ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/5

៥- រឿង​ស្រី ៤ នាក់ ដណ្ដើម​ចោរ​ម្នាក់​ធ្វើ​ប្ដី

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ទំព័រ ១៧ - ១៨


មាន​និទាន​មួយ​ថា : មាន​ស្រី ៤ នាក់​បាន​ឃើញ​ចោរ​ម្នាក់​ដែល​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្កាប់​ឲ្យ​រាជ​បុរស​ដោត​នៅ​ត្រង់​ទ្វារ​បន្ទាយ, ប៉ុន្តែ​មិន​ទាន់​ស្លាប់ ទើប​ស្រី​ទាំង ៤ នាក់​គិត​ព្រមព្រៀង​គ្នា​ចូល​ទៅ​សូម​លោះ​ចោរ​នោះ អំពី​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​លោះ​យក​នោះ តែ​ទ្រង់​ឲ្យ​យក​មាស​មួយ​ពាន់​តម្លឹង​ដាក់​ឃ្លាំង ។ ឯ​ស្រី ៣ នាក់​គ្មាន​មាស​ថ្វាយ មាន​តែ​ស្រី​ម្នាក់​បាន​មាស​មួយ​ពាន់​តម្លឹង​ថ្វាយ​ជា​ថ្លៃ​ចោរ ។ លោះ​រួច​ជ្រះ​ស្រឡះ​ហើយ​យក​ចោរ​នោះ​មក​នៅ​ផ្ទះ​ជាមួយ​គ្នា, ស្រី​ម្នាក់​ខំ​សង្វាត​រក​ថ្នាំ​មើល​ជំងឺ, ស្រី​ម្នាក់​ខំ​សង្វាត​ដេក​ឱប​ក្រុង​រក្សា​មើល​ដុស​លាង​ខ្ទុះ​សម្អុយ​សព្វ​ថ្ងៃ, ស្រី​ម្នាក់​ខំ​សង្វាត​រកស៊ី​លក់ដូរ​យក​ប្រាក់​មក​ចិញ្ចឹម ។

លុះ​ចំណេរ​យូរ​ទៅ​ចោរ​នោះ​បាន​សះ​ជា​ជំងឺ ហើយ​ស្រី​ទាំង ៤ នាក់​ឈ្លោះ​ប្រកែក​គ្នា​ដណ្ដើម​ចោរ​ម្នាក់​នោះ​ធ្វើ​ប្ដី​តែ​សព្វ​ខ្លួន ប៉ុន្តែ​ជជែក​មិន​ដាច់​ស្រេច ព្រោះ​គ្មាន​អ្នក​ណា​សម្រេច​សេចក្ដី​ឲ្យ ទើប​នាង​ទាំង ៤ នាក់​នាំ​គ្នា​ទៅ​ដល់​ចៅក្រម​ជម្រាប​ប្ដឹង​តាម​ដំណើរ​រៀង​ខ្លួន ។ ចៅក្រម​ជំនុំ​ជម្រះ​ក្ដី​នោះ​ពុំ​បាន ក៏​នាំ​នាង​ទាំង ៤ នាក់​ឡើង​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​តាម​ដំណើរ​ទីទៃ ៗ ។ ស្រី​ទាំង ៤ នាក់​ក្រាប​ទូល​ថា “ បើ​សេចក្ដី​ដូច្នេះ តើ​ចោរ​នេះ​នឹង​បាន​ជា​ប្ដី​របស់​ស្រី​ណា ? ” ។

ព្រះមហាក្សត្រ​ទ្រង់​ពិចារណា ក្នុង​ព្រះរាជហឫទ័យ​ឈ្វេង​យល់​ស្រេច ហើយ​ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​បង្គាប់​ថា “ នាង​ដែល​មាន​តែ​មាស​ឲ្យ​ទៅ​លោះ​ចោរ​យក​ហើយ មិន​បាន​ថែរក្សា​រក​ថ្នាំ​ចាំ​ជំងឺ​មិន​បាន​ដេក​ឱប​ក្រុង​រក្សា​មើល​ជំងឺ​នោះ​ត្រូវ​ទុក​ជា​ម្ដាយ, ឯ​នាង​ដែល​ខំ​សង្វាត​ដេក​ឱប​ក្រុង​រក្សា​ថែទាំ​ជំងឺ​ដុស​លាង​សម្អុយ​អសោចិ៍​សព្វ​ថ្ងៃ​នោះ ត្រូវ​បាន​ជា​ប្រពន្ធ​ព្រះស្ដែង​ចោរ​នោះ, ចំណែក​នាង​ដែល​ខំ​សង្វាត​លក់​ដូរ​យក​ប្រាក់​មក​ចិញ្ចឹម​ចោរ​នោះ​ត្រូវ​បាន​ជា​បង ” ។

ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ​ល្អ​ប្រពៃ​ហោង ។