ប្រជុំរឿងព្រេងខ្មែរ/ភាគទី១/14
១៤- រឿង ជាតិខ្លាធំ
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ សោយរាជសម្បត្តិនៅនគរមួយ មានអគ្គមហេសី ជាចមស្ត្រី មានមន្ត្រីចតុស្តម្ភ ៤ នាក់ មានហោរាមួយនាក់ ជាតំណាងព្រះនេត្រ ព្រះកាណ៌ព្រះអង្គ មានមន្ត្រីនិងស្រីស្នំជារាជបរិពារ ពេញកិត្តិយសជាម្ចាស់ផែនដី តាមព្រះរាជប្រពៃណីអំពីបុរាណរៀងមក ។ ប៉ុន្តែព្រះមហាក្សត្រនិងចតុស្តម្ភទាំង ៤ នាក់ ពុំបានរៀនវេទមន្ត ខាងការពិជ័យសង្គ្រាម ដូចព្រះរាជាមុន ៗមកឡើយ ព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេក ។ ដោយព្រះរាជានុភាពរបស់ព្រះអង្គ ចេះតែទន់ទាបចុះទ្រង់ក៏រំពឹងថា «បើប្រសិនជាមានសឹកសត្រូវ ចូលមកលុកលុយដណ្ដើមព្រះនគរ អញមុខជាព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃបច្ចាមិត្តដោយងាយពុំខានឡើយ »។
ថ្ងៃមួយ វេលាម៉ោង ៨ ព្រឹក ព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោង ដោយមានព្រះអគ្គមហេសីគង់អែបនែបជិតព្រះអង្គ ហើយដោយមានហោរាចតុស្តម្ភទាំង ៤ នាក់ និងមន្ត្រីឯទៀត ក្រាបបង្គំគាល់តាមធម្មតា ។ ពេលនោះទ្រង់ភ្នកព្រះទ័យ ចង់ទៅរៀនសិល្បសាស្ត្រក្នុងសំណាក់អាចារ្យទិសាបាមោក្ខ ឯនគរតក្កសិលា ។ ទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសី ក៏សុំតាមទៅផង ។ ឯហោរានិងចតុស្តម្ភទាំង ៤ នាក់ ក៏សុំតាមហែព្រះអង្គទៅដែរ ដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញដើម្បីរក្សាព្រះនគរ ។ ព្រះអង្គក៏ទ្រង់ព្រះរាជានុញ្ញាត ។ ជំនុំស្រេចហើយ មានថ្ងៃមួយព្រះអង្គនាំអគ្គមហេសី ហោរា និងចតុស្តម្ភទាំង ៤ នាក់ចេញចាកព្រះនគរ ។ គម្រប់ ៧ ថ្ងៃ ដល់នគរតក្កសិលា បានជួបនឹងអាចារ្យទិសាបាមោក្ខ ក៏សុំរៀនសិល្បវេទ ។ អាចារ្យទិសាបាមោក្ខទទួលភារៈបង្រៀនព្រះអង្គ ។ ព្រះអគ្គមហេសី និងហោរាព្រមទាំងចតុស្តម្ភ បានរៀនចេះចប់សព្វគ្រប់ ទោះនឹងចង់ក្លែងខ្លួនជាសត្វតិរច្ឆាន ឬជាយក្សគន្ធព្វ សុបណ្ណា ក៏បានដោយងាយ ។ រៀនចេះចប់ស្រេច ស្ដេចសុំលាលោកអាចារ្យ វិលត្រឡប់មកព្រះនគរវិញ ។ អាចារ្យក៏អនុញ្ញាតព្រះរាជា និងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរត្រឡប់មកវិញ ព្រមដោយហោរា នូវចតុស្តម្ភទាំងបួននាក់ ។ ទ្រង់ចេញចាកក្រុងតក្កសិលាមកបាន ៣ ថ្ងៃ ហេតុតែផលកម្មនាំឲ្យវង្វេងផ្លូវ ទ្រង់យាងត្រាច់កាត់ព្រៃ អស់ស្បៀងអាហារ សោយតែមើមឈើ និងផ្លែឈើ ។ ព្រះរាជាទ្រង់ស្ដាយព្រះជន្ម ទ្រង់ក៏ជំនុំគិតជាមួយហោរា ចតុស្តម្ភទាំង ៤ នាក់ព្រមទាំងព្រះអគ្គមហេសីថា «ឥឡូវនេះ យើងជិតដល់នូវការអស់អាយុសង្ខារគ្រប់គ្នាហើយព្រោះគ្មានអាហារនឹងចិញ្ចឹមជីវិត តើអស់លោកយល់ឃើញដូចម្ដេច ?» ។ ហោរាទូលព្រះអង្គថា «ទូលព្រះបង្គំជាខ្ញុំយល់ឃើញ ថាមន្តវិជ្ជាដែលយើងបានរៀនមក សឹងចេះសព្វគ្រប់ដូចគ្នា ហេតុនេះ បើកាឡាខ្លួនជាសត្វខ្លាធំ ហើយនឹងចាប់សត្វឯទៀតធ្វើជាអាហារទម្រាំតែទៅដល់ព្រះនគរ សឹមកាឡាខ្លួនជាមនុស្សវិញក៏បាន» ។ ព្រះរាជា ព្រះមហេសីនូវចតុស្តម្ភ ក៏ព្រមតាមហោរា ។ ទ្រង់មានព្រះបន្ទូលសួរថា «ឥឡូវរូបខ្លាទាំងមូលនេះ លោកណាត្រូវកាឡាខ្លួនធ្វើជាអ្វី ?» ។ ចតុស្តម្ភសុំធ្វើជាជើងខ្លាទាំងបួន ។ ហោរាសុំធ្វើជាកន្ទុយ ។ ព្រះអគ្គមហេសីសុំធ្វើជាខ្លួនខ្លា ។ រូបខ្លាទាំងមូលនេះឃើញនៅសល់តែក្បាល គឺតួព្រះមហាក្សត្រ ។ ជំនុំរួចស្រេចក៏សូត្រមន្តវិជ្ជាកាឡាខ្លួនកើតជាព្យគ្ឃរាជ (ស្ដេចខ្លា) បានដូចសេចក្ដីប្រាថ្នា ស្ទុះបោលដេញចាប់សត្វប្រើស ក្ដាន់ជាអាហារ ។ លុះអំឡុងទៅ ក៏កើតមានសេចក្ដីសប្បាយ ភ្លេចរាជសម្បត្តិ និងព្រះមហានគរពុំស្ដាយសោះ ។
ហេតុនេះ បានជាសត្វខ្លា មានកម្លាំងជាងសត្វឯទៀត ហើយសត្វខ្លានេះ កាលនឹងចាប់សត្វជាអាហារ គឺដឹងដោយសារកន្ទុយជាមុនព្រោះជាហោរា ។ ដងខ្លួនដែលទន់ភ្លន់គឺព្រះអគ្គមហេសីជាស្ត្រីភាព ។ ឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យ គឺតួអង្គព្រះមហាក្សត្រ ដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ ។ ឯជើងទាំង ៤ ដែលមានកម្លាំងខ្លាំង ហើយមានក្រចកមុត គឺចតុស្តម្ភទាំង ៤ ។
ប្រហែសបាត់ប្រយ័ត្នគង់