ប្រជុំរឿងព្រេងខ្មែរ/ភាគទី៦/3

111756ប្រជុំរឿងព្រេងខ្មែរ, ភាគទី៦រឿងប្រាសាទវត្ដនគរ1895?


រឿង ប្រាសាទវត្ដនគរ




នៅខាងលិច នៃក្រុងកំពង់ចាម, តាមដងផ្លូវជាតិលេខ ៧ ទៅពីក្រុងភ្នំពេញ មានប្រាសាទបុរាណមួយ ដែលអ្នកស្រុកសំគាល់ឈ្មោះថា "ប្រាសាទនគរវត្ត" ។ ចម្ងាយចូលពីផ្លូវជាតិ តែប្រមាណ ២០០ ម៉ែត្រប៉ុណ្ណោះ មានក្រាលថ្មស្អាតស្អំ ស្រួលងាយធ្វើដំណើរគ្រប់រដូវ ។ អ្នកស្រុក តែងចេញចូលក្នុងបុរាណដ្ឋាននេះ រៀងរាល់ថ្ងៃ ពុំមានដាច់ ព្រោះនៅជិតទីប្រជុំជនខេត្ត ដែលមានមនុស្សច្រើនផង និង ដោយមានប្រាសាទបុរាណ, វត្តពីរ ព្រមទាំងបូជនីយដ្ឋានដទៃទៀតផង ។ អាស្រ័យហេតុនេះ អ្នកនៅជិតខាងនៃប្រាសាទនេះ ឬ ជាអ្នកទេសចរទៅកម្សាន្តកំពង់ចាម រមែងធ្លាប់ស្គាល់ប្រាសាទនេះ ច្បាស់លាស់ណាស់ ប៉ុន្តែប្រវត្តិពង្សាវតារនៃបុរាណដ្ឋាននេះ ច្រើនពុំសូវបានច្បាស់ក្នុងសន្ដានចិត្តអ្នកទាំងនោះនៅឡើយ ត្បិតគេច្រើនតែនិយាយតាមឮតៗ គ្នាមក រកហេតុផលពុំបានជាក់លាក់ ។ ដូច្នេះហើយ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ជាមជ្ឈមណ្ឌលរក្សា និង ប្រមូលឯកសារបរមបុរាណ ដែលកើតមានឡើងជាង ៣០ ឆ្នាំមកហើយនោះ ត្រូវតែអធិប្បាយឡើងវិញ ឲ្យជនរួមជាតិយើងបានយល់ ហើយស្រឡាញ់បេតិកភណ្ឌជាតិ ដែលមានសឹងពាសពេញក្នុងប្រទេស ។


បើយើងធ្វើដំណើរពីភ្នំពេញទៅ យើងនឹងបានដល់ប្រាសាទនេះ មុននឹងដល់ក្រុងកំពង់ចាម គឺនៅខ្វះតែបីគីឡូម៉ែត្រ ហើយបែរខាងលិចផ្លូវជាតិខាងស្ដាំដៃ, យើងនឹងប្រទះផ្លូវលំមួយយ៉ាងស្អាត ត្រង់ភ្លឹង តាមចន្លោះដើមរុក្ខជាតិសងខាង គួរជាទីមនោរម្យ ។ សព្វថ្ងៃ ទីតាំងនៃប្រាសាទនេះ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម (កំពង់ចាម) ។


តួប្រាសាទ និងបរិវេណប្រាសាទទាំងមូល បែរមុខឆ្ពោះទៅទិសខាងកើត ត្រង់ទៅផ្លូវជាតិ ។


កាលណាចូលមកកាន់បុរាណដ្ឋាននេះ យើងប្រទះជាបឋម នូវខ្លោងទ្វារមួយ ធ្វើអំពីថ្មបាយក្រៀម មានចន្លោះច្រក ប្រមាណជា ៣ ម៉ែត្រប៉ុណ្ណោះ ។ នៅខាងលើ ពុំមានកំពូលអ្វីជាឆើតឆាយទេ ទំនងជារុះធ្លាក់អស់ ដោយសារការចាស់ទ្រុឌទ្រោមក្នុងភាពជរា នៅសល់តែថ្មសន្លឹកកបួនជ្រុងវែងៗ បំពាក់គងគាក់លើគ្នា គ្រាន់តែនៅសល់សណ្ឋានជារាងខ្លោងទ្វារ ឬ ហៅតាមពាក្យអ្នកស្រាវជ្រាវថា "គោបុរៈ" ។ ភ្ជាប់នឹងគោបុរៈនេះ សងខាងមានកំពែងថ្ម ដែលមានកម្ពស់ប្រមាណជា ៣ ម៉ែត្រ កម្រាស់ ០ម៦០, សព្វថ្ងៃនេះ ជ្រុះធ្លាក់អស់ច្រើនអន្លើណាស់ទៅហើយ ។ នៅពីលើកំពែងនេះទៀត មានលំអដោយថ្មសំលៀង ដែលឆ្លាក់ជាសន្លឹកចុងស្រួច របៀបជាស្លឹកឈើ តម្រៀបដង្ហែគ្នាជាជួររមិញ ។ ខ្លោងទ្វារនេះ រថយន្តតូចតាច ចេញចូលបានយ៉ាងស្រួល ឯរថយន្តធំ តោងមានការប្រយ័ត្នប្រយែងបន្តិច ព្រោះចង្អៀតសងខាងផង ពីលើផង ក្រែងប៉ះ នាំឲ្យមានគ្រោះថ្នាក់ ។


ចូលផុតពីខ្លោងទ្វារនេះភ្លាម យើងប្រទះឃើញខាងឆ្វេងដៃ មានស្រះមួយធំមានទឹកថ្លា ដល់ខួបប្រាំងខួបវស្សា សម្រាប់ផ្ដល់តាមសេចក្ដីត្រូវការប្រើប្រាស់ បានគ្រប់ពេល ។ ជុំវិញស្រះ, មានខឿនថ្មព័ទ្ធជុំ តែយើងឃើញរៀបថ្ម ដោយមានបាយអបូកភ្ជាប់ផង, មានតែជណ្ដើរពីរ គឺខាងជើងមួយ ខាងត្បូងមួយប៉ុណ្ណោះ ដែលនៅជាប់ជាកាំថ្មបុរាណ ឥតមានលាយបាយអទេ មាត់ស្រះ ចំហៀងខាងត្បូង មានដើមដូងដុះត្រៀប ចោលម្លប់ត្រឈៃ គួរជាទីមនោរម្យ គ្របដណ្ដប់លើដីវាលយ៉ាងស្រឡះទូលាយ ។ ត្រង់វាលនេះ មានវត្តមួយ ប្រកបដោយព្រះវិហារ កុដិ សាលាយ៉ាងរៀបរយ, អ្នកស្រុកហៅថា "វត្តនគរក្រៅ" យើងងាកបែរមកខាងស្ដាំដៃម្ដង ។ ខាងនេះ មានគុហាមួយ សង់របៀបជាផ្ទះអ្នកតាចិន ដ៏មានខ្លោងទ្វារតូចមួយ ស្ទួយទ្រនូវអក្សរចិនជាលំអ ។ កូនធ្លាតូចមួយ ក្រាលឥដ្ឋយ៉ាងស្អាត សម្រាប់នាំជំហានទេសចរទាំងឡាយ ឲ្យដើរចូលទៅក្នុងគុហានេះ បានយ៉ាងស្រួល ។ ពិតមែនហើយ តែគុហានេះបែរមុខខាងត្បូង ប៉ុន្តែរូបបដិមាករធំទាំងបីនៅក្នុងនេះ មិនបែរមុខត្រង់មកត្បូងទទួលអ្នកដើរចូលទៅទេ បែរជាឆ្ពោះមុខទៅខាងលិចវិញ, ដូច្នេះ អ្នកដើរចូលទៅ ត្រូវត្រឡប់ខ្លួនមកស្ដាំដៃទៀត ទើបបានប្រទះនឹងរូបនេះ ។ បដិមាករបីអង្គនេះ មានទំហំធំជាងមនុស្សធម្មតា ហើយនៅក្បាល មានកំពូលស្រួចបន្តិច ទំនងដូចជាមូលីព្រះពុទ្ធរូប ។ រូបនៅចំកណ្ដាល តម្កល់ខ្ពស់លើអាសនៈ អង្គុយពែនភ្នែន ដៃសំពះប្រណម្យឆ្ពោះទៅខាងមុខ គឺទិសខាងលិចចំ ។ រូបទាំងពីរសងខាង នៅទាបគ្មានអាសនៈទេ ហើយជារូបឈរកាន់ដំបងបញ្ឈរចំពីមុខ ។ រូបទាំងបីនេះ ធ្វើដោយថ្មដូចគ្នា តែសព្វថ្ងៃ គេទឹបមាសភ្លឺចិញ្ចាច បាត់សាច់ថ្មទៅហើយ។ អ្នកស្រុកហៅបដិមាករនេះថា "តាព្រហ្មៗ" សឹងមានរឿងព្រេងមួយ និទានពីប្រវត្តិតាព្រហ្មនេះ ដូចយើងនឹងនិទានជូនជាបន្ទាប់នៅខាងក្រោយ គឺគាត់អង្គុយសំពះម្ដាយ ដែលគេបញ្ចុះអដ្ឋិក្នុងចេតិយមួយ នៅចំខាងលិច គឺពីមុខគាត់នោះឯង ។ ហួសពីគុហានេះបន្តិច មានផ្លូវមួយបែកទៅស្ដាំដៃ សសៀរអែបនឹងគុហាតាព្រហ្ម ។ ដងផ្លូវនេះកោងដ៏មានចេតិយតម្រៀបគ្នា និងគុហាតូចមួយទៀត ជ្រកក្រោមដើមពោធិ ដែលក្នុងនោះ មានតម្កល់ព្រះពុទ្ធបដិមាករធ្វើទុក្ករកិរិយាមួយអង្គ, នៅដង្ហែគ្នាជាប់ខាងជើងផ្លូវផង ។


យើងមើលទៅចំផ្លូវត្រង់វិញ នេះពិតជាផ្លូវបុរាណមក ឃើញមានសភាពត្រង់ភ្លឹង ឆ្ពោះទៅកាន់ខ្លោងទ្វារកំពែងមួយជាន់ទៀត ។ មុនដល់ខ្លោងទ្វារ មានវាលរាបស្មើ នៅខាងស្ដាំដៃ ប្រកបដោយខឿនថ្មបាយក្រៀមព័ទ្ធជុំវិញ ព្រមទាំងមានក្បាច់ថ្ម ឆ្លាក់ជារូបនាគ សន្ធឹងខ្លួនជាបង្កាន់ដៃផង ។ តោថ្មធំៗ នៅអើតកស្ងើន តម្រៀបគ្នាត្រង់នេះ ។ គោបុរៈជាន់ទី២ នេះ មានទំហំប្រហែលគ្នានឹងជាន់ទី១ ដែលយើងពោលរួចមកហើយពីខាងដើមដែរ ប៉ុន្តែនៅមានសភាពគង់ទ្រង់ក្បាច់ក្បូរច្រើនជាង ។ ចូលធ្លុះទៅទៀត យើងប្រទះនឹងសាលាសងខាងផ្លូវ នៅជ្រកក្រោមដើមពោធិធំ ម្ខាងមួយ ។ កូនសាលាទាំងនេះ គេទើបតែសង់ក្នុងរវាង ៥០-៦០ ឆ្នាំកន្លងទៅប៉ុណ្ណោះ សម្រាប់ឲ្យអ្នកធ្វើដំណើរទាំងឡាយឈប់សម្រាក ព្រោះជាទីចំហឥតមានជញ្ជាំងទេ មានតែដំបូលក្បឿង និង ផ្ទៃក្រោម ក្រាលឥដ្ឋកន្សែងស្អាតបាត ។ នៅបាំងសាចជុំវិញ ផ្នែកខាងក្នុង មានគំនូរនិទានរឿងផ្សេងៗ ក្នុងទសជាតក យ៉ាងល្អមើល ។ នៅជាប់នឹងសាលាទាំងពីរនេះ មានស្រះធំៗ ពីរទៀត នៅម្ខាងមួយ ដែលមានទ្រង់ទ្រាយ ដូចស្រះមួយនៅពីមុខគុហាតាព្រហ្ម ដែលយើងនិយាយរួចម្ដងមកហើយដែរ តែស្រះពីនេះ តូចជាងបន្តិច ហើយមានទឹកតែក្នុងរដូវវស្សាប៉ុណ្ណោះ ។


យើងដើរឆ្ពោះទៅមុខតែបន្តិច ក៏ដល់គោបុរៈមួយជាន់ទៀត ជាជាន់ទី ៣ ដែលមានសណ្ឋានបែបរាងដូចជាទី ១ និង ទី២ ដែរ តែមាននៅសេសសល់កំពូលប្រាង្គ ខ្ពស់ជាងគោបុរៈមុនៗ ហើយកំពែងក៏នៅល្អស្អាតព័ទ្ធជុំវិញ ។ កំពែងនេះ មានសណ្ឋានជារោងទង គឺមានជញ្ជាំងសងខាង សម្រាប់ទុកចន្លោះកណ្ដាលឲ្យនៅចំហ អាចឲ្យមនុស្សនៅជ្រកបាន ។ បរិវេណរងទងនេះ រាងបួនជ្រុងទ្រវែង មានច្រកដ៏ជាកំពូលតែពីរទេ គឺខាងកើត និងខាងលិច ។ ខាងក្នុង ឬ ខាងក្រៅកំពែងនេះ ទីដីស្រឡះស្រឡំ ជាទីរីករាយដល់អ្នកទេសចរទាំងឡាយ ។ ចូលផុតពីកំពែងនេះភ្លាម គេឃើញនៅចំកណ្ដាលទីមានប្រាង្គមួយខ្ពស់ ប្រមាណជា ១៥ ម៉ែត្រ បាតក្រោមរាងបួនជ្រុង មានទំហំមួយជ្រុងៗ ប្រមាណ ៨ ម៉ែត្រ ។ នៅលើកំពូល គ្មានរចនាធ្វើជាមុខលោកេស្វរៈទេ គ្រាន់តែមានជាក្បាច់ស្រទាប់ថ្នាក់ៗ ទំនងជាត្របកផ្កាឈូក ឯចុងស្រួចបំផុត ជ្រុះធ្លាក់បាត់ ពុំដឹងជាបែបណា គ្រាន់តែនៅឃើញដាន ជាសណ្ឋានមូល ប្រហែលកំពូលចេតិយ ។ ចុះពីថ្នាក់លើ ដែលមានក្បាច់ជាត្របកផ្កាឈូក រាងមូលនោះមក, ថ្នាក់ក្រោមៗ បែរជាមានរាងបួនជ្រុង រហូតដល់ដី ។ ត្រង់ផ្ទាល់នឹងដីនេះ មានស៊ុមប្រកបដោយក្បាច់ បែបរចនាអង្គរ ហើយនៅនឹងផ្ទាំងថ្មជាផ្ដែ នៃស៊ុមទ្វារទាំង ៤ ទិស គឺខាងកើត ខាងជើង ខាងត្បូង និង ខាងលិច មានឆ្លាក់រឿងពុទ្ធបវត្តិគ្រប់ទាំងបួន ។ គឺផ្ដែលើស៊ុមទ្វារទិសបូព៌ ឆ្លាក់រូបភាព ដំណាលកាលព្រះពុទ្ធ ទ្រង់ផ្ចាញ់មារាធិរាជ, ផ្ដែខាងជើង ដំណាលកាលចៅសិទ្ធត្ថកុមារ យាងចាកព្រះរាជនិវេសន៍ គង់លើកណ្ឋកអាជានេយ្យ, ផ្ដែខាងត្បូង ដំណាលកាលព្រះពោធិសត្វ ទ្រង់កាត់ព្រះផ្នួង នៅក្បែរឆ្នេរស្ទឹងនេរញ្ជរា និងផ្ដែទី ៤ នៅខាងលិច ដំណាលត្រង់ព្រះពុទ្ធ ទ្រង់គង់ មានអគ្គសាវកអមអង្គ ។ ក្បាច់ក្របវ័ណ្ឌ រូបចម្លាក់ផ្ដែនីមួយៗ ឆ្លាក់ជារូបនាគពីរ សន្ធឹងខ្លួនព័ទ្ធតាមរាងត្រីកោណ ប្រទាក់កន្ទុយគ្នាទៅលើ ក្បាលសំយុងចុះក្រោម អើតចេញទៅចុងម្ខាងម្នាក់ ។ នៅចន្លោះស៊ុមទាំង ៤ នេះ មានតម្កល់ព្រះពុទ្ធរូប មារវិជ័យមួយអង្គៗ គ្រប់ចន្លោះទ្វារទាំង ៤ ។ សព្វថ្ងៃ ព្រះពុទ្ធបដិមាករទាំង ៤ នេះទឹបមាសភ្លឺចិញ្ចាច ។ មិនតែប៉ុណ្ណោះ អ្នកស្រុកសម័យក្រោយ បានកសាងព្រះវិហារមួយ ចំពីខាងកើតប្រាង្គ ហើយយកដំបូលម្ខាង ទៅបំពាក់លើប្រាង្គនោះផង ។ ព្រះវិហារនេះសង់ដោយបាយអ ដំបូលប្រក់ក្បឿងពណ៌ភ្លឺផ្លេកឆ្អិនឆ្អៅ តែឥតមានជញ្ជាំងទេ។ នៅក្រោមដំបូលវិហារ ផ្នែកខាងកើត មានសិលាចារឹកមួយផ្ទាំង តម្កល់យ៉ាងស្អាតបាត ដូចជាសន្លឹកសីមា រាងបួនជ្រុងសំប៉ែត ។ អក្សរនៅច្បាស់ ឥតមានរបករបេះឡើយ គឺនៅផ្នែកខាងមុខ ជាអត្ថបទភាសាបាលី ហើយនៅផ្នែកខាងចំហៀង ជាអត្ថបទភាសាខ្មែរ ។


បន្ទាប់ពីប្រាសាទ ដែលមានវិហារសង់ថ្មីភ្ជាប់ជាមួយនេះមក, នៅចំកណ្ដាលបរិវេណ ដែលពោលមកនេះ, ទេសចរ អាចធ្វើដំណើរបាន តាមធ្លាព័ទ្ធជុំវិញ ហើយចេញតាមចន្លោះខ្លោងទ្វារខាងលិច ព័ទ្ធទៅឆ្វេងក៏បាន ទៅស្ដាំក៏បាន គឺចេញផុតពីបរិវេណកំពែងទី ៣ ហើយ ។ ឥឡូវយើងនៅក្នុងបរិវេណទី ២, បើងាកខាងឆ្វេងមុន យើងប្រទះគុហាពីរនៅទន្ទឹមគ្នា គឺមួយ ខាងលិច មានតែព្រះពុទ្ធរូបតូចធំជាច្រើន តម្កល់ក្នុងនោះ ឯមួយទៀត ខាងកើត មានជញ្ជាំងជិតដិតស្រួលបួល តម្កល់ព្រះពុទ្ធរូបបរិនិព្វាន ប្រវែងពីព្រះសិរដល់ព្រះបាទ ប្រមាណជា ១០ ម៉ែត្រ ។ លុះដើរហួសពីនេះ ព័ទ្ធទៅខាងចំហៀងខាងស្ដាំវិញ យើងឃើញគុហាពីរទន្ទឹមគ្នាដែរ គឺមួយ ខាងលិច គ្រាន់តែជាទីតម្កល់ព្រះពុទ្ធរូបតូចធំប៉ុណ្ណោះ, ឯមួយទៀត ខាងកើត ទើបឃើញមានចេតិយ រាងទាបទទារ លាបលនពណ៌ក្រហមក្រមៅ និង មានព្រះពុទ្ធរូប ៤ ព្រះអង្គ ក្នុងមួយអង្គៗ មានទំហំភ្នែន ប្រមាណជាជាង ១ ម៉ែត្រ គង់ព័ទ្ធជុំវិញ បែរព្រះភក្ត្រឆ្ពោះទៅកាន់ទិសធំទាំងបួន ។


កាលណា យើងធ្វើដំណើរចេញពីទីនេះទៅទៀត សសៀរតាមកំពែងថ្មជាន់ទី ២ ត្រង់ជ្រុងខាងជើងចំ យើងអាចចេញបានតាមចន្លោះថ្ម ដែលរុះធ្លាក់មកនៅទាបនឹងដី, ហើយយើងប្រទះស្រះបុរាណយ៉ាងធំមួយទៀត ប៉ុនគ្នានឹងស្រះនៅពីមុខគុហាតាព្រហ្មដែរ ។ ចាប់ពីមាត់ស្រះនេះទៅលិច មានកុដិ សាលា ជាអារាមមួយទៀត ដែលអ្នកស្រុកហៅថា "វត្តនគរក្នុង" ។


ចំពោះរូបបដិមាករ ដែលមានឈ្មោះតាព្រហ្មនោះ មានរឿងព្រេងមួយនិទានថា មានអ្នកចម្ការពីនាក់ប្ដីប្រពន្ធ រស់ក្នុងភូមិទួលស្បូវ (ក្នុងក្រុងកំពង់ចាមសព្វថ្ងៃ) នាំគ្នាទៅភ្ជួរដីចម្ការ ។ ពេលនោះ យកទាំងកូនង៉ែត ដែលទើបតែកើត បានជាងបីខែ ទៅជាមួយផង, យកកូននោះទៅផ្ដេកក្រោមដើមព្នៅ ហើយទាំងពីរនាក់ប្ដីប្រពន្ធ នាំគ្នាប្រកបការយ៉ាងខិតខំ ។ ពេលនោះ មានសត្វមកស៊ីផ្លែព្នៅ ចោះចឹកនាំគ្នាស្រែកឮខ្ញៀវខ្ញារ, ស្រាប់តែជុះដាក់លើកូនតូចនោះ ប្រឡាក់អស់ ហើយផ្លែព្នៅ ក៏ធ្លាក់ត្រូវចំក្បាល បណ្ដាលឲ្យដាច់សាច់មួយដុំ ហូរឈាមសស្រាក់ ។ ម្ដាយឪពុកឃើញដូច្នោះ ក៏នាំយកកូនចុះទៅកំពង់ទឹកងូតលាងខ្លួន នៅត្រង់កំពង់ហៅថា ជ្រោយថ្ម ។ ដោយពុំសូវជាប្រយ័ត្ន ក៏របូតកូននោះពីដៃទៅ មានត្រីធំមួយមកលេបយកកូននោះ ហើយហែលទៅបាត់ ។ ឪពុក-ម្ដាយ យំសោកស្ដាយជាខ្លាំង តែពុំដឹងធ្វើម្ដេច ក៏វិលត្រឡប់មកផ្ទះវិញ ។


និយាយពីត្រីនោះហែលចុះតាមទន្លេធំ ធ្លាក់ទៅក្នុងមហាសមុទ្ទចិន រហូតទៅដល់ប្រទេសចិន ។ មានអ្នកនេសាទម្នាក់ បានបង់សំណាញ់ជាប់បានត្រីធំនោះ យកទៅវះពោះត្រី ស្រាប់តែឃើញកូនក្មេងតូចមួយ នៅរស់នៅឡើយ ។ នាយនេសាទ ក៏យកកូននេះទៅថ្វាយព្រះចៅក្រុងចិន ដែលព្រះអង្គថ្នាក់ថ្នម ទុកដូចជាបុត្ររបស់ព្រះអង្គផ្ទាល់ រហូតដល់កូននេះធំ ក៏ព្រះអង្គឲ្យរៀនសូត្រចេះដឹងយ៉ាងមុតមាំ ។ ធំឡើងហើយ កុមារនេះ ក៏សុំអនុញ្ញាតពីព្រះចៅក្រុងចិន ដើម្បីធ្វើដំណើរមកលេងស្រុកសួរស៊ើបរកឪពុក-ម្ដាយ រួចសឹមវិលទៅវិញ ។ ព្រះចៅក្រុងចិន ទ្រង់ព្រះករុណាសន្ដោសប្រោសមេត្តា ឲ្យរៀបសំពៅមួយ មានបម្រើប្រាំរយដង្ហែកុមារនេះដល់ស្រុកខ្មែរ ។ សំពៅទៅចូលចតដល់កំពង់ចាមហើយ កុមារចុះទៅដល់ភូមិអ្នកស្រុកត្រង់នោះហើយ ក៏បញ្ជាឲ្យសំពៅ វិលត្រឡប់ទៅស្រុកចិនវិញទៅ ។ នាយកំលោះនេះ សន្មតឈ្មោះខ្លួនឯងថា "ចៅព្រហ្ម" ហើយទៅសំណាក់ នៅនឹងផ្ទះស្ត្រីមេម៉ាយម្នាក់ ។ ដោយនៅជាមួយគ្នាយូរៗ ទៅ ស្ត្រីមេម៉ាយនឹងចៅកំលោះកើតប្រតិព័ទ្ធនឹងគ្នា ក៏ទទួលយកគ្នាជាប្ដីប្រពន្ធទៅ ។ ថ្ងៃមួយ បុរសដេកកើយក្បាលលើភ្លៅប្រពន្ធ ហើយប្រពន្ធវែកសក់ប្ដីលេង តាមចិត្តលំហែ ស្រាប់តែឃើញក្បាល មានស្នាមមួយដុំ ឥតមានដុះសក់ ក៏សួរប្ដីពីដើមហេតុ, ប្ដីក៏និយាយប្រាប់ថា ៖ ខ្លួនជាមនុស្សអភ័ព្វណាស់ សឹងរកនរណាដូចគ្មាន ហើយទើបបុរសព្រហ្ម រាយរាប់អំពីរឿងដើមសព្វគ្រប់ ឲ្យប្រពន្ធស្ដាប់ គឺរឿងដែលធ្លាប់បានឮពីអ្នកនេសាទចិន ជាឪពុក-ម្ដាយចិញ្ចឹម ធ្លាប់និទានប្រាប់តាំងពីខ្លួននៅពីតូចមក ។


កាលបើបានស្ដាប់សេចក្ដីនិទាននេះសព្វគ្រប់ហើយ នាងភរិយា ក៏អង្គុយជ្របមុខលែងចេញស្ដី, រួចស្រក់ទឹកភ្នែកបណ្ដើរផង ។ បុរសស្វាមីឃើញដូច្នោះ ឆ្ងល់ណាស់ ក៏ខំអង្វរសួរប្រពន្ធថា តើរឿងអ្វី បានជាយំ ? នាងភរិយា និយាយទាំងខ្សឹកខ្សួល ប្រាប់មកប្ដីវិញ អំពីរឿងដើម ដែលខ្លួនយកកូនទៅផ្ងូតទឹក ហើយរបូតដៃ ត្រីលេបបាត់ទៅ ហើយក្រោយមក ស្វាមីក៏មានជំងឺស្លាប់ទៅទៀត ។ បុរសប្ដី បានស្ដាប់រឿងនេះចប់ ក៏សន្និដ្ឋានយល់ថា គឺជាខ្លួនឯងនេះហើយ ដែលត្រូវជាកូន, ប៉ុន្តែឥឡូវ ដោយមិនបានដឹងសោះជាមុន ទៅជាខកខ្លួន ស្រឡាញ់គ្នាជាប្ដីប្រពន្ធ ដូច្នេះទៅហើយ ក៏សំពះសុំខមាទោសម្ដាយ ហើយសុំឲ្យម្ដាយបញ្ជាដាក់ទណ្ឌកម្មឲ្យខ្លួន ដើម្បីធ្វើយ៉ាងណា ឲ្យបានរំដោះទុក្ខទោស ពៀរវេរានេះ ។ គ្រានោះ ម្ដាយក៏បញ្ជាថា ៖ ឲ្យសង់ជាចេតិយតម្កល់សពគាត់ កាលណាគាត់ស្លាប់ទៅ ហើយដល់គ្រាដែលកូនស្លាប់ទៅទៀត ឲ្យធ្វើជារូបតំណាងរូបកូន អង្គុយប្រណម្យទៅធាតុម្ដាយ ឲ្យគ្រប់កាលកំណត់ព្រះពុទ្ធសាសនា ៥០០០ ព្រះវស្សា ។


បុរសព្រហ្ម ដោយសារមានចំណេះមុតមាំ ក៏ឡើងជាគ្រូអាចារ្យ នៅក្នុងភូមិស្រុកនោះ ម្ល៉ោះហើយ ក៏មានសិស្សគណជាច្រើន ជួយចាត់ចែងគាត់ ធ្វើតាមបណ្ដាំម្ដាយនេះ ទាល់តែបានសម្រេចទាំងអស់ គឺចេតិយមួយតម្កល់ធាតុម្ដាយ និង រូបតាព្រហ្ម សំពះឆ្ពោះទៅកាន់ធាតុនោះ ។


ការទស្សនាប្រាសាទបុរាណនេះ ពុំមែនជាការហត់នឿយប៉ុន្មានទេ ព្រោះបរិវេណតូចល្មម ហើយគ្មានថ្នាក់ធ្នើរ ឲ្យយើងលំបាកឡើងចុះឡើយ ។ ដូច្នេះ យើងអាចចូលទៅទស្សនាបានគ្រប់ពេល ឲ្យតែជាវេលាថ្ងៃ, ប៉ុន្តែ បើជួនជាដើរមើល នៅពេលរសៀលទាបវិញ យើងនឹងមានចិត្តអណ្ដែតអណ្ដូងប្លែក ព្រោះប្រទះនឹងព្រះសុរិយា ដែលហៀបនឹងអស្ដង្គត ហើយបាចសាចកម្ទេចរស្មី ជះមករោយលើប្រាង្គ និង កំពែងថ្ម ជាប់ជាមួយក្លិនប្រហើរ នៃដើមស្រូវ ដែលនៅក្នុងវាលស្រែ ព័ទ្ធជុំវិញបុរាណដ្ឋាននេះ ហាក់ដូចជាក្លិនក្រអូបនៃកិត្តិនាមខ្មែរ ដែលធ្លាប់មានមកពីយូរអង្វែងហើយ ។