ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/26
២៦- អ្នកតា តាថង
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី ១៨៧ – ១៩០
អ្នកតាតា ថង នេះសព្វថ្ងៃស្ថិតនៅលើកំពូលភ្នំដងរែក ឃុំអូរស្មាច់ ស្រុកសំរោង ខែត្រឧត្តរមានជ័យ ។ តា ថង មានឫទ្ធិអំណាចខ្លាំងពូកែណាស់ អាចជួយការពារកងទ័ពជាតិ ឲ្យរួចអំពីការបៀតបៀននៃខ្មាំងសត្រូវបាន ។
តាមឮចាស់ៗដំណាល់តៗគ្នាមកជាយូរយារមកហើយ ថាមានឈ្មោះតា ណន ថន និយាយថាអ្នកតានេះ ខ្លាំងពូកែតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះ ។ ថាកាលពីឆ្នាំ ១៩៦៤ ពួកខ្មែរសេរីបានមកឡោមព័ទ្ធ បាញ់ប៉ុស្តិ៍អូរស្មាច់យើងដ៏ខ្លាំងអស្ចារ្យ គឺបាញ់ដោយកាំភ្លើងត្បាល់ តែបាញ់ពីខាងកើត ធ្លាក់ហួសទៅខាងលិចបន្ទាយ បាញ់ពីខាងត្បូង ធ្លាក់ហួសទៅខាងជើងបន្ទាយ ។ ជាពិសេសទៀត គ្រាប់បែកដែលធ្លាក់មកក្នុងបន្ទាយហើយ ថែមទាំងមិនបែកទៀត នេះ គឺដោយឥទ្ធិឫទ្ធីតា ថង ។
នៅចុងឆ្នាំ ១៩៦៤ ពួកខ្មែរសេរីជាច្រើននាក់ ចូលមកដេញបាញ់ប្រពន្ធកងរាជតម្រួត2យើង ដែលទៅដងទឹកនៅអណ្ដូង ចម្ងាយពីបន្ទាយប្រមាណជា ៣០០ម ។ ពួកស្រីៗ ទាំងនោះរត់លូនគ្រប់ៗគ្នា ដោយឮសូរកាំភ្លើងផូងៗ ពីក្រោយកៀកៗណាស់ តែខ្មែរសេរីទាំងនោះរត់ដេញចេះតែដួល រត់បាន ៥-៦ម៉ែត្រដួល ដោយទាក់ជើងនឹងស្មៅវល្លិជាដើម ។ល។ លុះដល់គ្រាខាងក្រោយមកតា ថង ទៅចូលរូបប្រពន្ធរបស់នាយតម្រួតរងម្នាក់ឈ្មោះសឿន នៅអូរស្មាច់ ហើយនិយាយថា "ម៉េចអ្នកទាំងអស់គ្នាគិតយ៉ាងម៉េច បានជាមិនធ្វើផ្ទះឲ្យអញនៅផង ហើយកុំភ្លេចដាក់កាំភ្លើងឲ្យអញផង ដើម្បីអញជួយការពារខ្មាំងសត្រូវឲ្យ ។ ឃើញទេពីថ្ងៃមុន ពួកខ្មែរសេរីវាដេញបាញ់ប្រពន្ធប៉ូលិស អញគ្មានអីជួយបាញ់ការពារសោះ អញមានតែវល្លិទាក់ជើងវា កុំឲ្យវាបាញ់កូនចៅអញត្រូវ ឲ្យវារត់ដួល រត់ដួល រតេតរតូត ទាល់តែប្រពន្ធប៉ូលិសរត់រួចអស់" ។
រឿងនេះកងតម្រួតដឹងគ្រប់គ្នា ប៉ុន្តែពួកនោះមិននឹកដល់សោះដោយសារការបំពេញបេសកកម្ម នៅព្រំដែនញឹកញាប់ពេក ក៏ភ្លេចមិនបាននឹកសង់ខ្ទមដាក់កាំភ្លើងថ្វាយអ្នកតា ម៉្លោះហើយតា ថង ក៏ទៅស្នាក់នៅអាស្រ័យនៅនឹងដើមព្រីងមួយដើម នៅមុខបន្ទាយអូរស្មាច់នោះ ។ លុះមកដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ១៩៦៥ ពួកខ្មែរសេរី សៀម ប្រមាណជាង ៣០០ប្លាយនាក់ មកឡោមព័ទ្ធបន្ទាយអូរស្មាច់ លើកំពូលភ្នំដងរែក បាញ់ប៉ុស្តិ៍អូរស្មាច់យើង តាំងពីម៉ោង ៤ភ្លឺ ដល់ម៉ោង ១១ ថ្ងៃ កងរាជតម្រួតតែ ៣៥នាក់គត់ តនឹងខ្មាំង ៣០០ប្លាយនាក់ ។ ពួកខ្មាំងទាំងនេះបាញ់យ៉ាងខ្លាំងអស្ចារ្យ ដោយកាំភ្លើងត្បាល់ តូច ធំ និងកាំភ្លើងដៃស្វ័យប្រវត្តិ លាន់សឹងប្រេះភ្នំជា ៧ ភាគ ដីក្នុងបន្ទាយស្ទើរនឹងក្លាយទៅជាស្រះ អណ្ដូង ដោយសាគ្រាប់កាំភ្លើងត្បាល់ ។ ប៉ុន្តែដល់ទីបំផុតពួកយើងស្លាប់តែពីរនាក់គត់ ឯខាងខ្មាំងវិញឮថាស្លាប់អស់ ៥០ ប្លាយនាក់ ។
នៅពេលកំពុងបាញ់នោះ កងរាជតម្រួតយើងទាំងអស់គ្នា ហាក់ដូចជាមានគេមកខ្សឹបថា " ឲ្យមានសេចក្ដីអង់អាច ស្វាហាប់ ឡើង កុំតក់ស្លុត កុំភ័យឲ្យសោះ យើងនឹងជួយអ្នកទាំងអស់គ្នា" (នេះជាអានុភាពនៃ តា ថង) ។
នៅថ្ងៃទី ៣ ខែមករា ១៩៦៦ ការបាញ់គ្នាមិនទាន់ទាំងស្ងប់ផង មានអស់លោកប៉ូលិស ទាំងប្រពន្ធខ្ញុំបាទផង (សុខ សាមឿន) បានចុះពីលើភ្នំមកបញ្ជាន់រូបយាយ តឹម នៅផ្អុង រូបឆ្លើយថា "អញរវល់ណាស់ ដោយពួកសៀមវាលួងលោមបោកបញ្ឆោតអញ ឲ្យទៅស៊ីផឹកជាមួយគ្នា អញកំពុងតែស៊ីផឹក ស្រាប់តែពួកវានាំមកវាយប៉ុស្តិ៍អូរស្មាច់ ។ អញដឹងភ្លាម រត់មកជួយកូនចៅអញ កុំតែអញរត់មកទាន់ កុំអីស្លាប់កូនចៅអញអស់ហើយ អញស្ដាយណាស់ អញយំបោកខ្លួន ដោយអញមកដល់ កូនចៅអញស្លាប់អស់ ២ នាក់រួចទៅហើយ" ។ ការបញ្ជាន់រូបនេះ រូបក៏ឆ្លើយមកត្រូវដូចពេលកំពុងប្រយុទ្ធគ្នាមែន ហើយរូបនេះបន្ទោសថា "ពួកប៉ូលិសអូរស្មាច់ មិនសូវយកចិត្តទុកដាក់នឹងតា ថង សោះ តា ថង ឲ្យធ្វើខ្ទម ដាក់កាំភ្លើងឲ្យ ម្ដេចមិនធ្វើឲ្យ?” ចាប់ពីពេលនោះមក ក្រុមរាជតម្រួតយើង ក៏នាំគ្នាសង់ខ្ទមថ្វាយនៅខាងត្បូងបន្ទាយអូរស្មាច់ តាមផ្លូវចុះមកផ្អុង ។
អំពីការសង់ខ្ទម
ខ្ទមនេះធ្វើដោយឈើ សសរបណ្ដុះជើងគកកណ្ដាល ២ ដើម្បីធ្វើរានមុខ ។ សសរទំហំ មួយតឹកបួនជ្រុង ក្រាលក្ដារ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ។ នៅលើខ្ទមមានដាក់ថ្ម ១ដុំ ជានិមិត្តរូបអ្នកតា ថង ។ នៅមាត់ទ្វារមានដាក់ឈើជ្រុង ២ ដើម ជានិមិត្តរូបនៃកាំភ្លើងយន្ត ធុន ៣០មម. (ចិន) មានដាក់ដុំថ្ម ៥ ដុំ ជានិមិត្តនៃគ្រាប់បែក ។