ប្រជុំរឿងព្រេងខ្មែរ/ភាគទី២/2


រឿង អាខ្វាក់​អាខ្វិន



កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ខ្វាក់ ម្នាក់​ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អា​ខ្វាក់​អា​ខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អា​ខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អា​ខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ទៀត​ជិត​គ្នា ។ អា​ខ្វាក់​អា​ខ្វិន​យក​គ្នា​ជា​សំឡាញ់ ។ ឯ​អា​ខ្វាក់ ៗ ភ្នែក​ទាំង​ពីរ មើល​មិន​ឃើញ​អា​ខ្វិន ៗ​ជើង​ទាំង​ពីរ ដើរ​មិន​រួច បើ​នឹង​ទៅ​ណា​បាន​តែ​កិល​នឹង​គូថ ។ ចិន​ជា​ម្ចាស់​ប្រើ​អា​ខ្វាក់​អា​ខ្វិន គ្មាន​ប្រណី​អាណិត​ថា​ខ្វាក់​ថា​ខ្វិន​សោះ ។ អា​ខ្វាក់​អា​ខ្វិន​នឿយ​លំបាក​ណាស់ ក៏​គិត​គ្នា​ថា «យើង​នឿយ​ហត់​លំបាក​ណាស់ នឹង​ទ្រាំ​នៅ​ជា​ខ្ញុំ​ចិន​នេះ​មិន​បាន​ទេ មាន​តែ​យើង​គិត​រត់» ហើយ​អា​ខ្វាក់​សួរ​អា​ខ្វិន​​ថា « បើ​ដូច្នោះ យើង​នឹង​គិត​ដូច​ម្ដេច?» ។ អា​ខ្វិន​ឆ្លើយ​ឡើង​ថា « អញ​ឃើញ​ទូក​គេ​នៅ​កំពង់​នោះ​មាន យើង​ត្រូវ​រត់​ទៅ​ដោយ​ទូក​នោះ ទើប​រួច» ។ អា​ខ្វាក់​អា​ខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​យប់​ក៏​បបួល​គ្នា​ចុះ​ទៅ​កំពង់​ហើយ​ចេញ​ទូក​ពី​កំពង់​ទៅ ប៉ុន្តែ​អា​ខ្វាក់​អា​ខ្វិន ជា​មនុស្ស​មិន​ចេះ​អុំ​ទូក ក៏​អង្គុយ​ម្នាក់​ឯ​ក្បាល ម្នាក់​ឯ​កន្សៃ ឈម​មុខ​ទល់​គ្នា ប្រឹង​អុំ​ទូក​ទៅ ។ អា​ខ្វាក់​មើល​មិន​ឃើញ​អា​ខ្វិន​ជា​មនុស្ស​មិន​ដែល​អុំ​ទូក​សោះ ហើយ​យប់​ងងឹត​មើល​មិន​ឃើញ គិត​ស្មាន​ថា ទូក​លឿន​ទៅ​មុខ តែ​ទូក​ចេះ​តែ​វិល​នៅ​ត្រង់​កំពង់​នោះ​ឯង លុះ​អុំ​យូរ​ទៅ​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ ឮ​សំឡេង​សត្វ​អក​យំ អា​ខ្វាក់​អា​ខ្វិន​និយាយ​គ្នា​ថា «​យើង​ប្រឹង​អុំ​ទូក​ឡើង ដល់​កន្លែង​អន្លង់​អក​ហើយ» ។ អា​ខ្វាក់​អា​ខ្វិន ខំ​អុំ​ទៅ​ទៀត លុះ​ដល់​ពេល​មាន់​រងាវ ហើយ​និយាយ​គ្នា​ថា « យើង​ជិត​ដល់​ស្រុក​គេ​ហើយ ប្រឹង​អុំ​ឡើង​ក្រែង​គេ​តាម​ទាន់» ។ អា​ខ្វាក់​អា​ខ្វិន​ក៏​ប្រឹង​អុំ លុះ​ត្រា​តែ​មាន​រងាវ​កុះ ឮ​សំឡេង​តាវៅ​យំ ភ្លឺ​ព្រាង​ៗ​ពី​ឯ​កើត អា​ខ្វិន​ក៏​និយាយ​ប្រាប់​ទៅ​អា​ខ្វាក់​ថា « ដូច​ជា​កំពង់​ផ្ទះ​យើង» ។ លុះ​ភ្លឺ​បន្តិច​ឡើង​ម្ចាស់​ចុះ​មក​ដង​ទឹក ឃើញ​អា​ខ្វាក់​អា​ខ្វិន​អង្គុយ​អុំ​ទូក​ឈម​មុខ​ទល់​គ្នា ហើយ​គេ​ហៅ​ឲ្យ​អុំ​ទូក​ចូល​មក គេ​ដឹង​ថា « អា​ខ្វាក់​អា​ខ្វិន​រត់ ប៉ុន្តែ​គេ​គិត​ថា វា​នឹង​រត់​ទៅ​ឯណា បើ​វា​ខ្វាក់​ខ្វិន​ដូច្នេះ» គេ​ក៏​ឲ្យ​ឡើង​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​ជេរ​វាយ​ទេ ។ អា​ខ្វាក់​អា​ខ្វិន​ទៅ​នៅ​ដូច​ពី​ដើម​វិញ ។

លុះ​នៅ​យូរ​ទៅ អា​ខ្វាក់​អា​ខ្វិន​បបួល​គ្នា​រត់​ទៀត អា​ខ្វិន​និយាយ​នឹង​អា​ខ្វាក់​ថា « យើង​រត់​ម្ដង​នេះ​ទៀត កុំ​ឲ្យ​ម្ចាស់​គេ​តាម​ទាន់ យើង​កុំ​ទៅ​ជើង​ទឹក ទៅ​ផើង​គោក​វិញ» ។ អា​ខ្វាក់​ឆ្លើយ​ថា «ទៅ​ដូច​ម្ដេច​នឹង​បាន​ជើង​គោក​នោះ បើ​អញ​ខ្វាក់ ឯង​ខ្វិន​នឹង​រត់​ទៅ​ឯណា​រួច» ។ អា​ខ្វិន​ឆ្លើយ​ឡើង​ថា « ឯង​កុំ​ព្រួយ​ចិត្ត ឯង​ឲ្យ​អញ​ជិះ​លើ​ឯង ហើយ​អញ​បង្ហាញ​ផ្លូវ » ។ អា​ខ្វាក់​អា​ខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​ដល់​យប់​ស្ងាត់​គេ​ដេក​លក់​អស់ អា​ខ្វាក់​លើក​អា​ខ្វិន​ឲ្យ​ជិះ​លើ​ស្មា ដើម្បី​ឲ្យ​បង្ហាញ​ផ្លូវ​នឹង​ដើរ​ទៅ ។ ឯ​ម្ចាស់​លុះ​ព្រឹក​ឡើង មិន​ឃើញ​អា​ខ្វាក់​អា​ខ្វិន ដឹង​ថា​អា​ខ្វាក់​អា​ខ្វិន​រត់​ ប៉ុន្តែ​គិត​ថា«មនុស្ស​ខ្វាក់​ខ្វិន​វា​នឹង​រត់​ទៅ​ណា​រួច» គេ​ក៏​មិន​ទៅ​តាម ។ អា​ខ្វាក់​អា​ខ្វិន​ខំ​រត់​ទៅ​ពីរ​បី​ថ្ងៃ​បាន​ដល់​ស្រុក​មួយ ស្រុក​នោះ មាន​ខ្លា​សាហាវ​អ្នក​ស្រុក​គេ​ហាម​ប្រាម កូន​ចៅ​គេ​ថា «ព្រលប់​យប់​ងងឹត​ហើយ​កុំ​លេង​នៅ​ដី​ខ្លាច​ខ្លា» ។ អា​ខ្វាក់​អា​ខ្វិន​ទៅ​ដល់​ស្រុក​នោះ ជួន​ជា​ព្រលប់​យប់​ងងឹត​ហើយ​គិត​គ្នា​ថា « យើង​ដល់​ស្រុក​គេ​ហើយ បើ​ដូច្នេះ យើង​គិត​ធ្វើ​ស្រែ តើ​យើង​បាន​នង្គ័ល​រនាស់​ក្របី​គោ​ពី​ណា នឹង​ធ្វើ​ស្រែ​នឹង​គេ​មាន​តែ​យើង​គិត​លួច​គេ​ទើប​បាន » ។ អា​ខ្វិន​បញ្ចេះ​អា​ខ្វាក់​ឲ្យ​ដើរ​ចូល​ទៅ​ភូមិ​គេ អស់​អ្នក​ស្រុក​គេ​ឃើញ គេ​ប្រាប់​ថា « ស្រុក​នេះ​មាន​ខ្លា​សាហាវ​ណាស់» ។ អា​ខ្វិន​ឆ្លើយ​ឡើង​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ។ ខ្លា​ក៏​ជួន​ជា​មក​លប​ខាំ​គោ​ពេល​នោះ​ដែរ ដល់​ឮ​អា​ខ្វាក់​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ក៏​គិត​គ្នា​ថា « ពី​ដើម​គេ​ខ្លាច​តែ​អញ ឥឡូវ​មាន​ឃ្លេ​ផ្សេង គេ​ខ្លាច​ជាង​អញ​ទៅ​ទៀត អញ​មិន​ដែល​ឃើញ​មិន​ដែល​ឮ​សោះ​ទេ​ឃ្លេ​នោះ បើ​ដូច្នេះ​អញ​ចាំ​លប​មើល​ឲ្យ​ឃើញ​ច្បាស់​ប្រាកដ» ។ អា​ខ្វិន​ឃើញ​ក្រោល​គោ​គេ ហើយ​ប្រាប់​អា​ខ្វាក់​ថា « ឯង​ទៅ​លួច​គោ​ចុះ អញ​ចាំ​ឯង​នៅ​ក្រោយ​របង​នេះ » ។ អា​ខ្វាក់​ដាក់​អា​ខ្វិន​ចុះ ហើយ​ដើរ​ស្ទាប! ចូល​ទៅ​ជួន​ជា​ជួប​នឹង​ខ្លា ។ ខ្លា​ឃើញ​អា​ខ្វាក់ គិត​ស្វាន​ថា​ជា​ឃ្លេ ក៏​ខ្លាច​មិន​ហ៊ាន​កម្រើក​ខ្លួន​អា​ខ្វាក់​ស្ទាប់​អស់​ទាំង​ខ្លួន​ខ្លា​គិត​ស្មាន​ថា​គោ ហើយ​ស្ទាប​ទៅ​លើ​ក្បាល​ខ្លា មិន​ឃើញ​ស្នែង​នឹក​អរ​ថា «គោ​នេះ​ស្នែង​នប់​ធាត់​ល្អ​ណាស់ អញ​ទុក​ជា​អា​នប់​កូន​ក្រោល» អា​ខ្វាក់​ក៏​ចាប់​ទាញ​ខ្លា​ដឹក​យក​មក​នឹង​ខ្លុះ ។ ឯ​ខ្លា​គិត​ខ្លាច​អា​ខ្វាក់​ដោយ​ស្មាន​ថា​ឃ្លេ អា​ខ្វាក់​ធ្វើ​ម្ដេច​ក៏​ចេះ​តែ​ទៅ​តាម​អា​ខ្វាក់​ដឹក​មក​ដល់​ក្រៅ​របង ហើយ​ប្រាប់​ទៅ​អា​ខ្វិន ឲ្យ​យក​កន្លុះ​មក​នឹង​ខ្លុះ​អា​នប់​កូន​ក្រោល អា​ខ្វិន​ឃើញ​ហើយ​ប្រាប់​អា​ខ្វាក់​ថា «អា​ខ្វាក់​! ខ្លា​ទេ! » ។ អា​ខ្វាក់​ឆ្លើយ​ថា « បើ​ឯង​ខ្លាច ឯង​ឲ្យ​កន្លុះ​មក​អញ ៗ នឹង​ចាក់​ច្រមុះ​យក​ទៅ​ភ្ជួរ​ស្រែ» ។ អា​ខ្វិន​ក៏​ហុច​កន្លុះ​ទៅ​ឲ្យ​អា​ខ្វាក់ ។ បាន​កន្លុះ​ហើយ​ចាក់​ច្រមុះ​ខ្លា ។ ខ្លា​ឈឺ​ច្រមុះ​ទ្រាំ​មិន​បាន ក៏​ស្ទុះ​ច្រឡោត​ស្រែក​ឮ​តែ​រ៉ូមៗ ហើយ​រត់​ទៅ ។ ក្នុង​ពេល​នោះ អា​ខ្វិន​ខ្លាច​ស្ទើរ​នឹង​ស្លាប់ ប៉ុន្តែ​អា​ខ្វាក់​មិន​ព្រម ចេះ​តែ​ទន្ទេញ​ថា « ស្ដាយ​អា​នប់​កូន​ក្រោល​អញ​ធាត់​ល្អ​ណាស់ » ហើយ​ក៏​ទៅ​តាម ។

លុះ​ទៅ​ដល់​កណ្ដាល​ស្រែ បាន​ឃើញ​ខ្ទម​ស្រែ​គេ​មួយ​ មាន​ទាំង​រនាស់​ហើយ ឃើញ​អណ្ដើក​មួយ អា​ខ្វិន​ឃើញ​ហើយ​និយាយ​ប្រាប់​អា​ខ្វាក់​ថា « វ៉ើយ​អា​ខ្វាក់​មាន​ខ្ទម​ស្រែ​គេ ហើយ​មាន​ខ្សែ​ពួរ និង​ចង្អេរ សន្ធឹក​ផង » ។ អា​ខ្វាក់​ថា « ចេះ​តែ​យក​ឲ្យ​អស់ » ។ អា​ខ្វិន​ប្រកែក​ថា « យក​ធ្វើ​អ្វី​ធ្ងន់​ឥត​អំពើ » ។ អា​ខ្វាក់​ថា « ធ្ងន់​អី​ឯង ធ្ងន់​តែ​អញ​ទេ ចេះ​តែ​យក​ទៅ » ។ ហើយ​អា​ខ្វាក់​អា​ខ្វិន​យក​របស់​ទាំង​អស់​មាន​បាយ​មួយ​ឆ្នាំ​ដែល​គេ​ដាំ​ទុក​នៅ​ជើង​ក្រាន​ផង អា​ខ្វិន​កាល​កាន់​យក​របស់​សព្វ​គ្រប់​អស់​ហើយ ក៏​ឡើង​ជិះ​លើ​អា​ខ្វាក់​ទៀត ។ អា​ខ្វាក់​ជា​មនុស្ស​មាន​កម្លាំង​ខ្លាំង​ក៏​យក​របស់​ទាំង​អស់​ទៅ លុះ​ដើរ​ចូល​ព្រៃ​លេច​វាល​ទៅ​ត្រា​តែ​ភ្លឺ បាន​ជួប​មនុស្ស​ម្នាក់​គេ​មក​យក​ឃ្មុំ​ ។ អា​ខ្វិន​ឃើញ​ប្រាប់​អា​ខ្វាក់​ថា « នៃ​វ៉ើយ​មាន​គេ​មក​យក​ឃ្មុំ» អា​ខ្វាក់​ឮ​ហើយ​ស្រែក​ហៅ​ទៅ​អ្នក​យក​ឃ្មុំ​ថា « វ៉ើយ​ចែក​ឃ្មុំ​គ្នា​ស៊ី​ផង» អ្នក​យក​ឃ្មុំ​ឆ្លើយ​ថា «គ្នា​ស៊ី​តែ​ទឹក​ទេ ទុក​កាក​ឲ្យ​ឯង» ហើយ​អ្នក​យក​ឃ្មុំ​ដោះ​ទុក្ខ​សត្វ​ធំ​ដាក់​បំពង់​ចុក​ជិត​យក​ទៅ​ឲ្យ​អា​ខ្វាក់​អា​ខ្វាក់​កាន់​យក​ទៅ​ លុះ​ដើរ​លេច​វាល​ចូល​ព្រៃ ថ្ងៃ​ណាស់​ហើយ​ឃ្លាន​បាយ ទើប​និយាយ​គ្នា​ថា «យើង​ស៊ី​បាយ​សិន ឲ្យ​មាន​កម្លាំង​សឹម​ទៅ​ទៀត» ។ អា​ខ្វាក់​ដាក់​អា​ខ្វិន​ចុះ ហើយ​ដាក់​របស់​ចេញ​ពី​ខ្លួន យក​បំពង់​ឫស្សី​ដែល​អ្នក​យក​ឃ្មុំ​ឲ្យ​នោះ ដោយ​ស្មាន​ថា​ជា​សាច់​ឃ្មុំ​មក​ស៊ី​នឹង​បាយ ដល់​ដក​ឆ្នុក​ឡើង​ធំ​ស្អុយ​លាមក អា​ខ្វាក់​ថា កន្លែង​សំណាក់​នេះ​ស្អុយ​លាមក​ហើយ​យើង​ទៅ​រក​ដំណាក់​ឈប់​ឯមុខ​ទៀត​» ។ អា​ខ្វាក់​ចុក​បំពង់​លាមក​ហើយ ក៏​បបួល​អា​ខ្វិន​ទៅ​ឈប់​ឯមុខ​ទៀត​ដល់​បន្តិច​ទៅ​អា​ខ្វាក់​ថា «អស់​កម្លាំង​ឃ្លាន​បាយ​ណាស់ រក​កន្លែង​ឈប់​ស៊ី​បាយ» អា​ខ្វិន​ក៏​មើល​ឃើញ​ម្លប់​ល្អ ហើយ​មាន​ទឹក​ត្រពាំង​ល្មម​ស៊ី​បាយ​បាន អា​ខ្វិន​ទះ​កំផ្លៀង​អា​ខ្វាក់​ឲ្យ​តម្រង់​ចូល​ទៅ​កន្លែង​ម្លប់​ឈើ​នោះ​ឯង​ ដល់​ហើយ​អា​ខ្វាក់​ដក​ឆ្នុក​បំពង់​នោះ​ឡើង ធុំ​ស្អុយ​ទៀត​ អា​ខ្វាក់​ប្រាប់​ទៅ​អា​ខ្វិន​ដូច​មុន អា​ខ្វាក់​អា​ខ្វិន​ចេះ​តែ​ស្អុយ​ដូច្នេះ​ឯង​ពីរ​បី​ដង ។ ក្រោយ​ទៀត​អា​ខ្វាក់​ឃ្លាន​បាយ​ណាស់​បបួល​អា​ខ្វិន​ឈប់ ហើយ​ដក​ឆ្នុក​បំពង់​យក​ដៃ​លូក​ទៅ​ធុំ​ស្អុយ​លាមក​ដឹង​ថា​លាមក​ក៏​ប្រាប់​ទៅ​អា​ខ្វិន​ថា «វ៉ើយ​អា​ខ្វិន ! អា​ដែល​យក​ឃ្មុំ​នោះ​វា​បញ្ឆោត​យើង ជុះ​លាមក​ដាក់​បំពង់​ហើយ​ចុក​មាត់​បំពង់​ឲ្យ​មក​យើង» ។ អា​ខ្វាក់​ខឹង​ណាស់ លាង​ដៃ​រួច​ហើយ​ស៊ី​បាយ​ពីរ​នាក់​នឹង​អា​ខ្វិន​និយាយ​គ្នា​ថា» យើង​ស៊ី​បាយ​ឲ្យ​មាន​កម្លាំង រួច​ហើយ​យើង​ទៅ​តាម​សម្លាប់​អា​ចង្រៃ ដែល​វា​បញ្ឆោត​ឲ្យ​លាមក​យើង ឲ្យ​វា​ស្លាប់​កុំ​ឲ្យ​វា​ធ្លាប់​តែ​បញ្ឆោត​យើង​ដូច្នេះ» ។ អា​ខ្វាក់​អា​ខ្វិន​ស៊ី​បាយ​ហើយ​ប្រញាប់​ទៅ​រក​អ្នក​យក​ឃ្មុំ​នោះ លុះ​ទៅ​វង្វេង​ផ្លូវ​មិន​ដឹង​ជា​ទៅ​ឯណា ។ អា​ខ្វាក់​ឮ​សត្វ​សសេះ​ចោះ​ដើម​ឈើ​យក​កណ្ដៀ​ស៊ី គិត​ស្មាន​ថា​អ្នក​យក​ឃ្មុំ​ ក៏​ស្រែក​ហៅ​ថា « ឯង​មាន​ចិត្ត ឯង​ចុះ​ពី​លើ​ដើម​ឈើ​មក ។ លុះ​ដើរ​ទៅ​ដល់​អា​ខ្វិន​ប្រាប់​ថា «សត្វ​សសេះ​ចោះ​ដើម​ឈើ​ទេ មិន​មែន​មនុស្ស​ទេ» ។

អា​ខ្វាក់​អា​ខ្វិន​ដើរ​លេច​វាល​ចូល​ព្រៃ លេច​ព្រៃ​ចូល​វាល ទៅ​ឆ្ងាយ​ណាស់​ក៏​បាន​ដល់​ស្រុក​គេ​មួយ ស្រុក​នោះ​ឯង​មាន​ស្ដេច​គង់​នៅ​នោះ​ហើយ​មាន​យក្ខ​តែង​មក​ស៊ី​មនុស្ស​នៅ​សាលា​។ ថ្ងៃ​ដែល​អា​ខ្វាក់​អា​ខ្វិន​ទៅ​ដល់​នោះ ស្ដេច​ឲ្យ​យក​នាង​ពៅ​ជា​ព្រះ​រាជបុត្រី​ក្រមុំ​តែ​មួយ ជា​បុត្រី​សម្លាញ់ ប៉ុន្តែ​យក្ខ​វា​ចង់​ស៊ី បើ​មិន​ឲ្យ​នាង​ពៅ​ទៅ​យក្ខ​ស៊ី នោះ​យក្ខ​វា​នឹង​ស៊ី​មនុស្ស​ក្នុង​នគរ ទាំង​នាហ្មឺន​ទាំង​ស្ដេច ។ នាង​ពៅ​អាណិត​អស់​រាស្ត្រ នូវ​នាហ្មឺន​និង​ស្ដេច បាន​ជា​មក​ឲ្យ​យក្ខ​ស៊ី ។ ជួន​ជា​ថ្ងៃ​នោះ​ឯង​អា​ខ្វាក់​ខ្វិន​ទៅ​ដល់​សាលា​នោះ ហើយ​អា​ខ្វិន​ប្រាប់​អា​ខ្វាក់​ថា « យើង​ដល់​សាលា​សំណាក់​ដែល​គេ​ឈប់ យើង​ក៏​ល្មម​ពេល​នឹង​ឈប់» ហើយ​អា​ខ្វាក់​អា​ខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ ឯ​នាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អា​ខ្វាក់​អា​ខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ ឯ​នាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អា​ខ្វាក់​អា​ខ្វិន​និយាយ​ហើយ​សួរ​ទៅ​ថា «អ្នក​មក​ពីណា ត្បិត​សាលា​នេះ ស្ដេច​ធ្វើ​សម្រាប់​ដាក់​មនុស្ស​ឲ្យ​យក្ខ​វា​ស៊ី​សព្វ​ថ្ងៃ តែ​ដល់​ព្រលប់​យក្ខ​វា​ហោះ​មក​ឮ​សន្ធឹក​ដូច​ជា​ផ្គរ វា​មក​ស៊ី​មនុស្ស​នៅ​សាលា​នេះ ឯ​ខ្លួន​ខ្ញុំ​មក​ឲ្យ​ជា​ចំណី​យក្ខ ដូច្នេះ​ចូរ​អ្នក​ចេញ​ទៅ​ជា​ឆាប់ ខំ​តែ​នៅ​មុខ​ជា​យក្ខ​វា​ស៊ី​ជា​ចំណី​វា​មិន​ខាន​ទេ» ។ ឯ​អា​ខ្វាក់​ហេតុ​តែ​ជា​មនុស្ស​ខ្វាក់​ពី​កំណើត​មិន​ចេះ​ខ្លាច​អ្វី​ផង មាន​កម្លាំង​មាន​កម្លាំង​មាន​រឹទ្ធិ​ផង ឮ​ហើយ​ក៏​ឆ្លើយ​ថា ខ្លាច​អី​យក្ខ​នោះ បើ​វា​មក យើង​មិន​ចេះ​កាប់​វា​ឲ្យ​ស្លាប់​ទៅ​នាង​ឯង​នៅ​ឲ្យ​តែ​ស្ងៀម យក​បាយ​ចំណី​ចំណុក​មក​ឲ្យ​យើង​ស៊ី មាន​កម្លាំង​នឹង​កាប់​យក្ខ​នោះ​ឲ្យ​ស្លាប់ នាង​ឯង​រក​តែ​ដាវ​ឲ្យ​មុត​ល្អ យើង​នឹង​កាប់​យក្ខ​នោះ» ។ នាង​ពៅ​ឮ​អា​ខ្វាក់​ថា​ដូច្នោះ ក៏​ប្រាប់​ទៅ​ថា «បើ​អ្នក​សម្លាប់​យក្ខ​នោះ​បាន របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គេ​យក​ឲ្យ​យក្ខ​នោះ ខ្ញុំ​ជូន​អ្នក​ទាំង​អស់​» ។ អា​ខ្វាក់​បាន​ឮ​ដូច្នោះ​អរ​ណាស់ បង្គាប់​ទៅ​អា​ខ្វិន​ថា «ឲ្យ​យក​បាយ​ចំណី​ចំណុក​មក​ស៊ី​ឲ្យ​មាន​កម្លាំង​នឹង​អាល​សម្លាប់​យក្ខ» ។ អា​ខ្វិន​ឮ​នាង​ពៅ​ថា «យក្ខ​វា​នឹង​មក​ស៊ី» ក៏​ភ័យ​ស្ទើរ​នឹង​ស្លាប់ ។ អា​ខ្វាក់​ស៊ី​បាយ​ឆ្អែត​ហើយ បិទ​ទ្វារ​សាលា​ទាំង​អស់ ។ លុះ​ដល់​ព្រលប់​ងងឹត​បន្តិច ល្មម​វេលា​យក្ខ​មក​ស៊ី​មនុស្ស យក្ខ​ហោះ​មក​ឮ​សន្ធឹក​ដូច​ព្យុះ​លាន់​ខ្ទរ​ទាំង​ដី ។ អា​ខ្វិន​ភ័យ​ណាស់ ស្ទើរ​នឹង​លេច​អាចម៍​លេច​នោម, នាង​ពៅ​ក៏​សន្លប់​នៅ​ក្នុង​ស្គរ ។ អា​ខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​មិន​ខ្លាច​សោះ អង្គុយ​ចាំ​នៅ​មាត់​ទ្វារ លុះ​ដល់​យក្ខ​មក​ហើយ​ ឃើញ​ទ្វារ​សាលា​បិទ យក្ខ​ស្រែក​សន្ទាប់​ដូច​រន្ទះ​ថា « នរណា​បិទ​ទ្វារ​សាលា​អញ? ។ អា​ខ្វាក់​គ្មាន​ខ្លាច​ស្រែក​តប​វិញ​ថា «​អញ​បិទ​ទ្វារ​សាលា​អញ​ខ្លាច​អី​ឯង» ។ យក្ខ​ឆ្លើយ​ថា «មនុស្ស​មក​ពី​ណា​ចិត្ត​ធំ​ដល់​ម្ល៉េះ? » អញ​សុំ​មើល​ថ្លើម​ឯង​ប៉ុនណា បាន​ជា​ឯង​ចិត្ត​ធំ​ដល់​ម្ល៉េះ? » ។ អា​ខ្វាក់​បោះ​ចង្អេរ​គ្រាង​ធំ​ទៅ​ឲ្យ យក្ខ​វា​មើល​ឃើញ​ចង្អេរ​គ្រាង​ហើយ គិត​ក្នុង​ចិត្ត​ថា « ថ្លើម​អានេះ​ធំ​ណាស់​សម​ខ្លួន​វា​ធំ​ជាង​ខ្លួន​អញ «ហើយ​យក្ខ​ថា « បើ​ថ្លើម​ឯង​ធំ​ប៉ុណ្ណេះ​ចៃ​ឯង​ធំ​ប៉ុនណា? ។ អា​ខ្វាក់​បោះ​អណ្ដើក​ទៅ​ឲ្យ​យក្ខ​មើល ។ យក្ខ​ស្មាន​ថា ជា​ចៃ​មែន ហើយ​គិត​ក្នុង​ចិត្ត​ថា « ចៃ​វា​ធំ​ប៉ុណ្ណេះ​សម​ខ្លួន​វា​ធំ​មែន» យក្ខ​សួរ​ទៅ​ទៀត​ថា «រោម​ជើង​ឯង​ធំ​ប៉ុនណា»? ។ អា​ខ្វាក់​បោះ​ពួរ​ដែល​គេ​ទាក់​ក្របី​ទៅ​ឲ្យ​យក្ខ​មើល​ហើយ​ថា «រោម​ជើង​អញ​ប៉ុណ្ណេះ» ។ យក្ខ​ភិត​ភ័យ​រត់​ត្រឡប់​ទៅ​វិញ ។ អា​ខ្វាក់​អា​ខ្វិន​ប្រាប់​ទៅ​នាង​ពៅ​ថា « យក្ខ​វា​ត្រឡប់​ទៅ​វិញ ។ ត្បិត​វា​ខ្លាច​យើង​បើ​ដូច្នេះ​នឹង​មាន​យក្ខ​មក​ទៀត​ឬ​ទេ? » ។ នាង​ពៅ​ក្រោក​ពី​ភ័យ​សន្លប់​ឡើង ប្រាប់​ទៅ​អា​ខ្វាក់​ថា « នៅ​មាន​យក្ខ​ញី​មួយ​ទៀត យប់​បន្តិច​វា​នឹង​មក» ។ អា​ខ្វាក់​ឮ​នាង​ពៅ​ប្រាប់​ដូច្នោះ ក៏​ប្រាប់​ទៅ​អា​ខ្វិន​ថា «ឯង​ទៅ​រើស​ថាវ​មួយ ឲ្យ​មុត​ធំ​វែង​ល្មម​នឹង​កម្លាំង​អញ» ។ អា​ខ្វិន​ទៅ​រើស​ដាវ​ឲ្យ​អា​ខ្វាក់ ។ លុះ​យប់​យូរ​បន្តិច​ទៅ យក្ខ​ញី​វា​ហោះ​មក​ឮ​សន្ធឹក​ដូច​ផ្គរ ។ អា​ខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​ដូច្នោះ ក៏​ឈរ​កាន់​ដាវ​ចាំ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ទុក លុះ​យក្ខ​នោះ​មក​ដល់​ហើយ វា​ច្រាន​ទ្វារ​អើត​ក​ចូល​មក អា​ខ្វាក់​ឮ​សន្ធឹក​យក្ខ​ច្រាន​ទ្វារ​កាប់​ស្មាន​ទៅ ត្រូវ​យក្ខ​ដាច់​ក​ស្លាប់​នៅ​ទី​នោះ​ឯង ។ អា​ខ្វាក់​អា​ខ្វិន​ដឹង​ថា យក្ខ​ស្លាប់​ហើយ​ក៏​បបួល​គ្នា​យក​ទ្រព្យ​មាស​ប្រាក់​នោះ​ទៅ ។

លុះ​ព្រឹក​ឡើង​អា​ខ្វាក់​ដាក់​អា​ខ្វិន​លើក​ហើយ​ដើរ​ទៅ ឃើញ​ដើម​ក្រសាំង​មួយ​ប្រាប់​អា​ខ្វាក់​ឲ្យ​ចូល​ទៅ​នឹង​ចែក​របស់​គ្នា លុះ​ដល់​ហើយ​ អា​ខ្វាក់​ដាក់​អា​ខ្វិន​ចុះ​ពី​លើ​ក​យក​របស់​មក​ចែក​គ្នា អា​ខ្វិន​ជា​មេ​ចំណែក​រើស​របស់​ល្អ​នៅ​មុខ​ខ្លួន អាក្រក់​ដាក់​នៅ​មុខ​អា​ខ្វាក់ ហើយ​សួរ​ទៅ​អា​ខ្វាក់​ថា «ឯង​យក​របស់​ខាង​មុខ​ឯង ឬ​របស់​ខាង​មុខ​អញ?» ។ អា​ខ្វាក់​មាន​ប្រាជ្ញា​គិត​ថា អា​ខ្វិន​វា​យក​របស់​អាក្រក់​ដាក់​មុខ​ខ្លួន ក៏​ប្រាប់​ទៅ​អា​ខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​ឯង» ។ អា​ខ្វិន​ដឹង​ថា​អា​ខ្វាក់​យក​របស់​ល្អ​ក៏​ប្រាប់​ទៅ​អា​ខ្វាក់​ថា «ចែក​ម្ដង​ទៀត ចែក​មុន​នោះ​មិន​ស្មើ​ទេ» ហើយ​អា​ខ្វិន​យក​របស់​ចែក​ម្ដង​ទៀត ដល់​ចែក​ក្រោយ​ទៀត អា​ខ្វិន​យក​របស់​ល្អ​ដាក់​នៅ​មុខ​អា​ខ្វាក់​ហើយ​សួរ​ថា «អា​ខ្វាក់​ឯង​យក​របស់​ខាង​ណា?» ។ អា​ខ្វាក់​គិត​ថា «ម្ដង​នេះ​អា​ខ្វិន​យក​របស់​ល្អ​មក​ដាក់​នៅ​មុខ​ខ្លួន» ហើយ​យក​ដៃ​ស្ទាប់​របស់​នៅ​មុខ​នោះ​ក៏​ប្រាប់​អា​ខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​អញ» ។ អា​ខ្វិន​ឃើញ​អា​ខ្វាក់​បាន​របស់​ល្អ​ក៏​ឆ្លើយ​ឡើង​ថា «ចែក​មិន​ត្រូវ​ទេ ចែក​ម្ដង​ទៀត»។ អា​ខ្វាក់​ឆ្លើយ​ថា «ឯង​ចែក​ខ្លួន​ឯង​ហើយ​ឯង​ថា​មិន​ត្រូវ» ។ អា​ខ្វិន​យក​របស់​ចែក​ជា​ថ្មី​ទៀត ហើយ​ឲ្យ​អា​ខ្វាក់​ថា​ដូច​ពី​មុន ។ អា​ខ្វាក់​ថា​ត្រូវ​តែ​លើ​របស់​ល្អ ។ អា​ខ្វិន​ប្រាប់​អា​ខ្វាក់​ថា «មិន​ត្រូវ​ទេ ចែក​ម្ដង​ទៀត» ។ អា​ខ្វាក់​អា​ខ្វិន​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ​ផ្លែ​ក្រសាំង​ជ្រុះ​មក​ត្រូវ​ក្បាល​អា​ខ្វាក់​ៗ​គិត​ស្មាន​ថា​អា​ខ្វិន​វាយ​ក៏​ឆ្លើយ​ថា «និយាយ​តែ​ត្រឹម​មាត់​មិន​អស់​ចិត្ត ដៃ​ដល់​ផង​ទៀត»​ហើយ​អា​ខ្វាក់​ស្ទុះ​ទៅ​ធាក់​ដាល់​អា​ខ្វិន​ទាល់​តែ​អា​ខ្វិន​ត្រង់​ដៃ​ត្រង់​ជើង​ទាំង​អស់ ឯ​អា​ខ្វិន​ស្ទុះ​ទៅ​ដាល់​អា​ខ្វាក់​ត្រូវ​ភ្នែក​ៗ​ក៏​ជា​ភ្លឺ​ទាំង​ពីរ​ឡើង អ្នក​ទាំង​ពីរ​ក៏​បបួល​គ្នា​ចែក​របស់​តាម​ល្អ​តាម​អាក្រក់​ស្មើ​គ្នា​ទាំង​ពីរ​នាក់​ ហើយ​បបួល​គ្នា​ដើរ​ទៅ​ទៀត ។

និយាយ​ពី​នាង​ពៅ កាល​ក្រោយ​អា​ខ្វាក់​អា​ខ្វិន​ទៅ ដល់​ព្រឹក​ភ្លឺ​មែន​ទែន​ឡើង​អស់​មនុស្ស​ម្នា​គេ​មក​មើល​នាង​ពៅ​នៅ​សាលា ឃើញ​នាង​នៅ​រស់ យក្ខ​ពុំ​ស៊ី​បាន​ឃើញ​ឯ​យក្ខ​ស្លាប់​ចង្គ្រាង​នៅ​មាត់​ទ្វារ អស់​មនុស្ស​ម្នា​គេ​ទៅ​ក្រាប​ទូល​ស្ដេច​តាម​ដំណើរ ស្ដេច​ទ្រង់​ឲ្យ​ទៅ​យក​នាង​ពៅ​ពី​ក្នុង​ស្គរ​មក ទ្រង់​មាន​ព្រះទ័យ​ត្រេក​អរ​ណាស់​ព្រោះ​ព្រះ​រាជធីតា​បាន​រួច​ពី​ស្លាប់ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​នាង​ពៅ​ថា «ដូច​ម្ដេច​បាន​ជា​កូន​រួច​ពី​ស្លាប់ ហើយ​ឃើញ​ឯ​យក្ខ​ស្លាប់​ទៅ​វិញ?» ។ នាង​ពៅ​ក្រាប​ទូល​ព្រះ​បិតា​តាម​ដំណើរ​សព្វ​គ្រប់ ។ ព្រះ​រាជបិតា​បាន​ឮ​ព្រះ​រាជធីតា​ក្រាប​ទូល​ដូច្នេះ ទ្រង់​ឲ្យ​ប៉ាវ​គង​រក​អ្នក​ណា​ដែល​សម្លាប់​យក្ខ​នោះ ទ្រង់​នឹង​ព្រះ​រាជទាន​ព្រះ​រាជធីតា​ជា​ប្រពន្ធ​ ហើយ​ឲ្យ​សោយ​រាជ្យ ។ ឯ​អ្នក​ប៉ាវ​គង​ទៅ​ក្នុង​ស្រុក​តូច​ធំ​ជួប​នឹង​ចៅ​ខ្វាក់​ចៅ​ខ្វិន ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន​សួរ​ថា « មាន​កលិយុគ​កលិយាក​អី​បាន​ជា​ស្ដេច​ឲ្យ​ប៉ាវ​គង?» ។ អ្នក​ប៉ាវ​គង​ប្រាប់​ថា «ស្ដេច​ឲ្យ​ប៉ាវ​គង​រក​អ្នក​សម្លាប់​យក្ខ​នឹង​យក​ទៅ​ឲ្យ​សោយ​រាជ្យ» ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ឮ​ក៏​ត្រេក​អរ​ណាស់​ប្រាប់​ថា « ខ្ញុំ​នេះ​ហើយ​សម្លាប់​យក្ខ កាល​ដើម​ខ្ញុំ​ខ្វាក់​ខ្វិន ឥឡូវ​ជា​ហើយ មិន​ជឿ​សោត​មាន​ទាំង​របស់​ដែល​ខ្ញុំ​យក​មក​ជា​សម្គាល់​ផង» ។ អ្នក​ប៉ាវ​គង​នាំ​ចៅ​ខ្វាក់​ចៅ​ខ្វិន​ទៅ​ថ្វាយ​ស្ដេច​លុះ​ទៅ​ដល់​ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន យក​ទាំង​របស់​ដែល​យក​អំពី​សាលា​ចូល​ទៅ​គាល់​ស្ដេច​គ្រាន់​ជា​សម្គាល់ ៗ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប់​ថ្វាយ​បង្គំ​ស្ដេច ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «ចៅ​ឯង​ឬ​ដែល​សម្លាប់​យក្ខ? » ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប​ទូល​តាម​ដំណើរ​សព្វ​គ្រប់ ។ ស្ដេច​ទ្រង់​ឲ្យ​ហៅ​នាង​ពៅ​មក​ឲ្យ​មើល ហើយ​ទ្រង់​សួរ​ថា «ចៅ​នេះ​ឬ​ដែល​សម្លាប់​យក្ខ?» ។ នាង​ពៅ​ក្រាប​ទូល​ថា «អ្នក​នេះ​ហើយ​ដែល​សម្លាប់​យក្ខ ប៉ុន្តែ​កាល​ពី​មុខ​គាត់​ខ្វាក់​ខ្វិន ឥឡូវ​នេះ​មិន​ខ្វាក់​ទេ» ។ ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ផ្សំ​នាង​ពៅ​ឲ្យ​ជា​ជាយា​ចៅ​ខ្វាក់ ឲ្យ​សោយ​រាជ្យ​ជំនួស​ព្រះ​អង្គ ។ ដល់​ចៅ​ខ្វាក់​បាន​សោយ​រាជ្យ​ហើយ ឲ្យ​ចៅ​ខ្វិន​ធ្វើ​ជា​ឧបរាជ ត្បិត​ជា​មនុស្ស​កម្សត់​កម្រ​ផង​គ្នា ក៏​បាន​សេចក្ដី​សុខ​រៀង​រាប​ដរាប​ទៅ ។

ភ្នែក​សាច់​មិន​សម្រេច​ដូច​ភ្នែក​ប្រាជ្ញា