ប្រជុំរឿងព្រេងខ្មែរ/ភាគទី១/7
៧- រឿង អាកុហកស៊ី
កាលពីព្រេងនាយ មានក្មេងម្នាក់នៅជាមួយម្ដាយ ចិញ្ចឹមជ្រូកកម្រៀវ ១, ដល់ជ្រូកនោះធំឡើង ក្មេងនោះចង់ស៊ីសាច់ជ្រូក ក៏និយាយនឹងម្ដាយថា «ម៉ែ ! ខ្ញុំចង់ស៊ីសាច់ជ្រូក សូមម៉ែឲ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាទៅ ?» ។ ម្ដាយឃាត់ថា «កុំ ! ឯងស៊ីអីក៏ច្រើនម្ល៉េះ ទុកវានឹងលក់យកប្រាក់កាសចាយ» ។ កូនឮម្ដាយឃាត់ដូច្នោះ ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសព្វថ្ងៃពុំមានភ្លេច ។ មានកាលមួយថ្ងៃកូននោះភ្ញាក់ឡើងពីដេក និយាយប្រាប់ម្ដាយថា «ត្បិតទេវតាប្រាប់ខ្ញុំថា មានមាសប្រាក់ច្រើនណាស់ម៉ែ សូមម៉ែជូនខ្ញុំទៅយក» ។ ម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថា «មាសប្រាក់នៅឯណា» ។ កូនឆ្លើយថា «ម៉ែទៅនឹងខ្ញុំចុះ បើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំ» កូនយកកញ្ជើនាំម្ដាយដើរទៅក្នុងព្រៃឆ្ងាយអំពីស្រុក ហើយកូនយកកញ្ជើទៅគ្របលើដី ប្រឹងសង្កត់ហើយស្រែកប្រាប់ម្ដាយថា «ម៉ែ ! ជួយសង្កត់ផង មាសប្រាក់នៅក្នុងដីនេះច្រើនណាស់ ម៉ែសង្កត់ឲ្យជាប់ចុះ ខ្ញុំនឹងទៅរកចបជីក មកជីកយកមាសប្រាក់, ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែង បើម៉ែលែង មាសប្រាក់និងបាត់អស់ទៅ» ឯម្ដាយឮកូនថាដូច្នោះក៏ខំសង្កត់កញ្ជើនោះឲ្យកូន, ឯកូននោះក៏រត់ត្រឡប់មកផ្ទះវិញ ចាប់ជ្រូកនោះយកមកកាប់ចម្អិនជាអាហារ បបួលអស់បងប្អូនអ្នកផ្ទះជិតខាងមកស៊ីផឹកស្រាលេងសប្បាយ ។ ម្ដាយនៅចាំកូនឯព្រៃ ទន្ទឹងពុំឃើញមកឃ្លានបាយអស់កម្លាំង រោយដៃរោយជើង របូតចេញពីលើកញ្ជើពុំឃើញមានអ្វីសោះ ។ លុះម្ដាយចាំកូនយូរពេក នឹកថាកូនបញ្ឆោតហើយ ក៏លែងកញ្ជើចោលត្រឡប់ទៅផ្ទះវិញ ឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នោះ ក៏ខឹងនឹងកូនណាស់ ហើយនិយាយនឹងប្អូនខ្លួនថា «ត្បិតកូននោះវាខូចណាស់ ទុកចិញ្ចឹមមិនបានទេ ត្រូវឯងច្រកការុងយកទៅទម្លាក់ក្នុងទឹកសម្លាប់ទៅ» ។ ប្អូនឮដូច្នោះ សួរទៅបងថា «ដំណើរដូចម្ដេច បានជាយកកូនច្រកការុងទៅចោលក្នុងទឹកសម្លាប់ ?» ។ បងនិយាយប្រាប់ទៅប្អូនតាមដំណើរសព្វគ្រប់ថា «វាចេះបញ្ឆោតអញឲ្យទៅក្នុងព្រៃ ថាទៅយកមាសប្រាក់ ហើយឲ្យអញនៅចាំក្នុងព្រៃ លុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែនឹងដាច់ពោះ, ឯវាមកកាប់ជ្រូក ស៊ីផឹកស្រាលេងសប្បាយ, ជ្រូកអញតែមួយទុកលក់ឲ្យគេ យកប្រាក់ចាយទេតើ » ។ ប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការុងធំ ។ ចងមាត់ការុងជាប់ល្អ ហើយលើកលីយកទៅនឹងចោលក្នុងទឹកទន្លេ, លុះទៅដល់មាត់ទន្លេអាកុហកស៊ី និយាយនឹងមាវាថា «លោកមាអាណិតខ្ញុំ ៗមុខជាស្លាប់ហើយ បើដូច្នេះសូមលោកមាអាណិតទៅយកក្បួនកុហក មកឲ្យខ្ញុំបន្តិច ត្បិតខ្ញុំស្លាប់ទៅនឹងទៅនៅឯឋានខ្មោច បើគ្មានក្បួនកុហកនឹងកុហកខ្មោចស៊ីពុំបានទេ នោះនឹងដាច់ពោះស្លាប់ » ។ ឯមាឮក្មួយអង្វរដូច្នោះ ក៏សួរទៅក្មួយវិញថា «ក្បួនកុហកនោះ ឯងទុកនៅឯណា? ។ ក្មួយប្រាប់ទៅមាថា «ខ្ញុំដាក់នៅលើធ្នឹម » ។ មាក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់កំពង់ទឹក ហើយត្រឡប់ទៅរកក្បួននឹងយកមកឲ្យអាកុហកស៊ីវិញ ។
កាលនោះមានមនុស្សកើតឃ្លង់ម្នាក់ ដើរមកជិតអាកុហកស៊ី ។ ក៏ធ្វើនិយាយថា «អញមកតមឃ្លង់ក្នុងការុងនេះ យូរថ្ងៃហើយ មិនដឹងជាហើយឬនៅ ឃើញហាក់ដូចសះជាហើយ» ។ មនុស្សឃ្លង់ឮអាកុហកស៊ីថា តមឃ្លង់ក្នុងការុងដូច្នោះដោយខ្លួនកើតឃ្លង់ក៏សួរថា «តមឃ្លង់ក្នុងការុងនេះបានជាឬ ?» ។ អាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកើតឃ្លង់ គេឲ្យតបក្នុងការុងនេះយូរថ្ងៃហើយ មិនដឹងជាហើយឬនៅទេអាណិតស្រាយមាត់ការុងឲ្យខ្ញុំបន្តិច »មនុស្សឃ្លង់ក៏ស្រាយមាត់ការុងឲ្យអាកុហកស៊ីចេញមក ។ អាកុហកស៊ីចេញពីការុងបោសខ្លួនមើល ហើយប្រាប់ថាជាឃ្លង់ហើយ ! អាគម្លង់ឮពាក្យអាកុហកស៊ីថាតមឃ្លង់ក្នុងការុងជាដូច្នោះ ក៏និយាយថាឲ្យគ្នាតមឃ្លង់ផង ។ អាកុហកស៊ីឮដូច្នោះអរណាស់គិតថា «អញអស់ស្លាប់ហើយ»បានជាអាគម្លង់ស្លាប់ជួស ។ អាកុហកស៊ីប្រាប់អាគម្លង់ថា បើឯងចង់ជាឃ្លង់ឆាប់ ត្រូវកាន់ត្រណមឲ្យជាប់កុំនិយាយស្ដីនឹងអ្នកណាឲ្យសោះ, បើនរណាមកសួរក្ដី មកជេរ មកវាយដូចម្ដេច ៗក្ដី ត្រូវកុំនិយាយ កុំស្ដី ខំកាន់ត្រណមឲ្យខ្ជាប់ ទើបបានជាឆាប់ ។ អាគម្លង់ឮអាកុហកស៊ីថាដូច្នោះ ក៏ទទួលចាំហើយចូលទៅក្នុងការុង ។ អាកុហកស៊ីចងមាត់ការុងជាប់ហើយរត់បាត់ទៅ ។ មានោះ រកតម្រាអាកុហកស៊ីពុំឃើញ ដឹងថា អាកុហកស៊ីបញ្ឆោតខ្លួន ខឹងណាស់ ក៏នឹកក្នុងចិត្តថា បើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ភ្លាម ហើយខំដើរទៅ ដល់ហើយក៏ស្ទុះចូលទៅដាល់វាយអាគម្លង់ ដោយស្មានថាជាអាកុហកស៊ី ។ អាគម្លង់ខំអត់ព្រោះចង់ជាឃ្លង់ លុះវាយធាក់អស់ចិត្តហើយ មានោះក៏លើកការុងបោះទៅក្នុងទឹកឲ្យស្លាប់ ។
ឯអាកុហកស៊ី រត់រួចពីនេះទៅ ៗ ជួបនឹងមនុស្សកុហកម្នាក់ ចេះកុហកដូចគ្នាកំពុងតែមុជទឹក ។ អាកុហកនោះ ឃើញអាកុហកស៊ីកំពុងដើរទៅពីចម្ងាយ ក៏ធ្វើជាមុជទឹកយូរបន្តិចងើបឡើង ហើយលើកកាសឡើងបង្ហាញថា «អញមុជទឹកទៅខាងក្រោម មានគេលេងបៀអញលេងឈ្នះ បានកាសប្រាក់ច្រើន ប៉ុន្តែយកមកមិនរួច យកបានតែមួយត្រណោតមក » ។ អាកុហកស៊ី ឮដូច្នោះក៏ជឿគិតស្មានថាមែន ហើយក៏ផ្លាស់សំពត់លោតចុះទៅក្នុងទឹក ខំមុជទៅទង្គិចក្បាលនឹងគល់ឈើបែកឈាម ដឹងខ្លួនថា គេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកុហកវិញ ហើយងើបឡើង និយាយទៅនឹងអាដែលបញ្ឆោតនោះថា «អ្នកអើយ ! ខ្ញុំមុជទឹកទៅតាមពាក្យអ្នកឯងអម្បាញ់មិញ បានឃើញគេលេងបៀ ប៉ោ ធួកំតាត់ច្រើនណាស់ ហើយខ្ញុំលេងឈ្នះគេ បានប្រាក់កាសច្រើន ខ្ញុំទារពីគេ ៗថាឲ្យមកទារយកពីអ្នកឯងនេះ តែខ្ញុំមិនព្រម ខ្ញុំចង់តែទារ គេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាល ហើយគេថា ឲ្យខ្ញុំមកយកពីអ្នកឯង បើអ្នកមិនជឿអ្នកមើលក្បាលខ្ញុំដែលបែកនេះចុះ ។ អាកុហកនោះ ដឹងថាអាកុហកស៊ីមានប្រាជ្ញា ចេះកុហកទល់នឹងកុហកមិនចាញ់ខ្លួន ក៏ស្រាយកាសចែកឲ្យពាក់កណ្ដាល ហើយសុំគ្នាធ្វើជាបងប្អូន ដើររកស៊ីកុហកគេតាំងពីថ្ងៃនោះទៅ ។
បន្លាមុត យកបន្លាជោះ