ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/4

រឿង ក្រុង​ឧត្តុង្គ

នៅ​ខេត្ត​កំពង់​ស្ពឺ

ទីក្រុង​ឧត្តុង្គ​ចាប់​ផ្ដើម​កសាង​ឡើង​ក្នុង​សតវត្ស​ទី ១៧ នៃ​គ្រិស្តសករាជ ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ជ័យជេដ្ឋាទី២ ដូច​មាន​ចែង​ក្នុង​ព្រះ​រាជពង្សាវតារ​ប្រទេស​កម្ពុជា​ត​ទៅ​នេះ ៖

ក្នុង​ពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យជេជ្ឋា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង ស្ដេច​គង់​នៅ​ព្រះ​រាជវាំង​ល្វាឯម(១) ទ្រង់​នាំ​ព្រះ​អគ្គ​មហេសី ព្រះ​ស្នំ​ក្រម​ការ សេនាបតី និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ខ្ញុំ​រាជការ​ទាំង​ពួង ចុះ​ព្រះរាជ​ទីន័ង​នាវា​ស្ដេច​យាង​ទៅ​ប្រពាត​នៅ​តំបន់​អូរ​ក្រង​លាយ ក្នុង​ខេត្ត​សំរោង​ទង ទ្រង់​ប្រថាប់​នៅ​ព្រះ​ពន្លា​​ជា​យូរ​ថ្ងៃ រួច​ស្ដេច​យាង​ក្រសាល​នៅ​ទី​តាដុង យាយ​ជ័យ ទ្រង់​ទត​ឃើញ​ទី​ទួល​មួយ​នៅ​តំបន់​ស្រះ​កែវ ជាទី​មាន​ទេសភាព​ល្អ ក៏​ទ្រង់​ចាប់​ព្រះ​រាជ​ហឫទ័យ ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​នឹង​មន្ត្រី​ខ្ញុំ​រាជការ​ទាំង​ពួង មាន​ហោរា​ធិបតី​ជា​ដើម​ថា " យើង​ចង់​សាង​ព្រះ​រាជវាំង​គង់​នៅ​ទី​នេះ តើ​អស់​អ្នក​ទាំង​ពួង​យល់​ថា​ម្ដេច ? “ ។ ឧកញ៉ា​ហោរាធិបតី មុំ គន់​គូរ​ពិនិត្យ​មើល​ដី​នោះ ដោយ​ក្បួន​ហោរា​សាស្ត្រ​ហើយ​ក្រាប​បង្គំ​ទូល​ថា " ទី​នេះ​ជា​ទី​ជយភូមិ​ល្អ​ណាស់ ត្រូវ​តាម​ក្បួន ទាយ​ថា នឹង​មាន​ឫទ្ធ​តបៈ​តេជះ​ឈ្នះ​អស់​សត្រូវ​ទាំង ៨ ទិស " ។

ព្រះ​រាជា​ទ្រង់​ជ្រាប​ដូច្នោះ ទ្រង់​ចាត់​ឧកញ៉ា​ក្រឡា​ហោម កែវ ឲ្យ​ជា​នាយក​ចាត់​ការ​កសាង​ព្រះ​រាជ​វាំង​នៅ​តំបន់​ស្រះ​កែវ​នោះ ទ្រង់​ចាត់​ហើយ ស្ដេច​ត្រឡប់​មក​ព្រះ​បរម​រាជវាំង​ល្វាឯម​វិញ ។

លំដាប់​ពី​នោះ ឧកញ៉ា​ក្រឡាហោម កែវ ក៏​បង្គាប់​ទៅ​ចៅហ្វាយ​ស្រុក ឲ្យ​កេណ្ឌ​បណ្ដា​រាស្ត្រ​កាប់​ឈើ​មក​ធ្វើ​ជា​ព្រះ​រាជវាំង តាម​ព្រះ​រាជ​បញ្ជា ។ លុះ​ប្រមូល​គ្រឿង​សម្ភារៈ​បាន​សព្វ​គ្រប់​ហើយ ឧកញ៉ា​ក្រឡាហោម កែវ បង្គាប់​មេការ​ឲ្យ​ចាប់​ផ្ដើម​ចាត់​ការ​លើក​ដី​ធ្វើ​ជា​បន្ទាយ​យាម​ល្បាត​ជុំ​វិញ សង់​ជា​ព្រះ​រាជវាំង ព្រះ​រាជ​មន្ទីរ ព្រះ​រាជ​ដំណាក់​ធំ​តូច​និង​ចុង​ព្រះរាជ​រោង ប្រមាណ ១០ ខែ ទើប​រួច​ស្រេច ហើយ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​សូម​ទ្រង់​ជ្រាប​សព្វ​គ្រប់​ការ ។

លុះ​ទ្រង់​ជ្រាប​ហើយ ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យជេដ្ឋា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ស្ដេច​ចេញ​ចាក ព្រះ​បរម​រាជ​វាំង​ល្វាឯម ទ្រង់​ឡើង​គង់​ព្រះ​ទីន័ង​នាវា​ធ្វើ​ព្រះ​រាជ​ដំណើរ​តាម​ទន្លេ​សាប មួយ​អន្លើ​ដោយ​ព្រះ​អគ្គ​មហេសី ព្រះ​ស្នំ​ក្រម​ការ ព្រះ​រាជវង្សានុវង្ស សេនាបតី នាហ្មឺន​សព្វ​មុខ​មន្ត្រី​ខ្ញុំ​រាជ​ការ​គ្រប់​ក្រុម​ជា​រាជ​បរិពារ ដល់​កំពង់​តាដុង យាយ​ជ័យ ទ្រង់​ប្រថាប់ នៅ​ទី​នោះ​ ៣ រាត្រី ទ្រង់​ព្រះរាជ​បញ្ញត្ត​ឲ្យ​ហៅ​ទី​នោះ​ថា "កំពង់​ហ្លួង" ហើយ​ទ្រង់​ព្រះរាជ​បញ្ជា​ភ្នាក់​មុខ​ក្រសួង ឲ្យ​រៀប​ចំ​ធ្វើ​ព្រះរាជ​ពិធី​ឡើង​ព្រះ​រាជវាំង​ថ្មី និមន្ត​ព្រះសង្ឃ​រាជា​គណៈ​ចម្រើន​ព្រះ​បរិត្ត ៣ ថ្ងៃ ចូល​ព្រះ​រាជ​ពិធី​នៅ​ថ្ងៃ ៥ កើត ខែ​ផល្គុន ឆ្នាំ​វក​ទោ​ស័ក ពុទ្ធ​សករាជ ២១៦៤ គ្រិស្ត​សករាជ ១៦២០ ហើយ​ព្រះ​រាជវង្សានុវង្ស ព្រះ​អគ្គមហេសី ព្រះ​ស្នំ​ក្រម​ការ សេនាបតី មន្ត្រី​ខ្ញុំ​រាជការ​ជា​រាជបរិពារ ហែ​ស្ដេច​ឡើង​ពី​កំពង់​ហ្លួង​ចូល​ទៅ​គង់​ក្នុង​ព្រះ​រាជវាំង​ថ្មី រួច​ទ្រង់​ឲ្យ​រៀប​ធ្វើ​ព្រះ​រាជ​ពិធី​សម្ពោធ​ព្រះ​នគរ ៣​ថ្ងៃ​ទៀត ដោយ​មាន​ល្បែង​មហោស្រព​គ្រប់​បែប​ជា​ឧឡារិក​អធិកអធម​ក្រៃ​ពេក ទើប​ទ្រង់​តាំង​ព្រះ​នាម​ព្រះ​នគរ (ទីក្រុង) ថ្មី​នោះ​ថា " ព្រះ​បរម​រាជវាំង​មហា​នគរ ឧត្តុង្គ​មានជ័យ​បុរីរម្យ​ឧត្ដម​រាជ​និវេសនដ្ឋាន " ដែល​ហៅ​ខ្លី​ថា " ក្រុង​ឧត្តុង្គ​មាន​ជ័យ " ។

ទី​ក្រុង​នេះ មាន​ពាក្យ​អ្នក​ស្រុក​និទាន​តៗ គ្នា ជា​រឿង​ព្រេង​ដូច​តទៅ​នេះ ៖ រឿង តាដុង​យាយ​ជ័យ(១)

សេចក្ដី​ដំណាល​ថា កាល​នោះ​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​សោយ​រាជ​នៅ​នគរ​ខ្មែរ បាន​នាំ​ព្រះ​អគ្គមហេសី ដែល​ទ្រង់គភ៌​ទៅ​ក្រសាល​ព្រៃ កាល​យាង​ទៅ​ដល់​ព្រៃ ព្រះ​អគ្គ​មហេសី​ទ្រង់​ប្រឈួន​ព្រះ​ឧទរ តែ​ទ្រង់​ពុំ​បាន​ជ្រាប​ថា ព្រះ​អង្គ​ប្រឈួន​នឹង​ប្រសូតិ​ព្រះ​រាជបុត្រ ព្រះ​នាង​ក៏​ទ្រង់​នាំ​ព្រះ​ស្វាមី​យាង​ចូល​ព្រៃ​នៅ​ឆ្ងាយ​ពី​ពលរេហ៍ ។ លុះ​ព្រះ​រាជ​បុត្រ​ប្រសូតិ​មក​ជា​ពង ព្រះ​អគ្គមហេសី និង​ព្រះរាជា​ទត​ឃើញ​ដូច្នោះ នឹក​ខ្មាស​អស់​អាណា​ប្រជានុរាស្ត្រ ក៏​ទ្រង់​កាយ​ដី​កប់​ពង​នោះ​ទុក​ចោល​ក្នុង​ព្រៃ​ទៅ ។ ទ្រង់​កប់​ហើយ​មិន​សប្បាយ​ព្រះ​ទ័យ​សោះ​ដោយ​នឹក​ស្មាន​ព្រះ​រាជ​បុត្រ ដែល​ទ្រង់​សង្ឃឹម​ក្នុង​ព្រះ​រាជ​ហឫទ័យ​ថា បើ​ប្រសូតិ​មក​ជា​កូន​មនុស្ស នឹង​បាន​សោយ​រាជ​តំណ​​ព្រះ​រាជ​វង្ស​តទៅ ព្រោះ​ព្រះ​អង្គ​គ្មាន​ព្រះ​រាជបុត្រ​សោះ លុះ​ទ្រង់​ឃើញ​ហេតុ​ចម្លែក​អស្ចារ្យ​ដូច្នេះ ព្រះ​រាជា​ក៏​នាំ​ព្រះ​អគ្គ​មហេសី​យាង​ចូល​ក្នុង​ព្រះ​មហា​នគរ​វិញ ។

ថ្លែង​ពី​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ​ព្រាន វិង ជា​ព្រាន​របស់​ព្រះ​រាជា មាន​ថ្ងៃ​មួយ​នោះ ព្រាន​វិង​បាន​ចេញ​ដើរ​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ បាន​បណ្ដើរ​ឆ្កែ​ទៅ​ជាមួយ​ផង លុះ​ទៅ​ដល់​ព្រៃ​កន្លែង​ព្រះរាជា​កប់​ពង​នោះ ឆ្កែ​ព្រាន​ក៏​ព្រុស​កោះ​កកាយ​ដី ព្រាន​បាន​ឃើញ​ពង​កប់​ក្នុង​ដី ក៏​រើស​យក​មក​ទុក​នៅ​ផ្ទះ​របស់​ខ្លួន ។ ដោយ​ពង​នោះ​ធំ​ចម្លែក​ណាស់ ព្រាន​បាន​ថែ​រក្សា​ភ្ញាស់​ទុក​មើល ។ លុះ​គ្រប់​ថ្ងៃ​ខែ ព្រះ​រាជ​បុត្រ​ប្រសូតិ​ចេញ​ពី​ពង​នោះ​មក ជា​កូន​មនុស្ស​ភេទ​ប្រុស ។ ព្រាន​ឃើញ​ចម្លែក​អស្ចារ្យ ក៏​ចិញ្ចឹម​កូន​នោះ​លុះ​ត្រា​តែ​ធំ បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា " ប្រមាញវិងស៊ុង " ។

ចៅ​ប្រមាញ់វិងស៊ុង លុះ​ចម្រើន​វ័យ​ឡើង មាន​រូប​ឆោម​ពណ៌​ល្អ​ឆើតឆាយ​លើស​លុប​បុរស​ទាំង​ពួង ស្ត្រី​ណា​បាន​ឃើញ​រូប​ចៅ​ប្រមាញ់វិងស៊ុងចេះ​តែ​ស្រឡាញ់​គ្រប់​គ្នា ។ ឯ​ចៅ​ប្រមាញ់វិងស៊ុង បាន​ថ្នឹក​ហាត់​ខាង​ដើរ​បរបាញ់​សត្វ​ជាមួយ​ព្រាន​វិង​ជា​ឪពុក អ្នក​ស្រុក​គេ​ភូមិ​គេ​បាន​ស្គាល់​ថា ចៅ​ប្រមាញ់វិងស៊ុង ជាកូន​ព្រាន​វិង​​គ្រប់​គ្នា ។

ស្លេះ​រឿង​ព្រាន​វិង និទាន​ពី​តាដុង យាយ​ជ័យ ។ តា​យាយ នេះ​គាត់​មាន​កូន​ក្រមុំ​ស្រី​មួយ​ឈ្មោះ​នាង "ត្រចើលដោះក្រាល" មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ស្រស់​លើស​នារី​ទាំង​ពួង សាច់​ស បបូរ​មាត់​ដិត​ស្លា ភ្នែក​ទាំង​គូ​ភ្លឺ​ដូច​និល ចិញ្ចឹម​ដូច​គេ​វាស ថ្ពាល់​ប៉ោង​ពេញ​ក្រហម​ប្រឿងៗ ដោះ​ទាំង​គូ​ឡើង​ណែន​ក្ដន់ ក្រហម​រលោង​ហាក់​ដូច​ជា​បូស​ឲ្យ​មុខ​ឡើង​ក្រហម​ច្រាល ដំណើរ​ទន់​ភ្លន់​ល្វន់​ល្វាស​សម​ឫកពា ហាក់​ដូច​ជា​ស្រី​ទេព​អប្សរ​បវរ​កញ្ញា ។

តាដុង យាយ​ជ័យ បាន​សង់​ផ្ទះ​នៅ​ជាមួយ​នឹង​កូន​លើ​ដី​ទួល​មួយ មាន​ទឹក​ព័ទ្ធ​ជុំវិញ ការ​ពារ​កុំ​ឲ្យ​បុរស​ចេញ​ចូល​ដល់​ទី​លំនៅ​គាត់​បាន ។ ទួល​ដែល​តាដុង យាយ​ជ័យ​សង់​ផ្ទះ​នោះ នៅ​មាន​ជា​ដំណែល​ជាប់​មក​ដល់​សព្វ​ថ្ងៃ ឋិត​នៅ​មុខ​ខ្លោង​ទ្វារ​ចូល​ទៅ​វត្ត​ទេពប្រណម្យ ខាង​ត្បូង​ផ្លូវ​ជាតិ​លេខ ៥ ចម្ងាយ​ពី​ផ្លូវ​ជាតិ​​ប្រមាណ ៥០ ម៉ែត្រ នៅ​ក្នុង​ឃុំ​វិហារហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។

តាដុង យាយ​ជ័យ​មាន​ប្អូន​ស្រី​មួយ​ឈ្មោះ​នាង ទែន នៅ​ភូមិ​ស្រែ​រនោង ។ តា​និង​យាយ​បាន​នាំ​នាង​ត្រចើល​ដោះ​ក្រាល​ទៅ​លេង​ឯ​ផ្ទះ​នាង​ទែន​ជា​ញឹក​ញាប់ ។ ពេល​ដែល​នាង​ទៅ​លេង​ឯ​ផ្ទះ​ម្ដាយ​មីង នាង​តែងតែ​ដើរ​កាត់​ភូមិ​កាត់​ក្អម​មក​ដង​ទឹក អ្នក​ស្រុក​បាន​ឃើញ​ដំណើរ​នាង​ដើរ ក៏​នាំ​គ្នា​សរសើរ​​ថា ដំណើរ​នាង​ដើរ​ញ៉ែងញ៉ង ពាក្យ​សរសើរ​នោះ​រាល់​ពេល​នាង​ដើរ បាន​ជា​កន្លែង​នោះ​មាន​ឈ្មោះ​ថា ភូមិ-ឃុំ ញ៉ែងញ៉ង​ដល់​សព្វ​ថ្ងៃ លុះ​នាង​ដើរ​មក​ដល់​ទី​កន្លែង​អណ្ដូង​ទឹក មនុស្ស​ដែល​មក​ដង​ទឹក​ជាមួយ​នាង តែង​ពោល​សរសើរ​សាច់​នាង​ថា សស្គុស ពាក្យ​សរសើរ​រាល់​ពេល​វេលា​ដែល​នាង​មក​ដង​ទឹក ទើប​មាន​ពាក្យ​ហៅ​មក​ដល់​សព្វ​ថ្ងៃ​ថា ឃុំ​គុស ។ ឯ​ឃុំ​ញ៉ែងញ៉ង និង​ឃុំ​គុស​នេះ នៅ​ជិត​ជាប់​គ្នា​ក្នុង​ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ ។

ពេល​នេះ នាង​នៅ​លេង​នឹង​ផ្ទះ​ម្ដាយ​មីង​ពីរ​បី​ថ្ងៃ លុះ​តាដុង យាយ​ជ័យ​ក៏​មក​យក​នាង​​វិល​ទៅ​កាន់​ទី​លំនៅ​វិញ ។ តាដុង យាយ​ជ័យ​នឹង​នាង ត្រចើលដោះក្រាល ដែល​មក​ដល់​កាន់​ផ្ទះ​នាង​ទែន​នោះ​លស់​ខែ​តិច​ណាស់ ។ មាន​ថ្ងៃ​មួយ តា​និង​យាយ​បាន​នាំ​នាង​មក​លេង​ផ្ទះ​នាង​ទែន​ទៀត លុះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ បាន​ជួប​នឹង​ព្រាន វិង កំពុង​នាំ​​ចៅប្រមាញ់វិងស៊ុង ដើរ​បរ​បាញ់​សត្វ​ក្នុង​ព្រៃ ។ ដោយ​ព្រាន វិង និង​តាដុង យាយ​ជ័យ​នោះ បាន​ស្គាល់​ច្បាស់​ពីមុន​មក​ផង អ្នក​នោះ​ក៏​មាន​ការ​សាកសួរ​រាក់ទាក់​រក​គ្នា​ទៅវិញ​ទៅ​មក ។ ឯ​ចៅ​ប្រមាញ់វិងស៊ុង និង​នាង​ត្រចើលដោះក្រាល កាល​បើ​បាន​ឃើញ​គ្នា​ហើយ ក៏​ចេះ​តែ​គយគន់​មើល​គ្នា​ទៅ​វិញ​ទៅ​មក ។ ដោយ​ការ​គយ​គន់​រក​គ្នា​នោះ សេចក្ដី​ស្នេហា​ក៏​ចាប់​ផ្ដើម​ដុះ​ដាល​ឡើង​ពេញ​ពោរ​នៅ​ក្នុង​បេះដូង​រៀង​ខ្លួន ហើយ​បញ្ចេញ​ឫកពា​ទៅ​វិញ​ទៅ​មក​លុះ​ត្រា​តែ​ដឹង​ចិត្ត​គ្នា ។ ឯ​តាដុង យាយ​ជ័យ ចេះ​តែ​គយ​គន់​មើល​ឃើញ​ចៅ​ប្រមាញ់​វិងស៊ុង​មាន​រូប​ល្អ ក៏​នឹក​ក្នុង​ចិត្ត​ថា បើ​បាន​ធ្វើ​ជា​គូ​ស្វាមី​ភរិយា​ជាមួយ​កូន​អញ​ស័ក្ដិ​សម​គ្នា​ណាស់ ។ តា​និង​យាយ​ក៏​សួរ​ព្រាន​វិង​ថា " អ្នក​កំលោះ​ត្រូវ​ជា​អ្វី​នឹង​អ្នក ? " ។ ព្រាន​វិង​ក៏​ឆ្លើយ​ប្រាប់​ថា " កូន " ។ ដោយ​សេចក្ដី​ពេញ​ចិត្ត​នឹង​រូប​ល្អ​ស្រស់​របស់​ចៅ​ប្រមាញ់​វិងស៊ុង តា​និង​យាយ​ក៏​ទុក​ឱកាស​ឲ្យ​គូ​ស្នេហា​ទាំង​ពីរ​នាក់​នេះ​និយាយ​ឆ្លើយ​ឆ្លង​គ្នា​បាន​តាម​ចិត្ត ។ លុះ​ចប់​ការ​សន្ទនា​នឹង​គ្នា​ហើយ អ្នក​ដំណើរ​ទាំង​ក៏​លា​បែក​ចាក​ចេញ​ពី​គ្នា​ទៅ ដោយ​ពាំ​យក​ទាំង​ក្ដី​ស្នេហា​ជាប់​រៀង​ខ្លួន​ទៅ​ផង ។

ចៅ​ប្រមាញ់វិងស៊ិង បាន​ដឹង​ដំណើរ​នាង ត្រចើលដោះក្រាល មកលេង​នៅ​ផ្ទះ​នាង​ទែន​ញឹកញាប់ ក៏​ចេះ​​ដើរ​កាត់​ស្វែង​មក​មក​រក​ជួប​នឹង​នាង​នៅ​ផ្ទះ​នាង​ទែន​នោះ​ជា​ញឹកញាប់​ដែរ ។ ឯ​ព្រាន​វិង​មេបា​ខាង​នាង​ក៏​ពេញ​ចិត្ត​នឹង​គូ​ស្នេហា​ទាំង​ពីរ​នោះ ចាំ​តែ​ដល់​ពេល​ចូល​ដណ្ដឹង​និង​រៀបការ​ផ្សំផ្គុំ​គ្នា​ឲ្យ​ប៉ុណ្ណោះ ។

លុះ​នៅ​យូរ​ទៅ សេចក្ដី​ស្នេហា​ក៏​រីក​ដុះ​ដាល​ធំឡើង​តែ​រាល់​ថ្ងៃ ដោយ​តា​ដុង​យាយ​ជ័យ​ពុំ​បាន​ជូន​នាង​មក​លេង​ផ្ទះ​នាង​ទែន ជា​ញឹក​ញាប់​ដូច​កាល​មុន​ៗ ព្រោះ​គាត់​មាន​ការ​កង្វល់​ច្រើន​ នាង​ក៏​លប​លួច​រត់​មក​ផ្ទះ​នាង​ទែន​តែ​ម្នាក់ឯង ។

ថ្លែង​ពី​ព្រះ​រាជា​ដែល​គង់​សំចត​នៅ​ព្រៃ​បន្ទាយ​លង្វែក ព្រះ​អង្គ​ឡើង​គង់​លើ​អស្សពាហ៍​មាន​សេនា ៤​នាក់ ដង្ហែ​ព្រះ​អង្គ​ទៅ​ផង លុះ​ចូល​ដល់​ក្នុង​ព្រៃ​ជ្រៅ ស្រាប់​តែ​ប្រទះ​នាង ត្រចើល-ដោះក្រាល ដើរ​ត្រាច់​តែ​ម្នាក់​ឯង ។ ត្រង់​ព្រៃ​ដែល​ស្ដេច​​ប្រទះ​នាង​នោះ អ្នក​ស្រុក​គេ​ហៅ​ថា ព្រៃ​ប្រទះ​នាង ដែល​សព្វ​ថ្ងៃ​គេ​ហៅ​ក្លាយ​មក​ថា ប្រទះ​ឡាង ទៅ​វិញ ។ ព្រះ​អង្គ​បាន​ទត​ឃើញ​នាង​មាន​រូប​ឆោម​លោង​ពណ៌​ល្អ​ដូច​នាង​ទេពធីតា ក៏​ទ្រង់​លោត​ចុះ​ពី​លី​ខ្នង​សេះ យាង​សំដៅ​ទៅ​រក​នាង ទ្រង់​លួងលោម​នាង​ដោយ​សេចក្ដី​ស្នេហា ។ នាង ត្រចាលដោះក្រាល ក៏​មាន​សេចក្ដី​ភិត​ភ័យ នាង​មិន​មាន​អ្វី​ឆ្លើយ​តប​ទៅ​ព្រះ​រាជា​ទេ នាង​បែរ​ជា​រត់​ត្រឡប់​មក​ក្រោយ​វិញ ។ ពេល​នោះ ព្រះ​រាជា​និង​សេនា​បួន​នាក់ ក៏​រត់​ដេញ​តាម​នាង ។ ដោយ​កម្លាំង​នាង​ជា​ស្រី​រត់​មិន​សូវ​លឿន ហើយ​ដោយ​នាង​ព្រះ​រាជា​ដេញ​ប្រកិត​ជិត​ណាស់​មក​ផង នាង​បាន​ឃើញ​ដំបូក ១ នៅ​ក្នុង​ព្រៃ​ពី​មុខ​នាង ក៏​លើក​ដៃ​បួង​សួង​ថា " បើ​ខ្លួន​នាង​ពិត​ជា​គូ​នឹង​ចៅ​ប្រមាញ់​វិងស៊ុង សូម​ឲ្យ​ចូល​ទៅ​ពួន​លាក់​ខ្លួន​នៅ​ដំបូក​នេះ​ឲ្យ​បាត់ " ។ បួង​សួង​ហើយ​នាង​រត់​ចូល​ទៅ​ពួន​លាក់​ខ្លួន​នៅ​ដំបូក​នោះ ។ ព្រះ​រាជា​និង​សេនា​បួន​នាក់ ក៏​ទត​មើល​ពី​ចម្ងាយ​មក​នាង​រត់​ចូល​ទៅ​ក្នុង​ដំបូក​នោះ​ដែរ តែ​លុះ​មក​ដល់​បែរ​ជា​រក​នាង​ពុំ​ឃើញ​វិញ បាន​ជា​ពាក្យ​ហៅ​ទី​នោះ​ថា "ដំបូក​មាន​លក្ខណ៍" ។ កន្លែង​នេះ​ក្រោយ​មក អ្នក​ស្រុក​បាន​សាង​វត្ត​ហៅ​វត្ត​ដំបូក​មាន​លក្ខណ៍ នៅ​ក្នុង​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្ដាល តែ​តាម​ពាក្យ​ចាស់ៗ​ជាន់​ដើម ទី​ត្រង់​នេះ​គេ​ហៅ​ថា "ត្រពោក​មាន​លក្ខណ៍" ។ ពេល​នោះ ព្រះ​រាជា​ទ្រង់​ឆ្ងល់​នឹង​ដំណើរ​ដែល​នាង​រត់​មក​ពួន​បាត់​ខ្លួន​នៅ​ដំបូក​នោះ ក៏​ទ្រង់​ពិគ្រោះ​ជា​មួយ​សេនា​, សេនា​ ៤ នាក់​ទូល​តប​វិញ​ថា " ស្ត្រី​ដែល​មាន​រូប​ល្អ​អម្បាញ់មិញ​នេះ បាន​ជា​រត់​មក​ពួន​បាត់​នៅ​ដំបូក​ដែល​ជា​កន្លែង​មិន​គួរ​ឲ្យ​នឹង​លាក់​ខ្លួន​បាត់​យ៉ាង​ដូច្នេះ​ដោយ​ព្រះ​អង្គ​ដេញ​ចាប់​បង្ខំ​ចិត្ត​នាង ប្រហែល​ជា​មាន​ទេវតា​ជួយ​យកអាសា​នាង​ជា​មិន​ខាន" ហើយ​សេនា​ទូល​ថែម​ទៀត​ថា "បើ​ព្រះ​អង្គ​សព្វ​ព្រះរាជ​ហឫទ័យ​នឹង​រូប​នាង សូម​ព្រះ​អង្គ​ចូល​ទៅ​ស្ដី​ដណ្ដឹង​នាង​​ដល់​ឪពុក​ម្ដាយ​នាង​តាម​ប្រពៃណី​វិញ" ។ ព្រះ​រាជា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា "ចុះ​ធ្វើ​ម្ដេច​នឹង​បាន​ស្គាល់​ទីកន្លែង​ឪពុក​ម្ដាយ​នាង ?" ។ សេនា​ក្រាប​បង្គំ​ទូល​ថា "បើ​នាង​នោះ​ពិត​ជា​​មនុស្ស​លោក​មែន ទូល​ព្រះ​បង្គំ​សួរ​រក​ទីកន្លែង​ឪពុក​ម្ដាយ​នាង ថ្វាយ​ព្រះ​អង្គ នឹង​បាន​សម្រេច​តាម​ព្រះ​រាជ​បំណង​ជា​មិន​ខាន " ។ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​សេនា​ទាំង ៤ នាក់​សព្វ​គ្រប់​ហើយ ទ្រង់​យាង​ចូល​ព្រះ​ពន្លា​វិញ ។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក សេនា ៤​នាក់​ក៏​ត្រាច់​ស៊ើប​សួរ​រក​ទីកន្លែង​ផ្ទះ​ឪពុក​ម្ដាយ​នាង ត្រចើលដោះក្រាល រក​ពេល​អស់​យូរ​ថ្ងៃ​ពុំ​ឃើញ​សោះ ក៏​នាំ​គ្នា​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​រាជា ទូល​តាម​ការ​ស្រាវ​ជ្រាវ​រក​មិន​ឃើញ​នោះ ។ ព្រះ​រាជា​ក៏​ប្រជុំ​អស់​ពួក​សេនា ទ្រង់​មាន​ព្រះរាជ​បញ្ជា​ថា "ឲ្យ​រៀប​ធ្វើ​ពិធី​បុណ្យ​ប្រណាំង​ទូក​ង ឲ្យ​អ្នក​ស្រុក​ផ្អើល​ឈូឆរ​មក​មើល​ក្រែង​បាន​ជួប​ប្រទះ​នឹង​នាង ហើយ​ពួក​យើង​តាម​មើល​នាង​ឲ្យ​ស្គាល់​ទី​លំនៅ​របស់​នាង " ។

សេនា​ទទួល​ព្រះ​រាជបញ្ជា​ហើយ ក៏​ចាត់​ចែង​ផ្សាយ​ដំណឹង​ដល់​អ្នក​ស្រុក​ជន​បទ​ជិត​ឆ្ងាយ ឲ្យ​មក​មើល​ប្រណាំង​ទូក អ្នក​ស្រុក​ក៏​ផ្អើល​ឈូឆរ​មីរ​ដេរដាស​ដើរ​ពពាក់​ពពូន​គ្នា​ទៅ​មើល ដោយ​សេចក្ដី​រីករាយ ។

ចំណែក​នាង ត្រចាលដោះក្រាល កាល​ស្ដេច​ដេញ​ចាប់​នាង នាង​ពុំ​បាន​ស្គាល់​ជា​ស្ដេច​ទេ​, លុះ​ស្ដេច​យាង​ផុត​ទៅ នាង​ឃើញ​ស្ងាត់​ក៏​រត់​ចេញ​ដំបូក​ត្រឡប់​មក​ផ្ទះ​ឪពុក​ម្ដាយ​នាង​វិញ នាង​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​ឪពុក​​នូវ​ហេតុ​ដែល​កើត​មាន​ដល់​រូប​នាង​តាម​ត្រង់ ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​ស្នេហា​របស់​នាង ដ៏​លើស​លុប​ទៅ​លើ​ចៅ​ប្រមាញ់​វិងស៊ុង ។ ម្ដាយ​ឪពុក​បាន​ដឹង​ចិត្ត​កូន​សព្វ​គ្រប់​ហើយ ក៏​មាន​ចិត្ត​អាណិត​កូន ដោយ​ឃើញ​ទឹក​មុខ​កូន​ស្រពាប់ស្រពោន​ខ្លាំង​ពេក ។

ពេល​ដែល​អ្នក​ស្រុក​ផ្អើល​ឈូឆរ​ទៅ​មើល​ប្រណាំង​ទូក តា​ដុង យាយ​ជ័យ​ក៏​នាំ​នាង ត្រចើលដោះក្រាល ទៅ​មើល​នឹង​គេ​ដែរ លុះ​ដើរ​ទៅ​ដល់​កន្លែង​ប្រណាំង​ទូក អ្នក​ស្រុក​ភូមិ​ក៏​ចេះ​តែ​បបួល​គ្នា​គយគន់​មើល​សម្រស់​របស់​នាង ត្រចើលដោះក្រាល ហើយ​គេ​សរសើរ​គ្រប់​គ្នា ។ សេចក្ដី​សរសើរ​លំអ​នាង​ពី​មាត់​មួយ​ទៅ​មាត់​មួយ ក៏​លេច​ឮ​ដល់​សេនា​របស់​ព្រះ​រាជា ដែល​កំពុង​ដើរ​ត្រាច់​រង្គាត់​រក​មើល​នាង ។ សេនា​ទាំង​ ៤ បាន​ដើរ​មក​ឃើញ​ស្គាល់​ច្បាស់​ហើយ ក៏​ប្រជុំ​គ្នា​ចាំ​មើល​ដំណើរ​របស់​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​ពិធី​ប្រណាំង​ទូក​ចប់​ហើយ អ្នក​ស្រុក​ក៏​ត្រឡប់​ទៅ​ទី​លំនៅ​រៀង​ខ្លួន ។ សេនា ៤ នាក់​ក៏​លួច​ធ្វើ​ដំណើរ​តាម​ក្រោយ តាដុង​​យាយ​ជ័យ លុះ​បាន​ស្គាល់​ទី​លំនៅ​នាង​នឹង​ឪពុក​ម្ដាយ​នាង​ហើយ ក៏​ត្រឡប់​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះរាជា​ទូល​តាម​សេចក្ដី​ពិត ។ ព្រះ​រាជា​ក៏​ស្ដេច​យាង​មក​ផ្ទះ​តាដុង​យាយ​ជ័យ​ជា​មួយ​នឹង​សេនា ៤ នាក់ ។ តាដុង​យាយ​ជ័យ បាន​ឃើញ​ព្រះ​រាជា​ស្ដេច​យាង​មក​ដល់​ផ្ទះ​នាង ក៏​រៀប​ទី​កន្លែង​ទទួល​ព្រះ​អង្គ ព្រះ​រាជា​ទ្រង់​មាន​ព្រះ​បន្ទូល​ផ្ទាល់​ព្រះ​អង្គ​នឹង​តាដុង​យាយ​ជ័យ សូម​ដណ្ដឹង​យក​នាង ត្រចើល-ដោះក្រាល មក​ធ្វើ​ជា​អគ្គមហេសី​ហើយ​ព្រះ​អង្គ​បញ្ជាក់​ថា "សូម​ឲ្យ​តា​និង​យាយ​បង្គាប់​យ៉ាង​ណា​ៗ ក៏​បង្គាប់​ចុះ ព្រះ​អង្គ​ហ៊ាន​ទទួល​ទាំង​អស់ " ។

ពេល​នោះ តាដុង​យាយ​ជ័យ បាន​ស្គាល់​ទឹក​ចិត្ត​កូន​ច្បាស់ តែ​មិន​ទាន់​ហ៊ាន​សម្រេច​ថា​ថ្វាយ​ឬ​មិន​ថ្វាយ​ព្រះ​រាជា​ទេ ចាំ​សួរ​ចិត្ត​កូន​សិន ។ លុះ​ទៅ​សួរ​នាង ត្រចាលដោះក្រាល ប្រកែក​ចំពោះ​ឪពុក​ម្ដាយ​នាង​ថា "នាង​មិន​ទទួល​យក​ស្ដេច​ទេ នាង​ស៊ូ​ស្លាប់​ជាមួយ​នឹង​ចៅ​ប្រមាញ-វិងស៊ុង ជា​គូ​បណ្ដូល​ចិត្ត​នាង​ហើយ " ។

តាដុង​យាយ​ជ័យ​ឮ​កូន​ប្រកែក​តឹងរ៉ឹង​ដូច្នោះ ក៏​ពិគ្រោះ​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា "បើ​យើង​មិន​ថ្វាយ​នាង​ទៅ​ស្ដេច យើង​មុខ​ជា​មាន​ទុក្ខ​ទៅ​ថ្ងៃ​ក្រោយ​ជា​មិន​ខាន តែ​បើ​យើង​លើក​នាង​ថ្វាយ​ស្ដេច យើង​អាណិត​ចិត្ត​យើង​ដែល​គ្នា​បាន​ស្រឡាញ់​ទៅ​លើ​រូប​ចៅ​ប្រមាញ់​វិងស៊ុង ជា​ទី​ពេញ​ចិត្ត​យើង​ដែរ​ទៅ​ហើយ បើ​ដូច្នេះ​យើង​បង្គាប់​ព្រះ​រាជា​ជា​ឲ្យ​ធ្ងន់​កុំ​ឲ្យ​ព្រះ​អង្គ​ទទួល​រួច ទុក​ជា​ព្រះ​អង្គ​ហ៊ាន​ទទួល​ក៏​ព្រះ​អង្គ​ចាត់​ការ​ធ្វើ​មិន​ទាន់​ដែរ ។ លុះ​ពិគ្រោះ​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​រួច​ហើយ តា​និង​យាយ​ក៏​ទទួល​ព្រះ​រាជា​​ថា " មិន​ហ៊ាន​បង្គាប់​ព្រះ​អង្គ​ទេ ក្រែង​ព្រះ​អង្គ​មិន​ហ៊ាន​ទទួល " ។ ព្រះ​រាជា​មាន​ព្រះ​បន្ទូល​ថា " ព្រះ​អង្គ​ហ៊ាន​ទទួល​ទាំង​អស់​ឲ្យ​តែ​លើក​នាង​ថ្វាយ​ព្រះ​អង្គ​ចុះ " ។ តា​និង​យាយ​ក៏​បង្គាប់​ព្រះ​រាជា​ថា " សូម​ព្រះ​អង្គ​លើក​ផ្លូវ​ពី​ព្រះ​ពន្លា​ព្រះ​អង្គ​មក​ដល់​ផ្ទះ​ទូល​ព្រះ​បង្គំ​ឲ្យ​បាន​ស្រេច​តែ​មួយ​រាត្រី បើ​មិន​ហើយ ទូល​ព្រះ​បង្គំ​មិន​លើក​នាង​ថ្វាយ​ទេ " ។ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ឃើញ​ថា​ការ​នេះ​មាន​បន្ទុក​ធ្ងន់​ណាស់ តែ​ដោយ​ព្រះ​រាជា​ទ្រង់​ទសពិធ​រាជ​ធម៌​ផង ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ​លើ​រូប​នាង ត្រចើលដោះក្រាល ខ្លាំង​លើស​លុប​ផង ព្រះ​អង្គ​ក៏​ទទួល​ធ្វើ​ផ្លូវ​តាម​បង្គាប់​របស់​តាដុង​យាយ​ជ័យ ។ លុះ​ព្រះ​អង្គ​យាង​ថយ​ទៅ​វិញ ទ្រង់​ប្រាប់​រេហ៍ពល​ឲ្យ​មក​ប្រជុំ​គ្នា ហើយ​ព្រះ​អង្គ​ត្រាស់​បង្គាប់​ថា " ចូរ​សេនា​រេហ៍ពល​ទាំង​អស់ លើក​ផ្លូវ​ថ្នល់​មួយ​ចាប់​ព្រះ​ពន្លា​រហូត​ទៅ​ដល់​ផ្ទះ​ឪ​ដុង​ម៉ែ​ជ័យ ធ្វើ​១​យប់​ឲ្យ​ហើយ​ស្រេច " ។ ពាក្យ​ដែល​ហៅ​ថា ស្រុក​ឧត្ដុង្គ​សព្វ​ថ្ងៃ គឺ​ហៅ​តាម​បន្ទូល​ស្ដេច​មុន​ដំបូង​ដែល​ហៅ​ថា ឪ ដុង ម៉ែ ជ័យ តែ​ក្រោយ​មក​គេ​ហៅ​ក្លាយ​ជា ឧដុង្គមានជ័យ ។ គ្រា​សេនា​រេហ៍ពល លើក​ផ្លូវ​ថ្នល់​ក្នុង​១​រាត្រី​នោះ​មិន​ហើយ​សោះ លុះ​ដល់​ភ្លឺ​ស្វាង​ឡើង ផ្លូវ​ថ្នល់​នោះ​នៅ​ដាច់​មិន​ជួប​គ្នា​បាន​ជា​មាន​ពាក្យ​ហៅ​ថា ភូមិ​ថ្នល់​ដាច់ នៅ​ស្រុក​បន្ទាយ​លង្វែក ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង សព្វ​ថ្ងៃ​នេះ ។

ឯ​តាដុង​យាយ​ជ័យ​បាន​នាំ​គ្រួសារ​ចុះ​ទូក​ជា​ស្រេច តាម​មើល​សេនា​រេហ៍ពល​របស់​ស្ដេច​លើក​ផ្លូវ​ថ្នល់ ដោយ​មាន​បំណង​ថា "បើ​ព្រះ​អង្គ លើក​ផ្លូវ​ថ្នល់ ១ យប់ ហើយ​មែន​នឹង​នាំ​នាង​រត់​ទៅ​តែ​ម្ដង" លុះ​ឃើញ​ផ្លូវ​ថ្នល់​នោះ ស្ដេច​លើក​មិន​ហើយ តា​និង​យាយ​ត្រេក​អរ​ណាស់ ក៏​ចូល​ចត​ទូក​ត្រង់​កន្លែង​ផ្លូវ​ថ្នល់​ដាច់​មិន​ជួប​គ្នា​នោះ ហើយ​តាដុង យាយ​ជ័យ ឡើង​ទៅ​មើល​ផ្លូវ​ថ្នល់ ។ គាត់​កំពុង​តែ​ពិនិត្យ​មើល​ថ្នល់​នោះ សេនា​ក៏​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​រាជា តាម​ហេតុ​រឿង​ដែល​លើក​ផ្លូវ​ថ្នល់​មិន​ហើយ​នោះ​ដែរ ព្រះរាជា​ក៏​ស្ដេច​យាង​មក​ទត​មើល ។ តា​ដុង​យាយ​ជ័យ​ឮ​ដំណឹង​ថា ស្ដេច​យាង​មក​ហើយ ក៏​បបួល​គ្នា​រត់​ចុះទូក​កុំ​ឲ្យ​ស្ដេច​ឃើញ​មុខ ។ ពេល​នោះ​យាយ​ជ័យ​ប្រពន្ធ​តា​ដុង​ភ័យ​ញញី​ញញ័រ​រត់​ចុះ​ទៅ​ទូក​មិន​កើត​ក៏​វារ​ចុះ​តាម​ច្រាំង​ជង្ហុក ទទួល​ជួន​ជា​សេនា​មក​ដល់​ក៏​ស្រែក​ឃាត់​ថា "យាយ​កុំ​វារ​ចុះ​ទៅ​ទូក​អី ស្ដេច​យាង​មក​ដល់​ឥឡូវ​ហើយ" ។ យាយ​ជ័យ​មិន​ស្ដាប់​សោះ​ក៏​ចេះ​តែ​វា​ចុះ​ទូក ដល់​ទូក​ហើយ​ក៏​ច្រាន​ទូក​ចេញ​ទៅ ។ កន្លែង​ដែល​យាយ​ជ័យ​វារ​នោះ ពី​ដើម​គេ​ហៅ​កំពង់​យាយ​ជ័យ​វារ តែ​សព្វ​ថ្ងៃ​គេ​ហៅ​ក្លាយ​ថា កំពង់​ជវារ ឋិត​នៅ​ក្នុង​បន្ទាយ​លង្វែក ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ។

លុះ​ស្ដេច​យាង​មក​ដល់​ទត​ឃើញ​ទូក​តា​ដុង យាយ​ជ័យ​ចេញ​ពី​កំពង់​ឆ្ងាយ​ទៅ​ហើយ ព្រះ​អង្គ​ក៏​គិត​ស្មាន​ក្នុង​ព្រះទ័យ​ថា ឪ​ដុង​ម៉ែ​ជ័យ​មុខ​ជា​ខឹង​នឹង​ព្រះ​អង្គ​លើក​ផ្លូវ​ថ្នល់​មិន​ហើយ បាន​ជា​មិន​ចាំ​ជួប​នឹង​ព្រះ​អង្គ ព្រះ​រាជា​ក៏​ចាត់​សេនា ៤ នាក់​ឲ្យ​ចូល​ទៅ​អង្វរ​ឪ​ដុង​ម៉ែ​ជ័យ នឹង​សូម​ឲ្យ​យក​នាង ត្រចើលដោះក្រាល មក​ធ្វើ​ជា​ទេពី​របស់​ព្រះ​អង្គ ។ សេនា ៤ នាក់​ក៏​តាម​ទៅ​ជួប​នឹង​តា​ដុង​យាយ​ជ័យ ដែល​កំពុង​បណ្ដើរ​នាង​ត្រចើលដោះក្រាល​ឡើង​សំដៅ​មក​ផ្ទះ ហើយ​សេនា​ទាំង​នោះ​និយាយ​អង្វរ​តា​ដុង​យាយ​ជ័យ តាង​ព្រះ​នាម​ព្រះ​មហា​ក្សត្រ​ថា "ព្រះ​អង្គ​សូម​យក​នាង​ទៅ​ធ្វើ​ជា​ព្រះ​ទេពី​របស់​ព្រះ​អង្គ" ។ គ្រា​នោះ​នាង​ត្រចើលដោះក្រាល ដែល​ជា​ស្រី​ល្អ​ដូច​នាង​ទេពធីតា ក៏​លុត​ជង្គង់​សំពះ​ប្រណម្យ​ទៅ​សេនា ៤ នាក់​វិញ​ថា " នាង​ខ្ញុំ​សូម​ក្រាប​បង្គំ​ទូល​ព្រះ​រាជា​ថា នាង​ខ្ញុំ​មិន​សុខ​ចិត្ត​ទៅ​ធ្វើ​ជា​ព្រះ​ទេពី​របស់​ព្រះ​អង្គ​ទេ ព្រោះ​រូប​ខ្ញុំ​ជា​រាស្ត្រ បើ​ព្រះអង្គ​នៅ​តែ​បង្ខំ​យក​រូប​ខ្ញុំ​ នាង​ខ្ញុំ​នឹង​សម្លាប់​ខ្លួន​ជា​មិន​ខាន " ។ ខណៈ​នោះ​តា​ដុង​យាយ​ជ័យ និយាយ​ទៅ​កាន់​សេនា ៤ នាក់​ថា "សូម​លោក​ទូល​ព្រះ​រាជា​ផង កុំ​ឲ្យ​ព្រះ​អង្គ​បង្ខំ​ពេក ចាំ​ខ្ញុំ​លួង​លោម​ចិត្ត​កូន​ស្រី​ខ្ញុំ​ឲ្យ​បាន​ស្រួល​សិន" ។ សេនា ៤ នាក់ ក៏​លា​ថយ​ត្រឡប់​ទៅ​វិញ ។ ចំណែក​តា​និង​យាយ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ ។ ពេល​រាត្រី​នោះ តាដុង​យាយ​ជ័យ នាំ​នាង​ត្រចើលដោះ-ក្រាល​រត់​បណ្ដោះ​ទៅ​ទុក​នៅ​ផ្ទះ​នាង​ទែន​ឯ​ភូមិ​ស្រែ​រនោង ហើយ​តាដុង​យាយ​ជ័យ និយាយ​ប្រាប់​នាង​ទែន​ជា​ប្អូន​តាម​រឿង​សព្វ​គ្រប់ នឹង​ប្រាប់​ឲ្យ​ហៅ​ព្រាន​វិង​ឲ្យ​នាំ​កូន​ឈ្មោះ​ចៅ​ប្រមាញ់​វិងស៊ុង មក​រើស​រក​ពេលា​ការ​ឲ្យ​ហើយ ។ តា​យាយ​ផ្ដាំ​នាង​ទែន សព្វ​គ្រប់​ហើយ​ក៏​វិល​ថយ​មក​ផ្ទះ​វិញ ចាំ​ទូល​ដោះ​សា​នឹង​ស្ដេច ។

ត្រង់​កន្លែង​ដែល​សេនា ៤ នាក់​ មក​អង្វរ​​តាដុង​យាយ​ជ័យ សូម​នាង​ត្រចើលដោះក្រាល ទៅ​ធ្វើ​ជា​ព្រះ​ទេពី​របស់​ព្រះ​រាជា ហើយ​នាង​សំពះ​ប្រណម្យ​ទៅ​សេនា​វិញ​ថា នាង​មិន​សុខ​ចិត្ត​ទៅ​ទេ នោះ​គេ​ហៅ​ថា ទេពធីតា​ប្រណម្យ ដែល​ឥឡូវ​នេះ​មាន​វត្ត​មួយ​ឋិត​នៅ​ក្នុង​កន្លែង​នោះ ឈ្មោះ​វត្ត​ទេព​ប្រណម្យ គឺ​ពី​ដើម​គេ​ហៅ​វត្ត​ទេពធីតា​ប្រណម្យ តែ​ក្រោយ​មក​ទៅ​ជា​វត្ត​ទេព​ប្រណម្យ នៅ​ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល សព្វ​ថ្ងៃ ។

គ្រា​នោះ ព្រះ​រាជា​លុះ​ត្រា​បាន​ទ្រង់​បាន​សណ្ដាប់​សេនា ៤ នាក់​ថា ចាំ​ឪ​ដុង​ម៉ែ​ជ័យ​អង្វរ​លួងលោម​ចិត្ត​នាង​កូន​ឲ្យ​បាន​ស្រួល​សិន ដូច្នេះ តាំង​ពី​ថ្ងៃ​នោះ​មក​ព្រះ​អង្គ​ទ្រង់​ចាត់​សេនា​ឲ្យ​មក​ស្ដាប់​ដំណឹង​នៅ​ផ្ទះ​ឪ​ដុង​ម៉ែ​ជ័យ​ជា​រាល់​ថ្ងៃ ។ ឯ​តាដុង​យាយ​ជ័យ​ចេះ​តែ​ដោះ​សារ​ថា " ចិត្ត​នាង​ពុំ​ទាន់​ស្រួល​នៅ​ឡើយ​ទេ " ។

ចំណែក​នាង​ទែន​កាល​បើ​បាន​ទទួល​ចង​ចាំ​តាម​សំដី​បង​សព្វ​គ្រប់​ហើយ ក៏​ចាត់​ការ​ហៅ​ព្រាន​វិង​និង​ចៅ​ប្រមាញ់​វិងស៊ុង ឲ្យ​ចូល​មក​ស្ដី​ដណ្ដឹង​នាង​ត្រចើលដោះក្រាល រួច​ឲ្យ​អាចារ្យ​មើល​ពេលា​ការ បាន​ហើយ​ក៏​ដំណឹង​ទៅ​បង​ឲ្យ​មក​រៀប​ការ​កូន ។ តាដុង​យាយ​ជ័យ​មិន​ទាន់​បាន​មក​ភ្លាម​ទេ ព្រោះ​នៅ​ជាប់​ដោះ​សារ​នឹង​ស្ដេច លុះ​ដល់​ថ្ងៃ​ចូល​រោង តា និង យាយ ក៏​លួច​លប​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ក្នុង​ព្រៃ​មាន​សេចក្ដី​ព្រួយ​ជា​និច្ច ក្រែង​ស្ដេច​មក​តាម ។ ការ​គិត​របស់​តា​និង​យាយ​ច្រើន​ពេក រហូត​នាំ​ឲ្យ​គេ​ទាំង​ពីរ​នាក់​វង្វេង​ផ្លូវ​អស់ ១​ថ្ងៃ​រក​ផ្លូវ​ទៅ​ផ្ទះ​នាង​ទែន​មិន​ឃើញ ។ ទទួល​ពេល​នោះ តា​យាយ​បាន​ជួប​នឹង​ក្មេង​គង្វាល​ក្របី​ម្នាក់ តា​យាយ​ក៏​ស្រែក​សួរ​ថា " អឺ​អាវ៉ា ! ផ្លូវ​ទៅ​ណា​ទៅ​ទ្រាំង ទៅ​វាំង​ពន្លុស ផ្លូវ​ណា​ទៅ​គុស ទៅ​ស្រែ​រនោង ? “ ។ ក្មេង​គង្វាល​ក្របី​ក៏​និយាយ​ថា​ " បើ​អញ​បង្ហាញ​ចង្អុល​ប្រាប់​ផ្លូវ​តែ​ម្ដង​ទៅ វា​គ្មាន​បាន​ប្រយោជន៍​អ្វី​មក​ដល់​អញ​សោះ បើ​អញ​ប្រាប់​ឲ្យ​តា​និង​យាយ​នេះ​បន់​អ្នក​តា​នេះ​ទើប​អញ​បាន​សំណែន​អាស្រ័យ​ផង ឲ្យ​ទី​ព្រៃ​ដែល​អញ​ធ្លាប់​ឃ្វាល​ក្របី​នេះ​បាន​កុះករ​ផង "ក្មេង​គង្វាល​ក្របី​គិត​ដូច្នោះ​ហើយ ក៏​ឆ្លើយ​តប​ទៅ​នឹង​តា​យាយ​ថា " បើ​តា​និង​យាយ​ចង់​រក​ផ្លូវ​ឲ្យ​ឃើញ​ដូច​បំណង សូម​ឡើង​ទៅ​បន់​អ្នកតា​ខ្នង​ភ្នំ​ទៅ រួច​ត្រូវ​មាន​សំណែន​មក​ថ្វាយ ហើយ​មាន​ទាំង​ក្មេង​ប្រគំ​ភ្លេង​បទ ខ្ទោរ - ខ្នង​ភ្នំ - របង​មាស - បន្ទាយ​ប្រាសាទ - ទឹក​ទប់ - ជ្រង - ជ្រង​សម្ងាត់ - ដោះ​ក្រាល - កន្ទែន​ទ្រាំង​ផង ទើប​តា​និង​យាយ​រក​ផ្លូវ​ឃើញ " ។

តា​ដុង​យាយ​ជ័យ ឮ​ពាក្យ​ក្មេង​គង្វាល​ក្របី​បង្គាប់​ឲ្យ​ធ្វើ​ដូច្នេះ ក៏​ជឿ​ធ្វើ​តាម ហើយ​តា​និង​យាយ​ក៏​ឡើង​ទៅ​បន់​អ្នក​តា​លើ​ខ្នង​ភ្នំ ។ លុះ​ចុះ​មក​វិញ​ក៏​រក​ផ្លូវ​ឃើញ​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​នាង​ទែន ។ កាល​ទៅ​ដល់​ជិត​របង​ផ្ទះ នាង​ទែន​ក្រឡេក​ឃើញ​បង ស្ទុះ​មក​ទទួល តា​សុង​យាយ​ជ័យ​ក៏​និយាយ​ប្រាប់​ហេតុ​វង្វេង​ផ្លូវ ហើយ​បាន​បន់​អ្នក​តា ទើប​រក​ផ្លូវ​ឃើញ ។ ពេល​នោះ លោក​អាចារ្យ​បាន​ឮ​ថា តា​ដុង​យាយ​ជ័យ​ជា​មេ​បា​ខាង​ស្រី ចូល​មក​ក្នុង​រោង​មង្គល​ការ ដែល​ជិត​បង្ហើយ មាន​បំណន់​ដូច្នោះ ក៏​ផ្អាក​ដំណើរ​តា​យាយ​ឲ្យ​ឈរ​នៅ​ខាង​ក្រៅ​របង​សិន មិន​ឲ្យ​អ្នក​ជាប់​បំណន់​ចូល​ក្នុង​រោង​មង្គល​ការ​នោះ​ឡើយ ។ លោក​អាចារ្យ​ប្រាប់​មេបា​ទាំង​សង​ខាង​ថា "ឲ្យ​រៀប​សំណែន មាន​ទាំង​ភ្លេង​យក​ទៅ​ប្រគំ​លា​បំណន់​អ្នកតា​ឲ្យ​ហើយ​សិន ទើប​អាច​ចូល​មក​ក្នុង​រោង​មង្គល​ការ​នេះ​បាន" ។ នាង​ទែន​ក៏​បាន​ចាត់​ចែង​រៀប​ចំ​សំណែន​មាន​បង្អែម​ចម្អាប​ព្រម​ទាំង​ភ្លេង​យក​ទៅ​ប្រគំ​លា​បំណន់​អ្នក​តា​ខ្នង​ភ្នំ ។ ខណៈ​នោះ ក្មេង​ក៏​ចាប់​ប្រគំ​បទ ខ្ទរ - ខ្នង​ភ្នំ - របង​មាស - បន្ទាយ​ប្រាសាទ - ទឹក​ទប់ - ជ្រង - ជ្រង​សម្ងាត់ - ដោះ​ក្រាល -កន្ទែន​ទាំង ។ ភ្លេង​ទាំង ៩ បទ​នេះ ក៏​បាន​ចូល​មក​នៅ​ក្នុង​ទម្លាប់​ភ្លេង​ការ​ចាប់​តាំង​ពី​ពេល​នោះ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

លុះ​ធ្វើ​កិច្ច​លា​បំណន់​រួច​ហើយ តា​ដុង​យាយ​ជ័យ ក៏​ចូល​មក​រួម​ក្នុង​មង្គល​ការ​នោះ អាចារ្យ ក៏​បាន​ឲ្យ​កូន​ប្រុស​ស្រី​យក​ផ្ទឹម​ឲ្យ​ពរ​ជ័យ ។ ថ្លែង​ពី​ព្រះ​រាជា​ដែល​គង់​នៅ​ព្រះ​ពន្លា​ឯ​បន្ទាយ​លង្វែក លុះ​ទ្រង់​ជ្រាប​ហេតុ​ការ​ថា តា​ដុង​យាយ​ជ័យ លួច​ពង្រត់​នាង ត្រចើលដោះក្រាល យក​ទៅ​រៀប​ការ​នៅ​ផ្ទះ​នាង​ទែន​ឯ​ស្រែ​រនោង​នោះ​ហើយ ព្រះ​អង្គ​ក៏​យាង​ជា​មួយ​សេនា​សំដៅ​ទៅ​ផ្ទះ​នាង​ទែន លុះ​ស្ដេច​ដល់​ហើយ ព្រះ​អង្គ​បាន​ទត​ឃើញ​នាង ត្រចើលដោះក្រាល និង​ចៅ​ប្រមាញ់​វិងស៊ុង កំពុង​តែ​ក្រាប​សំពះ​ផ្ទឹម​រួម​ខ្នើយ​ជា​មួយ​គ្នា ។ ដោយ​ទ្រង់​ទត​ឃើញ​គូ​ស្វាមី​ភរិយា​ទាំង​ពីរ​នាក់​នោះ​មាន​រូប​សម្ផស្ស​ល្អ​ស័ក្ដិ​សម​គ្នា ទ្រង់​ក៏​បណ្ដោយ​ឲ្យ​គេ​ធ្វើ​កិច្ច​ផ្ទឹម​នោះ​ឲ្យ​ហើយ​ស្រេច រួច​ព្រះ​អង្គ​ត្រាស់​បង្គាប់​ឲ្យ​សេនា​ហៅ​មេបា​ទាំង​សង​ខាង​ព្រម​ទាំង​សាមី​ខ្លួន​ទាំង​ពីរ​នាក់ មក​ជួប​ជុំ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​អង្គ ។ អ្នក​ទាំង​នោះ​ក៏​មាន​សេចក្ដី​ភិត​ភ័យ​ញាប់ញ័រ​រន្ធត់​គ្រប់​គ្នា ព្រះ​រាជា​ក៏​ត្រាស់​សួរ​ទៅ​ប្រមាញ់​វិងស៊ុង​ថា "អ្នក​ឯង​ជា​កូន​អ្នក​បាន​ជា​ហ៊ាន​រៀប​ការ​នឹង​នាង​ត្រចើលដោះក្រាល ជា​គូ​ដណ្ដឹង​របស់​យើង ?" ។ ពេល​នោះ ចៅ​ប្រមាញ់​វិងស៊ុង​ក៏​ឆ្លើយ​ទូល​តប​វិញ​ថា "ទូល​ព្រះ​បង្គំ​ជា​កូន​ព្រាន​វិង" ហើយ​ចង្អុល​ទៅ​ព្រាន​វិង​ជា​ឪពុក​របស់​ខ្លួន ។ ព្រះ​រាជា​ទត​ឃើញ​ព្រាន​វិង​ជា​ព្រាន​របស់​ព្រះ​អង្គ ក៏​ទ្រង់​សួរ​ទៅ​ថា " ព្រាន​ឯង​មាន​កូន​ប្រុស​ពី​កាល​ណា​មក បាន​ជា​យើង​មិន​ដែល​ឃើញ ? " ។ ព្រាន​វិង​ឱន​សិរសា​ក្រាប​ថ្វាយ​បង្គំ​ដោយ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង បាន​រៀប​រាប់​ទូល​ព្រះ​រាជា​ថា "កូន​ប្រុស​នេះ មិន​មែន​ជា​កូន​បង្កើត​របស់​ទូល​ព្រះ​បង្គំ​ទេ គឺ​ជា​កូន​ចិញ្ចឹម ព្រោះ​កាល​មួយ​ថ្ងៃ​នោះ ទូល​ព្រះ​បង្គំ​ទៅ​បាញ់​សត្វ​ក្នុង​ព្រៃ បាន​ប្រទះ​ឃើញ​ស៊ុត​សត្វ​មួយ​ធំ​ចម្លែក​លើស​ស៊ុត​ទាំង​អស់ នៅ​ទី​មួយ​ដែល​មាន​កាយ​ដី​កប់​ថ្មី​ៗ ទូល​ព្រះ​បង្គំ​ឃើញ​ហើយ​ក៏​យក​មក​ទុក​មើល លុះ​គ្រប់​ថ្ងៃ​ខែ ស៊ុត​ញាស់​ឡើង ស្រាប់​តែ​ឃើញ​ចេញ​មក​ជា​កូន​មនុស្ស​តែ​ម្ដង គឺ​ចំពោះ​រូប​កូន​ចិញ្ចឹម​របស់​ទូល​ព្រះ​បង្គំ​នេះ​ហើយ ដែល​ទូល​ព្រះ​បង្គំ​ឲ្យ​ឈ្មោះ​ថា ចៅ​ប្រមាញ់​វិងស៊ុង​ដែល​អង្គុយ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះ​ភក្ត្រ​ព្រះ​អង្គ ។ ចៅ​ប្រមាញ់​វិងស៊ុង ក៏​ភ្ញាក់​ខ្លួន​ពេល​​នោះ​ថា​ខ្លួន​កើត​ចេញ​ពី​ពង ។ ខណៈ​នោះ ព្រះ​រាជា​ក៏​ស្ទុះ​ទៅ​ឱប​ក្រសោប​ចៅ​ប្រមាញ់​វិងស៊ុង​ទ្រង់​ហៅ​ថា " កូន​សំឡាញ់​ឪពុក ! ៗ នេះ​ហើយ​ជា​ឪពុក​របស់​កូន " ។ ព្រះ​អង្គ​ថ្លែង​រៀប​រាប់​តាំង​កាល​ព្រះ​អង្គ​នាំ​អគ្គ​មហេសី​យាង​ទៅ​ក្រសាល​ព្រៃ ហើយ​ប្រសូតិ​ព្រះ​រាជ​បុត្រ​ទៅ​ជា​ស៊ុត​ក៏​កាយ​ដី​កប់​ចោល​ក្នុង​ព្រៃ​ទៅ ។ ទ្រង់​រៀប​រាប់​សព្វ​គ្រប់​ហើយ​ព្រះ​រាជា​ក៏​ទ្រង់​ចាត់​ចែង​ឲ្យ​ដង្ហែ​ព្រះ​រាជបុត្រ ព្រម​ទាំង​នាង​ត្រចើល-ដោះក្រាល ចូល​ទៅ​ក្នុង​ព្រះ​នគរ ធ្វើ​ព្រះ​រាជ​ពិធី​អភិសេក​ចៅ​ប្រមាញ់​វិងស៊ុង​និង​នាង​ត្រចើល-ដោះក្រាល ឲ្យ​ឡើង​សោយ​រាជ្យ​ជា​ស្ដេច​ម្ចាស់​ផែន​ដី​តំណ​ពី​ព្រះ​អង្គ​ក្នុង​ពេល​នោះ​ទៅ ហើយ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ហៅ​តាដុង​យាយ​ជ័យ​ថា " ឪ​ដុង​ម៉ែ​ជ័យ " ជាប់​រហូត​មក ។

ទីក្រុង​ឧត្ដុង្គ​មាន​ជ័យ មាន​ព្រះ​មហា​ក្សត្រ​គង់​នៅ​អស់​ថេរៈ​វេលា​ជាង ២ សតវត្ស គឺ ២៤៣​ឆ្នាំ ។ បណ្ដា​រជ្ជកាល​ទាំង​នោះ ចំពោះ​រជ្ជកាល​ព្រះ​បាទ​អង្គ​ជ័យ (ហៅ​ព្រះ​សត្ថា) ដែល​ទ្រង់​សោយរាជ្យ នៅ​ពុទ្ធ​សករាជ ២២៧៣ -២២៧៩ គ្រិស្តសករាជ ១៧៣០ -១៧៣៦ ស្ដេច​ចេញ​ចាក​ទី​ក្រុង​ឧត្ដុង្គ​មាន​ជ័យ​ទៅ​គង់​ទី​ក្រុង​លង្វែក ជា​ទី​ក្រុង​ដែល​ធ្លាប់​មាន​មក​ហើយ ។ មុន​ពេល​ព្រះ​បាទ​អង្គ​ជ័យ​ស្ដេច​ទៅ​គង់​នៅ​បន្ទាយ​លង្វែក​នោះ ទី​ក្រុង​ឧត្ដុង្គ​ទំនេរ ពុំ​មាន​ព្រះ​មហា​ក្សត្រ​គង់​ប្រមាណ ២០​ឆ្នាំ ក្រោយ​ពី ២០ឆ្នាំ​នោះ​មក ទើប​មាន​ព្រះ​មហា​ក្សត្រ​គង់​នៅ​ឡើង​វិញ​។

បណ្ដា​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​ក្រុង​ឧត្ដុង្គ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា ព្រះ​អង្គ​ឌួង (ព្រះ​បរមកោដ្ឋ) និង​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច ព្រះ​នរោត្តម (ព្រះ​សុវណ្ណកោដ្ឋ) ទ្រង់​បាន​ស្ថាបនា​ឧត្ដម​វត្ថុ​ជា​ច្រើន គឺ​ព្រះ​ករុណា ព្រះ​បរមកោដ្ឋ ទ្រង់​បាន​ស្ថាបនា​ផ្លូវ​ថ្នល់​មួយ ពី​ឧត្ដុង្គ​ទៅ​រាម ជា​កំពង់​សមុទ្រ ព្រះ​ករុណា​សុវណ្ណកោដ្ឋ ទ្រង់​បាន​ស្ថាបនា​ប្រាសាទ ព្រះ​រាជ​ដំណាក់ នឹង​គ្រឹះស្ថាន​ជា​ច្រើន មាន​គ្រឹះស្ថាន​មហោស្រព និង​បណ្ណាល័យ​ជាដើម ដោយ​គ្រឿង​ឈើ​ តែ​ឥឡូវ​នេះ​បាក់​បែក​អស់​ហើយ ។

ដល់​មក​ពុទ្ធ​សតវត្ស​ទី ២៥ គ្រិស្ត​សតវត្ស ទី ១៩ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម ស្ដេច​ចេញ​ចាក​ព្រះ​រាជ​ធានី​ឧត្ដុង្គ​​មាន​ជ័យ​មក​គង់​នៅ​ព្រះ​រាជ​ធានី​ភ្នំពេញ​ក្នុង​ពុទ្ធ​សករាជ ២០៤៦ គ្រិស្តសករាជ ១៨៦៣(១) ។

ទី​ក្រុង​ឧត្ដុង្គ​មានជ័យ ជា​ទី​ក្រុង​ចាស់​មុន​បន្ទាប់​ក្រុង​ភ្នំពេញ ឋិត​នៅ​ចន្លោះ​ទិស​ពាយព្យ​និង​ទិស​ឧត្តរ​នៃ​ទី​ក្រុង​ចម្ងាយ ៤០ គីឡូម៉ែត្រ ។

សព្វ​ថ្ងៃ ទី​ក្រុង​ឧត្ដុង្គ ទៅ​ជា​ស្រុក​មួយ ហៅ​ថា " ស្រុក​ឧត្ដុង្គ " រួម​ចូល​ក្នុង​ខេត្ត​កំពង់​ស្ពឺ ជា​ទី​មាន​ទេសភាព​រាបទាប​រៀបរយ ដោយ​មាន​ភ្នំ​ព្រះ​រាជ​ទ្រព្យ ដែល​មាន​ព្រះ​រាជ​ទ្រព្យ ដែល​មាន​វិហារ​អដ្ឋរស្ស និង​ព្រះ​ចេតិយ​ត្រៃត្រិង្ស(២) ជា​ដើម ជា​លំអ មើល​ពី​ចម្ងាយ​ឃើញ​កំពូល​ភ្នំ​ទាំង​នោះ​ច្រូងច្រាង​ខ្ពស់​ត្រដែត​ត្រដឹម​គួរ​រីករាយ ។ នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ មាន​មហា​ចេតិយ​ជា​ច្រើន​សុទ្ធ​តែ​វិចិត្រ​ដោយ​ក្បូរក្បាច់​រចនា​ជា​ស្នា​ដៃ​នៃ​សិល្បករ​ខ្មែរ​ដ៏​ជំនាញ​ៗ ក្នុង​សម័យ​បូរាណ ជា​ព្រះ​ចេតិយ​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​នៃ​ព្រះ​រាជា ព្រះ​អគ្គមហេសី ព្រះ​វង្សានុវង្ស ក្សត្រា​ក្សត្រី ដែល​ជា​បុព្វ​បុរស​ព្រះ​រាជវង្សានុវង្ស​ខ្មែរ ។ បណ្ដា​ព្រះ​ចេតិយ​ទាំង​នោះ​ ព្រះ​ចេតិយ​ចាស់​ៗ​ជាង​គេ គឺ​ព្រះ​ចេតិយ​បញ្ចុះ​អដ្ឋិធាតុ នៃ​ព្រះ​ស្រី​សុរិយោពណ៌ ដែល​ព្រះ​ទិវង្គត​ពី​ពុទ្ធ​សករាជ ២១៦៣ គ្រិស្ត​សករាជ ១៦១៩(១)

ត្រង់​ទី​ព្រះ​បរម​រាជវាំង​ស្រះ​សារពើយុត្ត ដែល​ជា​ព្រះ​រាជ​និវេសនដ្ឋាន​សម័យ​ឧត្ដុង្គ​មានជ័យ​, ឥឡូវ​ក្លាយ​ជា​ទី​វត្ត​ហៅ​តាម​ពាក្យ​សាមញ្ញ​ថា " វត្ត​ក្នុង​វាំង " ហៅ​តាម​ផ្លូវ​ការ​ថា " វត្ត​ហរិរក្ស​រាជជននី " ហើយ​មាន​វត្ត​អារាម​ជា​ច្រើន​នៅ​ជិត​ៗ​ទី​នោះ មាន​វត្ត​ប្រាង្គណ៍ និង វត្ត​វាំងចាស់ ជា​ដើម ដែល​ជា​អាវាស​នៃ​ពួក​បព្វជិត​ពុទ្ធជិនោរស​របស់​ជាតិ​ខ្មែរ ។