ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/12

រឿង ភ្នំ​សំពៅ


(នៅ​ខេត្ត​បាត់ដំបង)




នៅ​ខាង​លិច​ទីក្រុង​បាត់​ដំបង ចម្ងាយ​ប្រមាណ ១២ គីឡូម៉ែត្រ មាន​ភ្នំ​ជា​ច្រើន​នៅ​ជិត​ៗ​គ្នា មាន​ភ្នំ​សំពៅ ភ្នំ​ទ្រុង​មាន់ - ទ្រុង​ទា និង​ភ្នំ​រំសាយ​សក់​ជា​ដើម ។

រឿង​ព្រេង​និយាយ​តៗ​គ្នា ប្រចាំ​ភ្នំ​នោះ មាន​ដំណាល​ដូច​ត​ទៅ​នោះ ៖

កាល​ពី​ព្រេង​នាយ មាន​ព្រះ​មហា​ក្សត្រ​មួយ​អង្គ ព្រះ​នាម​រាជកុល សោយរាជ្យ​នៅ​ប្រទេស​កម្ពុជា តាំង​ព្រះរាជវាំង​នៅ​លើ​ជួរ​ភ្នំ​ដង​រែក ។ ព្រះ​បាទ រាជកុល ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​ស្ត្រី​ម្នាក់​ឈ្មោះ​នាង សុវណ្ណមសា(២) នាង​នេះ​ជា​កូន​ក្រី​ក្រ​ទេ ប៉ុន្តែ​នាង​មាន​រូប​ឆោម​សក្ដិ​សម​ល្អ​ឆើត នាង​ចិញ្ចឹម​ក្រពើ​មួយ ក៏​មាន​ឫទ្ធ​ក្លាហាន​ឈ្លាសវៃ​ណាស់ ទោះ​បី​ប្រើ​ឲ្យ​វា​ធ្វើ​អ្វី​បាន​ទាំង​អស់ ។ ក្រពើ​នោះ​មាន​ខ្លួន​ធំ​លើស​ប្រមាណ​នាង​ឲ្យ​ឈ្មោះ អាធន់ ។ តាម​ដំណាល​ថា មុន​ដំបូង នាង សុវណ្ណមសា រើស​បាន​ពង​សត្វ​មួយ​យក​មក​ទុក ដោយ​នាង​មិន​ស្គាល់​ថា​ជា​ពង​សត្វ​អ្វី​ទេ ប៉ុន្តែ​លុះ​ដល់​ថ្ងៃ​ខែ​នឹង​ញាស់​ស្រាប់​តែ​ឃើញ​ចេញ​ជា​កូន​ក្រពើ​មក ។ នាង​ក៏​ចេះ​តែ​អាណិត ខំ​ចិញ្ចឹម​ថែ​រក្សា​ដោយ​ពេញ​ចិត្ត​ណាស់ ។ ក្រពើ​នោះ​ទៀត​សោត ក៏​ប្លែក​ពី​ក្រពើ​ទាំង​ពួង ចេះ​ស្ដាប់​បង្គាប់​នាង​ដូច​ជា​មនុស្ស​សុទ្ធសាធ ។

ឯ​ព្រះបាទ​រាជកុល លុះ​បាន​នាង សុវណ្ណមសា មក​ជា​គូ​ស្នេហា​ហើយ មិន​យូរ​ប៉ុន្មាន ក៏​បែរ​ជា​មាន​ព្រះ​ទ័យ​ពុំ​សូវ​ស្ម័គ្រស្មោះ​ទៅ​វិញ​ដោយ​ទ្រង់​ព្រះតម្រិះ​យល់​ឃើញ​ថា " នឹង​លើក​នាង​ជា​អគ្គមហេសី​ពេញ​ទី​ពុំ​បាន ព្រោះ​នាង​ជា​រាស្ត្រ មាន​ឋានៈ​ពុំ​ស្មើ ពុំ​សម​នឹង​រៀប​អភិសេក​ជា​អគ្គ​មហេសី​ឡើយ " ។ លុះ​ទ្រង់​ព្រះ​តម្រិះ​ដូច្នេះ​ហើយ ទ្រង់​ស្ដេច​ទៅ​ក្រាប​បង្គំ​ព្រះវរបិតា​ៗ ក៏​ទ្រង់​យល់​តាម​ហើយ​ចាត់​ស៊ើបសួរ​រក​ស្ត្រី​ណា ដែល​មាន​ពូជពង្ស​ត្រកូល​ខ្ពង់ខ្ពស់ ដើម្បី​រៀប​អភិសេក​ជា​មួយ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ ។

យូរ​បន្តិច​មក ឮ​ដំណឹង​ថា នៅ​ស្រុក​ចន្ទបុរី មាន​ស្ដេច​មួយ​ព្រះ​អង្គ មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​នាម​នាង រំសាយសក់ ព្រោះ​ព្រះ​នាង​មាន​សក់​ទិព្វ ចង់​បាន​អ្វី​ក៏​បាន​ដូច​ព្រះ​ទ័យ គឺ​ព្រះ​នាង​គ្រាន់​តែ​ច្រូត​ព្រះ​កេសី​ទៅ ចង់​ឲ្យ​ទឹក​សមុទ្រ​ខះ​ទៅ​ជា​ដី​គោក​ក៏បាន ចង់​ឲ្យ​ដី​គោក​ក្លាយ​ទៅ​ជា​ទឹក​សមុទ្រ​ក៏​បាន ។ ព្រះ​វររាជ​មាតា​បិតា​នៃ​ព្រះ​បាទ រាជកុល ទ្រង់​ប្រើ​សេនា​ឲ្យ​នាំ​សារ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចន្ទបុរី ដើម្បី​ដណ្ដឹង​នាង​នោះ​តាម​ព្រះ​រាជ​ប្រពៃណី ។ ស្ដេច​ក្រុង​ចន្ទបុរី ក៏​ពុំ​ទ្រង់​យល់​ទាស់​ឡើយ ទ្រង់​តប​ព្រះរាជសារ​មក​ព្រះ​វររាជ​មាតា​បិតា​នៃ​ព្រះ​បាទ រាជកុល ថា "បើ​ទ្រង់​សព្វ​ព្រះរាជ​ហឫទ័យ សូម​ទ្រង់​លើក​បណ្ណាការ​មក​ចុះ" ។ សេនា​បាន​ទទួល​ព្រះ​រាជ​ឱង្ការ​ហើយ ក្រាប​បង្គំ​លា​ត្រឡប់​មក​ក្រាប​បង្គំ​ទូល ព្រះ​រាជ​មាតា​បិតា​នៃ​ព្រះ​បាទ រាជកុល វិញ​សព្វ​គ្រប់​តាម​ដំណើរ​នោះ ។ ព្រះ​បាទ​រាជកុល បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ ក៏​ទ្រង់​មាន​ព្រះ​ទ័យ​សោមនស្ស​ពន់​ពេក ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រៀប​ចំ​គ្រឿង​បណ្ណាការ​យ៉ាង​ឧឡារិក​ផ្ទុក​ក្នុង​សំពៅ ដើម្បី​ធ្វើ​ព្រះ​រាជ​ដំណើរ​ចេញ​ទៅ​កាន់​ក្រុង​ចន្ទបុរី ។

ចំណែក​នាង សុវណ្ណមសា លុះ​បាន​ដំណឹង​នេះ​ហើយ ក៏​កើត​ចិត្ត​ក្ដៅ​ក្រហាយ​ខ្លាំង​ណាស់ ទើប​ប្រើ​ក្រពើ​ឲ្យ​ទៅ​តាម​កល់​សំពៅ​នោះ​ឲ្យ​លិច​វិនាស​អន្តរាយ ដើម្បី​មិន​ឲ្យ​ព្រះ​បាទ រាជកុល ទៅ​ជួប​នឹង​នាង រំសាយ​សក់ ។ ក្រពើ​នោះ​ក៏​ប្រើ​បាន​ដូច​ចិត្ត​ទៀត វា​បោះ​ពួយ​ក្នុង​ទឹក​លឿន​ដូច​ព្រួញ លុះ​ទៅ​ជិត​ដល់​សំពៅ​ ព្រះបាទ​រាជកុល​ៗ ទ្រង់​ក្រឡេក​ឃើញ អាធន់ ក៏​ទ្រង់​មាន​ព្រះ​បន្ទូល​ខ្លាំង​ៗ ថា " នៃ អាធន់ ! អញ​ទេ កុំ​មក​ធ្វើ​ផ្ដេសផ្ដាស " ។ អាធន់ ឆ្លើយ​តប​ទៅ​វិញ​ថា " ស៊ី​បាយ​អ្នក​ណា យក​អាសា​អ្នក​នោះ " ។

ពួក​ពល​ក្រឡេក​ឃើញ​ក្រពើ​ធំ​សម្បើម ក៏​ភ័យ​ស្រែក​ឆោឡោ​ពេញ​ទាំង​សំពៅ ខ្លះ​បោះ​ត្រឡាច ល្ពៅ ព្រម​ទាំង​មាន់​និង​ទា​ទាំង​ទ្រុង​ៗ ទៅ​ឲ្យ អា​ធន់​ស៊ី ដើម្បី​ឲ្យ​វា​ឈប់ វា​ឃ្លាត​ឆ្ងាយ​អំពី​សំពៅ តែ​អាធន់ ពុំ​ទទួល​ស៊ី​សោះ ។ ព្រះ​បាទ​រាជកុល ក៏​បួង​សួង​អស់​ទេវតា សូម​ឲ្យ​លោក​ជួយ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ។

ដោយ​បុណ្យ​បារមី​ព្រះអង្គ សេចក្ដី​បួង​សួង​នោះ ក៏​រំជួល​ទៅ​ដល់​ព្រះ​ឥន្ទ្រាធិរាជ​ៗ ក៏​ទ្រង់​ប្រើ​បម្រើ​ទៅ​ប្រាប់​ព្រះ​នាង រំសាយ​សក់ ភ្លាម ។ ព្រះ​នាង រំសាយ​សក់ ក៏​ច្បូត​ព្រះកេសី ឲ្យ​ទឹក​សមុទ្រ​ខះ​រឹង​ទៅ​ជា​ដី​ទាំង​អស់ ។ ក្រពើ​ក៏​ជាប់​ក្នុង​ដី​នោះ មុន​នឹង​ដាច់​ខ្យល់​ស្លាប់ ក្រពើ​នោះ​គោះ​កន្ទុយ​ផង ដក​ដង្ហើម​ធំ​ផង រមួល​ខ្លួន​ត្រឡប់ត្រឡិន ហើយ​តួ​ខ្លួន​ក្រពើ​នោះ​គោះ​កន្ទុយ នឹង​ត្រង់​ច្រមុះ​ក្រពើ ក៏​កើត​ទៅ​ជា​បឹង ២ នៅ​ដល់​សព្វ​ថ្ងៃ​នេះ ហៅ​ថា បឹង​កន្ទុយ​ក្រពើ និង បឹង​ច្រមុះ​ក្រពើ ។ ឯ​សំពៅ​នោះ ក៏​កើត​ទៅ​ជា​ភ្នំ​ធំ​មួយ មាន​រាង​ជា​សំពៅ​សុទ្ធ​សាធ​ហៅ​ថា ភ្នំ​សំពៅ តែ​ផ្អៀង​បន្តិច​ព្រោះ​រលក​បោក​ខ្លាំង​ណាស់ ។ នៅ​ពេល​ដែល​អាធន់ ជិត​ទៅ​ដល់​សំពៅ ក្ដោង​សំពៅ​ក៏​សណ្ដក​ធ្លាក់​ទៅ​ក្នុង​ទឹក កើត​ទៅ​ជា​ភ្នំ​មួយ ហៅ​ថា ភ្នំ​ក្ដោង​សំពៅ ទាល់​សព្វ​ថ្ងៃ ។ ទ្រុង​មាន់​ទ្រុង​ទា​ដែល​ពួក​ពល​បោះ​ទៅ​ឲ្យ​ក្រពើ ក៏​កើត​ទៅ​ជា​ភ្នំ​មួយ ហៅ​ថា ភ្នំ​ទ្រុង​មាន់​ទ្រុង​ទា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ។

លុះ​សមុទ្រ​ក្លាយ​ទៅ​ជា​ដី​ហើយ ព្រះ​បាទ រាជកុល ទ្រង់​ប្រើ​ពួក​ពល​​ឲ្យ​ជញ្ជូន​ប្រដាប់​ប្រដា​ទាំង​ពួង យាង​ទៅ​កាន់​ក្រុង​ចន្ទបុរី ដើម្បី​រៀប​អភិសេក​ជាមួយ​នឹង​ព្រះ​នាង រំសាយ​សក់ តាម​ព្រះ​រាជ​ប្រពៃណី ។ កន្លែង​ដែល​ព្រះ​នាង រំសាយ​សក់ ច្បូត​សក់​នោះ ក៏​កើត​ទៅ​ជា​ភ្នំ​មួយ​នៅ​ខាង​ត្បូង​ភ្នំ​សំពៅ ហៅ​ថា ភ្នំ​រំសាយ​សក់ ដល់​សព្វ​ថ្ងៃ ។

កាល​រៀប​អភិសេក​រួច​ស្រេច​ហើយ ព្រះបាទ រាជកុល ទ្រង់​នាំ​ព្រះ​នាង រំសាយ​សក់ ជា​អគ្គ​មហេសី ព្រម​ទាំង​ពល​សេនា​ជា​ច្រើន ត្រឡប់​ទៅ​កាន់​រាជ​បុរី​វិញ ។ ព្រះ​អង្គ​ទ្រង់​គង់​លើ​ដំរី​ជាមួយ​ព្រះ​នាង ជា​ព្រះ​ជាយា មាន​ពល​សេនា​ហែហម​មក​ជា​ច្រើន ។ មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​ ទ្រង់​ក្រឡេក​ទៅ​ឃើញ​ភ្នំ​សំពៅ ភ្នំ​ក្រពើ ទ្រង់​នឹក​ទោមនស្ស​ជា​ខ្លាំង​នឹង​នាង សុវណ្ណមសា ថា "ព្រោះ​តែ​វា​ចិត្ត​អាក្រក់ បាន​ជា​ឲ្យ​គេ​ស្លាប់​វិនាស​អស់​យ៉ាង​នេះ " ។ ព្រះ​អង្គ​ប្រើ​សេនា​ឲ្យ​ទៅ​ចាប់​នាង សុវណ្ណមសា យក​មក​សម្លាប់​ចោល សេនា​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា ចាប់​នាង​សុវណ្ណមសា មក​កាត់​ក្បាល​សង​សឹក​វិញ ក្បាល​នោះ​ក៏​កើត​ជា​ភ្នំ​មួយ ហៅ​ថា ភ្នំ​សង​ក្បាល នៅ​ជិត​ស្រុក​មង្គល​បុរី​សព្វ​ថ្ងៃ​នេះ ប៉ុន្តែ​អ្នក​ស្រុក​ហៅ​ក្លាយ​មក​ថា ភ្នំ​សង​ក្បាន ទៅ​វិញ ។ មាន​វាល​មួយ​នៅ​ជិត​ភ្នំ​នោះ សព្វ​ថ្ងៃ​ហៅ​ថា វាល​ចិញ្ច្រាំ​ពោះ ព្រោះ​ពួក​សេនា​ចិញ្ច្រាំ​ពោះវៀន​នាង​ចោល​នៅ​ទី​នោះ ។ ឯ​យោនី​របស់​នាង សេនា​បាន​គ្រវែង​ចោល ហើយ​កើត​ទៅ​ជា​ភ្នំ​មួយ​ទៀត ហៅ​ថា ភ្នំ​ក្រពាយ​នាង តែ​សព្វ​ថ្ងៃ គេ​ហៅ​ក្លាយ​មក​ថា​ភ្នំ បន្ទាយ​នាង ។

ចំណែក​ព្រះ​បាទ រាជកុល និង​ព្រះ​នាង រំសាយ​សក់ ជា​ព្រះ​អគ្គមហេសី យាង​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះវរបិតា-មាតា​វិញ ហើយ​ទ្រង់​គង់​នៅ​ជា​សុខសាន្ត​ទៅ ។