ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/43

រឿង ស្រី​ស្មោះ​ត្រង់​នឹង​ស្វាមី




មាន​និទាន​មួយ​ដំណាល​ថា : នៅ​ក្នុង​នគរ ១ នោះ មាន​សេដ្ឋី ២ នាក់ សេដ្ឋី​ម្នាក់​មាន​កូន​ស្រី សេដ្ឋី​ម្នាក់​ទៀត​មាន​កូន​ប្រុស ។ សេដ្ឋី​ទាំង ២ នាក់​ផ្សំ​ផ្គុំ​កូន​ប្រុស​ស្រី​របស់​ខ្លួន​ឲ្យ​បាន​ជា​ស្វាមី​ភរិយា ។ គាប់​ចួន​ជា​នគរ​នោះ​កើត​ចលាចល​បះ​បោរ ហើយ​សេដ្ឋី​ទាំង ២ នាក់ ក៏​បែក​ខ្ចាត់​ខ្ចាយ​ចេញ​ទៅ​នៅ​កន្លែង​ទីទៃ ៗ ពី​គ្នា ។ ត​មក​សេដ្ឋី​មាន​កូន​ស្រី​ក៏​ផ្សំ​ផ្គុំ​កូន​ស្រី​នោះ​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៅ កូន​ស្រី​ក៏​ព្រម​យក​ប្ដី​នោះ​មិន​ប្រកែក ។ នាង​នោះ​បាន​ទៅ​នៅ​នឹង​ប្ដី​ហើយ​ប្រាប់​ប្ដី​ថា “ ឪពុក​ខ្ញុំ​បាន​ផ្សំ​ផ្គុំ​ឲ្យ​មាន​ប្ដី​ពី​មុន​រួច​ម្ដង​ហើយ តែ​មិន​ទាន់​ទាំង​បាន​នៅ​រួម​គ្នា​ផង ស្រាប់​តែ​អ្នក​មក​បាន​ខ្ញុំ​ជា​ភរិយា ” ដោយ​ខ្ញុំ​មិន​ទាន់​បាន​ដោះ​ពាក្យ​ប្ដេជ្ញា​នឹង​ប្ដី​មុន​នោះ​នៅ​ឡើយ ឥឡូវ​នេះ​ខ្ញុំ​សូម​លា​អ្នក​ទៅ​ដោះ​ពាក្យ​ប្ដេជ្ញា​នឹង​ប្ដី​ដើម​នោះ​សិន តែ​បើ​អ្នក​បើក​ឲ្យ​ទៅ ទើប​ខ្ញុំ​ហ៊ាន​ទៅ បើ​អ្នក​ពុំ​បើក​ឲ្យ​ទៅ​ទេ ខ្ញុំ​ក៏​មិន​ហ៊ាន​ទៅ​ដែរ ” ។ ប្ដី​នោះ​ឆ្លើយ​ថា “ យើង​ស្មាន​ថា​នាង​នៅ​ទំនេរ ឥត​ប្ដី​ទេ, បើ​នាង​មាន​ស្វាមី​អំពី​មុន​រួច​មក​ហើយ​ដូច្នោះ ចូរ​នាង​ទៅ​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​ដើម​ឲ្យ​ជ្រះ​ស្រឡះ​សិន​ចុះ យើង​មិន​ឃាត់​ឃាំង​នាង​ឡើយ ” លុះ​នាង​បាន​អនុញ្ញាត​ពី​ប្ដី​ដូច្នោះ ហើយ​ក៏​តាក់​តែង​ស្អិត​ស្អាង​រាង​កាយ ដោយ​គ្រឿង​ប្រដាប់​សម្រាប់​អាត្មា រួច​ស្រេច​ហើយ ក៏​លីលា​ចេញ​ទៅ សំដៅ​ទៅ​រក​កូន​សេដ្ឋី​ជា​ប្ដី​ដើម​នោះ ស្រាប់​តែ​ពើប​ពះ​ប្រទះ​នឹង​ខ្លា​ធំ​ដែល​អត់​អាហារ ៧ ថ្ងៃ​មក​ហើយ ។ ខ្លា​លោត​ទៅ ប្រុង​នឹង​ចាប់​នាង​ឆី​ចម្អែត​ពោះ​អាត្មា ។ នាង​រ៉ាយរ៉ាប់​រឿង​នាង​ឲ្យ​ខ្លា​ស្ដាប់​សព្វ​គ្រប់ ខ្លា​ក៏​បើក​លែង​នាង​ឲ្យ​ត្រាច់​ទៅ​ដោយ​ស្រួល ។ ឯ​នាង​ខំ​ស្រូត​ដើរ​ទៅ​អំពី​នោះ បន្តិច​ទៅ​បាន​ជួប នឹង​ចោរ ៧ នាក់ ។ ចោរ​ឃើញ​នាង​នោះ​មាន​គ្រឿង​ប្រដាប់​សម្រាប់​អាត្មា សុទ្ធ​តែ​ជា​របស់​មាន​តម្លៃ ក៏​គិត​គ្នា​នឹង​ទៅ​ចាប់​នាង​យក​អីវ៉ាន់​អស់​នោះ ។ នាង​ក៏​និយាយ​សាសព្ទ​ប្រាប់​ចោរ​តាម​ដំណើរ​នោះ​សព្វ​គ្រប់ ។ ពួក​ចោរ​បាន​ស្ដាប់​ដូច្នោះ មិន​យក​ទ្រព្យ​ទាំង​នោះ​ឡើយ បើក​ឲ្យ​នាង​ទៅ​ដោយ​ស្រួល ។ កាល​នាង​បាន​របូត​ពី​កណ្ដាប់​ដៃ​ចោរ​នោះ​ហើយ ក៏​ខំ​ដើរ​ត្រាច់​រង្គាត់​ទៅ​រហូត​ដល់​ទី​លំនៅ​ប្ដី​ដើម ៗ នោះ​ស្គាល់​ច្បាស់ សួរ​ថា នាង​មក​មាន​ការ​អ្វី ? ” ។ នាង​អង្គុយ​ប្រណិប័តន៍​ក្នុង​ទី​ស្ងាត់ ជម្រាប​ថា : សេដ្ឋី​ឪពុក​ខ្ញុំ បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​ជា​ភរិយា​អ្នក​អំពី​មុន​រួច​មក​ហើយ ឥឡូវ​នេះ​ឪពុក​លើក​ខ្ញុំ​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៀត, ឯ​ខ្ញុំ​មិន​ទាន់​បាន​ជម្រាប​លា​ពាក្យ​ប្ដេជ្ញា​របស់​អ្នក​ជា​ស្វាមី​ដើម ឲ្យ​បាន​ជ្រះ​ស្រឡះ​ដូច្នេះ បើ​ស្វាមី​បើក​ឲ្យ​ខ្ញុំ​ទៅ ខ្ញុំ​ក៏​ទៅ បើ​ស្វាមី​ពុំ​ព្រម​បើក​ឲ្យ​ខ្ញុំ​ទៅ​ទេ ខ្ញុំ​ក៏​ពុំ​ហ៊ាន​ទៅ​ដែរ ” ។ ចៅ​នោះ​ឆ្លើយ​ឡើង​ថា “ នាង​មាន​ចិត្ត​ស្មោះ​ចំពោះ​មក​ដល់​ខ្ញុំ​ ៗ ត្រក​អរ​ណាស់​រក​អ្វី​ប្រៀប​ពុំ​បាន តែ​ឥឡូវ​នេះ​បើ​ឪពុក​នាង​លើក​នាង​ឲ្យ​មាន​ប្ដី​ហើយ ខ្ញុំ​នឹង​ទៅ​តវ៉ា​ប្រាថ្នា​នាង​ជា​ប្រពន្ធ​ពុំ​បាន​ឡើយ ចូរ​នាង​ទៅ​កាន់​ប្ដី​នាង​ចុះ ” ។ នាង​សំពះ​លា​ចៅ​នោះ​ត្រលប់​ទៅ​ផ្ទះ​វិញ ។ កាល​នាង​ដើរ​តាម​ផ្លូវ​មក គាប់​ចួន​ជា​ពើប​ពះ​ប្រទះ​នឹង​ចៅ​ម្នាក់ កំពុង​ដើរ​ទេស​រក​ប្រពន្ធ បាន​ឃើញ​នាង​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ស្អាត មាន​ទាំង​គ្រឿង​ប្រដាប់​ដ៏​ល្អ​នៅ​ខ្លួន​ផង ក៏​និយាយ​ចែ​ចង់​ប្រាថ្នា​នឹង​យក​ធ្វើ​ប្រពន្ធ ។ នាង​បាន​ថ្លែង​ប្រាប់​ដោយ​ដំណើរ​រឿង​តាំង​ពី​ដើម​រៀង​មក ។ ចៅ​នោះ​ក៏​ពុំ​ជជែក​តវ៉ា​ប្រាថ្នា​នាង​នោះ​ឡើយ ។ លុះ​នាង​ទៅ​ដល់​លំនៅ​ប្ដី​ហើយ ក៏​នៅ​រួម​គ្នា​ជា​សុខ​ក្សេម​ក្សាន្ត​ត​រៀង​ទៅ ។

រឿង​នេះ ជា​រឿង​ពិសោធន៍​ចិត្ត បើ​អ្នក​ណា​សរសើរ​ចិត្ត​ប្ដី​របស់​នាង​នោះ គឺ​អ្នក​នោះ​ជា​មនុស្ស​ច្រើន​ប្រច័ណ្ឌ, បើ​អ្នក​ណា​សរសើរ​ចិត្ត​ខ្លា គឺ​អ្នក​នោះ​ជា​មនុស្ស​គាប់​ចិត្ត​បៀតបៀន​បំបាត់​ជីវិត​គេ, បើ​អ្នក​ណា​សរសើរ​ចិត្ត​ចោរ​ទាំង ៧ នាក់ គឺ​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​លោភ​ចង់​បាន​តែ​ទ្រព្យ​គេ, បើ​អ្នក​ណា​សរសើរ​ចិត្ត​បុរស​ដើរ​ទេស​រក​ប្រពន្ធ គឺ​អ្នក​នោះ​ជា​មនុស្ស​ចូល​ចិត្ត​ប្រព្រឹត្ត​បរទារកម្ម​នឹង​ភរិយា​គេ, បើ​អ្នក​ឯ​ណា​វៀរ​ចាក អំពើ​ទាំង ៤ ចំពូក​នេះ​បាន អ្នក​នោះ​នឹង​បាន​ស្ថាន​សួគ៌​ពិត​ប្រាកដ​ហោង ។