ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/6

ភ្នំ​បាយ៉ង់កោ(១)

ក្នុង​សម័យ​ព្រេង​នាយ នៅ​ប្រទេស​ខ្មែរ​មាន​ស្ដេច​មួយ​អង្គ​ទ្រង់​ព្រះនាម​ព្រះ​បាទ បាយ៉ង់(២) មាន​ព្រះ​ដំណាក់​នៅ​ឯ​ភ្នំ​ដងរែក មាន​ព្រះ​អគ្គ​មហេសី​ល្អ​ណាស់ ទ្រង់​ព្រះ​នាម ព្រះ​នាង​សក់​ក្រអូប ប្រកប​ដោយ​ព្រះ​រូប​ព្រះ​ឆោម​ព្រះ​ភក្ត្រ​ល្អ​ប្រិមប្រិយ សម្បុរ​ភ្លឺ​ថ្លា​ដូច​នាង​ទេពធីតា ក្លិន​ក្រអូប​សាយ​ចេញ​ជុំ​វិញ​ព្រះ​កាយ ១ យោជន៍ ល្បី​កិត្តិយស​សុស​សាយ​ទៅ​ដល់​ព្រះ​ចៅ​សៀម​ៗ ចាត់​ឲ្យ​មនុស្ស​មក​ស៊ើប​អង្កេត​ពិនិត្យ បាន​ដឹង​ពិត​ថា​ល្អ​ឆើត ដាច់​ស្រី​ទាំង​ឡាយ​មែន ជា​ស្រី​បរិបូណ៌​ដោយ​លក្ខណៈ​គ្រប់​យ៉ាង ។

ស្ដេច​សៀម​រក​ឧបាយ​កល​ចូល​មក​ចាប់​ព្រះ​នាង​យក​ទៅ ដើម្បី​ជា​កិត្តិយស​ប្រទេស​ខ្លួន ។

ស្ដេច​បាយ៉ង់​ទ្រង់​ជ្រាប​ការណ៍​ដូច្នោះ ក៏​នាំ​ព្រះ​នាង​អគ្គមហេសី​នូវ​ពួក​ស្រីស្នំ​ក្រម​ការ នឹង​ពល​សេនា​ទាំង​ឡាយ ចុះ​សំពៅ​ភៀស​ព្រះ​អង្គ​រត់​ចេញ​ចោល​ព្រះ​ដំណាក់​ទាំង​វេលា​យប់​បើក​សំពៅ​សំដៅ​ទៅ​ទិស​អាគ្នេយ៍ ។ មុន​នឹង​ស្ដេច​យាង​ចេញ​ទ្រង់​លើក​ព្រះ​ហស្ត​ប្រណម្យ​ដាក់​លើ​ព្រះ​សិរសា​សច្ចា​បន់​ទេវតា​រក្សា​ទឹក​ថា " សូម​ឲ្យ​បាន​សម្រេច​សេចក្ដី​ប្រាថ្នា ៣ ប្រការ​ គឺ

១- សូមឲ្យ​បាន​សុខ​ក្នុង​ដំណើរ​ផ្លូវ​សាគរ ;

២- សូម​កុំ​ឲ្យ​ពួក​ចោរ​សៀម​តាម​ទាន់ ;

៣- សូម​ឲ្យ​បាន​ជួប​ប្រទះ​កន្លែង​ជា​ទី​គាប់​ចិត្ត ។

ស្ដេច​ទ្រង់​ព្រួយ​ព្រះ​ទ័យ​ជា​ខ្លាំង ទ្រង់​បើក​សំពៅ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ឈប់​ឈរ ។ លុះ​ទ្រង់​ប្រមើល​ឃើញ​ថា​ ចេញ​មក​បាន​ឆ្ងាយ​ណាស់​ហើយ ទើប​ទ្រង់​ងាក​រេ​ទៅ​រក​តំបន់​មួយ ដើម្បី​ចត​សំពៅ ។ ជួនជា​ខណៈ​នោះ ខ្យល់​ព្យុះ​មក​បក់​បោក​សំពៅ​ឲ្យ​វិល​វល់​​បាក់​ចង្កូត ។ ទើប​ទី​ត្រង់​នោះ​មាន​ឈ្មោះ​ថា " ភូមិ​បាក់​ចង្កូត " ជាប់​មក​សព្វ​ថ្ងៃ​គេ​ហៅ​ក្លាយ​មក​ភូមិ​បាក់​កូត ។ ស្ដេច​ទ្រង់​ភ័យ​ហើយ​លើក​ព្រះ​ហស្ថអំពាវនាវ​បន់​ថា "ឲ្យ​បាត់​ព្យុះ​ខ្យល់ នឹង​សូម​សែន​ថ្វាយ​ដល់​ពួក​អារក្ស​ទឹក​ទាំង​ឡាយ " ។ គ្រា​នោះ​ខ្យល់​ព្យុះ​ក៏​សាប​សូន្យ​អស់ ។ សំពៅ​ទៅ​បាន​បន្តិច​ទៀត​ឈប់​បោះ​យុថ្កា​ចត ទើប​ទី​នោះ​មាន​ឈ្មោះ​ថា " កន្លែង​ចត " ជាប់​មក​ដល់​សព្វ​ថ្ងៃ គេ​ហៅ​ក្លាយ​មក​ជា " ភូមិ​កន្លែង​ចត " ។ ការ​ឈប់​ចត​នេះ គឺ​ដើម្បី​នឹង​រៀប​ចំ​ចំណី​អាហារ​សែន​ថ្វាយ​អារក្ស​ទឹក​និង​ធ្វើ​ចង្កូត​សំពៅ​ថ្មី ។ ត្រង់​តំបន់​ដែល​ថ្វាយ​អាហារ​នោះ នៅ​មាន​ឈ្មោះ​ជាប់​មក​ដល់​សព្វ​ថ្ងៃ​ថា " ភូមិ​សែន​បន់ " ។ ទាំង ៣ កន្លែង​នេះ នៅ​ក្នុង​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តា​កែវ ។

លុះ​សម្រេច​កិច្ច​នៅ​កន្លែង​នេះ​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ចេញ​សំពៅ​ទៅ​ទៀត សំដៅ​ទៅ​ទិស​អាគ្នេយ៍​ដដែល ។ លុះ​ទៅ​ដល់​កន្លែង​មួយ​សំពៅ​ធ្លាយ ទ្រង់​ក៏​ចាប់​ធ្វើ​សំពៅ​បណ្ដើរ បើក​ទៅ​បណ្ដើរ ។ ត្រង់​កន្លែង​នោះ​ជាប់​ឈ្មោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ថា " សំពៅ​ធ្លាយ " ។ បើក​បន្តិច​ទៅ​ទៀត​ដល់​កន្លែង​មួយ​ឃើញ​ដី​មាន​ស្បូវ​ដុះ​ជា​ច្រើន ក៏​បោច​ស្បូវ​នោះ​ចុក​សំពៅ​ដែល​ធ្លាយ ។ ត្រង់​កន្លែង​នោះ ជាប់​ឈ្មោះ​មក​ដល់​សព្វ​ថ្ងៃ​ថា " ភូមិ​ព្រែក​ស្បូវ " ហើយ​បើក​សំពៅ​ធ្វើ​ដំណើរ​តទៅ​ទៀត ដល់​ទៅ​កន្លែង​មួយ​ទៀត ព្រះ​នាង​សក់​ក្រអូប ទ្រង់​កើត​ទុក្ខ​ព្រួយ​ព្រះ​ហឫទ័យ​ច្រើន​ប្រការ គឺ​ណា​មួយ​អំពី​សំពៅ​ដែល​ចេះ​តែ​ទៅ​ៗ រក​ទី​សំណាក់​មិន​ឃើញ ណា​មួយ​អំពី​ពួក​សៀម ថា​មុខ​ជា​គេ​នឹង​តាម​មក​មិន​ខាន ។ ព្រះ​នាង​ទ្រង់​អុជ​ទៀន នមស្ការ​បន់​ស្រន់​ដល់​អារក្ស​ទឹក​ អារក្ស​គោក អ្នក​តា​ព្រៃ​ភ្នំ​ក្រំ​ថ្ម សព្វ​ទី​កន្លែង​ថា " សូម​ឲ្យ​បាន​ជួប​នឹង​ទី​សុខ​ប្រសើរ សូម​ឲ្យ​ចោរ​សៀម​ចិត្ត​អប្រិយ​បរាជ័យ​វិនាស​ក្នុង​សាគរ " ។ ត្រង់​កន្លែង​ដែល​ព្រះ​នាង​អុជ​ទៀន​បន់​នោះ នៅ​ជាប់​ឈ្មោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ថា " ភូមិ​អន្លង់​ទៀន " ។

ពិធី​នមស្ការ​អំពាវនាវ​របស់​ព្រះ​នាង​នោះ បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា​មែន គឺ​សំពៅ​ស្ដេច​សៀម ដែល​បាន​បញ្ជូន​ពល​ចំនួន​មួយ​សែន​នាក់​ឲ្យ​ចេញ​ទៅ​តាម​ស្កាត់​រក​ព្រះ​នាង​នោះ ជ្រួស​ផ្លូវ​គ្នា​ដោយ​សំពៅ​ស្ដេច​បាយ៉ង់​ចេញ​ផ្លូវ​ក្រោម​ផ្នែក​ខាង​កើត សំពៅ​ពួក​ពល​សៀម​ចេញ​ផ្លូវ​លើ​ផ្នែក​ខាង​លិច ។ ក្រោយ​ដែល​ព្រះ​នាង​បន់​ស្រន់​រួច​ហើយ សំពៅ​ស្ដេច​បាយ៉ង់ ក៏​ងាក​សំដៅ​ទៅ​ទិស​និរតី​បន្តិច ។ បន្ទាប់​ពី​នោះ​ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​សម្បើម​អស្ចារ្យ បក់​បោក​សំពៅ​សៀម​ខ្ទេចខ្ទី​លិច​លង់​ស្លាប់​អស់​ពួក​ពល​នៅ​ក្នុង​មហាសាគរ ។ ត្រង់​កន្លែង​នោះ​មាន​ឈ្មោះ​ថា " ភូមិ​សែន​លង់ " ជាប់​មក តែ​សព្វ​ថ្ងៃ​គេ​ហៅ​ក្លាយ​មក​ថា " ភូមិ​សន្លុង " វិញ ។

ចំណែក​សំពៅ​ស្ដេច​ បាយ៉ង់ កាល​បើ​លឿន​ទៅ​ត្រង់​ទិស​និរតី ស្ដេច​ទត​ឃើញ​កោះ និង​ភ្នំ​ជា​ច្រើន​ត្រៀប​ត្រា ព្រះ​អង្គ​ក៏​ចូល​ទៅ​បោះ​យុថ្កា​ចត​សំពៅ​នៅ​ក្បែរ​កោះ​មួយ ស្ដេច​យាង​ឡើង​ទៅ​លើ​កោះ​នោះ ដើម្បី​រក​ទី​កន្លែង​ដ៏​សម​គួរ​នឹង​ជ្រក ព្រះ​អង្ក​បាន​ទត​ឃើញ​កន្លែង​ដ៏​ល្អ​ៗ ជា​ច្រើន ប៉ុន្តែ​មិន​សូវ​គាប់​ព្រះ​ទ័យ​ក៏​ឲ្យ​ពួក​ពល​ជញ្ជូន​អីវ៉ាន់​ចេញ​ពី​សំពៅ​នាំ​ព្រះ​អគ្គមហេសី​យាង​ចូល​ទៅ​ក្នុង​ព្រៃ​ច្រក​បព្វតា ហើយ​ចត​សំពៅ​នៅ​ត្រង់​កន្លែង​នោះ ។ គ្រាន់តែ​ស្ដេច​យាង​ចេញ​ផុត​ភ្លាម មហា​មេឃ​ដ៏​ងងឹត​បណ្ដាល​ទៅ​ជា​មាន​ភ្លៀង​ផ្គរ​យ៉ាង​ខ្លាំង ។ ក្រោយ​ពី​ស្ដេច និង​ព្រះ​នាង ព្រម​ទាំង​ព្រះ​រាជ​បរិពារ​ឡើង​គោក​ហើយ ស្រាប់​តែ​រន្ទះ​បាញ់​សំពៅ​ក្រឡាប់​លិចលង់​នៅ​កំពង់​នោះ ។ ត្រង់​កន្លែង​នោះ​ជាប់​ឈ្មោះ​ថា " ភ្នំ​រន្ទះ " រហូត​មក​ដល់​សព្វ​ថ្ងៃ ។

បន្ទាប់​ពី​នោះ ស្ដេច​បាយ៉ង់​ចេះ​តែ​ខំ​ស្វែង​រក​ទី​ភូមិ​ឋាន​ដើម្បី​បាន​សង់​ព្រះ​ដំណាក់​ស្នាក់​អាស្រ័យ ។ គ្រា​នោះ ទ្រង់​បាន​ជួប​ទី​ទួល​មួយ​ខ្ពស់​ល្អ​ជា​ទី​គួរ​រីក​រាយ​ក្រៃ​ពេក ក៏​ទ្រង់​ធ្វើ​ព្រះ​ពន្លា​បណ្ដោះ​អាសន្ន​នៅ​ទី​នោះ ។ លុះ​ស្ដេច​បាន​ស្នាក់​អាស្រ័យ​ស្រួល​បួល​ហើយ ក៏​ទ្រង់​សំណេះ​សំណាល​ជា​មួយ​នឹង​ព្រះ​អគ្គមហេសី​អំពី​សេចក្ដី​កម្សត់ ទុក្ខ​វេទនា របស់​ព្រះ​អង្គ​នឹង​ព្រះ​នាង​តាំង​ពី​ដើម​ទី​មក ។ ព្រះ​នាង​ទ្រង់​រំលឹក​ព្រះ​រាជា​​ពី​រឿង​ដែល​ទ្រង់​បន់​ថា "នឹង​ដាក់​ព្រះ​កេសា (កោរ​សក់ ) ថ្វាយ​អារក្ស​ទឹក​នោះ ពេល​នេះ ព្រះ​ត្រូវ​តែ​ដាក់​ព្រះ​កេសាលា​បំណន់ " ។ ព្រះ​រាជា​ក៏​ទ្រង់​ចាត់​ឲ្យ​ធ្វើ​ពិធី​ដាក់​ព្រះ​កេសាលា​បំណន់​​ក្នុង​វេលា​នោះ​ឯង ។

ព្រោះ​ស្ដេច បាយ៉ង់ ទ្រង់​បន់​កោរ ហើយ​ទ្រង់​កោ​រព្រះ​កេសា​ថ្វាយ​អារក្ស​ទឹក​​លា​បំណន់​ដូច្នេះ បាន​ជាប់​ព្រះ​នាម​ថា " ស្ដេច​បាយ៉ង់កោរ " ហើយ​នឹង​ដី​ទួល​ខ្ពស់ ដែល​ទ្រង់​ធ្វើ​ព្រះ​ពន្លា​​នោះ​ជាប់​ឈ្មោះ​ថា " ភ្នំ​បាយ៉ង់កោរ " រហូត​មក​ដល់​សព្វ​ថ្ងៃ ។

ស្ដេច បាយ៉ង់កោរ ទ្រង់​គង់​នៅ​លើ​ភ្នំ​នោះ ជា​មួយ​ព្រះ​នាង សក់​ក្រអូប​ជា​ព្រះ​អគ្គ​មហេសី​បាន​សេចក្ដី​សុខសាន្ត​ជា ២ ឆ្នាំ ព្រះ​អគ្គ​មហេសី​ទ្រង់​ព្រះ​គភ៌ ។ លុះ​គ្រប់​ទស​មាស ទ្រង់​បាន​ប្រសូតិព្រះ​រាជបុត្រ​មួយ​ព្រះ​អង្គ ទ្រង់​ដាក់​ព្រះ​នាម​ថា "ព្រះ​បាទ​ដៃ​ខ្លី" (?) ។ ព្រះ​រាជ​បុត្រ​មិន​មែន តែ​មាន​ព្រះ​នាម​ថា ព្រះ​បាទ​ដៃ​ខ្លី តែ​ទ្រង់​មាន​​ព្រះ​សរីរាវយវៈ​ពេញ​លក្ខណៈ​ទាំង​អស់ ជា​បុរស​ក្លា​ហាន អង់​អាច ព្រះ​រូប​ឆោម​ក៏​ស្អាត​សក្ដិ​សម​ឥត​ខ្ចោះ នាំ​ឲ្យ​ព្រះ​វរ​បិតា​ព្រះ​វរ​មាតា​សព្វ​ព្រះ​រាជ​ហឫទ័យ​ពន់​ពេក ។

តាំង​ពី​ស្ដេច បាយ៉ង់កោរ និង​ព្រះ​នាង​សក់​ក្រអូប ភៀស​ព្រះ​អង្គ​មក​គង់​នៅ​កោះ​នោះ​រវាង​ ៧-៨​ឆ្នាំ ពុំ​មាន​លេច​ឮ​ដំណឹង​ពី​ស្ដេច​សៀម​បន្តិច​បន្តួច​សោះ ព្រះ​អង្គ​ក៏​គង់​នៅ​ជា​សុខ​សប្បាយ ឥត​មាន​ទុក្ខ​ភ័យ ឥត​នឹកនា​ដល់​ស្ដេច​សៀម​ឡើយ ។

ក្រោយ​ពី​នោះ ៥ ឆ្នាំ ស្ដេច​សៀម​រក​ល្បិច​ដើម្បី​យក​ព្រះ​នាង​សក់​ក្រអូប​ឲ្យ​ទាល់​បាន ក៏​ចាត់​ការ​ជ្រើស​រើស​​រក​ក្រុម​ភ្លេង​ល្ខោន​ដ៏​ពិសេស ហើយ​នឹង​ជ្រើស​យក​ពួក​មន្ត្រី​អ្នក​រាជការ​ជា​ច្រើន​រូប​ទៀត ដែល​ឈ្លាសវៃ​ក្នុង​ល្បិច​ស៊ើប​ការណ៍​ផ្សេងៗ ព្រម​ទាំង​រេពល​ជា​ច្រើន​បញ្ជូន​ឲ្យ​ចុះ​សំពៅ​សំដៅ​ទៅ​ទិស​ទក្សិណ ដើម្បី​ស្វែង​រក​ព្រះ​នាង សក់​ក្រអូប ជា​ព្រះ​អគ្គមហេសី បាយ៉ង់កោរ ម្ដង​ទៀត ។ ពួក​មន្ត្រី​ពួក​ល្ខោន ហើយ​ពួក​ទាហាន​ទាំង​អស់ គេ​បាន​ពិភាក្សា​គ្នា​ដឹង​កិច្ច​ការ​ជា​ស្រេច ដោយ​គេ​យល់​ថា ស្ដេច​បាយ៉ង់កោរ និង​ព្រះ​នាង​ សក់​ក្រអូប ប្រាកដ​ជា​នៅ​ក្នុង​កោះ​មួយ​ខាង​នាយ​សមុទ្រ គេ​ក៏​ចេញ​សំពៅ​ជា​ច្រើន​ថ្ងៃ​ច្រើន​យប់ សំដៅ​ទៅ​កោះ​នោះ ដល់​ហើយ​ក៏​បោះ​យុថ្កា​ចត សំពៅ​នៅ​ជិត​ឆ្នេរ​កោះ ដែល​ស្ដេច បាយ៉ង់កោរ គង់​ស្នាក់​អាស្រ័យ នៅ​ចម្ងាយ​ប្រមាណ ១២ សិន ប៉ុណ្ណោះ ។

ត្រង់​កោះ ដែល​ជា​ទី​ចត​សំពៅ​របស់​ពួក​សៀម​នោះ ចាប់​មាន​ឈ្មោះ ហៅ​ថា "ជើង​ប្រជុំ" តមក តែ​សព្វ​ថ្ងៃ​គេ​ហៅ​ក្លាយ​មក​ថា " ជើង​កញ្ជុំ " ។

ឯ​ពួក​ពល​សេនា​ពួក​សៀម​កាល​គេ​បា​នចត​សំពៅ បោះយុថ្កា​ស្រួល​ហើយ គេ​ក៏​ដាក់​ឈើ​ធ្វើ​ជា​ស្ពាន​ត​ពីលើ​សំពៅ​របស់​គេ​មក​ភ្ជាប់​នឹង​កំពង់​នៃ​កោះ​នោះ ហើយ​ក៏​តាំង​រៀប​ពិធី​លេង​ល្ខោន​នៅ​ក្នុង​សំពៅ​នោះ​រាល់​យប់ ។ មនុស្ស​ប្រុស​ស្រី​ដែល​នៅ​ក្នុង​កោះ​ទាំង​ប៉ុន្មាន​ដោយ​ពុំ​ដែល​បាន​មើល​អ្វី​ឲ្យ​សប្បាយ​សោះ ក៏​នាំ​គ្នា​ទៅ​មើល​ល្ខោន​នោះ​យ៉ាង​កុះករ ហើយ​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​ប្រសើរ អំពី​ពួក​ពល​រាជការ​សៀម​ទាំង​នោះ ។ លុះ​លេង​យូរ​ៗ ទៅ សេចក្ដី​សប្បាយ​រីករាយ​របស់​មនុស្ស​អ្នក​កោះ​នោះ​ក៏​កើត​មាន​ឡើង ដោយ​សារ​សិល្ប​របាំ របស់​ស្ដេច​សៀម បណ្ដាល​ឲ្យ​អ្នក​កោះ​និង​ពពួក​ពល​សៀម ស្និទ្ធស្នាល​គ្នា​យ៉ាង​ប្រពៃ ។ ចំណែក​ពួក​សៀម​ខាង​អ្នក​ស៊ើបការណ៍ ក៏​យក​ការ​ណ៍បាន​យ៉ាង​ច្បាស់​លាស់​ថា ស្ដេច បាយ៉ង់កោរ ពិត​ជា​នៅ​ស្នាក់​ពួន​ក្នុង​កោះ​នោះ​មែន ។

អ្នក​មើល​ល្ខោន​ទាំង​ប៉ុន្មាន​នោះ កាល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​នាំ​គ្នា​និយាយ​អួត​កោត​សរសើរ​អំពី​ស្រី​របាំ នឹង​ពួក​ល្ខោន​ដែល​ចេះ​រាំ​យ៉ាង​ទន់​ភ្លន់ នឹង​អំពី​ការ​រៀប​ទទួល​ភ្ញៀវ​យ៉ាង​ប្រសើរ​របស់​ពួក​សៀម ។

ឯ​ពួក​ភីលៀង​នឹង​ពួក​ពល​ស្ដេច បាយ៉ង់កោរ ដែល​បាន​ទៅ​មើល​ល្ខោន​នោះ​ជា​មួយ​នឹង​អ្នក​កោះ​នោះ ក៏​នាំ​គ្នា​មក​ក្រាប​ទូល​ស្ដេច​បាយ៉ង់កោរ និង​ព្រះ​នាង​សក់​ក្រអូប រៀង​រាល់​ថ្ងៃ​ដែល​បាន​ទៅ​មើល ។ ថ្ងៃ​មួយ​ព្រះ​នាង​អត់​ទ្រាំ​នឹង​សេចក្ដី​សប្បាយ​រីករាយ​នោះ​ពុំ​បាន ដោយ​ពួក​ភីលៀង​ចេះ​តែ​ក្រាប​ទូល​ញឹកញយ​ពេក ព្រះ​នាង​ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ស្វាមី​ថា "ចង់​ទៅ​មើល​ល្ខោន​នឹង​គេ​ឲ្យ​បាន​ឃើញ​ម្ដង ព្រោះ​ពួក​ភីលៀង​និយាយ​អួត​ថា ល្អ​មើល​ណាស់ " ។ ស្ដេច​ បាយ៉ង់កោរ ក៏​ទ្រង់​ស្ងៀម​មិន​អនុញ្ញាត​ឲ្យ​ទៅ នឹង​មិន​ឃាត់​ឡើយ ។

ព្រះ​នាង​ក៏​ទុក​ព្រះរាជបុត្រ ដែល​មាន​ព្រះ​ជន្ម​ទើប​តែ​បាន ៦ វស្សា​ឲ្យ​នៅ​ជា​មួយ​ភីលៀង ក្នុង​ព្រះ​រាជ​ដំណាក់ ។ ហើយ​ព្រះ​នាង​ទ្រង់​យាង​ចេញ​ទៅ​ស្រង់​ទឹក​នៅ​កំពង់​នោះ លុះ​ស្រង់​រួច​ក៏​ទ្រង់​គ្រឿង​អលង្ការ មាន​បរិវារ​ប្រុស​ស្រី​ជូន​ព្រះ​ដំណើរ​ផង ទៅ​ទត​ល្ខោន​នោះ ។ លុះ​ចូល​ទៅ​ដល់​ពួក​មន្ត្រី​​នឹង​ពល​សេនា​សៀម បាន​ឃើញ​ក៏​ស្គាល់​ថា ជា​តួ​ព្រះ​នាង​សក់​ក្រអូប ជា​មហេសី​ស្ដេច​បាយ៉ង់កោរ ពិត​ដែល​ពួក​គេ​ស្វែង​មក​រក​យក​ទៅ​ថ្វាយ​ស្ដេច​គេ តាម​ព្រះ​រាជ​បញ្ជា ឥឡូវ​ព្រះ​នាង​បាន​យាង​ចូល​មក​ក្នុង​កលឧបាយ​គេ​ហើយ គេ​ក៏​បាន​រៀប​ចំ​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​គួរ​សម​ចំពោះ​ព្រះ​នាង និង​បាន​រចនា​អាសនៈ​យ៉ាង​វិចិត្រ​សម្រាប់​ព្រះ​នាង ។ កាល​ព្រះ​នាង​គង់​ស្រួល​បួល​ហើយ​ គេ​បាន​ប្រគំ​ភ្លេង​មួយ​យ៉ាង​ពីរោះ ឈ្មោះ​ថា " បទ​លោម​នាង " ​រួច​គេ​ប្រគំ​បទ​ជើត​ទៀត ជា​កិច្ច​បើក​ឆាក​ល្ខោន​របស់​ជា​លំដាប់​ហូរហែ​ទៅ ។ អារម្មណ៍​របស់​ព្រះ​នាង បាន​ដិត​ជាប់​នៅ​ក្នុង​សាច់​រឿង​និង​បទ​ភ្លេង​ដ៏​ពីរោះ​នៃ​ល្ខោន​នោះ ។

ចំណែក​ខាង​ពួក​សៀម ដែល​គេ​បាន​និយាយ​ណាត់​គ្នា​រួច​ស្រេច​ហើយ​នោះ គឺ​គេ​ណាត់​គ្នា​ដោយ​ចង្វាក់​ស្គរ​និង​ទំនុក​ផ្សេង​ៗ ។ សំពៅ​របស់​គេ គេ​ចង​ខ្សែ​យុថ្កា ១​នៅ​ទិស​ឦសាន ចម្ងាយ​ប្រមាណ ៦-៧ សិន សម្រាប់​រវៃ​ឲ្យ​សំពៅ​ថយ​, កន្លែង​នោះ កន្លែង​នោះ​ជាប់​ឈ្មោះ​ថា " ភូមិ​យុថ្កា " (នៅ​ស្រុក​ព្រះ​បាទ​ជាន់​ជុំ ) មក​ដល់​សព្វ​ថ្ងៃ ។ លុះ​គេ​ដឹង​ថា ព្រះ​នាង​កំពុង​តែ​ជាប់​ព្រះ​ទ័យ​យ៉ាង​មាំ​ចំពោះ​សាច់​រឿង​និង​បទ​ភ្លេង​ហើយ គេ​ក៏​ប្រគំ​បទ​មួយ​ទៀត​ហៅ​ថា " បទ​ស្រាវ​ខ្សែ​យុថ្កា " ហើយ​គេ​ប្រគំ​បទ​មួយ​ទៀត​ឈ្មោះ " បទ​សំពៅ​ថយ " រួច​គេ​ចាប់​រវៃ​ខ្សែ​យុថ្កា​ហើយ​សំពៅ​ក៏​ចេះ​តែ​ថយ​ចេញ​ទៅ​បន្តិច​ម្ដងៗ ។ ឯ​ព្រះ​នាង សក់​ក្រអូប ព្រម​ទាំង​ពួក​ភីលៀង​ឥត​ដឹង​ខ្លួន​ថា សំពៅ​ថយ​ចេញ​សោះ​ឡើយ ដោយ​ដក់​ព្រះ​ទ័យ​នឹង​រឿង​ល្ខោន​នោះ​យ៉ាង​ក្រៃ​លែង ។

សំពៅ​ក៏​ថយ​ចេញ​ឆ្ងាយ​ទៅ​ៗ ​ដល់​យប់​កាន់​តែ​ជ្រៅ​ទៅ ទើប​ព្រះ​នាង​នឹក​ចង់​វិល​មក​ព្រះ​ដំណាក់​វិញ ។ លុះ​ទ្រង់​ងាក​រក​ផ្លូវ​យាង​ចុះ​ចាក​អាសនៈ​ល្ខោន ស្រាប់​តែ​ឃើញ​សុទ្ធ​តែ​ទឹក​ល្ហ​ល្ហាច រក​កោះ​ត្រើយ​មិន​ឃើញ ព្រះ​នាង​ក៏​ស្រឡាំងកាំង​ភ័ន្ត​ភាំង​ញ័រ​ចំប្រប់​កណ្ដាល​មហា​សាគរ ។ ព្រះ​នាង​ទ្រង់​នឹក​ឃើញ​ដល់​រឿង​ដើម កាល​ដែល​រត់​ពី​ភ្នំ​ដង​រែក ដើម្បី​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ​សៀម ឥឡូវ​នេះ​គេច​មិន​ផុត ត្រឡប់​ជា​វិល​មក​ចូល​ក្នុង​កលឧបាយ​របស់​សៀម​ទៅ​វិញ​, ទ្រង់​ក៏​ព្រះ​កន្សែង​សោក​ដោយ​ក្រៀមក្រំ​ថា " ឱ! ថ្ងៃ​នេះ​ហើយ​ដែល​អញ​ត្រូវ​ព្រាត់​ប្រាស​ពី​ប្ដី​កម្សត់​និង​កូន​ជា​ទី​ស្នេហា " ។ ឯ​ពួក​ពល​សៀម​គេ​ច្រាន​អស់​ពួក​ភីលៀង​របស់​ព្រះ​នាង សក់​ក្រអូប ឲ្យ​ចុះ​ក្បូន​ត្រឡប់​មក​វិញ​វា​យក​តែ​ព្រះ​នាង​មួយ​ព្រះ​អង្គ​ទៅ​ប៉ុណ្ណោះ ។ លុះ​វា​បាន​ព្រះ​នាង​ហើយ វា​យក​ទៅ​ថ្វាយ​ស្ដេច​សៀម​តាម​ព្រះ​រាជ​បំណង ស្ដេច​សៀម​ត្រេក​អរ​ណាស់ បាន​ឲ្យ​រង្វាន់​ខាន់ខៅ យ៉ាង​ដល់​ពួក​ពល​សេនា​ទាំង​នោះ ។ ស្ដេច​សៀម​យក​ព្រះ​នាង សក់​ក្រអូប ទៅ​ឲ្យ​គង់​នៅ​ក្នុង​ប្រាសាទ​ដោយ​ឡែក​មួយ​ព្រះ​អង្គ ជាមួយ​នឹង​ពួក​ស្រី​ស្នំ​ក្រម​ការ​អ្នក​បម្រើ​តែ​ប៉ុណ្ណោះ ចាំ​ឲ្យ​ព្រះ​នាង​បាន​ស្រាកស្រាន្ត​ពី​សេចក្ដី​ទុក​សិន សឹម​យក​មក​ឲ្យ​គង់​នៅ​ជាមួយ​ព្រះ​អង្គ ។

ចំណែក​ខាង​ស្ដេច បាយ៉ង់កោរ កាល​បាន​ទ្រង់​ជ្រាប​ថា ពួក​ពល​សៀម​នាំ​យក​ព្រះ​អគ្គមហេសី​ទៅ​ហើយ ព្រះ​អង្គ​ក៏​កើត​ទុក្ខ​សោក​សង្រេង​សង្រៃ​យ៉ាង​ក្រៃ​លែង ក្នុង​មួយ​ថ្ងៃ​ៗ ព្រះ​អង្គ​លែង​ធ្វើ​កិច្ច​ការ​អ្វី​កើត​ទាំង​អស់ មាន​ទឹក​ព្រះ​នេត្រ​ហូរ​ជាប់​ជា​និច្ចកាល ជា​មួយ​ព្រះ​រាជ​បុត្រ​កំព្រា ១ ព្រះ​អង្គ ។ ព្រះ​អង្គ​ទ្រង់​គង់​គយគន់​តែ​ទៅ​ក្នុង​មហាសាគរ ស្ទើរ​តែ​បែក​ព្រះ​នេត្រ តែ​មិន​បាន​ឃើញ​អ្វី​ក្រៅ​អំពី​មហា​មេឃ​ដ៏​ធំ​ល្វឹងល្វើយ និង​រលក​បោក​បែក​ផ្កា​ត្រែង​នោះ​ឡើយ ទ្រង់​ងាក​មក​លើ​កោះ​វិញ​ក៏​ទ្រង់​ឃើញ​តែ​រុក្ខា​លតាវល្លិ ដែល​សុទ្ធ​តែ​ជា​ធម្មជាតិ​រស់​រវើក​ហាក់​ដូច​ជា​ចង់​ជួយ​រំលែក​នូវ​សេចក្ដី​ទុក្ខ​របស់​ព្រះ​អង្គ​ដែរ ។ ព្រះ​អង្គ​តែ​ពោល​ថា " កម្សត់​អើយ​សែន​កម្សត់! បង​ស្រណោះ​កាល​បង​នាំ​អូន​រត់​ឲ្យ​ផុត​ពី​ដៃ​សៀម ឥឡូវ​មិន​ផុត គង់​ភ្លាត់​ស្នៀត​បាន ឲ្យ​បង​ទីមទាម​​នៅ​ម្នាក់​ឯង " ។

ចំណែក​ព្រះ​នាង​សក់​ក្រអូប ដែល​គង់​នៅ​ក្នុង​ប្រាសាទ ១ តែ ១ ព្រះ​អង្គ​នោះ មាន​ព្រះ​ភក្ត្រ​ស្រពាប់ស្រពោន​ជា​និច្ច ទោះ​បី​ស្រី​ស្នំ​ក្រម​ការ​ខំ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ផ្គាប់ផ្គុន​យ៉ាង​ណា ក៏​មិន​ស្រាក​ស្រាន្ត​អំពី​សេចក្ដី​ទុក​ដែរ ប្រាសាទ​ធំ​ល្វឹងល្វើយ តែ​ហាក់​ដូច​ជា​ចង្អៀត​រក​ផ្លូវ​ដើរ​គ្មាន មួយ​ថ្ងៃ​ៗ​ព្រះ​នាង​តែង​គង់​អើត​តាម​បង្អួច​ខាង​ត្បូង​ជា​និច្ច សម្លឹង​រក​មើល​ក្រែង​បាន​ឃើញ​មនុស្ស ដែល​ព្រះ​នាង​ធ្លាប់​ស្គាល់ ។ ស្ដេច​សៀម​ឲ្យ​ទាហាន​យាម​ទ្វារ​ជា​និច្ច មិន​ឲ្យព្រះ​នាង​យាង​ចេញ​ទៅ​ណា​បាន​ទេ ព្រះ​នាង​កើត​ទុក្ខ​សង្រេង​សង្រៃ​រៀង​រាល់​ថ្ងៃ ណា​មួយ​នឹក​មក​ព្រះ​រាជ​បុត្រ​តូច​ជា​ទី​ស្រឡាញ់ ណា​មួយ​នឹក​ព្រះ​ស្វាមី​ជា​គូរ​កម្សត់ ។

លុះ ១២ ឆ្នាំ ក្រោយ​មក ព្រះ​អង្គ​ម្ចាស់ ព្រះ​បាទ​ដៃ​ខ្លី ជា​ព្រះ​រាជ​បុត្រ​ក៏​មាន​វ័យ​វឌ្ឍនាការ​ចម្រើន​ធំ​ឡើង សួរ​ព្រះ​បិតា​រក​ព្រះ​មាតា​ថា " ព្រះ​មាតា​ទៅ​ណា​បាត់ មិន​ដែល​ឃើញ​ព្រះ​ភក្ត្រ​សោះ? " ។ ស្ដេច បាយ៉ង់កោរ ជា​ព្រះបិតា​ក៏​ប្រាប់​តាម​ដំណើរ​ហេតុ​គ្រប់​យ៉ាង ។ ព្រះ​អង្គ​ក៏​កើត​​សេចក្ដី​ក្ដៅ​ក្រហាយ​ជា​ខ្លាំង សូម​លា​ព្រះ​បិតា​ទៅ​​តាម​រក​ព្រះ​មាតា​យក​មក​វិញ ។ ព្រះ​បិតា​ក៏​មាន​ព្រះ​បន្ទូល​ថា "បើ​កូន​ទៅ​តាម​រក​ព្រះ​មាតា នឹង​ទៅ​ដៃ​ទទេ​ពុំ​បាន​ទេ ទោះ​កូន​យក​បាន​ម្ដាយ​មក​វិញ ក៏​នឹង​មាន​គេ​ត​យុទ្ធ​គ្នា​ខាង​ផ្លូវ​សង្គ្រាម​ជា​មិន​ខាន​, ដូច្នេះ​កូន​កុំ​អាល​ទៅ​ចាំ​ឪពុក​កេណ្ឌ​សេនា​រេហ៍ពល​ឲ្យ​បាន​ច្រើន​ជា​កំដរ បើ​មាន​អាសន្ន​មក​ដល់ កូន​អាច​ដោះ​ខ្លួន​បាន" ។ ទើប​ស្ដេច បាយ៉ង់កោរ ទ្រង់​ជ្រើស​មនុស្ស​ដែល​ក្លាហាន​ស្ម័គ្រ​ចិត្ត​ចូល​ខ្លួន​ធ្វើ​ជា​ពល​សេនា បាន​ចំនួន​រាប់​ម៉ឺន​នាក់ ឲ្យ​មក​ប្រជុំ​នៅ​កន្លែង​មួយ​តាំង​សីល​មន្ត​វិជ្ជាការ ហាត់​រៀន​មន្ត​អាគមគាថា នៅ​ទី​ព្រះលាន​មួយ ទើប​ទីនោះ​ជាប់​ឈ្មោះ​ថា "ស្រែ​ចមពល" រហូត​មក​ដល់​សព្វ​ថ្ងៃ ។ លុះ​ទ្រង់​យល់​ថា​បាន​ការ​ល្មម​ជា​ទី​ទុក​ចិត្ត​ហើយ ទើប​ទ្រង់​ឲ្យ​ព្រះបាទ​ដៃ​ខ្លី ជា​ព្រះ​រាជ​បុត្រ​ចុះ​សំពៅ​ទៅ​តាម​ផ្លូវ​ទឹក សំពៅ​ទៅ​ទិស​ពាយព្យ​អស់​ពេល​រវាង ៣ សប្ដាហ៍ ទើប​ទៅ​ដល់​ព្រំ​ដែន​សៀម ។

ព្រះ​អង្គ​ម្ចាស់​ដៃ​ខ្លី ក៏​ឲ្យ​ចត​សំពៅ​នៅ​កំពង់​នៃ​កោះ​មួយ ដែល​មាន​ដែន​ដី​ជាប់​នឹង​ព្រំ​ប្រទល់​សៀម ល្មម​យាង​ចូល​ទៅ​ស្រុក​សៀម​បាន ។

ដូច​បាន​ពោល​មក​ហើយ​ថា ព្រះ​អង្គ​ម្ចាស់ ដៃ​ខ្លី ពិត​មែន​តែ​មាន​ព្រះ​នាម​ថា ដៃ​ខ្លី តែ​ព្រះ​អង្គ​មាន​ព្រះ​ហស្ថល្អ មាន​ព្រះ​រូប​ស្អាត​ឆើតឆាយ គួរ​ជា​ទី​ពិចពិល​រមិល​មើល​នៃ​ពួក​ស្រី​ក្រមុំ​ៗ ព្រះ​អង្គ​បាន​ផ្ដាំ​ពួក​ពល​ទាំង​អស់​ថា " ឲ្យ​នៅ​ចាំ​សំពៅ​ក្នុង​ទី​នេះ យើង​ទៅ​តែ​ម្នាក់​ឯង​ហើយ​មិន​កំណត់​ថ្ងៃ​ណា​​នឹង​មក​វិញ​ទេ លុះ​តែ​យើង​បាន​សម្រេច​តាម​សេចក្ដី​ប្រាថ្នា ទើប​យើង​ត្រឡប់​មក​សំពៅ​វិញ " ។ ព្រះ​អង្គ​ម្ចាស់​ក៏​ធ្វើ​ព្រះ​ដំណើរ​ចូល​ទៅ​ដល់​ក្រុង​សៀម ក្នុង​ព្រះ​ទ័យ​ចេះ​តែ​គិត​បណ្ដើរ​ថា "បើ​ប្រសិន​ជា​បាន​​ជួប​នឹង​ព្រះ​មាតា​ប្រហែល​ជា​មិន​ស្គាល់​ព្រះ​ភក្ត្រ​លោក​ទេ ចំណែក​ព្រះ​មាតា​វិញ ក៏​ប្រហែល​ជា​មិន​ស្គាល់​ព្រះ​អង្គ​ដែរ ព្រោះ​បែក​គ្នា​យូរ​ឆ្នាំ​មក​ហើយ " ។

គាប់​ជួន​ថ្ងៃ​មួយ ព្រះអ​ម្ចាស់​ព្រះ​បាទ ដៃ​ខ្លី កំពុង​តែ​សម្លឹង​មើល​នាយ​មើល​អាយ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ព្រះ​នាង​សក់​ក្រអូប ជា​ព្រះ​មាតា​ដែល​គង់​ត្រង់​បង្អួច​ប្រាសាទ ទត​មើល​មក​ខាង​ក្រៅ​តែ ១ ព្រះ​អង្គ តែ​ទ្រង់​មិន​ស្គាល់​ជា​ព្រះ​មាតា​សោះ ទ្រង់​សំគាល់​ថា​ជា​ស្រី​សៀម មាន​រូប​ឆោម​ស្អាត​ស្រស់​បំព្រង មុខ​មូល​ក្រឡង់​ដូច​វង់​ច័ន្ទ បបូរ​មាត់​ក្រហមឆ្អៅ​គួរ​ជាទី​ទស្សនា ទ្រង់​កើត​ព្រះ​ទ័យ​ស្នេហា ក៏​ទ្រង់​ពោល​បញ្ឆិត​បញ្ឆៀង​ផ្ដោះផ្ដង​ឲ្យ ។ ឯ​ព្រះ​នាង​សក់​ក្រអូប វិញ​ក៏​មិន​ស្គាល់​ព្រះ​រាជ​បុត្រ​ដែរ សំគាល់​ថា​ជា​ប្រុស​សៀម​សុទ្ធសាធ ក៏​កើត​ចិត្ត​ប្រតិព័ទ្ធ​យ៉ាង​ខ្លាំង រហូត​ដល់​បាន​ជួប​ប្រទះ​ពាក្យ​សំដី​ចែចង់​គ្នា​តាម​ធម្មតា​របស់​ស្ត្រី​និង​បុរស ព្រះ​នាង​បាន​ផ្ដាំ​ព្រះ​អង្គ​ម្ចាស់​ថា " ដល់​ពេល​ព្រលប់​ធំ​ឲ្យ​ចូល​មក​ក្នុង​ទី​នេះ​ទៀត ព្រះ​នាង​នឹង​ចុះ​មក​ពី​ប្រាសាទ​មក​ចាំ​ផ្លូវ " ព្រះ​នាង​បាន​បញ្ជាក់​ថា " ទី​នេះ​ស្ងាត់​ល្អ​ណាស់ ឥត​មាន​មនុស្ស​ចេញ​ចូល​ញឹកញាប់​ទេ " ។ ព្រះ​អង្គ​ម្ចាស់​ព្រះ​បាទ ដៃ​ខ្លី មាន​ព្រះ​ទ័យ​រីករាយ​ណាស់ ដោយ​សេចក្ដី​ស្នេហា​ជា​ខ្លាំង ទ្រង់​គិត​ថា "អញ​ចង់​កូន​ក្រមុំ​សៀម​នេះ​ឲ្យ​បាន​ហើយ​ពង្រត់​យក​ទៅ​ទុក​ឯ​សំពៅ​សិន សឹម​ដើរ​រកម្ដាយ​អញ​តទៅ​ទៀត " ។ លុះ​ពេល​ព្រលប់​ធំ ព្រះ​អង្គ​ម្ចាស់​ក៏​ត្រឡប់​ទៅ​កាន់​ប្រាសាទ​ព្រះ​នាង​វិញ តាម​បណ្ដាំ​ពី​ពេល​មុន ។ ព្រះ​នាង​ក៏​ចេញ​មក​ជួប​នាំ​ឡើង​ទៅ​ព្រះ​ដំណាក់ ។ លោក​ទាំង​ពីរ​ក៏​និយាយ​សំណេះសំណាល​លួង​លោម​គ្នា​ដោយ​សេចក្ដី​ស្នេហា បាន​ប្រព្រឹត្ត​ស្មន់​អន្ធករ​នឹង​គ្នា ហើយ​ក៏​នាំ​គ្នា​រត់​ចេញ​ពី​ដំណាក់​សំដៅ​ទៅ​កំពង់​ជា​ទី​ចត​សំពៅ ។ លុះ​មក​ដល់​សំពៅ ព្រះ​នាង​ស្គាល់​អាមាត្យ​ជា​ក្រុម​ញាតិ​ខ្លះ ជា​អ្នក​បម្រើ​ខ្លះ អ្នក​ទាំង​នោះ​ក៏​ភ្ញាក់​ខ្លួន ហើយ​សាក​សួរ​ទៅវិញ​ទៅ​មក​ភ្លាម​ក៏​បាន​ដឹង​ច្បាស់​ថា ស្ត្រី​នេះ​ជា​ព្រះ​នាង​សក់​ក្រអូប ជា​ព្រះ​មាតា ព្រះ​អង្គ​ម្ចាស់​ព្រះ​បាទ ដៃ​ខ្លី ជា​ព្រះ​រាជ​បុត្រ ។ ព្រះ​នាង​ក៏​បាន​ជ្រាប​ថា​បុរស​នេះ​ជា​ព្រះ​រាជ​បុត្រ​ជា​ទី​កម្សត់​របស់​ព្រះ​នាង ដែល​ព្រះ​នាង​ប្រាស​ចាក​ចោល​មក​អស់​រយៈ​កាល ជាង ១០ ឆ្នាំ ហើយ ។

ព្រះ​មាតា​និង​ព្រះ​រាជ​បុត្រ​ក៏​យំ​ឱប​គ្នា​ទៅវិញ​ទៅ​មក ដោយ​សេចក្ដី​នឹក​រលឹក​យ៉ាង​សែន​កម្សត់ ។ ឯ​សេចក្ដី​ស្នេហា​ដោយ​តណ្ហា​ក៏​រលាយ​បាត់​ក្នុង​ពេល​នោះ​គ្មាន​សល់ ។ ព្រះ​រាជ​កុមារ​ក៏​មាន​សេចក្ដី​រន្ធត់​ញាប់​ញ័រ​ជា​ពន្លឹក ចំពោះ​អំពើ​ពុំ​គប្បី​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ព្រះ​មាតា ទោះ​ព្រះ​មាតា​អត់​ទោស​ឲ្យ​យ៉ាង​ណា ក៏​មិន​ស្ងប់​សេចក្ដី​ញាប់​ញ័រ​នោះ​ឡើយ ។

ពួក​ពល​សេនា កាល​បាន​ព្រះ​នាង​ហើយ​ក៏​នាំ​គ្នា​បើក​សំពៅ​យ៉ាង​លឿន​លន់​ពេញ​ទំហឹង​ឥត​មាន​បង្អង់ ឆ្ពោះ​មក​កាន់​ព្រះ​ដំណាក់​ព្រះ​បាទ បាយ៉ង់កោរ វិញ ។ ៣​សប្ដាហ៍​ក្រោយ​មក​សំពៅ​ក៏​បាន​មក​ដល់​ព្រះ​ដំណាក់ ។ ស្ដេច បាយ៉ង់កោរ និង​ព្រះ​នាង សក់​ក្រអូប បាន​ជួប​ជុំ​គ្នា​ដោយ​សេចក្ដី​រីករាយ នឹង​សេចក្ដី​សោក​សង្រេង ទង្គឹះ​ខ្សឹកខ្សួល​ព្រោះ​សេចក្ដី​នឹក​រលឹក នឹង​សេចក្ដី​ស្នេហា​ជា​ទី​បំផុត ។ កាល​បាន​ជួប​ព្រះ​ភស្ដា ជា​ទី​ស្រឡាញ់​ហើយ ព្រះ​នាង​ក៏​ក្រាប​បង្គំ​ទូល​រៀប​រាប់​តាម​ដំណើរ ដែល​ព្រះ​នាង​ត្រូវ​ស្ដេច​សៀម​ចាប់​ថា " គេ​នាំ​យក​ខ្ញុំ​ម្ចាស់​ទៅ​ឲ្យ​នៅ​ក្នុង​ប្រាសាទ​មួយ​តែ​ម្នាក់​ឯង មាន​ពួក​ស្រី​ៗ​កំដរ​ចាំ​បម្រើ​គ្រប់​ពេល ស្ដេច​សៀម​ឬ​កំលោះ​ណា​ម្នាក់​ឥត​បាន​មក​ជិត​បៀតបៀន​ខ្ញុំ​ម្ចាស់​ទេ ពេល​ដែល​កូន​ទៅ​ដល់ ខ្ញុំ​ម្ចាស់​មិន​ស្គាល់​ជា​កូន​របស់​យើង​សោះ នឹក​ស្មាន​ថា​បុរស​កំលោះ​ពីណា មក​ចំណែក​កូន​យើង​វិញ ក៏​ពុំ​ស្គាល់​ខ្ញុំ​ម្ចាស់​ជា​ម្ដាយ​ដែរ បាន​ជួប​គ្នា​ក៏​កើត​ចិត្ត​ប្រតិព័ទ្ធ​ស្នេហា​រហូត​ដល់​បាន​ស្ម័គ្រ​ស្មន់​អន្ធករ ជា​មួយ​នឹង​កូន​របស់​យើង​នេះ​ទៅ​ហើយ​ សូម​ព្រះ​ស្វាមី​អភ័យទោស ដល់​រូប​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​កូន​ផង " ។

ស្ដេច បាយ៉ង់កោរ ទ្រង់​ជ្រាប​ហេតុ​សព្វ​គ្រប់​តាម​ពាក្យ​ទូល​នៃ​ព្រះ​នាង​ហើយ ក៏​ទ្រង់​អនុញ្ញាត ឥត​មាន​ខ្ញាល់​ឡើយ ដោយ​ព្រះ​អង្គ​ទ្រង់​ពិចារណា​ថា " ធម្មតា​ម្ដាយ​និង​កូន ទោះ​បី​យ៉ាង​ណា ក៏​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុំគប្បី​របៀប​នេះ​ដែរ នេះ​គឺ​អំពី​អំពើ​ហេតុ​មិន​ស្គាល់​គ្នា​បាន​ជា​ហ៊ាន​ប្រព្រឹត្ត​អនាចារ​យ៉ាង​នេះ ។

រឿង​នេះ ស្ដេច​បាយ៉ង់កោរ ព្រះ​អង្គ​នៅ​មាន​សន្ទិះ​សង្ស័យ​ក្រែង​លោ​ព្រះរាជ​បុត្រ​មាន​បាបកម្ម​ធ្ងន់​ធ្លាក់​ដល់​អបាយ ទើប​ព្រះ​អង្គ​ឲ្យ​ហៅ​អ្នក​ប្រាជ្ញ​បណ្ឌិត កវី ហោរា ជា​ដើម មក​ជួប​ជុំ​ពិគ្រោះ​មើល​ក្រែង​មាន​កម្មពៀរ​វេរា​ទៅ​ជាតិ​ខាង​មុខ ។ លុះ​ជំនុំ​ពិគ្រោះ​ធៀប​មើល​ហេតុ​ផល​សព្វ​គ្រប់​ទៅ ក៏​បាន​វិនិច្ឆ័យ​សម្រេច​ថា " ត្រូវ​តែ​ព្រះ​រាជ​បុត្រ​ទទួល​ទណ្ឌ​កម្ម គឺ​ត្រូវ​ជីក​ស្រះ​អង្គ​ចំនួន ១០០១ អង្គ" ។ ស្ដេច​បាយ៉ង់កោរ ក៏​ទ្រង់​ឲ្យ​ពលករ ចំនួន ១០០១ នាក់ ជួយ​ជីក​ស្រះ​ព្រះ​រាជ​បុត្រ​ដែរ ។ លុះ​ជីក​រួច​​កើត​ជា​ស្រេច​ហើយ ក៏​ទ្រង់​ចាត់​ចែង​ធ្វើ​បុណ្យ​ឆ្លង ហើយ​ព្រះ​រាជ​បុត្រ​ទ្រង់​អធិដ្ឋាន​ថា " ស្រះ​អង្គ​ទាំង ១០០១ ដែល​ជា​ស្នា​ដៃ​ខ្ញុំ​សាង​នេះ ខ្ញុំ​ឧទ្ទិស​ទុក​ជា​ប្រយោជន៍​ដល់​សត្តនិករ ដើម្បី​នឹង​បាន​ប្រើ​ទឹក​តទៅ​ដរាប​ណា​ស្រះ​អង្គ​នេះ លែង​ដក់​ទឹក​ជាប់​ ហើយ​ដី​ដុះ​ឡើង​រាប​ស្មើ​ដូច​ធម្មតា​វិញ​, ដរាប​នោះ សូម​ឲ្យ​ទោស​របស់​ខ្ញុំ​រលាយ​ជា​អហោសិកម្ម​ទៅ " ។

ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ខេត្ត​តាកែវ​ទាំង​មូល មាន​ទី​កន្លែង ដែល​មាន​ឈ្មោះ​ថា "អង្គ​ៗ " ​នេះ​ច្រើន​ណាស់ ដូច​ជា អង្គ​រកា អង្គ​សឹង្ហ ជា​ដើម ។