ប្រជុំរឿងព្រេងខ្មែរ/ភាគទី៦/8

111881ប្រជុំរឿងព្រេងខ្មែរ, ភាគទី៦រឿងព្រេងភ្នំយ៉ាតនៅប៉ៃលិន1895?


រឿង ព្រេងភ្នំយ៉ាតនៅប៉ៃលិន




មុននឹងចូលទៅដល់រឿងព្រេង យើងសូមណែនាំអ្នកអាន ឲ្យស្គាល់ភូមិភាគ បប៉ៃលិន បន្តិចសិន ព្រោះភូមិភាគឋិតនៅឆ្ងាយពីរាជធានី ហើយដែលមានទំនៀមទម្លាប់ប្លែកណាស់ផង ។


ដើមឡើយ អ្នកស្រុកប៉ៃលិន សុទ្ធសឹងតែជនជាតិកុឡាទាំងអស់មករស់នៅ ដោយសារការប្រាថ្នាមកជីកយកត្បូង ដែលមាននៅកប់ក្នុងដី ត្រង់ជ្រលងនៃភ្នំ ភូមិភាគនោះ ។ តាមប្រវត្តិពង្សាវតារ នៃស្រុកប៉ៃលិនថា ពួកកុឡាទាំងនេះ ចាប់ផ្ដើមមកប្រតិស្ឋាន កជាភូមិស្រុកនៅតំបន់នេះ តាំងពី គ.ស. ២៨៧៦ មក ។ ប៉ុន្តែដំបូងនោះ ពួកកុឡាទាំងនេះ គ្មានបង់ពន្ធដារចុះចូលក្នុងរាជការទេ ព្រោះពិតមែនតែដីត្រង់នេះជាដីខ្មែរ ដែលកាលនោះ នៅក្នុងអំណាចសៀមនៅឡើយ ក៏រាជការសៀមពុំបានចាប់ភ្លឹក នឹងពួកអ្នកស្រុកនេះដែរ ។ លុះត្រាតែមកដល់ គ.ស. ១៨៨១ ដោយសារតែពួកនេះទាស់ទែងគ្នា ទើបនាំឲ្យលេចឮរឿងនេះ ទៅដល់រាជការសៀម នៅខេត្តចន្ទប៊ុន (ចន្ទបុរៈ), រាជការសៀម ក៏ចាត់ឲ្យមានមេភាស៊ី ហូតពន្ធ លើអ្នកជីកត្បូងទាំងនេះ ។ មេភាស៊ី កាលនោះមានឈ្មោះថា ម៉ុង-ឃុនទី ដែលជាមេក្រុមពួកកុឡា ដែលធ្វើដំណើរស្វែងមករកឃើញកន្លែងនៅទីនោះ ។ ដើមហេតុ គឺ ម៉ុង-ឃុនទី បាននាំយកត្បូង ទៅដល់ក្រុងបាងកក ហើយទាក់ទងនឹងកុងស៊ុលអង់គ្លេស សុំឲ្យកុងស៊ុលនោះ នាំខ្លួនទៅគាល់ព្រះចៅសៀម ទើបព្រះចៅ តែងតាំងឲ្យធ្វើជាមេភាស៊ីហូតពន្ធ ហើយជាមេក្រុមនៃពួកកុឡាទាំងអស់ផង ដោយតាំងងារជាហ្លួងមណីយុទ្ធនា គឺហ្លួងមណីនេះហើយ ដែលកសាងវត្តអារាមជាច្រើន កន្លែងនៅក្នុងតំបន់ប៉ៃលិន ។


រហូតមកដល់ គ.ស. ១៩០៤ ដែលរាជការសៀម ត្រូវប្រគល់ដីខេត្តបាត់ដំបង ម្លូព្រៃ ស្ទឹងត្រែង ថ្វាយមកព្រះចៅផែនដីខ្មែរ, ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ វិញនោះ, ដែនដីប៉ៃលិន ក៏ត្រូវរាជការបារាំងគេទៅកាន់កាប់ ដោយតាំងប្រតិភូ នៃ រ៉េស៊ីដង់ ប្រចាំខេត្តបាត់ដំបង (Délégué du Resident la province) ហើយឲ្យប្រតិភូនេះ មើលកាន់កាប់ហូតពន្ធដារ ក្នុងការប្រកបអាជីវកម្មយកត្បូងនេះ ។ មិនតែប៉ុណ្ណោះ គេក៏រៀបធ្វើថ្នល់មកកាន់ទីប្រជុំជនបាត់ដំបង គឺជាថ្នល់ដែលមាននៅសព្វថ្ងៃ ។ ប៉ុន្តែកាលនោះ គេគ្រាន់តែយកពន្ធដារ ពុំបានគិតពីកសាងអ្វីៗ ជាឧត្ដមប្រយោជន៍ដល់អ្នកស្រុកភូមិភាគនេះទេ, រហូតមកដល់សម័យសង្គមរាស្ត្រនិយម ទើបទីប្រជុំជនប៉ៃលិនបានផ្លាស់ប្ដូររូបយ៉ាងឆាប់រហ័ស នរណាខានទៅតែពីរឆ្នាំ លុះទៅម្ដងទៀត ស្ទើរតែលែងស្គាល់ ។ គេឃើញគ្រឹះស្ថានរាជការក៏ស្អាតៗ សង់ពីបាយអ មានសាលារៀន មន្ទីរឃោសនាការ ផ្សារក៏សុទ្ធតែធ្វើពីបាយអ យ៉ាងល្អៗ ដែរ ។ ផ្ទះអ្នកផ្សារ ក៏រៀបរយល្អ គួរជាទីមនោរម្យ ដូចជាទីប្រជុំជនធំៗ ដែរ ។


អាស្រ័យដោយការរៀបចំស្អាតស្អំនេះ នាំឲ្យមានទេសចរចេញចូលទស្សនាលំហែកាយនៅទីនោះ រឹតតែច្រើនឡើង ។ ដូច្នេះ ការចង់ដឹង ចង់ឮ ពីប្រវត្តិពង្សាវតារ នៃភូមិភាគនេះ ក៏រឹតតែច្រើនឡើងដែរ ។ សេចក្ដីពណ៌នារបស់យើង ទាំងប៉ុន្មាននេះ ក៏គ្រាន់តែជាការឆ្លើយតប នឹងសេចក្ដីត្រូវការទាំងនេះឯង ។ ប៉ុន្តែជាធម្មតាណាស់ នៅស្រុកខ្មែរយើង តែកាលណាពោលពីប្រវត្តិត្រង់ណាមួយ ពិតជាកើតមានរឿងព្រេង ផ្សំជាមួយការពិតជាមិនខាន ។ បើទីណា មានដើមកំណើតឆ្ងាយ, រឿងព្រេងនោះ ក៏បែបយារឆ្ងាយ សឹងតែរកជឿមិនកើត ឯទីណា ទើបនឹងកើតថ្មី រឿងព្រេងក៏ថ្មី លាយឡំការពិតចូលក្នុងនោះច្រើនទៀត ដូចជា ភូមិភាគប៉ៃលិននេះជាអាទិ ដោយសារតែប៉ៃលិន ទើបតែកើតមានឈ្មោះ មានសំឡេង ក្នុងរវាង គ.ស. ១៨៨១ ប៉ុណ្ណោះ, រឿងព្រេងនៅតំបន់នេះ ក៏ស្រដៀងៗ នឹងរឿងមែនទែន គ្រាន់តែមានលាយជំនឿព្រះឥន្ទ ទេវតា ខ្មោច អារក្ស អ្នកតា ចូលច្របល់ជាមួយផងប៉ុណ្ណោះ ។


យើងលើកយករឿងព្រេងនៅភ្នំយ៉ាត មកអធិប្បាយ មានដូចតទៅនេះ ៖


កាលណោះ មានប្ដីប្រពន្ធពីរនាក់ មានឈ្មោះយ៉ាតដូចគ្នា គឺប្ដីក៏ឈ្មោះយ៉ាត ប្រពន្ធក៏ឈ្មោះយ៉ាត រស់នៅប្រកបរបរជីកត្បូង នៅស្រុកប៉ៃលិននោះ ។ លុះចាស់ជរាហើយ គាត់ពុំអាចទៅធ្វើការធ្ងន់ៗ ដូចសព្វដងបាន, គាត់ក៏ទៅធ្វើធម៌លើភ្នំមួយ (ដែលយើងហៅថាភ្នំយ៉ាតសព្វថ្ងៃ) ទាំងពីរនាក់ប្ដីប្រពន្ធ ។ អ្នកផងក៏នាំគ្នាសន្មតយកឈ្មោះគាត់ធ្វើជាឈ្មោះភ្នំនេះឡើង ព្រោះការសន្មតនេះ គេពុំអាចនឹកនារកន័យយ៉ាងណាៗទេ គ្រាន់តែឲ្យស្រួលហៅ ស្រួលសំគាល់ប៉ុណ្ណោះ ត្បិតនៅប៉ៃលិន មានកំពូលភ្នំខ្ពស់ៗ ឡើងជាច្រើនកន្លែង, ដូច្នេះ បើទីណា មានភាពសម្គាល់ដូចម្ដេច គេក៏នាំគ្នាសន្មតយកតាមភិនភាគនោះ ធ្វើជាឈ្មោះឡើង ។


នៅពេលនោះ អ្នកស្រុកប៉ៃលិនខ្លះ ដែលធ្លាប់យកត្បូងទៅលក់ ឯស្រុកសៀមញឹកញាប់ ហើយគេធូរប្រាក់កាសផង គេក៏ទិញកាំភ្លើងដៃខ្លះ កាំភ្លើងវែងខ្លះ សម្រាប់យកមកការពារសម្បត្តិទ្រព្យ ភូមិឋានរបស់គេ ។ តែនៅពេលអផ្សុក អ្នកទាំងនោះតែងយកកាំភ្លើងទៅបាញ់សត្វលេងពេញព្រៃ ដោយស្រុកនោះសម្បូណ៌ព្រៃស្ដុកៗ ណាស់ផង ។ ការបរបាញ់សត្វនេះនាំឲ្យផ្អើល ដល់ពពួកអារក្ស អ្នកតា នៅក្នុងព្រៃនោះ ។ ថ្ងៃមួយ អ្នកតាមួយ ដ៏មានឫទ្ធិជាងគេ បានតំណែងខ្លួនមកជួបជាមួយតាយ៉ាត និង យាយយ៉ាត ដើម្បីផ្ដាំផ្ញើ ឲ្យនិយាយនឹងពពួកអ្នកបាញ់ទាំងនោះថា កុំឲ្យដើរបាញ់ទៀត នាំឲ្យពពួកអារក្ស អ្នកតាទាំងអស់ ភ័យរត់ខ្ចាត់ខ្ចាយកូនចៅវង្វេងវង្វាន់គ្នាអស់ហើយ, ដូច្នេះ សុំឲ្យតែលែងបាញ់ចុះ យើងនឹងជួយពួកនេះ ឲ្យរកឃើញត្បូងថ្មយ៉ាងថ្លៃៗ ឲ្យបានធ្វើជាអ្នកមានច្រើនគ្នាឡើង ។ ប៉ុន្តែ បើបានជាអ្នកមានហើយ ត្រូវនាំគ្នាកសាងជាវត្តមួយ នៅលើទីកន្លែងភ្នំនេះ, មិនតែប៉ុណ្ណោះ ត្រូវលេងភ្លេងរាំក្ងោក រៀងរាល់ថ្ងៃសីលផង ។ ផ្ដាំផ្ញើរួចហើយ អ្នកតា ក៏អន្តរធានខ្លួនបាត់ទៅវិញភ្លាម ។ ឯយាយយ៉ាត តាយ៉ាត ក៏នាំរឿងនេះ ទៅផ្សាយប្រាប់ពួកអ្នកស្រុកទាំងអស់ ឲ្យដឹងគ្រប់គ្នា ។ អ្នកស្រុក ក៏ព្រមគោរពតាមបំណងអ្នកតានោះរហូតមក ។


នេះជារឿងមួយ ដែលទាក់ទងនឹងភ្នំយ៉ាត, ឯរឿងមួយទៀត ដែលទាក់ទងនឹងឈ្មោះ "ប៉ៃលិន" នោះ មានដោយឡែកផ្សេងទៅទៀត ។


តាមអ្នកស្រុកឲ្យការថា ពាក្យ "ប៉ៃលិន" នេះ ក្លាយមកពីពាក្យ "ភេលេង" ព្រោះគេមាននិទានរឿងដើមបញ្ជាក់ផងថា ៖


កាលនោះមានអ្នកប្រមាញ់ ដេញតាមដានសត្វព្រៃ ចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថ្ងៃ ដែលគ្រានោះនៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹក ដែលហៅថា "អូរ" មានអូរទុងជាដើម ក្បែរមាត់អូរនេះ អ្នកប្រមាញ់ បានប្រទះឃើញសត្វភេកំពុងហែលទឹក លុះឃើញមនុស្សមកដល់ ភេក៏រត់បាត់អស់ទៅ ។ អ្នកប្រមាញ់ ចូលទីមើលត្រង់កន្លែងភេប្រឡែងគ្នានោះ ក៏ឃើញដុំថ្មតូចៗ មានពន្លឺផ្លេកៗ ក៏នាំគ្នារើសយកម្នាក់មួយដុំ ទុកយកទៅបង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ ។ លុះទៅដល់ស្រុក មានអ្នកស្រុកនោះ (តាមនិយាយថាពួកកុឡា ដែលមករស់នៅក្នុងខេត្តចន្ទប៊ុន ស្រុកសៀម) ស្គាល់ថា ថ្មនេះមានតម្លៃ គេក៏យកទៅវាយបំបែក រួចឆ្នៃជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាលបើដូច្នេះ គេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថា ជាផ្លូវរកស៊ីមួយហើយ ក៏ព្យាយាមនាំគ្នាឆ្ពោះទៅយកថ្មនេះពីកន្លែងមុន ជាញឹកញាប់ ។ ការទៅមកញឹកញាប់នេះហើយ ទើបអ្នកទាំងនោះ សន្មតឈ្មោះទីកន្លែងត្រង់នេះថា "កន្លែងភេលេង" យកតាមសភាព ដែលគាត់ប្រទះឃើញជាដំបូងនោះ ។ ប៉ុន្តែ ដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀម ក៏អានពាក្យនេះ ក្លាយទៅតាមសំឡេងសៀមបន្តិចទៅ គឺ "ភេ" ទីជា "ផេ" ឯ "លេង" ទៅជា "ឡេន ឬ ឡិន" ដូច្នេះ រួមមក ទៅជា "ផេឡិន" ។ លុះសម័យបារាំងទៅកាន់កាប់ទីតំបន់នេះ គេក៏សរសេរឈ្មោះនេះ ជាអក្សររ៉ូម៉ាំង តាមសំឡេងផង តាមរូបសាស្ត្រពាក្យផង ជា PHAI-LIN គឺ PH ជាអក្សរ ផ, AI ជាស្រៈអេ, L ជាអក្សរ ល, I ជាស្រៈអិ ផ្សំនឹង N ជាអក្សរ ន, ចំណេរតមក ដើម្បីកុំឲ្យពិបាកសរសេរ គេក៏ភ្ជាប់លែងឲ្យមានសហសញ្ញា (Trait d'union) ក៏ក្លាយទៅជា Phailin ហើយតៗ មក ដោយបារាំងអានគ្មានខ្យល់អក្សរ H គេក៏លប់ H ចោលទៅ នៅសល់តែ PAILIN ។


សេចក្ដីអធិប្បាយមកនេះ មានទំនងជា ដើមកំណើតស្រុក (Monographic) ជាជាងរឿងព្រេង ដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវនៅពេលមុខៗ ទៀត ប៉ុន្តែ មានទំនងខ្លះ ចង់ទៅជារឿងព្រេងដែរ ត្បិតមានលាយឡំជំនឿខ្មោច អារក្ស អ្នកតា លាយឡំជាមួយផង ។ ការណ៍នេះ យើងសង្ឃឹមថា លោក-អ្នកអានណា ចេះចាំរឿងព្រេង នៅភូមិភាគនេះ វែងឆ្ងាយទៅទៀត ក៏សូមបញ្ជូនមកឲ្យយើងផង ដើម្បីកែសម្រួលទៅលើកក្រោយ ។