ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/27

រឿង ដូន​ចាស់​ដាំ​ដើម​ឃ្លោក​សាដៀវ




មាននិទានមួយថា : មានដូនចាស់មួយដាំឃ្លោកសាដៀវដុំឡើង ទើបនឹងបែកសន្លឹក ២ មានបុរសម្នាក់មកដណ្ដឹងទិញឃ្លោកនោះឲ្យថ្លៃ ១ កហាបណៈហើយដើរទៅលំនៅវិញបាត់ ។ ដូនចាស់រក្សាឃ្លោកនោះ លុះឃ្លោកផ្លែ មានបុរសម្នាក់ដទៃមកដណ្ដឹងទិញឃ្លោកនោះទៀត ដូនចាស់ថា “ឃ្លោកនេះគេទិញអស់ហើយ អញលក់ឲ្យចៅម្ដេចបាន” ។ បុរសនោះថា “គេទិញពីកាលណា ? ” ។ ដូនចាស់ថា “កាលដុះបែកសន្លឹក ២” ។ បុរសនោះសួរទៀតថា “គេទិញដូននោះតើឲ្យថ្លៃប៉ុន្មាន ? ” ។ ដូនថា “ កាលគេមកទិញនោះគេឲ្យថ្លៃ ១ កហាបណៈ ” ។ បុរសនោះថា “ គេទិញតែដើមទេ ឥឡូវខ្ញុំយកថ្លៃឃ្លោកជូន ព្រោះបានទិញហើយ ”។ ដូនចាស់ថា “ចៅអើយ ! អ្នកទិញមុនគេយកផ្លែនោះឯង” ។ ចៅនោះថា “លែងតែលក់ឲ្យខ្ញុំចុះ ខ្ញុំឲ្យថ្លៃជូន ២ កហាបណៈ” ។ ដូនចាស់អរនឹងប្រាក់នោះ ក៏លក់ឃ្លោកនោះទៅ ។ បុរសនោះទិញបានផ្លែឃ្លោកហើយ ក៏នៅចាំរក្សាឃ្លោកនោះ លុះដល់ធំក៏បេះយកទៅធ្វើសាដៀវ ហើយដេញលេងនៅលំនៅអាត្មាឯង ។ ឯបុរសទិញដើមឃ្លោកអំពីមុន ដើរទៅឮបុរសនោះដេញសាដៀវពីរោះ ក៏ចូលទៅដណ្ដឹងថា “បានឃ្លោកសាដៀវនេះពីណា ?” ។ បុរសដេញសាដៀវថា “អញទិញគេ” ។ ចៅមួយដណ្ដឹងទៀតថា “ចៅទិញពីណា? ”។ ចៅម្ចាស់សាដៀវថា “ទិញអំពីដូនចាស់ ”។ ចៅទិញដើមឃ្លោកមុនថា “ ម្ដេចក៏ចៅលួចផ្លែឃ្លោកអញ ? ” ។ ឯចៅម្ចាស់សាដៀវថា “ អញទិញពីដូនចាស់នោះ ត្រឹមត្រូវតាមច្បាប់ ម្ដេចក៏ចៅថា “អញលួចឃ្លោកចៅឯង ? បើដូច្នេះយើងនឹងគ្នាទៅដណ្ដឹងដូនចាស់ម្ចាស់ឃ្លោកនោះ ” ទើបចៅទាំង ២ នាក់នាំគ្នាទៅដល់ដូនចាស់នោះ ហើយសួរថា “ ដូនលក់ផ្លែឃ្លោកឲ្យចៅនេះមែនឬ ? ” ។ ដូនចាស់ថា “ លក់មែន ” ។ ចៅម្ចាស់ឃ្លោកដែលទិញពីមុននោះថា ម្ដេចក៏ដូនលក់ផ្លែឃ្លោកខ្ញុំ ? ។ កាលបើដូច្នេះចៅទាំង ២ នាំគ្នាទៅគាល់ព្រះមហាក្សត្រ សូមទ្រង់កាត់សេចក្ដីនោះ ។ ទើបព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាហើយមានព្រះបន្ទូលថា “ព្រះស្ដែងទិញមុនគេនោះ ទិញតែដើមទេ ហើយដើរទៅបាត់ទៅពុំនៅរក្សាផ្លែឃ្លោកនោះ ត្រូវបានទៅព្រះស្ដែងដែលទិញក្រោយនោះឯង ” ។ ទ្រង់ព្រះវិនិច្ឆ័យដូច្នេះ ហៅសុគតិគមនំហោង ។ បុរសទាំង ២ សុខចិត្តក៏ក្រាបបង្គំលាទៅកាន់ផ្ទះអាត្មាទីទៃ ៗ ។ ”