ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/1

១-ប្រវត្តិ​អ្នក​តា​ឃ្លាំង​មឿង


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី​១ – ១៩




ទី​កន្លែង​អ្នក​តា​នោះ ជា​ទី​រហោស្ថាន មាន​រុក្ខជាតិ​តូច​ធំ​ដុះ​ព័ទ្ធ​ជុំ​វិញ​មាន​មែក​បែក​សាខា មាន​ម្លប់​ត្រឈៃ​ត្រជាក់ គួរ​ឲ្យ​សប្បាយ​រីករាយ​អស្ចារ្យ ហើយ​មាន​សត្វ​បក្សី​បក្សា​កញ្ឆៀវ​ខ្ញៀវខ្ញារ ប្រចឹក​គ្នា​លើ​មែក​ព្រឹក្សា​នោះ ឮ​សូរ​សំឡេង​ទ្រហឹង ។ បន្ទាប់​អំពី​រុក្ខជាតិ មាន​វាល​ស្រែ​ព័ទ្ធ​ជុំ​វិញ បើ​មើល​អំពី​ចម្ងាយ​ទៅ ឃើញ​រុក្ខជាតិ​ដង្គុំ​ត្រសុំ​ខ្មួល​ខ្មៅ ដាច់​ស្រយាល​អំពី​ភូមិ​ស្រុក ។ បណ្ដា​ដើម​ឈើ​ទាំង​អស់​នៅ​ទី​នោះ មាន​ដើម​សំរោង​មួយ​ខ្ពស់​ធំ​ជាង​ឈើ​ឯ​ទៀត​ៗ ដុះ​ចំ​ពី​មុខ​អាស្រម ។ ពី​សាលា​ខែត្រ​ពោធិ៍សាត់ ទៅ​អ្នក​តា​នោះ ចម្ងាយ​ប្រមាណ​ជា ៦ គីឡូ​ម៉ែត្រ ។ គេ​ត្រូវ​ចេញ​តាម​ផ្លូវ​ថ្នល់ ពី​សាលា​ខែត្រ​ទៅ​ទិស​ខាង​លិច ប្រមាណ​ជា​ពីរ​គីឡូ​ម៉ែត្រ ត្រូវ​ងាក​ទៅ​ទិស​ខាង​ត្បូង កាត់​ផ្លូវ​អយស្ម័យ​យាន ដល់​ឃុំ​បាក់​នឹម បែរ​ទៅ​ទិស​ខាង​លិច ដល់​ភូមិ​ព្រែក​ជីក ឡើង​ពី​ព្រែក​ជីក​ងាក​ទៅ​កាន់​ទិស​ខាង​ជើង ទើប​ដល់​កន្លែង​អ្នក​តា ។

ជុំ​វិញ​អាស្រម​អ្នក​តា មាន​វាល​ស្រឡះ​ទំនេរ នៅ​ត្រង់​ចន្លោះ​រុក្ខជាតិ ។ នៅ​ពី​ខាង​ត្បូង​អាស្រម​ជា​ទី​វាល​ទុក​សម្រាប់​ធ្វើ​រោង មាន​បណ្ដោយ ៦០ ម៉ែត្រ ទទឹង ៤០ម៉ែត្រ ។ អាស្រម​នោះ​ធ្វើ​ដោយ​ឈើ ប្រក់​ស្បូវ​មាន​បណ្ដោយ ៨ ម ទទឹង ៤ ម កម្ពស់ ៤ ម សសរ​លញ់ មិន​មាន​ជញ្ជាំង​បិទ​បាំង​ទេ ។ ជុំ​វិញ​អាស្រម​មាន​លាន​ទំហំ ៤ ម ទុក​បម្រុង​ឲ្យ​ពួក​អ្នក​ទៅ​ធ្វើ​បុណ្យ​ដើរ​ហែ​ប្រទក្សិណ​នៅ​ពេល​ឡើង​អ្នក​តា ។ ពី​ខាង​ក្រៅ​ទី​វាល មាន​របង​ធ្វើ​ដោយ​ឈើ​ខ្លឹម​ព័ទ្ធ​ជុំ​វិញ មាន​តែ​ផ្លូវ​ចូល​ពី​ខាង​កើត​មួយ និង​ពី​ខាង​ត្បូង​មួយ ។ ក្នុង​អាស្រម​ខាង​មុខ​តួ​អ្នក​តា មាន​រាន​ម៉ា បណ្ដោយ ៣ ម ទទឹង ២ម កម្ពស់ ៥ តឹក ធ្វើ​ដោយ​ឈើ ជា​រាន​សម្រាប់​ដាក់​ដង្វាយ​អ្នក​តា ខាង​ជើង​និង​ខាង​ត្បូង​អ្នក​តា មាន​បង្កាន់​ដៃ​ដោត​ដោយ​ចាមរ​និង​បៃមន់​ធ្វើ​ដោយ​ឈើ​ដែរ ។

តួ​អ្នក​តា មិន​មាន​រូប​រាង​បែប​ឈើ ឬ ថ្ម​ជា​តំណាង​ទេ គឺ​ជា​តួ​ដី​ដំបូក​សុទ្ធ​ៗ ទំហំ​បណ្ដោយ ២ ម៉ែត្រ ទទឹង ១ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ ដែល​កើត​អំពី​សត្វ​កណ្ដៀរ​វា​ពូន​លើង សន្មត​ថា​ជា​តួ​អ្នក​តា​តែ​ម្ដង នៅ​កំពូល​នៃ​ដំបូក​មាន​ពំនូក​ដី ៤-៥ ស្រួច​ៗ​បែក​ចេញ មើល​ទៅ​ដូច​ជា​កំពូល​នគរ​វត្ត ។ កំពូល​ដី​ដំបូក​ដែល​ជា​តួ​អ្នក​តា​នេះ អ្នក​ស្រុក​ថា បើ​មាន​សត្វ​កណ្ដៀរ​ពូន​ឡើង​ថ្មី​ទៀត សន្មត​ថា ចៅហ្វាយ​ខែត្រ ឬ​ចៅហ្វាយ​ស្រុក​នៅ​ខែត្រ-​ស្រុក​នោះ នឹង​ត្រូវ​ផ្លាស់​ចេញ ឬ​ខូច​បុណ្យ​សក្ដិ ដី​ដំបូក​នេះ​មិន​ដឹង​ថា​កើត​ពី​ត្រឹម​រាជ្យ​ស្ដេច​ណា​ទេ ពុំ​មាន​អ្នក​ស្រុក​ណា​ដឹង​សោះ ។

ពិធី​បុណ្យ​ឡើង​អ្នក​តា- បុណ្យ​នេះ​ជា​បុណ្យ​ទំនៀម​ទម្លាប់​ជាប់​យូរ​មក​ហើយ​របស់​អ្នក​ស្រុក និង​ពួក​សាលា​ស្រុក តែង​ធ្វើ​តែ​រាល់​ៗ​ឆ្នាំ ក្នុង​ខែ​ពិសាខ ថ្ងៃ​សៅរ៍ ។ តែ​មិន​កំណត់​ជា​ខ្នើត​ឬ​រនោច​ទេ រើស​យក​តែ​ថ្ងៃ​សៅរ៍ ពេល​ធ្វើ​លុះ​ណា​តែ​មាន​សេចក្ដី​បង្គាប់ អំពី​ចៅហ្វាយ​ស្រុក​បាកាន ប្រាប់​ទៅ​មេ​ឃុំ មេ​ស្មឹង អាចារ្យ​វត្ត​និង​បណ្ដា​រាស្ត្រ​ទាំង​អស់​ឲ្យ​ដឹង​ជា​មុន ដើម្បី​មក​ជួប​ជុំ ជួយ​ធ្វើ​រោង​ក្រសាល និង​រៀប​ចំ​បោស​ច្រាស​ទី​កន្លែង​ឲ្យ​ស្អាត​ល្អ សម្រាប់​ព្រះ​សង្ឃ និង​មន្ត្រី​រាជការ​ក្នុង​ខែត្រ ។ ទំនៀម​នេះ​ជា​ប្រពៃណី​របស់​អ្នក​ស្រុក ។ កាល​ពី​ថ្ងៃ​ទី ១៨ មិថុនា ឆ្នាំ ១៩៤៩ ពេល​ចាប់​ផ្ដើម​បុណ្យ​ត្រូវ​ជួប​ជុំ​មេ​ឃុំ​ទាំង​អស់ មេ​ស្មឹង អាចារ្យ​វត្ត និង​បណ្ដា​រាស្ត្រ នៅ​ទី​កន្លែង​អ្នក​តា ។ ពេល​ម៉ោង ៦ ល្ងាច មេ​ស្មឹង​អុជ​ទៀន​ធូប​ទៅ​ជម្រាប​អ្នក​តា :" ថ្ងៃ​នេះ យើង​ខ្ញុំ​ជា​កូន​ចៅ​មក​ជួប​ជុំ​គ្នា ធ្វើ​បុណ្យ​នៅ​ទី​នេះ​ជូន​លោក​តា សុំ​ឲ្យ​យើង​ទាំង​អស់​គ្នា បាន​សុខ​សប្បាយ "រួច​គេ​លេង​ភ្លេង​ថ្វាយ មាន​ភ្លេង​ខ្មែរ ភ្លេង​ពិណពាទ្យ ភ្លេង​ឆៃយ៉ាំ ភ្លេង​ត្រពាំង​ទា តាម​ធម្មតា ឮ​សូរ​ភ្លេង​ប្រគំ​ទ្រហឹង​អឹង​កង​រំពង​ព្រៃ មនុស្ស​ចាស់​ក្មេង រទេះ​គោ រទេះ​ក្របី មក​ពី​ស្រុក​ឆ្ងាយ​ៗ មក​ជួប​ជុំ​គ្នា​មីរ​ដេរ​ដាស​នៅ​ទី​នោះ ។ ម៉ោង ៩ យប់ ជួប​ជុំ​គ្នា​សូត្រ​នមស្ការ​ថ្វាយ​បង្គំ​ព្រះ រួច​និមន្ត​ព្រះ​សង្ឃ ១០ អង្គ​ចម្រើន​ព្រះ​បរិត្ត ។ លុះ​ព្រឹក​ឡើង ថ្ងៃ​អាទិត្យ ១៩ ខែ​ឆ្នាំ​ដដែល ពេល​ម៉ោង ៨ កន្លះ ពួក​មន្ត្រី​រាជការ​សាលា​ខែត្រ សាលា​ស្រុក​គ្រប់​តំណែង អញ្ជើញ​ទៅ​ជួប​ជុំ​គ្នា​នៅ​កន្លែង​នោះ ហើយ​ចូល​ទៅ​ឈរ​នៅ​ខាង​ត្បូង​អ្នក​តា មេ​ស្មឹង​អុជ​ទៀន​ធូប ជូន​អស់​លោក​ដោត​ថ្វាយ​អ្នក​តា ដោយ​សេចក្ដី​គោរព រួច​មេ​ស្មឹង​បង្គាប់​ឲ្យ​លើក​គ្រឿង​តង្វាយ មក​រៀប​នៅ​លើ​រាន ចំពោះ​មុខ​អ្នក​តា ។

តង្វាយ​អ្នក​តា​គឺ :

  1. - កន្ទេល​ក្រហម ខ្នើយ
  2. - សំពត់​ស​ក្រាល​ពី​លើ​កន្ទេល
  3. - ស្លាធម៌​ដូង ១ គូ (ដោត​ម្លូ ៥ ស្លា ៥ ធូប ៣ សរសៃ)
  4. - ក្បាល​ជ្រូក ១ គូ មាន​ទាំង​កន្ទុយ​ដាក់​នៅ​មាត់​ផង ។
  5. - ផ្ដិល​ទឹក​អប់ ១ គូ ឈើ​ស្ទន់ ១
  6. - ពាន​ស្លា​បារី​មួយ​គូ
  7. - ដប​ស្រា ១ គូ មាន​ទាំង​ពែង
  8. - ចេក​នួន ២ ស្និត តម្កល់​លើ​ចាន​ទាប
  9. - បង្អែម ២ ស្ពក
  10. - ចំអាប ២ ស្ពក
  11. - កន្ទោង​ស្លឹក​ចេក ១ គូ
  12. - មាន់​ស្ងោរ ១គូ
  13. - ស្នែង​សត្វ​ទន្សោង ១ គូ

រណ្ដាប់​តង្វាយ​ទាំង ១៣ មុខ​នេះ មាន​គូ​គ្រប់​ទាំង​អស់ សម្រាប់​ដាក់​ឆ្វេង​ស្ដាំ ក្រៅ​អំពី​តង្វាយ ១៣ មុខ​នេះ​មាន​តង្វាយ​ដែល​អ្នក​ស្រុក​ថ្វាយ​ថែម​ទៀត​បរិបូរណ៍​ត្រៀប​ត្រា ដាក់​នៅ​រាន​នោះ ។ គេ​អុជ​ទៀន​ធូប​ចែក​គ្នា​កាន់ ដើរ​ហែ​ប្រទក្សិណ​ជុំ​វិញ​អាស្រម ជា​ការ​គោរព​ចំពោះ​អ្នក​តា និង​នឹក​គុណ​ដល់​លោក​ឧកញ៉ា​សេនាបតី​មឿង​ដែល​ស៊ូ​ប្ដូរ​ជីវិត យក​ឈាម​ក្រាល​ផែន​ដី មាន​កេរ្តិ៍​ឈ្មោះ​តាំង​ពី គ. ស. ១៥១៦ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ​ទើប​អ្នក​ស្រុក​សន្មត​ហៅ​ថា អ្នក​តា​ឃ្លាំង​មឿង ។ គេ​រើស​រក​មនុស្ស​ឲ្យ​មាន​រូប​រាង​ប៉ុន​ៗ​គ្នា ២ នាក់ សម្រាប់​ពាក់​ស្នែង​សត្វ​ទន្សោង១ តែង​តួ​ស្លៀក​សំពត់​ផាមួង​ចង​ក្បិន ខ្លួន​ទទេ អ្នក​រាំ ២ នាក់​ទៀត ធ្វើ​ព្រាន​ព្រៃ​ម្នាក់​ស្ពាយ​កាំភ្លើង ម្នាក់​ស្ពាយ​បាយ​សំណុំ​ដើរ​តាម​ពី​ក្រោយ ស្លៀកពាក់​ដូច​គ្នា​នឹង​អ្នក​ពាក់​ស្នែង​ទន្សោង​ដែរ លុះ​ហែ ៣ ជុំ​រួច​ហើយ គេ​លេង​ភ្លេង​រាំ​ស្នែង​ទន្សោង ភ្លេង​នោះ​ឈ្មោះ " ភ្លេង​ភ្លាំង " អ្នក​រាំ​ចាប់​ពាក់​ស្នែង​រួច ក្រាប​ថ្វាយ​បង្គំ​អ្នក​តា ៣ ដង ឡើង​រាំ​បែរ​ឆ្វេង​រៀង​ខ្លួន មក​ជួប​គ្នា​គ្រប់​គ្នា​ម្ដង ដល់​គម្រប់ ៣ ដង វារ​នឹង​ដី​អួត​ដាក់​គ្នា ជល់​គ្នា​ដូច​គ្នា​ដូច​សត្វ​មែន​ៗ ព្រាន​ព្រៃ​ដើរ​រក​ស្នាម​ជើង​សត្វ​ទន្សោង ងើប​ឱន​ៗ ដើម្បី​តាម​បាញ់ ។ មនុស្ស​ឈរ​មើល​ពេញ​ទី​វាល នៅ​មុខ​អាស្រម​អ្នក​តា​នោះ ។


ទំនុក​ច្រៀង

១- បង​ដើរ​ព្រៃ​ស្តុក តត្រុក​ព្រៃ​ស្បាត​ៗ

ដើរ​កាត់​ព្រៃ​ញាត លេច​វាល​ចូល​ព្រៃ ។

២- ឡើង​ភ្នំ​ចុះ​ភ្នំ ថ្ម​ដា​ធំ​ៗ

ល្បាស់​ព្រេច​លាស់​ខ្ចី​ៗ ទន្សោង​គោ​បា

កៀង​ញី​ឃ្មាតខ្មី​ៗ ល្បាស់​ព្រេច​លាស់​ខ្ចី

ស្រណោះ​ខែ​ពិសាខ​ៗ ។

៣- កន្ទ្រែត​ៗ​អើយ ទន្សោង​គោ​បា

លេប​បន្លា​បន្លា​ជើង​ភ្នំ លេប​ក្រមុំ​ទាំង​មូល​ៗ ។

៤- ជំនោរ​ខ្យល់​បក់ ត្រជាក់​ខ្យល់​ជូន

កាប់​ឫស្សី​ចង​ក្បូន ជូន​ប្អូន​ទៅ​ស្រុក​ៗ ។

៥- កន្សែង​បង​បាត់ បង​មិន​ស្ដាយ

បំណាច់​ប្អូន​ឃ្លាត​ឆ្ងាយ បង​ស្ដាយ​តែ​ប្អូន​ស្រី​ៗ ។


ពួក​អ្នក​ភ្លេង​ច្រៀង​ដរាប លុះ​ព្រាន​ទាំង​ពីរ​នាក់ ឃើញ​សត្វ​ទន្សោង​ជល់​គ្នា​ជាប់ ក្រាប​រៀង​ខ្លួន លប​បាញ់​បាន ទើប​ដោះ​យក​ស្នែង​សត្វ​ទន្សោង​ទាំង​ពីរ ទៅ​តម្កល់​នៅ​កន្លែង​ដើម​វិញ (លេង​កន្លះ​ម៉ោង​ចប់) មេ​ស្មឹង​ចាប់​គ្រឿង​តង្វាយ​គ្រប់​មុខ​ដាក់​កន្ទោង ចាក់​ស្រា ដោត​ធូប ៣​សរសៃ រួច​និយាយ​បួង​សួង​ថា "ថ្ងៃ​ជា​ថ្ងៃ​ជា​ពេលា​ល្អ យើង​ខ្ញុំ​មក​ជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ចំពោះ​លោក​តា មឿង ដែល​មាន​គុណ​ចំពោះ​ស្រុក​ខ្មែរ សូម​លោក​តា​ឲ្យ​ពរ​សព្ទ​សាធុ​ការ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​បាន​សុខ​សប្បាយ សូម​ឲ្យ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង សោយ​សេចក្ដី​សុខ​ក្នុង​រាជ​សម្បត្តិ សូម​ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ អស់​កាល​ជា​អង្វែង​រៀង​ទៅ សូម​ឲ្យ​ទឹក​ភ្លៀង​បង្អោរ​ចុះ​មក ឲ្យ​បាន​សព្វ​ផែន​ដី​ប្រទេស​កម្ពុជា ឲ្យ​ស្រុក​សម្បូណ៌​សប្បាយ កុំ​ឲ្យ​មាន​ភ័យ​អន្តរាយ​អ្វី​ឡើយ ។ បួង​សួង ៣ ដង​ស្រេច​ហើយ យក​កន្ទោង​ទៅ​ដាក់​ក្រោម​ដើម​សំរោង នៅ​មុខ​អាស្រម ។ រួច​លើក​គ្រឿង​តង្វាយ​ទាំង​អស់​ចេញ ។ និមន្ត​ព្រះ​សង្ឃ ៥ អង្គ​បង្សុកូល ពួក​ឧបាសក​សូត្រ​ឧទ្ទិស​ផល មេ​ស្មឹង​យក​ទឹក​អប់​ទៅ​លើ​ដំបូក ដែល​ជា​តួ​អ្នក​តា ពួក​អ្នក​រាជការ ចៅហ្វាយ​ខែត្រ ចៅហ្វាយ​ស្រុក និង​មន្ត្រី​តូច​តាច​គ្រប់​ដំណែង បាច​ទឹក ១ ផ្តិល​ៗ ម្នាក់ រួច​អញ្ជើញ​ទៅ​រាប់​បាត្រ​នៅ​វាល​មុខ​រោង​ព្រះ​សង្ឃ ។

ម៉ោង ១១ រៀប​ភោជនាហារ លៀង​ពួក​មន្ត្រី​សាលា​ខែត្រ​សាលា​ស្រុក​ធំ​តូច​គ្រប់​ដំណែង​ដោយ​វត្ថុ​ដ៏​ឧត្ដម ពីសា​សប្បាយ មាន​ភ្លេង​ត្រពាំង​ទា មាន​ប្រុស​ស្រី​ច្រៀង​ត​គ្នា​ជូន​អស់​លោក​ស្ដាប់​ដល់​ម៉ោង ១២ ជា​ការ​បង្ហើយ​កិច្ច ។

អំពី​ទំនៀម​រាំ​ពាក់​ស្នែង​ទន្សោង និង​ពាក់​កន្ទុយ​ក្ងោក​នេះ មាន​សេចក្ដី​ដំណាល​ថា ក្នុង​កាល​ដ៏​កន្លង​យូរ​មក​ហើយ (សករាជ និង​រាជ្យ​ណា​មិន​ប្រាកដ) មាន​ដើម​ឈើ ១ ដើម​នៅ​ក្នុង​ស្រុក​ពោធិ៍សាត់ ថ្ងៃ​មួយ​ព្រាន ២​នាក់ មាន​ឈ្មោះ​មិន​ប្រាកដ​នាំ​គ្នា​ចូល​ព្រៃ ដើម្បី​បរ​បាញ់​សត្វ​តាម​ទម្លាប់​របស់​ខ្លួន ។ លុះ​ចូល​ទៅ​ដល់​ដើម​ឈើ​នោះ ឮ​សូរ​សំឡេង​សត្វ​កន្លង់​ពីរោះ ហាក់​ដូច​សូរ​សំឡេង​ភ្លេង​ដូរ្យតន្ត្រី​លាន់​ឮ​រងំ ដូច​ជា​សំឡេង​ទ្រ​សាយដៀវ ឃើញ​សត្វ​ទន្សោង ១​គូ លោត​កញ្ឆេង​ជល់​គ្នា​លេង ដូច​គេ​រាំ ។ មាន​សត្វ​ខ្លា ១ គូ​ក្រាប​នៅ​ទី​នោះ វា​គោះ​កន្ទុយ​ហាក់​ដូច​គេ​វាយ​ស្គរ ។ មាន​សត្វ​ក្ងោក ១ គូ កាង​ស្លាប បើក​កន្ទុយ លោត​ចុះ​លោង​ឡើង ហាក់​ដូច​គេ​ចាក់​ត្លុក​ចាក់​ក្បាច់ ។ ព្រាន​ទាំង​ពីរ​នាក់​លាន់​មាត់​ថា " ឱ​ហ្ន ! សត្វ​ទាំង​នេះ​ប្លែក​ចម្លែក​អស្ចារ្យ សូរ​សំឡេង​សត្វ​កន្លង់​ដូច​សំឡេង​ដូរ្យតន្ត្រី សត្វ​ទន្សោង​និង​សត្វ​ក្ងោក ដូច​ជា​អ្នក​រាំ​ចាក់​ក្បាច់ សត្វ​ខ្លា​ដូច​ជា​អ្នក​វាយ​ស្គរ​បន្ទរ​តាម យើង​គួរ​ប្រកប​ធ្វើ​ជា​ភ្លេង​លេង​តាម​សត្វ​ទាំង​នេះ ទុក​ជា​កេរ្តិ៍​ឲ្យ​កូន​ចៅ​ឯ​ក្រោយ​។ ប្រវត្តិ​អ្នក​តា​ឃ្លាំង​មឿង

ក្នុង​អតីត​កាល​កន្លង​ទៅ ក្នុង​រាជ្យ​ព្រះ​ចន្ទ​រាជា​ស្ដេច​គង់​នី​បន្ទាយ​លង្វែក (គ. ស. ១៥០២) កាល​ជាន់​នោះ​ស្រុក​ខ្មែរ ជា​ស្រុក​ចំណុះ​សៀម​នៅ​ឡើយ តែង​នាំ​សួយសារអាករ​ឡើង​ទៅ​ស្រុក​សៀម ព្រះ​ចៅ​សៀម​ចាត់​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ មាន​ព្រះ​នាម​មិន​ប្រាកដ ឲ្យ​មក​នៅ​ស្រុក​ខ្មែរ​ដើម្បី​មើល​ការ​ខុស​ត្រូវ ធ្វើ​ជា​អ្នក​ត្រួត​ត្រា​ខាង​ពន្ធ​អាករ​គ្រប់​យ៉ាង ក្រែង​ស្ដេច​ស្រុក​ខ្មែរ​មាន​ចិត្ត​មិន​ត្រង់ បំបាត់​សួយសារអាករ​យក​ទៅ​មិន​អស់ ឬ មួយ​ក្រែង​ស្ដេច​ខ្មែរ​មាន​គំនិត​ក្បត់ មាន​ចិត្ត​មិន​ត្រង់​នឹង​រាជការ ដោយ​ប្រការ​ណា​មួយ ទើប​ប្រើ​ព្រះ​រាជ​បុត្រ​ពេញ​ព្រះ​ហឫទ័យ​មក​នៅ ដើម្បី​ជំនួស​ព្រះ​នេត្រ​ព្រះ​អង្គ ចំណែក​ព្រះ​រាជ​បុត្រ​មាន​ចិញ្ចឹម​សត្វ​ត្មាត​មួយ ត្មាត​នោះ​មាន​មារយាទ ចេះ​ដឹង​ប្រហែល​មនុស្ស ជា​សត្វ​ខុស​ពី​សត្វ​ដទៃ​ធម្មតា ចេះ​ស្រឡាញ់​ម្ចាស់ ប្រើ​នាំ​សារ​ទៅ​មក រវាង​ស្រុក​ខ្មែរ​និង​ស្រុក​សៀម​បាន​ដោយ​ស្ងាត់ ។ ថ្ងៃ​មួយ ព្រះ​ចន្ទ​រាជា​នឹក​ព្រួយ​ព្រះ​ទ័យ​ថា ព្រះ​ចៅ​លោក​មិន​ទុក​ព្រះ​ហឫទ័យ​នឹង​យើង​ហើយ បាន​ជា​លោក​ចាត់​ព្រះ​រាជ​បុត្រ​ឲ្យ​មើល​ការ​ផ្ទាល់ ណា​មួយ​ព្រះ​រាជ​បុត្រ​នោះ មាន​ការ​រំលោភ​បៀតបៀន មិន​មាន​សេចក្ដី​កោត​ក្រែង បង្គាប់​ឲ្យ​នាំ​សួយ​ឡើង​នគរ​ខ្លួន​ហួស​ហេតុ ទ្រង់​តូច​ព្រះ​ហឫទ័យ​ខ្លាំង អត់​ទ្រាំ​ពុំ​បាន ក៏​បង្គាប់​ពួក​ពេជ្ឈឃាដ​ចាប់​រាជ​បុត្រ​ស្ដេច​សៀម យក​ទៅ​សម្លាប់​ចោល​ក្នុង​ព្រៃ​ក្នុង​ពេល​យប់ ។ ឯ​សត្វ​ត្មាត លុះ​ព្រឹក​ឡើង​មិន​ឃើញ​ព្រះ​រាជ​បុត្រ​ជា​ម្ចាស់​របស់​វា​ៗ​ហើរ​ចុះ ហើរ​ឡើង​រក​ឃើញ​ខ្មោច​នៅ​ក្នុង​ព្រៃ ត្មាត​ឃើញ​ព្រះ​ទម្រង់ វា​ស្គាល់​ច្បាស់​ជា​ម្ចាស់​វា ក៏​ចឹក​ពាំ​ព្រះ​ទម្រង់​ទៅ​ស្រុក​សៀម ថ្វាយ​ព្រះ​បិតា ។ ព្រះ​ចៅ​ទត​ឃើញ​ព្រះ​ទម្រង់ ទ្រង់​យល់​ថា ព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ​ដល់​ទិវង្គត​ហើយ រឿង​នេះ​ពិត​ស្ដេច​ស្រុក​ខ្មែរ​សម្លាប់ ។ ទ្រង់​ក្រោធ​ខ្លាំង​ណាស់ កោះ​ប្រជុំ​ពួក​សេនាបតី​មួយ​រំពេច មាន​ព្រះ​បន្ទូល​ប្រាប់​តាម​រឿង រួច​បង្គាប់​ឲ្យ​លើក​ទ័ព មក​សង​សឹក​ស្ដេច​ស្រុក​ខ្មែរ​វិញ ហើយ​មាន​ព្រះ​បន្ទូល​ថា ត្រូវ​តែ​សម្លាប់​ព្រះ​ចន្ទ​រាជា​ព្រម​ទាំង​ញាតិ​សាច់​សា​លោហិត ទាំង​ពួក​សេនាបតី​ហើយ​រិប​ជាន់​យក​ទ្រព្យ​សម្បត្តិ និង​កៀរ​ពួក​បណ្ដា​រាស្ត្រ​មក​ស្រុក​សៀម​កុំ​ឲ្យ​សល់ ។ ពួក​កង​ទ័ព​ក៏​ចេញ​មក​ មក​ដល់​បន្ទាយ​លង្វែក ចូល​ឡោម​ព័ទ្ធ​ចាប់​ព្រះ​ចន្ទ​រាជា​សម្លាប់ ព្រម​ទាំង​ព្រះ​ញាតិ ។ ចំណែក​ព្រះ​ម្នាង ប៉ែន ជា​ស្នំ ក៏​ភៀស​ខ្លួន​រួច​ពី​គ្រោះ​ថ្នាក់​ជា​មួយ​នឹង​សេនាបតី មឿង ព្រម​ទាំង​ភរិយា​នឹង​បុត្រ ៤​នាក់​ទៀត ។ ពួក​កង​ទ័ព​សៀម កៀរ​មនុស្ស​អំពី​ស្រុក​ខ្មែរ ដោយ​ទាំង​ព្រះ​ម្នាង ប៉ែន ទៅ​ជា​មួយ​ផង ទាំង​ព្រះ​រាជ​ទ្រព្យ​មាន​វិញ្ញាណ​ឥត​វិញ្ញាណ ។ ចំណែក​មេ​ដំរី​ស​មួយ មាន​កូន​នៅ​ក្នុង​ពោះ ឈ្មោះ​ជំទាវ​ប៉ោល​ប៉ៃ ដែល​ជា​ព្រះ​ទីន័ង​ដ៏​ប្រសើរ ក៏​ត្រូវ​កង​ទ័ព​សៀម​កៀរ​យក​ទៅ​ដែរ ។ ពួក​សៀម​ជាន់​នោះ​មាន​សេចក្ដី​ព្យាបាទ ធ្វើ​បាប​ខ្មែរ​អស្ចារ្យ​ណាស់ ចាប់​មនុស្ស​ដោត​ស្លឹក​ត្រចៀក​ដឹក​យក​ទៅ​ដូច​ជា​សត្វ​ធាតុ ស្រី​ណា​មាន​កូន​ខ្ចី ចាប់​ច្រក​ការុង​ឲ្យ​ដំរី​ជាន់ វៀរ​លែង​តែ​មាន​កូន​នៅ​ក្នុង​ពោះ ។ លុះ​ទៅ​ដល់​ស្រុក​សៀម នាំ​សេចក្ដី​ទៅ​ថ្វាយ​ព្រះ​ចៅ​ដោយ​សព្វ​គ្រប់ ។ ដោយ​សេចក្ដី​សង​សឹក​បាន​សម្រេច​ដូច​ប្រាថ្នា ព្រះ​ចៅ​ទ្រង់​បង្គាប់​ឲ្យ​ពួក​ខ្មែរ​ទាំង​អស់ ទៅ​នៅ​មួយ​ក្រុម ជិត​ក្រុង​ហើយ​សន្មត​ឲ្យ​ឈ្មោះ​ថា "ក្រុម​ខ្មែរ​អ្នក​គ្រួ " ។

ព្រះ​ម្នាង ប៉ែន ហាក់​ជា​ស្រី​មាន​បុព្វ​វាសនា ទុក​ណា​ជា​នាង​ទទួល​គ្រោះ​ថ្នាក់ ដោយ​សៀម​កៀរ​យក​ទៅ​យ៉ាង​នឹង​ក៏​ដោយ នាង​គង់​នៅ​ជា​ស្រី​ប្លែក​អំពី​ស្រី​ឯ​ទៀត​ៗ ។ ដោយ​អំណាច​កូន​ដែល​នៅ​ក្នុង​គភ៌ ជា​កូន​មាន​ឥទ្ធិឫទ្ធី​មាន​បុណ្យ ក៏​បណ្ដាល​ឲ្យ​អ្នក​ផង​ជិត​ខាង មាន​ចិត្ត​ទោរ​ទន់ រាប់​អាន​ស្រឡាញ់ ជួយ​ឧបត្ថម្ភ ជួយ​យក​អាសា​នាង​គ្រប់​យ៉ាង ។ លុះ​នាង​មាន​គភ៌​គ្រប់​ខែ​ដប់ ក៏​ប្រសូត​បុត្រ​មក​ដោយ​សុខ​សប្បាយ អ្នក​ជិត​ខាង​ទាំង​ប្រុស​ទាំង​ស្រី ជួយ​ថែ​ទាំ​ផ្ដល់​ទឹក​ក្ដៅ​ទឹក​ត្រជាក់ អ្នក​ណា​ក៏​មក​មិន​មាន​ខាន ដោយ​អំណាច​គុណ​បុណ្យ​តេជះ​បារមី​នៃ​ទារក​នោះ ។ លុះ​ប្រសូត​បាន ៣ ថ្ងៃ ពួក​ក្រុម​ញាតិ​មូល​មាត់​គ្នា ឲ្យ​ឈ្មោះ​កូន​នោះ​ថា ឧទេន ។

ចំណែក​មេ​ដំរី​ដែល​ជា​ព្រះ​ទីន័ង ក៏​កើត​កូន​ក្នុង​ថ្ងៃ​ដំណាល​ទារក​នោះ​ដែរ តែ​មេ​ដំរី​នោះ ផ្ដាច់​ខ្សែ​ទន្លីង ទៅ​កើត​កូន​នៅ​ក្នុង​ព្រៃ​ឆ្ងាយ លាក់​មិន​ឲ្យ​អ្នក​ណា​មួយ​ដឹង​ឡើយ ដរាប​ដល់​៣​ថ្ងៃ ទើប​នាំ​កូន​មក​កាន់​ទី​កន្លែង​ដើម​វិញ ។ កូន​ដំរី​នោះ​មាន​ពណ៌​សម្បុរ ព្រម​ទាំង​រូប​រាង​ល្អ​ប្លែក អំពី​ដំរី​ធម្មតា អ្នក​រក្សា​ដំរី​នាំ​ដំណឹង ទៅ​ក្រាប​ទូល​ព្រះ​ចៅ​គ្រប់​សព្វ ព្រះ​ចៅ​ពេញ​ព្រះហឫទ័យ​ណាស់ ។

ដំណាល​ពី​កុមារ​ឧទេន លុះ​បាន​អាយុ​ប្រាំ​ឆ្នាំ ដឹង​សេចក្ដី​ខុស​ត្រូវ​ខ្លះ​នឹក​ភ្នក​រក​បិតា សួរ​ម្ដាយ​ថា "ឪពុក​ខ្ញុំ​ទៅ​ណា ពុំ​ដែល​ឃើញ ក្មេង​គេ​ឯ​ទៀត​មាន​ម្ដាយ-​ឪពុក ខ្ញុំ​មិន​ឃើញ​មាន​ឪពុក​ដូច​គេ?” ម្ដាយ​កាល​បើ​ឮ​កូន​សួរ​ដូច្នោះ នាង​ណែន​ក្នុង​ទ្រូង អួល​អាក់​ខ្លោច​ផ្សា និយាយ​ប្រាប់​កូន​មិន​រួច ក៏​និយាយ​បន្លែ​បន្លប់​វៀង​វៀះ​ទៅ កុំ​ឲ្យ​កូន​សួរ​ទៀត ពី​ព្រោះ​ខ្លាច​ក្រែង​រឿង​នោះ មិន​ជិត​ដឹង​ទូ​ទៅ នឹង​ដល់​នូវ​សេចក្ដី​អន្តរាយ​នៃ​ជីវិត ។ កូន​ចេះ​តែ​សួរ​ញយ នាង​ក៏​និយាយ​បង្វេះ​ពង្វាង​មិន​ឲ្យ​សួរ​បាន ដរាប​ដល់​កូន​នោះ អាយុ ១២ ឆ្នាំ ។ ថ្ងៃ​មួយ​នាង​នឹក​ថា កូន​នេះ​ខាន​ប្រាប់​ពុំ​បាន ក៏​នាំ​កូន​ទៅ​កាន់​ទី​ស្ងាត់​តែ​ពីរ​នាក់ ដំណាល​រឿង​រ៉ាវ​តាំង​ពី​ដើម​រហូត​ដល់​ចុង កូន​ស្ដាប់​បាន យល់​សេចក្ដី​សព្វ​គ្រប់ ប្រាប់​ម្ដាយ​ឲ្យ​អត់​ទ្រាំ​សិន​ចុះ កូន​នឹង​គិត​រក​មធ្យោបាយ​ណា​មួយ ដើម្បី​នឹង​វិល​ទៅ​នគរ​វិញ ។ ចំណែក​កុមារ​ឧទេន ចាប់​ដើម​តាំង​ពី​ថ្ងៃ​ដែល​បាន​ស្ដាប់​ពាក្យ​ម្ដាយ​មក ក៏​ខំ​ស្វែង​រៀន​សូត្រ​វិជ្ជា​គ្រប់​យ៉ាង មាន​អក្សរ​ជា​ដើម​ឧទេន​ជា​កុមារ​ឆ្លាត​វាង​វៃ អង់​អាច​ប្លែក​ពី​កុមារ​ធម្មតា​។

ថ្ងៃ​មួយ​កុមារ​ឧទេន ចូល​ទៅ​សេព​គប់​នឹង​ពួក​ហ្ម​ដំរី សុំ​ខ្លួន​ជា​អ្នក​បម្រើ​បោស​ច្រាស​រោង​ដំរី ដើម្បី​រៀន​វិជ្ជា​ខាង​ហ្ម​ដំរី​ឲ្យ​ស្ទាត់ ថ្ងៃ​មួយ​ព្រះ​ចៅ​ស្ដេច​យាង​មក​ទត​រោង​ដំរី ឃើញ​កុមារ​នោះ​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដោយ​យក​ចិត្ត​ទុក​ដាក់​រហ័សរហួន​វាង​វៃ មាន​ព្រះ​បន្ទូល​សួរ​ថា ក្មេង​នេះ មក​ពី​ណា ហ្ម​ដំរី​ក្រាប​ទូល​តាម​ដំណើរ​ដោយ​សព្វ​គ្រប់ ទ្រង់​ពេញ​ព្រះ​ហឫទ័យ​មាន​ព្រះ​បន្ទូល​ប្រាប់​ថា ចូរ​មើល​ក្មេង​នេះ​ផង ។ ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក​កុមារ​ខំ​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ការ​ដោយ​ហ្មត់​ចត់ បោស​ប្រមូល​អាចម៍​ដំរី ដុត​បំពក់​ជា​ជីរ ដើម្បី​យក​ទៅ​ដាំ​ស្ពៃ ស្ពៃ​ក៏​មាន​គុម្ព​ធំ​ប្លែក ចម្លែក​អំពី​ស្ពៃ​អ្នក​ស្រុក​ធម្មតា ។ លុះ​ស្ពៃ​នោះ​ធំ​ល្មម​ដក កុមារ​ឧទេន​ដក​យក​ទៅ​លាង​យ៉ាង​ស្អាត រែក​យក​ទៅ​ថ្វាយ​ព្រះ​ចៅ ទ្រង់​ទត​ឃើញ​មាន​ព្រះ​បន្ទូល​ថា "នែ! កុមារ​ឯង​បាន​ស្ពៃ​នេះ​មក​ពី​ណា ប្លែក​ពី​ស្ពៃ​ធម្មតា" កុមារ​ក្រាប​ទូល​តាម​ដំណើរ​សព្វ​គ្រប់ ព្រះ​ចៅ​ទ្រង់​ប្រទាន​រង្វាន់​នឹង​មុខងារ​ជា​អ្នក​ត្រួត​ត្រា​ភ្នាក់ងារ​ខាង​ដំរី ។

ដំរី ជា​កូន​មេ​ដំរី​ឈ្មោះ​ជំទាវ​ប៉ោល​ប៉ៃ ដែល​ជា​ទីន័ង​ដ៏​ប្រសើរ​របស់​ព្រះ​ចៅ ក៏​ស្រាប់​តែ​ចុះ​ប្រេង មាន​កិរិយា​ខុស​ប្រក្រតី កាច​សហាវ​មិន​ព្រម​ស្ដាប់​បង្គាប់ ព្រិច​ហ្ម​ស្លាប់ មិន​មាន​អ្នក​ឯ​ណា​មួយ​អាច​ដឹក​បាន ថែម​ទាំង​ធ្វើ​បាប​អ្នក​ស្រុក បោច​រោច​ផ្ទះ​សម្បែង​ផ្អើល​ជ្រួល​ច្របល់​រត់​ខ្ចាត់​ខ្ចាយ​ចោល​ទី​លំនៅ​រៀង​ៗ​ខ្លួន ។ ពួក​អ្នក​គង្វាល​ដំរី នាំ​សេចក្ដី​ទៅ​ទូល​ព្រះចៅ​ៗ​ទ្រង់​ចាត់​ការ​ឲ្យ​ស៊ើប​សួរ​រក អ្នក​ណា​ដែល​អង់​អាច​ក្លាហាន​ហ៊ាន​ទៅ​ចាប់​ដំរី​នោះ​បាន ។ ពេល​នោះ​កុមារ​ឧទេន​ឆ្លើយ​ថា ខ្ញុំ​ហ៊ាន​ទទួល​ការ​ចាប់​ដំរី​នោះ​ឲ្យ​បាន ទើប​ទ្រង់​ប្រគល់​ការ​ទៅ​កុមារ​ឧទេន ចាត់​ការ​យ៉ាង​ណា​ឲ្យ​តែ​ចាប់​បាន​ព្រះ​ទីន័ង​នោះ​បាន ។ ឧទេន​បង្គាប់​ឲ្យ​ប្រមូល​ដំរី ៥០០ មក ដើម្បី​នឹង​រើស​យក​ដំរី​ណា​គួរ​មក​ធ្វើ​ធ្នាក់​បាន ទើប​រើស​យក​មេ​ដំរី​ស​ឈ្មោះ​ជំទាវ​ប៉ាល់ប៉ៃ ពេល​ចេញ​ទៅ​ចាប់ កុមារ​ឧទេន​បង្គាប់​ឲ្យ​រៀប​ពិធី​បួង​សួង​សែន​ព្រេន​អ៊ឹកធឹក ។ អ្នក​ស្រុក​ផ្អើល​មក​មើល​គឹកកង ពាស​ពេញ​មីរ​ដេរ​ដាស់ លុះ​សែន​ព្រេន​រួច កុមារ​ឧទេន​បង្គាប់​ឲ្យ​ចេក ៣ ស្និត អំពៅ ៣ បាច់ ពេល​ទៅ​ដល់ ព្រះ​ទីន័ង​ស្ទុះ​មក​រក ហាក់​ដូច​ជា​ប្រុង​នឹង​ព្រេច តែ​បែរ​ទៅ​ជា​ក្រាប​ថ្វាយ​បង្គំ​វិញ ដោយ​អំណាច​តេជះ​បុណ្យ​បារមី​នៃ​ឧទេន​ៗ​និយាយ​ទូន្មាន​ប្រដៅ​ថា "ទីន័ង​ឯង​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ទៅ លះ​បង់​មារយាទ​អាក្រក់​ចេញ​ទៅ ត្រូវ​ធ្វើ​ឲ្យ​ស្លូត​ល្អ​ដូច​ដើម" ឲ្យ​ចេក​និង​អំពៅ​ស៊ី​រួច និយាយ​ថា "ឯង​ទៅ​តាម​យើង" ថា​តែ​ប៉ុណ្ណោះ ស្រាប់​តែ​ដំរី​ដើរ​តាម​ទៅ​ដោយ​ស្រួល ឥត​បាច់​ចាប់​ចង​អ្វី​ឡើយ​ហាក់​ដូច​ជា​ហ្ម​ចាស់​យូរ​មក​ហើយ ។

ចាប់​ដើម​តាំង​ពី​ថ្ងៃ​ដែល​ទៅ​យក​ព្រះ​ទីន័ង​មក ព្រះ​ចៅ​ទ្រង់​ប្រទាន​រង្វាន់​ឲ្យ​ឧទេន​និង​ប្រទាន​ងារ​ថា ជ័យ​អស្ចារ្យ ជា​សេនា​ខាង​ទ័ព​ដំរី​និង​ខាង​ទាក់​ដំរី​ព្រៃ ។ ពួក​អ្នក​រាជការ​ទទួល​ស្គាល់ ខ្លាច​អំណាច​ឧទេន​ថា​ជា​អ្នក​មោះ​មុត ស្ទាត់​ជំនាញ​ខាង​ហ្ម​ដំរី សូម្បី​តែ​ពេល​ចេញ​ទាក់​ដំរី​ព្រៃ​ម្ដង​ៗ​មិន​ចាំ​មាន​គ្នា​ច្រើន​ប៉ុន្មាន ក៏​ទៅ​ទាក់​បាន​ដែរ ហាក់​ដូច​ជា​ហៅ​មក​បាន ព្រះ​ចៅ​ទ្រង់​ពេញ​និង​ទុក​ព្រះ​ហឫទ័យ​លើ​ជ័យ​អស្ចារ្យ ប្រហែល​គ្នា​នឹង​ព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ ។

លុះ​ដល់​អាយ ១៦ ឆ្នាំ ជ័យ​អស្ចារ្យ​ភ្នក់​នឹក​ដល់​បំណង​ដើម ក៏​រំពឹង​គិត​រក​ឧបាយ​ណា​មួយ នឹង​ដោះ​ខ្លួន​ចេញ​អំពី​កណ្ដាប់​សៀម ហើយ​ទៅ​នៅ​ស្រុក​ខ្មែរ សោយ​រាជ្យ​ស្នង​ព្រះ​បិតា និង​នាំ​យក​មនុស្ស​អំពី​ស្រុក​សៀម​ទៅ​ស្រុក​ខ្មែរ​វិញ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​មាន​វិញ្ញាណ​ឥត​វិញ្ញាណ​ទៅ​ឲ្យ​អស់​អំពី​ស្រុក​សៀម ឲ្យ​បាន​សម្រេច​ដូច​សេចក្ដី​បំណង ។

ទើប​ដើរ​នយោបាយ​ចាត់​មនុស្ស ១៥ នាក់ ដែល​ជា​មនុស្ស​ទុក​ចិត្ត​ស្និទ្ធ​ស្នាល​ដូច​បង​ប្អូន​បង្កើត ធ្វើ​ជាល​និង​ឈើ​ជើង​ដំរី ឲ្យ​យក​ជាល​ច្រក​អាចម៍​ដំរី​ញាត់​ឲ្យ​ណែន ទុក​ឲ្យ​ស្ងួត ចាក់​រាយ​តាម​ស្ទឹង​ឬ​ផ្លូវ យក​ឈើ​ជើង​ដំរី ដើរ​សង្កត់​ជា​ស្នាម​ដាន ដូច​ជា​ជើង​ដំរី​ដើរ​មែន​ៗ ដើម្បី​ឲ្យ​ស្រុក​ឃើញ ហើយ​នាំ​ព័ត៌មាន​នោះ​ក្រាប​ទូល​ព្រះ​ចៅ​ៗ នឹង​ទ្រង់​ចាត់​សេនា​ជ័យ​អស្ចារ្យ​ខ្លួន ទៅ​តាម​ទាក់​មិន​ខាន ម៉្យាង​ទៀត ដើម្បី​ឲ្យ​ពល​ដែល​ព្រះ​ចៅ​ចាត់​ឲ្យ​ទៅ​ជា​មួយ ជឿ​ជាក់​ក្នុង​ចិត្ត​ថា ជា​ដាន​ដំរី​ពិត​មែន ។

ចំណែក​អ្នក​ស្រុក លុះ​ឃើញ​ដាន​ជើង​ដំរី​និង​អាចម៍​ធំ​ៗ អណ្ដែត​តាម​ទឹក​មក​ដូច្នោះ ក៏​នាំ​សេចក្ដី​នោះ​ទៅ​ក្រាប​ទូល​ព្រះ​ចៅ​ៗ ទ្រង់​ប្រើ​ជ័យ​អស្ចារ្យ​ទៅ​តាម​ទាក់​ដំរី​ព្រៃ ដែល​មាន​ដាន​ជើង​ធំ​នោះ ។ ជ័យ​អស្ចារ្យ​ក្រាប​ទូល​ថា សូម​ព្រះ​មេត្តា​ប្រោស បើ​ទ្រង់​សព្វ​ព្រះ​ទ័យ ចង់​បាន​ដំរី​ធំ​បែប​នោះ លុះ​តែ​មាន​គ្នា​ច្រើន នឹង​ដំរី​ធ្នាក់​ក៏​ច្រើន ហើយ​ឲ្យ​មនុស្ស​ដែល​ទៅ​ជា​មួយ​ទូល​ព្រះ​បង្គំ​ទាំង​ប៉ុន្មាន ស្ដាប់​បង្គាប់​ទូល​បង្គំ ទើប​ធ្វើ​ការ​នោះ​បាន ពេល​ចេញ​ទៅ សូម​ព្រះ​អង្គ​មេត្តា​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​បួង​សួង​ផង​ឲ្យ​មាន​ជោគ​ជ័យ ។ ព្រះ​ចៅ​ទ្រង់​អនុញ្ញាត​គ្រប់​សំណូម​ពរ ប្រគល់​ការ​នោះ​ឲ្យ​ជ័យ​អស្ចារ្យ តាម​ត្រូវ​ការ ធ្វើ​បែប​ណា​ៗ ស្រេច​នៅ​លើ​ជ័យ​អស្ចារ្យ​ចុះ ។ លុះ​រៀប​ធ្វើ​ពិធី ព្រះ​ចៅ​ប្រទាន​ព្រះ​ខ័ន​សឹក​ឲ្យ​អំណាច​ពេញ បើ​ឈ្មោះ​ណា​មិន​ស្ដាប់​បង្គាប់ ត្រូវ​សម្លាប់​បាន ។ លុះ​ចេញ​ទៅ​បាន​ចំនួន ១៥​ថ្ងៃ ដល់​ពាក់​កណ្ដាល​ផ្លូវ​មក​ស្រុក​ខ្មែរ ជ័យ​អស្ចារ្យ​ធ្វើ​សារ​ទៅ​ក្រាប​ទូល​ព្រះ​ចៅ​វិញ​ថា "សូម​ទ្រង់​មេត្តា​ប្រោស ទូល​បង្គំ​ជា​ខ្ញុំ​តាម​ទាក់​ដំរី​ធំ​នោះ កាន់​តែ​ឃើញ​ដាន​កៀក​ហើយ តែ​អស់​ស្បៀង សូម​ព្រះ​អង្គ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន បញ្ជូន​មក​ឲ្យ​ឆាប់ ដើម្បី​នឹង​ធ្វើ​ការ​ឲ្យ​បាន​សម្រេច​ដូច​បំណង" ។

ព្រះ​ចៅ​ទ្រង់​ព្រះ​រាជ​ទាន​តាម​សេចក្ដី​សុំ​ដោយ​រួស​រាន់ ដោយ​បំណង​ចង់​បាន​ដំរី​នោះ​ពេក ភ្លេច​គិត​អំពី​ការ​បង់​ខាត​ព្រះ​រាជ​ទ្រព្យ ឬ សង្ស័យ​ដោយ​ហេតុ​ណា​មួយ​ឡើយ ។

ជ័យ​អស្ចារ្យ លុះ​បាន​ទទួល​ស្បៀង​បន្ថែម​អំពី​ព្រះ​ចៅ ក៏​បន្ត​ដំណើរ​ទៅ​ទៀត ចំនួន​១៥​ថ្ងៃ ក្រោយ​មក ក៏​បាន​ដល់​ស្រុក​បាត់ដំបង​ដែល​ជា​ដី​ខ្មែរ ។ មាន​អ្នក​ស្រុក​ជិត​ឆ្ងាយ​គ្រប់​តំបន់​រត់​មក​ចុះ​ចូល ថ្វាយ​ខ្លួន​ជា​ពល​សេនា ព្រម​ទាំង​សេនា​ចាស់​ម្នាក់ ធ្លាប់​បម្រើ​ព្រះ​វរ​បិតា​ឈ្មោះ មឿង​និង​កូន​ប្រុស​៤ នាក់ បាន​ចូល​មក​ថ្វាយ​ខ្លួន​ដែរ ក៏​មាន​មនុស្ស​ច្រើន​ល្មម​តទល់​នឹង​ព្រះចៅ​សៀម​បាន ។ ជ័យ​អស្ចារ្យ​ក៏​សរសេរ​សំបុត្រ​ចង​នឹង​ក​ដំរី​ប្រើ​ឲ្យ​ទៅ​អញ្ជើញ​ម្ដាយ​មក​ស្រុក​ខ្មែរ រួច​ចង​កូប​ជំទាវ​ប៉ាល់ប៉ៃ​ឲ្យ​ទៅ​ទទួល​ម្ដាយ ។ មេ​ដំរី​ទៅ​ដល់​ទី​កន្លែង​ម្ដាយ ពេល​ពាក់​កណ្ដាល​អធ្រាត្រ មេ​ដំរី​វា​ទម្លាក់​បំពង់ ៣ ដង ម្ដាយ​ភ្ញាក់ នឹក​ស្មាន​ថា​កូន​ត្រឡប់​មក​វិញ ក៏​អុជ​ភ្លើង​បំភ្លឺ​មើល តែ​មិន​ឃើញ​កូន​ឃើញ​តែ​សំបុត្រ មើល​ដឹង​សេចក្ដី​សព្វ​គ្រប់ រៀប​ដំណើរ​ឡើង​ជិះ​មេ​ដំរី​យ៉ាង​ប្រញាប់ ខំ​ស្រូត​ឲ្យ​ជួប​នឹង​កូន​នៅ​ស្រុក​បាត់ដំបង ។ ទើប​ជ័យ​អស្ចារ្យ​ប្រកាស​ខ្លួន​ឲ្យ​អ្នក​ស្រុក​ដឹង​ច្បាស់​ថា ខ្លួន​ហ្នឹង​ហើយ​ជា​ព្រះ​បុត្រ​របស់​ព្រះ​ចន្ទ​រាជា គង់​នៅ​បន្ទាយ​លង្វែក ឥឡូវ​នេះ​វិល​មក​គ្រង​រាជ្យ​ស្នង​ព្រះ​បិតា ។ រឿង​នេះ​មិន​បាត់​ស្ងាត់ ជ្រាប​ដល់​ព្រះ​ចៅ​សៀម ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង​ពន់​ពេក នឹក​តូច​ព្រះ​ទ័យ​ក្រៃ​លែង ទ្រង់​ប្រជុំ​ពួក​សេនា​យោធា​មក​ប្រាប់​មក​ប្រាប់​ថា ជ័យ​អស្ចារ្យ ប្រើ​ឧបាយ​កល បោក​បញ្ឆោត​យក​ព្រះ​ខ័ន​សឹក ព្រម​ទាំង​ទ្រព្យ​មាន​វិញ្ញាណ​ឥត​វិញ្ញាណ រត់​ទោ​ស្រុក​ខ្មែរ ហេតុ​នេះ ត្រូវ​លើក​ទ័ព​តាម​ទៅ​ដណ្ដើម​មក​វិញ​ឲ្យ​បាន ហើយ​ចាប់​ជ័យ​អស្ចារ្យ សម្លាប់​ឲ្យ​ផុត​ពូជ​ព្រះ​ចន្ទ​រាជា ព្រម​ទាំង​ពួក​រាជ​ការ​ទាំង​ប៉ុន្មាន​កុំ​ឲ្យ​សល់ ។

ជ័យ​អស្ចារ្យ​បាន​ដំណឹង​ច្បាស់​ថា​ព្រះ​ចៅ​លើក​ទ័ព​មក​តាម​ដូច្នោះ ទ្រង់​ជំនុំ​នឹង​សេនាបតី​ថា ឥឡូវ​ពល​សេនា​យើង​និង​គ្រឿង​អាវុធ​យុទ្ធ​ភណ្ឌ​របស់​យើង​មិន​បរិបូរណ៍ តើ​អ្នក​រាល់​គ្នា​គិត​រក​ឧបាយកល​បែប​ណា ឲ្យ​មាន​ជ័យ​ជម្នះ ពេល​នេះ ពល​សេនា​ទាំង​អស់​មិន​មាន​អ្នក​ណា​មួយ​ហ៊ាន​ឆ្លើយ​ទទួល​អះ​អាង​សោះ មាន​តែ​សេនា​មឿង​ឆ្លើយ​ធានា​អះ​អាង ហ៊ាន​តទល់​នឹង​ទ័ព​សៀម ដោយ​ឧបាយ​មួយ​ដ៏​ចម្លែក គឺ​ហ៊ាន​ប្ដូរ​ជីវិត ដើម្បី​នឹង​ទៅ​កែន​ពល​ខ្មោច ធ្វើ​ជា​ទ័ព​ច្បាំង​នឹង​ពល​សៀម ។ ទើប​បង្គាប់​ឲ្យ​ជីក​រណ្ដៅ​ទំហំ ៤​ម៉ែត្រ ជម្រៅ ៤​ម៉ែត្រ រួច​ឲ្យ​ដាក់​គ្រឿង​សស្ត្រា​វុធ​ក្នុង​រណ្ដៅ​នោះ ដើម្បី​នឹង​លោត​ទៅ​ឲ្យ​ជង់​ស្លាប់​ក្នុង​រណ្ដៅ តែ​នៅ​ពេល​មុន​នឹង​លោត​សម្លាប់​ខ្លួន​នោះ សេនា​មឿង បង្គាប់​ឲ្យ​ពួក​ពល​រដ្ឋ​ទាំង​អស់​មក​ស្ដាប់​ពាក្យ​​​​​​​​​ឱវាទ លោក​ប្រកាស​ថា "សូម​អស់​លោក​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​ចម្បាំង​ពេល​នេះ ដើម្បី​រំដោះ​ដែន​ដី ឲ្យ​បាន​រួច​ពី​កណ្ដាប់​នៃ​បច្ចាមិត្ត ចំណែក​ខ្ញុំ​ៗ​ធានា​ខាង​ទ័ព​ខ្មោច សូម​អស់​លោក​សង្ឃឹម​ទុក​ចុះ បើ​ខ្ញុំ​ស្លាប់​ទៅ​បាន ៧​ថ្ងៃ ឮ​សូរ​សន្ធឹក​ហ៊ោ​កញ្ជ្រៀវ​បី​ដូច​ជា​សំឡេង​ផ្គរ​លាន់ យើង​នឹង​មាន​ជ័យ​ហើយ ។ លុះ​ផ្ដាំ​រួច​លោត​ចុះ​ទៅ​ក្នុង​រណ្ដៅ​ព្រឹប ប្រពន្ធ​ឃើញ​ប្ដី​លោត​ដូច្នោះ ក៏​លោត​ទៅ​ជា​មួយ​នឹង​ប្ដី​ព្រម​ទាំង​កូន​ប្រុស​ពីរ​នាក់​ស្លាប់​ជា​មួយ​គ្នា ដល់​ថ្ងៃ​ជា​គម្រប់ ៧ លាន់​ឮ​សូរ​សន្ធឹក​ដូច​កាល​ផ្ដាំ​មែន ។

ទ័ព​សៀម​ចូល​ដល់​បាត់ដំបង ឆ្លង​ចូល​មក​ដល់​អូរ​មួយ សព្វ​ថ្ងៃ​គេ​ហៅ​ថា​អូរ​ស្វាយ​ដូន​កែវ ជួប​គ្នា​នឹង​ទ័ព​ជ័យ​អស្ចារ្យ ទ័ព​ខ្មោច​ចេញ​ទៅ​មុន​សម្ដែង​ឫទ្ធិ ធ្វើ​ឲ្យ​ពល​សៀម​វិល​មុខ ចុក​ពោះ ចុះ​ក្អួត​ដួល​ខ្លួន​ឯង​ស្រួល​ៗ ទ័ព​ព្រះ​ជ័យ​ចេស្ដា​ចូល​ទៅ​កាប់​សម្លាប់​អស់ ពួក​កង​ទ័ព សៀម​ទប់​ទល់​មិន​បាន ថយ​ទៅ​ដល់​បាត់ដំបង ធ្វើ​សារ​ទៅ​ក្រាប​ទូល​ព្រះ​ចៅ​តាម​ដំណើរ​សព្វ​គ្រប់ ព្រះ​ចៅ​ទ្រង់​ជ្រាប​ឲ្យ​ទ័ព​ថយ​ត្រឡប់​ទៅ​ស្រុក​សៀម​វិញ ។

ចំណែក​ពួក​កង​ទ័ព​ព្រះ​ជ័យ​អស្ចារ្យ នាំ​គ្នា​ត្រឡប់​មក​កាន់​បន្ទាយ​វិញ សព្វ​ថ្ងៃ​គេ​ហៅ​ថា​បន្ទាយ​ជ័យ ។ ចាប់​ដើម​ពី​ពេល​នោះ​មក ព្រះ​ជ័យ​អស្ចារ្យ​បាន​ទទួល​រាជាភិសេក​សោយរាជ្យ និង​ទទួល​នាម​ថា​ព្រះ​ជ័យ​ចេស្ដា ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី គង់​នៅ​បន្ទាយ​ជ័យ ។ លុះ​ព្រះ​អង្គ​បាន​ឡើង​សោយ​រាជ្យ​សម្បត្តិ​សុខ​សាន្ត​ហើយ ទ្រង់​នឹក​ឃើញ​ដល់​គុណូបការៈ​សេនា​មឿង ដែល​ស៊ូ​ប្ដូរ​ជីវិត​ចំពោះ​ព្រះ​អង្គ​និង​ចំពោះ​ទឹក​ដី​ខ្មែរ ទ្រង់​ក៏​ចាត់​ឲ្យ​ធ្វើ​បុណ្យ​ឧទ្ទិស​ផល​ដល់​ដួង​វិញ្ញាណ​ខន្ធ​របស់​សេនា​មឿង យ៉ាង​ឧឡារិក​អស្ចារ្យ ជាប់​ជា​ទំនៀម​ដរាប​មក​ដល់​មក​សព្វ​ថ្ងៃ​នេះ ហៅ​ថា​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​ឃ្លាំង មឿង ទៅ​វិញ ។