ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/2
២- អ្នកតា កង- ជុំ
នៅឃុំកុមាររាជា ស្រុកបាទី ខែត្រតាកែវ
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី ២១ –២៤
ក្នុងអតីតកាលយូរអង្វែងហើយនោះ មានបុរសម្នាក់ឈ្មោះ កង ប្រពន្ធឈ្មោះ ជុំ ។ អ្នកទាំងពីរនេះ តាំងពីភប់ប្រសព្វគ្នារកស៊ីមក ចេះតែក្រទៅៗ លំបាកតោកយ៉ាក វេទនាជាទីបំផុត នឹកអៀនខ្មាសចំពោះអ្នកស្រុកជិតខាងណាស់ ដោយនឹកថា ម្ដេចក៏គេរកស៊ីចេះតែមានទៅ ឯខ្លួនឯងម្ដេចក៏ចេះតែក្រ? ។ គិតដូច្នេះហើយ ក៏បបួលប្ដីប្រពន្ធរត់ចេញពីស្រុកទៅរានព្រៃ ធ្វើចម្ការ ដាំដំណាំគ្រប់បែប នៅទីមួយឆ្ងាយពីគេ ។ នៅកន្លែងនោះ គេសង់ខ្ទមតូច ១ គ្រាន់នឹងជ្រកនៅបណ្ដោះអាសន្នប៉ុណ្ណោះ ។ លុះយូរទៅ ឈ្មោះ កង នាង ជុំ ប្រកបរបររកស៊ីចេះតែចម្រើនឡើងៗ ក៏បានរុះរើផ្ទះរបស់ខ្លួនពីកន្លែងចាស់ យកមកសង់ត្រង់កន្លែងចម្ការរបស់ខ្លួននោះ ឯឈ្មោះ កង និងនាង ជុំ ទាំងពីរនាក់នេះ ជាមនុស្សសុចរិតទៀងត្រង់ មានធម៌សប្បុរសសង្គ្រោះដល់អ្នកកម្សត់អត់ឃ្លានឯទៀតណាស់ ហៅគេឯងឲ្យមកនៅជាមួយផងក៏មាន ។ មិនយូរប៉ុន្មាន អ្នកទាំងពីរបានក្លាយទៅជាអ្នកមានស្ដុកស្ដម្ភ មាំមួនជាងគេមានបរិវារក៏ច្រើន ។ ចំណែកអ្នកក្រខ្សត់ឯទៀតៗ ក៏តែងតែចូលទៅខ្ចីបុលស្រូវអង្ករ ប្រាក់កាសអំពីឈ្មោះ កង នាងជុំ គ្រប់គ្នា តែអ្នកទាំងពីរនេះតាំងតែពីទៅនៅកន្លែងនោះ បានធ្វើកន្លែងមួយ សម្រាប់អុជទៀនធូបបូជា ដាក់នំចំណីសែនជាធម្មតារៀងរាល់ថ្ងៃ ។
អ្នកជិតខាងឃើញអ្នកទាំងពីរធ្វើដូច្នោះ ក៏នាំគ្នាធ្វើតាម លុះអ្នកទាំងពីរចាស់ជរាស្លាប់បាត់ទៅ អ្នកស្រុកនៅឯក្រោយ ក៏នាំគ្នាបូជាកន្លែងនោះជាប់រហូតមក ។ កន្លែងនោះដើមឡើយ គេហៅថាចម្ការ តាកង យាយជុំ លុះដល់មកខាងក្រោយក៏ក្លាយទៅជាហៅថា អ្នកតា កង ជុំ រហូតមកដល់សព្វថ្ងៃនេះ ។
មានកូនប្រុស តាកង យាយជុំ ម្នាក់ឈ្មោះ ឈុំ ជាអ្នកកាន់កាប់ថែរក្សាអ្នកតាកង ជុំ នេះ តែមិនបានជាន់ទេ គ្រាន់តែបាំងម្ដងៗ ក្នុងពេលដែលគ្រូ ឈុំ ត្រូវទៅព្យាបាលជំងឺ ឲ្យបានដឹងជាមុនថា ជំងឺនេះមើលបានជំងឺនេះមើលមិនបានតែប៉ុណ្ណោះ ។
សព្វថ្ងៃអ្នកស្រុកតែងតែគោរពបូជា កាលបើស្រុកមិនស្រួល ដោយមានជំងឺរាតត្បាត គេបបួលគ្នាធ្វើបុណ្យកម្សាន្ត សុំឲ្យបានសេចក្ដីសុខសប្បាយ មាននិមន្តព្រះសង្ឃ ៨ អង្គមកឆាន់ សូត្រធម៌ដារមានធម៌កុសលា ជាដើម ហើយមានរៀបធ្វើរទេះសេះ- គោ- ក្របី- ដំរី ដោយដើមចេក ផ្ទុកដោយនំចំណីគ្រប់មុខក្នុងនោះបញ្ជូនទៅ ដើម្បីឲ្យបានសេចក្ដីសុខសប្បាយ ។ កាលបើធ្វើបុណ្យរួចកាលណា ក៏ឃើញស័ក្ដិសិទ្ធិប្រាកដមែន ។
ម៉្យាងទៀត បើដល់ខែពិសាខហើយ មិនមានភ្លៀង អ្នកស្រុកបបួលគ្នា ធ្វើបុណ្យបួងសួងសុំទឹកភ្លៀង ដូចរៀបរាប់ខាងក្រោមនេះ ។
ពីល្ងាចនិមន្តព្រះសង្ឃ ៤ អង្គ សូត្រធម៌ប្រែអាកាស មានសូត្រធម៌ជ័យន្តោជាដើម រៀបធ្វើរាជវ័តិព័ទ្ធជុំវិញ ឲ្យលោកគង់ខាងក្នុង ពួកឧបាសក-សិកានៅខាងក្រៅ មានបាត្រ គ្រប់លោកទាំង ៤អង្គ ទឹក អប់ដាក់គ្រប់បាត្រ ទាំង ៤ ឲ្យលោកសូត្រធម៌បាចទឹកគ្រប់ទិសទាំង ៤ គេធ្វើនេះនៅចំពោះមុខអ្នកតា លុះព្រឹកឡើងទើបនិមន្តព្រះសង្ឃច្រើនអង្គ (មិនមានកំណត់) គឺបើលោកក្នុងវត្តមានប៉ុន្មាន គេនិមន្តទាំងអស់ទៅកន្លែងអ្នកតា មានអាចារ្យ ៣នាក់រៀបស្លាធម៌ ១ គូ ចម្អាប ១ ស្ពក បង្អែម ១ថាស ដាក់ចំពោះមុខអ្នកតា ហើយនាំគ្នាយកបាយមករាប់បាត្រ និមន្តព្រះសង្ឃ សូត្រធម៌ កុសលា ជាដើម រួចប្រគេនព្រះសង្ឃឆាន់ អាចារ្យនាំគ្នាអុជទៀនធូបបួងសួងសុំទឹកភ្លៀង ហើយចាប់ចម្អាប និងបង្អែមគ្រប់មុខយកមកថ្វាយអ្នកតា ។ ឯអាស្រមអ្នកតានោះ មានទំហំ ២ ម បួនជ្រុង សសរឈើប្រក់ក្បឿង មានរានហាលខាងមុខ ១ ម មានដើមឈើធំៗ ខ្ពស់ៗ ពីខាងត្បូង ខាងកើត ខាងជើង និងខាងលិច មានភ្នំមួយឈ្មោះភ្នំទទា បានជាហៅថា ភ្នំទទា ពីព្រោះភ្នំសម្បូរដោយសត្វទទា ព្រានទាក់សត្វតែងតែមកទាក់នៅភ្នំនោះ បានជាប់ឈ្មោះថាភ្នំទទាៗ រហូតមកដល់សព្វថ្ងៃនេះ ។
នៅលើភ្នំនោះមានវត្តមួយហៅថា វត្តទទាដែរ មានព្រះសង្ឃជាច្រើនអង្គគង់នៅរៀនសូត្រគ្រប់វិន័យ មានរៀបធ្វើជាជណ្ដើរដោយបេតុងអាបេ ពីជើងភ្នំរហូតដល់កំពូលភ្នំ ។ ឯភ្នំមានកម្ពស់ប្រហែល ១០០ ម ។