ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/18

១៨- រឿង សត្វ​ឥន្ទ្រី និង​ក្រពើ​ដណ្ដើម​ដំរី​គ្នា​ស៊ី


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៦៣ - ៦៤




មាន​និទាន​មួយ​ថា : មាន​សត្វ​ឥន្ទ្រី​មួយ​នៅ​លើ​កោះ កណ្ដាល​សមុទ្រ ហើយ​មាន​ក្រពើ​មួយ​ធ្វើ​រូង​នៅ​លើ​កោះ​នោះ​ផង ។ សត្វ​ឥន្ទ្រី​នោះ​តែង​ទៅ​ឆាប​ដំរី​អំពី​ត្រើយ​សមុទ្រ​យក​មក​ឆី នៅ​ខាង​រូង​ក្រពើ​ជា​ប្រក្រតី ។ ថ្ងៃ​មួយ ក្រពើ​មើល​យល់​ឥន្ទ្រី​ពាំ​ដំរី​និង​ឆី​ហើយ ក្រពើ​នោះ​គិត​គ្នាន់​ក្នុង​ចិត្ត​ថា “ អញ​នឹង​ដណ្ដើម​សាច់​ដំរី​អំពី​ឥន្ទ្រី​ឆី ។ លុះ​ឥន្ទ្រី​ពាំ​ដំរី​មក​ដាក់​ដល់​ឋាន​ដែល​ធ្លាប់​តែ​បរិភោគ​រៀង​រាល់​ថ្ងៃ​នោះ ក្រពើ​នោះ​វា​ចេញ​អំពី​រូង​ឡើង​ទៅ​រក​ឥន្ទ្រី​ហើយ​សួរ​ថា “ ម្នាល​ឥន្ទ្រី ! ម្ដេច​ក៏​ព្រះស្ដែង​មក​លួច​សាច់​ដំរី​ជា​អាហារ​អញ ? ” ។ ឥន្ទ្រី​ឆ្លើយ​ថា “ ដំរី​នេះ​អញ​ឆាប​យក​មក​អំពី​ត្រើយ​សមុទ្រ​ជា​ប្រាកដ​ទើប​តែ​អម្បាញ់មិញ​នេះ​ឯង ម្ដេច​ក៏​ព្រះស្ដែង​ថា​អញ​លួច​អាហារ​ព្រះស្ដែង ? ” ។ ក្រពើ​និង​ឥន្ទ្រី​វិវាទ​គ្នា ប្រាថ្នា​ចង់​បាន​សាច់​ដំរី​ទៅ​វិញ​ទៅ​មក ពុំ​ដាច់​ស្រេច​ឡើយ ទើប​នាំ​គ្នា​ទៅ​ប្ដឹង​ពោធិសត្វ​ជា​តាបស​នៅ​ទី​នោះ ។ ក្រពើ​និង​ឥន្ទ្រី​ប្ដឹង​ដោយ​ដំណើរ​ទីទៃ ៗ ។ ក្រពើ​ថា “ ខ្ញុំ​ខាំ​ដំរី​នឹង​ឆី​នៅ​រូង​ខាង​រូង​លំនៅ​ខ្ញុំ ឥន្ទ្រី​នេះ​មក​ដណ្ដើម​សាច់​ដំរី នឹង​យក​ឆី​ជា​អាហារ​វា ” ។ ឥន្ទ្រី​ថា “ ដំរី​នេះ​ខ្ញុំ​ឆាប​អំពី​ត្រើយ​សមុទ្រ​ជា​ប្រាកដ ទើប​តែ​មក​ដល់ ខ្ញុំ​គិត​នឹង​ឆី ស្រាប់​តែ​ក្រពើ​នេះ​វា​វារ​ឡើង​អំពី​រូង ទៅ​ថា “ ខ្ញុំ​លួច​ចំណី​អាហារ​វា ” ទាំង​នេះ​សូម​ព្រះអង្គ​ពិចារណា​ឲ្យ​ខ្ញុំ​ហោង ” ។ ទើប​តាបស​មក​មើល​ដល់​ទី​កន្លែង​ដំរី​ឃើញ​តែ​ស្នាម​ក្រចក​ឥន្ទ្រី ពុំ​ឃើញ​ចង្កូម​ក្រពើ​នោះ​ឡើយ ព្រះអង្គ​យក​ក្រចក​ឥន្ទ្រី​មក​ផ្ទាប់​មើល​យល់​ថា​មែន ។ តាបស​ថា “ឥន្ទ្រី​នេះ​យល់​ជា​មាន​សាក្សី​មែន​ពិត ឯ​ក្រពើ​ឥត​សាក្សី​អ្វី​ឡើយ" ទើប​កាត់​សេចក្ដី​នោះ​ឲ្យ​ក្រពើ​ចាញ់​ឥន្ទ្រី ។ តាបស​កាត់​សេចក្ដី​ដូច្នេះ ហៅ​ថា​សុគតិគមនំ​ហោង ។