ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/5

រឿង​វិហារ​អដ្ឋរស្ស'

នៅ​ប្រទេស​កម្ពុជា​ទាំង​មូល ពុទ្ធសាសនិកជន​ជាតិ​ខ្មែរ​តែង​ធ្វើ​វត្ត ធ្វើ​វិហារ បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត តាម​ទម្លាប់​ដែល​គេ​និយម​ប្រកាន់​ទុក​តាំង​ពី​បុរាណ​កាល ប៉ុន្តែ​យើង​ឃើញ​មាន​វិហារ​មួយ​​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ដែរ គឺ​វិហារ​អដ្ឋរស្ស នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។ ការ​ប្លែក​នោះ​ហើយ ដែល​គួរ​ឲ្យ​ចង់​ដឹង​ណាស់ ។

រឿង​វិហារ​នោះ មាន​សេចក្ដី​ដំណាល​ដូច​តទៅ​នេះ ៖

កាល​នៅ​គ្រិស្ត​សតវត្ស​ទី ១៣ គឺ​ចុង​សម័យ​អង្គរ ព្រះ​រាជា​ប្រទេស​ចិន​បាន​ចាត់​បេសកជន​ជា​ច្រើន​ក្រុម​ឲ្យ​ដើរ​មក​មើល ដើរ​ស៊ើប​សួរ ក្នុង​ប្រទេស​នានា ដើម្បី​ដឹង​ថា តើ​ប្រទេស​ណា​មាន​អារ្យធម៌​ដូច​ម្ដេច​ខ្លះ ? បើ​ប្រទេស​ណា​មាន​អារ្យធម៌​រុងរឿង​ត្រូវ​កត់​ត្រា យក​ទៅ​ផ្សាយ​ក្នុង​ប្រទេស​ចិន ហើយ​ប្រទេស​ចិន​នឹង​យក​ប្រទេស​នោះ​ជា​មិត្ត បើ​ប្រទេស​ណា​មាន​អារ្យធម៌​ឱន​អាប់ ប្រទេស​ចិន​នឹង​ជួយ​ទំនុក​បម្រុង ឬ​មួយ​នឹង​យក​ធ្វើ​ជា​ប្រទេស​ចំណុះ ។

កាល​នោះ ក្រុម​បេសកជន​ចិន​ចូល​មក​មើល​មក​ស៊ើប​សួរ​ក្នុង​ប្រទេស​ខ្មែរ​សព្វ​គ្រប់​ហើយ ក៏​ត្រឡប់​ទៅ​ទូល​ព្រះ​រាជា​វិញ​ថា "ប្រទេស​ខ្មែរ​ថ្កុំថ្កើង​រុង​រឿង តែ​ឱន​អាប់​ជាង​កាល​មុន​បន្តិច​ហើយ អ្នក​ស្រុក​នៅ​ដើរ​ជើង​ទទេ បរិភោគ​អាហារ​ផ្ទាល់​នឹង​ដៃ ក្បាល​ទទេ​ពុំ​សូវ​មាន​ប្រើ​ប្រាស់​អ្វី​ឲ្យ​បាន​ងាយ​ស្រួល​ទេ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ប្រទេស​មុខ​ជា​ជួប​ប្រទះ​នូវ​សេចក្ដី​ថ្កុំថ្កើង​រុង​រឿង​អស្ចារ្យ​ឡើង​វិញ​លើស​ដើម" ។ ដោយ​បេសកជន​ទាំង​នោះ​បាន​មក​ឃើញ​ទី​មួយ ដែល​តាម​ក្បួន​ចិន​សែ​ថា "ទី​នោះ​នឹង​ឲ្យ​ផល​ល្អ​ផ្សេងៗ ដល់​ប្រទេស" ។ ឯ​ទី​នោះ​គឺ​ភ្នំ​ព្រះរាជ​ទ្រព្យ​នៅ​ក្នុង​ស្រុក​ពញាឮ​ខេត្ត​កណ្ដាល​សព្វ​ថ្ងៃ ។ ពួក​បេសកជន​ចិន​បាន​មើល​ឃើញ​ភ្នំ​នោះ មាន​រាង​ដូច​សត្វ​មករ គឺ​ខ្លួន​មករ​នៅ​ត្រង់​ព្រះ​ចេតិយ​ត្រៃត្រិង្ស ក្បាល​នឹង​ពុក​មាត់​មករ​នៅ​ត្រង់​ព្រះ​ចេតិយ​ទន្ទឹម កន្ទុយ​មករ​នៅ​ត្រង់​ព្រះ​ពុទ្ធ​រូប​ចូល​និព្វាន មិន​តែ​ប៉ុណ្ណោះ​នៅ​លើ​កំពូល​ភ្នំ​នោះ ថែម​ទាំង​មាន​រូប​មួយ​ជ្រៅ​ស្រឡូង​ទៅ​ក្រោម​ផង ។ ពួក​ចិន​យល់​ឃើញ​ថា "មិន​យូរ​ប៉ុន្មាន​ទេ សត្វ​មករ​នឹង​រុល​ចេញ​តាម​រូង​នេះ" ហើយ​ក្បួន​ចិន​សែ "បើ​ប្រទេស​ឯ​ណា​ឬ​ទី​ណា​មាន​សត្វ​មករ​ផុស​ឡើង ប្រទេស​នោះ​នឹង​មាន​រឹទ្ធិ​អំណាច​ថ្កុំថ្កើង​រុង​រឿង ពុំ​មាន​ប្រទេស​ឯ​ណា​អាច​ស៊ូ​បាន​ទេ " ។ ដូច្នេះ ដើម្បី​សេចក្ដី​សុខ​ដល់​ប្រទេស​ចិន​ទៅ​អនាគត មន្ត្រី​ចិន​ទាំង​ឡាយ​ទូល​សុំ​ស្ដេច​ក្រុង​ចិន​ថា " ត្រូវ​លើក​ទ័ព​ទៅ​វាយ​យក​ប្រទេស​ខ្មែរ​ធ្វើ​ជា​ស្រុក​ចំណុះ​ឲ្យ​ហើយ" ។ ស្ដេច​ក្រុង​ចិន​ទ្រង់​ព្រះ​តម្រិះ​ថា "ធ្វើ​យ៉ាង​ដូច​ជា​រំលោភ​ទៅ​លើ​ប្រទេស​នេះ​ជ្រុល​ពេក ម្យ៉ាង​ទៀត ប្រទេស​ខ្មែរ​នៅ​ខ្លាំង​ពូកែ ថ្កុំ​ថ្កើង​នៅ​ឡើយ ពុំ​អាច​នឹង​វាយ​បាន​ដោយ​ងាយ​ទេ ទោះ​បី​ប្រទេស​ខ្មែរ​ច្បាំង​ចាញ់​ប្រទេស​ចិន ៗ ក៏​មុខ​ជា​លំបាក​ដោយ​អស់​ពេល​យោធា​ច្រើន នឹង​មាន​ទុក្ខ​វេទនា​ដល់​បណ្ដា​ជន​មិន​ខាន​ឡើយ " ។

ហេតុ​នេះ ដើម្បី​នឹង​ទប់​ទល់​កុំ​មករ​នេះ​នឹង​ងើប​រួច នៅ​ទី​នោះ​បាន​ពួក​ចិន​ចង់​សន្ធប់​រូង​ភ្នំ​នោះ​ឲ្យ​ជិត​ដោយ​ប្រការ​ណាមួយ​ ហើយ​គិត​ថា "បើ​យក​ដុំ​ថ្ម​មក​សន្ធប់​រូង​នោះ​ទៅ ខ្លាច​ក្រែង​ថ្ងៃ​ក្រោយ ខ្មែរ​យល់​គំនិត​នឹង​គាស់​ចេញ​វិញ​បាន ដូច្នេះ គួរ​ធ្វើ​អ្វី​ដែល​ជា​ទី​គោរព​របស់​ខ្មែរ " ទើប​ចិន​យល់​ឃើញ​ថា "ប្រទេស​ខ្មែរ​កាន់​ព្រះ​ពុទ្ធ​សាសនា​មាំ​ណាស់ នៅ​ទី​ណា​មាន​ព្រះ​ពុទ្ធ​រូប មាន​វិហារ ខ្មែរ​ពុំ​ហ៊ាន​រំលាង​រំលើង​ទី​នោះ​ទេ " ។ ដោយ​ហេតុ​នេះ បាន​ជា​ស្ដេច​ក្រុង​ចិន​ឲ្យ​មន្ត្រី​មក​សុំ​ធ្វើ​វិហារ​នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ ។ កាល​បាន​អនុញ្ញាត​ហើយ​, លើក​ដំបូង ពួក​ចិន​ចាប់​កសាង​ព្រះ​ពុទ្ធ​រូប​មុន​គេ តាម​រចនា​ខ្មែរ រួច​ហើយ​ទើប​ធ្វើ​វិហារ​គ្រប​ព្រះ​ពុទ្ធ​រូប​នោះ​តាម​ទំនៀម​ទម្លាប់​ខ្មែរ ព្រម​ទាំង​តាម​ក្បួន​ហោរា​សាស្ត្រ​ចិន​ផង ព្រោះ​ហេតុ​នេះ បាន​វិហារ​នេះ​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង គឺ​ឆ្ពោះ​ទៅ​រក​ប្រទេស​ចិន ។ ឯ​ឈ្មោះ​វិហារ​នោះ ពុំ​ដឹង​ជា​ពួក​ចិន​គេ​ហៅ​ថា​ម្ដេច​ទេ តែ​ជន​ជាតិ​ខ្មែរ ដោយ​ឃើញ​ក្នុង​វិហារ​នោះ មាន​ព្រះ​ពុទ្ធ​រូប​មារ​វិជ័យ ១ ព្រះ​អង្គ​អស្ចារ្យ កម្ពស់ ១៨ ហត្ថ(១) ក៏​ហៅ​ថា " វិហារ​អដ្ឋរស្ស " ប្រែ​ថា " វិហារ​ព្រះ ១៨ ហត្ថ " ។

ត​មក​ស្ដេច​ក្រុង​ចិន​ឲ្យ​មន្ត្រី​ចិន​នាំ​ប្រស្នា ៣ ខ មក​ថ្វាយ​ព្រះ​រាជា​ខ្មែរ​ដោះ​ស្រាយ បើ​ព្រះ​រាជា​ខ្មែរ​ដោះ​ស្រាយ​ប្រស្នា​ទាំង ៣​ខ នេះ​ពុំ​បាន នោះ​ប្រទេស​ខ្មែរ​ត្រូវ​ជា​ចំណុះ​ប្រទេស​ចិន ត្រូវ​យក​សួយសារ​អាករ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន​រាល់​ឆ្នាំ ។ ឯ​ប្រស្នា​ស្ដេច​ក្រុង​ចិន ទាំង ៣ ខ នោះ មាន​សេចក្ដី​ដូច​តទៅ​នេះ ៖

មុនដំបូង មន្ត្រី​ចិន​ម្នាក់​ដែល​ជា​អ្នក​នាំ​ប្រស្នា​ពី​ស្ដេច​ក្រុង​ចិន​មក​ថ្វាយ​ព្រះ​រាជា​ខ្មែរ​ដោះ​ស្រាយ​នោះ ក្រោក​ឈរ​ឡើង​ចំពោះ​ព្រះ​ភក្ត្រ​ព្រះរាជា នឹង​ចំពោះ​មុខ​មន្ត្រី​ខ្មែរ​ទាំង​ឡាយ​ហើយ​ធ្វើ​អាការ​ដូច​តទៅ :

ប្រស្នា​ទី ១ មន្ត្រី​ចិន​ចំកោង​ខ្នង លា​ដៃ​ទាំង​ពីរ​របៀប​ដូច​ជា​ឱប​របស់​អ្វី​យ៉ាង​ធំ;

ប្រស្នា​ទី ២ មន្ត្រី​ចិន​ក្ដោប​ដៃ​លើក​ឡើង​កម្ពស់​មុខ ;

ប្រស្នា​ទី ៣ មន្ត្រី​ចិន​បោះ​ដៃ​ទៅ​មុខ លា​ម្រាម​ដៃ​ទាំង ៥ ក្រញាង​ឡើង ។

ហើយ​ថ្វាយ​កាល​បរិច្ឆេទ​​ចំពោះ​ព្រះ​រាជា​ខ្មែរ​ថា "៧ ថ្ងៃ​នឹង​ត្រឡប់​មក​គាល់​សូម​ព្រះ​រាជ​ទាន​សេចក្ដី​ដោះ​ស្រាយ" ។ ព្រះ​រាជា​ប្រទេស​ខ្មែរ ព្រួយ​ព្រះ​ហឫទ័យ ក៏​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​អស់​នាហ្មឺន​មុខ​មន្ត្រី​ខំ​ត្រិះ​រិះ​រក​ប្រស្នា​ទាំង​នេះ ។ ក្នុង​ចំណោម​មន្ត្រី​ទ្រង់​ទាំង​ប៉ុន្មាន​ពុំ​មាន​នរណា​ម្នាក់​​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​បាន​ឡើយ ទើប​ព្រះ​រាជា​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ប៉ាវ​គង​រក​អ្នក​មាន​ប្រាជ្ញា​ដោះ​ស្រាយ ។

នៅ​សម័យ​នោះ មាន​គង្វាល​គោ​ម្នាក់​បាន​ឃើញ​គេ​ប្រឹក្សា​គ្នា​ជុំ​ៗ ក៏​ចូល​ទៅ​ឈរ​ស្ដាប់​ហើយ​ឆ្លើយ​ថា ប្រស្នា​ទាំង ៣ ខ នេះ ងាយ​ដោះ​ស្រាយ​សោះ គឺ ៖

ប្រស្នា​ទី ១ ដែល​ធ្វើ​ដៃ​ទាំង​ពីរ​វង់​ចូល​នោះ ប្រែ​ថា អង្រុត​ត្រី ;

ប្រស្នា​ទី ២ ដែល​ក្ដោប​ដៃ​ម្ខាង​លើក​ទៅ​លើ​នោះ ប្រែ​ថា ស្ន​តែ​មួយ;

ប្រស្នា​ទី ៣ ដែល​លា​ម្រាម​ដៃ​បោះ​ត្រង់​ទៅ​មុខ​នោះ ប្រែ​ថា រក​បាន​ត្រី ៥ ។

អ្នក​ដែល​បាន​ស្ដាប់​ឮ​ទាំង​ប៉ុន្មាន នាំ​គ្នា​ពិចារណា​ហើយ​សួរ​បុរស​នោះ​ថា " និយាយ​លេង​ឬ​ដូចម្ដេច ? " ។ បុរស​នោះ​ឆ្លើយ​ប្រាប់​គេ​វិញ​ថា " ប្រស្នា​ទាំង ៣ ខ នេះ ប្រាកដ​ជា​ប្រែ​ដូច្នេះ " ។ អ្នក​នោះ​នាំ​ពាក្យ​ទៅ​ប្រាប់​មន្ត្រី​ដែល​ប៉ាវគង មន្ត្រី ក៏​នាំ​បុរស​គង្វាល​គោ​នោះ​ទៅ​ថ្វាយ​ព្រះ​មហា​ក្សត្រ ។ កាល​ព្រះ​រាជា​ទ្រង់​មាន​ព្រះ​រាជ​ឱង្កា​សួរ​បុរស​នោះ អំពី​សេចក្ដី​ដោះ​ស្រាយ​ប្រស្នា​ទាំង ៣ ខ បុរស​នោះ ក៏​ក្រាប​បង្គំ​ទូល​ដោយ​ស្ងាត់​ថា :

ប្រស្នា​ទី ១ ប្រែ​ថា មាន​ផែន​ដី​មួយ គឺ​ប្រទេស​ខ្មែរ​យើង​,

ប្រស្នា​ទី ២ ប្រែ​ថា មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ​សម្បត្តិ​នៅ​លើ​ផែនដី​នេះ;

ប្រស្នា​ទី ៣ ប្រែ​ថា មាន​សេនាបតី​ ៥ នាក់​ធ្វើ​ការ​មើល​សុខ​ទុក្ខ​រាស្ត្រ រង​ពី​ព្រះ​រាជា​មក ។

ដល់​ថ្ងៃ​ដែល​បាន​កំណត់ មន្ត្រី​ចិន​ចូល​គាល់​ព្រះ​រាជា​ខ្មែរ​ទូល​សុំ​សេចក្ដី​ដោះ​ស្រាយ ។ ព្រះ​រាជា​ខ្មែរ​មាន​ព្រះ​រាជ​ឱង្កា​មក​ដោះ​ស្រាយ​ប្រស្នា ។ នៅ​វេលា​នោះ គង្វាល​គោ​ក្រាប​បង្គំ​ព្រះ​រាជា​រួច​ហើយ ក៏​ដោះ​ស្រាយ​ប្រស្នា​ទាំង ៣ ខ នោះ ចំពោះ​មុខ​មន្ត្រី​ខ្មែរ​ចិន​ថា :

ប្រស្នា​ទី ១ គឺ​ចក្កវាឡ ១ បាន​ដល់​ចក្កវាឡ​ដែល​យើង​នៅ​សព្វ​ថ្ងៃ ;

ប្រស្នា​ទី ២ គឺ​ចក្កវាឡ​នេះ​មាន​ភ្នំ​ព្រះ​សុមេរុ​១ ធំ​ក្រៃ​លែង​;

ប្រស្នា​ទី ៣ គឺ​ក្នុង​ចក្កវាឡ​នេះ មាន​ព្រះ​ពុទ្ធ​ត្រាស់ ៥ អង្គ ។

មន្ត្រី​ចិន​ព្រម​ទទួល​ថា " សេចក្ដី​ដោះ​ស្រាយ​ប្រស្នា​ទាំង ៣ ខ នេះ ត្រូវ​ហើយ " រួច​ទើប​ក្រាប​បង្គំ​លា​ព្រះ​រាជា​ខ្មែរ​ទៅ​ទូល​ស្ដេច​ខ្លួន​វិញ ។ ព្រះ​រាជា​ក្រុង​ចិន​ក៏​សូម​ចង​មិត្ត​មេត្រី​នឹង​ប្រទេស​កម្ពុជា តាំង​ពី​សម័យ​ដរាប​មក ពុំ​មាន​រក​រឿង​ហេតុ​អ្វី​ម្ដង​ណា​សោះ​ឡើយ ។

ឯ​បុរស​គង្វាល​គោ ព្រះ​រាជា​ប្រទេស​ខ្មែរ​ទ្រង់​ព្រះ​ប្រោស​ព្រះ​រាជទាន​សម្បត្តិ​ទ្រព្យ​ជា​ច្រើន​ហើយ​តាំង​គោរមងារ​ជា " ធនញ្ជ័យ​បណ្ឌិត " ។

តមក ជា​យូរ​អង្វែង វិហារ​អដ្ឋរស្ស​​ក៏​បាក់​បែក​ខ្ទេច​ខ្ទី​អស់​ទៅ សល់​តែ​សីមា និង​ពុទ្ធ​រូប ។

លុះ​មក​ដល់​សម័យ​លង្វែក ទើប​ព្រះ​ចន្ទរាជា ព្រះ​មហា​ក្សត្រ​ទ្រង់​ធម៌ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​វិហារ​នោះ​ជា​ថ្មី ។ ចំណែក​ព្រះ​ពុទ្ធ​រូប​នៅ​ដូច​ដើម ពុំ​មាន​កែ​ប្រែ​ឡើយ គ្រាន់​តែ​ជួស​ជុល​បន្តិច​បន្តួច​ប៉ុណ្ណោះ ។

ប៉ុន្តែ​ដោយ​វិហារ​នោះ​ទ្រុឌ​ទ្រោម​ទៅ​ទៀត ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច ព្រះ​នរោត្ដម ព្រះ​អង្គ​ចំណាយ​ព្រះ​រាជ​ទ្រព្យ​និង​ប្រាក់​ឃោសនា​ពី​អ្នក​នគរ​ស្ថាបនា​ជា​ថ្មី​ម្ដង​ទៀត ដោយ​មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង កាន់​កាប់​ការ​ផ្ទាល់​ព្រះ​អង្គ ។ វិហារ​ថ្មី​នេះ​បាន​ហើយ​ស្រេច​សព្វ​គ្រប់ បាន​ធ្វើ​បុណ្យ​បញ្ចុះ​សីមា នៅ គ. ស. ១៩១១ ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច ព្រះ​ស៊ីសុវត្ថិ ។