ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/27

២៧- អ្នក​តា​តា​នុង


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ១៩១ – ១៩៥




អ្នក​តា​តា នុង សព្វ​ថ្ងៃ​ស្ថិត​នៅ​ខាង​កើត​វត្ត​ក្បាល​ស ភូមិ​ក្បាល​ស សង្កាត់​ក្បាល​ស ស្រុក​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ ។

មុន​និង​អធិប្បាយ​អំពី​អ្នក​តា តា​នុង សូម​អធិប្បាយ​អំពី​ភូមិ​ក្បាល​ស​បន្តិច ព្រោះ​ភូមិ​នេះ​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ឥទ្ធិ​ពល​របស់​អ្នក​តា ដូច​ត​ទៅ

ឈ្មោះ តា បេន នៅ​ភូមិ​ខាងលើ​នេះ បាន​អធិប្បាយ​អំពី​អ្នក​តា នុង យ៉ាង​ច្បាស់​លាស់​ណាស់​ប្រាប់​ខ្ញុំ​បាទ​ថា ចំនួន​ប្រមាណ​ជា ២ សតវត្ស​កន្លង​មក​ហើយ ភូមិ​-វត្ត សង្កាត់​ក្បាល​ស គេ​ហៅ​ថា វត្ត​-​ភូមិ-​សង្កាត់​ត្បាល់​ថ្ម​ទេ លុះ​ក្រោយ​មក អ្នក​តា​តា នុង ក៏​កើត​ឡើង​នៅ​ក្នុង​ភូមិ​នេះ ហើយ​មាន​ឫទ្ធិ​អំណាច​ខ្លាំង​ពូកែ​អស្ចារ្យ មាន​តេជះ​បារមី​ដ៏​មោះ​មុត​ពិត​ប្រាកដ ។ កាល​នោះ អ្នក​តា​នេះ​នៅ​ស្នាក់​អាស្រ័យ​នឹង​ដើម​យាង2​មួយ​ដើម​យ៉ាង​ធំ​នា​មុខ​វត្ត ក្បែរ​មាត់​ស្រះ ។ ស្រះ​នោះ​មាន​ទំហំ​ប្រហែល​ជា ២០០​ម មាន​ទឹក​ថ្លា​ហ្វង់​ដូច​កញ្ចក់ ។ ពី​ដើម​ស្រះ​នោះ​មាន​ជម្រៅ​ដល់​ទៅ ១០​ម ឬ ១៣​ម ឯណោះ សព្វ​ថ្ងៃ​នៅ​តែ​ជម្រៅ​តែ ៥-៦​ម ប៉ុណ្ណោះ​ទេ ។ នៅ​ថ្ងៃ ៨​កើត ៥​រោច ថ្ងៃ​ពេញ​បូណ៌មី និង​ថ្ងៃ​ខែ​ដាច់ តា​នុង តែង​តែ​សម្ដែង​ឥទ្ធិ​ពល​បញ្ចេញ​ភ្លើង ហោះ​ហើរ ភ្លឺ​ច្រាល​រន្ទាល​ពាស​ពេញ​ផ្ទៃ​អាកាស រួច​បញ្ចេញ​ភ្លើង​ឲ្យ​ផុស​ចេញ​ពី​ក្នុង​ទឹក ចំ​កណ្ដាល​ស្រះ​ប្រមាណ​ប៉ុន​ត្បាល់​បុក​អង្ករ ហើយ​មាន​សណ្ឋាន​ដូច​ត្បាល់ ពី​លើ​មាត់​ត្បាល់​បញ្ចេញ​ពន្លឺ​ភ្លឺ​សន្ធោ ពេញ​តែ​ក្នុង​ស្រះ​នេះ អ្នក​ស្រុក​នាំ​គ្នា​ទៅ​មើល​អ៊ូ​អរ និង​កោត​សរសើរ​គ្រប់​គ្នា ។

នៅ​ភូមិ​ក្បាល​ស​នេះ មនុស្ស​មិន​សូវ​ប្រកប​របរ​កសិកម្ម​ច្រើន​ទេ គេ​ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​ទាំង​ប្រុស ទាំង​ស្រី ទៅ​លើ​ភូមិ​ជិត​ខាង ។ លុះ​ប្រព្រឹត្ត​អំពើ​អកុសល​នេះ យូរ​ទៅ អ្នក​ភូមិ​ជិត​ខាង​កើត​ក្ដី​ក្ដៅ​ក្រហាយ ក៏​បបួល​គ្នា​បាន ៥០​នាក់ បម្រុង​មក​កាប់​សម្លាប់​អ្នក​ស្រុក​ដែល​ជា​ចោរ​នេះ​ចោល ដំណឹង​នេះ​បាន​ឮ​ដល់​លោក​តា សែង ម៉ៅ លោក​តា​ក៏​ទៅ​បន់​ស្រន់ សុំ​ឲ្យ​លោក​តា នុង ជួយ​ថា "សូម​លោក​តា នុង ជួយ​ខ្ញុំ​ជា​កូន​ចៅ​ឲ្យ​មាន​ជ័យ​ជម្នះ​នៅ​ពេល​នោះ ខ្ញុំ​នឹង​ថ្វាយ​ស្រា មាន់​ស្ងោរ ភ្លេង ៣​បទ ព្រម​ទាំង​សង់​ផ្ទះ​ថ្វាយ​ផង" ។ ការ​បន់​ស្រន់​ចប់​ហើយ​គាត់​ក៏​កាន់​កាំភ្លើង​បាញ់​សត្វ (កាំភ្លើង​ឡត) ទៅ​ឈរ​អែប​ក្បែរ​ដើម​យាង ដែល​លោក​តា​អាស្រ័យ​នៅ ជា​បន្ទាន់​នោះ អ្នក​ស្រុក​ដែល​ជា​ចោរ​ទាំង​ប៉ុន្មាន​ប្រហែល ៥០​នាក់ ក៏​មក​ដល់ ហើយ​បាញ់​ត​គ្នា​ទៅ អស់​ជិត​កន្លះ​ថ្ងៃ ចោរ​ទាំង​នោះ​ក៏​ស្លាប់​ដួល​ដេក​ពាស​ពេញ​នៅ​លើ​ដី ក្បាល​ចោរ​ឡើង​ស​សំព្រុស ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក វត្ត​-​ភូមិ និង​សង្កាត់​ត្បាល់​ថ្ម ក៏​ក្លាយ​ទៅ​ជា​ហៅ​ថា វត្ត ភូមិ និង​សង្កាត់​ក្បាល​ស​វិញ ជួយ​យក​អាសា​អ្នក​ស្លូត​ត្រង់​ដូច្នេះ​ហើយ ទើប​មាន​ពាក្យ​ប្រតិដ្ឋ​ជាប់​ជា​ស្លោក​ទុក​មក​ថា តា នុង គង់​ស្រុក តា នុង រក្សា​ស្រុក តា នុង ជួយ​ឲ្យ​ផុត​ភ័យ ។

មាន​រូប​សម្នឹង​ចូល​ត​គ្នា​រហូត​មក រូប​សព្វ​ថ្ងៃ​ឈ្មោះ​យាយ យឺន អាយុ ៧០​ឆ្នាំ (នៅ​រស់) ។ ការ​បន់​ក្ដី បញ្ជាន់​រូប​ក្ដី ឃើញ​ទាន់​ហន់​ដូច​ចិត្ត​ប្រាថ្នា​មែន ឧទាហរណ៍ កាល​ពី​ថ្ងៃ​ទី ១-៦-៦៦ នេះ​កង​រាជ​តម្រួត​យើង​ចំនួន ២០​នាក់ ទៅ​ស្នាក់​នៅ​វត្ត​ក្បាល​ស​នេះ ស្រាប់​តែ​ខ្មែរ​សេរី​ចំនួន ៥៥​នាក់ ចូល​មក​ឡោម​ព័ទ្ធ បាញ់​ពួក​យើង​ដោយ​កាំភ្លើង​ត្បាល់ តូច​ផង ធំ​ផង បាញ់​ត​គ្នា​ចំនួន ២០​នាទី ។ ខ្មែរ​សេរី​បាក់​ទ័ព ពួក​យើង​ដេញ​បាញ់​រហូត​ដល់​ព្រំ​ដែន​សៀម ។ ជា​ពិសេស តា នុង ចេះ​ជួយ​ដាស់​តឿន​កង​ទ័ព​យើង​ជា​ច្រើន​ដង​ទៀត ដូច​ជា​ឆ្មាំ​បន្ទាយ ឈរ​យាម​ហើយ​ងោក​ងក់ តា នុង ក៏​កន្ត្រាក់ ឬ ទន្ទ្រាំ​ដី​ព្រូស​ៗ ឲ្យ​អ្នក​យាម​ដឹង​ខ្លួន​ឡើង​វិញ ។


ពិធី​ឡើង​អ្នក​តា

ពិធី​ឡើង​អ្នក​តា​នេះ​ពី​ដើម​គ្មាន​ទេ ប៉ុន្តែ​អស់​លោក តូច ធំ ឡើង​ទៅ​ម្ដង​ៗ តែង​ទៅ​អុជ ទៀន ធូប ច្រួច​ស្រា​ថ្វាយ​ជានិច្ច ឯ​បាយ​ម្ហូប​ចំណី​គេ​ថ្វាយ​រាល់​ពេល​ទទួល​ទាន ។ កង​ទ័ព​ជាតិ​យើង​ទាំង តូច-ធំ ដែល​ទៅ​តំបន់​នោះ​ទទួល​ស្គាល់​តា ថង នេះ​ទាំង​អស់ ដោយ​តា ថង ជួយ​ផ្ដល់​នូវ​សេចក្ដី​សុខ​ចម្រើន​គ្រប់​ពេល​វេលា ។ ពិធី​ឡើង​អ្នក​តា​ទើប​តែ​នឹង​មាន​ធ្វើ ក្រោយ​ពេល​ដែល​លោក​តា សែន ម៉ៅ បន់​ហើយ​មាន​ជ័យ​ជម្នះ​នោះ​ទេ គឺ​គេ​ធ្វើ​នៅ​ខាង​ចុង​មហិមន្ត​រដូវ​ថ្ងៃ ១៥ កើត ខែ​មាឃ ។ មុន​ថ្ងៃ​ឡើង​អ្នក​តា ១​ថ្ងៃ អ្នក​ភូមិ​នេះ ឈប់​ធ្វើ​ការ​ទាំង​អស់​គ្នា នាំ​គ្នា​ទៅ​បោស​សម្អាត​ខ្ទម មាន​ជម្រះ​ស្មៅ​ព្រៅ​ជា​ដើម ។ល។ នៅ​មុខ​ខ្ទម​តា នុង គេ​ធ្វើ​កូន​ខ្ទម​តូច ១​បុរាណ​ហៅ​ថា "រាន​ទេព​តា" សង់​ដោយ​កូន​ឈើ​តូច​ៗ មាន ទំហំ​ទទឹង ៣​តឹក បណ្ដោយ ៥​តឹក ក្រាល​ព្រួល​ជា​រនាប ជញ្ជាំង​ក៏​បាំង​ដោយ​ព្រួល​ដែរ ប្រក់​កំណាត់​កន្ទេល ។

នៅ​លើ​រាន​ទេព​តា មាន​ដាក់​ថ្ម ១​ដុំ​ជា​និមិត្ត​រូប​នៃ​អ្នក​តា គេ​អន្ទង​អ្នក​តា​គ្រប់​ទិស​មក​ជប់​លៀង ពូន​ភ្នំ​ខ្សាច់ ៨​ទិស ដោត​ទង់​រូប​ក្រពើ ធ្វើ​ដោយ​ក្រដាស​ពណ៌ លើ​ភ្នំ​ខ្សាច់​ពាស​ពេញ ។ ព្រឹក​ឡើង​នាំ​គ្នា​ហែ​ក្បួន ដោយ​មាន​វង់​ភ្លេង អាយ៉ៃ ច្រៀង​រាំ ឆ្ពោះ​ទៅ​ខ្ទម​តា នុង ដល់​ហើយ​គេ​ហែ​ប្រទក្សិណ​ខ្ទម ៣​ជុំ ទើប​យក​ប្រដាប់​ប្រដា​នេះ​ទៅ​ដាក់​មុខ​ខ្ទម​តា នុង ដែល​សង់​ដោយ​ឈើ ប្រក់​ស័ង្កសី ។ នៅ​លើ​ខ្ទម​មាន​ឆ្លាក់​រូប​មនុស្ស​ដោយ​ឈើ របៀប​ជា​រូប​តុក្កតា ជា​និមិត្ត​រូប​នៃ​តា នុង ។

បន្ទាប់​មក​គេ​លេង​ភ្លេង ៣​បទ ថ្វាយ​អ្នក​តា បញ្ជាន់​រូប​យាយ យឺន សួរ​អំពី​សុខ​ទុក្ខ ស្រូវ​អង្ករ កើត ឬ មិន​កើត​ក្នុង​ឆ្នាំ​នេះ ព្រម​ទាំង​សួរ​ពី​ហេតុ​ការណ៍​ផ្សេង​ៗ​ទៀត ដែល​គេ​ទាំង​អស់​គ្នា​ចង់​ដឹង ។ អ្នក​តា​នេះ​នៅ​ចម្ងាយ​ពី​ភ្នំ​ដង​រែក ៨ គ.ម. ។