ប្រជុំរឿងព្រេងខ្មែរ/ភាគទី៤/6

៦- រឿង​ដើម​កំណើត​សត្វ​មូស


នៅ​ក្នុង​បឋម​កប្ប ព្រះ​ឥសូរ​ជា​អ្នក​បង្កើត​លោក មាន​បង្កើត​ទាំង​សត្វ​គ្រប់​យ៉ាង នៅ​លើ​ផែនដី​ជាដើម គឺ​ទ្រង់​បាន​បង្កើត​សត្វ​មូស​មុន​គេ​បង្អស់ ។ សម័យ​នោះ សត្វ​មូស​មាន​ខ្លួន​ធំ​ៗ ជាង​សត្វ​ត្មាត​ទៅ​ទៀត ហើយ​វា​តែង​ហើរ​ជា​ច្រើន​ឥត​ឈប់ឈរ ស្វែង​រក​ស៊ី​មនុស្ស​លោក​ជា​អាហារ មនុស្ស​ណា​ដែល​ត្រូវ​ជា​ចំណី​សត្វ​មូស គេ​ឃើញ​នៅ​សល់​តែ​រាង​ឆ្អឹង គ្មាន​សាច់​ឈាម​ឡើយ ។ មនុស្សម្នា​មហាជន​មាន​សេចក្ដី​តក់ស្លុត​ជា​ក្រៃលែង តែ​គ្មាន​នរណា​ម្នាក់ រក​មធ្យោបាយ​ការពារ​សត្វ​មូស​បាន​ឡើយ ក៏​ដាក់​វេន​គ្នា​ឱ្យ​មូស​ស៊ី​រៀង​រាល់​យប់ ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ជន​ដែល​ដឹង​ថា វេន​ខ្លួន​ជិត​មក​ដល់​ហើយ​ក៏​យំ​សោក​បោក​ខ្លួន​បោក​ប្រាណ ។ គាប់​ជួន​ជា​ពេល​នោះ មាន​កូន​ក្រមុំ​សេដ្ឋី​ម្នាក់​ប្រកប​ដោយ​បញ្ញា​វាងវៃ នាង​អាណិត​អាសូរ​អ្នក​ស្រុក​ដែល​បាន​ដាក់​វេន​គ្នា​ទៅ​ឱ្យ​សត្វ​មូស​ស៊ី​នោះ​ក្រៃពេក នាង​គិត​ក្នុង​ចិត្ត​ថា បើ​អញ​មិន​ជួយ​រក​មធ្យោបាយ​ស្រោច​ស្រង់​មនុស្ស​ទាំងអស់​ដោយ​ឥត​រើស​មុខ​ទេ អ្នក​​ទាំងអស់​នោះ​ប្រាកដ​ជា​គេច​ពី​ចំណី​មូស​ពុំ​បាន ហើយ​តទៅ​ប្រាកដ​ជា​គ្មាន​មនុស្ស​រស់​នៅ​ទៀត​ឡើយ ។ កាល​បើ​បាន​នឹក​ឃើញ​យ៉ាង​នេះ នាងកញ្ញា​ក៏​ចូល​ទៅ​ជួប​នឹង​ឪពុក​ម្ដាយ​និយាយ​ថា " ខ្ញុំ​ចង់​ទៅ​ឱ្យ​មូស​ស៊ី​ជា​មួយ​នឹង​ជន​ឯទៀត​ដែរ " ។ កាល​បើ​ឮ​សេចក្ដី​ស្នើ​ដូច្នេះ ឪពុក​ម្ដាយ​របស់​យុវតី ក៏​កើត​ទោសៈ​ជា​ខ្លាំង គាត់​ឆ្លើយ​មក​កាន់ យុវតី​វិញ​ថា "ហេតុ​ម្ដេច​បាន​ជា​កូន​ឯង​ភ្លើ​ឆ្កួត​ដូច្នោះ ? មនុស្ស​ក្នុង​នគរ​នេះ គេ​មាន​តែ​ពី​គេច​រត់​ឱ្យ​ផុត​ពី​សេចក្ដី​ស្លាប់ ចុះ​កូន​ឯង​ម្ដេច​ក៏​ល្ងើ​ពក​ថ្ងាស​ទៅ​ជា​ចង់​ទៅ​ងាប់​វិញ" ។ ទោះបី​ឪពុក​ម្ដាយ​ថា​ដូច្នោះ ក៏​យុវតី​មិន​ព្រម​ឈប់ សុំ​អង្វរ​ឪពុក​ម្ដាយ​ទៅ​ឱ្យ​មូស​ស៊ី​នោះ​ឡើយ ។ ឪពុក​ម្ដាយ​កាល​បើ​ឃើញ​កូន​ស្រី​ខ្លួន នៅ​តែ​រឹង​ចចេស​មិន​ព្រម​ស្ដាប់​ដំបូន្មាន​គាត់​សោះ​ដូច្នោះ ក៏​កើត​ទោសៈ​ឆួល​ឆេះ​ឥត​ឧបមា​ទើប​និយាយ​ថា "អើ​ឥឡូវ​បើ​ឯង​ចង់​ងាប់ មិន​ព្រម​ស្ដាប់​អញ ទៅ ទៅ​ឱ្យ​បាត់​ពី​មុខ​មាត់​អញ​ទៅ " ។

នាង​កញ្ញា​កូន​សេដ្ឋី​ឮ​ដូច្នោះ ក៏​ពោរពេញ​ទៅ​ដោយ​សេចក្ដី​សប្បាយ ហើយ​ដើរ​សំដៅ​ទៅ​កន្លែង​ដែល​មនុស្ស​ត្រូវ​ទៅ​នៅ​ឱ្យ​មូស​ស៊ី ។ ហើយ​និយាយ​ថា "បើ​អ្នក​រាល់​គ្នា​ចង់​គេច​ឱ្យ រួច​ពី​សេចក្ដី​ស្លាប់​ចូរ​អ្នក​ធ្វើ​តាម​ខ្ញុំ ៗ នឹង​បង្គាប់​ឱ្យ​ធ្វើ នោះ​អ្នក​ប្រាកដ​ជា​គេច​រួច​ពី​សេចក្ដី​ស្លាប់​ពុំ​ខាន គឺ​ត្រូវ​អ្នក​ទាំងអស់​គ្នា​ទៅ​រក​ប្រមូល ស្លឹក​ឈើ​ងាប់​ៗ ស្ងួត​ៗ ឱ្យ​បាន​ច្រើន​យក​មក​ទីនេះ ហើយ​កាល​បើ​សត្វ​មូស​វា​ហើរ​ជិត​យើង ៗ ត្រូវ​ដុត​ភ្លើង​ឱ្យ​ឆេះ​ហុយ​ផ្សែង​នៅ​ជុំវិញ​យើង ហើយ​យើង​បបួល​គ្នា​ទៅ​ក្នុង​រង្វង់​កណ្ដាល​ភ្លើង​នោះ ធ្វើ​ដូច្នេះ សត្វ​មូស​មិន​ហ៊ាន​ហើរ​ឆ្លង​ភ្លើង​ផ្សែង​មក​ស៊ី​យើង​ទេ " ។

មនុស្ស​ទាំង​ឡាយ​យល់​នូវ​បំណង​នៃ​នាង​កញ្ញា ហើយ​ក៏​ព្រម​ធ្វើ​តាម​នាង​ទាំងអស់ ។ លុះ​វេលា​យប់ ពួក​សត្វ​មូស​ក៏​មក​ដល់​តាម​ទម្លាប់​ដើម្បី​ស៊ី​មនុស្ស ។ នៅ​ពេល​នោះ​ពួក​អ្នក​ស្រុក​ក៏​ដុត​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​ឡើង មិន​ឱ្យ​រលត់​តាម​បង្គាប់​បុត្រី​សេដ្ឋី ។ សត្វ​មូស​ឃើញ​ដូច្នោះ​ពុំ​ហ៊ាន​ហើរ​ឆ្លង កាត់​ភ្លើង​ផ្សែង​ទៅ​ខាំ​ស៊ី​មនុស្ស​ឡើយ ហើយ​វា​ក៏​ប្រមូល​គ្នីគ្នា​មក​កកកុញ​ជំនុំ​គ្នា​ថា "បើ​យើង​នៅ​តែ​មាន​ខ្លួន​ធំ​ដូច្នេះ​តទៅ​ទៀត នោះ​យើង​ប្រាកដ​ជា​ខាំ​មនុស្ស​លោក​ស៊ី​ពុំ​បាន ពីព្រោះ​កាល​ណា​គេ​ដុត​ភ្លើង​ឱ្យ​ឆេះ​ឡើង​ដូច្នោះ យើង​ពុំ​អាច​ចូល ទៅ​ជិត​គេ​បាន​ឡើយ អាស្រ័យ​ហេតុនេះ ចូរ​យើង​ចូល​ទៅ​ទូល​ព្រះឥសូរ​ដែល​ជា​អ្នក​បង្កើត​យើង​មក សូម​ឱ្យ​ព្រះ​អង្គ​ធ្វើ​ខ្លួន​យើង​ឱ្យ​ទៅ​ជា​តូច​ៗ​វិញ ប្រយោជន៍​យើង​នឹង​ស្រួល​លប​ឆ្មក់​ខាំ​មនុស្ស​បាន កុំ​ឱ្យ​មនុស្ស​លោក​មើល​យើង​ឃើញ បើ​ដូច្នោះ​ឃើញ​ថា​ស្រួល​ជាង " ។ បន្ទាប់​មក​ពួក​មូស ក៏​មូល​មតិ​គ្នា​ហើរ​ទៅ​កាន់​ស្ថាន​សួគ៌ គោរព​វន្ទា​ព្រះឥសូរ រួច​ហើយ​វា​ក៏​សុំ​ព្រះឥសូរ ឱ្យ​ធ្វើ​ខ្លួន​វា​ទៅ​ជា​តូច ៗ ល្អិត ៗ សម​ទៅ​តាម​បំណង​របស់​វា ។ នៅ​ពេល​នោះ ព្រះឥសូរ​ក៏​ធ្វើ​ខ្លួន​សត្វ​មូស​ឱ្យ​តូច​ៗ​ដូចជា​សត្វ​មូស​សព្វ​ថ្ងៃ​នេះ ។ កាល​បើ​បាន​ខ្លួន តូច​ដូច​បំណង​ហើយ សត្វ​មូស​​ក៏​ថ្លែង​អំណរ​គុណ​ព្រះឥសូរ​រួច​លា​ព្រះអង្គ​ត្រឡប់​មក​ស្ថាន​មនុស្ស​លោក​វិញ ហើយ​វា​ក៏​ហើយ​ត្រេច​ពី​ភូមិ​ទៅ​ភូមិ​មួយ​ស្វែង​រក​ខាំ​មនុស្ស​លោក ។ ប៉ុន្តែ​មនុស្ស​លោក​ចេះ​តែ​យក​ដៃ​ទះ វា​ស្លាប់​អស់​ខ្លះ​ក៏​នៅ​រស់​តែ​បាក់​ស្លាប​បាក់​ជើង ។ ដូច្នេះ​មនុស្ស​លោក​ក៏​បាន​ធូរ​ចិត្ត​ហើយ​មាន​សេចក្ដី​សប្បាយ​ច្រើន​លើស​មុន ។ ពួក​មូស​ក៏​ប្រជុំ​គ្នា​សា​ជា​ថ្មី​ទៀត​ថា "ឥឡូវ​មនុស្ស​លោក​គេ​ធ្វើ​បាប​យើង​ខ្លាំង​ណាស់ គេ​ទះ​គេ​វាយ​យើង​ហើយ​គេ​នឹង​សម្លាប់​យើង​ឱ្យ​អស់​ពូជ យើង​ពុំ​អាច​ខាំ​មនុស្ស​លោក​បាន​ទៀត​ឡើយ ហេតុ​ដូច្នេះ ត្រូវ​យើង​នាំ​គ្នា​ទៅ​រក​ព្រះឥសូរ​ម្ដង​ទៀត ដើម្បី​សុំ​ព្រះអង្គ​ធ្វើ​មាត់​យើង​ឱ្យ​ស្រួច​ៗ ដូច​ម្ជុល​ដើម្បី​យើង​អាច​ខាំ​មនុស្ស​លោក​បាន​ឆាប់​រហ័ស កុំ​ឱ្យ​មនុស្ស​លោក​ដឹង​ថា​យើង​ខាំ​គេ" ។

កាល​ជំនុំ​បាន​មូល​មតិ​ជា​ឯកច្ឆន្ទ ទើប​សត្វ​មូស​បបួល​គ្នា​ហើយ​ទៅ​កាន់​ស្ថាន​សួគ៌ លុះ​ទៅ​ដល់ ក្រោយ​ពី​បាន​គំនាប​គាប់គួរ​ព្រះឥសូរ​ហើយ សត្វ​មូស​ក៏​ទូល​សុំ​ព្រះឥសូរ ឱ្យ​ធ្វើ​មាត់​ខ្លួន​ឱ្យ​តូច​ៗ ដើម្បី​ស្រួល​ខាំ​មនុស្ស​លោក ។ ព្រះឥសូរ​ក៏​ទ្រង់​ឆ្លើយ​តប​មក​វិញ​ថា "នែ​មូស ! មាត់​ដែល​យើង​បាន​ធ្វើ​ឱ្យ​អ្នក​ឯង​នេះ​វា​ស្រួច​ល្មម​ណាស់​ទៅ​ហើយ ប៉ុន្តែ​បើ​អ្នក​ឯង​ចង់​ខាំ​មនុស្ស​លោក​ឱ្យ​បាន​រហ័ស​ហើយ​មុត​ទៀត​នោះ ចូរ​អ្នក​ឯង​ទៅ​រក​ព្រនង់​មួយ​ៗ​ម្នាក់ ដើម្បី​ជួយ​សំពង​ពី​លើ​ថែម​ទៀត ប៉ុន្តែ​ចូរ​អ្នក​ដឹង​ថា​មនុស្ស​លោក​គេ​មាន​ព្រនង់​នេះ​ស្រេច​ហើយ ដូច្នេះ​ចូរ​អ្នក​ត្រឡប់​ទៅ​វិញ​ចុះ " ។

ពួក​មូស​ក៏​ហើរ​ត្រឡប់​មក​ស្ថាន​មនុស្ស​លោក​វិញ ហើយ​វា​ហើរ​ត្រេច​រក​ខាំ​មនុស្ស​លោក​ទាំង​យប់​ថ្ងៃ នៅ​ត្រង់​ចន្លោះ​កៀន​កោះ គ្រប់​នគរ​ដោយ​យក​ស្លាប​ធ្វើជា​អន្លូង​ក្បាល​ស្វា ហើយ​វា​វាយ​មនុស្ស​លោក​ដោយ​ហើរ​ខាំ​យ៉ាង​រហ័ស​បំផុត ដូច​ព្រះឥសូរ​បាន​បង្គាប់​វា ។