ប្រជុំរឿងព្រេងខ្មែរ/ភាគទី៧/5
រឿង ក្របីស្រុក និងក្របីព្រៃ
ក្នុងអតីតសម័យ មានក្របីពីរ មួយជាក្របីស្រុក មួយទៀតជាក្របីព្រៃ ។ សត្វទាំងពីរនេះស្រលាញ់គ្នាណាស់ ដេក នៅ ស៊ីចុកជាមួយគ្នាពុំដែលឃ្លាត ។ ទន្សាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះ ក៏រកឧបាយកល ធ្វើឲ្យបែកចេញពីគ្នា ។ ថ្ងៃមួយ វាដើរចូលមករកសត្វក្របីទាំងពីរនោះ ហើយនិយាយថា “ នែ ! បងក្របីទាំងពីរអើយ ចូរបងឯងកុំដេក-ដើរ-ស៊ីចុកជាមួយគ្នា ប្រយ័ត្នតែមនុស្សអ្នកស្រុកគេឃើញ នឹងចាប់បងឯងទាំងពីរនាក់ យកទៅប្រើប្រាស់មិនខាន ” ។ ក្របីព្រៃឮទន្សាយនិយាយដូច្នេះ ក៏ភ័យខ្លាចមានគ្រោះថ្នាក់ ដូចពាក្យទន្សាយមែន ។ ចាប់ពីថ្ងៃនោះមកក្របីទាំងពីរក៏នៅស៊ីចុកដទៃពីគ្នា ។ ក្នុងការនៅបែកគ្នានេះ សត្វទាំងពីរក៏តែងតែនឹកអាល័យដល់គ្នានឹងគ្នារកទីបំផុតគ្មាន ដោយធ្លាប់បាននៅរួមរក្សជាមួយគ្នាអស់កាលដ៏យូរ ។ លុះយូរ ៗ ទៅ ក្របីទាំងពីរក៏ភ្លេចនឹកគ្នាទៅវិញទៅមក ទន្សាយបានដឹងថាក្របីទាំងពីរបែកគ្នា លែងនឹកនាដល់គ្នានឹងគ្នាហើយ ក៏ដើរទៅរកក្របីព្រៃនិយាយថា: “ នែក្របីព្រៃ ! ខ្ញុំបានលឺក្របីមួយគេនិយាយថាគេខ្លាំងពូកែណាស់ គេរកតែគូនឹងជល់ល្បងឫទ្ធិគ្នា ” ។ ក្របីព្រៃឮដូច្នោះ ខឹងណាស់និយាយថា “ យើ ! បងទន្សាយ ក្រោមមេឃលើដីមានតែខ្ញុំទេ ឥឡូវមានអាក្របីណាមកអួតក្អេងក្អាងថាខ្លួនវាខ្លាំងពូកែជាងខ្ញុំ ចូរបងឯងទៅហៅវាមក យើងនឹងជល់ប្រឡងឫទ្ធិគ្នា ” ។ ទន្សាយក៏ទៅប្រាប់ក្របីស្រុកថា: “ នែបងក្របីស្រុក ! ក្របីព្រៃគេខឹងនឹងបងឯងណាស់ គេថាឲ្យបងឯងទៅជួប នឹងជល់ប្រឡងឫទ្ធិគ្នាម្ដង ឲ្យដឹងដៃ ” ។ ទន្សាយឡើងជិះលើខ្នងក្របីស្រុក ជូនដំណើរទៅឲ្យជួបនឹងក្របីព្រៃ ។ លុះទៅដល់ភ្លាម ក្របីព្រៃក៏ស្ទុះមកវ័ធក្របីស្រុកយ៉ាងសាហាវ ។ ក្របីទាំងពីរក៏ប្រយុទ្ធគ្នាអស់ពេលយ៉ាងយូរមិនឈ្នះមិនចាញ់ ក៏បែកចេញចាកគ្នា មួយនៅស្រុក មួយទៅនៅព្រៃទៅ លែងជួបគ្នាតាំងពីនោះរហូតដល់សព្វថ្ងៃនេះ ។