ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/12


រឿង តាបស​លួច​មាស


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៣៥ - ៤០




មាន​និទាន​មួយ​ថា : មាន​អាស្រម​បទ​មួយ​នៅ​ទី​មួយ មាន​តាបស ៤ រូប គង់​ចម្រើន​មេត្តា​ភាវនា​ក្នុង​អាស្រមបទ​នោះ សុទ្ធ​តែ​យក​ខ្នង​ចូល​ក្នុង​បែរ​មុខ​ចេញ​ក្រៅ​ដូច​គ្នា គ្រប់​ទិស​ទាំង ៤ ។ ថ្ងៃ​មួយ មាន​ព្រាហ្មណ៍​ម្នាក់ យក​មាស ១ ម៉ឺន​តម្លឹង​ទៅ​សុំ​ផ្ញើ​នឹង​តាបស​ទាំង ៤ ៗ ឲ្យ​ព្រាហ្មណ៍​យក​មាស​ទៅ​ទុក​កណ្ដាល​អាស្រម រួច​ព្រាហ្មណ៍​នោះ​ដើរ​ចេញ​ទៅ ។ ឯ​តាបស​ទាំង ៤​រូប ដែល​ប្រែ​ក្រោយ​ឲ្យ​គ្នា​ចម្រើន​មេត្តា​ភាវនា​នោះ លុះ​យូរ​បន្តិច​ទៅ តាបស ១ រូប​ចូល​ទៅ​លួច យក​មាស​នោះ​ចេញ​មិន​ឲ្យ​តាបស​ទាំង ៣ រូប​ដឹង ។ ខាង​ក្រោយ​មក ព្រាហ្មណ៍​ម្ចាស់​មាស​ចូល​ទៅ​រក​តាបស​ទាំង ៤ សុំ​យក​មាស​វិញ ។ តាបស​ឲ្យ​ព្រាហ្មណ៍​ចូល​ទៅ​យក​មាស​ត្រង់​កន្លែង​ដែល​ទុក​នោះ ស្រាប់​តែ​បាត់​មាស ពុំ​ឃើញ ទើប​ព្រាហ្មណ៍​នាំ​តាបស​ទាំង ៤ រូប​ទៅ​ប្ដឹង​ចៅក្រម​តាម​ដំណើរ ។ ចៅក្រម​កាត់​សេចក្ដី​នេះ​មិន​ដាច់​ស្រេច ក៏​នាំ​ព្រាហ្មណ៍​និង​តាបស​ទាំង ៤ រូប​នោះ​ទៅ​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​តាម​រឿង​គ្រប់​ប្រការ​ ហើយ​ព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា “សូម​ព្រះ​រាជ​ទាន ខ្ញុំ​ព្រះបាទ​អម្ចាស់​យក​មាស ១ ម៉ឺន​តម្លឹង​ទៅ​ផ្ញើ​នឹង​តាបស​ទាំង ៤ ដែល​ចម្រើន​ភាវនា​នៅ​អាស្រមបទ​មួយ​នោះ តាបស​ទាំង ៤ នោះ​ទទួល​បញ្ញើ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ហើយ​ឲ្យ​យក​មាស​ទៅ​ទុក​នៅ​កណ្ដាល​អាស្រម ហើយ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ដើរ​ចេញ​ទៅ ” ។ លុះ​យូរ​បន្តិច​ទៅ​ខ្ញុំ​ព្រះបាទ​អម្ចាស់​វិល​មក​សុំ​យក​មាស​អំពី​តាបស​វិញ ពុំ​ឃើញ​មាស​នោះ​ឡើយ ទើប​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឲ្យ​តាបស​រក​មាស​ឲ្យ តាបស​រក​មាស​ពុំ​ឃើញ បាន​ជា​ខ្ញុំ​អម្ចាស់​នាំ​តាបស​ទាំង ៤ មក​ក្រាប​បង្គំ​ទូល​ព្រះបាទ​អម្ចាស់ សូម​ព្រះអង្គ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​រក​មាស​ឲ្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ត្បិត​ព្រះធរណី​ព្រះអង្គ​លួច​មាស​ខ្ញុំ​ព្រះបាទ​អម្ចាស់​បាត់ ” ។

ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​ដណ្ដឹង​ទៅ​តាបស​ទាំង ៤ ថា “ ហៃ​ព្រះស្ដែង​មហាឫសី ទាំង ៤ អើយ ! ដំណើរ​សេចក្ដី​ព្រះស្ដែង​នោះ​ដូចម្ដេច? ” ។ តាបស​ទាំង ៤ ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​ថា ព្រាហ្មណ៍​យក​មាស​ទៅ​ផ្ញើ​នឹង​អាត្មា​ទាំង ៤ ទុក​នៅ​កណ្ដាល​អាស្រម​នោះ ដូច​ព្រាហ្មណ៍​ក្រាប​ទូល​មែន ប៉ុន្តែ​អាត្មាភាព​អង្គុយ​ស្មិងស្មាធិ៍​បែរ​មុខ ចេញ​ផ្សេង ៗ ពី​គ្នា ពុំ​ដឹង​នរណា​ចូល​ទៅ​លួច​មាស​នោះ​ឡើយ សេចក្ដី​ទាំង​នេះ សូម​ព្រះអង្គ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​ហោង ” ។

ព្រះមហាក្សត្រ​ទ្រង់​ព្រះចិន្ដា​ពិចារណា ជាមួយ​នឹង​នាម៉ឺន​មុខ​មន្ត្រី នូវ​សេចក្ដី​វិនិច្ឆ័យ រក​មាស​នោះ​ពុំ​ឃើញ ព្រះអង្គ​ថប់​ចង្អៀត​ក្នុង​ព្រះរាជ ហឫទ័យ​មមៃ​ពុំ​ភ្លេច​ឡើយ ។ កាល​នោះ​មាន​ព្រះរាជ​បុត្រី​មួយ​ព្រះអង្គ ទ្រង់​ព្រះនាម​វិចិត្រសារី មាន​ប្រាជ្ញា​ឈ្លាសវៃ យល់​ធម៌អាថ៌​គ្រប់​ប្រការ ព្រះនាង​ទូល​ព្រះ​វរ​បិតា​ថា “ សេចក្ដី​នេះ សូម​ព្រះអង្គ​កុំ​ព្រួយ​ព្រះរាជហឫទ័យ​ឡើយ ខ្ញុំ​ម្ចាស់​វិនិច្ឆ័យ​រក​មាស​ថ្វាយ​បាន​ដូច​ព្រះ​ចិន្ដា ទើប​ព្រះនាង​ឲ្យ​ហៅ​តាបស​ទាំង ៤​នោះ​មក ហើយ​ព្រះនាង​នាំ​និទាន​ឲ្យ​តាបស​ទាំង ៤ ស្ដាប់​ថា “កាល​ពី​ព្រេងនាយ មាន​ស្រី​ក្រមុំ​ម្នាក់ ទៅ​រៀន​សិល្បសាស្ត្រ មន្តអាគម​នឹង​តាបស ១ រូប លុះ​រៀន​បាន​ចេះ​ស្រេច​ហើយ កាល​ដែល​នាង​លា​គ្រូ​ទៅ​ផ្ទះ​ម្ដាយ​វិញ​នោះ នាង​និយាយ​នឹង​តាបស​ជា​គ្រូ​ថា “ ខ្ញុំ​ឥត​អ្វី​នឹង​តប​ស្នង​គុណ​លោក​ជា​គ្រូ​ឡើយ ខ្ញុំ​សូម​មត់​ប្ដេជ្ញា​នឹង​លោក​គ្រូ​ថា បើ​ម្ដាយ​ខ្ញុំ​ឲ្យ​ខ្ញុំ​មាន​ប្ដី​កាល​ណា ខ្ញុំ​នឹង​លា​ប្ដី​ខ្ញុំ​មក​ឲ្យ​លោកគ្រូ​មក​ប្រតិព័ទ្ធ​នឹង​ខ្ញុំ ហើយ​ទើប​ខ្ញុំ​វិល​ទៅ​កាន់​ប្ដី​ខ្ញុំ​វិញ ” ។ នាង​មត់​ដូច្នេះ​ហើយ នាង​លា​គ្រូ​មក​នៅ​នឹង​ម្ដាយ លុះ​ម្ដាយ​ឲ្យ​នាង​មាន​ប្ដី នាង​ទៅ​នៅ​នឹង​ប្ដី​ពុំ​បាន​រួម​សុខ​ទុក្ខ​ឡើយ នាង​ប្រាប់​ប្ដី​នាង ដោយ​នូវ​ដំណើរ​ពាក្យ​ដែល​នាង​បាន​ប្ដេជ្ញា​នឹង​តាបស​នោះ​ហើយ នាង​លា​ប្ដី​នឹង​ទៅ​កាន់​តាបស​នោះ ឯ​ប្ដី​សោត​ពុំ​ឃាត់​ខាំង​ឡើយ បើក​ឲ្យ​នាង​ទៅ ទើប​នាង​ស្លៀក​ពាក់​តែង​គ្រឿង​ប្រដាប់​ស្អាង​អាត្មា ហើយ​លីលា​ទៅ ជួន​ជា​ជួប​នឹង​ខ្លា​ទោល ១ ប្រុង​ខាំ​នាង​ជា​អាហារ ទើប​នាង​ប្រាប់​ដោយ​ដំណើរ ដែល​នាង​លា​ប្ដី​ទៅ​រក​តាបស​ជា​គ្រូ​នោះ ហើយ​នាង​ថា “បើ​អញ​មក​អំពី​តាបស​ជា​គ្រូ​អញ​ហើយ អញ​នឹង​មក​ឲ្យ​ព្រះស្ដែង​ស៊ី​អញ​ហោង” នាង​ថា​ដូច្នោះ ខ្លា​ពុំ​ហ៊ាន​ស៊ី​នាង​ឡើយ បើក​ឲ្យ​នាង​ទៅ ។ នាង​ដើរ​អំពី​នេះ​ទៅ​បាន​ប្រទះ​នឹង​ចោរ, ចោរ​ប៉ុនប៉ង​នឹង​យក​គ្រឿង​ប្រដាប់​អំពី​នាង នាង​ប្រាប់​អំពី​ដំណើរ​ដែល​នាង​និយាយ​នឹង​ខ្លា​នោះ ហើយ​នាង​ថា “ បើ​អញ​មក​អំពី​តាបស​ជា​គ្រូ​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ដោះ​គ្រឿង​ប្រដាប់​អំពី​ខ្ញុំ​ឲ្យ​អ្នក​ហោង” ។ នាង​ថា​ដូច្នោះ​ចោរ​ពុំ​ហ៊ាន​យក​គ្រឿង​ប្រដាប់​អំពី​នាង​នោះ​ឡើយ​បើក​ឲ្យ​នាង​ទៅ លុះ​នាង​ទៅ​ដល់​តាបស​ជា​គ្រូ​ហើយ នាង​ថ្លែង​រំលឹក​អស់​ពាក្យ សត្យ​មត់​ប្ដេជ្ញា​នឹង​តាបស​នោះ ។ តាបស​ប្រាប់​នាង​ថា “ ហៃ​នាង​អើយ ! អញ​អរ​ណាស់, ឯ​ពាក្យ​សត្យ​ដែល​នាង​មត់​ប្ដេជ្ញា​នឹង​អញ​នោះ​ទៀង​ប្រាកដ​មែន តែ​អញ​ពុំ​មាន​ចិត្ត​ប្រតិព័ទ្ធ​នឹង​នាង​ឡើយ ត្បិត​នាង​មាន​ប្ដី​ហើយ រី​កាមេសុ​មិច្ឆាចារ​អញ​ពុំ​ប្រាថ្នា​ទេ ចូរ​នាង​ទៅ​កាន់​ប្ដី​នាង​វិញ​ចុះ ” ។ ទើប​នាង​ក្រាប​លា​តាបស​វិល​មក ដើរ​តាម​ផ្លូវ​ដដែល​មិន​ប្រទះ​ចោរ​នឹង​ខ្លា​នោះ​ឡើយ នាង​មក​ដល់​ប្ដី​នាង​ដោយ​ស្រួល ។ នាង​វិចិត្រសារី និទាន​ប្រស្នា​ទាំង ៤ ចំពូក​នេះ ឲ្យ​តាបស​ស្ដាប់​ហើយ ទើប​នាង​ដណ្ដឹង​ទៅ​តាបស​ទាំង ៤ ថា “ខ្ញុំ​និទាន​ប្រស្នា​ទាំង ៤ នោះ​ដូច្នេះ តើ​លោក​យល់​ថា​ចិត្ត​អ្នក​ឯណា​ប្រសើរ ? ” ។ តាបស​មួយ​ឆ្លើយ​ថា “អាច​ក្ដី​យល់​ថា ចិត្ត​ប្ដី​ដែល​បើក​ឲ្យ​ប្រពន្ធ​ទៅ​នោះ​ឯង​ប្រសើរ​លើស” ។ តាបស​មួយ​ឆ្លើយ​ថា “អាច​ក្ដី​យល់​ថា​ចិត្ត​ខ្លា ដែល​មាន​អំណត់​ស៊ូ​តែ​អត់​អាហារ​ពុំ​ខាំ​នាង​នោះ​ឯង​ប្រសើរ​លើស” ។ តាបស​មួយ​ឆ្លើយ​ថា “ឯ​អាច​ក្ដី​យល់​ថា ចោរ​ដែល​មាន​ចិត្ត​លោភ យល់​គ្រឿង​ពស្ត្រាភរណៈ​របស់​ដែល​គួរ​នឹង​យក ហើយ​ប្រែ​ខ្វែង​ជា​មាន​អំណត់​អត់​ពុំ​យក​ឡើយ នោះ​ឯង​ប្រសើរ​លើស” ។ តាបស​មួយ​ឆ្លើយ​ថា “ កាល​នាង​ទៅ​ដល់​តាបស​ជា​គ្រូ​ហើយ តាបស​នោះ​គួរ​តែ​ត្រេកអរ​សាទរ​ទទួល​នាង​ដូច​ពាក្យ​សត្យ​មត់​ប្ដេជ្ញា​នោះ តែ​តាបស​នោះ​មាន​អំណត់​អត់​ពុំ​ទទួល​យក បើក​នាង​ឲ្យ​ទៅ​កាន់​ប្ដី​វិញ ” ។

ព្រះនាង​វិចិត្រសារី ទ្រង់​ព្រះ​សណ្ដាប់​តាបស​ទាំង ៤ នោះ​ហើយ​ក៏​កត់​សម្គាល់​ថា តាបស​សរសើរ​ចិត្ត​ប្ដី​នោះ ជា​អ្នក​មាន​ចិត្ត​ច្រើន​ប្រច័ណ្ឌ, តាបស​ដែល​សរសើរ​ចិត្ត​ខ្លា ជា​អ្នក​មាន​ចិត្ត​ច្រើន​ប្រមាថ​អាយុ​សត្វ​ពុំ​គិត​ខ្លាច​បាប, តាបស​ដែល​សរសើរ​ចិត្ត​ចោរ​នោះ ជា​អ្នក​មាន​ចិត្ត​លោភ​ចង់​យក​ទ្រព្យ​របស់​គេ ហើយ​ព្រះនាង​យល់​ច្បាស់​ថា តាបស​នោះ​ឯង​លួច​មាស​ព្រាហ្មណ៍, ឯ​តាបស​មួយ​សរសើរ​ចិត្ត​តាបស​ជា​គ្រូ​នោះ ជា​អ្នក​មាន​ចិត្ត​ចង់​លួច​ប្រពន្ធ​គេ ។ ព្រះនាង​យល់​ដូច្នេះ​ហើយ​មាន​ព្រះបន្ទូល​ថា “ បពិត្រ​តាបស​ទាំង ៤ អើយ ! បើ​នរណា​មាន​ទ្រព្យ​របស់​មាស​ប្រាក់​រតនៈ​ច្រើន​ចូរ​ឲ្យ​មក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដោយ​ជា​ប្រពន្ធ​អ្នក​នោះ” ។ ឯ​តាបស​មួយ​ដែល​ស្រលាញ់​ចិត្ត​ចោរ​នោះ គិត​ស្មាន​ថា​នឹង​បាន​ព្រះនាង​ជា​ប្រពន្ធ ក៏​ទៅ​មាស​មួយ​ម៉ឺន​តម្លឹង​ដែល​ព្រាហ្មណ៍​ផ្ញើ​នោះ​មក​ថ្វាយ​ព្រះនាង ៗ ថា “តាបស​នោះ​ឯង លួច​មាស​ព្រាហ្មណ៍​មែន​ពិត​ហោង” ។ ព្រះ​នាង​ក៏​យក​មាស​នោះ ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ជា​ព្រះវរបិតា ទើប​ព្រះអង្គ​ឲ្យ​ហៅ​ព្រាហ្មណ៍​ជា​ម្ចាស់​មាស​នោះ​មក ព្រះអង្គ​ឲ្យ​យក​មាស​ទាំង ១ ម៉ឺន​តម្លឹង​នោះ ព្រះរាជ​ទាន​ទៅ​ព្រាហ្មណ៍​នោះ ។ ព្រាហ្មណ៍​នោះ​ក្រាប​ថ្វាយ​បង្គំ ទទួល​យក​តែ​មាស ៤ ពាន់​តម្លឹង ហើយ​លា​ទៅ​លំនៅ​អាត្មា​ហោង ។