ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/13

រឿង ភ្នំ​បាណន់​


(នៅ​ខេត្ត​បាត់​ដំបង)




នៅ​ខាង​លិច​ស្ទឹង​សង្កែ ស្រុក​សង្កែ ជ្រុង​អាគ្នេយ៍​ទី​ក្រុង​បាត់​ដំបង ចម្ងាយ​ប្រហែល​ជា ១០ គីឡូ​ម៉ែត្រ មាន​ភ្នំ​មួយ​ឈ្មោះ ភ្នំ​បាណន់ ជា​បូជនីយដ្ឋាន​សក្ដិសិទ្ធិ ដែល​អ្នក​ស្រុក​តែង​ធ្វើ​ពិធី​បូជា​តាំង​បុរាណ​កាល ។

រឿង​ព្រេង​ភ្នំ​នេះ មាន​ដូច​តទៅ ៖

តាម​ចាស់​ៗ​ដំណាល​ថា កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ម្នាក់​​មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង រំសាយ​សក់ នាង​នោះ​ចេះ​តែ​ឈឺ​ដោយ​ជំងឺ​រាំង​រដូវ​ជា​យូរ​ឆ្នាំ ។ ក្រោយ​មក​មាន​តាបស​ម្នាក់​ឈ្មោះ​តា គ្រាម បាន​ទទួល​មើល​ជំងឺ​នាង​នោះ​លុះ​ត្រា​តែ​ជា កាល​ជា​ហើយ មហា​សេដ្ឋី​ជា​ឪពុក​នាង បាន​ផ្សំ​ផ្គុំ​ឲ្យ​ជា​ភរិយា​តាបស​នោះ ។ តាបស​ បង្ហាត់​បង្រៀន​ឲ្យ​នាង​ចេះ​មន្ត​អាគម​ផ្សេងៗ​ជា​ច្រើន មាន​មន្ត​ហៅ​ខ្យល់​ព្យុះ​ជា​ដើម ។

តាបស​និង​ភរិយា​នៅ​ក្នុង​រូង​ភ្នំ​មួយ ហៅ​ថា ព្រះ​ទឹក ឬ ប្រទឹក តាម​សំដី​អ្នក​ស្រុក ។ រូង​ភ្នំ​នោះ​នៅ​ខាង​ត្បូង ភ្នំ​បាណន់ សព្វ​ថ្ងៃ តែ​កាល​នោះ ភ្នំ​បាណន់​ នោះ​គេ​ហៅ​ថា ភ្នំ​ប្រាសាទ ។ ខាង​ក្រោយ​មក មាន​ព្រះ​រាជ​បុត្រ​ស្ដេច​មួយ​ព្រះ​អង្គ ព្រះ​នាម​ចៅ​រាជកុល មក​សុំ​រៀន​មន្ត​វិជ្ជា​ផ្សេង​ៗ តា គ្រាម ។ តាបស​សុខ​ចិត្ត​បង្ហាត់បង្រៀន​ព្រះ​រាជ​បុត្រ​នេះ​លុះ​ត្រា​តែ​ចេះ ប៉ុន្តែ​ហាម​ព្រះ​រាជ​កុមារ​មិន​ឲ្យ​មើល​ប្រពន្ធ​សោះ ដោយ​គាត់​ខ្លាច​ចៅ​រាជកុល ស្រឡាញ់​ប្រពន្ធ​គាត់ ព្រោះ​នាង រំសាយ​សក់ រូប​ល្អ​ណាស់ ។

កន្លង​ជា​យូរ​ខែ​ក្រោយ​មក​, ពេល​មួយ ចួន​ជា​តាបស​មិន​នៅ​ចៅ រាជកុល ទៅ​លួច​មើល​ប្រពន្ធ​គាត់ ឃើញ​រូប​នាង​ល្អ​ឆើត ក៏​កើត​សេចក្ដី​ប្រតិព័ទ្ធ​លួច​សាកសួរ​ចិត្ត​នាង​ៗ ស្រឡាញ់​ចៅ រាជកុល ដែរ ក៏​ទទួល​ព្រម ។

ថ្ងៃ​មួយ តាបស​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​រក​វត្ថុ​ផ្សេង​ៗ អ្នក​ទាំង​ពីរ​បាន​ឱកាស​ល្អ ក៏​នាំ​គ្នា​ជិះ​សំពៅ​រត់​ចោល​តាបស​ទៅ ។

កាល​តាបស​ត្រឡប់​មក​ពី​ព្រៃ​វិញ ពុំ​ឃើញ​អ្នក​ទាំង​ពីរ​នៅ​ក្នុង​រូង​ភ្នំ គាត់​ក៏​ដឹង​ថា​ចៅ រាជកុល​និង​ភរិយា​គាត់​ពង្រត់​គ្នា​ទៅ គាត់​តាម​ទៅ​ដល់​មាត់​សមុទ្រ បាន​ឃើញ​សំពៅ​ឃ្លាត​ឆ្ងាយ​ទៅ​ដល់​កណ្ដាល​សមុទ្រ​ទៅ​ហើយ ។ តាបស​ខឹង​ណាស់​ក៏​សេក​មន្ត​វិជ្ជា​ហៅ​ខ្យល់​ព្យុះ​ដើម្បី​បំផ្លាញ​សំពៅ នៅ​កណ្ដាល​សាគរ ។ ប៉ុន្តែ ដោយ​នាង​រំសាយ​សក់ ចេះ​មន្ត​វិជ្ជា​ដែរ ក៏​ធ្វើ​ឲ្យ​ខ្យល់​បក់​ផាត់​ខ្យល់​កំណាច​នោះ​ផុត​អស់ ។ តាបស​ឈឺ​ចិត្ត​ខ្លាំង​ពេក ក៏​ដួល​ស្លាប់​នៅ​ឆ្នេរ​សមុទ្រ​នោះ​ទៅ ។

អ្នក​ទាំង​ពីរ​ដឹង​ហេតុ​ដូច្នោះ ក៏​នាំ​គ្នា​ត្រឡប់​សំពៅ​មក​កាន់​រូង​ភ្នំ​ប្រទឹក​វិញ នៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា ។

ខាង​ក្រោយ​មក ចៅ​រាជកុល ត្រឡប់​មក​រក​នាង រំសាយ​សក់ វិញ នាង​ប្រពន្ធ​ដើម​ខឹង​ណាស់ ក៏​ប្រើ​ក្រពើ​នាង​ឈ្មោះ អាធន់ ឲ្យ​ទៅ​ឃាំង​ផ្លូវ​កុំ​ឲ្យ​ចៅ​រាជកុល ទៅ​វិញ​បាន ។ ឯ​នាង រំសាយ​សក់ លុះ​ក្រឡេក​ឃើញ​សំពៅ​ប្ដី​ទៀប​លិច ក៏​បន់​ទេវតា​ដែល​នៅ​រក្សា​ភ្នំ​ប្រាសាទ​ថា "សូម​ឲ្យ​តែ​ជួយ​ប្ដី​ខ្ញុំ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់​ចុះ ខ្ញុំ​នឹង​ថ្វាយ​ភ្នំ​នេះ " ។ ដោយ​អំណាច​បំណន់​នោះ នាង​​នឹង​ប្ដី​ក៏​បាន​សុខ​សប្បាយ ហើយ​ថ្វាយ​ភ្នំ​នោះ​លា​បំណន់ ។ តាំង​ពី​នាង​បន់​នោះ​មក គេ​ហៅ​ភ្នំ​ប្រាសាទ​នោះ​ថា ភ្នំ​បំណន់ តែ​សព្វ​ថ្ងៃ គេ​ហៅ​ក្លាយ​មក​ថា ភ្នំ​បាណន់ វិញ ។

នៅ​ជើង​ភ្នំ​នោះ មាន​រូង​ជ្រៅ​ធំ​ទូលាយ អាច​ឲ្យ​មនុស្ស​ចូល​ទៅ​​បាន​ដោយ​ស្រួល ដំបូល​រូង​កោង​ដូច​ដំបូល​ទូក មាន​កន្លែង​ទឹក​ស្រក់​មាន​តម្រង​ទឹក​ថ្ម​រាង​ដូច​ត្បាល់​បុក​អង្ករ ទំហំ​ប្រហែល​ជា​ប៉ុន​ល្អី ។ រូង​នោះ​មាន​ទំហំ​ប្រហែល ១២ ម៉ែត្រ​បួន​ជ្រុង ជញ្ជាំង​ថ្ម ពុំ​មាន​ចម្លាក់​អ្វី​ទេ ប៉ុន្តែ​នៅ​ខាង​ត្បូង​តម្រង​ទឹក​ក្បែរ​ជញ្ជាំង​មាន​ព្រះ​ពុទ្ធរូប​បាក់​បែក​ជា​ច្រើន ។ ពន្លឺ​ព្រះ​អាទិត្យ​ចូល​ទៅ​បំភ្លឺ​ពេញ​រូង​នោះ តាម​ប្រហោង​មួយ​​នៅ​លើ​ដំបូល ។ ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​រូង​នោះ​តូច​ចុះ​តែ​មនុស្ស​ម្នាក់​ងងឹត​សូន្យ​, បើ​ចូល​ទៅ​តាម​ផ្លូវ​លុះ​តែ​អុជ​ចន្លុះ​បំភ្លឺ ហើយ​ដើរ​ជា​ជួរ​បន្ត​គ្នា ទើប​អាច​ចូល​ទៅ​ដល់​កន្លែង​ស្រក់​ទឹក​នោះ​បាន ។

តាម​អ្នក​ភ្នំ​បាណន់​នោះ​និយាយ​ថា ចួន​កាល​តម្រង​នោះ​មាន​ទឹក​ពេញ ចួន​កាល់​មាន​ទឹក​ត្រឹម​តែ​ពាក់​កណ្ដាល​, គេ​ថា​បើ​តម្រង​ថ្ម​មាន​ទឹក​ពេញ ជា​ប្រផ្នូល​ថា អ្នក​ស្រុក​បាន​ស្រូវ​បរិបូណ៌​, បើ​ទឹក​កន្លះ ថា អ្នក​ស្រុក​ធ្វើ​ស្រូវ​ពុំ​សូវ​បាន ។

ទឹក​ដែល​គេ​ឃើញ​នៅ​ក្នុង​តម្រង​នោះ ថ្លា​ឆ្វេង ហើយ​ជន់​ទាំង​ឡាយ​ដែល​ទៅ​ដល់​ទី​នោះ មិន​ដែល​ខាន​ក្បង់​ទឹក​នោះ មក​លុប​លាង​ក្បាល​សុំ​សេចក្ដី​សុខសប្បាយ​ទេ ។ រាល់​ៗ​ឆ្នាំ អ្នក​ស្រុក​តែង​ធ្វើ​ពិធី​បូជា​នៅ​ភ្នំ​បាណន់​នោះ​, នា​ពេល​ចូល​ឆ្នាំ​ថ្មី គេ​ធ្វើ​ខាង​លើ​ភ្នំ នូវ​ពិធី​ទាំង​ឡាយ មាន​ពិធី​ពូន​ភ្នំ​ខ្សាច់​ និង​និមន្ត​លោក​ឆាន់​ជាដើម ហើយ​មាន​របាំ មាន​ប្រដាល់ និង​មាន​ចែក​ទាន​ជា​ប្រាក់ ឬ​សំលៀក​បំពាក់​ដល់​អ្នក​ស្រុក​ផង ។

នៅ​ថ្ងៃ​ទី ១ ជា​ថ្ងៃ​ចូល​បុណ្យ គេ​តែង​ធ្វើ​ពិធី​បួង​សួង​សូម​ឲ្យ​ទេវតា​ថ្មី​ជួយ​ឲ្យ​អ្នក​ស្រុក​បាន​សេចក្ដី​សុខសប្បាយ ។ ពិធី​បួង​សួង​នោះ ចួន​កាល​អ្នក​រាជការ​ធ្វើ ចួន​កាល​អ្នក​ស្រុក​ធ្វើ ។ បើ​កាល​ណា​គេ​ភ្លេច​ធ្វើ​ពិធី​បួងសួង​នឹង​កើត​ជំងឺ​ពេញ​ទាំង​ភូមិ ។

ពិធី​បួងសួង​មាន ស្លា​ធម៌ បាយសី និង​ភ្លេង​លេង​បទ​បួង​សួង ។

អ្នក​ស្រុក​បាន​ឲ្យ​ការណ៍​ថា កាល​ពី​ដើម តែ​កាល​ណា​លេង​ភ្លេង​បទ​បួងសួង គេ​មើល​ទៅ​ក្នុង​ស្រះ តាសែន ដែល​នៅ​ជិត​ជើង​ភ្នំ បាណន់ នោះ ឃើញ​ក្រពើ​ងើប​ជា​ច្រើន ។ ស្រះ​នោះ​ពី​ដើម​ជ្រៅ​តែ​ឥឡូវ​រាក់​ទេ ហើយ​នៅ​ពេល​បួង​សួង​មិន​ឃើញ​ក្រពើ​ងើប​ឡើយ ។