ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/11

១១-អ្នក​តា​បាពាល

ព្រះ​កន្លោង


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ៦៥ – ៦៩




នៅ​ជើង​ភ្នំ​បាពាល ក្នុង​ស្រុក​ស្វាយទង ខែត្រ​ចូវដុក (មាត់​ជ្រូក) ដែន​កូសាំងស៊ីន មាន​អ្នក​តា​មួយ​សំខាន់​ជាង​គេ ហៅ​ថា​អ្នក​តា​បាពាល ឬ ព្រះ​កន្លោង ។

តាម​ធ្លាប់​បាន​ដឹង​ឮ​ពី​ដើម​រៀង​មក អ្នក​ស្រុក​ជុំ​វិញ​ភ្នំ​នេះ ធ្លាប់​ធ្វើ​រណ្ដាប់​សែន​អ្នក​តា​នៅ​ក្នុង​រវាង​ខែ​ពិសាខ ជេស្ឋ អាសាឍ ឬ ស្រាពណ៍ មិន​កំណត់ ប៉ុន្តែ​ក្នុង ១​ឆ្នាំ​គេ​ធ្វើ​តែ​ម្ដង​ទេ ។

ឯ​រូប​រាង​អ្នក​តា​នេះ​ពុំ​មាន​ទេ មាន​តែ​ថ្ម​ភ្នំ ១​ដុំ​ធំ ដែល​បណ្ដាល​ជន​លើក​មក​ដាក់​សន្មត​ជា​រូប​តា នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ តែ​ដល់​ខែ​ដូច​មាន​រៀប​រាប់​ខាង​លើ​នេះ​ហើយ បណ្ដា​ជន​ជិត​ខាង ប្រមូល​រួប​រួម​លុយ​កាក់​គ្នា ផ្សំ​នឹង​ប្រាក់​រាជការ​ផ្ដល់​មក​ជួយ​ខ្លះ​រាល់​ឆ្នាំ​ផង ដើម្បី​ទិញ​គោ ស្រា បាយ រៀប​ចំ​ជម ពែ សង្ឃឹក ភ្លេង​ពិណពាទ្យ ភ្លេង​ខ្មែរ​ប្រគំ ច្រៀង​រាំ​តាម​ទំនៀម មាន​បញ្ជាន់​រូប​ប្រុស​ម្នាក់​អង្គុយ​ទទូរ​កន្សែង​ក្រហម ។ កាល​បើ​អ្នក​តា​ចូល​ហើយ រូប​នេះ​ធ្វើ​ឫក​ពារ​ដូច​ជា​អ្នក​ខ្លាំង​ពូកែ​មាន​ឥទ្ធិឫទ្ធី ទាយ​ក៏​ឆុត អ្នក​ស្រុក​សួរ​ការ​អ្វី​នីមួយ​ៗ អ្នក​តា​និយាយ​មិន​ឲ្យ​ខ្ចោះ ជួន​ជា​ឆ្នាំ​ណា​រាំង​ឫស​គ្មាន​ទឹក​ធ្វើ​ស្រែ អ្នក​ស្រុក​ក៏​បន់​ស្រន់​ធ្វើ​បុណ្យ​សុំ​ភ្លៀង​អ្នក​តា​ៗ ក៏​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​វេលា​នោះ​ដូច​បំណង​មែន ។

អំពី​ប្រវត្តិ តាម​ពាក្យ​និយាយ​តៗ​គ្នា​មក​ថា: កាល​ពី​ដើម ភ្នំ​បាពាល​គឺ​ជា​កោះ​តូច​មួយ​នៅ​ឡើយ ស្ដេច​ពាល​មួយ​អង្គ​និង​ឧបរាជ​ម្នាក់​ជា​ប្អូន​បង្កើត សុទ្ធ​តែ​ជា​អ្នក​មាន​ឫទ្ធិ​ចេស្ដា ខ្លាំង​ពូកែ មក​នៅ​ទី​កោះ​នោះ ។ ស្ដេច​ពាល​ជា​បង​ធ្វើ​លំនៅ​ៗ ក្នុង​ព្រៃ​ដុប​មួយ ឯ​ឧបរាជ​ជា​ប្អូន​នៅ​ក្នុង​ដុប​មួយ​ផ្សេង​ពី​គ្នា បាន​សេចក្ដី​សុខ​សាន្ត​ឥត​មាន​មាន​សត្រូវ​ណា​ហ៊ាន​បៀតបៀន​ឡើយ ។ ឧបរាជ​ជា​ប្អូន មាន​ចិញ្ចឹម​សត្វ​ក្រពើ​មួយ​ធំ​សម្បើម នៅ​ក្នុង​អន្លង់​បារ៉ាច ខែត្រ​ឡុងស្វៀង ដែន​កូសាំងស៊ីន ដើម្បី​ជា​យាន​ជំនិះ​ជើង​ទឹក ។ ដោយ​បាន​ឮ​ល្បី​ថា នៅ​ពាម​អន្លង់​បារ៉ាច​មាន​ក្រពើ​មួយ​កាច​សាហាវ​ណាស់ កល់​ទូក គោ​ខាំ​មនុស្ស​អស់​ជា​ច្រើន ស្ដេច​ពាល​យល់​ឃើញ​ការ​មិន​ស្រួល​នឹង​ទុក​ក្រពើ​នេះ ទើប​គិត​ថា បើ​សិន​ជា​ទុក​ឲ្យ​នៅ​យូរ​ទៅ វា​នឹង​បំផ្លាញ​ជីវិត​មនុស្ស​ជា​ច្រើន​ទៀត​ពុំ​លែង​ឡើយ ដូច្នេះ​គួរ​តែ​សម្លាប់​វា​ចោល ។

នឹក​ដល់​ក្រពើ​អន្លង់​បារ៉ាច ស្ដេច​ពាល​អាណិត​ដល់​រាស្ត្រ ។ ថ្ងៃ​មួយ​ក៏​កាឡា​ខ្លួន​ជា​លោក​នេន ១​អង្គ និមន្ត​សំដៅ​ទៅ​អន្លង​បារ៉ាច​ប្រាថ្នា​នឹង​ប្រយុទ្ធ​សម្លាប់​ក្រពើ​របស់​ឧបរាជ​ជា​ប្អូន​ឲ្យ​ផុត​ជីវិត ។ លុះ​ដើរ​បាន​បន្តិច​ក៏​ជួប​នឹង​តា​យាយ​កំពុង​អុំ​ទូក​តូច​មួយ សាមណេរ​ក៏​សួរ​ថា "តា​យាយ​អញ្ជើញ​ទៅ​ណា​មក​ណា?” តា​យាយ​ឆ្លើយ​ថា: "ទៅ​បារ៉ាច" សាមណេរ​ឮ​ដូច្នេះ ក៏​សុំ​តា​យាយ​ដោយ​សារ​ទូក​នោះ​ទៅ ។ ទៅ​ដល់​ពាម​បារ៉ាច សាមណេរ​ឃើញ​អន្លង់​មួយ​យ៉ាង​ធំ ក៏​គិត​ឧបាយ​ប្រាប់​តា​យាយ​នោះ​ថា:អាត្មា​ចុះ​ស្រង់​ទឹក​ត្រង់​នេះ​បន្តិច​សិន ចូរ​តា​យាយ​អូស​ទូក​ឡើង​លើ​គោក រង់​ចាំ​អាត្មា​ផង" ថា​តែ​ប៉ុណ្ណោះ​សាមណេរ​ចុះ​ទៅ​ទឹក កាឡា​ខ្លួន​ជា​ក្រពើ​មួយ​ធំ រោទ៍​ខ្ទារ​ខ្ទ័រ ហែល​យ៉ាង​ប្រញាប់​ទៅ​រក​ក្រពើ​បារ៉ាច​បាន​ជួប​ភ្លាម ក៏​តាំង​ប្រយុទ្ធ​គ្នា​យ៉ាង​គគ្រឹក​គគ្រេង កើត​ជា​រលក​ទឹក​ធំ​ៗ លិច​ទូក-ក្ដារ​អ្នក​ដំណើរ​រតាត់​រតាយ​អស់ ។ ក្រពើ​ទាំង​ពី​ប្រយុទ្ធ​គ្នា តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​រសៀល ក្រពើ​បារ៉ាច​ចាញ់​ក៏​រត់​ដោះ​ដៃ ស្ដេច​ពាល​ក៏​ត្រឡប់​មក​កោះ​វិញ ។ ឯ​ក្រពើ​បារ៉ាច ដោយ​ត្រូវ​របួស​ធ្ងន់ ព្រម​ទាំង​ខឹង​ចិត្ត​នឹង​ប្រយុទ្ធ​មិន​ឈ្នះ​គេ​ផង ខំ​វារ​ឡើង​លើ​គោក ហើយ​ដេក​ស្លាប់​នៅ​ក្រោម​ដើម​ឈើ​មួយ​ធំ មាន​ម្លប់​សាខា នៅ​ក្បែរ​មាត់​ច្រាំង​អន្លង់​បារ៉ាច​នោះ​ទៅ ។ ឧបរាជ​បាន​ឮ​ដំណឹង​ថា ក្រពើ​ជា​សេនា​ខ្លួន​ត្រូវ​ស្ដេច​ពាល​ជា​ព្រះ​រៀម​សម្លាប់​ដូច្នេះ​ហើយ ក៏​ប្រញាប់​អស់​បណ្ដា​រាស្ត្រ មក​ជួយ​កាត់​យក​តែ​ក្បាល ហើយ​សង់​ខ្ទម​មួយ​នៅ​ទី​នោះ​ធ្វើ​បុណ្យ យក​ក្បាល​ក្រពើ​ដាក់​ក្នុង​ខ្ទម តម្កល់​ទុក​ជា​តំណាង ឲ្យ​បណ្ដា​ជន​មើល​ដរាប​មក ។ លុះ​យូរ​អង្វែង​ក្រោយ​មក ក្បាល​ក្រពើ​ក៏​ពុក​រលួយ​អស់​ទៅ បណ្ដា​ជន​ក៏​យក​ឈើ​មក​ឆ្លាក់​ធ្វើ​ឲ្យ​ដូច​ជា​ក្បាល​ក្រពើ​មុន យក​ទៅ​តម្កល់​ដូច​ដើម​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ស្ដេច​និង​ឧបរាជ នៅ​ជា​សុខ​សប្បាយ​លើ​កោះ​នោះ ឥត​មាន​ទាស់​ទែង​គំនុំ​ប្រកាន់​ខឹង​នឹង​គ្នា​ដោយ​ប្រការ​អ្វី​សោះ​ឡើយ លុះ​ត្រា​តែ​កោះ​តូច​នោះ​ដុះ​ដាល​ខ្ពស់​បាន​ទៅ​ជា​ភ្នំ ។ លុះ​ស្ដេច​ពាល​ចាស់​ជរា ដឹង​ខ្លួន​ថា​មុខ​ជា​មិន​បាន​រស់​យឺន​យូរ​ត​ទៅ​ទៀត ក៏​ហៅ​មហាឧបរាជ​ប្អូន​មក​ប្រាប់​ថា: យើង​មាន​ឫទ្ធិ​ចេស្ដា​ខ្លាំង​ពូកែ​នៅ​លើ​ភ្នំ​នេះ បើ​ឥត​អំពី​បង​ទៅ​ចូរ​ប្អូន​និង​អករ៍​យាយ ព្រម​ទាំង​បណ្ដា​ជន​គិត​ធ្វើ​អ្វី​មួយ​ជា​កេរ្តិ៍​ទុក​ឲ្យ​អ្នក​ក្រោយ​ៗ គេ​បាន​ស្គាល់​ឈ្មោះ​យើង​ផង កុំ​បី​ខាន​ឡើយ ។

អំណឹះ​អំពី​ស្ដេច​ពាល​ទៅ ឧបរាជ​ជា​ប្អូន​គ្រប់​គ្រង​រក្សា​ទី​នោះ ហើយ​យក​ដុំ​ថ្ម​មួយ​ដុំ មក​សន្មត​ទុក​ថា​ជា​តំណាង​ស្ដេច ប្រាប់​បណ្ដា​ជន​ឲ្យ​ជួយ​ធ្វើ​ជា​សាក្សី​ទៅ​ថ្ងៃ​ក្រោយ ។ ស្ដេច​ពាល​ស្លាប់ ទៅ​កើត​ជា​អ្នក​តា​ភ្នំ​នៅ​រក្សា​ដុំ​ថ្ម ដែល​ឧបរាជ​ជា​ប្អូន​និង​បណ្ដា​ជន សន្មត​ទុក​ជា​តំណាង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ ឯ​ឧបរាជ​ជា​ប្អូន ក្រោយ​ពី​នោះ​ក៏​ស្លាប់​ទៅ​ទៀត ហើយ​ទៅ​កើត​ជា​អ្នក​តា​ស្រុក​បារ៉ាច នៅ​ថែរក្សា​ក្បាល​ក្រពើ​រហូត​មក ។