដែលស្របជាមួយខ្លឹមសារនៃច្បាប់នេះ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
មាត្រា ១០០.-
ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់ដែលពាក់ព័ន្ធ ត្រូវដាក់បញ្ចូលយុទ្ធសាស្ត្រ កម្មវិធី និងសកម្មភាពដែលបានកំណត់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការនិងសំណើរបស់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ទៅក្នុងកម្មវិធីវិនិយោគបី(០៣)ឆ្នាំរំកិល ប្រចាំឆ្នាំ និងផែនការអភិវឌ្ឍរយៈពេលប្រាំ (០៥)ឆ្នាំរបស់ស្រុក និងរបស់ឃុំ សង្កាត់ព្រមទាំងគម្រោងថវិកាប្រចាំឆ្នាំ និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់ស្រុក និងឃុំសង្កាត់។
មាត្រា ១០១.-
បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ក្រុមប្រឹក្សាស្រុកត្រូវសម្របសម្រួល និងគាំទ្រដល់ការបង្កើនសមត្ថភាពផ្នែករដ្ឋបាល ឬ ធនធានផ្នែករដ្ឋបាលដែលចាំបាច់ដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឱ្យក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ មានសមត្ថភាពផ្នែករដ្ឋបាល ឬ ធនធានផ្នែករដ្ឋបាលគ្រប់គ្រាន់ និងជាអចិន្ត្រៃយ៍ដើម្បី :
- - ជំរុញ ឬ ធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ឬ បំពេញមុខងារ ភារកិច្ចចាំបាច់មួយ ឬ ច្រើន
[ 31 ]
- - បំពេញសមត្ថភាពផ្នែករដ្ឋបាល និងធនធានផ្នែករដ្ឋបាល រួមទាំងបុគ្គលិក ឧបករណ៍ ទ្រព្យសម្បត្តិ និងសម្ភារៈចាំបាច់នានា។
មាត្រា ១០២.-
ការរៀបចំចាត់ចែងបង្កើនសមត្ថភាពផ្នែករដ្ឋបាល ឬ ធនធានផ្នែករដ្ឋបាលនៅក្នុងឃុំ សង្កាត់ អាចធ្វើឡើងដោយអនុញ្ញាតឱ្យក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ពីរ ឬ ច្រើនប្រើប្រាស់រួមគ្នានូវបុគ្គលិក ឧបករណ៍ ទ្រព្យសម្បត្តិ ឬ សម្ភារៈខ្លះ ឬ ទាំងអស់តាមការចាំបាច់។
មាត្រា ១០៣.-
ក្នុងករណីដែលក្រុមប្រឹក្សាស្រុកបានប្រឹងប្រែងសម្របសម្រួលបង្កើន សមត្ថភាពផ្នែករដ្ឋបាល ឬ ធនធានផ្នែករដ្ឋបាលដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់រួចហើយ ប៉ុន្តែក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់នោះនៅតែមិនអាចបំពេញភារកិច្ចជាមូលដ្ឋាន និងចាំបាច់របស់ខ្លួនបាន ឬ មិនអាចជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យឱ្យ បានគ្រប់គ្រាន់ក្រុមប្រឹក្សាស្រុកត្រូវពិគ្រោះយោបល់ជាមួយ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីរាយការណ៍ជាលាយលក្ខណ៍អក្សរជាបន្ទាន់ទៅរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។
របាយការណ៍ខាងលើនេះ ត្រូវដាក់បញ្ចូលនូវអនុសាសន៍សមស្របអំពីសំណើកែតម្រូវកង្វះខាតទាំងនេះ។
មាត្រា ១០៤.-
ក្នុងករណីដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកភាពតាមរបាយការណ៍របស់ ក្រុមប្រឹក្សាស្រុក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើការពិគ្រោះពិភាក្សាជាមួយ ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ពាក់ព័ន្ធ ដើម្បីរៀបចំផ្ដល់ការគាំទ្រដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ឱ្យ មានសមត្ថភាពក្នុងការជំរុញ និងធ្វើការឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យឱ្យមាន ប្រសិទ្ធភាព។
[ 32 ]
មាត្រា ១០៥.-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សា ខេត្ត និងគណៈអភិបាលខេត្តដើម្បីអនុវត្តបទប្បញ្ញត្តិចាំបាច់មួយចំនួនក្នុង ផ្នែកទី ៧ នៃច្បាប់នេះ។
ផ្នែកទី ៨ រាជធានីភ្នំពេញ
editមាត្រា ១០៦.-
ក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវមានដែនសមត្ថកិច្ចនៅក្នុងតំបន់ របស់ខ្លួន សម្រាប់បង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
មាត្រា ១០៧.-
ក្រុមប្រឹក្សាសង្កាត់ និងក្រុមប្រឹក្សាខណ្ឌ ត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។
មាត្រា ១០៨.-
ក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវធ្វើប្រតិភូកម្មមុខងារ និងភារកិច្ចទៅឱ្យក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
មាត្រា ១០៩.-
តួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ផ្នែកទី ៩ ក្រុងក្រៅពីរាជធានីភ្នំពេញ
editមាត្រា ១១០.-
ក្រុមប្រឹក្សាក្រុងត្រូវមានដែនសមត្ថកិច្ចក្នុងតំបន់របស់ខ្លួន សម្រាប់បង្កើត ជំរុញនិង
[ 33 ]ធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
មាត្រា ១១១.-
ក្រុមប្រឹក្សាសង្កាត់ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងរបស់ក្រុមប្រឹក្សាក្រុង។
មាត្រា ១១២.-
ក្រុមប្រឹក្សាក្រុងត្រូវធ្វើប្រតិភូកម្មមុខងារ ភារកិច្ច ទៅឱ្យក្រុមប្រឹក្សាសង្កាត់ ដើម្បីបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
មាត្រា ១១៣.-
តួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជំពូកទី ៣៖ អំពីគណៈកម្មាធិការក្រុមប្រឹក្សា និងគណៈអភិបាល
editផ្នែកទី ១៖ គណៈកម្មាធិការរបស់ក្រុមប្រឹក្សា
editមាត្រា ១១៤.-
ក្រុមប្រឹក្សា មានកាតព្វកិច្ចរៀបចំឱ្យមានគណៈកម្មាធិការដូចខាងក្រោម :
- គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
- គណៈកម្មាធិការលទ្ធកម្ម។
មាត្រា ១១៥.-
ក្រៅពីគណៈកម្មាធិការទាំងបីខាងលើនេះ ក្រុមប្រឹក្សាអាចបង្កើតគណៈកម្មាធិការផ្សេងទៀតដើម្បីជួយការងាររបស់ ក្រុមប្រឹក្សាតាមការចាំបាច់។
[ 35 ]
មាត្រា ១២១.-
ក្រុមប្រឹក្សា ត្រូវទទួលខុសត្រូវរាល់សេចក្ដីសម្រេច និងសកម្មភាពរបស់គណៈកម្មាធិការនានា ដែលខ្លួនបានបង្កើតឡើង និងទទួលខុសត្រូវចំពោះផលវិបាកពីសកម្មភាពរបស់គណៈកម្មាធិការទាំងនោះ។
មាត្រា ១២២.-
ក្រុមប្រឹក្សា ត្រូវផ្ដល់ការគាំទ្រកិច្ចការផ្នែកលេខាធិការដ្ឋាន និងការគាំទ្រដទៃទៀតដល់គណៈកម្មាធិការនានាដែលខ្លួនបានបង្កើតឡើង។
ផ្នែកទី ២ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
editមាត្រា ១២៣.-
គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស មានសមាសភាព :
- អភិបាល ជាប្រធាន
- ប្រធានអង្គភាពទាំងអស់របស់ក្រុមប្រឹក្សា
- ប្រធានហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សា
- ប្រធានមន្ទីរ អង្គភាពនៃក្រសួង ស្ថាប័ននានារបស់រដ្ឋាភិបាលដែលផ្ដល់សេវាសម្ភារៈ ឬ ហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់នៅក្នុងដែនសមត្ថកិច្ចរបស់ ក្រុមប្រឹក្សា។
- តំណាងផ្សេងៗទៀតតាមការចាំបាច់។
មាត្រា ១២៤.-
គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសត្រូវខិតខំធានាឱ្យបានថា ផែនការអភិវឌ្ឍនិងថវិការបស់ក្រសួង ស្ថាប័ន ឬ មន្ទីរ អង្គភាពនានារបស់រដ្ឋាភិបាលដែលផ្ដល់សេវាសម្ភារៈ ឬ ហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវទៅក្នុងផែនការអភិវឌ្ឍរយៈពេល ប្រាំ (0៥)ឆ្នាំ កម្មវិធីវិនិយោគបី (០៣)ឆ្នាំ រំកិលប្រចាំឆ្នាំ ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម និងគម្រោងថវិកា
[ 36 ]ប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
មាត្រា ១២៥.-
ក្រសួងមហាផ្ទៃ អាចកំណត់ឱ្យ ក្រុមប្រឹក្សាពីរ ឬ ច្រើនប្រើប្រាស់រួមគ្នានូវគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។
មាត្រា ១២៦.-
ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ផ្នែកទី ៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
editមាត្រា ១២៧.-
សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ត្រូវជ្រើសរើសចេញពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាជាស្ត្រីនៅ ក្នុងក្រុមប្រឹក្សានោះ ឬ ស្ត្រី និងបុរស នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។
មាត្រា ១២៨.-
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារមានសិទ្ធិ និងមានភារកិច្ចផ្ដល់យោបល់និងលើកអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល អភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សា លើបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ត្រីនិងកុមារដែលស្ថិតនៅក្នុងអំណាច មុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សា។
មាត្រា ១២៩.-
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារមានសិទ្ធិចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា គណៈកម្មាធិការនានា និងគណៈអភិបាល។
[ 37 ]
មាត្រា ១៣០.-
ក្នុងការចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ មានសិទ្ធិទទួលបាននូវរបៀបវារៈប្រជុំ និងឯកសារសម្រាប់កិច្ចប្រជុំដូចសមាជិកអង្គប្រជុំដទៃទៀតដែរ។
មាត្រា ១៣១.-
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ អាចចាត់តាំងសមាជិករបស់ខ្លួនបានយ៉ាងច្រើនពីរ (០២)រូប ដើម្បីចូលរួមក្នុងរាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សា គណៈអភិបាល និងកិច្ចប្រជុំនៃគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា។
សមាជិកដែលបានចាត់តាំងទាំងនេះ មានសិទ្ធិបញ្ចេញយោបល់ក្នុងកិច្ចប្រជុំនានាដូចគ្នានឹងសមាជិកដទៃទៀតនៃអង្គប្រជុំដែរ។
មាត្រា ១៣២.-
ក្នុងករណីសមាជិកដែលត្រូវបានចាត់តាំងឱ្យ ចូលរួមក្នុងកិច្ចប្រជុំ ដូចមានចែងក្នុងមាត្រា ១៣១ ជាសមាជិកក្រុមប្រឹក្សា សមាជិកនោះមានសិទ្ធិបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំរបស់ ក្រុមប្រឹក្សា ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំរបស់គណៈ អភិបាលបានឡើយ។
មាត្រា ១៣៣.-
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ដើម្បីដាក់បញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សា។
មាត្រា ១៣៤.-
របាយការណ៍ប្រចាំឆ្នាំខាងលើនេះ ត្រូវរួមបញ្ចូលនូវ :
- ស្ថានភាពរួមនៃការចូលរួមរបស់ស្ត្រី ក្នុងការលើកកម្ពស់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ និងស្ថានភាពរបស់កុមារ នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា
- សមិទ្ធផល និងបញ្ហាប្រឈមរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និងអនុសាសន៍ ដើម្បីពង្រីងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ
[ 38 ]ស្ត្រី និងកុមារ និងអនុសាសន៍ដើម្បីពង្រឹងគណៈកម្មធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
- -អនុសាសន៍ដើម្បីធ្វើឱ្យ ប្រសើរឡើងនូវការចូលរួមរបស់ស្ត្រីក្នុងការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
មាត្រា ១៣៥.-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចចេញប្រកាសណែនាំអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារតាមការចាំបាច់ ដោយផ្អែកតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
ផ្នែកទី ៤ គណៈកម្មាធិការលទ្ធកម្ម
editមាត្រា ១៣៦.-
គណៈកម្មាធិការលទ្ធកម្មមានសិទ្ធិ និងភារកិច្ចធានាឱ្យ សកម្មភាពកិច្ចលទ្ធកម្មទាំងអស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព្រឹត្តធ្វើឡើងប្រកបដោយភាពស្មោះត្រង់ បើកចំហតម្លាភាព មិនលំអៀង ដោយអនុលោមតាមច្បាប់ បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈដើម្បីការពារផលប្រយោជន៍របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។
មាត្រា ១៣៧.-
ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផ្នែកទី ៥ គណៈអភិបាល
editមាត្រា ១៣៨.-
ត្រូវរៀបចំឱ្យ មានគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
[ 39 ]
មាត្រា ១៣៩.-
គណៈអភិបាលរួមមាន ប្រធានមួយរូប ដែលហៅថា អភិបាល និងអភិបាលរងមួយចំនួន។
មាត្រា ១៤០.-
គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើនប្រាំពីរ (០៧)រូប។
គណៈអភិបាលខេត្តមានចំនួនពីបី (០៣)រូប ទៅប្រាំពីរ (០៧) រូប។
គណៈអភិបាលក្រុង ស្រុក ខណ្ឌមានចំនួនពីបី (០៣)រូប ទៅប្រាំ (០៥)រូប។
ចំនួនជាក់ស្ដែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១៤១.-
អភិបាលរាជធានី អភិបាលខេត្ត ត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អភិបាលរងរាជធានី អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវតែងតាំងដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរងខណ្ឌ ត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១៤២.-
អភិបាលរាជធានី អភិបាលខេត្ត ត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទដែលស្ថិតក្នុង ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានលក្ខណសម្បត្តិដូចខាងក្រោម :
- មានឋានន្តរសក្ដិឧត្តមមន្ត្រី
- មានអាយុចាប់ពីសាមសិបប្រាំ (៣៥)ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
- មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំពីរ (០៧)ឆ្នាំ ឬ/និងមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
[ 40 ]
- មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
- មិនធ្លាប់មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។
មាត្រា ១៤៣.-
អភិបាលរងរាជធានី អភិបាលរងខេត្ត ត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទ ដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃដែលមានលក្ខណៈសម្បត្តិ ដូចខាងក្រោម :
- មានឋានន្តរសក្ដិ ចាប់ពីវរមន្ត្រីឡើងទៅ
- មានអាយុចាប់ពីសាមសិបប្រាំ (៣៥)ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
- មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំ (០៥) ឆ្នាំ ឬ/និងមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
- មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
- មិនធ្លាប់មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។
មាត្រា ១៤៤.-
អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវធ្វើការជ្រើសរើសពីក្នុង
[ 41 ]ចំណោមមន្ត្រីទាំងពីរភេទដែលស្ថិត ក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានលក្ខណសម្បត្តិ ដូចខាងក្រោម : -មានឋានន្តរសក្ដិចាប់ពីអនុមន្ត្រីឡើង -មានអាយុ ចាប់ពីសាមសិប(៣០)ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង -មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំ (០៥) ឆ្នាំ ឬ/និងមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា -មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង -មិនធ្លាប់មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។
មាត្រា ១៤៥.-
- អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរងខណ្ឌ ត្រូវធ្វើការជ្រើសរើសក្នុងចំណោមមន្ត្រីទាំងពីរភេទ ដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ ដែលមានលក្ខណសម្បត្តិដូចខាងក្រោម :
- មានឋានន្តរសក្ដិចាប់ពីនាយក្រមការឡើង
- មានអាយុចាប់ពីម្ភៃប្រាំ(២៥) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
- មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនបី(០៣)ឆ្នាំ ឬ/និងមានសញ្ញាបត្របរិញ្ញាបត្ររងដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡា
- មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
- មិនធ្លាប់មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។
មាត្រា ១៤៦.-
ក្នុងករណីចាំបាច់ អភិបាល អភិបាលរង អាចជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទដែលស្ថិតក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រៅពីក្របខ័ណ្ឌក្រសួងមហាផ្ទៃបានប៉ុន្តែមន្ត្រីនោះត្រូវមាន លក្ខណសម្បត្តិ សមស្របតាមមាត្រា ១៤២ មាត្រា ១៤៣ មាត្រា ១៤៤ និងមាត្រា ១៤៥ នៃច្បាប់នេះ។
មាត្រា ១៤៧.-
អភិបាល អភិបាលរង មានអាណត្តិការងារមិនលើសពីបួន (០៤)ឆ្នាំ។
អភិបាល អភិបាលរងអាចត្រូវបានតែងតាំងបានបួន (០៤)ឆ្នាំទៀត សម្រាប់អាណត្តិទី ២ របស់ខ្លួននៅក្នុងដែនសមត្ថកិច្ចដដែល។
មាត្រា ១៤៨.-
អភិបាល អភិបាលរងមិនមែនជាសមាជិកក្រុមប្រឹក្សាឡើយ។
មាត្រា ១៤៩.-
អភិបាល អភិបាលរងអាចចូលរួមគ្រប់អង្គប្រជុំ និងមានសិទ្ធិបញ្ចេញមតិក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាបាន តែមិនអាចធ្វើការបោះឆ្នោតបានឡើយ។
[ 42 ]
មាត្រា ១៥០.-
អភិបាល អភិបាលរង ត្រូវបញ្ឈប់ពីមុខតំណែងនៅមុនពេលបញ្ចប់អាណត្តិការងារប្រសិនបើសាមីខ្លួន :
- ដាក់ពាក្យលាលែងជាលាយលក្ខណ៍អក្សរជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬ
- ត្រូវបានដកហូតពីមុខតំណែង។
មាត្រា ១៥១.-
អភិបាល អភិបាលរងណាមួយ ត្រូវដកហូតពីមុខតំណែងមានមុនពេលបញ្ចប់អាណត្តិការងារ ក្នុងករណីណាមួយដូចខាងក្រោម :
- បាត់បង់លក្ខណសម្បត្តិជាអភិបាល ឬ អភិបាលរង
- អសមត្ថភាព
- បំពេញការងារមិនបានល្អ
- មានបញ្ហាសុខភាព ឬ បាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
- បោះបង់ចោលការងារ
- ប្រព្រឹត្តខុសឆ្គងពីក្រមសីលធម៌វិជ្ជាជីវៈ។
មាត្រា ១៥២.-
ក្រុមប្រឹក្សា អាចស្នើជាលាយលក្ខណ៍អក្សរទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដកហូតអភិបាល អភិបាលរងចេញពីមុខដំណែង ដោយផ្អែកតាមករណីណាមួយក្នុងចំណោមករណីដូចមានចែងក្នុងមាត្រា ១៥១ នៃច្បាប់នេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតជាបន្ទាន់នូវ សំណើខាងលើនេះ ដើម្បីធ្វើសេចក្ដីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យសម្រេចចំពោះអភិបាលរាជធានីអភិបាលខេត្ត អភិបាលរាជធានី អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ។
ចំពោះអភិបាលរងក្រុង ស្រុក ខណ្ឌ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតនិងដោះស្រាយជាបន្ទាន់។
[ 43 ]
មាត្រា ១៥៣.-
អភិបាល អភិបាលរង ត្រូវទទួលប្រាក់បៀវត្ស និងអាចទទួលកម្រៃផ្សេងៗទៀតដែលសមស្របនឹងមុខតំណែងនេះ។
ប្រាក់បៀវត្ស និងកម្រៃផ្សេងៗទៀតរបស់អភិបាល អភិបាលរងត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មាត្រា ១៥៤.-
អភិបាល មានតួនាទីជាតំណាងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដើម្បីណែនាំ សម្របសម្រួល តម្រង់ទិសមន្ទីរ អង្គភាព ខ្សែបណ្ដោយរបស់ក្រសួង ស្ថាប័ននានារបស់និងទីភ្នាក់ងារនានារបស់រាជរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។
អភិបាល ត្រូវធ្វើតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការងារ សន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ច្បាប់ និងសិទ្ធិមនុស្សក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងតួនាទីជាតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល ត្រូវមានគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ននានា។
ក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចស្នើរាជរដ្ឋាភិបាលចេញអនុក្រឹត្យដើម្បី កំណត់តួនាទី សិទ្ធិអំណាចរបស់អភិបាលក្នុងតួនាទីជាតំណាងរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា តាមការចាំបាច់។
មាត្រា ១៥៥.-
គណៈអភិបាល ត្រូវផ្ដល់យោបល់ជូនក្រុមប្រឹក្សា រាយការណ៍ជូនក្រុមប្រឹក្សា និងជាអ្នកអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា។
គណៈអភិបាល ត្រូវជួយក្រុមប្រឹក្សា ដើម្បីឱ្យក្រុមប្រឹក្សាសម្រេចបាននូវការអនុវត្ត
[ 44 ] មុខងារ សិទ្ធិអំណាច និងភារកិច្ចរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា ១៥៦.-
គណៈអភិបាល ត្រូវជួយក្រុមប្រឹក្សាក្នុងការពិនិត្យមើលមុខងារ ភារកិច្ច និងធនធានទាំងអស់ ដែលបានបែងចែក ឬ បានផ្ទេរទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយច្បាប់នេះ ឬ ដែលស្របតាមច្បាប់នេះរួចហើយត្រូវផ្ដល់អនុសាសន៍ដល់ក្រុមប្រឹក្សា អំពីរបៀបបំពេញមុខងារ ភារកិច្ច និងការចាត់ចែងធនធានទាំងនោះ។
មាត្រា ១៥៧.-
ក្រុមប្រឹក្សាត្រូវត្រួតពិនិត្យសកម្មភាព និងការអនុវត្តរបស់គណៈអភិបាល និងអភិបាល។
ក្នុងករណីចាំបាច់ ក្រុមប្រឹក្សាអាចកោះអញ្ជើញគណៈអភិបាល ឬ អភិបាល និងបុគ្គលដែលពាក់ព័ន្ធមកសាកសួរបំភ្លឺក្នុងកិច្ចប្រជុំសាមញ្ញ ឬ វិសាមញ្ញរបស់ក្រុមប្រឹក្សា។
មាត្រា ១៥៨.-
គណៈអភិបាល ឬ អភិបាលដែលបានសម្រេច ឬ បានអនុវត្តកិច្ចការណាមួយដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ហើយពុំបានទទួលការសម្រេចពីក្រុមប្រឹក្សា ការសម្រេច ឬ សកម្មភាពនោះ ពុំមានសុពលភាពបានឡើយ។
មាត្រា ១៥៩.-
គណៈអភិបាល ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាអំពីការអនុវត្តសេចក្ដីសម្រេចរបស់ ក្រុមប្រឹក្សា និងសកម្មភាពដែលបានអនុវត្តដោយគណៈអភិបាល និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា ក្នុងចន្លោះអង្គប្រជុំសាមញ្ញមួយទៅអង្គប្រជុំសាមញ្ញមួយទៀតរបស់ ក្រុមប្រឹក្សា។
មាត្រា ១៦០.-
គណៈអភិបាលត្រូវផ្ដល់យោបល់ និងរាយការណ៍ជូនក្រុមប្រឹក្សាពីការរៀបចំយុទ្ធសាស្ត្រ និងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធានរបស់ក្រុមប្រឹក្សា ដើម្បីទទួលយក
[ 45 ] មុខងារ ភារកិច្ច និងធនធាន ដែលនឹងត្រូវផ្ទេរទៅឱ្យ ក្រុមប្រឹក្សាដោយច្បាប់នេះ ឬដែលស្របតាមច្បាប់នេះ។
មាត្រា ១៦១.-
គណៈអភិបាល ក្នុងនាមក្រុមប្រឹក្សា ត្រូវមានវិធានការដើម្បីធានាឱ្យ មន្ត្រី អង្គភាពនិងបុគ្គលិករបស់ក្រុមប្រឹក្សាបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងបំពេញការងារប្រចាំថ្ងៃរបស់ក្រុមប្រឹក្សា ព្រមទាំងអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាប្រកបដោយប្រសិទ្ធភាព។
មាត្រា ១៦២.-
គណៈអភិបាល ត្រូវផ្ដល់អនុសាសន៍ និងដាក់ជូនក្រុមប្រឹក្សា ដើម្បីពិភាក្សាសម្រេចអំពី :
- - ការបង្កើត ឬ រំសាយអង្គភាព
- - ការរៀបចំតួនាទី ភារកិច្ច និងលក្ខខណ្ឌការងាររបស់បុគ្គលិក
- - ការតែងតាំង ការដំឡើងឋានន្តរស័ក្តិ និងការបញ្ឈប់បុគ្គលិក ដោយផ្អែកតាមបទប្បញ្ញត្តិនៃការគ្រប់គ្រងបុគ្គលិករបស់ក្រុមប្រឹក្សា
- - ការកំណត់លក្ខណសម្បត្តិនៃការជ្រើសរើស ការតែងតាំង ការកំណត់ប្រាក់បៀវត្ស និងប្រាក់កម្រៃផ្សេងៗទៀតនៃបុគ្គលិករបស់ក្រុមប្រឹក្សា
- - ការកំណត់នីតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុ សម្រាប់អង្គភាព និងបុគ្គលិករបស់ក្រុមប្រឹក្សា
- - ការកំណត់យុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សា និងបុគ្គលិករបស់ខ្លួន។
មាត្រា ១៦៣.-
គណៈអភិបាល ត្រូវរៀបចំដាក់ជូនក្រុមប្រឹក្សារបស់ខ្លួនដើម្បីពិនិត្យ និងអនុម័តនូវ :
- - កម្មវិធីវិនិយោគបី(០៣)ឆ្នាំរំកិលប្រចាំឆ្នាំ និងគម្រោងថវិកាប្រចាំឆ្នាំ
- - ផែនការអភិវឌ្ឍរយៈពេលប្រាំ(០៥)ឆ្នាំនិង ក្របខ័ណ្ឌចំណាយរយៈពេលមធ្យមដែលត្រូវធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ និង
[ 46 ]
- - របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាដូចមានចែងក្នុងមាត្រា ៥០ នៃច្បាប់នេះដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន។
មាត្រា ១៦៤.-
គណៈអភិបាល ត្រូវលើកសំណើទៅក្រុមប្រឹក្សា ដើម្បីកំណត់អំពីយុទ្ធសាស្ត្រ និងរបៀបនៃការពិគ្រោះយោបល់លើបញ្ហាចាំបាច់ផ្សេងៗរួមទាំងផែនការ អភិវឌ្ឍជាមួយ :
- - ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា
- - ផ្នែកផ្សេងទៀតរបស់ក្រុមប្រឹក្សាដែលអនុវត្តមុខងារ និងភារកិច្ចនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- - ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានារបស់រដ្ឋាភិបាល
- - ដៃគូពាក់ព័ន្ធដទៃទៀត។
ការពិគ្រោះយោបល់លើបញ្ហាចាំបាច់ផ្សេងៗ រួមទាំងផែនការអភិវឌ្ឍដែលត្រូវធ្វើឡើងដោយក្រុមប្រឹក្សាផ្ទាល់ ឬ ដោយគណៈអភិបាលក្នុងនាមក្រុមប្រឹក្សា។
មាត្រា ១៦៥.-
គណៈអភិបាលត្រូវរាយការណ៍ជូនគ្រប់អង្គប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ជាមួយនឹងអនុសាសន៍ចាំបាច់នានា សម្រាប់លើកកម្ពស់ការអនុវត្ត :
- មុខងារជាកាតព្វកិច្ចដែលបានផ្ទេរឱ្យក្រុមប្រឹក្សា
- មុខងារជាជម្រើសរបស់ក្រុមប្រឹក្សា
- កម្មវិធីវិនិយោគបី(០៣)ឆ្នាំរំកិលប្រចាំឆ្នាំ និងផែនការអភិវឌ្ឍរយៈពេលប្រាំ(០៥) ឆ្នាំរបស់ក្រុមប្រឹក្សា រួមទាំងសមាសភាពនៃផែនការដែលស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ :
- ក្រុមប្រឹក្សារួមគ្នា
- ប្រភេទក្រុមប្រឹក្សាផ្សេងៗ
- ក្រសួង ស្ថាប័ន ឬ មន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល
- ដៃគូពាក់ព័ន្ធនានា។
[ 47 ]
- គម្រោងថវិកាប្រចាំឆ្នាំ និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ដីការបស់ក្រុមប្រឹក្សា។
មាត្រា ១៦៦.-
គណៈអភិបាល ត្រូវពិគ្រោះយោបល់ជាមួយគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីធានាឱ្យផែនការសកម្មភាព និងថវិការបស់បណ្ដាក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាលដែលផ្ដល់សេវា សម្ភារៈនិងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្ទាល់នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា បានដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍរយៈពេលប្រាំ(០៥)ឆ្នាំ និងកម្មវិធីវិនិយោគបី(០៣)ឆ្នាំរំកិលប្រចាំឆ្នាំ ព្រមទាំងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
មាត្រា ១៦៧.-
គណៈអភិបាល ត្រូវលើកទឹកចិត្ត សម្របសម្រួល និងគាំទ្រដល់សមាជិកក្រុមប្រឹក្សាបុគ្គលិករបស់ក្រុមប្រឹក្សា ដើម្បីរាយការណ៍ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបន្ទាន់ នៅពេលដែលបានឃើញ ឬ ដែលបានសង្ស័យដោយមានហេតុផល ឬ ដែលមានការប្ដឹងតវ៉ា ឬ ប្ដឹងបរិហារ អំពីការរំលោភអំណាចដោយបុគ្គលណាម្នាក់នៅក្នុងដែនសមត្ថកិច្ចរបស់ ក្រុមប្រឹក្សា។
មាត្រា ១៦៨.-
គណៈអភិបាល ត្រូវផ្ដល់អនុសាសន៍ជូនក្រុមប្រឹក្សាពីការបង្កើតគណៈកម្មាធិការនានា តាមការចាំបាច់ ដើម្បីជួយដល់ក្រុមប្រឹក្សាក្នុងការអនុវត្តការងារអនុលោមតាមច្បាប់ នេះ។
មាត្រា ១៦៩.-
គណៈអភិបាលត្រូវធានាឱ្យមានក្ដារបិទផ្សាយព័ត៌មាន និងមធ្យោបាយផ្សព្វផ្សាយ
[ 48 ]ព័ត៌មានផ្សេងៗទៀត តាមតម្រូវការរបស់ក្រុមប្រឹក្សារបស់ខ្លួន។ រាល់ឯកសារទាំងអស់ដែលបានបោះពុម្ពផ្សាយស្របតាមច្បាប់នេះ ត្រូវតែបិទផ្សាយនៅលើក្ដារព័ត៌មាន ឬ ត្រូវផ្សព្វផ្សាយតាមមធ្យោបាយបានផ្សេងៗទៀតក្នុងដែនសមត្ថកិច្ចរបស់ ក្រុមប្រឹក្សា។
មាត្រា ១៧០.-
គណៈអភិបាល ត្រូវធានាឱ្យ សាធារណជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពិនិត្យមើព័ត៌មាននានានៅលើ ក្ដារបិទផ្សាយព័ត៌មាន ហើយត្រូវធានាថែរក្សាការពារសុវត្ថិភាពក្ដារព័ត៌មាន ដែលមានក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។
មាត្រា ១៧១.-
គណៈអភិបាល ត្រូវធ្វើការបែងចែកភារកិច្ចជាលាយល័ក្ខណ៍អក្សរនូវកិច្ចការដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន។
មាត្រា ១៧២.-
ក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចលើកសំណើជូនរាជរដ្ឋាភិបាលដើម្បីកំណត់ នូវតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយអនុក្រឹត្យ។
ជំពូកទី ៤៖ អំពីបុគ្គលិក និងអង្គភាពរបស់ក្រុមប្រឹក្សា
editផ្នែកទី ១ បុគ្គលិករបស់ក្រុមប្រឹក្សា
editមាត្រា ១៧៣.-
ក្រុមប្រឹក្សានីមួយៗ ត្រូវមានបុគ្គលិកក្រុមប្រឹក្សារបស់ខ្លួន។
បុគ្គលក្រុមប្រឹក្សា គឺជាបុគ្គលិករបស់ក្រុមប្រឹក្សាដែលបានតែងតាំងដោយក្រុម ឬ ជាបុគ្គលិកដែលបានតែងតាំងឱ្យ ទៅបំពេញការងារជាមួយក្រុមប្រឹក្សា ឬ ជា
[ 49 ]បុគ្គលិកដែលត្រូវបានរៀបចំឡើងវិញទៅឱ្យក្រុមប្រឹក្សាស្របតាម បទប្បញ្ញត្តិនៃច្បាប់នេះ។ សមាជិកក្រុមប្រឹក្សា មិនមែនជាបុគ្គលិករបស់ក្រុមប្រឹក្សាឡើយ។
មាត្រា ១៧៤.-
បុគ្គលិករបស់ក្រុមប្រឹក្សា ត្រូវស្ថិតក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យដោយផ្ទាល់របស់គណៈអភិបាលក្នុងនាមក្រុមប្រឹក្សា របស់ខ្លួន។
មាត្រា ១៧៥.-
បុគ្គលិកក្រុមប្រឹក្សា មិនត្រូវបញ្ចូលនូវមន្ត្រីនៃក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល ឬ មន្ត្រីដទៃទៀតដែលអនុវត្តភារកិច្ចពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ច្បាប់ និងសិទ្ធិមនុស្សក្នុងនាមរាជរដ្ឋាភិបាលឡើយ។
មាត្រា ១៧៦.-
បុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សា ត្រូវដំណើរការតាមការប្រកួតប្រជែងដែលមានតម្លាភាព។
ក្នុងដំណើរការជ្រើសរើស និងតែងតាំងបុគ្គលិករបស់ក្រុមប្រឹក្សា ត្រូវធានាឱ្យមានចំនួនស្ត្រីសមស្របនៅមុខតំណែងប្រធាន ឬ អនុប្រធាន អង្គភាព និងបុគ្គលិករបស់ក្រុមប្រឹក្សា។
ការជ្រើសរើស និងការតែងតាំងនេះ ត្រូវធ្វើឱ្យ ស្របទៅតាមបទប្បញ្ញត្តិស្ដីពីបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
មាត្រា ១៧៧.-
ក្រុមប្រឹក្សាត្រូវសម្រេចអំពីការតែងតាំង ការបណ្ដេញចោល ការកម្រិតប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗទៀត សម្រាប់មុខតំណែងបុគ្គលិករបស់ខ្លួន។
ការតែងតាំង ការបណ្ដេញចោល ការកម្រិតប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗរបស់បុគ្គលិកក្រុមប្រឹក្សា ត្រូវធ្វើឡើងឱ្យ ស្របទៅតាមបទប្បញ្ញត្តិស្ដីពីបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
[ 50 ]
មាត្រា ១៧៨.-
បុគ្គលិកទាំងអស់ ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពដោយផ្ទាល់ចំពោះប្រធានគ្រប់គ្រងផ្ទាល់របស់ខ្លួន និងត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពដោយប្រយោលចំពោះនាយករដ្ឋបាល អភិបាល គណៈអភិបាល និងក្រុមប្រឹក្សាតាមឋានានុក្រម។
មាត្រា ១៧៩.-
រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវមានប្រធានហិរញ្ញវត្ថុមួយរូប។
ប្រធានហិរញ្ញវត្ថុនេះ ត្រូវបានតែងតាំងដោយក្រុមប្រឹក្សា ដើម្បីបំពេញភារកិច្ចនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បន្ទាប់ពីមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១៨០.-
ប្រធានហិរញ្ញវត្ថុត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ ការងារលទ្ធកម្ម និងធានាដល់ការធ្វើសវនកម្មឱ្យ បានត្រឹមត្រូវស្របតាមច្បាប់នេះ និងលិខិតបទដ្ឋាននានា ដែលធ្វើឡើងស្របតាមច្បាប់នេះ។
មាត្រា ១៨១.-
ក្រុមប្រឹក្សាស្រុក ត្រូវមានអង្គភាពមួយសម្រាប់គាំទ្រឃុំ សង្កាត់។
អង្គភាពគាំទ្រឃុំ សង្កាត់ត្រូវមានប្រធានមួយរូប។
ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពគាំទ្រឃុំ សង្កាត់ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១៨២.-
បុគ្គលិកក្រុមប្រឹក្សា ត្រូវបំពេញកិច្ចការប្រចាំថ្ងៃ ក្រោមការដឹកនាំរបស់ប្រធានអង្គភាពរបស់ខ្លួន ដើម្បីអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា និងគណៈអភិបាល។
[ 51 ]
ផ្នែកទី ២ នាយករដ្ឋបាល
editមាត្រា ១៨៣.-
ក្រុមប្រឹក្សានីមួយៗ ត្រូវមាននាយករដ្ឋបាលមួយរូបដែលតែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១៨៤.-
នាយករដ្ឋបាល មានតួនាទីជាជំនួយការក្នុងការចាត់ចែងកិច្ចការរដ្ឋបាល និងធានានិរន្តរភាពកិច្ចការរដ្ឋបាលប្រចាំថ្ងៃរបស់ក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួន។
ក្នុងតួនាទីខាងលើនេះ នាយករដ្ឋបាលត្រូវធ្វើសេចក្ដីរាយការណ៍ និងមានគណនេយ្យភាព ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួន។
មាត្រា ១៨៥.-
នាយករដ្ឋបាល មានតួនាទី ភារកិច្ចដូចខាងក្រោម :
- អនុវត្តកិច្ចការប្រចាំថ្ងៃរបស់ក្រុមប្រឹក្សា និងគណៈអភិបាល
- ធានាឱ្យអង្គភាព បុគ្គលិករបស់ក្រុមប្រឹក្សា អនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួន
- អនុវត្តដីការបស់ក្រុមប្រឹក្សា
- ចូលរួម និងមានយោបល់រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សា គណៈកម្មាធិការរបស់ក្រុមប្រឹក្សា និងគណៈអភិបាល ប៉ុន្តែពុំមានសិទ្ធិបោះឆ្នោតបានឡើយ
-ផ្ដល់យោបល់ដល់ក្រុមប្រឹក្សា ដល់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា ដើម្បីក្រុមប្រឹក្សាសម្រេចបាននូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
-ផ្ដល់យោបល់ដល់គណៈអភិបាល ដើម្បីគណៈអភិបាលអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
[ 52 ]
មាត្រា ១៨៦.-
គណៈអភិបាល អាចធ្វើប្រតិភូកម្មការងារទៅឱ្យ នាយករដ្ឋបាលនូវកិច្ចការណាមួយដែលស្ថិតក្នុងវិសាលភាពការងាររបស់ គណៈអភិបាល ដើម្បីលើកយោបល់ជូនគណៈអភិបាលសម្រេច។
មាត្រា ១៨៧.-
នាយករដ្ឋបាល ត្រូវធានឱ្យប្រធានហិរញ្ញវត្ថុបំពេញភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ។
មាត្រា ១៨៨.-
ល័ក្ខខ័ណ្ឌនៃការតែងតាំង តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់នាយករដ្ឋបាល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ផ្នែកទី ៣ អង្គភាពរបស់ក្រុមប្រឹក្សា
editមាត្រា ១៨៩.-
ក្រុមប្រឹក្សាត្រូវមានអង្គភាពនានារបស់ខ្លួន តាមការចាំបាច់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវលើកសំណើដាក់ចេញនូវអនុក្រឹត្យដើម្បីឱ្យ ក្រុមប្រឹក្សាកំណត់នូវការរៀបចំអង្គភាព ការកំណត់មុខងារ ភារកិច្ច និងការរៀបចំមុខតំណែងបុគ្គលិកក្នុងអង្គភាពនានារបស់ខ្លួនឱ្យបាន សមស្រប។
មាត្រា ១៩០.-
អង្គភាពរបស់ក្រុមប្រឹក្សានីមួយៗ ត្រូវស្ថិតក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់គណៈអភិបាលក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។
មាត្រា ១៩១.-
អង្គភាពនីមួយៗ ត្រូវស្ថិតក្រោមការទទួលខុសត្រូវ ការត្រួតពិនិត្យ និងការគ្រប់គ្រងដោយផ្ទាល់របស់ប្រធានអង្គភាព។
[ 53 ] ប្រធានអង្គភាពនីមួយៗ ត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពផ្ទាល់ចំពោះនាយករដ្ឋបាល។
ជំពូកទី ៥៖ អំពីដំណើរការអនុវត្ត
editផ្នែកទី ១ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
editមាត្រា ១៩២.-
ត្រូវបង្កើតឱ្យ មានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ហៅកាត់ថា “គ.ជ.អ.ប” ដែលកំណត់ដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១៩៣.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ មានសមាជិកមកពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។
មាត្រា ១៩៤.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិត្រូវមានអនុគណៈកម្មាធិការមុខងារ និងធនធាន អនុគណៈកម្មាធិការកិច្ចការសារពើពន្ធ និង ហិរញ្ញវត្ថុ នឹងអនុគណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងអនុ គណៈកម្មាធិការផ្សេងៗទៀតជាជំនួយការ។
តួនាទី ភារកិច្ច និងសមាសភាពនៃអនុគណៈកម្មាធិការខាងលើនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។
[ 54 ]
មាត្រា ១៩៥.-
អនុគណៈកម្មាធិការ ត្រូវពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល មុនពេលផ្ដល់អនុសាសន៍ដល់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
មាត្រា ១៩៦.-
អនុគណៈកម្មាធិការនីមួយៗ អាចបង្កើតក្រុមការងារមួយ ឬ ច្រើនតាមការចាំបាច់ដើម្បីសិក្សា និងរាយការណ៍អំពីការងារដែលស្ថិតនៅក្នុងភារកិច្ច និងសិទ្ធិអំណាចរបស់អនុគណៈកម្មាធិការ។
មាត្រា ១៩៧.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវមានលេខាធិការដ្ឋានមួយជាសេនាធិការ។
លេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្ថិតនៅក្នុងក្រសួងមហាផ្ទៃ។
ការរៀបចំ និងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋាន ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់គណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
មាត្រា ១៩៨.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវប្រជុំយ៉ាងតិចពី(០២)ខែម្ដង។
មាត្រា ១៩៩.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
[ 55 ]
មាត្រា ២០០.-
ផ្អែកតាមលក្ខខណ្ឌនានាដែលបានចែងក្នុងច្បាប់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ត្រូវពិនិត្យមើលឡើងវិញនូវការទទួលខុសត្រូវ និងមុខងាររបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីកំណត់មុខងារសម្រាប់ផ្ទេរដល់ក្រុមប្រឹក្សានានានៅថ្នាក់ក្រោម ជាតិ។
ការកំណត់ និងការផ្ទេរមុខងារខាងលើនេះ ត្រូវធ្វើឡើងដោយរួមជាមួយនឹង :
- ការផ្ទេរធនធានរួមមាន ចំណូល ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និងសមត្ថភាពដើម្បីគ្រប់គ្រង និងអនុវត្តមុខងារនីមួយៗ
- ការផ្ដល់លទ្ធភាព និងអំណាច ដើម្បីទទួលបានធនធានចាំបាច់រួមមាន ចំណូលហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និងសមត្ថភាពសម្រាប់គ្រប់គ្រង និងអនុវត្តមុខងារនីមួយៗនោះ
- ការផ្ដល់អំណាច និងភារកិច្ច ដើម្បីគ្រប់គ្រង និងអនុវត្តរាល់មុខងាររបស់ខ្លួនតាមគោលការណ៍ស្វ័យភាពមូលដ្ឋាន និងគណនេយ្យភាពនៅមូលដ្ឋានក្នុងកម្រិតជាអតិបរមា។
មាត្រា ២០១.-
ក្នុងពេលដែលរង់ចាំការផ្ទេរមុខងារ និងភារកិច្ចដល់ក្រុមប្រឹក្សានានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិត្រូវធានាឱ្យ បានថា ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិបានធ្វើសមាហរណកម្មនូវ ផែនការអភិវឌ្ឍ និងថវិការបស់ខ្លួននៅថ្នាក់ក្រោមជាតិទៅក្នុងផែនការអភិវឌ្ឍ និង ថវិការបស់ក្រុមប្រឹក្សាតាមប្រភេទនីមួយៗ។
មាត្រា ២០២.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវធានាឱ្យច្បាប់នេះ ត្រូវបានអនុវត្តដោយក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៅថ្នាក់ជាតិ មន្ទីរអង្គភាពនានារបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ និងក្រុមប្រឹក្សានានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
[ 56 ]
មាត្រា ២០៣.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវធានាឱ្យគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានាមានសង្គតិភាពជាមួយច្បាប់នេះ។
មាត្រា ២០៤.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ អាចផ្តល់អនុសាសន៍ដោយផ្ទាល់ដល់រាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័នណាមួយរបស់រាជរដ្ឋាភិបាលអំពីការតាក់តែង ឬ ការធ្វើវិសោធនកម្មច្បាប់ ឬ លិខិតបទដ្ឋាននានា ដើម្បីឱ្យ ស្របតាមច្បាប់នេះ។
មាត្រា ២០៥.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ អាចដោះស្រាយ ឬ លើកសំណើសុំសេចក្ដីសម្រេចពីរាជរដ្ឋាភិបាលលើការមិនចុះសម្រុងគ្នា ដែលអាចកើតមានឡើងទាក់ទងនឹងការអនុវត្តច្បាប់នេះ។
មាត្រា ២០៦.-
អនុគណៈកម្មាធិការនានានៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធមន្ទីរ អង្គភាពនានា និងក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ មានភារកិច្ចអនុវត្តសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
មាត្រា ២០៧.-
ករណីក្រសួង ស្ថាប័នណាមួយរបស់រាជរដ្ឋាភិបាល មិនអនុវត្តតាមការសម្រេចរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោម
[ 57 ] ជាតិ ត្រូវរាយការណ៍ ដើម្បីសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល។
មាត្រា ២០៨.-
ករណីក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ មិនអនុវត្តតាមការសម្រេចរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវស្ដីដល់ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តទៅតាមនីតិវិធីដែលបានកំណត់ក្នុងច្បាប់នេះ។
មាត្រា ២០៩.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ត្រូវធ្វើសេចក្ដីរាយការណ៍ជាលាយល័ក្ខណ៍អក្សរអំពីការអនុវត្តច្បាប់ នេះ ជូនរាជរដ្ឋាភិបាលយ៉ាងតិចប្រាំមួយ (០៦)ខែម្ដង។
មាត្រា ២១០ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវមានថវិការបស់ខ្លួន។ ថវិការបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិត្រូវគិតបញ្ជូលទៅក្នុងគម្រោងថវិកាប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ។
មាត្រា ២១១.-
ដើម្បីអនុវត្តច្បាប់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិត្រូវអនុម័ត:
- កម្មវិធីជាតិពីរយៈពេលមធ្យមទៅរយៈពេលវែង សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់នេះ ដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ
- ផែនការសកម្មភាព និងគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដោយផ្អែកលើកម្មវិធីជាតិ
- របាយការណ៍ប្រចាំឆ្នាំ ស្ដីពីការអនុវត្តច្បាប់នេះ។
[ 58 ]
មាត្រា ១១២.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិមានសិទ្ធិទទួលមូលនិធិ និងការគាំទ្រពីដៃគូអភិវឌ្ឍនានា និងពីប្រភពផ្សេងៗទៀតដើម្បីអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ប្រសិទ្ធភាព។
ផ្នែកទី ២ មុខងារ
editមាត្រា ២១៣.-
រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ និងក្រុមប្រឹក្សាទាំងអស់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសម្រេចឱ្យ បាននូវគោលបំណងរួមក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
មាត្រា ២១៤.-
ក្រុមប្រឹក្សាប្រភេទនីមួយៗ ត្រូវរួមចំណែកក្នុងការសម្រេចឱ្យ បាននូវគោលបំណងរួមនេះ ដោយធ្វើការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារដែលបានផ្ទេរឱ្យអនុលោមតាមច្បាប់នេះប្រកបដោយ ប្រសិទ្ធភាព។
មាត្រា ២១៥.-
ក្នុងការពិនិត្យមើលឡើងវិញនូវមុខងាររបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានានិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវផ្ដល់អាទិភាពដល់បញ្ហាដែលទាក់ទងនឹងផ្នែកនានាដូចខាងក្រោម:
- កសិកម្ម
- អប់រំ
- ព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន
[ 59 ]
- សុខាភិបាល អាហារូបត្ថម្ភ និងសេវាប្រជាជន រួមទាំងតម្រូវការផ្សេងៗរបស់ស្ត្រី បុរស យុវវ័យ កុមារ ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច
- ឧស្សាហកម្ម និងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច
- ការប្រើប្រាស់ដីធ្លី
- ការផលិត និងការចែកចាយអគ្គិសនី
- ការគ្រប់គ្រងទឹក
- ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយ សម្ភារៈចាំបាច់ ដើម្បីគាំទ្រ និងចាត់ចែងការទទួលខុសត្រូវទាំងនេះ និង
- តម្រូវការពិសេស ឬ តម្រូវការដែលបានកំណត់ជាក់លាក់ សម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយគិតទាំងវិស័យទេសចរណ៍ តំបន់ប្រវត្តិសាស្ត្រនិងកេរដំណែលវប្បធម៌ផងដែរ។
មាត្រា ២១៦.-
ក្នុងការត្រួតពិនិត្យមើលឡើងវិញនូវមុខងារ និងការទទួលខុសត្រូវនីមួយៗដូចមានចែងក្នុងមាត្រា ២១៥ នៃច្បាប់នេះ ត្រូវផ្ដល់អាទិភាពដល់ការពិនិត្យមើលឡើងវិញនូវមុខងារជាមូលដ្ឋាន និងចាំបាច់ដែលមានផលប៉ះពាល់ផ្ទាល់ដល់ការកាត់បន្ថយភាពក្រីក្រ និងការកែលម្អគុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
មាត្រា ២១៧.-
គោលបំណងនៃការពិនិត្យមើឡើងវិញនូវមុខងារ និងការទទួលខុសត្រូវទាំងនេះគឺដើម្បីកំណត់មុខងារ និងការទទួលខុសត្រូវដែលនឹងត្រូវបានផ្ទេរឱ្យ ក្រុមប្រឹក្សាឃុំ ឱ្យ ក្រុមប្រឹក្សាសង្កាត់ ឱ្យក្រុមប្រឹក្សាស្រុក ឱ្យ ក្រុមប្រឹក្សាក្រុង ឱ្យ ក្រុមប្រឹក្សាខេត្ត ឱ្យ ក្រុមប្រឹក្សារាជធានី ឬ ត្រូវរក្សាទុកជាមុខងារ និងការទទួលខុសត្រូវរបស់ថ្នាក់ជាតិ។
ការកំណត់ឡើងវិញនូវមុខងារ និងការទទួលខុសត្រូវខាងលើនេះ ត្រូវធានាឱ្យ បានថា មុខងារ និងការទទួលខុសត្រូវដែលបានផ្ទេរ ត្រូវធ្វើឡើងជាមួយនឹងការផ្ទេរធនធានសមស្របដើម្បីគ្រប់គ្រង និងចាត់ចែងមុខងារ និងការទទួលខុសត្រូវទាំងនោះ។
[ 60 ]មាត្រា ២១៨.-
ការផ្ទេរមុខងារ និងធនធាន ត្រូវធ្វើឡើងដោយមានការគ្រោងទុក មានដំណាក់កាល មានសនិទានភាព មានការសម្របសម្រួល មានការពិគ្រោះយោបល់ មានតម្លាភាព និងមានការរំខានជាអប្បបរមាទៅលើប្រតិបត្តិការដែលកំពុងដំណើរការ របស់រាជរដ្ឋាភិបាល និងការគាំទ្រពីអ្នកពាក់ព័ន្ធនានា។
មាត្រា ២១៩.-
យុទ្ធសាស្ត្រ និងកម្មវិធីជាតិ ត្រូវមានសង្គតិភាពជាមួយមុខងារ និងធនធាន ដែលត្រូវបានផ្ទេរសម្រាប់តាមច្បាប់នេះ។
មាត្រា ២២០.-
ដើម្បីធ្វើការផ្ទេរមុខងារឱ្យ បានសមស្របសម្រាប់ប្រភេទក្រុមប្រឹក្សានីមួយៗ ជាបឋមត្រូវធ្វើការពិនិត្យមើលមុខងារទាំងនោះ ដោយផ្អែកតាមគោលការណ៍ដូចខាងក្រោម:
- ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានោះ
- អាចគ្រប់គ្រង និងអនុវត្តនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានោះ
- បម្រើ ឬ ផ្ដល់ផលប្រយោជន៍ជាចម្បងដល់ប្រជាជននៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានោះ
- មានផលប៉ះពាល់ជាចម្បងនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានោះ។
ផ្អែកតាមគោលការណ៍ខាងលើនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ត្រូវបញ្ជាក់ហេតុផលឱ្យ បានច្បាស់លាស់ក្នុងការផ្ទេរមុខងារទៅឱ្យថ្នាក់រដ្ឋបាលដែលសមស្រប ដោយឈរលើគោលការណ៍មានប្រសិទ្ធភាព។
មាត្រា ២២១.-
ក្នុងការផ្ទេរមុខងារដូចមានចែងក្នុងមាត្រា ២១៥ មាត្រា ២១៧ និងមាត្រា ២២០ នៃច្បាប់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវកំណត់មុខងារណាមួយមានលក្ខណៈជាមុខងារជាកាតព្វកិច្ច ឬ មុខងារជា
[ 61 ] ជម្រើស និងត្រូវកំណត់មុខងារណាមួយមានលក្ខណៈជាមុខងារដែលត្រូវប្រគល់ ឬ ជាមុខងារដែលត្រូវធ្វើប្រតិភូកម្ម។
ផ្នែកទី ៣ មុខងារជាកាតព្វកិច្ច
editមាត្រា ២២២.-
មុខងារជាកាតព្វកិច្ច គឺជាមុខងារដែលកំណត់ដោយច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាសតាមសំណើរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។
ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាសខាងលើនេះ ត្រូវចែងអំពីតម្រូវការជាកាតព្វកិច្ចច្បាស់លាស់ និងជាក់លាក់សម្រាប់គ្របគ្រង និងអនុវត្តមុខងារដោយបញ្ជាក់ច្បាស់អំពីក្របខ័ណ្ឌពេលវេលាសម្រាប់ អនុវត្តបទដ្ឋាន និងនីតិវិធី។
មាត្រា ២២៣.-
មុខងារជាកាតព្វកិច្ច ដែលគ្រប់គ្រង ចាត់ចែង និងអនុវត្តដោយប្រភេទក្រុមប្រឹក្សាណាមួយ ហើយមិនតម្រូវឱ្យ មានការរួមចំណែកជាប្រចាំពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលប៉ុន្តែក្រសួង ស្ថាប័នទាំងនោះ ត្រូវផ្ទេរធនធានដើម្បីឱ្យ ក្រុមប្រឹក្សាគ្រប់គ្រង ចាត់ចែង និង អនុវត្តមុខងារនោះ។
មុខងារជាកាតព្វកិច្ចខាងលើនេះ ត្រូវប្រគល់ឱ្យប្រភេទក្រុមប្រឹក្សាដែលសមស្រប។
មាត្រា ២២៤.-
មុខងារជាកាតព្វកិច្ច ដែលអនុវត្តដោយប្រភេទក្រុមប្រឹក្សាសមស្របណាមួយ តម្រូវឱ្យ មានការចូលរួមចំណែកជាប្រចាំពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ទោះបីធនធានចាំបាច់ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនោះ បានផ្ទេរឱ្យរួចហើយក្ដី។
មុខងារជាកាតព្វកិច្ចខាងលើនេះ ត្រូវធ្វើប្រតិភូកម្មដល់ប្រភេទក្រុមប្រឹក្សា ដែលសមស្រប។
[ 62 ]
មាត្រា ២២៥.-
ការប្រគល់ ឬ ការធ្វើប្រតិភូកម្ម មុខងារជាកាតព្វកិច្ច ត្រូវជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ ក្រោមជាតិដោយ:
- ផ្ដល់ទៅឱ្យក្រុមប្រឹក្សានូវអំណាចជាអតិបរមា ដើម្បីឱ្យក្រុមប្រឹក្សាធ្វើការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនោះ
- តម្រូវឱ្យក្រុមប្រឹក្សាគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនោះដោយមានការឆ្លើយតប និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មាត្រា ២២៦.-
មុខងារជាកាតព្វកិច្ចដែលបានធ្វើប្រតិភូកម្ម ក្រុមប្រឹក្សាត្រូវមានការទទួលខុសត្រូវចំពោះក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដោយអនុលោមទៅតាមតម្រូវការនៃការធ្វើប្រតិភូកម្មនោះ។
ផ្នែកទី ៤ មុខងារជាជម្រើស
editមាត្រា ២២៧.-
មុខងារដែលមិនមានលក្ខណៈជាកាតព្វកិច្ច គឺជាមុខងារដែលមានលក្ខណៈជាជម្រើស។
មាត្រា ២២៨.-
មុខងារដែលមានលក្ខណៈជាជម្រើស ត្រូវប្រគល់ឱ្យ ប្រភេទក្រុមប្រឹក្សាណាមួយដែលសមស្រប។
មាត្រា ២២៩.-
ក្រុមប្រឹក្សាត្រូវបន្តគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសបន្តពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល បន្ទាប់ពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលបានផ្ទេរឱ្យក្រុមប្រឹក្សា។
[ 63 ]
មាត្រា ២៣០.-
ក្រុមប្រឹក្សា ត្រូវគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសក្នុងកម្រិតអតិបរមានៃលទ្ធភាព និងធនធានដែលបានផ្ទេរឱ្យខ្លួន។
ក្នុងករណីដែលមុខងារជាជម្រើស មិនក្លាយទៅជាមុខងារជាកាតព្វកិច្ច ក្រុមប្រឹក្សាអាចស្នើទៅគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីការកែប្រែ ឬ បញ្ឈប់ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារទាំងនោះ។
ធនធានទាំងអស់ដែលបានផ្ទេរឱ្យ ក្រុមប្រឹក្សាដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើស ត្រូវរក្សាទុកជាធនធានរបស់ក្រុមប្រឹក្សា ហើយក្រុមប្រឹក្សាអាចចាត់ចែងធនធានទាំងនោះ ដោយអនុលោមតាមបទបញ្ញត្តិនៃច្បាប់នេះ។
មាត្រា ២៣១.-
ក្រុមប្រឹក្សាមានសិទ្ធិក្នុងការធ្វើសេចក្ដីសម្រេចទៅលើរបៀប គ្រប់គ្រង ចាត់ចែងនិងអនុវត្តមុខងារជាជម្រើស ដោយអនុលោមទៅតាមបទដ្ឋាន និងនីតិវិធីដែលមានចែងនៅក្នុងច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាសជាធរមាន។
មាត្រា ២៣២.-
ក្នុងករណីដែលក្រុមប្រឹក្សាសម្រេចធ្វើការគ្របគ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសដែលមិនធ្លាប់បានគ្រប់គ្រង ចាត់ចែង និងអនុវត្តពីមុនមក ដោយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល បទដ្ឋាន នីតិវិធី និងធនធានសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនោះ ត្រូវសម្រេចដោយឆន្ទានុសិទ្ធិផ្ទាល់របស់ក្រុមប្រឹក្សា។
ផ្នែកទី ៥ ការប្រគល់ និងការធ្វើប្រតិភូកម្មមុខងារ
editមាត្រា ២៣៣.-
ការផ្ទេរមុខងារឱ្យ ប្រភេទក្រុមប្រឹក្សាណាមួយដែលសមស្របតាមការប្រគល់ ឬតាមការធ្វើប្រតិភូកម្មត្រូវធ្វើឡើងតាមគោលការណ៍នៃការប្រគល់ ឬ ការធ្វើប្រតិភូកម្ម
[ 64 ]ជាលក្ខណៈអចិន្ត្រៃយ៍ ដោយមិនត្រូវធ្វើការប្រគល់ ឬ ធ្វើប្រតិភូកម្មជាលក្ខណៈបណ្ដោះអាសន្នឡើយ។
មាត្រា ២៣៤.-
ការផ្ទេរធនធានដែលចាំបាច់ឱ្យ ប្រភេទក្រុមប្រឹក្សាណាមួយដែលសមស្រប ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារណាមួយ ត្រូវធ្វើឡើងតាមគោលការណ៍ជាលក្ខណៈអចិន្ត្រៃយ៍ ដោយមិនត្រូវធ្វើការផ្ទេរជាលក្ខណៈបណ្ដោះអាសន្នឡើយ។
មាត្រា ២៣៥.-
ក្នុងការប្រគល់ ឬ ការធ្វើប្រតិភូកម្មមុខងារជាកាតព្វកិច្ច ឬ មុខងារជាជម្រើសដែលក្រសួង ស្ថាប័នណាមួយរបស់រាជរដ្ឋាភិបាលធ្លាប់បានគ្រប់គ្រង ចាត់ចែង និងអនុវត្តពីមុនមកទៅឱ្យ ប្រភេទក្រុមប្រឹក្សាណាមួយដែលសមស្រប គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិត្រូវកំណត់ជាមុននូវធនធាន និងការអភិវឌ្ឍសមត្ថភាព ដើម្បីក្រុមប្រឹក្សាបន្តគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនោះ។
មាត្រា ២៣៦.-
ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារណាមួយឱ្យ មានប្រសិទ្ធភាព និងមានចីរភាព គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ឬ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលអាចប្រគល់ ឬ ធ្វើប្រតិភូកម្មឱ្យ ក្រុមប្រឹក្សាពីរ ឬ ច្រើន ដោយកំណត់អំពីធនធានដែលត្រូវចែករំលែកជាមួយគ្នា និងត្រូវរួមចំណែកជាមួយគ្នា ដោយរួមទាំងបុគ្គលិកជំនាញនៅក្នុងចំណោមក្រុមប្រឹក្សាទាំងនោះផង។
មាត្រា ២៣៧.-
មុខងារដែលបានប្រគល់ ឬ ដែលបានធ្វើប្រតិភូកម្ម គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិត្រូវពិនិត្យឡើងវិញ ដើម្បីធ្វើការកែសម្រួលនូវមុខងារណាមួយ ដោយមានការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន
[ 65 ] របស់រាជរដ្ឋាភិបាល និងជាមួយក្រុមប្រឹក្សាពាក់ព័ន្ធក្នុងករណីដែល:
- មុខងារដែលបានប្រគល់ គួរត្រូវបានធ្វើប្រតិភូកម្ម
- មុខងារដែលបានធ្វើប្រតិភូកម្ម គួរតែត្រូវបានប្រគល់
- មុខងារជាកាតព្វកិច្ច គួរ ឬ បានក្លាយទៅជាមុខងារជាជម្រើស ឬ
- មុខងារជាជម្រើស គួរ ឬ បានក្លាយទៅជាមុខងារជាកាតព្វកិច្ច។
មាត្រា ២៣៨.-
ការប្រគល់មុខងារ ឬ ការធ្វើប្រតិភូកម្មមុខងារ ត្រូវធ្វើឡើយដោយច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស។
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិត្រូវពិនិត្យមើលឡើងវិញនូវច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ដែលពាក់ព័ន្ធនឹងការប្រគល់មុខងារ ឬ ការធ្វើប្រតិភូកម្មមុខងារ ដើម្បីបំពេញបែបបទធ្វើវិសោធនកម្មឱ្យ ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា ២៣៩.-
ការប្រគល់មុខងារ ឬ ការធ្វើប្រតិភូកម្មមុខងារ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ត្រូវសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីដាក់ចេញសេចក្ដីសម្រេចដែលបញ្ជាក់:
- ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាសដែលបានធ្វើការប្រគល់ ឬ ធ្វើប្រតិភូកម្ម
- កាលបរិច្ឆេទចូលជាធរមាននូវការប្រគល់ ឬ ការធ្វើប្រតិភូកម្ម
- កំណត់បញ្ជាក់មុខងារនោះ មានលក្ខណៈកាតព្វកិច្ច ឬ ជាជម្រើស
- កំណត់បញ្ជាក់មុខងារនោះ ជាមុខងារត្រូវបានប្រគល់ ឬ ធ្វើប្រតិភូកម្ម។
មាត្រា ២៤០.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិត្រូវផ្ដល់ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស និងសេចក្ដី
[ 66 ] សម្រេចរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដល់:
- ក្រុមប្រឹក្សាដែលត្រូវបានប្រគល់មុខងារ ឬ ធ្វើប្រតិភូកម្មមុខងារ
- ក្រុមប្រឹក្សាផ្សេងៗទៀត
- ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលដែលបានគ្រប់គ្រងលើមុខងារនោះពីមុនមក
- ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។
ផ្នែកទី ៦ របបហិរញ្ញវត្ថុរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
editមាត្រា ២៤១.-
ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅទៅលើថវិការបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចមានចែងក្នុងមាត្រា ៤៤ នៃច្បាប់នេះ។
ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរួមចំណែកដល់ការបង្កើត ការជំរុញ និងការធ្វើឱ្យ មានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
មាត្រា ២៤២.-
ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ត្រូវមានធនធានហិរញ្ញវត្ថុសមស្រប ដើម្បី :
- គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចរបស់ខ្លួន
- ធ្វើការជ្រើសរើសក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសរបស់ខ្លួន
- អនុវត្តតួនាទី ភារកិច្ចតាមច្បាប់កំណត់
- ចំណាយផ្នែករដ្ឋបាលរបស់ខ្លួន និង
- អនុវត្តមុខងារ ភារកិច្ច សម្រាប់ជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
[ 67 ]មាត្រា ២៤៣.-
ក្រុមប្រឹក្សា ត្រូវគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន និងចំពោះរាជរដ្ឋាភិបាល។
មាត្រា ២៤៤.-
ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកមានសិទ្ធិទទួលបានចំណូលពីប្រភពនៅមូលដ្ឋាន ពីប្រភពនៅថ្នាក់ជាតិ និងពីប្រភពផ្សេងៗទៀតដោយអនុលោមទៅតាមច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងស្របតាមច្បាប់នេះ និងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ត្រូវមានថវិកាសម្រាប់អនុវត្តមុខងារភារកិច្ចរបស់ខ្លួន ដែលស្ថិតនៅក្នុងថវិការាជធានី និងថវិកាក្រុង។
មាត្រា ២៤៥.-
អភិបាល គឺជាអាណាប័កក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។
គណៈអភិបាលមានភារកិច្ចក្នុងការរៀបចំផែនការអភិវឌ្ឍកម្មវិធីវិនិយោគ បី (០៣) ឆ្នាំរំកិលប្រចាំឆ្នាំ គម្រោងថវិកា និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ដើម្បីដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័ត។
បែបបទ និងនីតិវិធីនៃការរៀបចំ ការអនុម័ត ការអនុវត្ត និងការទូទាត់ថវិកានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងស្របតាមច្បាប់នេះ និងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
មាត្រា ២៤៦.-
ចំណូលពីប្រភពនៅមូលដ្ឋានរួមមាន :
- ពន្ធនៅមូលដ្ឋាន
- ឈ្នួល កម្រៃ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត
[ 68 ]
- ចំណូលរបស់ក្រុមប្រឹក្សាស្រុក បានមកពីពន្ធ ឈ្នួល និងកម្រៃ ដែលត្រូវចែករំលែករវាងក្រុមប្រឹក្សាស្រុក ជាមួយក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់ក្នុងស្រុក
- អំណោយស្ម័គ្រចិត្ត
- ប្រភពផ្សេងទៀតដែលកំណត់ដោយច្បាប់ ឬ អនុក្រឹត្យ ពី ដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។
ពន្ធ និងអាករនៅថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយច្បាប់ក្នុងក្របខ័ណ្ឌច្បាប់ស្ដីពីច្បាប់សារពើពន្ធ។
មាត្រា ២៤៧.-
ចំណូលពីថ្នាក់ជាតិ រួមមាន :
- ចំណូលចែករំលែក
- មូលនិធិផ្ទេរពីថវិការដ្ឋនិង
- ថ្លៃសេវា បានមកពីមុខងារជាភ្នាក់ងារ ដែលអនុវត្តដោយក្រុមប្រឹក្សាក្នុងនាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។
មាត្រា ២៤៨.-
ការបែងចែកចំណូលដែលបានមកពីថ្ងៃចចេញអាជ្ញាប័ណ្ណអាជីវកម្ម ពីកម្រៃសេវានិងពីចំណូលមិនមែនសារពើពន្ធដទៃទៀតរវាងស្រុក ឃុំ និងសង្កាត់ក្នុងស្រុក ត្រូវកំណត់ដោយច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
មាត្រា ២៤៩.-
ក្រុមប្រឹក្សាមានសិទ្ធិទទួលពីចំណូលជាតិនូវមូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌនិងមូលនិធិផ្ទេរគ្មានភ្ជាប់ល័ក្ខខ័ណ្ឌ។
ការផ្ទេរមូលនិធិពីថវិការដ្ឋ រួមមានមូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ និងមូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌពីថ្នាក់ជាតិដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវធ្វើឡើងជាដំណាក់កាលៗសម្រាប់ឆ្នាំនីមួយៗ។
[ 69 ]មាត្រា ២៥០.-
មូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌគឺជាមូលនិធិដែលក្រុមប្រឹក្សាត្រូវប្រើប្រាស់ :
- ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចមួយ ឬ ច្រើនដែលត្រូវបានផ្ទេរឱ្យក្រុមប្រឹក្សា តាមការប្រគល់មុខងារ ឬ ការធ្វើប្រតិភូកម្មមុខងារ ឬ
- ដើម្បីបន្តគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសមួយ ឬ ច្រើនដែលក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលធ្លាប់បានអនុវត្ត ឬ
- សម្រាប់គោលបំណងជាកាតព្វកិច្ចមួយ ឬ ច្រើនដែលបានកំណត់។
មាត្រា ២៥១.-
មូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌគឺជាមូលនិធិដែលក្រុមប្រឹក្សា ត្រូវប្រើប្រាស់ដើម្បី :
- បំពេញភារកិច្ចតាមផ្លូវច្បាប់
- បំពេញមុខងារ ភារកិច្ច ក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យ មានចីវភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
- ចំណាយផ្នែករដ្ឋបាលរបស់ខ្លួន និង
- ជ្រើសរើស គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសនានា។
មាត្រា ២៥២.-
ក្រុមប្រឹក្សាគ្មានសិទ្ធិខ្ចីប្រាក់ បោះផ្សាយសញ្ញាប័ណ្ណ ឬ/និងមូលប័ត្រ ធានាគ្រប់កិច្ចសន្យា និងប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុណាមួយដែលនាំឱ្យកើតជាបំណុល។
មាត្រា ២៥៣.-
ក្នុងការរៀបចំរបបហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បែបបទ និងនីតិវិធីនៃការរៀបចំ ការអនុម័ត និងកាអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រភពចំណូលរួមមាន ចំណូលពីថ្នាក់ជាតិ និងចំណូលនៅមូលដ្ឋាន ការផ្ទេរការឧបត្ថម្ភថវិការួមមានមូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ និងមូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌពីថ្នាក់ជាតិទៅក្រុមប្រឹក្សា នៅថ្នាក់ក្រោមជាតិ ការផ្ទេរទ្រព្យ សម្បត្តិរដ្ឋ ការចាត់ចែង ការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដែលប្រគល់ឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិនិងទ្រព្យសម្បត្តិ
[ 70 ]ដែលក្រុមប្រឹក្សារកបានដោយខ្លួនឯង គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវធ្វើការពិគ្រោះពិភាក្សាសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានាតាមការចាំបាច់ ដើម្បីបំពេញការងារខាងលើនេះ ដោយមានផែនការជាជំហានៗមានសនិទានភាព មានការសម្របសម្រួល មានការពិគ្រោះយោបល់ មានតម្លាភាព និងមានគណនេយ្យភាព។
ផ្នែកទី ៧ ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
editមាត្រា ២៥៤.-
ដើម្បីធានាឱ្យ ក្រុមប្រឹក្សាមានលទ្ធភាពអនុវត្តមុខងារភារកិច្ចរបស់ខ្លួន ផ្អែកតាមច្បាប់នេះ ចាំបាច់ត្រូវផ្ដល់លទ្ធភាពឱ្យ ក្រុមប្រឹក្សាទទួលបាននូវទ្រព្យសម្បត្តិចាំបាច់នានា។
ទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន ទ្រព្យសម្បត្តិរដ្ឋដែលបានផ្ទេរឱ្យ និងទ្រព្យសម្បត្តិដែលរកបានដោយខ្លួនឯង ដែលក្នុងផ្នែកនេះហៅថាទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
មាត្រា ២៥៥.-
ទ្រព្យសម្បត្តិរដ្ឋដែលត្រូវបានផ្ទេរឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាទ្រព្យសម្បត្តិដែលរដ្ឋបាលថ្នាក់ក្រោមជាតិអាចគ្រប់គ្រងនិង ប្រើប្រាស់ និងទាញយកផលចំណូលពីទ្រព្យសម្បត្តិទាំងនោះ។
រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវថែរក្សាការពារទ្រព្យសម្បត្តិដែលរដ្ឋប្រគល់ឱ្យ គ្រប់គ្រងឱ្យ បានគង់វង្ស ហើយរដ្ឋបាលថ្នាក់ក្រោមជាតិគ្មានសិទ្ធលក់ដូរ ឬ ផ្ទេរកម្មសិទ្ធិ ឬ ផ្ទេរការប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ ដោយគ្មានការយល់ព្រមជាមុនពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឡើយ។
ការត្រួតពិនិត្យ ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិដែលរដ្ឋបាលថ្នាក់ក្រោមជាតិរកបានដោយខ្លួនឯង ត្រូវកំណត់ដោយច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
[ 71 ]មាត្រា ២៥៦.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ត្រូវសម្របសម្រួលឱ្យមានការផ្ទេរទ្រព្យសម្បត្តិ ស្របពេលជាមួយនឹងការពិនិត្យមើលឡើងវិញនូវការទទួលខុសត្រូវតាម លក្ខខណ្ឌដែលមានចែងក្នុងច្បាប់នេះ និងត្រូវធ្វើឡើងទៅតាមរបៀបដែលមានផែនការ មានវិចារណភាព មានការពិគ្រោះយោបល់និងមានតម្លាភាព។
មាត្រា ២៥៧.-
ក្នុងការផ្ទេរទ្រព្យសម្បត្តិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិអាចកំណត់ឱ្យ ក្រុមប្រឹក្សាពីរ ឬ ច្រើនប្រើប្រាស់រួមគ្នានូវទ្រព្យសម្បត្តិណាមួយ ដើម្បីក្រុមប្រឹក្សាទាំងនោះបំពេញការងាររបស់ខ្លួនឱ្យ មានប្រសិទ្ធភាព។
មាត្រា ២៥៨.-
ក្នុងករណីដែលក្រុមប្រឹក្សាបានទទួលមុខងារមួយ ឬ ច្រើន ប៉ុន្តែទ្រព្យសម្បត្តិចាំបាច់សម្រាប់ចាត់ចែងមុខងារនោះមានបរិមាណមិន គ្រប់គ្រាន់ ឬ គ្មានតែម្ដង ក្រុមប្រឹក្សាត្រូវទទួលបានធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយមធ្យោបាយចាំបាច់សម្រាប់បំពេញសេចក្ដីត្រូវការរបស់ ខ្លួន។
មាត្រា ២៥៩.-
ការផ្ទេរទ្រព្យសម្បត្តិត្រូវមានឯកសារផ្លូវច្បាប់សម្រាប់ផ្ទេរ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិនៅឱ្យក្រុមប្រឹក្សា ប្រសិនបើទ្រព្យសម្បត្តិនោះមានប័ណ្ណសម្គាល់កម្មសិទ្ធិ។
ក្នុងករណីដែលទ្រព្យសម្បត្តិណាមួយមិនមានប័ណ្ណសម្គាល់កម្មសិទ្ធិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ត្រូវសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងទ្រព្យសម្បត្តិនោះរួចហើយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវដាក់ចេញសេចក្ដីសម្រេចដែលកំណត់អំពី :
[ 72 ]
- ទ្រព្យសម្បត្តិដែលត្រូវផ្ទេរ
- ប្រភេទក្រុមប្រឹក្សាដែលទទួលទ្រព្យសម្បត្តិ
- ក្រុមប្រឹក្សាជាក់លាក់ដែលទទួលទ្រព្យសម្បត្តិ
- ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ឬ មន្ទីរ អង្គភាពនានាថ្នាក់ក្រោមជាតិដែលត្រូវប្រគល់ទ្រព្យសម្បត្តិដល់ ក្រុមប្រឹក្សា និង
- កាលបរិច្ឆេទដែលត្រូវប្រគល់ទ្រព្យសម្បត្តិឱ្យ ក្រុមប្រឹក្សា។
សេចក្ដីសម្រេចខាងលើនេះ អាចផ្ទេរទ្រព្យសម្បត្តិមួយ ឬ ច្រើន ឬ អាចផ្ទេរទ្រព្យសម្បត្តិទាំងអស់ក្នុងប្រភេទណាមួយក៏បាន។
មាត្រា ២៦០.-
ក្នុងករណីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ឬ មន្ទីរ អង្គភាពនានាថ្នាក់ក្រោមជាតិ មិនបានប្រគល់ទ្រព្យសម្បត្តិ ស្របតាមការកំណត់ក្នុងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឬ មិនបានរៀបចំឯកសារផ្លូវច្បាប់ឱ្យ បានត្រឹមត្រូវសម្រាប់ផ្ទេរកម្មសិទ្ធិ ក្រុមប្រឹក្សាត្រូវរាយការណ៍បញ្ហានេះជាបន្ទាន់ជូន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ។
មាត្រា ២៦១.-
ក្រុមប្រឹក្សា ត្រូវរៀបចំគម្រោងថែទាំទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបញ្ចូលទៅក្នុងគម្រោងថវិកាប្រចាំឆ្នាំ ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ។
ក្រុមប្រឹក្សាត្រូវធ្វើបញ្ជីសារពើភ័ណ្ឌនៃទ្រព្យសម្បត្តិរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
[ 73 ]=== ផ្នែកទី ៨ បុគ្គលិក ===
មាត្រា ២៦២.-
ដើម្បីឱ្យ ក្រុមប្រឹក្សាមានលទ្ធភាពគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារ ភារកិច្ចដែលបានផ្ទេរតាមច្បាប់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ លក្រោមជាតិ និងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ត្រូវពិនិត្យ និងធ្វើការកែសម្រួលឡើងវិញនូវការរៀបចំបុគ្គលិក ស្របពេលជាមួយនឹងការផ្ទេរមុខងារ និងភារកិច្ចក្នុងគោលបំណងបង្កើតឱ្យ មានក្របខ័ណ្ឌបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
មាត្រា ២៦៣.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវមានការទទួលខុសត្រូវក្នុងការកំណត់គោលនយោបាយ យុទ្ធសាស្ត្រសម្រាប់ធានាឱ្យ ការពិនិត្យ និងការកែសម្រួលឡើងវិញនូវការរៀបចំបុគ្គលិកឱ្យ បានសមស្រប។
មាត្រា ២៦៤.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវកំណត់អំពីប្រភេទបុគ្គលិកសម្រាប់ក្រុមប្រឹក្សា និងកំណត់អំពីរបៀប និងមធ្យោបាយក្នុងការសម្រួលឡើងវិញនូវការរៀបចំបុគ្គលិកនេះ ដោយធានាមិនឱ្យ មានការបង្កើនចំនួនបុគ្គលិកមួយចំនួនមុខងារសាធារណៈ។
ការគ្រប់គ្រងបុគ្គលិកមុខងារសាធារណៈ ដែលបំពេញការងារសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោម ជាតិ។
មាត្រា ២៦៥.-
ការពិនិត្យ និងការកែសម្រួលឡើងវិញនូវការរៀបចំបុគ្គលិក ត្រូវធ្វើឡើងផ្អែកតាមគោលការណ៍ដូចខាងក្រោម :
[ 74 ]
- ត្រូវស្របជាមួយនឹងការពិនិត្យមើលឡើងវិញនូវមុខងារ និងការទទួលខុសត្រូវនានា ដូចមានចែងនៅក្នុងច្បាប់នេះ
- ត្រូវរៀបចំទៅតាមរបៀបដែលមានផែនការ មានកម្មវិធី មានសនិទានភាព មានការពិគ្រោះយោបល់ និងមានតម្លាភាព ដោយអនុលោមតាមច្បាប់នេះ
- ត្រូវគិតគូរអំពីផលប្រយោជន៍របស់ក្រុមប្រឹក្សា និងរបស់បុគ្គលិក។
មាត្រា ២៦៦.-
ក្នុងករណីមុខងារ ភារកិច្ចណាមួយត្រូវបានផ្ទេរទៅឱ្យ ក្រុមប្រឹក្សា បុគ្គលិកដែលធ្លាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារភារកិច្ចនោះ ក៏ត្រូវធ្វើការផ្ទេរទៅឱ្យក្រុមប្រឹក្សានោះដែរ។
មាត្រា ២៦៧.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិអាចធ្វើសេចក្ដីសម្រេចលើការពិនិត្យ និងការកែសម្រួលឡើងវិញនូវការរៀបចំបុគ្គលិកម្នាក់ ឬ ច្រើននាក់ទៅតាមប្រភេទមុខតំណែង។
បុគ្គលិកដែលបានកែសម្រួលឡើងវិញនោះ ត្រូវមានលក្ខខណ្ឌការងារ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗមិនទាបជាងលក្ខខណ្ឌការងារ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗដែលបុគ្គលិកទាំងនោះធ្លាប់បានទទួលមុនពេល រៀបចំឡើងវិញឡើយ។
មាត្រា ២៦៨.-
ក្នុងករណីដែលមុខងារ ភារកិច្ចណាមួយត្រូវបានផ្ទេរទៅឱ្យ ក្រុមប្រឹក្សា ហើយបុគ្គលិកចាំបាច់មានចំនួនមិនគ្រប់គ្រាន់ ឬ គ្មានតែម្ដង ក្រុមប្រឹក្សាត្រូវបានទទួលធនធានហិរញ្ញវត្ថុ ដើម្បីជ្រើសរើសបុគ្គលិកមកបម្រើការងារតាមការចាំបាច់។
មាត្រា ២៦៩.-
ប្រសិនបើការពិនិត្យ និងការកែសម្រួលឡើងវិញនូវការរៀបចំបុគ្គលិក តម្រូវឱ្យបុគ្គលិកណាម្នាក់ប្ដូរទីលំនៅរបស់ខ្លួន ហើយបុគ្គលិកនោះមិនយល់ព្រមតាមការរៀបចំ
[ 75 ]នេះ សាមីខ្លួនត្រូវធ្វើការបញ្ជាក់ជាលាយលក្ខណ៍អក្សរអំពីមូលហេតុនៃ ការមិនយល់ព្រមនោះនៅក្នុងរយៈពេលមួយ (០១)ខែ បន្ទាប់ពីទទួលបានសេចក្ដីសម្រេច។ បុគ្គលិកដែលមិនយល់ព្រមតាមការសម្រេចខាងលើនេះ អាចបន្តស្ថិតនៅជាបុគ្គលិករបស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលជាបន្តទៀត ប៉ុន្តែត្រូវប្រគល់ភារកិច្ចផ្សេង។
មាត្រា ២៧០.-
សេចក្ដីសម្រេចរៀបចំបុគ្គលិកឡើងវិញ ត្រូវចូលជាធរមាននៅពេលគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលដែលកំពុងគ្រប់គ្រងបុគ្គលិកនោះ ដាក់ចេញសេចក្ដីសម្រេចដែលកំណត់អំពី :
- បុគ្គលិកដែលត្រូវបានរៀបចំឡើងវិញ
- ប្រភេទក្រុមប្រឹក្សាដែលបុគ្គលិកនោះត្រូវទៅបំពេញការងារ
- កាលបរិច្ឆេទដែលបុគ្គលិកនោះត្រូវចូលបម្រើការងារ។
សេចក្ដីសម្រេចខាងលើនេះ អាចរៀបចំឡើងវិញនូវបុគ្គលិកម្នាក់ ឬ ច្រើននាក់ទៅតាមការចាំបាច់។
មាត្រា ២៧១.-
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្ទេរដល់ក្រុមប្រឹក្សានូវប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភនិងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់បុគ្គលិកដែលបានផ្ទេរ ឱ្យ ក្រុមប្រឹក្សា ដោយគិតចាប់ពីថ្ងៃដែលបុគ្គលិកនោះបានចូលបំពេញការងាររបស់ ក្រុមប្រឹក្សា។
មាត្រា ២៧២.-
ក្រុមប្រឹក្សាត្រូវរាយការណ៍ជាបន្ទាន់ដល់គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងករណីដែលបុគ្គលិកណាម្នាក់ត្រូវបានផ្ទេរឱ្យក្រុមប្រឹក្សា រួចហើយ តែបុគ្គលិកនោះខកខានមិនបានចូលបម្រើការងារតាមការកំណត់នៅក្នុង សេចក្ដីសម្រេច។
[ 76 ]មាត្រា ២៧៣.-
បែបបទ និងនីតិវិធីនៃការពិនិត្យ និងការកែសម្រួលឡើងវិញនូវការរៀបចំបុគ្គលិកត្រូវកំណត់ដោយ អនុក្រឹត្យ តាមសំណើរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ជំពូកទី ៦៖ អំពីទោសប្បញ្ញត្តិ
editមាត្រា ២៧៤.-
សមាជិកក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាល និងបុគ្គលិករបស់ក្រុមប្រឹក្សាដែលមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់ នេះ ត្រូវទទួលវិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ និងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណីផ្សេងទៀត។
មាត្រា ២៧៥.-
វិន័យដែលត្រូវអនុវត្តចំពោះសមាជិកក្រុមប្រឹក្សាដែលបានប្រព្រឹត្ត នូវកំហុស ត្រូវផ្អែកតាមគោលការណ៍នៃបទប្បញ្ញត្តិដូចមានចែងក្នុងចំណុចទី ៤ ចំណុចទី ៥ មាត្រា ២២ នៃច្បាប់នេះ។
មាត្រា ២៧៦.-
វិន័យដែលត្រូវអនុវត្ត ចំពោះគណៈអភិបាល នាយករដ្ឋបាល បុគ្គលិកក្រុមប្រឹក្សាត្រូវផ្អែកតាមគោលការណ៍នៃបទប្បញ្ញត្តិដូចមាន ចែងក្នុងចំណុចទី ៣ និងចំណុចទី ៦ មាត្រា ១៥១ នៃច្បាប់នេះ ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលក្ខន្តិកៈដោយឡែករបស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
[ 77 ]== ជំពូកទី ៧៖ អំពីអន្តរប្បញ្ញត្តិ ==
ផ្នែកទី ១ ការផ្ទេរសិទ្ធិ និងការទទួលខុសត្រូវ
editមាត្រា ២៧៧.-
រដ្ឋាភិបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌដែលត្រូវបានបង្កើតឡើងដោយច្បាប់នេះនឹងជំនួសរដ្ឋបាល ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលបច្ចុប្បន្ននេះ។
មាត្រា ២៧៨.-
អភិបាលរាជធានី អភិបាលខេត្ត អភិបាលក្រុង អភិបាលខណ្ឌ អភិបាលស្រុកដែលបានតែងតាំងឡើងនៅមុនពេលច្បាប់នេះចូលជាធរមាន ត្រូវបន្តស្ថិតក្នុងមុខតំណែងនិងបំពេញការងាររហូតដល់មាន ក្រុមប្រឹក្សា និងគណៈអភិបាលដែលបានរៀបចំឡើងស្របតាមច្បាប់នេះមកជំនួស។
មាត្រា ២៧៩.-
ការតែងតាំងគណៈអភិបាលសម្រាប់ក្រុមប្រឹក្សាអាណត្តិទី ១ នេះ ត្រូវធ្វើឡើងយ៉ាងយូរដប់បួន (១៤)ថ្ងៃ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត “គ.ជ.ប” ប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នីមួយៗនោះ។
មាត្រា ២៨០.-
ដីកា លិខិតបទដ្ឋាន កិច្ចសន្យា កិច្ចព្រមព្រៀង ការងារ ទ្រព្យសម្បត្តិ ចំណូល និងប្រាក់ទាំងអស់ដែលអនុវត្ត ឬ ដែលបានកាន់កាប់ដោយ ឬ ក្នុងនាមរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ នៅមុនពេលច្បាប់នេះចូលជាធរមាន ដីកា លិខិតបទដ្ឋាន កិច្ចសន្យា កិច្ចព្រមព្រៀងការងារ ទ្រព្យសម្បត្តិ ចំណូល និងប្រាក់ទាំងអស់នោះត្រូវអនុវត្ត និងចាត់ចែងបន្តដោយរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាល ស្រុក រដ្ឋបាលខណ្ឌ។
[ 78 ]មាត្រា ២៨១.-
អង្គភាព និងមន្ត្រីបុគ្គលិកដែលបំពេញការងារក្នុងអង្គភាពរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ នៅមុនពេលច្បាប់នេះចូលជាធរមាន ត្រូវបន្តជាអង្គភាព និងជាមន្ត្រីបុគ្គលិកនៃអង្គភាពទាំងនោះរបស់រដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ រហូតដល់មានការរៀបចំជាថ្មី។
មាត្រា ២៨២.-
ក្រសួងមហាផ្ទៃ ត្រូវធ្វើការកំណត់ និងកត់ត្រានូវការផ្ទេរ និងការទទួលយកនូវសិទ្ធិ កាតព្វកិច្ចទាំងអស់ កម្មសិទ្ធិ ទ្រព្យសម្បត្តិ ចំណូល និងប្រាក់ ព្រមទាំងអង្គភាព បុគ្គលិកពីរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ បច្ចុប្បន្នជូនទៅរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ ឱ្យ បានសមស្រប និងមានតម្លាភាព។
ផ្នែកទី ២ ក្រុមប្រឹក្សាឃុំ សង្កាត់
editមាត្រា ២៨៣.-
ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា លើកលែងតែគោលការណ៍ដូចមានចែងក្នុងមាត្រា ៨៨គោលការណ៍នៃផ្នែកទី ៦ ផ្នែកទី ៧ ផ្នែកទី ៨ នៃជំពូកទី ២ និងគោលការណ៍នៃជំពូកទី ៥ នៃច្បាប់នេះ។
មាត្រា ២៨៤.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ត្រូវរៀបចំលិខិតបទដ្ឋានសម្រាប់គាំទ្រឃុំ សង្កាត់ ដើម្បីអនុវត្តបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា ៨៨ គោលការណ៍នៃផ្នែកទី ៦ ផ្នែកទី ៧ ផ្នែកទី ៨ ផ្នែកទី ៩ នៃជំពូកទី ២ និងគោលការណ៍នៃជំពូកទី ៥ នៃច្បាប់នេះ។
[ 79 ]គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវពិនិត្យឡើងវិញនូវច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីស្នើធ្វើវិសោធនកម្ម ឬ ដាក់ចេញនូវលិខិតបទដ្ឋានថ្មី ឱ្យ សមស្របសម្រាប់ទ្រទ្រង់ដល់គោលការណ៍នៃការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យដែលចែងក្នុងច្បាប់នេះ។
ជំពូកទី ៨ អវសានប្បញ្ញត្តិ
editមាត្រា ២៨៥.-
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។
មាត្រា ២៨៦.-
ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។
[ 80 ]== សន្ទានុក្រម == LEXICON
[ 81 ]
ពាក្យ | ភាសាអង់គ្លេស | ពន្យល់សេចក្ដី |
---|---|---|
កសាងសមត្ថភាព | Capacity Building | គឺជាការអភិវឌ្ឍចំណេះដឹង ជំនាញ សមត្ថភាពរបស់បុគ្គលិក ឬ ស្ថាប័ន ដើម្បីបំពេញកិច្ចការដោយមានប្រសិទ្ធភាព។ ការកសាងសមត្ថភាពអាចធ្វើឡើងតាមរយៈការអប់រំ វគ្គបណ្ដុះបណ្ដាល (Training Courses) ជាផ្លូវការ ឬ តាមរយៈការរៀនបណ្ដើរធ្វើបណ្ដើរ (On-job-training)។ |
ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ | Democratic Development
|
គឺជាការអភិវឌ្ឍដែលដំណើរការដោយមានលក្ខណៈដូចខាងក្រោម :
|
កែសម្រួលឡើងវិញនូវការរៀបចំបុគ្គលិក | Redeployment of Personnel | សំដៅលើការពិនិត្យឡើងវិញនូវបុគ្គលិករបស់ក្រសួង ស្ថាប័ននានា ដើម្បីធ្វើការរៀបចំឡើងវិញនូវបុគ្គលិកសម្រាប់បម្រើការងារឱ្យ ប្រភេទក្រុមប្រឹក្សាសមស្រប ដែលការងារនេះត្រូវធ្វើឡើងស្របពេលជាមួយការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវទៅឱ្យក្រុមប្រឹក្សានោះ។
} |
[ 82 ]
[ 83 ]
ពាក្យ | ភាសាអង់គ្លេស | ពន្យល់សេចក្ដី |
---|---|---|
ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម | Medium Term Expenditure Framework | ការធ្វើផែនការចំណាយសាធារណៈដែលមានរយៈពេលពីបី(០៣) ដល់ប្រាំ(០៥) ដែលកំណត់តម្រូវការធនធាននាពេលអនាគតសម្រាប់សេវាកម្ម និងការអភិវឌ្ឍដែលស្ថិតក្នុងបរិបទនៃការប៉ាន់ស្មានធនធានសរុបរបស់ រដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដែលបានមកពីប្រភពក្នុងមូលដ្ឋាន និងប្រភពពីខាងក្រៅ។ |
ក្រុង | Municipality | គឺរដ្ឋបាលក្រុងដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាក្រុង។ |
ខេត្ត | Province | គឺជារដ្ឋបាលខេត្ត ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។ |
ខណ្ឌ | Khan | គឺជារដ្ឋបាលខណ្ឌដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខណ្ឌ។ |
ឃុំ | Commune | គឺជារដ្ឋបាលឃុំដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ។ |
ដ . ត . ទ . ធ . ន | ||
ដែនសមត្ថកិច្ច | Juridiction | គឺជាតំបន់ ជាមុខងារ និងជាភារកិច្ច ដែលស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា ។ |
ដីកា | By-law | គឺជាវិធានច្បាប់ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាក្នុងព្រំ ដែននៃសិទ្ធិអំណាចរបស់ខ្លួន ដើម្បីអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ |
ត្រួតពិនិត្យនីត្យានុកូលភាព | Legality Control | គឺជាការធានាឱ្យ បានថាក្រុមប្រឹក្សាមិនធ្វើសកម្មភាពក្រៅពីសិទ្ធិអំណាចរបស់ខ្លួន ហើយអនុវត្តតាមតែនីតិវិធីដែលតម្រូវដោយវិធានច្បាប់ជាធរមាន។
}} |
[ 84 ]
ពាក្យ | ភាសាអង់គ្លេស | ពន្យល់សេចក្ដី |
---|---|---|
ទ្រព្យសម្បត្តិ | Asset | ក្នុងន័យទូទៅគឺសំដៅទៅលើគ្រឿងម៉ាស៊ីន យានយន្ត ឧបករណ៍គ្រឿងសង្ហារឹម សម្ភារៈការិយាល័យ លិខិតស្នាម ឯកសារ និងដីសាធារណៈអចលនទ្រព្យសាធារណៈ សំណង់សាធារណៈ ឬ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជា ស្ពាន អគារ ព្រែក ផ្លូវ ឬ វត្ថុប្រហាក់ប្រហែលគ្នានេះ។ |
ទ្រព្យសកម្ម | Asset | គឺជាការកត់ត្រាក្នុងផ្នែកគណនេយ្យសំដៅទៅលើទ្រព្យសម្បត្តិនានាជា កម្មសិទ្ធិរបស់ក្រុមប្រឹក្សាដែលមានតម្លៃមួយពិតប្រាកដរួមទាំង ប្រាក់កាសផង។ |
ទ្រព្យអសកម្ម | Liability | គឺជាការកត់ត្រាក្នុងផ្នែកគណនេយ្យដែលសំដៅទៅលើកាតព្វកិច្ចទូទាត់ ដែលត្រូវបានកត់ត្រា។ ការទូទាត់នោះមិនទាន់បានធ្វើនៅឡើយទេ។ |
ធនធាន | Resources | រួមមានទ្រព្យសម្បត្តិ ហិរញ្ញវត្ថុ ចំណូល បុគ្គលិក និងសមត្ថភាព។ |
ធនធានផ្នែករដ្ឋបាល | Administrative Resources | រួមមានមុខងារ សិទ្ធិអំណាច ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ បុគ្គលិក និងសមត្ថភាព សម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារ។ |
នីតិបុគ្គលនៃនីតិសាធារណៈ | Public Legal Entity | គឺជាក្រុមមនុស្សដែលច្បាប់បានអនុញ្ញាតឱ្យ ធ្វើសកម្មភាព ដូចជាបុគ្គល ដើម្បីជាផលប្រយោជន៍សាធារណៈ។ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានផ្ដល់នីតិបុគ្គលដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ |
ប . ផ . ម | ||
បទប្បញ្ញត្តិចាំបាច់ | Compulsory Provision | បទប្បញ្ញត្តិដែលតម្រូវឱ្យក្រុមប្រឹក្សាអនុវត្តដោយខានមិនបាន។ បទប្បញ្ញត្តិនេះ កំណត់ដោយរដ្ឋធម្មនុញ្ញ ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ។ |
បទបញ្ជាផ្ទៃក្នុង | Internal Rule | វិធានដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសម្រាប់កំណត់របៀបរបបធ្វើ ការងារ ការរៀបចំ និងដំណើរការប្រជុំរបស់ក្រុមប្រឹក្សា។ |
ប្រគល់មុខងារ | Assignment of Function | គឺជាការផ្ទេរភាពជាម្ចាស់នៃមុខងារការទទួលខុសត្រូវអំណាច និងឆន្ទានុសិទ្ធិទាំងអស់ដែលចាំបាច់ ដើម្បីគ្រប់គ្រង និងអនុវត្តមុខងារ
}} |
[ 85 ]
ពាក្យ | ភាសាអង់គ្លេស | ពន្យល់សេចក្ដី |
---|---|---|
ប្រតិភូកម្មមុខងារ | Delegation of Function | គឺការផ្ទេរនូវមុខងារ ការទទួលខុសត្រូវ អំណាច និងឆន្ទានុសិទ្ធិ ដើម្បីគ្រប់គ្រង និងអនុវត្តមុខងារក្នុងនាមអាជ្ញាធរដែលធ្វើប្រតិភូកម្ម ដោយផ្អែកតាមតម្រូវការនៃការធ្វើប្រតិភូកម្មនោះ។ អាជ្ញាធរដែលធ្វើប្រតិភូកម្ម នៅតែរក្សាភាពជាម្ចាស់លើកិច្ចការធ្វើប្រតិភូកម្ម។ |
ប្រភេទក្រុមប្រឹក្សា | Category of Council | មានដូចជាក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សារាជធានី។ |
ផ្ទេរ | Transfer | គឺជាការប្រគល់ ឬ ការធ្វើប្រតិភូកម្មមុខងារ។ |
មុខងារ | Function | គឺជាអំពើ ឬ សកម្មភាពដែលរាប់បញ្ចូលទាំងការផ្ដល់សេវាសាធារណៈហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយផ្សេងទៀត។ |
រ . វ | ||
រដ្ឋបាលថ្នាក់ក្រោមជាតិ | Sub-National Administration | ជាទូទៅសំដៅលើរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ សូមមើលពាក្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ បទប្បញ្ញត្តិមួយចំនួននៃច្បាប់នេះ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅត្រឹមតែរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តែប៉ុណ្ណោះ។ |
រដ្ឋបាលឯកភាព | Unified Administration | គឺជាការរៀបចំឱ្យ មានក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលអាចម្ចាស់ការក្នុង ការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានរាប់ទាំងហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិរបស់ខ្លួន ហើយក្រុមប្រឹក្សានីមួយៗនោះមានសមត្ថភាពសម្របសម្រួល ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពនៃការផ្ដល់សេវាកម្ម និងការអភិវឌ្ឍផ្សេងៗទៀតដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងការផ្ដល់សេវាកម្ម និងការអភិវឌ្ឍដែលធ្វើឡើងដោយក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលសំដៅឆ្លើយតបសេចក្ដីត្រូវការរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។ |
រាជធានី | Capital | គឺជារដ្ឋបាលរាជធានីដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា រាជធានី។ ភ្នំពេញ គឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
}} |
[ 86 ]
ពាក្យ | ភាសាអង់គ្លេស | ពន្យល់សេចក្ដី |
---|---|---|
វិមជ្ឈការ | Decentralization | រាជរដ្ឋាភិបាលប្រគល់ឱ្យ ក្រុមប្រឹក្សានូវភាពជាម្ចាស់លើមុខងារ សិទ្ធិអំណាច និងធនធាន ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់មូលដ្ឋាន។ ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋមូលដ្ឋានលើបញ្ហា ទាំងនេះ។ |
វិសហមជ្ឈការ | Deconcentration | រាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័ន ធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច និងធនធានទៅអង្គភាពក្រោមបង្គាប់ ឬ ទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តក្នុងនាមរាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័ន។ អង្គភាព ឬ ក្រុមប្រឹក្សានោះ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័នស្របទៅតាមតម្រូវការនៃការធ្វើប្រតិភូកម្មនោះ។ |
ស | ||
សមត្ថភាពផ្នែករដ្ឋបាល | Administrative Capacity | គឺជាលទ្ធភាពក្នុងការគ្រប់គ្រងចាត់ចែង និងអនុវត្តមុខងារ ធនធានប្រកបដោយសមធម៌ មានតម្លាភាព មានគណនេយ្យភាព និងមានប្រសិទ្ធភាព។ |
សង្កាត់ | Sangkat | គឺជារដ្ឋបាលសង្កាត់ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាសង្កាត់។ |
ស្រុក | District | គឺជារដ្ឋបាលស្រុកដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាស្រុក។ |
សិទ្ធិអំណាច | Authority | គឺជាលទ្ធភាពតាមផ្លូវច្បាប់ក្នុងការធ្វើអ្វីមួយ។ |
សិទ្ធិអំណាចប្រតិបត្តិ | Executive Power | គឺជាការធ្វើសេចក្ដីសម្រេចចិត្តផ្នែកគ្រប់គ្រងនិងរដ្ឋបាល។ ឧទាហរណ៍ : ការធ្វើសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាលើគម្រោងដែលត្រូវ អនុវត្តនៅក្នុងមូលដ្ឋានរបស់ខ្លួន។ |
សិទ្ធិអំណាចបញ្ញត្តិ | Legislative Power | គឺជាសមត្ថភាពក្នុងការធ្វើលិខិតបទដ្ឋាន។ ឧទាហរណ៍ : ក្រុមប្រឹក្សាខេត្តមានសិទ្ធអំណាចក្នុងការដាក់ចេញដីកា។ |
ឯកសារយោង
edit- ប្លក
- រដ្ឋសភា