ប្រជុំរឿងព្រេងខ្មែរ/ភាគទី២/4


រឿង ចាបស្រុក​និង​ចាបព្រៃ




កាល​ពី​ព្រេង​នាយ មាន​ចាប​ស្រុក​និង​ចាប​ព្រៃ ដើរ​រក​ស៊ី​ដោយ​ពួក​ជា​រាល់​ថ្ងៃ ។ ខាង​ចាប​ស្រុក​មាន​មេបា​ប្រដៅ​ថា «បើ​រក​ស៊ី​កុំ​ជជែក​ឈ្លោះ​គ្នា ឲ្យ​ឮ​មាត់​គឹកកង​ឡើយ ឲ្យ​ប្រយ័ត្ន​ខ្លួន​បើ​ព្រាន​វា​វាយ​លប់​ត្រូវ​ឲ្យ​បបួល​គ្នា​ខំ​ហើរ​ទូល​លប់​ឲ្យ​របើក ដើម្បី​នឹង​ឲ្យ​រួច​រស់​ជីវិត ។ ពួក​ចាប​ស្រុក ក៏​ធ្វើ​តាម​ដំបូន្មាន​មេបា​ប្រដៅ តែង​ដើរ​រកស៊ី មិន​សូវ​ហ៊ាន​មាត់​ឲ្យ​ឮ​ជា​គឹកកង​ទេ ជួន​កាល​បើ​ព្រាន​វាយ​លប់​ត្រូវ ក៏​បបួល​គ្នា​ខំ​ហើរ​ទូល​លប់​ព្រាន បាន​រួច​ជីវិត​តែ​រៀង​ៗ​មក ។ មាន​កាល​ថ្ងៃ​១​ពួក​ចាប​ព្រៃ​និង​ចាប​ស្រុក​ហើរ​ចេញ​ទៅ​រក​ស៊ី ជួប​ប្រទះ​ហ្វូង​គ្នា នៅ​ដើម​ត្រែង​១ គុម្ព ។ ពួក​ចាប​ព្រៃ​ទំ​នៅ​ខាង​ក្រោម ពួក​ចាប​ស្រុក​ទំ​នៅ​ខាង​លើ ក៏​បាក់​មែក​ត្រែង​ពី​លើ​មក​ត្រូវ​ក្បាល​ចាប​ព្រៃៗ និយាយ​ប្រកាន់​ទៅ​ចាប​ស្រុក​ថា «ហេតុ​អី​ក៏​កាច់​មែក​ត្រែង​ទម្លាក់​មក​ឲ្យ​ត្រូវ​ក្បាល​ពួក​យើង?» ។ ចាប​ស្រុក​ក៏​បាន​ប្រាប់​ទៅ​ចាប​ព្រៃ​វិញ​ថា «យើង​មិន​បាន​កាត់​មែក​ត្រែង​ឲ្យ​បាក់​ត្រូវ​អ្នក​ឯង​ទេ គឺ​មែក​ត្រែង​វា​បាក់​ឯង​ធ្លាក់​មក​ទេ​តើ» ។ ពួក​ចាប​ព្រៃ​ជា​ពួក​ឥត​កាន់​ដំបូន្មាន​ មិន​ពិចារណា​ឲ្យ​ឃើញ​ខុស​ត្រូវ ក៏​បបួល​គ្នា​បង្ក​ហេតុ បង្កើត​ជា​ជម្លោះ​នឹង​ពួក​ចាប​ស្រុក ឮមាត់​ជា​គឹកកង​រំពង​ឡើង ។ ពួក​ព្រាន​ឮមាត់​ចាប​នៅ​គុម្ព​ត្រែង​នោះ​ច្រើន ក៏​យក​លប់​ទៅ​វាយ​ត្រូវ​ទាំង​អស់​គ្នា ។ ចាប​ទាំង​ពីរ​ពួក​នេះ បាន​ត្រូវ​លប់​ហើយ​ ក៏​នៅ​តែ​ជាប់​ឈ្លោះ​គ្នា​ទៀត ។ ចាប​ស្រុក​ពោល​ទៅ​ចាប​ព្រៃ​ថា «បើ​ពួក​ឯង​គ្រាន់​បើ ហេតុ​ម្ដេច​ក៏​មិន​បម្រះ​ឲ្យ​រួច​ពី​លប់​ទៅ» ។ ចាប​ព្រៃ​ក៏​ពោល​មក​រក​ចាប​ស្រុក​វិញ​ថា «បើ​ពួក​ឯង​គ្រាន់​បើ ហេតុ​ម្ដេច​ក៏​មិន​បម្រះ​ឲ្យ​រួច​ពី​លប់​នេះ​ទៅ» បាន​តែ​ពាក្យ​បញ្ជូន​គ្នា​ទៅ​វិញ​ទៅ​មក មិន​គិត​បម្រះ​ឲ្យ​រួច​ជីវិត​សោះ» ។ កំពុង​តែ​ឈ្លោះ​គ្នា ស្រាប់​តែ​ព្រាន​ក្រសោប​ឡើង ចាប់​បាន​ចាប​ទាំង​អស់ ក៏​ពិឃាដ​ក្ស័យ​អស់ ។ នេះ​ហើយ​ចាប​ស្រុក ជា​ពួក​ចាប​ល្អ តែ​ខក​ខ្លួន​មក​រក​ស៊ី​ជួប​ចូល​នឹង​ហ្វូង​ចាប​ព្រៃ ជា​ពួក​ចាប​ប្រព្រឹត្ត​អាក្រក់ ក៏​មាន​រឿង​ឈ្លោះ​គ្នា​ទាល់​តែ​ព្រាន​វាយ​លប់​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា ។

ចោទ​គេ​ដោយ​ស្មាន ត្រឡប់​បាន​ក្ដី​ទុក្ខ