ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/25

២៥- អ្នក​តា តា​លាក់


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ១៨៣ – ១៨៥




នៅ​ក្នុង​ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម (កំពង់ចាម) ឮ​គេ​ដំណាល​ថា កាល​ដែល​ស្រុក​ខ្មែរ​កើត​វិបរិត​ជា​មួយ​នឹង​ចាម ទ័ព​ខ្មែរ​មាន​ជ័យ​ជម្នះ​បាន​ដេញ​ទ័ព​ចាម​ខ្ចាត់​ខ្ចាយ​អស់ ។ មេ​ទ័ព​ចាម​មួយ បាន​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ពួន​ក្នុង​ព្រៃ​អំពៅ ដោយ​អត់​អាហារ​យូរ​ថ្ងៃ​ពេក ក៏​ស្លាប់​នៅ​ទី​នោះ​ទៅ តែ​ដោយ​កំហឹង​គំនុំគំកួន​នឹង​បច្ឆា​មិត្ត​ខ្លាំង​ពេក ក៏​កើត​ជា​អ្នក​តា​មួយ​ពូកែ​អស្ចារ្យ ។ លុះ​អ្នក​ស្រុក​ដឹង​ថា​មាន​អ្នក​តា​ពូកែ ក៏​ធ្វើ​រោង​ក្បឿង​មួយ​ខ្នង​គ្រប​លើ​ផ្នូរ​អ្នក​តា លាក់ ។ តា​លាក់ នេះ គាត់​ធ្វើ​តែ​អ្នក​ណា​ដែល​ស៊ី​សាច់​ជ្រូក ព្រោះ​គាត់​ចាម ដូច្នេះ​អ្នក​ស្រុក​កៀន​ជ្រៃ ប៉ែក​ខាង​ជើង​ព្រែក​ទាំង​មូល មិន​ហ៊ាន​យក​សាច់​ជ្រូក​ចូល​ទៅ​ក្នុង​ស្រុក​ភូមិ​ទេ បើ​មាន​បុណ្យ​ទាន​អ្វី ប្រើ​តែ​សាច់​គោ​និង​ប្រេង​ប៉ុណ្ណោះ ។ ពី​ឆ្នាំ ១៩៣៦ ឬ ៣៧ មាន​ឈ្មោះ ហ៊ុល ហេន នៅ​ស្រុក​ស្ទឹង​ត្រង់ កំពង់​ចាម បាន​ទិញ​ឡាន​មួយ​យក​ទៅ​រត់​ឈ្នួល​ឯ​ស្ទឹង​ត្រង់ បើក​ឡាន​ទៅ​ដល់​រោង​តា​លាក់ ក៏​ចុះ​ទៅ​បន់​សុំ​ឲ្យ​ជួយ ឲ្យ​បាន​ចម្រើន​ក្នុង​របរ​រត់​ឡាន​នេះ និង​ថ្វាយ​ទេស​ឯក​ប្រវែង​ផ្នូរ ហើយ​ក៏​ចេញ​ឡាន​ទៅ ។ យប់​នោះ​ឯង​តា​លាក់​ទៅ​ពន្យល់​សប្ដិ ហ៊ុល ហេន ថា "អញ​មក​រក្សា​ឡាន​ឲ្យ​ហើយ តែ​កុំ​ទទួល​ដាក់​សាច់​ជ្រូក​ឲ្យ​សោះ" ។

ពីរ​បី​ខែ​ដំបូង ហ៊ុល ហេន មិន​ហ៊ាន​ទទួល​ដាក់​អ្នក​ជិះ​ឯ​ណា​ដែល​មាន​សាច់​ជ្រូក​សោះ រក​ស៊ី​ឃើញ​ចំណេញ​គ្រាន់​ទប់​ទល់ ត​ៗ​មក​ម្ចាស់​ឡាន​ចេះ​តែ​លួច​ដាក់​សាច់​ជ្រូក​បន្តិច​ៗ ឡាន​ចេះ​តែ​ខូច បែក​កង់ ខូច​ម៉ាស៊ីន មួយ​ថ្ងៃ​ធ្លាប់​រត់​បាន​បី​ជើង ទៅ​ជា​មិន​បាន​មួយ​ជើង​ផង​ក៏​មាន ខាត​ៗ​ទៅ​ទាល់​តែ​រក​ស៊ី​លែង​បាន ។ ម៉្យាង​ទៀត តា​លាក់​នេះ​ពី​ដើម​នៅ​ក្បែរ​មាត់​ទន្លេ​ទេ លុះ​ដី​បាក់​ជិត​ៗ​មក ក៏​ស្រាប់​តែ​ឃើញ​ផ្នូរ​គាត់ ទៅ​នៅ​ឯ​កណ្ដាល​ចម្ការ ឆ្ងាយ​ពី​មាត់​ទន្លេ​ទៅ​វិញ អ្នក​ស្រុក​ក៏​រើ​រោង​តាម​ទៅ ។

នៅ​ឃុំ​កៀន​ជ្រៃ គួរ​ឲ្យ​សើច​ណាស់ ត្រើយ​ព្រែក​ម្ខាង អ្នក​ស្រុក​បរិភោគ​សាច​ជ្រូក ត្រើយ​ម្ខាង​បរិភោគ​មិន​បាន ជន​ឯណា​ចចេស​នឹង​បាន​ចុក​ពោះ​មិន​ខាន ។


ក្បួន​ហែ​អ្នក​តា

ពី​ល្ងាច​សូត្រ​មន្ត ព្រឹក​ឡើង​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ រួច​ហែ​បាយ ព្រលឹង​ទៅ​សុំ​ពរ​សព្ទ​សាធុ​ការ​ពី​អ្នក​តា សុំ​ឲ្យ​មាន​ទឹក​ភ្លៀង​បរិបូណ៌ ធ្វើ​ស្រែ​ចម្ការ​ឲ្យ​បាន​ល្អ សុំ​កុំ​ឲ្យ​មាន​ជំងឺ​ដង្កាត់ និង​សុំ​ឲ្យ​ស្រុក​បាន​សុខ​សាន្ត​ត្រាណ​ជា​ដើម ។ បាយ​ព្រលឹង​នេះ គេ​យក​ទៅ​ជូន​អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ខែត្រ មាន​អភិបាល​ខែត្រ ឬ​អភិបាល​ស្រុក​ជា​ដើម ។ តាម​ទំនៀម​ដែល​ឡើង​អ្នក​តា បើ​ធ្វើ​តាម​ទម្លាប់​នោះ ត្រូវ​សង់​រោង​យ៉ាង​អ៊ឹកធឹក​ណាស់ មាន​ល្បែង របាំ ភ្លេង​ភ្លាត់ មេ​ឃុំ​ម្នាក់​ត្រូវ​ធ្វើ​រោង​របស់​ខ្លួន ។ ម៉្យាង​ទៀត គេ​ត្រូវ​កាប់​ក្របី​ឃ្លៀច​ថ្វាយ​អ្នក​តា​ផង ទំនៀម​ថ្វាយ​សត្វ​រស់​នេះ មាន​ធ្វើ​នៅ​ខែត្រ​បាភ្នំ ចំពោះ​អ្នក​តា​មេស នៅ​ខែត្រ​ស្ទឹង​ត្រែង ។ល។ ក្នុង​ស្រុក​កំពង់​ត្របែក នៅ​ឃុំ​ព្រះ​ធាតុ មាន​អ្នក​តា​នាង​ស​ល្អ​ស្អាត អ្នក​តា​នោះ​ស៊ី​តែ​ទន្សាយ ។ អ្នក​ស្រុក​និយាយ​ថា នៅ​ឱកាស​ដែល​រៀប​ពិធី​ឡើង​អ្នក​តា តែ​មាន​ទន្សាយ​រត់​ចូល​មក ឲ្យ​ចាប់​សម្លាប់​ថ្វាយ​អ្នក​តា​ភ្លាម ឥឡូវ​នេះ​គេ​បាន​យក​ជ្រូក​ជំនួស​ទន្សាយ​វិញ ។


តង្វាយ​អ្នក​តា

អ្នក​តា​ទាំង​អស់​លើក​លែង​តា លាក់ និង​យាយ ទេព​ចេញ​សុទ្ធ​តែ​ត្រូវ​ការ​ក្បាល​ជ្រូក​ទាំង​អស់ ចំណែក​តា​លាក់ និង​យាយ ទេព ត្រូវ​ការ​បាយ​ដំណើប ប្រហុក​អាំង សំពត់​ស ក្លស់ ទៀន ធូប ។ អ្នក​តា​ឯទៀត​ត្រូវ​ការ​សំណែន​ជា​បាយ​ម្ហូប​ស្រា​ក៏​មាន ចេក​ស្លា​ធម៌​ក៏​មាន ។ល។