ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/20

រឿង ភ្នំ​សុពណ៌កាឡី


(នៅ​ខេត្ត​ក្រចេះ)




បើ​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​ទៅ​តាម​ផ្លូវ​ទន្លេ​ធំ ដោយ​ទូក​ឬ​កប៉ាល់ ដល់​ទៅ​ភ្នំ​ដី​ច្រាល ហើយ​បត់​ទៅ​ដល់​ផែ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ក្រឡេក​ចោល​ភ្នែក​ទៅ​ទិស​ឦសាន ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ត្រើយ​ខាង​ជើង ត្រង់​ឃុំ​ចំបក់ យើង​នឹង​ឃើញ​ភ្នំ​មួយ​ខ្ពស់​ទទុង​នៅ​ក្បែរ​មាត់​ទន្លេ​នោះ ឈ្មោះ " ភ្នំ​សុពណ៌កាឡី " ជា​ភ្នំ​ស័ក្ដិសិទ្ធិ ។

ភ្នំ​នោះ មាន​រឿង​ព្រេង​ដំណាល​ដូច​ត​ទៅ​នេះ :

កាល​ពី​ព្រេង​នាយ មាន​ក្រពើ​មួយ​ឈ្មោះ " សុពណ៌កាឡី " ខ្លួន​ធំ​មហិមា មាន​ឫទ្ធានុភាព​ពូកែ​ណាស់ ឥត​ក្រពើ​ណា​ប្រឡង​ឫទ្ធិ​ផង​បាន អា​ស្រ័យ​នៅ​ក្នុង​អន្លង់​មួយ​ឈ្មោះ​អន្លង់​សាលី ដែល​សព្វ​ថ្ងៃ​ហៅ ភូមិ​អន្លង់​សាលី ក្នុង​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម នា​ខាង​ក្រោម​ភ្នំ សុពណ៌កាឡី ចម្ងាយ​ប្រហែល ២០ គីឡូម៉ែត្រ ។

ក្នុង​សម័យ​ជា​មួយ​គ្នា​នោះ នៅ​ឃុំ​មហា​លាភ ស្រុក​កោះ​សុទិន ក្នុង​ខេត្ត​កំពង់ចាម មាន​ក្រពើ​មួយ​ឈ្មោះ " នាង​ឱរ៉ៃ " នៅ​អាស្រ័យ​ក្នុង​ទឹក​ទន្លេ​តូច ត្រង់​កំពង់​វត្ត​មហា​លាភ ជា​ក្រពើ​របស់​លោក​សង្ឃ​ចិញ្ចឹម ពេល​លោក​និមន្ត​ទៅ​បិណ្ឌបាត ក្រពើ​នោះ​តែង​បញ្ជិះ​ចម្លង​លោក​ទៅ ដល់​លោក​និមន្ត​ត្រឡប់​មក​វិញ​ជា​ធម្មតា ។

ក្រពើ​នោះ មាន​មាឌ​ធំ​ណាស់​ ក្បាល ៧​ហត្ថ តំណែង​ខ្លួន​ជា​មនុស្ស​បាន ។ កាល​វា​តំណែង​ខ្លួន​ជា​មនុស្ស បាន​ឮ​ពាក្យ​មនុស្ស​និយាយ​គ្នា​ថា " ក្រពើ​ឈ្មោះ នាង​ឱរ៉ៃ ធំ​អ្វី​ប៉ុណ្ណឹង ក្រពើ​ឈ្មោះ សុពណ៌កាឡី នៅ​អន្លង់​សាលី ធំ​ជាង​នេះ​ទៅ​ទៀត " ។

នាង​ឱរ៉ៃ បាន​ឮ​មនុស្ស​និយាយ​ដូច្នេះ ក៏​នៅ​ជា​ក្រពើ​ដូច​ដែល​ហែល​ទៅ​តាម​ទន្លេ​តូច មាន​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ សំដៅ​ទៅ​រក​ក្រពើ សុពណ៌កាឡី ដោយ​ប្រាថ្នា​នឹង​ប្រឡង​ឫទ្ធិ​គ្នា​, លុះ​ចេញ​ទៅ​ដល់​មាត់​ពាម​ផ្កាយ​ម្រេច ប្រទះ​នឹង​តា​ចាស់​យាយ​ចាស់​កំពុង​ចែវ​ទូក​ឆ្លង​ទន្លេ​ធំ នាង​ឱរ៉ៃ ក៏​គិត​ថា " បើ​ខ្លួន​អញ​នៅ​ជា​ក្រពើ​នឹង​សុំ​ដោយ​សារ​តា​យាយ​នេះ​ពុំ​បាន​ទេ ព្រោះ​គាត់​ខ្លាច ដូច្នេះ គួរ​អញ​និម្មិត​ខ្លួន​ជា​លោក​នេន ទើប​សុំ​ដោយ​សារ​គាត់​បាន " ។ គិត​ហើយ ក៏​និម្មិត​ខ្លួន​ជា​លោក​នេន សុំ​ដោយ​សារ​ជាមួយ​តា​យាយ​បាន​ដូច​បំណង ។ នាង​ឱរ៉ៃ លោក​នេន មិន​បាន​ឲ្យ​តា​ចែវ​កន្សៃ​ទូក​ទេ បង្គាប់​តា​ថា " សូម​តា​ទៅ​អង្គុយ​កាន់​ជើង​ចែវ​ខាង​ក្បាល​ទូក​ទប់ខ្លួន​ឲ្យ​នឹង​ចុះ " ។ ថា​ដូច្នេះ​ហើយ លោក​នេន​ក្រពើ​ក៏​ខំ​ចែវ​ទូក​លឿន​បន្តិច​ម្ដង​ៗ យូរ​ទៅ​រឹត​តែ​លឿន​ឡើង​ៗ ដោយ​អំណាច​នាង​ឱរ៉ៃ និម្មិត​យក​កន្ទុយ​ជួយ​កាយ​ទឹក​ផ្សំ​ផង ចំនួន​កន្លះ​ថ្ងៃ​ទើប​ទៅ​ដល់​ទី​កន្លែង​ក្រពើ សុពណ៌កាឡី ។ នាង​ឱរ៉ៃ​លោក​នេន សួរ​តា​យាយ​ថា " តា​ឡើង​ត្រើយ​ខាង​ស្ដាំ​ណា ? " ។ តា​ឆ្លើយ​ប្រាប់​វិញ​ថា " តា​ឡើង​ត្រើយ​ខាង​ស្ដាំ​នេះ​បាន​ហើយ " ។ លុះ​ចូល​ទូក​ទៅ​ដល់​កំពង់ នាង​ឱរ៉ៃ លោក​នេន ជួយ​អូស​ទូក​តា​យាយ​​ផុត​ពី​ទឹក ។ តា​ថា ដាក់​ទូក​ត្រង់​ហ្នឹង​បាន​ហើយ" ។ នាង​ឱរ៉ៃ លោក​នេន​ថា "ពុំ​បាន​ទេ តា!” ថា​ហើយ​ក៏​អូស​ទូក​នោះ ទៅ​ដាក់​ដល់​ចិញ្ចើម​ច្រាំង ចង​ក្រៀក​ដោយ​ច្រវាក់​ភ្ជាប់​នឹង​បង្គោល ព្រោះ នាង​ឱរ៉ៃ គិត​ថា " នៅ​ពេល​ប្រឡង​ឫទ្ធិ​គ្នា​នោះ​រលក​ទឹក​ខ្លាំង​ណាស់ ពោរ​ដល់​ចិញ្ចើម​ច្រាំង បើ​ប្រហែល​មិន​ចង​ឲ្យ​ជាប់​មុខ​ជា​នឹង​អណ្ដែត​ទូក​នោះ​បាត់ "គិត​ហើយ​ក៏​សំដែង​ឫទ្ធិ​ប្រែ​ខ្លួន​ជា​ក្រពើ​លោត​ចុះ​ទៅ​ក្នុង​ទឹក ហែល​សំដៅ​ទៅ​រក​ក្រពើ សុពណ៌កាឡី បាន​ជួប​ហើយក៏​ប្រខាំ​គ្នា​ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ បញ្ឈរ​ខ្លួន​ផុត​ពី​ទឹក​ផ្អើល​អស់​មនុស្ស​មក​មើល​ត្រៀបត្រា រលក​ទឹក​បោក​ហួស​ចិញ្ចើម​ច្រាំង ។ លុះ​ប្រខាំ​គ្នា​យូរ​ទៅ ក្រពើ នាង​ឱរ៉ៃ មាន​ឫទ្ធិ​ជាង​ខាំ​ត្រូវ​ពោះ​ក្រពើ សុពណ៌កាឡី​ៗ ក៏​ធ្លាយ​ពោះ​ស្លាប់​មួយ​រំពេច​ទៅ កើត​ជា​ភ្នំ​មួយ​ហៅ​ថា " ភ្នំ​សុពណ៌កាឡី " តាម​ឈ្មោះ​ក្រពើ​នោះ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ភ្នំ​នេះ ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ បើ​អ្នក​ណា​ទៅ​រៀន​មន្ត​វិជ្ជា​នៅ​ទី​ភ្នំ​នោះ កំពុង​អង្គុយ​ស្វាធ្យាយ តែង​មាន​ពួក​បិសាច​មក​ច្បង​ធ្វើ​ជា​ដុំ​មាស​ប៉ុន​ដូង​ទុំ ឬ​ស្រី​ក្រមុំ​មក​ពិត​អែប​ស្មា​សង​ខាង បើ​អ្នក​រៀន​វិជ្ជា​នោះ ភ្លាត់​ចំណាប់ ចង់​បាន​របស់​នោះ មុខ​ជា​ពួក​នេះ​វាយ​បំបាក់​ក​ស្លាប់​ពុំ​ខាន ។

កាល​មាន​ជ័យ​ជម្នះ​ហើយ ក្រពើ នាង​ឱរ៉ៃ នោះ ក៏​ត្រឡប់​មក​ទី​លំនៅ​វិញ ។ លុះ​បាន​យូរ​ទៅ​បន្តិច​ទៅ ក្រពើ​នោះ​កំពុង​តែ​បញ្ជិះ​លោក​នេន​ឆ្លង​ទឹក ស្រាប់​តែ​ប្រទះ​នឹង​ក្រពើ​បច្ចាមិត្ត​ដទៃ​ទៀត​មក​បៀតបៀន នាង​ឱរ៉ៃ ក៏​គិត​ថា " ឥឡូវ​នេះ​នឹង​ទុក​លោក​នេន​នៅ​កន្លែង​ណា ? " ។ រក​កន្លែង​នឹង​ដាក់​គ្មាន នាង​ឱរ៉ៃ ក៏​លេប​លោក​នេន​ចូល​ទៅ​ក្នុង​ពោះ​ខ្លួន​ហើយ​ប្រយុទ្ធ​នឹង​ក្រពើ​ជា​បច្ចាមិត្ត ។ ក្រពើ​បច្ចាមិត្ត ចាញ់​ក្រពើ​នាង​ឱរ៉ៃ ហើយ​គេច​ខ្លួន​រត់​បាត់​ទៅ ។

លុះ​រួច​កិច្ច​ប្រយុទ្ធ​ហើយ នាង​ឱរ៉ៃ ក៏​ខ្ជាក់​លោក​នេន​ចេញ​ពី​ពោះ​តាម​មាត់​ខ្លួន​មក​វិញ ឃើញ​លោក​នេន​នោះ​សុគត​ទៅ​ហើយ ក៏​កើត​សេចក្ដី​សោក​ស្ដាយ​ក្រៃ​ពេក ។

នៅ​ឱកាស​ដែល​ពួក​មហា​ជន កំពុង​ធ្វើបុណ្យ​ឈាបនកិច្ច​រំលាយ​សព​លោក​នេន​នោះ​, ក្រពើ នាង​ឱរ៉ៃ ក៏​វារ​ឡើង​ទៅ​ដេក​លើ​ភ្នក់​ភ្លើង​ដែល​កំពុង​ឆេះ​ពេញ​អំណាច ។ តេជោធាតុ​ក៏​ឆេះ​ក្រពើ នាង​ឱរ៉ៃ នោះ​បាត់​បង់​ជីវិត​ទៅ​មួយ​រំពេច​ដែរ ។