ប្រជុំរឿងព្រេងខ្មែរ/ភាគទី១/31


៣១- រឿង​ បុរសជីកក្ដាម




និទាន ១ ថា : មាន​បុរស​ប្ដី​ប្រពន្ធ មាន​កូន​ប្រុស​មួយ កូន​នោះ​អាយុ​បាន ១២ ឆ្នាំ មាតា​ស្លាប់​ទៅ នៅ​តែ​ឪពុក​ពោះម៉ាយ ។ ឪពុក​ក៏​ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ​ៗ ក្រោយ​មក ឪពុក​អនិច្ចកម្ម​ទៅ​ទៀត នៅ​តែ​កូន​ម្នាក់​ឯង​រក្សា​ផ្ទះ​សំបែង ។ ឪពុក​ស្លាប់​ទៅ​បាន ៥​ថ្ងៃ​ក៏​មក​ពន្យល់​សប្ដិ​ថា «កូន​ឯង​ក្រ​លំបាក​ណាស់ យើង​ជា​ឪពុក​គ្មាន​របស់​អ្វី​នឹង​ឲ្យ​ទេ ដូច្នេះ​ឲ្យ​កូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា នា​ទិស​ឦសាន​ផ្ទះ​យើង យក​ទៅ​លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ចុះ វេលា​ព្រឹក ថ្ងៃ​រះ​ឡើង​កាល​ណា ឲ្យ​កូន​ទៅ​ជីក​យក​រាល់​ថ្ងៃ​កុំ​ខាន » ។

លុះ​ភ្លឺ​ច្បាស់ កូន​នោះ​ភ្ញាក់​ឡើង ចាំ​ជាក់​នូវ​និមិត្ត​សព្វ​គ្រប់ ក៏​ចាប់​យក​ចប​ដើរ​តម្រង់​ទៅ​ខ្ទម​អ្នកតា ជីក​ទៅ​ឃើញ​ក្ដាម​មួយ​ប្រាកដ​មែន រួច​យក​ក្ដាម​នោះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សារ​ៗ ក៏​ទិញ​យក ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​វិញ ។

ថ្ងៃ​ក្រោយ​វេលា​ព្រឹក បុរស​ទៅ​ជីក​ក្ដាម​នៅ​កន្លែង​ដដែល​នោះ បាន​ក្ដាម​មួយ​យក​ទៅ​លក់​ឲ្យ​អ្នក​ផ្សារ គេ​ក៏​ទិញ​យក​ទៅ​ទៀត ។ បុរស​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ។

នៅ​ទី​នោះ មាន​មហា​សេដ្ឋី​ម្នាក់​មាន​កូន​ស្រី​ក្រមុំ​ច្រើន កូន​ស្រី​បង​ៗ​ទាំង​ប៉ុន្មាន មហា​សេដ្ឋី​រៀប​ឲ្យ​មាន​ប្ដី​អស់ នៅ​តែ​កូន​ស្រី​ពៅ​ម្នាក់ ឈ្មោះ​នាង​ពៅ​ប្រកែក​មិន​ព្រម​យក​ប្ដី សូម្បី​មហា​សេដ្ឋី​ជា​ឪពុក​ម្ដាយ បង្ខំ​ឲ្យ​មាន​ប្ដី​ម្ដេច​ម្ដា ក៏​នាង​មិន​ព្រម ។

រី​ឯ​បុរស​នោះ លុះ​ថ្ងៃ​ក្រោយ ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​បាន​មួយ​ទៀត ហើយ​កាន់​យក​ទៅ​លក់ ។ នាង​ពៅ កូន​ក្រមុំ​មហា​សេដ្ឋី​បាន​ឃើញ​ ក៏​ហៅ​មក​សួរ​ថា « អ្នក​កំឡោះ យួរ​ក្ដាម​ទៅ​ណា ? » ។ បុរស​នោះ​ជម្រាប​ថា « ខ្ញុំ​យក​ទៅ​លក់ » ។ នាង​ពៅ​ក៏​ទិញ​យក ហើយ​នាង​ប្រាប់​ថា « ពី​ថ្ងៃ​នេះ​ទៅ បើ​អ្នក​បាន​ក្ដាម កុំ​លក់​ឲ្យ​អ្នក​ណា ត្រូវ​អ្នក​យក​មក​លក់​ឲ្យ​ខ្ញុំ រាល់​ថ្ងៃ​កុំ​ខាន » ។ ដែល​ទៅ​ជា​យ៉ាង​នេះ ដោយ​នាង​នោះ​មាន​ចិត្ត​ប្រតិព័ទ្ធ​នឹង​បុរស​នោះ​ណាស់​ តែ​អ្នក​នោះ​មិន​ដឹង​ខ្លួន​ទេ ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​បុរស​នោះ ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​បាន​ទៀត រួច​យក​មក​លក់​ឲ្យ​តែ​នាង​ពៅ​នោះ​រាល់​ៗ​ថ្ងៃ ។ នាង​ពៅ​ក៏​ចេះ​តែ​ទទួល​ទិញ​យក​ក្ដាម​មិន​ដែល​ខាន ហើយ​មាន​ចិត្ត​រឹត​តែ​ស្រឡាញ់​បុរស​នោះ​ខ្លាំង​ឡើង ក៏​ធ្វើ​ឫកពា​កិរិយា​ឲ្យ​បុរស​នោះ​ដឹង ។ បុរស​នោះ​ដឹង​ជាក់​ថា « នាង​នោះ​ស្រឡាញ់​ខ្លួន​ប្រាកដ » តែ​ដោយ​ពិចារណា​ថា​ សព្វ​ថ្ងៃ​នេះ​ខ្លួន​ជា​អ្នក​ក្រីក្រ​លំបាក​ណាស់ ហើយ​កំព្រា​ផង ក៏​មិន​ហ៊ាន​និយាយ​ថា​ម្ដេច​ឡើយ ។

ចំណែក​បង​ស្រី​ៗ​ប៉ុន្មាន​នាក់ បាន​ឃើញ​នាង​ពៅ​ជា​ប្អូន ធ្វើ​ឫកពា​កិរិយា​ស្រឡាញ់​បុរស​លក់​ក្ដាម​នោះ​ពន់​ពេក ក៏​នាំ​គ្នា​ទៅ​ជម្រាប​មហា​សេដ្ឋី​ជា​មាតា​បិតា « នាង​ពៅ​ជា​ប្អូន ធ្វើ​ឫកពា​ស្រឡាញ់​បុរស​ជីក​ក្ដាម​នោះ​ក្រៃ​ពេក បុរស​នោះ​បាន​ក្ដាម​យក​មក​លក់​ឲ្យ​តែ​នាង​ពៅ ឯ​នាង​ពៅ​ចេះ​តែ​ទទួល​ទិញ​រាល់​តែ​ថ្ងៃ រួច​ធ្វើ​ឫកពា​កិរិយា​ស្រឡាញ់​បុរស​នោះ​ណាស់ ទោះ​បី​ខ្ញុំ​ទាំង​អស់​គ្នា និយាយ​ទូន្មាន​ដូចម្ដេច ក៏​មិន​ស្ដាប់​មិន​តាម រឹត​តែ​ធ្វើ​ខ្លាំង » ។ សេដ្ឋី​ជា​បិតា​មាតា ឮ​ដូច្នោះ​ខឹង​ច្រឡោត​ឲ្យ​ហៅ​នាង​ពៅ​មក​ជេរ​បន្ទោស ត្មះ​តិះដៀល​ថា «ហង​នេះ ជា​មនុស្ស​រឹង​ត្អឹង​ទទឹង​នឹង​ចិត្ត​មាតា​បិតា អញ​ឲ្យ​មាន​ប្ដី​ទៅ​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ ហង​ឯង​ប្រកែក​មិន​ព្រម​យក ឥឡូវ​ហង​ស្រឡាញ់​អា​មនុស្ស​កម្សត់​លក់​តែ​ក្ដាម​វិញ ហង​ឯង​នេះ​អាក្រក់​ណាស់ ចុះ​ចេញ​ពី​ផ្ទះ​អញ​ឲ្យ​ឆាប់​​ទៅ​យក​អា​កម្សត់​លក់​ក្ដាម​នោះ​ចុះ, ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហង​ឯង កុំ​មក​ឡើង​ផ្ទះ​អញ សូម្បី​តែ​ក្នុង​ភូមិ​ក៏​ចូល​មិន​បាន អញ​កាត់​ចោល​ហើយ » ។ ចំណែក​មាតា​កាត់​ចិត្ត​មិន​ដាច់​ពី​កូន​ពៅ ក៏​លប​វេច​របស់​ស្រាល​ៗ ដែល​មាន​តម្លៃ​ឲ្យ​នាង​ពៅ​ជា​កូន ។ នាង​ពៅ​ក៏​សំពះ​លា​មាតា​យក​បង្វេច​ដែល​មាតា​ឲ្យ​នោះ ចុះ​ចេញ​ពី​ផ្ទះ សំដៅ​ទៅ​ផ្ទះ​បុរស​លក់​ក្ដាម និយាយ​ពី​រឿង​ដែល​បិតា​ខឹង​បណ្ដេញ​សព្វ​គ្រប់ ប្រាប់​បុរស​នោះ​ៗ បាន​ស្ដាប់​ហើយ ឆ្លើយ​តប​ថា « សព្វ​ថ្ងៃ ខ្លួន​ខ្ញុំ​នេះ​ក្រី​ក្រ​ជា​ទី​បំផុត ហើយ​កំព្រា​តែ​ម្នាក់​ឯង​ផង នាង​ត្រឡប់​ទៅ​វិញ​ចុះ​ខ្ញុំ​មិន​ហ៊ាន​ទទួល​យក​នាង​ទេ ខ្ញុំ​ខ្លាច​មហា​សេដ្ឋី​ជា​បិតា​នាង​ចាប់​ទោស យក​ខ្ញុំ​ទៅ​សម្លាប់» ។ នាង​ពៅ​តប​ថា «ខ្ញុំ​មិន​ទៅ​វិញ​ទេ ស៊ូ​ស្លាប់​នឹង​អ្នក​ហើយ ! » ។ បុរស​នោះ​សួរ​ថា « បើ​ដូច្នេះ យើង​គិត​ដូចម្ដេច ? » ។ នាង​ពៅ​ឆ្លើយ​ថា « បើ​អ្នក​គិត​ឃើញ​យ៉ាង​ណា ខ្ញុំ​ទទួល​ធ្វើ​តាម​យ៉ាង​នោះ​ទាំង​អស់ » ។

បុរស​នោះ នាំ​នាង​ពៅ​ចេញ​ចោល​ផ្ទះ ទៅ​នៅ​ស្រុក​ក្រៅ ហើយ​ធ្វើ​ផ្ទះ ១ ខ្នង​សម្រាប់ លុះ​ព្រឹក​ឡើង​មក​ជីក​ក្ដាម​នៅ​ទី​ដដែល យក​ទៅ​លក់​ដូច​ថ្ងៃ​មុន​ទៀត បាន​ប្រាក់​ហើយ​ទិញ​វត្ថុ​ផ្សេង​ៗ​ផ្ញើ​ប្រពន្ធ ហើយ​ប្រព្រឹត្ត​យ៉ាង​នេះ​ជា​ច្រើន​ថ្ងៃ ។ ហេតុ​តែ​ជា​ស្រី​គ្រប់​លក្ខណ៍​នាង​ពៅ​នោះ ក៏​ប្រណិប័តន៍​ប្ដី​មិន​ឲ្យ​ទាស់​ចិត្ត វេលា​យប់​ចូល​ដំណេក​នាង​ពៅ​និយាយ​នឹង​ប្ដី​ថា «ខ្ញុំ​សូម​ចិត្ត​ប្ដី ! តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ សូម​អ្នក​កុំ​ទៅ​ជីក​ក្ដាម​ទៀត​ឡើយ ព្រោះ​ប្រាក់​កាស​យើង​មាន​ច្រើន​ហើយ បើ​អ្នក​ចង់​ទិញ​របស់​អ្វី​ៗ ក៏​ទិញ​តាម​ចិត្ត​អ្នក​ចុះ » ។ ប្ដី​មិន​ព្រម​តាម ។

លុះ​ព្រឹក​ឡើង ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត ។ ប្រពន្ធ​ឃើញ​ដូច្នោះ​ក៏​លប​ដើរ​តាម​ទៅ​មើល​ដល់​ទី​កន្លែង ឲ្យ​ឃើញ​ច្បាស់​មិន​ឲ្យ​ដឹង លុះ​ឃើញ​ច្បាស់​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ ចំណែក​ប្ដី​ជីក​បាន​ក្ដាម​ហើយ​យក​ទៅ​លក់ រួច​ទិញ​ម្ហូប​ចំណី​ផ្ញើ​ប្រពន្ធ ។

ថ្ងៃ​ក្រោយ ប្ដី​ទៅ​កាប់​ឧស​ក្នុង​ព្រៃ​ឆ្ងាយ នាង​ពៅ​បាន​ឃើញ​ប្ដី​ទៅ​រក​ឧស ក៏​កាន់​ចប​ទៅ​ជីក​រំលើង នៅ​ទី​កន្លែង​ដែល​ប្ដី​ជីក​ក្ដាម​នោះ​អស់ រួច​ត្រឡប់​មក​ផ្ទះ​ដាំ​បាយ​ធ្វើ​ម្ហូប​ចំណី​ទុក​ឲ្យ​ប្ដី​បរិភោគ , ថ្ងៃ​ល្ងាច​ត្រជាក់ ប្ដី​មក​ពី​ព្រៃ ក៏​បរិភោគ​បាយ​ជា​មួយ​គ្នា ។

លុះ​ព្រឹក​ឡើង ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត ឃើញ​ទី​កន្លែង​ដី​នោះ​ធ្លុះ​ធ្លាយ​រលើង​រលុះ​ខ្ចាត់​ខ្ចាយ​អស់ ហើយ​បាន​ឃើញ​សំបក​ក្ដាម​មួយ​ធំ​ប្លែក​ស្ងួត​ស្អាត ដូច​ជា​ហាល​ថ្ងៃ​យូរ​ហើយ អ្នក​នោះ ក៏​កាន់​សំបក​ក្ដាម​យក​មក​ទុក​ក្រោម​ផ្ទះ មិន​បាន​ប្រាប់​ភរិយា​ឲ្យ​ដឹង​ទេ ភរិយា​ក៏​សួរ​ប្ដី​ថា​ដូចម្ដេច​ឡើយ ។ ដល់​វេលា​យប់​ចូល​ដំណេក នាង​ពៅ​កាន់​ប្រាក់​របូត​ពី​ដៃ​ជ្រុះ​មួយ​ណែន​ទៅ​ក្រោម​ផ្ទះ ធ្លាក់​ទៅ​លើ​សំបក​ក្ដាម​នោះ នាង​មិន​ហ៊ាន​ប្រាប់​ឲ្យ​ប្ដី​ដឹង ដោយ​គិត​ថា « ចាំ​ព្រឹក​ភ្លឺ​ច្បាស់​ឡើង សឹម​ចុះ​ទៅ​យក​ប្រាក់​មក​ទុក​វិញ» ។ លុះ​ព្រឹក​ឡើង នាង​ចុះ​ពី​ផ្ទះ​ទៅ​យក​ប្រាក់​មួយ​ណែន​ដែល​ធ្លាក់​នោះ ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សំបក​ក្ដាម នាង​អរ​ណាស់​ យក​មក​ឲ្យ​ប្ដី​ៗ​សួរ​ថា « នាង​បាន​ប្រាក់​ពី​ណា​ច្រើន​ម្ល៉េះ ? ។ នាង​ពៅ​ជម្រាប​ប្ដី​ថា « កាល​ពី​យប់​មិញ ខ្ញុំ​កាន់​ប្រាក់​ដើម្បី​យក​ទៅ​ទុក​ខាង​ក្នុង ក៏​របូត​មួយ​ណែន​ពី​ដៃ ធ្លាក់​ទៅ​ក្រោម​ផ្ទះ ខ្ញុំ​ពុំ​បាន​ចុះ​ទៅ​យក ពី​ព្រោះ​គិត​ឃើញ​ថា «ផ្ទះ​នៅ​ឆ្ងាយ​ពី​គេ គ្មាន​នរណា​ដឹង​ឬ​ឃើញ ចាំ​ព្រឹក​ភ្លឺ​ច្បាស់​សឹម​ចុះ​ទៅ​យក​មក​ទុក ខ្ញុំ​ចុះ​ទៅ​យក​ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សំបក​ក្ដាម ខ្ញុំ​ក៏​យក​មក​ជូន​អ្នក​»។ ប្ដី​មាន​អំណរ​ពន់​ប្រមាណ ហើយ​និយាយ​ប្រាប់​ប្រពន្ធ​ថា «ពី​ថ្ងៃ​នេះ​តទៅ បង​ឈប់​ជីក​ក្ដាម​ហើយ » ។ ប្រពន្ធ​អរ​ណាស់ រាល់​តែ​វេលា​យប់​ អ្នក​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទម្លាក់​ប្រាក់​ទៅ​ចំ​សំបក​ក្ដាម​ធំ ព្រឹក​ឡើង​ចុះ​ទៅ​មើល ឃើញ​ប្រាក់​ពេញ​សំបក​ក្ដាម​នោះ ក៏​យក​មក​ទុក​រៀង​រាល់​ថ្ងៃ ទើប​ទម្លាក់​ប្រាក់​រៀល ព្រឹក​ឡើង​ឃើញ​ប្រាក់​រៀល ទើប​ទម្លាក់​​ប្រាក់​ណែន ព្រឹក​ឡើង​ឃើញ​ប្រាក់​ណែន​​ទើប​ទម្លាក់​គ្រឿង​មាស​ពេជ្រ ព្រឹក​ឡើង​ឃើញ​គ្រឿង​មាស​ពេជ្រ ពេញ​សំបក​ក្ដាម ។ អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​យ៉ាង​នេះ​ចំនួន​មួយ​ឆ្នាំ​មាន​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ប្រើ​ប្រាស់ ច្រើន​ណាស់​រាប់​មិន​អស់ ទើប​ប្រឹក្សា​គ្នា​ថា «យើង​មាន​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ច្រើន​ម្ល៉េះ តើ​យើង​បាន​អ្វី​នឹង​ទុក​របស់​ទាំង​អស់​នេះ ?» លុះ​គិត​ឃើញ ក៏​នាំ​គ្នា​យក​ប្រាក់ និង​គ្រឿង​មាស​ពេជ្រ​ទាំង​អស់​ទៅ​ជីក​កប់​ទុក​ច្រើន​អន្លើ ។

ក្រោយ​ពី​នោះ​មក​ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​សួរ​មហា​សេដ្ឋី​ជា​មាតា​បិតា ទៅ​ដល់​បង​ស្រី​ទាំង​អស់​បាន​ឃើញ​ជេរ​ថា «មេ​ចោរ​ចង្រៃ​ឯង នាំ​ប្ដី​កម្សត់​លក់​តែ​ក្ដាម​មក​រក​អ្វី ? ហង​ឯង​បាន​ឮ​ឬ​ទេ លោក​ឪពុក​បណ្ដេញ​កាត់​កាល់​ចោល​ហើយ សូម្បី​តែ​ក្នុង​ភូមិ ក៏​លោក​ហាម​មិន​ឲ្យ​ចូល​ដែរ ? មេ​ចង្រៃ​ឯង​ចេញ​ពី​ភូមិ​ឲ្យ​ឆាប់ >> ។ នាង​ពៅ​ឆ្លើយ​ថា « បង​ទាំង​អស់​កុំ​មើល​ងាយ​ខ្ញុំ​ៗ​មក​នេះ​ដើម្បី​សួរ​មាតា​បិតា​​ព្រោះ​លោក​មាន​គុណ​លើ​ខ្ញុំ​ៗ មិន​មក​សុំ​ទ្រព្យ​សម្បត្តិ​លោក​ទេ, សម្បត្តិ​បង​ឯង​ទាំង​អស់ ក៏​ខ្ញុំ​មិន​សុំ​ដែរ ខ្ញុំ​មើល​ទៅ​ទ្រព្យ​សម្បត្តិ​បង​ទាំង​អស់​មាន​ប៉ុណ្ណោះ ខ្ញុំ​មិន​កោត មិន​ព្រឺ​ឡើយ សូម្បី​តែ​រោម​ជើង​ខ្ញុំ​ ក៏​វា​មិន​ព្រឺ​ផង >> ។

បង​ទាំង​អស់​ខឹង​ណាស់​ ជេរ​ប្រទេច​ថា «ហង​ឯង​នេះ​អួត​ណាស់ អញ​មិន​ជឿ​ទេ» ។ នាង​ពៅ​ថា «បើ​មិន​ជឿ ភ្នាល់​គ្នា​ចុះ» ។ បង​ទាំង​នោះ​ថា «ភ្នាល់​ដូចម្ដេច?»។ នាង​ពៅ​ថា «ឲ្យ​បង​ទាំង​អស់​រាប់​ប្រាក់​ខ្ញុំ​មើល ឲ្យ​អស់​ក្នុង​មួយ​ថ្ងៃ បើ​រាប់​អស់ ខ្ញុំ​បែង​ចែក​ឲ្យ​រាល់​គ្នា បើ​រាប់​មិន​អស់ ខ្ញុំ​មិន​ឲ្យ​ទេ តែ​ខ្ញុំ​យល់​ថា កុំ​ថា​ឡើយ​រាប់​មួយ​ថ្ងៃ ទោះ​ជា​រាប់​ពីរ​ឬ​បី​ថ្ងៃ ក៏​មិន​អស់​ដែរ» ។ បង​ទាំង​នោះ​ឆ្លើយ​ថា «អញ​ព្រម​ទៅ​រាប់ តែ​ហង​កុំ​កុហក អញ​វាយ​ហង​សម្លាប់ » ។ នាង​ពៅ​ប្រាប់​ថា « តាម​ចិត្ត » ។ បង​ៗ​នាំ​គ្នា​ទៅ​រាប់​ប្រាក់​នាង​ពៅ រាប់​តាំង​ពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​អស់ នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ជម្រាប​សេដ្ឋី​ជា​មាតា​បិតា​ថា «នាង​ពៅ​ជា​ប្អូន​វា​អួត​ថា​ខ្លួន​វា​មាន​ប្រាក់​ច្រើន ខ្ញុំ​ទាំង​អស់​គ្នា​មិន​ជឿ ហើយ​វា​ថា​បើ​មិន​ជឿ ឲ្យ​ទៅ​មើល​ឯ​ផ្ទះ​វា​ចុះ ខ្ញុំ​ទាំង​អស់​គ្នា​ក៏​ទៅ​មើល ឃើញ​វា​មាន​ប្រាក់​ច្រើន​មែន ក៏​ភ្នាល់​នឹង​វា​ៗ​ថា បើ​ខ្ញុំ​ទាំង​អស់​គ្នា​រាប់​ប្រាក់​វា​អស់​ក្នុង​មួយ​ថ្ងៃ វា​នឹង​ឲ្យ​ខ្ញុំ​យក​ចែក​គ្នា​ចុះ​ បើ​រាប់​មិន​អស់​វា​មិន​ឲ្យ​ទេ ទោះ​ខ្ញុំ​ទាំង​អស់​គ្នា ចាប់​រាប់​តាំង​ពី​ព្រឹក​ទាល់​ល្ងាច ក៏​មិន​អស់​ប្រាក់​វា បាន​ជា​ត្រឡប់​មក​ជម្រាប​មាតា​បិតា​សូម​ជ្រាប» ។ មហា​សេដ្ឋី​បាន​ស្ដាប់ ក៏​ចាត់​ក្រម​ការ​ឲ្យ​ទៅ​មើល​ប្រាក់​នាង​ពៅ​ឲ្យ​ជាក់​ច្បាស់ ។ នាង​ពៅ​ក៏​នាំ​ទៅ​មើល​គ្រប់​កន្លែង ។ ក្រម​ការ​ទាំង​នោះ​បាន​ឃើញ​ប្រាក់​នាង​ពៅ មាន​ច្រើន​ប្រាកដ​មែន ក៏​ត្រឡប់​មក​ជម្រាប​មហា​សេដ្ឋី​តាម​ដំណើរ​សព្វ​គ្រប់ ។ មហា​សេដ្ឋី​បាន​ជ្រាប​មាន​ចិត្ត​ត្រេកអរ​ណាស់​ក៏​ចាត់​បម្រើ​ឲ្យ​ទៅ​ហៅ​នាង​ពៅ និង​កូន​ប្រសា​មក​ប្រាប់​ថា «កូន​ឯង​មក​នៅ​ជា​មួយ​នឹង​មាតា​បិតា​វិញ​ចុះ» ទើប​មហា​សេដ្ឋី​បង្គាប់​ក្រមការ​ឲ្យ​កេណ្ឌ​រទេះ​ក្របី​គោ​ជា​ច្រើន ទៅ​ដឹក​ជញ្ជូន​ប្រាក់​និង​ទ្រព្យ​សម្បត្តិ​នាង​ពៅ យក​មក​ទាំង​អស់ ដាក់​លើ​ផ្ទះ​ពាស​ពេញ​ល្វែង ។ មហា​សេដ្ឋី​ឃើញ​ប្រាក់​នាង​ពៅ​ច្រើន​មែន មាន​អំណរ​ពន់​ប្រមាណ ក៏​សរសើរ​ថា « កូន​អញ​នេះ​ពេញ​ជា​មាន​បុណ្យ អំណឹះ​ត​ទៅ​កូន​ទាំង​ពីរ​នឹង​បាន​ធ្វើ​ជា​សេដ្ឋី​ដំណ​វង្ស​ពុំ​ខាន ឯ​ការណ៍​ដែល​បិតា​ខឹង​បណ្ដេញ​កូន​នោះ អ្នក​កុំ​ប្រកាន់​ខឹង​នឹង​បិតា » ។ នាង​ពៅ​និង​ប្ដី​ក៏​នៅ​ផ្ទះ​ជា​មួយ​មាតា​បិតា​ដូច​ដើម​វិញ ។ ចំណែក​បង​ស្រី​ទាំង​ប៉ុន្មាន​ក៏​កោត​ខ្លាច​នាង​ពៅ និង​ប្អូន​ថ្លៃ​នោះ​ណាស់ ។ លុះ​មហា​សេដ្ឋី​ជា​បិតា​ទទួល​មរណភាព​ទៅ​វេលា​ណា ប្ដី​នោះ​និង​នាង​ពៅ​ភរិយា ក៏​បាន​ឡើង​ធ្វើ​ជា​សេដ្ឋី​ជំនួស​បិតា​ត​ទៅ ។

ឈើ​ពុក កុំ​ដាក់​គូថ​អង្គុយ