ប្រជុំរឿងព្រេងខ្មែរ/ភាគទី៤/7

៨- រឿង​ឧកញ៉ា​យោមរាជ​និង​ឧកញ៉ា​ពល​ទេព



កាល​ពី​ព្រេង​នាយ មាន​នាម៉ឺន​ពីរ​នាក់ ម្នាក់​ជា​ទី​ឧកញ៉ា​យោមរាជ ម្នាក់​ទៀត​ជា​ឧកញ៉ា​ពលទេព ។ ឯ​ឧកញ៉ា​ពលទេព​ជា​មនុស្ស​លោភ​បុណ្យ​សក្ដិ ចង់​បាន​ទី​យោមរាជ​គិត​ស្វែង​រក​ទោស​ដាក់​និង​ក្រាប​ទូល​ស្ដេច​ទម្លាក់​ចាក​ទី​យោមរាជ​អាត្មា​ឯង នឹង​បាន​ស្ដី​ទី​យោមរាជ​នោះ​តទៅ ។ ឧកញ៉ា​ពលទេព​ស្វែង​រក​ទោស លោក​យោមរាជ​នោះ​ជា​យូរ​ខែ​មក។ ថ្ងៃ​មួយ​មាន​អ្នក​ទោស​ម្នាក់​ជាប់​ទោស​ធ្ងន់ ក្រុម​ជំនុំ​កាត់​ទោស​ដល់​ប្រហារ​ជីវិត ។ ឯ​អ្នក​ទោស​នោះ​ដឹង​ថា​ថ្ងៃ​ព្រឹក​នេះ ស្នែង​គេ​នឹង​នាំ​អាត្មា​ទៅ​សម្លាប់​ជា​ប្រាកដ ក៏​តាំង​សៅសោក​វិយោគ ស្ដាយ​ជីវិត មហិមា​យំ​ពណ៌នា​ថា” ឱ ! ជីវិត​អញ​អើយ ! ព្រឹក​ស្អែក​នេះ​ហើយ​នឹង​បង់​ចាក​ប្រាណ អើ​ត្រង់​ក្ដី​ស្លាប់ ១ នេះ​នរណា​ឡើយ​នឹង​វៀរបង់​បាន តែ​កើត​ឡើង​ហើយ រមែង​តែ​ស្លាប់​ជា​ធម្មតា តែ​ថា​ត្រង់​ជីវិត ១ នេះ​ទោះ​បង់​បាត់​ទៅ​ក្ដី ក៏​មិន​សូវ​ជា​សោក​ស្ដាយ​ប៉ុន្មាន មក​ស្ដាយ​តែ​វិជ្ជា ១ ដែល​ខ្លួន​បាន​ចេះ​ហើយ​ពុំ​ទាន់​បាន​បង្ហាត់​បង្ហាញ​នរណា ១ បើ​ព្រឹក​នេះ​ខ្លួន​ស្លាប់​ហើយ វិជ្ជា​នេះ​យល់​នឹង​ជា​សូន្យ​សោះ អស់​មាន​នរណា​មួយ ក្នុង​លោក​នេះ អាច​ចេះ​តទៅ​ទៀត​បាន​ឡើយ" ។

កាល​នោះ​មាន​នាយ​ឆ្មាំ​ពន្ធនាគារ​ម្នាក់ បាន​ឮ​ចៅ​នោះ​ពណ៌នា​សោក​ស្ដាយ​វិជ្ជា​ដូច្នោះ ក៏​ចូល​ទៅ​សាក សួរ​ថា "ចៅ​ឯង​ព្រឹក​នេះ​ដល់​ទី​ស្លាប់​ប្រាកដ​ហើយ ចៅ​យំ​រៀបរាប់​ថា​ត្រង់​ជីវិត រូបរាង​កាយ មិន​សូវ​ជា​ស្ដាយ​ប៉ុន្មាន មក​ស្ដាយ​វិជ្ជា ១ ដែល​ចេះ​មក តើ​វិជ្ជា​នោះ​ឈ្មោះ​វិជ្ជា​អ្វី ចៅ​ចេះ​វិជ្ជា​អ្វី ចូរ​ប្រាប់​យើង​មើល" ។

អ្នក​ទោស​ក៏​ប្រាប់​ថា "ខ្ញុំ​បាទ​ចេះ​វិជ្ជា​ស្ដាប់​ភាសា​សត្វ វិជ្ជា​នេះ​វិសេស​របស់​ខ្ញុំ​បាទ​ណាស់ ក្នុង​លោក​នេះ​គ្មាន​នរណា​ចេះ​សោះ តែ​ខ្ញុំ​បាទ​ដល់​ទី​ស្លាប់​ហើយ វិជ្ជា​នេះ​សូន្យ​តែ​ម្ដង ព្រោះ​ពុំ​មាន​នរណា​បាន​មក​រៀន​តទៅ​ឡើយ" ។ នាយ​ឆ្មាំ​ពន្ធនាគារ​ឮ​ដូច្នោះ ក៏​នាំ​សេចក្ដី​នោះ​ទៅ​ជម្រាប​លោក​ឧកញ៉ា​យោមរាជ​សព្វ​ប្រការ ។ ឧកញ៉ា​យោមរាជ​នឹក​ក្នុង​ចិត្ត​ថា វិជ្ជា​នេះ​វិសេស​ក្រៃ​ពេក គួរ​រៀន​យក ទើប​នាំ​នាយ​ឆ្មាំ​ពន្ធនាគារ​ទៅ​ដោះ​អ្នក​ទោស​ចាក​ទី​ឃុំឃាំង ហើយ​សួរ​បញ្ជាក់​ថា ពិត​ឬ​ពុំ​ពិត ។ អ្នក​ទោស​ក៏​ជម្រាប​ថា "នេះ​ពិត​ប្រាកដ​មែន " ឧកញ៉ា​យោមរាជ​ថា "បើ​យើង​សុំ​រៀន​ពី​ចៅ​ឯង តើ​បាន​ឬ​មិន​បាន ? ហើយ​វិជ្ជា​នេះ​តម្លៃ​ប៉ុន្មាន?" ។ អ្នក​ទោស​ថា "ខ្ញុំ​បាទ​ជូន​ព្រះតេជព្រះគុណ​បាន សូម​ព្រះតេជព្រះគុណ​រៀន​តទៅ​ចុះ តែ​អត់​អំពី​ខ្ញុំប្របាទ​នេះ​ហើយ​វិជ្ជា​នេះ​នឹង​សូន្យ​ជា​ប្រាកដ តែ​ការ​នឹង​រៀន​នោះ​តោង​ទៅ​តាំង​ពិធី​រៀន នៅ​ក្នុង​ព្រះ​វិហារ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​បដិមាករ​ជា​ប្រធាន ឯ​គ្រឿង​តម្កល់​គ្រូ​នោះ​មិន​មាន​អ្វី​ច្រើន​ទេ ត្រូវ​ការ​តែ​ទៀន ៥ ធូប ៥ លាជ ៥ ផ្កា ៥ ប៉ុណ្ណោះ​ឯង អញ្ជើញ​ព្រះតេជព្រះគុណ​រៀប​រៀន​ឱ្យ​ឆាប់​ចុះ តែ​ព្រឹក​ស្អែក​ខ្ញុំប្របាទ​លា​ព្រះតេជព្រះគុណ​ទៅ​ស្រុក​ខ្មោច​ហើយ " ។ ឧកញ៉ា​យោមរាជ​ធ្វើ​តាម ទើប​ឱ្យ​នាយ​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​អ្នក​ទោស​ទៅ​វត្ត ក៏​នាំ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ ឱ្យ​បិទ​ទ្វារ​វិហារ​ជិត​ទាំងអស់​ពុំ​ឱ្យ​មនុស្ស​ណា​មួយ​ឮ​ឡើយ ឧកញ៉ា​យោមរាជ​ក៏​តាំង​រៀប​ទៀន​ធូប លាជ​ផ្កា នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ ហើយ​ថា "ពិធី​រៀន​នោះ​តើ​ដូចម្ដេច​ខ្លះ ចូរ​ចៅ​បង្គាប់​ទៅ​មើល យើង​និង​ធ្វើ​តាម" អ្នក​ទោស​បង្គាប់​ឱ្យ​អុច​ទៀន​ធូប​ហើយ​យ​លោក​យោមរាជ​និង​ខ្លួន​វា​ក្រាប​ថ្វាយ​បង្គំ​ព្រះ សូត្រ​នមស្ការ ពុទ្ធគុណ ធម្មគុណ សង្ឃគុណ ចប់​ចុះ ហើយ​អ្នក​ទោស​ប្រណម្យ​ដៃ​ពោល​ដង្ហោយ​ឡើង​ថា "ឱ! ព្រះ​ដ៏​មាន​បុណ្យ​ព្រះ​គុណ​ដោយ​មហា​ករុណា តែង​ប្រោស​មេត្តា​សត្វ​ដែល​កើត​មាន​ក្ដី វិបត្តិ​ចូល​មក​ពឹង​ពោធិសម្ភារ​ជួយ​ដោះ​ទុក្ខ​សត្វ​ឱ្យ​សត្វ​បាន​ក្ដី​សុខ​សម្រាន្ត​ទាំង​លោក​នេះ​និង​បរលោក ព្រះ​ពុទ្ធ​ជា​ម្ចាស់​អើយ! ខ្ញុំ​ព្រះ​ករុណា​នេះ​ត្រូវ​ទោស​ធំ​ណាស់​ព្រឹក​ស្អែក​នេះ​ហើយ លោក​ឧកញ៉ា​យោមរាជ​នឹង​ឱ្យ​នាំ​ទៅ​ប្រហារ​ជីវិត​ខ្ញុំ​ព្រះករុណា ៗ មាន​ក្ដី​ភិត​ភ័យ​ខ្លាច​ក្ដី​ស្លាប់​នោះ​ជា​បំផុត ស្ដាយ​ជីវិត​ក្រៃ​ពេក​ណា​អើយ! សូម​ព្រះ​អង្គ​ទ្រង់​ប្រោស​បិណ្ឌ​បាត​ជីវិត​ខ្ញុំ​ព្រះ​ករុណា អំពី​លោក​ឧកញ៉ា​យោមរាជ​នេះ ឱ្យ​លោក​ប្រោស​លែង​ខ្ញុំ​ឱ្យ​រួច​ចាក​ក្ដី​ស្លាប់ ក្នុង​គ្រា​ម្ដង​នេះ " ថា​ហើយ​អ្នក​ទោស​វា​ទៅ​ក្រាប​ទៀប​បាទ​ជើង​លោក​យោមរាជ ហើយ​ដង្ហោយ​ថា "ឱ​ព្រះតេជព្រះគុណ​អើយ ! សូម​ប្រោស​អត់​ទោស​ខ្ញុំ​ព្រះបាទ​នេះ ហេតុ​ដែល​ខ្ញុំប្របាទ​សោក​ពោល​ថា "ស្ដាយ​វិជ្ជា​ចេះ​ភាសា​សត្វ​នោះ​ខ្ញុំ​មិន​ចេះ​វិជ្ជា​នោះ​ទេ គឺ​ខ្ញុំ​សោក​ស្ដាយ​ជីវិត​ពិត​ៗ គិត​បញ្ឆោត​ឱ្យ​ព្រះតេជព្រះគុណ​អញ្ជើញ​មក​កាន់​ព្រះវិហារ​នេះ​ឯង ដើម្បី​ឱ្យ​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ គឺ​ព្រះ​ពុទ្ធរូប​នេះ​ទ្រង់​បិណ្ឌ​បាត​ជីវិត​ខ្ញុំប្របាទ​អំពី​ព្រះ​តេជ-ព្រះ​គុណ ឱ​ព្រះតេជព្រះគុណ​អើយ ! ប្រោស​ថ្វាយ​ជីវិត​ខ្ញុំប្របាទ ដល់​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទៅ ឥឡូវ​ព្រះអង្គ​ទ្រង់​បិណ្ឌ​បាត​ហើយ​ព្រះ​គុណ​អើយ ! ការ​បូជា​ដោយ​គ្រឿង​អាមិសទាន​ឯទៀត ៗ នោះ​មាន​ផលានិសង្ស​ពុំ​ស្មើ​នឹង​ការ​បូជា​ជីវិត​ខ្ញុំព្រះបាទ​ដល់​ព្រះពុទ្ធ​ជា​ម្ចាស់​ក្នុង​គ្រា​នេះ​ឡើយ ផល​នេះ​ហើយ​ជា​ផល​យ៉ាង​ធំ​បំផុត ព្រះតេជព្រះគុណ​និង​ប្រាថ្នា​សាង​ជា​ពុទ្ធភូមិ​ឬ​អរហន្ត ភូមិ​ក៏​អាច​សម្រេច​ដូច​ក្ដី​ប្រាថ្នា​ទៅ​អនាគត​កាល "លោក​ឧកញ៉ា​យោមរាជ​លុះ​ឮ​ពាក្យ​អ្នក​ទោស​ពោល​ដង្ហោយ​ដូច្នោះ ក៏​ដូច​ជា​គេ​ខ្ទាស់​ណែន​ឱរា​នឹក​ឃើញ​ថា ចាញ់​កល​ឧបាយ​អ្នក​ទោស​ជា​ប្រាកដ ទើប​និយាយ​ទៅ​កាន់​នាយ​ឆ្មាំ​ពន្ធនាគារ​ថា " អើ​យើង​ចាញ់​កល​អ្នក​ទោស​នេះ​ហើយ ឥឡូវ​វា​ពោល​ពាក្យ​ដង្ហោយ​សូម​ជីវិត​វា​នឹង​ព្រះពុទ្ធ ថា​ឱ្យ​ទ្រង់​បិណ្ឌបាត​ទោស​វា​ឯង​ជា​ម្ដង ការ​នេះ​តែ​យើង​មិន​លែង​វា ក៏​ដូច​ជា​យើង មិន​យល់​ដល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ហាក់​ដូច​ជា​យើង​ឥត​សទ្ធា ក្នុង​ព្រះ​ពុទ្ធ​សាសនា បើ​ដូច្នេះ​នាយ​ឆ្មាំ​ឯង​និង​ខ្ញុំ យើង​ពីរ​នាក់​ចូល​សទ្ធា​លើក​ជីវិត​វា ថ្វាយ​ដល់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ចុះ ហើយ​យើង​ពីរ​នាក់​ទទួល​កែខៃ​ជា​ក្រោយ គឺ​យើង​បិទ​បាំង​ឱ្យ​ជិត កុំ​ឱ្យ​ខ្ចរខ្ចាយ​ឮ​ដល់​ត្រចៀក​អ្នក​ដទៃ​ឯ​ទៀត​ឡើយ " ។ ឯ​នាយ​ឆ្មាំ​ក៏​ព្រម​តាម ទើប​លោក​យោមរាជ​ឱ្យ​នាយ​ឆ្មាំ​ស្រាយ​ចំណង​ហើយ​ថា " យើង​លែង​ចៅ​ឯង​ហើយ ចូរ​ចៅ​រត់​ទៅ​នៅ​ទីណា​មួយ ដែល​ជា​ទី​រក្សា​ជីវិត​ឯង​ចុះ ហើយ​កុំ​និយាយ​ប្រាប់​គេ​ថា យើង​ដោះ​លែង​ចៅ​ឯង ចៅ​ឯង​ចូរ​ថា​កាច់​ច្រវាក់​រត់​ចាក​គុក​ទៅ​ចុះ តទៅ​មុខ​ទៀត​ចៅ​កុំ​ប្រព្រឹត្ត​ការ​លាមក​យ៉ាង​នេះ​ទៀត​ឡើយ" ។ ឯ​អ្នក​ទោស​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ ហើយ​ក្រាប​លា​លោក​យោមរាជ និង​នាយ​ឆ្មាំ ហើយ​ក៏​រត់​ចេញ​ទៅ​ស្រុក​ក្រៅ លាក់​ខ្លួន​ពុំ​ឱ្យ​ពួក​រាជការ​ដឹង​ឮ​ឡើយ ។ ឯ​ឧកញ៉ា​យោមរាជ ក៏​នាំ​នាយ​ឆ្មាំ​ថ្វាយ​បង្គំ លា​ព្រះពុទ្ធរូប​ហើយ​វិល​ទៅ​កាន់​លំនៅ​ៗ ជា​សុខ​សប្បាយ កំចាយ​តែ​សព្ទ​ប្រាប់​គេ​ថា អ្នក​ទោស​នោះ​កាច់​ច្រវាក់ រត់​ចេញ​ចាក​គុក​ទៅ​បាត់​ហើយ ។ លុះ​កន្លង​កាល​យូរ រឿង​នោះ​ពុំ​ស្ងាត់​បាត់​ទៅ​ឡើយ ជាហេតុ​ដឹង​ឮ​ទៅ​ដល់​ឧកញ៉ា​ពលទេព ៗ ។ មាន​ចិត្ត​ត្រេកអរ​ដោយ​សម​តាម​គំនិត ដែល​គិត​រក​ឱកាស​នឹង​ក្រាបទូល​ព្រះរាជា​ឱ្យ​ដក​ងារ​ឧកញ៉ា​យោមរាជ​នេះ អាត្មា​គង់​នឹង​បាន​ទីនោះ ។ សម័យ​ថ្ងៃមួយ ជា​ពេលា​ព្រឹក ព្រះ​រាជា​ស្ដេច​ចេញ​អង្គាស​ភត្ត​ដាក់​បាត្រ​លោក​សង្ឃ ស្ដេច​កំពុង​ទុក​បាត្រ​មាន​ហ្វូង​ក្អែក​ទាំង​ឡាយ​ហើរ​មក​ស្រែក​កញ្ឆៀវ​កងរំពង​ទាំង​ផ្ទៃ​វាំង ក្អែក​ពួក​ខ្លះ​ហើរ​ស្រែក​យំ ទំ​តាម​ដើម​ឈើ​ទំ​តាម​ដំបូល​ប្រាសាទ ដំបូល​ដំណាក់​ទីទៃ ៗ ។ ឯ​ព្រះ​បរម​ចក្រី លុះ​ស្ដេច​ទុក​បាត្រ​ស្រេច​ហើយ ទ្រង់​ត្រាស់​ថា អា​សត្វ​ក្អែក​អស់​នេះ មាន​ហេតុ​ភេទ​អ្វី បាន​ជា​ថ្ងៃ​នេះ​វា​នាំ​គ្នា​មក​ស្រែក​គឹកកង​កោលាហល​យ៉ាង​នេះ​ធ្វើ​ម្ដេច​នឹង​បាន​ដឹង​ភាសា​វា​អេះ ! " ។ ឯ​ឧកញ៉ា​ពលទេព​អង្គុយ​គាល់​នៅ​ទីនោះ លុះ​បាន​ឮ​ព្រះបន្ទូល ដូច្នោះ​បានឱកាស​ទើប​ក្រាបទូល​ឡើង​ថា "សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​មនុស្ស​យើង​ទាំងឡាយ ក្នុង​ព្រះ​នគរ​នេះ​ពុំ​មាន​នរណា​មួយ​អាច​ចេះ​ភាសា​សត្វ​ឡើយ ឮ​ថា​អ្នក​ឧកញ៉ា​យោមរាជ គេ​ចេះ​ភាសា​សត្វ ដោយ​គេ​បាន​រៀន​ត​អំពី​អ្នក​ទោស​ដល់​ទី​ប្រហារ​ជីវិត​ម្នាក់ ហើយ​បាន​លែង​អ្នក​ទោស​ជា​គ្រូ​គេ​នោះ​បង់ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ឱ្យ​​ហៅ​មក​សួរ​គង់ទ្រង់​ជ្រាប" ។ ព្រះ​រាជា​បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នេះ ក៏​ប្រើ​រាជ​បម្រើ​ម្នាក់ ឱ្យ​ទៅ​ហៅ​ឧកញ៉ា​យោមរាជ​ចូល​មក​គាល់ ។ ឧកញ៉ា​យោមរាជ ឮ​ថា​ទ្រង់​មាន​ព្រះ​រាជឱង្ការ​ឱ្យ​ហៅ​ទៅ​គាល់​ដូច្នោះ ក៏​នឹក​ពិភាល់​ក្នុង​ចិត្ត​ថា ទ្រង់​ឱ្យ​រក​ខ្លួន​ចូល​ទៅ​នេះ មុខ​ជា​មាន​ការ​ប្លែក​ប្រាកដ ទើប​សួរ​ទៅ​កាន់​រាជ​បម្រើ​នោះ​ថា "នាហ្មឺន​ណា​គាល់​នៅ​ក្នុង​ទី​នោះ​ខ្លះ?" រាជ​បម្រើ​ជម្រាប​ថា "លោក​ឧកញ៉ា​ពលទេព គាល់​នៅ​ទីនោះ" ។ ឧកញ៉ា​យោមរាជ​ឮ​ដូច្នោះ ក៏​ដឹង​ខ្លួន​ថា​អា​ពលទេព វា​គង់​ក្រាបទូល ពោល​ទោស​អញ​ជា​ប្រាកដ គិត​ហើយ​ឧកញ៉ា​យោមរាជ​រៀប​អាត្មា​ម្នីម្នា​ទៅ​ជា​មួយ​នឹង​រាជ​បម្រើ​នោះ លុះ​ដល់​ហើយ​ក៏​ចូល​ទៅ​ក្រាប​បង្គំ​អង្គុយ​គាល់​ក្នុង​ទី​ដ៏​គួរសម​។ ឯ​ព្រះ​រាជា​ទត​យល់​ឧកញ៉ា​យោមរាជ​ចូល​មក​គាល់​ហើយ​ក៏​ត្រាស់​ថា "អើ​អ្នក​យោមរាជ ឥឡូវ​ឧកញ៉ា​ពលទេព គេ​ប្រាប់​យើង​ថា អ្នក​ឯង​បាន​រៀន​ភាសា​សត្វ​អំពី​អ្នក​ទោស​ម្នាក់ ហើយ​អ្នក​ឯង​បាន​លែង​អ្នក​ទោស​នោះ​ចេញ​ចាក​គុក​ទៅ ឥឡូវ​ហ្វូង​សត្វ​ក្អែក​ទាំង​ឡាយ​វា​មក​ស្រែក​កញ្ជ្រៀវ កង​រំពង​ជា​កោលាហល យល់​ថា​នឹង​មាន​ហេតុអ្វី​មួយ​ពុំ​ខាន បើ​ដូច្នេះ​អ្នក​ឯង​ចេះ​ភាសា​សត្វ ចូរ​ស្ដាប់​វា និយាយ​គ្នា​វា​ទៅ​មើល" ។ ឧកញ៉ា​យោមរាជ​ក៏​ទទួល ព្រះ​ឱង្ការ​ទូល​អនុលោម​តាម​ថា "ខ្លួន​បាន​រៀន​ចេះ​ដឹង​ភាសា​សត្វ​ពិត​ប្រាកដ​មែន" លុះ​ឮ​ព្រះ​ឱង្ការ​ប្រើ​ឱ្យ ស្ដាប់​សត្វ​ក្អែក​ដូច្នោះ ក៏​ធ្វើ​ជា​បែរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សត្វ​ក្អែក​ម្ខាង ហើយ​បែរ​ទៅ​ស្ដាប់​សព្ទ​ក្អែក​ម្ខាង​ទៀត លុះ​ស្ងប់​សព្ទ​ក្អែក​បន្តិច ក៏​ក្រាប​បង្គំ​ទូល​ថា "សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ហ្វូង​ក្អែក​ដែល​ទំ​លើ​ដើម​ឈើ​នេះ ជា​ហ្វូង​ក្អែក​ស្រុក​ក្រៅ ឯ​ហ្វូង​ក្អែក​ដែល​ទំ​លើ​ដំបូល​មហា​ប្រាសាទ​នោះ ជា​ហ្វូង​ក្អែក​នៅ​ក្នុង​នេះ " ។ ព្រះ​រាជា​ឮ​ដូច្នោះ ក៏​ត្រាស់​សួរ​ទៅ​វិញ​ថា " ចុះ​ក្អែក​ស្រុក​ក្រៅ​វា​មក​យំ​កង តើ​វា​យំ​ដូចម្ដេច ? ក្អែក​ក្នុង​ក្រុង តើ​កញ្ជ្រៀវ​ថា​ដូចម្ដេច? " អ្នក​ឧកញ៉ា​ក្រាប​ទូល​ថា "ក្អែក​ស្រុក​ក្រៅ មាន​ក្ដី​ក្ដៅ​ក្រហាយ ដោយ​អ្នក​ស្រុក​ក្រៅ​ពុំ​បាន​ធ្វើ​បុណ្យ​ឱ្យ​ទាន ដូច​អំពី​ឆ្នាំមុន ៗ គឺ​ឆ្នាំ​មុន ៗ ប្រជារាស្ត្រ​សម្បូរ​ស្រូវ​អង្ករ គេ​នាំ​គ្នា​ធ្វើ​បុណ្យ​និមន្ត​លោក​សង្ឃ​ឆាន់ តាម​ភូមិ​លំនៅ ឯ​ចំណី​អាហារ​ដែល​សេស​សល់​នោះ គេ​បោះ​ឱ្យ​ទាន​ក្អែក​ឬ​សត្វ​ឯ​ទៀត​ៗ​ផង បណ្ដា​សត្វ​ទាំងឡាយ​មាន​ក្អែក​ជាដើម សឹង​បាន​បរិភោគ​ចំណី​ដែល​សេស​សល់​នោះ​ទូទៅ សេចក្ដី​សុខ​សប្បាយ​ក៏​មាន​គ្រប់​ដំបន់ ឥឡូវ​ឆ្នាំ​នេះ​លោក​ឧកញ៉ា​ពលទេព​ជា​នាយ​ក្សេត្រ ចាត់​មេកង​អាជ្ញា​ហ្លួង​ចេញ​ទៅ​កត់​ស្រូវ​មិន​ត្រូវ​តាម​ប្រពៃណី គឺ​យក​ពន្ធ​រាស្ត្រ​លើស​ប្រមាណ រាស្ត្រ​គ្នា​មាន​ស្រូវ​តែ​ត្រឹម ៤-៥ ថាំង​ក៏​កត់​គ្នា​ឱ្យ​ជាប់​ពន្ធ​ដែរ ឧកញ៉ា​ពលទេព​ឱ្យ​កត់​ដល់​ទៅ​ស្រូវពូជ ស្រូវដំណើប ស្រូវ​ចម្ការ​ប្រាំង​យក​ជា​ពន្ធ​ទាំងអស់ មួយ​ទៀត​ស្រូវ​គ្នា​មាន​តែ​ត្រឹម ៥០-៦០ ក៏​ទារ​យក​បង្កើត​ដាក់​ថា ៩០-១០០ រាស្ត្រ​គ្នា​តវ៉ា​ក៏​មិន​បាន យក​បុណ្យស័ក្ដិ សង្កត់​បង្ក្រាប​គ្នា​ទៅ​តាម​អំពើ​ចិត្ត​ផ្សេង ៗ ពួក​ប្រជារាស្ត្រ​កើត​ក្ដី​ក្រ​លំបាក​បាន​ក្ដី​ក្ដៅ​ក្រហាយ​តែ​រាល់ៗ​គ្នា បាន​ជា​ឆ្នាំ​នេះ​មិន​មាន​នរណា​អាច​ធ្វើ​បុណ្យ​ឱ្យ​ទាន​ដូច​ឆ្នាំ​មុន​ៗ​បាន ពួក​ក្អែក​ទាំង​ឡាយ​ពុំ​បាន​ទទួល​ទាន​បាយ​សម្ល ដែល​សេសសល់​អំពី​ការ​ធ្វើ​បុណ្យ​ទាន​នោះ​ឯង ទើប​វា​នាំ​គ្នា​ចូល​មក​ក្នុង​ក្រុង នាំ​សេចក្ដី​ក្ដៅ​ក្រហាយ​ឡើង​ក្រាប​បង្គំ​ទូល​ព្រះករុណា​ជា​អម្ចាស់​ផ្ទៃ​ក្រោម​ទ្រង់​ជ្រាប ការ​ឧកញ៉ា​ពលទេព​ប្រព្រឹត្ត​ខុស​ព្រះរាជ​បញ្ញត្ត​មាន​សភាព​យ៉ាង​នេះ សូម​ល្អង​ធូលី​ព្រះបាទ​ស្ដេច​ទ្រង់​ជ្រាប " ។ ព្រះ​បរម​រាជា បាន​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​ឧកញ៉ា​យោមរាជ​ដូច្នេះ​ក៏​ត្រូវ​ព្រះទ័យ ទើប​ទ្រង់​ខ្ញាល់​នឹង​ឧកញ៉ា​ពលទេព​ថា កោង​កាច​ឆបោក​រាស្ត្រ ធ្វើ​ឱ្យ​ប្រជារាស្ត្រ​ក្ដៅ​ក្រហាយ​ទាំង​ព្រះ​រាជ​អាណាខេត្ត ស្ដេច​ទ្រង់​ឱ្យ​ដក​ងារ​ឧកញ៉ា​ពលទេព​ចេញ​ចាក​មុខងារ​មន្ត្រី ប្រោស​ប្រទាន​ឧកញ៉ា​យោមរាជ​ឡើង​ទី​ជា​សម្ដេច​ជហ្វា​ទឡ្ហ អគ្គមហាសេនា ស្ដីទី​រាជការ​ជា​អធិបតី​ក្រសួង​នានា​តទៅ ។