ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/39

៣៩- រឿង បុរស​ដេក​ក្នុង​សាលា




មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស​ម្នាក់​ដេក​លក់​លើ​សាលា, មាន​ចោរ​ម្នាក់​លួច​គោ​គេ ៗ ដេញ​វា ៗ រត់​ទៅ​កាន់​សាលា​នោះ ។ ឯ​បុរស​ដែល​ដេក​លើ​សាលា​ភ្ញាក់​ឡើង ឃើញ​ចោរ​នោះ ក៏​ចុះ​ទៅ​ចាប់​បាន ។ លុះ​ម្ចាស់​គោ​តាម​ទៅ​ទាន់​ចោរ​ប្រាប់​ទៅ​ម្ចាស់​គោ​ថា “ ចៅ​នេះ​ឯង​លួច​គោ​អ្នក ” ។ បុរស​ដេក​លើ​សាលា​ថា “ ចៅ​ឯង​លួច​គោ​គេ អញ​ចាប់​បា ទេ​តើ ! ម្ដេច​ក៏​ថា​អញ​លួច​ទៅ​វិញ ” ។ ឯ​ម្ចាស់​គោ​ឃើញ​ដូច្នោះ នឹង​ចាប់​តែ ១ ខ្លាច​ត្រូវ​លើ​អ្នក​ដែល​ពុំ​មែន​ជា​ចោរ ទើប​ចាប់​ទាំង ២ នាក់​ទៅ​ប្ដឹង​ចៅ​ក្រម ៗ ជំនុំ​ពិចារណា​ទៅ ឃើញ​ថា មាន​ពាក្យ​ប្រកែក​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក ស្មើ​គ្នា ពុំ​លើស​ម្ខាង ៗ ពុំ​អាច​ជំនុំ​ជម្រះ​កាត់​សេចក្ដី​នេះ​បាន ក៏​នាំ​ឡើង​គាល់​ព្រះ​មហាក្សត្រ​តាម​ដំណើរ​នោះ ។ ព្រះ​មAហាក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា ហើយ​ឲ្យ​យក​ចៅ​ទាំង ២ នាក់​នោះ ទៅ​ចង​ឲ្យ​មូស​ខាំ ឲ្យ​អាមាត្យ​ទៅ​លប​ចាំ​ស្ដាប់​ពាក្យ​ចៅ​ទាំង ២ នាក់​នោះ ។ ឯ​បុរស​ដេក​លើ​សាលា​នោះ​ថា “ ព្រោះ​តែ​ឯង​ជា​ចោរ​លួច​គោ​គេ បាន​ជា​គេ​ចង​អញ​ឲ្យ​មូស​ខាំ ” ។ ចោរ​ថា “ អញ​លួច​មែន តែ​អ្នក​ឯង​ដេក​នៅ​សុខ ៗ ម្ដេច​ក៏​មក​ចាប់​អញ ព្រោះ​តែ​ចៅ​ឯង​ចាប់​អញ បាន​ជា​គេ​ចាប់​ចង​ទាំង​អញ​ទាំង​ឯង បើ​ចៅ​កុំ​ចាប់​អញ ​ប្រហែល​ជា​គេ​មិន​ចាប់​ចង​ដូច្នេះ​ទេ ចៅ​នឹង​បន្ទោស​នរណា ” ។ អាមាត្យ​ក៏​កត់​តាម​ដំណើរ​ពាក្យ​ចៅ​ទាំង ២ នាក់​នោះ ហើយ​នាំ​ឡើង​ក្រាប​ទូល​ព្រះ​មហាក្សត្រ ទ្រង់​ព្រះ​បញ្ជា​ឲ្យ​ពិន័យ ១ ជា ៤ ឲ្យ​យក​ទ្រព្យ​ដើម​ចេញ ហើយ​ចែក​ក្រយា​ពិន័យ​នោះ​ជា ៣ ភាគ, ១ ភាគ ឲ្យ​បាន​ទៅ​ចៅ​ម្ចាស់​គោ, ២ ភាគ​ឲ្យ​បាន​ទៅ​ចៅ​ដែល​ដេក​នៅ​លើ​សាលា​ចាប់​បាន​ចោរ​នោះ ដោយ​ទ្រង់​យល់​ថា ព្រោះ​តែ​បុរស​នោះ​ចាប់​ជាប់​ទើប​ម្ចាស់​គោ​តាម​ទាន់ ហេតុ​នេះ​ត្រូវ​ឲ្យ​បាន​ក្រយា​ពិន័យ ២ ភាគ ។

ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ប្រកប​ដោយ​សុចរិត​យុត្តិធម៌​ដូច្នេះ ហើយ​បុរស​ទាំង​នោះ​ក្រាប​បង្គំ​លា​នាំ​គ្នា​ទៅ​ផ្ទះ​អាត្មា​ទីទៃ​ហោង ។