ប្រជុំរឿងព្រេងខ្មែរ/ភាគទី១/29


២៩- រឿង​ ស្រីក្ងោកមាស




ដើម​ឡើយ មាន​បុរស​ម្នាក់ បាន​ទទួល​បណ្ដាំ​ពី​ឪពុក​ប្រដៅ​ថា « កុំ​ឲ្យ​យក​ស្រី​ប្ដី​លែង និង​ស្រី​សៅកែ ឲ្យ​យក​តែ​ស្រី​ក្រមុំ​ព្រហ្មចារី និង​មេម៉ាយ​ប្ដី​ស្លាប់ ធ្វើ​ជា​ប្រពន្ធ ហើយ​កុំ​ឲ្យ​យក​ក្លើ​នឹង​មនុស្ស​គ្រូ​បី » តែ​មិន​ដូច្នោះ បុរស​នោះ​បាន​យក​ស្រី​ទាំង ៤ នាក់​នោះ​ជា​ប្រពន្ធ និង​យក​មនុស្ស​គ្រូ​បី​ជា​ក្លើ​ ដើម្បី​ល្បង​មើល ។ ថ្ងៃ​មួយ​ក្ងោក​មាស​របស់​ស្ដេច ទៅ​រក​ស៊ី​ក្បែរ​ផ្ទះ​បុរស​នោះ, ឯ​បុរស​នោះ គិត​ពិសោធ​មើល ក៏​ចាប់​ក្ងោក​មាស​នោះ​យក​ទៅ​ចង​លាក់​ទុក​ក្នុង​ទ្រុង​មួយ ហើយ​ដាក់​ចំណី​បាយ​ទឹក​ឲ្យ​ក្ងោក​នោះ​ស៊ី រួច​បុរស​យក​មាន់​គក​មួយ ទៅ​កាប់​ធ្វើ​ម្ហូប​បរិភោគ ។ ពេល​នឹង​បរិភោគ​បុរស​នោះ បាន​យក​ប្រពន្ធ​ទាំង ៤ និង​ក្លើ​នោះ ទៅ​បរិភោគ​ទាំង​អស់​គ្នា ។ កំពុង​តែ​ស៊ី​ក៏​ធ្វើ​ជា​ភ្លក់ និយាយ​ថា «នេះ​គឺ​ជា​សាច់​ក្ងោក​មាស​ស្ដេច ដែល​អញ​បាន​លួច​កាប់​យក​មក​ស៊ី » ។

ក្រោយ​ពី​នោះ ដល់​បាត់​ក្ងោក ស្ដេច​ឲ្យ​ប៉ាវ​គង​សួរ​រក​ក្ងោក​នោះ ។ នាង​ស្រី​ប្ដី​លែង និង​នាង​ស្រី​សៅកែ និយាយ​ទៅ​នាង​ក្រមុំ និង​នាង​ប្ដី​ស្លាប់​ថា «ឲ្យ​ប្រាប់​ទៅ​ពួក​អ្នក​ប៉ាវ​គង​ទៅ ! ថា​ប្ដី​យើង​បាន​លួច​កាប់​ក្ងោក​របស់​ស្ដេច យក​សាច់​ស៊ី​កុំ​ទៅ​ជួយ​បិទ​បាំង​ថ្វី ឲ្យ​វា​ងាប់​ទៅ​ចុះ ព្រោះ​វា​ធ្វើ​បាប​វាយ​ជេរ​ យើង​ខ្លាំង​ណាស់ » ។ ស្រី​ក្រមុំ​និង​ស្រី​ប្ដី​ស្លាប់​អង្វរ​ទៅ​វិញ​ថា «កុំ​ធ្វើ​បាប​ប្ដី​របស់​ខ្លួន​ដូច្នោះ​មិន​ល្អ​ទេ » ។ ស្រី​សៅកែ​ និង​ស្រី​ប្ដី​លែង​ថា «ទោះ​បី​នាង​មិន​ចូល​គំនិត​នឹង​យើង ក៏​គង់​តែ​យើង​ប្ដឹង​អ្នក​ប៉ាវ​គង​ដែរ» ថា​ហើយ ស្រី​ទាំង​ពីរ​នាក់​នោះ​ប្ដឹង​អ្នក​ប៉ាវ​គង​តាម​ដំណើរ​ថា «ប្ដី​ខ្លួន​លួច​ក្ងោក​ស្ដេច​យក​សាច់​ស៊ី» គ្រាន់​តែ​ឮ​ដូច្នោះ​ភ្លាម ពួក​អ្នក​ប៉ាវ​គង ក៏​ចាប់​យក​បុរស​នោះ ទៅ​ថ្វាយ​ស្ដេច​ទូល​តាម​ដំណើរ ។ ស្ដេច​ឲ្យ​នាំ​បុរស​នោះ​ទៅ​ពិឃាដ , លុះ​ទៅ​ដល់​មាត់​ទ្វារ​វាំង អ្នក​ចាំ​ទ្វារ ពុំ​ព្រម​បើក​ទ្វារ សួរ​ថា «អ្នក​នាំ​មនុស្ស​ទោស​នេះ​មក តើ​បាន​ជំនុំ​ជម្រះ​ហើយ​ឬ​នៅ?» ហើយ​បាន​និយាយ​រឿង​មួយ​ប្រាប់​អ្នក​នាំ​ថា :

កាល​នោះ​មាន​សេដ្ឋី​ម្នាក់ ចិញ្ចឹម​ឆ្កែ ៥០០, វេលា​យប់​មួយ មាន​ចោរ​ជីក​ឧម្មង្គ​ចូល​ទៅ​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​នោះ ហើយ​ចូល​ទៅ​ក្នុង​ឧម្មង្គ​វិញ​ទាំង​អស់ ។ ឆ្កែ​របស់​សេដ្ឋី​ដឹង បាន​នាំ​គ្នា​វា​ទៅ​ខាំ​ចោរ​ក្នុង​ឧម្មង្គ​នោះ​ស្លាប់​ទាំង​អស់, លុះ​ព្រឹក​ឡើង​មហា​សេដ្ឋី ឃើញ​បាត់​ទ្រព្យ​សម្បត្តិ​ដូច្នោះ នឹក​ខឹង​នឹង​ឆ្កែ​ថា «មិន​ចេះ​ចាំ​របស់ ក៏​ឲ្យ​គេ​សម្លាប់​ឆ្កែ​ទាំង​នោះ​ចោល​អស់​ទៅ» លុះ​ធំ​អសោចិ៍​ខ្មោច​ចោរ​ឡើង​ទៅ​មើល​ឃើញ​ចោរ​ស្លាប់​ដូច្នោះ ក៏​នឹក​ស្ដាយ​ក្រោយ ។

កំពុង​តែ​និយាយ ឃើញ​បម្រើ​ស្ដេច ដែល​ទ្រង់​ព្រះ​រាជ​បញ្ជា ឲ្យ​ទៅ​យក​បុរស​នោះ​មក​ជំនុំ​ជម្រះ​វិញ ។ លុះ​ស្ដេច​សួរ​បុរស​នោះ ពី​រឿង​សម្លាប់​ក្ងោក​មាស, បុរស​ក្រាប​ទូល​ថា​ក្ងោក​នោះ ទូល​ព្រះ​បង្គំ​មិន​បាន​សម្លាប់​ទេ គឺ​បាន​ទុក​នៅ​កន្លែង​មួយ​ដោយ​ល្អ , ឯ​សត្វ​ដែល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សម្លាប់ ទទួល​ព្រះ​រាជ​ទាន​នោះ​គឺ​មាន់​គក​ទេ » ។ ស្ដេច​ទ្រង់​ឲ្យ​ទៅ​យក​ក្ងោក​នោះ​មក​វិញ ហើយ​ទ្រង់​លើក​លែង​ទោស​បុរស​នោះ ។ ឯ​ស្រី​ទាំង​ពីរ​នាក់​ដែល​ប្ដឹង​ពី​បុរស​ជា​ប្ដី ថា​សម្លាប់​ក្ងោក​នោះ ត្រូវ​បុរស​ជា​ប្ដី​នោះ​លែង​ចោល​ទៅ ។

ចង់​ដឹង​ផល​ពិត ត្រូវ​ពិនិត្យ​រក​ហេតុ