ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/42

រឿង ស្រី ២ នាក់​ដណ្ដើម​កូន​គ្នា




មាន​និទាន​មួយ​ដំណាល​ថា : មាន​ស្រី ២ នាក់​មាន​កូន​ដូច​គ្នា ។ បណ្ដា​នាង​ទាំង ២ នាក់​នោះ ស្រី ១ កូន​ស្លាប់ ស្រី ១ ទៀត​កូន​រស់ ស្រី​នោះ​ព​កូន​ទៅ​ផ្ងូត​ទឹក ។ ឯ​ស្រី​កូន​ស្លាប់​នោះ​ដើរ​មក​ជួប ហើយ​និយាយ​ថា “ នាង​អើយ ! កូន​នាង​ដូច​កូន​អញ អញ​សុំ​ថើប​កូន​នាង​បន្តិច ” ។ ស្រី​ម្ដាយ​ក៏​ឲ្យ​កូន​នោះ​ទៅ ស្រី​នោះ​ទទួល​យក​មក​ថើប​បំបៅ​ហើយ​ឡើង​ដើរ​នឹង​កូន​នោះ​ទៅ​កាន់​លំនៅ​របស់​វា ។ ស្រី​ម្ដាយ​ស្រែក​ថា “ នាង​អើយ ! នាង​យក​កូន​អញ​ទៅ​ណា ? ” ស្រី​នោះ​ថា “ កូន​អញ​ទេ​តើ ម្ដេច​ថា​កូន​ឯង ” ។ ស្រី​ទាំង ២ នោះ​ឈ្លោះ​ប្រកែក​ដណ្ដើម​កូន​គ្នា ទៅ​វិញ​ទៅ​មក មិន​ដាច់​ស្រេច​សោះ ហើយ​ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ។ ស្រី​ដែល​ដណ្ដើម​កូន​គេ​នោះ​ប្ដឹង​ថា “ សូម​ទាន ! នាង​ខ្ញុំ​ព​កូន​មក មេ​នោះ​ឃើញ​កូន​នាង​ខ្ញុំ ក៏​ដើរ​តាម​មក​ថា​ជា​កូន​របស់​វា ” ។ ស្រី​ជា​ម្ដាយ​ប្ដឹង​ថា “ នាង​ខ្ញុំ​ព​កូន​មក​ផ្ងូត​ទឹក មេ​នេះ​ដើរ​មក​អំពី​ឯ​ណា​មិន​ដឹង ឃើញ​កូន​នាង​ខ្ញុំ ថា​ដូច​កូន​វា ៗ និយាយ​សុំ​អំពី​នាង​ខ្ញុំ​យក​ទៅ​ថើប លា​ដៃ​មក​រក​ខ្ញុំ ៗ ក៏​ឲ្យ​កូន​ទៅ​ថើប​ហើយ​វា​ព​បំបៅ​នាំ​កូន​នាង​ខ្ញុំ​រត់​ទៅ សូម​លោក​ពិចារណា​ឲ្យ​ខ្ញុំ​ហោង ” ។ ឯ​ចៅ​ក្រម​ជំនុំ​ពិចារណា​អស់​រាត្រី ៣ ក៏​ពុំ​យល់​ប្រាកដ​ជា​កូន​នាង​ណា​ឡើយ នឹង​កាត់​សេចក្ដី​នេះ​ពុំ​បាន ទើប​នាំ​ស្រី​ទាំង ២ នាក់​ ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ដោយ​នូវ​ដំណើរ​នោះ ។ ព្រះ​មហាក្សត្រ​ទ្រង់​ជ្រាប សព្វ​គ្រប់​ដោយ​ដំណើរ​នោះ​ហើយ ទើប​ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា ដោយ​នូវ​ព្រះ​ប្រាជ្ញា​ពិសេស លុះ​ឈ្វេង​យល់​ហើយ ទ្រង់​ត្រាស់​ឲ្យ​យក​កូន​នោះ​ទៅ​ដាក់​នៅ​កណ្ដាល ឲ្យ​ស្រី​ទាំង ២ នាក់​ដណ្ដើម​គ្នា​វា “ បើ​នរណា​ដណ្ដើម​យក​បាន ឲ្យ​អ្នក​នោះ​យក​កូន​នោះ​ចុះ ” កាល​បើ​ដូច្នោះ​ស្រី​ទាំង ២ ក៏​ចូល​ទៅ​ដណ្ដើម​គ្នា ។ ស្រី​កូន​ស្លាប់​ក៏​ចាប់​យួរ​យក​ភ្លាម ពុំ​គិត​បាក់​បែក​រហែក​ដៃ​ជើង ដោយ​ឥត​មេត្តា​ករុណា​ក្មេង​នោះ​ឡើយ ។ ឯ​ស្រី​ជា​ម្ដាយ​ខឹង​នឹង​មេ​នោះ​ខ្លាំង​ណាស់ តែ​មាន​ចិត្ត​អាណិត​អាសូរ​កូន​នោះ​ក្រៃ​ពេក ក៏​ដើរ​ចូល​ទៅ​ថ្នម​ឱប​ក្រសោប​យក​កូន​ដោយ​បបក់​ព្រលឹង, លុះ​ឃើញ​ស្រី​នោះ​វា​ខំ​ពុះ​ពារ​ប្រវា​ចាប់​កូន​ពុំ​គិត​បាក់​ឆ្អឹង​ដូច្នោះ ក៏​លែង​កូន​ចេញ បាន​កូន​ទៅ​ស្រី​ម្នាក់​នោះ​ទៅ ។ ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​ថា “ នាង​ដែល​លែង​កូន​ឲ្យ​បាន​ទៅ​គេ​នោះ ជា​ម្ដាយ​ពិត ហេតុ​ត្បិត​មាន​ចិត្ត​អាសូរ​ករុណា​កូន, ស្រី​ដែល​ដណ្ដើម​កូន​បាន​ទៅ​នោះ ពុំ​មែន​ជា​ម្ដាយ​ពិត​ទេ ព្រោះ​ឥត​មាន​ចិត្ត​អាណិត​អាសូរ​កូន​បន្តិច​សោះ ខំ​ដណ្ដើម​យក​តែ​ឈ្នះ​ដៃ ” ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ ក៏​ទ្រង់​កាត់​សេចក្ដី​ឲ្យ​បាន​កូន​នោះ​ទៅ​ស្រី​ជា​ម្ដាយ​វិញ ។ ឯ​ស្រី​ដែល​ដណ្ដើម​កូន​នោះ ព្រះ​អង្គ​ឲ្យ​ផ្ដន្ទា​ទោស​ផ្ចាញ់​ផ្ចាល​​ឲ្យ​រាង​ចាល​ហោង ។