ប្រជុំរឿងព្រេងខ្មែរ/ភាគទី១/33


៣៣- រឿង​ តាចន្ទ័រំលៀក




មាន​រឿង​មួយ​ដំណាល​ថា : កាល​នោះ មាន​ព្រៃ​មួយ​ធំ​មាន​ខ្លា​សាហាវ តែង​ខាំ​មនុស្ស​ជា​ច្រើន នឹង​ចូល​ទៅ​រក​បោច​ផ្ដៅ​វល្លិ​ពុំ​បាន ។ គ្រា​ដែល​តា​ចន្ទ​គាត់​ចូល​ទៅ​បោច​វល្លិ​ក្នុង​ព្រៃ​នោះ ខ្លា​វា​លប​ចេញ​ពី​ក្នុង​ព្រៃ ប៉ង​នឹង​ខាំ​តា​ចន្ទ​ដែល​ចូល​ទៅ​បោច​វល្លិ ។ តា​ចន្ទ​ឃើញ​វា​មុន ហើយ​គាត់​រក​ពុទ្ធោ​ថា

ឱ ! ពុទ្ធោ​ៗ អើយ ! ឆ្នាំ​នេះ​ឆ្នាំ​ខាល ទឹក​បែក​ពាស​វាល ស្លាប់​ខ្លា​ដំរីស្លាប់​អស់​បក្សា ម្រឹគា​បក្សី ស្លាប់​ខ្លា​ដំរីគ្មាន​គង់​តូច​មួយ ។

ផ្ដៅ​អញ​នេះ​ អា​ណា​វែង​ៗ អញ​ព្យួរ​កូន​ចៅ អា​ណា​ខ្លី​ៗ អញ​ព្យួរ​ត្បាល់​អង្រែ ឱ​សត្វ​ទាំង​ឡាយ​អើយ ! ក្នុង​ឆ្នាំ​ខាល​នេះ នឹង​ស្លាប់​អស់​ហើយ​ គ្មាន​គង់​ទេ ។

តា​ចន្ទ​និយាយ​រក​ពុទ្ធោ​យ៉ាង​នេះ​ជា​ច្រើន​ដង ខ្លា​ស្ដាប់​បាន​ឮ​ច្បាស់ គិត​ថា «គួរ​អញ​សួរ​តា​នេះ​ចង់​ដឹង​មើល» ។ ទើប​ខ្លា​សួរ​ទៅ​តា​ចន្ទ​វិញ​ថា «តា​អើយ​តា ! ក្នុង​ឆ្នាំ​ខាល​នេះ​ទឹក​ធំ​មែន​ឬ? » ។ តា​ចន្ទ ធ្វើ​ភ្ញាក់​និយាយ​ទៅ​នឹង​ខ្លា​ថា «ឱ ! ចៅ ! ឆ្នាំ​នេះ​ទឹក​ធំ​ណាស់ បាន​ជា​តា​ភ័យ​នឹង​កូន​ចៅ ទើប​តា​រក​ផ្ដៅ ដើម្បី​ចង​ព្យួរ​កូន​ចៅ​ឲ្យ​ផុត​ពី​ទឹក » ។ ខ្លា​ក៏​មាន​ចិត្ត​ភិត​ភ័យ​នឹង​ពាក្យ​តា​ចន្ទ, គិត​ខ្លាច​ស្លាប់ ក៏​ចូល​មក​ជិត ហើយ​និយាយ​នឹង​តា​ចន្ទ​ថា « តា​អើយ អាណិត​ចង​ព្យួរ​ខ្ញុំ​ ឲ្យ​ផុត​ពី​ទឹក​ផង​បាន​ឬ​ទេ ? » ។ តា​ចន្ទ​ឆ្លើយ​ថា « បាន​ មិន​អី​ទេ​ចៅ ! អង្គុយ​មក​ចាំ​តា​នៅ​ទី​នេះ​សិន​ចុះ » ។ ខ្លា​ក៏​ចូល​មក​អង្គុយ​ចាំ ។ លុះ​តា​ចន្ទ​បោច​វល្លិ​ផ្ដៅ​បាន ក៏​ត្រកួញ​ធ្វើ​ជា​រំងក ហើយ​ចូល​ទៅ​ចង​ចង្កេះ​ខ្លា ។ តា​ចន្ទ​កាន់​គល់​ផ្ដៅ​ឡើង​ទៅ​លើ​ដើម​ឈើ​ខ្ពស់​ហើយ​បង្គាប់​ខ្លា​ឲ្យ​លោត​ឡើង ។ តា​ចន្ទ​ក៏​ស្រាវ​ទាញ​ឡើង​ឲ្យ​ផុត​ជើង​ខ្លា​ពី​ដី រួច​គាត់​ចុះ​មក​វិញ ។ ខ្លា​សួរ​ថា «តា!ប៉ុណ្ណេះ​ផុត​ពី​ទឹក​ហើយ​ឬ​អ្វី ?» ។ តា​ចន្ទ​ឆ្លើយ​ថា «ផុត​ហើយ​ចៅ ! ។ តា​ចន្ទ​ក៏​កាន់​កាំបិត​ទៅ​កាប់​ឈើ​ជា​ដំបូង ។ ខ្លា​ឃើញ​សួ​ថា «តា ! តា​កាប់​ដំបង​ធ្វើ​អ្វី ?» ។ តា​ចន្ទ​ថា «កាប់​យក​ទៅ​ផ្ទះ ក្រែង​ប្រទះ​នឹង​សត្វ​ឯ​ទៀត វា​ប្រមាទ​តា » ។ ខ្លា​ឆ្លើយ​ថា «គ្មាន​ខ្លា​ឯ​ណា​ទេ​តា ! មាន​តែ​ខ្ញុំ​នេះ​ឯង តែង​តែ​ខាំ​គេ​រាល់​ថ្ងៃ» ។ តា​ចន្ទ​ដឹង​ថា «ឱ ! អា​នេះ​ជា​សត្វ​កាច បើ​ដូច្នេះ អញ​នឹង​វាយ​ឲ្យ​អស់​ចិត្ត​ក្នុង​គ្រា​នេះ » ។ ទើប​តា​ចន្ទ​កាន់​ដំបង​ចូល​ទៅ​ដល់​ខ្លា​ថា «ចៅ​នៅ​ឲ្យ​ស្ងៀម​តា​នឹង​មើល​ចំណង​ឲ្យ ក្រែង​វា​របូត​លង់​ទឹក​ស្លាប់» ។ ខ្លា​ក៏​នៅ​ស្ងៀម ទើប​តា​ចន្ទ​លើក​ដំបង​វាយ​ខ្លា​ៗ ក៏​ប្រឹង​រើ​បម្រះ ស្រែក​រោទ៍ រលាក​រលួត​ស្បែក​ហើម​ខ្លួន​ជា​ខ្លាំង មុខ​គួរ​វេទនា ហើយ​ខ្លា​ក៏​ប្រឹង​រើ​បម្រះ ក្រឡះ​ខាំ​ខ្សែ​ផ្ដៅ​ដាច់ គេច​រត់​ទៅ ។ តា​ចន្ទ ក៏​វិល​ទៅ​ខ្ទម​ចាំ​ស្រែ​វិញ ។ និយាយ​ពី​ខ្លា​ដែល​រត់​រួច​ទៅ​នោះ បាន​ទៅ​ជួប​នឹង​ដំរី​មួយ ដំរី​ឃើញ​ខ្លា​បោល ក៏​ស្រែក​សួរ​ថា «បង​ខ្លា​ឯង​ភ័យ​នឹង​អ្វី ក៏​បាន​ជា​បោល​មិន​មើល​ក្រោយ​សោះ» ។ ខ្លា​ប្រាប់​ទៅ​ដំរី​វិញ​ថា «បង​អើយ ! អា​ចន្ទ​រំលៀក បញ្ឆោត​វាយ​ខ្ញុំ​ហើម​ខ្លួន​អស់ » ។ ដំរី​សួរ​ថា «អា​ចន្ទ​រំលៀក​នោះ​នៅ​ឯ​ណា?» ។ ខ្លា​ប្រាប់​ថា «វា​ធ្វើ​ស្រែ​នៅ​មាត់​បឹង​ឯ​នោះ ។ ដំរី​ថា «អញ​នឹង​ព្រេច​ឲ្យ​វា​ល្អិត កុំ​ឲ្យ​វា​ធ្វើ​បាប​គេ» ។ ខ្លា​បោល​ហួស​ទៅ ដំរី​ក៏​ដើរ​រក​តា​ចន្ទ​នឹង​ព្រេច ជួប​នឹង​តា​ចន្ទ​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែ​ដំរី​មិន​ស្គាល់​សួរ​ថា «តា​ៗ​ស្គាល់​អា​ចន្ទ​រំលៀក​ដែរ​ឬ ?» ។ តា​ចន្ទ​សួរ​ដំរី​ថា «ចៅ​ឯង​សួរ​រក​គាត់​ធ្វើ​អ្វី ? ដំរី​ថា «ខ្ញុំ​ខឹង​ណាស់ វា​បញ្ឆោត​វាយ​ខ្លា​ហើម​ខ្លួន​អស់ » ។ តា​ចន្ទ​ឆ្លើយ​ថា «តា​ចន្ទ គាត់​នៅ​ខ្ទម​ស្រែ​ត្រើយ​ខាង​កើត​មាត់​បឹង, ហ្ន ! ខ្ទម​គាត់​ស​ៗ​នុះ​ឯង » ។ ដំរី​ថា «តា​អាណិត​ជូន​ខ្ញុំ​ទៅ បើ​ខ្ញុំ​ព្រេច​វា​ស្លាប់ បាន​របស់​អ្វី​ប៉ុន្មាន​ខ្ញុំ​ជូន​តា​ទាំង​អស់ » ។ តា​ចន្ទ​ឆ្លើយ​ថា «តា​អរ​ណាស់ ចៅ​អើយ ! ប៉ុន្តែ​ទឹក​បឹង​នេះ​ជ្រៅ​ណាស់ តា​ទៅ​មិន​រួច​ទេ» ។ ដំរី​ថា «បើ​ទឹក​ជ្រៅ តា​ជិះ​លើ​ក្បាល​ខ្ញុំ​មក» ។ តា​ចន្ទ​ឆ្លើយ​ថា «អើ​ បើ​ដូច្នោះ ទៅ​ក៏​ទៅ» ។ តា​ចន្ទ​ក៏​កាន់​កាំបិត​ព្រា​មួយ​ទៅ​ផង លុះ​ទៅ​បាន​ចម្ងាយ​មួយ​ស្រែ​តា​ចន្ទ ក៏​កាប់​ក្បាល​ដំរី ៣ –៤ កាំបិត មុត​ចេញ​ឈាម ។ ដំរី​ក៏​គេច​បោល​មក​វិញ ដល់​គោក​រលាស់​ទម្លាក់​តា​ចន្ទ ហើយ​ដំរី​ក៏​បោល​ទៅ​​ជួប​នឹង​ខ្លា​ឃ្មុំ​ៗ ស្រែក​សួរ​ថា «បង​ដំរី​បោល​អ្វី​ក៏​គ្មាន​មើល​ក្រោយ​សោះ» ។ ដំរី​ប្រាប់​ថា «បង​ខ្លា​ឃ្មុំ​អើយ ! អា​ចន្ទ​រំលៀក​បញ្ឆោត​កាប់​ក្បាល​ខ្ញុំ​ឈាម​អស់ » ។ ឯ​ខ្លា​ឃ្មុំ​ក៏​ជួយ​ខឹង​ដំរី ហើយ​សួរ​ទៅ​ដំរី​វិញ​ថា « អា​ចន្ទ​នោះ​ វា​នៅ​ឯ​ណា ?»» ។ ដំរី​ប្រាប់​ថា «វា​នៅ​ធ្វើ​ស្រែ​នៅ​មាត់​បឹង​ធំ​ឯ​នោះ » ។ ដំរី​ក៏​បោល​បាត់ ។ ខ្លា​ឃ្មុំ​ក៏​មាន​ចិត្ត​ខឹង​គុំកួន ប្រមាថ នឹង​ខាំ​បំបែក​ក្បាល​តា​ចន្ទ​ឲ្យ​ស្លាប់ ។ លុះ​ថ្ងៃ​ក្រោយ ខ្លា​ឃ្មុំ​ដើរ​ៗ​ទៅ ឃើញ​តា​ចន្ទ​ភ្ជួរ​ស្រែ​ពេល​ព្រឹក ។ ខ្លា​ឃ្មុំ​នឹក​ថា «នេះ​ហើយ តើ​អា​ចន្ទ​រំលៀក​នោះ ដូច្នេះ​អញ​ពួន​ចាំ​នៅ​នេះ​ចុះ ចាំ​វា​មក​ជិត អញ​លោត​ទៅ​ខាំ​វា​ឲ្យ​បាន» ។ ខ្លា​ឃ្មុំ​ក៏​ប្រាប់​ចាំ​នៅ​សំយាប​ព្រៃ ។ តា​ចន្ទ​មិន​ដឹង​ខ្លួន ។ តា​ចន្ទ​ភ្ជួរ​ស្រែ​យូរ ក្រឡេក​ទៅ​ខ្លា​ឃ្មុំ​ក្រោក​អើត​មើល​មក តា​ចន្ទ​ឃើញ​ខ្លា​ឃ្មុំ​អើត​ដូច្នោះ គាត់​គិត​ថា «សត្វ​នេះ វា​ចង់​មក​ប្រមាថ​ធ្វើ​ទុក្ខ​អញ​ទៀត​ហើយ » ។ តា​ចន្ទ​ប្រុង​ខ្លួន ហើយ​វាយ​ដេញ​ក្របី​ថា «ហី ! អា​នាង​ខំ​ទាញ​ឡើង តា​យក​ឃ្មុំ​ឲ្យ​ស៊ី ឃ្មុំ​តែ​ពីរ​សម្បុក កំពុង​ពេញ​ទឹក​ផ្អែម » ។ តា​ចន្ទ គាត់​ថា​យ៉ាង​នេះ​ជា​ច្រើន​ដង ។ ខ្លា​ឃ្មុំ​ឮ​ច្បាស់ ក៏​មាន​ចិត្ត​ចង់​ស៊ី​ឃ្មុំ ហើយ​ឆ្លើយ​មក​នឹង​តា​ថា « តា​ៗ ! ចែក​ខ្ញុំ​ស៊ី​ផង» ។ តា​ចន្ទ​ឆ្លើយ​ប្រាប់​ទៅ​ខ្លា​ឃ្មុំ​វិញ​ថា «ចៅ​អើយ ឃ្មុំ​តា​តែ​ពីរ​សម្បុក​ទេ ទុក​ឲ្យ​ក្របី​វា​ស៊ី​មួយ​ម្នាក់ សោះ​ញ័រ​ខ្លួន បើ​ចៅ​ចង់​ស៊ី ចូល​មក​និយាយ​គ្នា​សិន» ។ ខ្លា​ឃ្មុំ ក៏​ចូល​មក​អង្គុយ ។ តា​ចន្ទ​ថា «បើ​ចៅ​ចូល​ចិត្ត​ស៊ី​ដែរ នឹង​ឲ្យ​ស៊ី​ទាំង​អស់​តែ​ម្ដង​ទៅ ខ្លាច​ក្រែង​ក្របី​វា​ខឹង​​ព្រោះ​វា​ធ្លាប់​ស៊ី​ដែរ តែ​តា​គិត​ថា​ ចៅ​ឯង​ឲ្យ​តា​ទឹម​ភ្ជួរ​ស្រែ បាន​មួយ​ព្យាម​ចុះ តា​នឹង​ឲ្យ​ចៅ​ស៊ី​ទាំង​ពីរ​សម្បុក​តែ​ម្ដង ឯ​ក្របី​តា ឲ្យ​វា​អត់​សិន​ទៅ​ចុះ សឹម​រក​ទៀត» ។ ខ្លា​ឃ្មុំ​ស្ដាប់​ត្រូវ​ចិត្ត​នឹង​ចំណី​នោះ ព្រោះ​ត្រូវ​ចំណង់​របស់​ខ្លួន ក៏​អរ​ណាស់​ថា «បើ​ដូច្នេះ ឲ្យ​តា​ដោះ​ក្របី​ចេញ​ចុះ » ។ តា​ចន្ទ ក៏​ដោះ​ក្របី​ចេញ​មួយ​រំពេច ។ ខ្លា​ឃ្មុំ​ក៏​ចូល​ទៅ​ឲ្យ​តា​ចន្ទ​ទឹម ដាក់​ខ្សែ​ទាម​ចង​រឹត​រួច​ស្រេច ។ តា​ចន្ទ​​គាត់​ស្ទុះ​ទៅ​កាន់​កន្ទុយ​យាម​នង្គ័ល ហើយ​ដេញ​ថា​ហី ! អា​នាង​ខំ​ឡើង​តា​យក​ឃ្មុំ​ឲ្យ​ស៊ី​ឃ្មុំ​តែ​ពីរ​សម្បុក កំពុង​ពេញ​ទឹក ។ ខ្លា​ឃ្មុំ​ខំ​ប្រឹង​ទាញ​នង្គ័ល​ពុំ​កក្រើក​ឡើយ ។ តា​ចន្ទ​គាត់​ខឹង ក៏​លែង​កន្ទុយ​​យាម​នង្គ័ល​បែរ​ទៅ​វាយ​ឯ​ខ្លា​ឃ្មុំ​ៗ​ក៏​ខំ​ប្រឹង​រើ​បម្រះ តា​ចន្ទ​វាយ​ខ្លាំង​ណាស់ ដល់​ទៅ​បែក​ហើម​ខ្លួន​ទាំង​មូល ។ លុះ​ខ្លា​ឃ្មុំ​រើ​រួច​ បោល​ទៅ​ជួប​នឹង​ចចក​ៗ សួរ​ខ្លា​ឃ្មុំ​ថា : បង​ខ្លា​ឃ្មុំ​បោល​អី​គ្មាន​មើល​ក្រោយ​ម្ល៉េះ ? ។ ខ្លា​ឃ្មុំ​ប្រាប់​ទៅ​វិញ​ថា « បង​ចចក​អើយ ! អា​ចន្ទ​រំលៀក វា​បញ្ឆោត​វាយ​ខ្ញុំ​ ហើម​ខ្លួន​អស់» ។ ហើយ​ខ្លា​ឃ្មុំ​បោល​ទៅ ។ ចចក​ក៏​អួត​ថា «បើ​ដូច្នោះ​ ទុក​ឲ្យ​អញ​ទៅ​ហែក​លប​តា​ចន្ទ យក​ត្រី​ចែក​គ្នា​ស៊ី​ឲ្យ​អស់​ កុំ​ទុក​ឲ្យ​វា​ឡើយ » ។ លុះ​ព្រឹក​ឡើង តា​ចន្ទ​គាត់​កាន់​កាំបិត​ព្រា​មួយ​និង​ច្រវា​មួយ ទៅ​លើក​លប​គាត់​ក្នុង​បឹង ។ និយាយ​ពី​ចចក​មក​ដល់​កណ្ដាល​ផ្លូវ​ជួប​នឹង​ខ្លា​ត្រី​មួយ ។ ចចក​ក៏​បបួល​ខ្លា​ត្រី​ថា «បង​ខ្លា​ត្រី​ទៅ​ស៊ី​ត្រី​នឹង​អញ » ។ ខ្លា​ត្រី​តប​ថា « បង​ចចក​ឯង បាន​ត្រី​ពី​ណា ? » ។ ចចក​ថា « អញ​ទៅ​ហែក​លប​អា​ចន្ទ​រំលៀក​ចែក​គ្នា​ស៊ី » ។ ខ្លា​ព្រម​តាម​ចចក ក៏​មក​អង្គុយ​នៅ​មាត់​បឹង យូរ​បន្តិច​ឃើញ​តា​ចន្ទ​អុំ​ទូក​មក ចចក​សួរ​ថា «តា​ស្គាល់​អា​ចន្ទ​រំលៀក​ដែរ » ។ តា​ចន្ទ​ថា « ស្គាល់​ដែរ​ តែ​អា​ចន្ទ​នោះ វា​នៅ​ត្រើយ​បឹង​ខាង​ឯណោះ​ទេ » ។ ចចក​ថា បើ​ដូច្នេះ​អាណិត​ជូន​ខ្ញុំ​ទៅ បើ​ខ្ញុំ​ហែក​លប​វា​បាន​ត្រី ខ្ញុំ​ចែក​តា​ពាក់​កណ្ដាល ។ តា​ចន្ទ​ថា « ទៅ​ក៏​ទៅ ត្បិត​លប​តា ក៏​វា​ពុំ​ត្រូវ​ផង » ថា​ហើយ​ចចក​ក៏​លោត​ទំ​ក្បាល​ទូក ។ តា​ចន្ទ​ថា «ចៅ​កុំ​ទៅ​អង្គុយ​ក្បាល​ទូក វា​លិច​ណា ! មក​អង្គុយ​ខ្ទង់​មុខ​តា​ឯណេះ ទើប​វា​មិន​លិច» ។ ចចក​ក៏​មក​អង្គុយ​នៅ​មុខ​តា​ចន្ទ ហើយ​ហៅ​ខ្លា​ត្រី​ថា «មក​បង ប្រញាប់​នឹង​អាល​ទៅ» ។ ខ្លា​ត្រី​ថា «បង​ចចក អញ​មិន​ហ៊ាន​ទៅ​ទេ អញ​ក្រែង​តា​ចន្ទ​ហើយ​នេះ» ។ ចចក​បែរ​មើល​ក្រោយ​ថា «មិន​មែន​ទេ» ។ តា​ចន្ទ​គាត់​នៅ​ស្ងៀម ។ ខ្លា​ត្រី​ក៏​ឡើង​មក​អង្គុយ​ទឹម​គ្នា​នឹង​ចចក ។ តា​ចន្ទ​គាត់​អុំ​ទូក​ទៅ​ប្រមាណ ១០ ព្យាម​ពី​ច្រាំង គាត់​កាប់​ក្បាល​ចចក​មួយ​កាំបិត ។ ចចក​លោត​ធ្លាក់​ទឹក ខ្លា​ត្រី​ក៏​លោត​ធ្លាក់​ទឹក​ទាំង​អស់​គ្នា ខ្លា​ត្រី​បន្ទោស​ចចក​ថា « អញ​ថា​តា​ចន្ទ​ហើយ ឯង​ថា មិន​មែន​តា​ចន្ទ​ទេ » ។ ចចក​ថា «កុំ​មាត់​ ខំ​តែ​ហែល​ទៅ » ។ សត្វ​ទាំង​ពីរ​ក៏​ហែល​ដល់​គោក ហើយ​បោល​ទៅ ។ តា​ចន្ទ​នៅ​ធ្វើ​ស្រែ​ស្រូវ​រួច​ហើយ​ក៏​ទៅ​ផ្ទះ​ បាន​សេចក្ដី​សុខ​សប្បាយ ។

ក្រោយ​មក​តា​ចន្ទ​ មាន​ចិត្ត​សង្វេគ​ថា «ឱ ! សត្វ​ទាំង ៤ នេះ​នឹង​ចង​វេរា​នឹង​អញ​ត​ទៅ​មុខ​ពុំ​លែង ហើយ​វា​នឹង​ធ្វើ​បាប​អញ​នេះ​មិន​ខាន ដូច្នេះ​គួរ​អញ​ទិញ​ដែក​ឲ្យ​ច្រើន ធ្វើ​កាំបិត​កោរ​ដង​ដែក​ឲ្យ​បាន ៥០ ឬ ៦០ ទុក​បម្រុង​ការពារ​ខ្លួន​ដែល​ស្លាប់​ទៅ» ។ តា​ចន្ទ ធ្វើ​កាំបិត​បាន​ស្រេច​ហើយ គាត់​ក៏​ហៅ​កូន​ចៅ​មក​ផ្ដាំ​ថា «បើ​អញ​ស្លាប់​ទៅ​ហើយ យក​អញ​ទៅ​កប់ ឲ្យ​យក​កាំបិត​ទាំង​អស់​នេះ​ទៅ​ដាក់​លើ​ផ្នូរ​កុំ​ខាន ចូក​ដី​លប់​ឲ្យ​ជិត​ លុះ​ដល់ ៥ – ៦ ថ្ងៃ ឲ្យ​កូន​ចៅ​មើល​ផ្នូរ​អញ​កុំ​ខាន » ។ តា​ចន្ទ​ ផ្ដាំ​កូន​ចៅ​រួច​ហើយ គាត់​ក៏​មាន​ជំងឺ​ឈឺ​ក្ស័យ​ទៅ កូន​ចៅ​ក៏​យក​ខ្មោច​តា​ចន្ទ​ទៅ​កប់ ធ្វើ​ដូច​បណ្ដាំ​គាត់​មិន​ហ៊ាន​ខាន ។

និយាយ​ពី​សត្វ​ទាំង ៤ ដែល​មាន​វេរា​នឹង​គ្នា​នោះ កាល​តា​ចន្ទ​ស្លាប់​ទៅ​បាន ៣ ថ្ងៃ សត្វ​ចចក​ស៊ើប​ដឹង​ថា តា​ចន្ទ​ស្លាប់ ក៏​ទៅ​ប្រាប់​ខ្លា​ឃ្មុំ​ៗ ប្រាប់​ដំរី​ៗ ប្រាប់​ខ្លា​ធំ ភ្ជុំ​បបួល​គ្នា​ចូល​មក​កាយ​ខ្មោច​តា​ចន្ទ​រំលៀក​ស៊ី ។ ចចក​កាយ​ចុង​ជើង ខ្លា​ឃ្មុំ​កាយ​ក្បាល​ ខ្លា​ធំ​កាយ​កណ្ដាល​ខ្លួន ។ ឯ​ដំរី​ឈរ​ចាំ​មើល​ ឃើញ​សត្វ​ទាំង ៣ មុត​ជើង​ពិការ​ជា​ខ្លាំង ដួល​ដេក​អស់។ ដំរី​ខឹង​នឹង​ខ្មោច​តា​ចន្ទ​ថា « ជើ ! អា​ចន្ទ​ កាច​តាំង​ពី​រស់​ទាល់​តែ​ស្លាប់ មិន​លែង​កាច​សោះ ទុក​ឲ្យ​អញ​ឈូស​តែ​ម្ដង​ឲ្យ​ប៉ើង​ខ្មោច​មក​នៅ​លើ​គោក » ។ ដំរី​ខឹង​ណាស់ លើក​ជើង​ឈូស​ជា​ខ្លាំង ត្រូវ​នឹង​កាំបិត​មុត​ពេញ​ជើង ក៏​ដេក​ដួល​ទាំង​អស់​គ្នា ។

ដល់​កំណត់​ថ្ងៃ ៧ កូន​ចៅ​តា​ចន្ទ​នាំ​គ្នា​ទៅ​មើល​ខ្មោច ស្រាប់​តែ​ឃើញ​ដំរី ខ្លា ចចក​ស្លាប់​ខាង​ផ្នូរ ក៏​នាំ​គ្នា​ពន្លះ​យក​សាច់ ស្បែក ឆ្អឹង ភ្លុក មក​លក់​យក​ប្រាក់​ធ្វើ​បុណ្យ ឧទ្ទិស​បញ្ជូន​ឲ្យ​ខ្មោច​តា​ចន្ទ​រំលៀក​ជា​សូរេច​ហោង ។


ខឹង​ខាត ប្រមាថ​ខុស