ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/35

រឿង បុរស ២ នាក់ តាម​ខ្ញុំ​រត់




មាន​និទាន​មួយ​ថា : មាន​បុរស ២ នាក់​ ម្នាក់​តាម​ខ្ញុំ​រត់ ម្នាក់​តាម​គោ​រត់ ទៅ​ប្រទះ​គ្នា​លើ​ស្ពាន ។ បុរស​ម្នាក់​និយាយ​ថា “ ត្រូវ​ឯង​ចៀស​អញ ៗ តាម​ខ្ញុំ​រត់​បាត់ ” ។ បុរស​ម្នាក់​ថា “ ត្រូវ​ឯង​ចៀស​អញ ៗ តាម​គោ​រត់​បាត់ ” ។ បុរស​ទាំង ២ នាក់​ពុំ​ចៀស​គ្នា​ឡើយ នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ៗ មិន​អាច​ជំនុំ​ជម្រះ​សេចក្ដី​នោះ​បាន ក៏​បណ្ដេញ​ចៅ​ទាំង ២ នាក់​ថា “ ឯង​ជា​ម្ចាស់​ខ្ញុំ​រត់ ត្រូវ​ទៅ​តាម​ខ្ញុំ​ទៅ ឯ​ម្ចាស់​គោ​រត់ ត្រូវ​ទៅ​តាម​គោ​ទៅ ” ចៅ​ទាំង ២ នាក់​ពុំ​សុខ​ចិត្ត​ឡើយ ទើប​ចៅ​ក្រម​នាំ​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ដោយ​នូវ​ដំណើរ​នោះ ។ ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​សួរ​ថា “ ហេតុ​អ្វី​ក៏​ព្រះ​ស្ដែង ទាំង ២ នាក់​កើត​ក្ដី​នឹង​គ្នា ? ” ។ ចៅ​ម្នាក់​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ! ខ្ញុំ​ព្រះ​បាទ​អម្ចាស់​តាម​ខ្ញុំ​រត់ ” ។ ចៅ​ម្នាក់​ទៀត ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​តាម​គោ​រត់ ” ។ ទ្រង់​សួរ​ទៀត​ថា “ កាល​គោ​ព្រះ​ស្ដែង​រត់ តើ​វា​សួ​លើ​ស្ពាន ឬ​វា​ហែល​ទឹក ? ” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ គោ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ ហែល​ទឹក ” ។ “ ចុះ​ខ្ញុំ​ព្រះ​ស្ដែង​នេះ តើ​វា​ដើរ​លើ​ស្ពាន​ឬ​ហែល​ទឹក ? ” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វា​សួរ​លើ​ស្ពាន​ដើរ​ទៅ ” ។ ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ចៅ​តាម​គោ​នោះ​សង​ខ្ញុំ​គេ ត្បិត​ខ្ញុំ​រត់​នោះ​វា​ដើរ​សួរ​លើ​ស្ពាន​ទៅ ឯ​គោ​រត់​នោះ​វា​សួ​លើ​ស្ពាន​ពុំ​បាន​ឡើយ ។ ចៅ​ទាំង ២ នាក់​ចូល​ចិត្ត​ហើយ​ក្រាប​បង្គំ​លា នាំ​គ្នា​ទៅ​កាន់​ទី​លំនៅ​ទីទៃ ៗ ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ​ហោង ។