ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/47

៤៧- រឿង សេដ្ឋី ៣ នាក់​នៅ​ទិស​ទាំង ៣


មាន​និទាន​មួយ​ដំណាល​ថា : នៅ​ក្នុង​ស្រុក​មួយ​មាន​សេដ្ឋី ៣ នាក់ ។ សេដ្ឋី​មួយ​នៅ​ទិស​ខាង​កើត សេដ្ឋី​មួយ​នៅ​កណ្ដាល សេដ្ឋី​មួយ​ទៀត​នៅ​ទិស​ខាង​លិច ។ សេដ្ឋី​នៅ​កណ្ដាល​មាន​កូន​ក្រមុំ​មួយ​រូប​ឆោម​ល្អ​ល្អះ សេដ្ឋី​នៅ​ទិស​ខាង​លិច ចាត់​ចែង​បណ្ដាការ​ឲ្យ​មនុស្ស​ទៅ​ដណ្ដឹង​កូន​ក្រមុំ​សេដ្ឋី​នោះ ចួន​ជា​ថ្ងៃ​ដែល​ទៅ​ដណ្ដឹង​នោះ សេដ្ឋី​ជា​ឪពុក​មិន​នៅ ៗ តែ​ម្ដាយ​ៗ ក៏​ស្រុះ​ស្រួល​ឲ្យ​កូន​ទៅ​សេដ្ឋី​នៅ​ទិស​ខាង​លិច​។ ក្រោយ​មក​សេដ្ឋី​នៅ​ទិស​ខាង​កើត ចាត់​ចែង​បណ្ដាការ​ឲ្យ​មនុស្ស​ទៅ​និយាយ​ដណ្ដឹង កូន​ក្រមុំ​សេដ្ឋី​នោះ​ដែរ តែ​ចួន​ជា​ថ្ងៃ​នោះ​នៅ​តែ​ឪពុក ម្ដាយ​ទៅ​កាន់​ទីទៃ ឪពុក​ក៏​យល់​ព្រម​ឲ្យ​កូន ទៅ​សេដ្ឋី​នៅ​ទិស​ខាង​កើត ។ ប្រពន្ធ​មិន​ដឹង​ជា​ប្ដី​លើក​កូន​ក្រមុំ​ឲ្យ​ទៅ​សេដ្ឋី​នៅ​ទិស​ខាង​កើត​ទេ ។ លុះ​ដណ្ដឹង​ស្រេច​ហើយ ក៏​កំណត់​ថ្ងៃ​រៀប​មង្គល​ការ​ជា​មួយ​គ្នា ហើយ​សេដ្ឋី​ទាំង ២ នាក់ ចាត់​ឲ្យ​អ្នក​ផ្លូវ​ចៅ​មហា​រៀប​គ្រឿង​បណ្ដាការ មាន​ក្រយា​សំពះ​សព្វ​គ្រប់ នាំ​ទៅ​ជូន​ឪពុក​ក្មេក​ម្ដាយ​ក្មេក ស្រាប់​តែ​ទៅ​ជួប​ប្រទះ​គ្នា​នៅ​ផ្ទះ​ឪពុក​ម្ដាយ​ក្មេក ហើយ​ក៏​ដណ្ដើម​គ្នា​មួយ​ថា “ស្រី​នេះ​ជា​ប្រពន្ធ​អញ ម្ដាយ​លើក​ឲ្យ​អញ” ។ សេដ្ឋី​មួយ​ទៀត​ថា “ ស្រី​នេះ​ជា​ប្រពន្ធ​អញ ឪពុក​អញ​លើក​ឲ្យ​អញ ” ។ សេដ្ឋី​ទាំង ២ នាក់​ដណ្ដើម​គ្នា​ដូច្នោះ​ហើយ ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម សូម​ឲ្យ​កាត់​សេចក្ដី​នេះ តើ​ត្រូវ​បាន​ទៅ​ខាង​ណា? ។ ចៅក្រម​អា​កាត់​សេចក្ដី​នោះ​ពុំ​បាន ទើប​សេដ្ឋី​ទាំង ២ នាក់​នាំ​គ្នា​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហា​ក្សត្រ ៗ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “នែ​សេដ្ឋី ! មាន​ហេតុ​ដំណើរ​អ្វី​បាន​ជា​ព្រះ​ស្ដែង​នាំ​គ្នា​មក​ប្ដឹង​យើង ?” ។ សេដ្ឋី​នៅ​ទិស​ខាង​កើត​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ឲ្យ​គេ ទៅ​ដណ្ដឹង​កូន​ក្រមុំ​សេដ្ឋី​នេះ​ដល់​ម្ដាយ​ឪពុក តែ​ពេល​នោះ​ពុំ​ចួប​នឹង​ម្ដាយ​ឃើញ​តែ​ឪពុក ៗ ក៏​ព្រម​ឲ្យ​កូន​មក​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ដាច់​ស្រឡះ​ហើយ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​រៀប​គ្រឿង​បណ្ដាការ​ក្រយា​សំពះ នាំ​ចូល​ទៅ​ប្រទះ​គ្នា នៅ​មុខ​ផ្ទះ​ម្ដាយ​ឪពុក​នោះ ទើប​ដណ្ដើម​គ្នា​កើត​ជា​ក្ដី ហើយ​នាំ​គ្នា​មក​ក្រាប​បង្គំ​ទូល សូម​ទ្រង់​ជ្រាប​ក្រោម​ល្អង​ធូលី​ព្រះ​បាទ ” ។ ព្រះ​អង្គ​ទ្រង់​ដណ្ដឹង​ទៅ​សេដ្ឋី​មួយ​នៅ​ទិស​ខាង​លិច ៗ ក៏​ក្រាប​បង្គំ​ទូល​ថា “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​គេ​ទៅ​ដណ្ដឹង​កូន​ក្រមុំ​សេដ្ឋី​នេះ​ដល់​ម្ដាយ​ឪពុក តែ​ចួន​ជា​ពុំ​ឃើញ​ឪពុក ឃើញ​តែ​ម្ដាយ ៗ លើក​កូន​ឲ្យ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ជា​ជ្រះ​ស្រឡះ​ហើយ ទើប​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​រៀប​រណ្ដាប់​ទៅ​ធ្វើ​មង្គលការ​ស្រាប់​តែ​ប្រទះ​គ្នា​នៅ​មុខ​ផ្ទះ​ម្ដាយ​ឪពុក ក៏​ដណ្ដើម​គ្នា​កើត​ជា​ក្ដី​ឡើង​នាំ​គ្នា​មក​ក្រាប​បង្គំ​ទូល សូម​ទ្រង់​ជ្រាប​ក្រោម​ល្អង​ធូលី​ព្រះ​បាទ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​ថា "គួរ​ឲ្យ​សេដ្ឋី​ដែល​ម្ដាយ​លើក​ប្រគល់​ឲ្យ ត្បិត​ម្ដាយ​បាន​បីបម​ថ្នម​ដោយ​សេចក្ដី​នឿយ​ហត់​ជាង​ឪពុក" ទើប​ទ្រង់​ព្រះ​វិនិច្ឆ័យ​ថា "ត្រូវ​ឲ្យ​កូន​ក្រមុំ​ទៅ​ជា​ប្រពន្ធ​សេដ្ឋី​ទិស​ខាង​លិច ឯ​សេដ្ឋី​ខាង​កើត​ដែល​ឪពុក​លើក​ឲ្យ​នោះ មិន​ត្រូវ​បាន​ទេ ព្រោះ​កូន​ស្រី​ឪពុក​មិន​សូវ​បាន​ថែទាំ​ដូច​ម្ដាយ ហើយ​ព្រះ​អង្គ​ទ្រង់​ផ្សះ​ផ្សា​ឲ្យ​សេដ្ឋី​ទាំង ២ នោះ​ចង​មេត្រី​នឹង​គ្នា​រៀង​ទៅ ។ សេដ្ឋី​ទាំង ២ នាក់ ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​កាន់​លំនៅ​ខ្លួន​ហោង ។