ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/53
៥៣- រឿង បុរសម្ចាស់ផ្ទះនិងបុរសសុំសំចត
មាននិទានមួយដំណាលថា : មានបុរសម្នាក់ទើបនឹងសង់ផ្ទះហើយថ្មី ៗ គាប់ចួនមានបុរសម្នាក់ទៀត ចូលមកសុំសំណាក់នឹងផ្ទះនោះ ។ ឯចៅម្ចាស់ផ្ទះក៏ព្រមឲ្យសំចតហើយនៅរួមគ្នាក្នុងផ្ទះនោះទៅ ។ ចៅសុំសំចត លុះនៅបានយូរបន្តិច ក៏រាប់អស់គ្រឿងផ្ទះ គឺរនូត រនាប រណប បង្កង់ ដៃរណែង ផ្ទោង ផ្លាន មានដំណ ឥតដំណ នូវស្លឹកប្រក់ ខ្នួចសព្វគ្រប់ កត់សម្គាល់ទុកជាចំណាំ ។ លុះនៅជាអំឡុងបាន ១ ខែទៅចៅម្ចាស់ផ្ទះក៏និយាយថា “ ចៅមកនៅសំចតនឹងអញនេះ យូរអង្វែងហើយ ចូរចៅទៅស្រុកចៅវិញចុះ អញនឹងម្ដាយឪពុក យកបងប្អូនអញមកនៅ ” ។ ឯចៅសុំសំចតឆ្លើយថា “ ផ្ទះនេះជាផ្ទះរបស់អញម្ដេចក៏ចៅថា ជាផ្ទះរបស់ចៅវិញ?” ។ ចៅទាំង ២ នាក់ឈ្លោះទាស់ទែងដណ្ដើមផ្ទះគ្នា ក៏នាំគ្នាឡើងទៅប្ដឹងចៅក្រមឲ្យជំនុំជម្រះ ។ ចៅម្ចាស់ផ្ទះប្ដឹងថា “ ផ្ទះនោះជាផ្ទះរបស់ខ្ញុំប្របាទទើបសង់ថ្មី ចៅនេះចូលមកសុំសំចត អស់អំឡុង ១ ខែ ពុំព្រមចេញ សូម្បីខ្ញុំប្របាទប្រាប់ឲ្យចេញ ក៏នៅតែពុំព្រមចេញ ថែមទាំងចៅនេះប្រកាន់យកផ្ទះរបស់ខ្ញុំប្របាទថាជាផ្ទះរបស់ខ្លួនផងទៀត” ។ ចៅសុំសំចតប្ដឹងថា “ផ្ទះនោះខ្ញុំប្របាទ ទើបសង់ថ្មី ចៅនេះមកសុំសំចតអស់អំឡុង ១ ខែ ហើយដណ្ដើមយកផ្ទះនោះអំពីខ្ញុំប្របាទ សូមទានមេត្តាប្រោស បើចៅនេះប្រកាន់ថាជាផ្ទះរបស់ខ្លួន តើចៅនេះដឹងទេ អស់ទាំងគ្រឿងផ្ទះនោះ គឺរនូត រនាប បង្កង់ ខ្នួចស្លឹកប្រក់ផ្ទះមានប៉ុន្មាន ? ” ។
ចៅម្ចាស់ផ្ទះឆ្លើយតបទៅចៅក្រមថា “ ខ្ញុំប្របាទអម្ចាស់ពុំបានរាប់ទេ តែផ្ទះនេះពិតជាផ្ទះរបស់ខ្ញុំប្របាទប្រាកដមែន” ។ ចៅក្រមក៏ដណ្ដឹងសួរទៅចៅសុំសំចតថា “បើចៅប្រកាន់ថា ជាផ្ទះរបស់ចៅ តើចៅដឹងទេ គ្រឿងផ្ទះនោះមានប៉ុន្មាន ? ” ។ ចៅសុំសំចត ហេតុតែបានកត់សម្គាល់ចំណាំទុកពីមុនមកស្រេច ក៏ឆ្លើយត្រូវទាំងអស់ ។ ចៅក្រមយល់ថា “ប្រហែលជាចៅនេះ ជាម្ចាស់ផ្ទះមែន បានជាចាំបានសព្វគ្រប់ទាំងគ្រឿងផ្ទះ” ទើបកាត់សេចក្ដីឲ្យបានទៅចៅសុំសំចតនោះ ។ ឯចៅម្ចាស់ផ្ទះពុំសុខចិត្តឡើយ ទើបនាំរឿងនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រ ។
ព្រះមហាក្សត្រ ទ្រង់ព្រះចិន្ដាថា “ហេតុអ្វីក៏ចៅមួយនេះ ចាំអស់គ្រឿងផ្ទះសព្វគ្រប់ម្ល៉េះ ? ហើយទ្រង់ត្រាស់សួរថា “អើ ! ចៅចាំគ្រឿងផ្ទះបានហ្មត់ចត់ល្អណាស់ តែឯជើងសសរខាងក្នុងរណ្ដៅនោះ តើមានអ្វីឬទេ ?” ។ ចៅសុំសំចតក្រាបបង្គំទូលថា “ គ្មានអ្វីនៅក្នុងរណ្ដៅទេ ” ។ ទើបទ្រង់ត្រាស់សួរចៅម្ចាស់ផ្ទះថា “បើចៅថាផ្ទះនោះជារបស់ចៅ តើចៅបានដាក់អ្វីនៅជើងសសរខ្លះដែរឬទេ ?” ។ ចៅម្ចាស់ផ្ទះក្រាបទូលថា “រណ្ដៅខាងជ្រុងអាគ្នេយ៍នោះ ជាទីមានភក់ទន់ជ្រាយ ទើបទូលព្រះបង្គំ ជាខ្ញុំយកឈើ ១ កំណាត់ ដាក់នៅបាត់សសរដើម្បីកុំឲ្យវាស្រុត” ។ ទ្រង់ត្រាស់ថា “ បើដូច្នោះ ត្រូវទៅជីកជីកសសរនោះមើល តើមានមែនឬទេ ” ។ លុះជីកទៅ ក៏បានឃើញកំណល់កល់ជើងសសរនោះមែន ទើបត្រាស់វិនិច្ឆយថា “ ហេតុតែផ្ទះនោះជារបស់ចៅនោះមែន បានជាចាំបានដល់ក្នុងដី, ឯចៅ ១ នោះ មិនមែនជាម្ចាស់ទេបានជាចាំតែគ្រឿងខាងលើ ពុំដឹងដល់ខាងក្នុងដីហេតុនេះត្រូវបានផ្ទះទៅចៅដែលដឹងដល់គ្រឿងផ្ទះនៅក្នុងដី, ឯចៅ ១ នោះជាអ្នកឆបោកគេត្រូវមានទោស នឹងត្រូវពិន័យតាមច្បាប់ ” ។
ចៅទាំង ២នាក់សុខចិត្ត ហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅរបស់ខ្លួនទីទៃៗ ហោង ។
ចប់រឿងកឹងកន្ត្រៃត្រឹមប៉ុណ្ណេះ