ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/21
២១- អ្នកតាកង្ហារដែក
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី ១៣៦ – ១៣៩
អ្នកតាកង្ហារដែកស្ថិតនៅលើភ្នំជីសូរ សម័យមុនហៅថាភ្នំបារមីជីសូរ បច្ចុប្បន្នហៅថាគិរីសោភ័ណ នៅសង្កាត់រវៀង ស្រុកសំរោង ខេត្តតាកែវ ។
អ្នកតានោះមានអាយុប្រមាណជាជាងមួយសតវត្សមកហើយ បើគេឡើងទៅលើភ្នំ តាមផ្លូវខាងកើតត្រង់កំពែងបុរាណមួយ ឈ្មោះថា សែនធមល "ធ្មល់" តាមជណ្ដើរកាច់នោះនោះ ឡើងទៅដល់ខាងលើ ត្រង់មាត់ទ្វារចូលទៅតាមកំពែងបន្ទាយសិលាទៅកាន់ប្រាសាទ ផ្លូវនោះបិទជិត គេត្រូវងាកឡើងទៅខាងឆ្វេង ឬ ខាងស្ដាំទៅវិញ ។ ត្រង់កន្លែងផ្លូវបុរាណនោះ បានជាខ្ទមតាកង្ហារដែក ទៅនៅលើកំពែងបន្ទាយសិលានោះទៅវិញ ។ ផ្ទះអ្នកតានោះសង់ឡើងដោយឥដ្ឋប្រក់ក្បឿងមានបណ្ដោយ ៣ម. ទទឹង ២ម. ៥០ ។ ក្នុងខ្ទមពីខាងក្រោយ មានរាងជាថ្នាក់ៗ មានកម្ពស់ទាំងអស់ចំនួន ៧ តឹក សម្រាប់តម្កល់រូបសំណាកអ្នកតានិងអ្នកយាយ រូបនោះមានរបៀបជាបុរាណវត្ថុ មានរាងកំប៉ោង អង្គុយជើងម្ខាងបត់ ជើងម្ខាងបញ្ឈរជង្គង់ ដៃកាន់កង្ហារធ្វើដោយដែក រូបសំណាកអ្នកយាយអង្គុយបត់ជើងរូបនោះមានផើងពីរ ពេញដោយជើងធូប មានកន្លែងបិទទៀន មានភាជន៍មួយសម្រាប់ដាក់ប្រាក់ ដែលគេយកទៅថ្វាយ ។ ពីខាងមុខ និងសងខាងអ្នកតា មានទង់ចងប្រជ្រៀតគ្នា និង ឡង់-តាំងយូជាច្រើន ដែលគេយកទៅថ្វាយ ។ នៅក្បែរជញ្ជាំងមានច្រើនតែសក់ ដែលអ្នកបន់គេកោរថ្វាយអ្នកតានោះ ។
មនុស្សទាំងឡាយ ទោះជិតក្ដីឆ្ងាយក្ដី តែងតែចូលទៅគោរពបូជា បន់ស្រន់រៀងរាល់ថ្ងៃពុំដែលខាន ជាពិសេសនៅចូលឆ្នាំម្ដងៗ ។ ក្នុងរវាង ៣ថ្ងៃនោះ នៅតាមផ្លូវពីខាងត្បូងត្រពាំងស្រង់ ស្ទើរតែរកដើរពុំរួច ព្រោះមនុស្សច្រើនដើរប្រជ្រៀតគ្នារហូតដល់កំពូលភ្នំ ។ ក្នុងមួយឆ្នាំៗ គ្រាន់តែតង្វាយព្រះ និងអ្នកតានោះ ប្រមាណជា ៤.០០០ ឬ ៥.០០០រៀលយ៉ាងតិច ។
កាលពីឆ្នាំ ១៩៣៥ រាជការបារាំងសែស បានឡើងទៅរៀបចំសិលានៅលើភ្នំនោះ បានសុំរុះរើខ្ទមអ្នកតានោះចេញ លោកគ្រូចៅអធិការព្រះនាម ប៉ុល ក៏ព្រមអនុញ្ញាតឲ្យរុះរើ ប៉ុន្តែលោកឲ្យទៅនិយាយនឹងអ្នកតានោះផង គឺឲ្យរៀបចំបញ្ជាន់រូប និយាយឲ្យគេសុខចិត្តផងទើបបាន ។ ពេលនោះបារាំងសែសក៏រៀបពិធីបញ្ចូលអ្នកតានោះ គេឲ្យទៅអញ្ជើញរូបដែលចូលនោះមក រូបនោះនៅខាងកើតភ្នំឈ្មោះ តា ឯក ប្រពន្ធឈ្មោះ ញឹក ផ្ទះក្នុងសង្កាត់ស្លា ស្រុកសំរោង ខែត្រតាកែវ ។ ក្នុងពេលបញ្ចូលនោះ គេរៀបពិធីសព្វគ្រប់ មានបាយសម្ល បង្អែម ចម្អាប មាន់ស្ងោរ ជ្រូកខ្វៃ មានអុជ ផាវប្រអប់ប្រវែង ២ ម. លេងភ្លេងខ្មែរបុរាណ ភ្លេងពិណពាទ្យ ឆៃយ៉ាំ ដើម្បីនឹងបញ្ចូលអ្នកតា ហើយសុំរុះរើកន្លែងនោះចេញ ។ ដល់អ្នកតាចូលរូបនោះ បារាំងក៏ចូលជជែកជាមួយនឹងរូប បារាំងចេះភាសាខ្មែរខ្លះដែរ ពេលនោះបារាំងនិយាយពីពង្សាវតារថា កន្លែងនេះជាដំបូលកំពែងសិលា ព្រោះបន្ទាយកំពែងសិលាកើត មិនមែនអ្នកតាកើតមុនបន្ទាយកំពែងសិលាទេ អ្នកតាទើបនឹងកើតក្រោយយ៉ាងពិតប្រាកដ" ។ ពេលនោះអ្នកតាក៏ព្រមចុះចាញ់បារាំង បារាំងក៏អញ្ជើញឲ្យទៅនៅជ្រុងកំពែងខាងជើង គេនឹងរៀបផ្ទះសងវិញឲ្យបានល្អដូចដើម ព្រោះហេតុហ្នឹងហើយបានជាសព្វថ្ងៃនេះ គេឃើញអ្នកតាកង្ហារដែកស្ថិតនៅខាងជើងវិញ ។ កន្លែងផ្ទះអ្នកតានោះ ក្រោយដែលរុះរើផ្ទះអ្នកតាចេញហើយ បារាំងក៏រៀបចំចាក់ដីបំពេញ ហើយរៀបដុំថ្មដែលធ្លាក់បាក់បែកនោះ ដាក់ឲ្យបានស្រួលដូចដើមឡើងវិញ ។ នៅខាងក្នុងបន្ទាយដែលមានដីដុះ កម្ពស់ប្រមាណ ០ម. ៧០ ក៏បារាំងឲ្យរែកដីនោះចេញអស់ បានស្អាតបាតរហូតដល់សព្វថ្ងៃនេះ ។
មានចម្រៀងមួយបទដែលទាក់ទងនឹងអ្នកតានោះ
ជារបៀបសុំពរថា
ព្រះឥសូរជាកំពូលនៃទេវតា ហើយនិងអ្នកតា
ឈ្មោះកង្ហារដែក លោកមានឫទ្ធិពេញចម្លែក
អ្នកស្រុកពឹងផ្អែក ទាំងប្រុសទាំងស្រី ។
បន្ទរ ប្រាសាទនាងខ្មៅ ស្រីស្រស់ស្រងៅ
មានឫទ្ធិចេស្ដា សូមជួយខេមរា
សូមជួយខេមរា និងរក្សាផែនដី ។
សេចក្ដីបញ្ជាក់ រឿងអ្នកតាកង្ហារដែកដែលខ្ញុំសរសេរមកនេះ គឺខ្ញុំបានដឹង ដោយបានទៅសំណាក់នៅនឹងវត្តភ្នំជីសូរនោះ ក្នុងពេលដែលបារាំងបានទៅរៀបចំសិលាប្រាសាទនៅលើភ្នំជីសូរនោះ ។
មួយទៀត តាម្នាក់ឈ្មោះគ្រូ ញាណ ផ្ទះនៅភូមិជន្លាត់ដៃ សង្កាត់រវៀង ខាងលិចភ្នំ បានឲ្យការណ៍ថា "អ្នកតានេះមិនមែនឈ្មោះដូចសព្វថ្ងៃនេះទេ ក្នុងរវាងជាង ៤០ ឆ្នាំមកហើយអ្នកតានោះចូលរូប គាត់ក៏បានសួរផ្ទាល់នឹងរូបអ្នកតានោះថា ហេតុអ្វីក៏ឈ្មោះថាកង្ហារដែក?”
អ្នកតាឆ្លើយថា ដើមឡើយយើងឈ្មោះ ដំបងដែក មិនមែនឈ្មោះកង្ហារដែកទេ ព្រោះយើងមានឥទ្ធិពលខ្លាំងណាស់ សូម្បីតែដើមត្នោត ក៏យើងយកមកគ្រវីឲ្យវិលដូចកង្ហារបានដែរ ហេតុហ្នឹងហើយបានជាអ្នកស្រុកហៅថា កង្ហារដែកៗរហូតមក ។
សួរ ៖ ចុះមានអ្នកតាមានឥទ្ធិពលជាងនេះទៀតទេនៅក្នុងស្រុកនេះ ?
ឆ្លើយ ៖ គ្មានទេ ក្នុងខែត្រទាំងមូលមានតែយើងធំជាងគេ ហើយមានឥទ្ធិពលជាងគេ បើមានឥទ្ធិពលជាងយើង ហើយធំជាងយើងនោះមានតែនៅឯភ្នំគូលែនឯណោះ ។
សួរ ៖ ចុះរូបសំណាកម្ដេចក៏មានកាន់កង្ហារដែកទៅវិញ?
ឆ្លើយ ៖ រូបសព្វថ្ងៃនេះគេកសាងក្រោយទេ ឯរូបមុននោះគេធ្វើកាន់ដំបងដែក ។