ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/24
២៤- អ្នកតាយាយខ្មៅ
នៅស្រុកបាសាក់ ភូមិសង្កែ ឃុំទ្រឿងខាញ ខែត្រឃ្លាំង
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី ១៧៧ – ១៨៥
រឿងនេះ តែងតាមពាក្យចាស់ព្រឹទ្ធាចារ្យ ដែលបានដឹងរឿងរ៉ាវនោះជាច្រើនគ្នាសឹងមានដំណាលសេចក្ដីប្រហែលៗគ្នាទាំងអស់ថា កាលដែលពុទ្ធសករាជកន្លងទៅបានប្រហែល ២.០០០ ឆ្នាំ មានព្រះសង្ឃមួយអង្គនាមលោកតា ស្រី ។ ដើមឡើយលោកបួសនៅវត្តពាងសំរឹទ្ធ ឃុំអាំងនិញ ខែត្រជាមួយគ្នា លោកនោះបាននិមន្តទៅកវត្តថ្មីមួយ នៅភូមិសង្កែ ហៅតាមនាមភូមិថា "វត្តសង្កែ" ។ កាលដែលផ្ដើមកវត្តនោះ លោកបានបោះគោលចារឹកគ្រប់ទាំងបួនជ្រុង ទំហំដីវត្តប្រមាណ ២ហិកតារ ហើយបានសង់វិហារ-កុដិ-សាលា ដោយគ្រឿងឈើប្រក់ស្លឹក លើកដីជុំវិញវត្ត ដាំដើមឈើផ្សេងៗ មានចេកជាដើម ។ មានកន្លែងមួយនោះ លោកឲ្យដាំដើមចេកទៅ ចេះតែរលួយគល់ ងាប់ទាំងដើម លោកចង់ឈ្នះក៏ប្រើសិស្សឲ្យដាំកន្លែងនោះទៀត ចេកក៏ងាប់ជាគម្រប់ ២លើក លុះដាំលើកទី ៣ ស្រាប់តែឃើញមានកូនចេកដុះ ដើមពង់កោងឡើងលើផុតពីដី ឯចុងចាក់ទៅក្នុងដីក្បែរគល់តែម្ដង ។
លោកតាឃើញហេតុដូច្នោះ មានសេចក្ដីសង្ស័យណាស់ ទើបប្រើកូនសិស្សឲ្យជីកដីត្រង់កន្លែងនោះ ជីកបានជម្រៅប្រហែល ០ម.៥០ ស្រាប់តែឃើញថ្ម ២ផ្ទាំងតម្រួតលើគ្នា ឯថ្មនោះសោតក៏មានបែបភាពដូចគ្នាទាំងពីរផ្ទាំង ហើយមានពណ៌ដូចថ្លើមអណ្ដើក មានប្រហោងមួយរាងបួនជ្រុងនៅកណ្ដាល ឥតមានក្បាច់អ្វីឡើយ ។
អំពីលក្ខណៈយាយខ្មៅ
នៅវេលាដែលលើកថ្មនោះឡើង គេបានឃើញរូបយាយខ្មៅនោះដេកនៅនឹងដីពីខាងក្រោមថ្មនោះឯង ។ ពេលនោះ ព្រះសង្ឃព្រមទាំងឧបាសក ឧបាសិកា ស្រុកជិតឆ្ងាយ កើតកោលាហលបបួលគ្នាមកមើលយ៉ាងកុះករ ថែមទាំងនាំគ្នាធ្វើបុណ្យ ៣យប់ ៣ថ្ងៃ រួចក៏យកអំបោះចងកួចភ្ជាប់នឹងរូបនោះ ហើយអន្ទងលើកឡើង ដុសខាត់ទៅឃើញរូបស្ត្រីភាព មានផ្នួងសក់ចំកណ្ដាលសិរសាខាងលើ ។ នៅលើថ្ងាសមានជរទ្រជើងសក់ តែលែងខ្លួនទទេត្រឹមចង្កេះ ហើយមានស្នាមឆូតៗ ជាខ្សែក្រវាត់ចងលើថ្នក់សំពត់ ។ ឯសំពត់ស្លៀកសម្លុយ ដៃសងខាងសណ្ដូកផ្អោបនឹងដងខ្លួនចុះក្រោម ពីត្រឹមកែងអង្កុញបត់ទៅមុខ ឯដៃស្ដាំក្ដាប់ផ្កាប់ចុះក្រោម ដៃឆ្វេងក្ដាប់ផ្ងារឡើងលើ ទទឹងស្មា ០ម. ១៣ កម្ពស់ពីបាតជើងទៅដល់ផ្នួងសក់ ១ម. ៥៣ ឈរលើផែនថ្ម ១ផ្ទាំង រាង ៤ជ្រុង ក្នុង១ជ្រុង ប្រវែង ០ម.១៤ ស្មើគ្នាទាំង៤កម្រាស់ ០ម.០៤ ។ ឥឡូវនេះ គេលាបម្រ័ក្សណ៍ទាំងអស់ ពិនិត្យមើលទៅមិនដឹងជាថ្មពណ៌បែបណាឡើយ ថែមទាំងគេតម្កល់លើបល្ល័ង្កឈើ ហើយសង់សាលាមួយខ្នងដាក់រូបនោះទៀតផង ។
អំពីរូបយាយខ្មៅ
តាមដំណើរនៃរឿងនោះថា កាលនោះមានយាយចាស់ម្នាក់ឈ្មោះ ខ្មៅ ផ្ទះគាត់នៅជិតវត្តសង្កែនោះ គាត់ឈឺស្ពឹកហើយហើមអស់ទាំងខ្លួនជាង ២ ឆ្នាំមកហើយ លុះឮថាមនុស្សផ្អើល នាំគ្នាមកបន់ស្រន់បូជាដល់រូបនោះ ច្រើនពន់ពេកណាស់ គាត់ក៏ប្រើកូនទៅសុំទឹកយកមក ហើយគាត់ផឹកផងលាបខ្លួនប្រាណផង ។ ចាប់ដើមពីថ្ងៃដែលគាត់បានព្យាបាលរោគ ដោយទឹកអប់នោះមក រោគកាន់តែកាន់ស្រាន្តបន្តិចម្ដងៗ តែ ៧ ថ្ងៃប៉ុណ្ណោះ យាយក៏ដើររួច ហើយឲ្យកូននាំគាត់ទៅវត្ត ។ ដល់ហើយគាត់ចូលទៅក្រាបថ្វាយបង្គំរូបនោះ ស្រាប់តែក្រញែងខ្លួនចូលដូចអារក្ស ហើយក្រោកឡើងស្រែកច្រៀងជាបទភ្លេងទសបារមី រាំដើរប្រទក្សិណរូបនោះ រួចនិយាយថា "លោកគ្រូមិនស្គាល់យើងទេឬ?” ឯលោកតាជាចៅអធិការឆ្លើយតបទៅវិញថា "អាត្មាភាពមិនស្គាល់លោកយាយទេ ចុះលោកយាយឈ្មោះអ្វី ដូចម្ដេចបានជាមកកប់ខ្លួនក្នុងដីនេះ តើនរណាគេយកមកកប់ដូច្នេះ?” ។ យាយចូលនោះតបទៅវិញ "យើងនេះឈ្មោះ ទេពធីតា រក្សាមនុស្សលោក ការដែលមកកប់ខ្លួនក្នុងប្រឹថពីនោះ ឬ នរណាយកមកនោះ យើងឥតដឹងទេ តែយើងតែងចុះមកជួយសង្គ្រោះមនុស្សក្នុងស្រុកនេះ ឲ្យបានសេចក្ដីសុខសប្បាយទាំងអស់គ្នា បើលោកគ្រូចង់ឲ្យវត្តលោកថ្កុំថ្កើងរុងរឿង ត្រូវតែធ្វើតាមបង្គាប់យើងតាមរបៀបដូចមានតទៅនេះចុះ
អំពីរបៀប
គឺ ឲ្យធ្វើរាន ៨ថ្នាក់ ស្លាធម៌មួយគូ ទឹកអប់ ២គូ បាយសី ១គូ ក្លស់បាំង ១គូ ទៀន ៥ ធូប ៥ លាជ ៥ ផ្កា ៥ រួចហើយមានឲ្យលេងភ្លេងខ្មែរបញ្ជាន់រូបយាយ ខ្មៅថែមទៀត។ កាលបើយាយ ខ្មៅ ថ្លែងប្រាប់ដល់លោកគ្រូចៅអធិការដូច្នោះរួចហើយ លោកក៏បានចាត់ការធ្វើតាមបង្គាប់ ។
ពិធីបន់ស្រន់
តាំងពីដើមរៀងមករហូតដល់សម័យឥឡូវនេះ ការបន់ស្រន់នៅតែមានធ្វើដរាប ។ កាលបើមានជំងឺអ្វីកើតឡើង ឬគេចង់សួរការអ្វី ពុំនោះសោតគេប្រាថ្នាធ្វើស្រែឲ្យបានផល រកស៊ីធ្វើការសព្វសារពើ ឲ្យបានចម្រើន គេតែងទៅបន់ស្រន់សុំទឹកអប់ អំបោះចងដៃនិងចងក តាមសេចក្ដីប្រាថ្នាអំពីរូបនោះ ដោយហោចទៅ សូម្បីចង់បានបុត្រធីតាក៏ទៅសុំក្នុងទីនោះដែរ ។
អំពីសែនថ្វាយ
គ្រឿងតង្វាយនោះគឺ មានធ្វើបុណ្យហែផ្កា ថ្វាយអង្ស័ក កងក កងដៃ អង្កាំ ចិញ្ចៀន សុទ្ធតែធ្វើដោយមាស ទម្ងន់ពីមួយជីទៅទល់និងមួយតម្លឹងក៏មាន ។ ជួនកាលគេថ្វាយបាយសី ស្លាធម៌ដូង ចេក នំ ឬក្លស់ តែសព្វថ្ងៃនេះគេច្រើនថ្វាយឡង់2មួយគូប៉ុណ្ណោះ ឬកោរសក់ថ្វាយក៏មាន ។ លុះដល់យាយ ខ្មៅ ស្លាប់ទៅ ក៏ទៅចូលរូបយាយដទៃជាច្រើនតំណ តែទោះជាចូលរូបយាយណាក៏ដោយក៏ហៅថា "យាយខ្មៅ" ដូចឈ្មោះយាយដែលចូលរូបពីដំបូងនោះដែរ ។
បទភ្លេង
ពិធីបញ្ជាន់រូបយាយ ខ្មៅ នោះមានរបៀបសែនថ្វាយដូចបានបរិយាយមកខាងលើស្រាប់ ឯភ្លេងមានតែមួយបទទេគឺ បទទសបារមី ឬហៅថាបទបារមីក៏បាន មានទំនុកច្រៀងថា
សូមថ្វាយបង្គំ សម្ដេចបារមី មានរិទ្ធិក្រៃ អំណាចជាក់ស្ដែង ។
មិនដឹងទេឬ? ឈ្មោះទេពធីតា ចុះមករក្សា មនុស្សលោកសព្វថ្ងៃ ។
អញ្ជើញគ្រូតូច អញ្ជើញគ្រូធំ ស្ថិតលើកំពូលភ្នំ ចុះមកស្ថានអាយ ។
នាងស្រីខ្មៅញាប់ អណ្ដាតជាភ្លើង គ្រលួចឆេះឡើង បង្ក្រាបបិសាច ។