ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/37

រឿង បុរស ២ នាក់ ទាស់​គ្នា​ពី​ការ​ជីក​អណ្ដូង




មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស ២ នាក់​នាំ​គ្នា​ទៅ​ជីក​អណ្ដូង លុះ​ជីក​ជ្រៅ​ទៅ​ប្រទះ​ឃើញ​មាស​មួយ​ពិន្ទង គឺ​បុរស​មួយ​ជីក​ត្រូវ​មាត់​ពិន្ទង​ម្ខាង បុរស​មួយ​ទៀត ក៏​ជីក​ត្រូវ​មាត់ ពិន្ទង​ម្ខាង​ដែរ ហើយ​បារ​យក​មាស​មក​ចែក​ស្មើ​គ្នា នៅ​តែ​ពិន្ទង​ដែល​ដាក់​មាស ចែក​គ្នា​មិន​ដាច់​ស្រេច​សោះ ចៅ​មួយ​ថា “ ត្រូវ​ឲ្យ​ពិន្ទង​នេះ​មក​អញ ” ។ ឯ​ចៅ​មួយ​ថា “ អញ​ជីក​ត្រូវ​ស្មើ​គ្នា​ដែរ ម្ដេច​ក៏​ត្រូវ​បាន​តែ​ម្នាក់​ឯង គួរ​បាន​អញ​ផង ” ។ ចៅ​ទាំង​ពីរ​នាក់​ប្រកែក​ជជែក​គ្នា​ពុំ​ដាច់​ស្រេច ទើប​នាំ​សេចក្ដី​ទៅ​ប្ដឹង​ចៅ​ក្រម ៗ ជម្រះ​ជំនុំ​ទៅ​ថា “ ត្រូវ​បំបែក​ពិន្ទង​នេះ ចែក​គ្នា ” ។ ចៅ​ទាំង​ពីរ​នាក់​ពុំ​សុខ​ចិត្ត ទើប​ចៅ​ក្រម​នាំ​ចៅ​ទាំង ២ នាក់ ឡើង​ទៅ​ក្រាប​ទូល​ព្រះ​មហាក្សត្រ​តាម​ដោយ​ដំណើរ​នោះ ។ ព្រះ​មហាក្សត្រ​ទ្រង់​មាន​ព្រះ​បន្ទូល​ដណ្ដឹង​ទៅ​ចៅ​ទាំង ២ នាក់​នោះ ថា “ មាស​និង​ពិន្ទង​នេះ ព្រះ​ស្ដែង​បាន​មក​ពី​ណា ? ” ។ ចៅ​ទាំង​ពីរ​នាក់​ក្រាប​បង្គំ​ទូល​ព្រម​គ្នា​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ត្បិត​ខ្ញុំ​ព្រះ​បាទ អម្ចាស់​ទាំង ២ នាក់​នេះ នាំ​គ្នា​ទៅ​ជីក​អណ្ដូង​ត្រូវ​លើ​មាត់​ពិន្ទង​មាស​ព្រម​គ្នា ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ត្រាស់​ដណ្ដឹង​ទៅ​ទៀត​ថា “ កាល​ព្រះ​ស្ដែង​ទៅ​ជីក​អណ្ដូង​នោះ តើ​នរណា​បបួល​ទៅ​ជីក​មុន ? ” ។ ចៅ​មួយ​ក្រាប​ទូល​ថា “ ចៅ​នេះ​បបួល​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មុន ” ។ ឯ​ចៅ​មួយ​ក៏​ក្រាប​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បបួល​ចៅ​នេះ​មែន ” ។ ព្រះ​មហាក្សត្រ​ទ្រង់​យល់​ថា “ ចៅ​អ្នក​បបួល​មុន​នោះ ត្រូវ​បាន​ចំណែក​លើស​គេ ” ហើយ​ព្រះ​អង្គ​ឲ្យ​យក​មាស​នោះ​មក​ចែក​ជា ៣ ភាគ ភាគ ២ និង​ពិន្ទង​នោះ ឲ្យ​បាន​ទៅ​ចៅ​ដែល​បបួល​នោះ ១ ភាគ​ទៀត​ឲ្យ​បាន​ទៅ​ចៅ​ដែល​គេ​បបួល​នោះ ។

ព្រះ​មហាក្សត្រ​ទ្រង់​វិនិច្ឆ័យ​សេចក្ដី​ដូច្នេះ​ហើយ ចៅ​ទាំង​ពីរ​នាក់​សុខ​ចិត្ត ក៏​ថ្វាយ​បង្គំ​លា​ទៅ​ផ្ទះ​អាត្មា​ទីទៃ ៗ ហោង ។